ព្រះ​គណេស

ព្រះ​គណេស​ជា​ទេព​របស់​ឥណ្ឌា មាន​ខ្លួន​ជា​មនុស្ស ក្បាល​ដំរី តាម​ប្រក្រតី​មាន​ដៃ​បួន អ្នក​ឥណ្ឌា​រាប់​អាន​ថា ជា​ទេព​ប្រចាំ​សេចក្ដី​ជំពាក់​ស្មុគ​ស្មាញ និង​ជា​អ្នក​ផ្ដល់​នូវ​សេចក្ដី​សម្រេច​កិច្ច​ផ្សេង​ៗ ។ ហេតុ​ដូច្នោះ​ព្រះ​គណេស ទើប​បាន​នាម​ជា ពិឃេស្វរៈ ប្រែ​ថា “អ្នក​ជា​ធំ​ក្នុង​សេចក្ដី​ជាប់​ជំពាក់” និង សិទ្ធិ​ជាតា ប្រែ​ថា “អ្នក​ឲ្យ​សេចក្ដី​សម្រេច​ផល” ។ មាន​គតិ​ប្រកាន់​ថា អ្នក​ណា​បាន​ក្រាប​សំពះ​បូជា​ព្រះ​គណេស នឹង​មាន​សេចក្ដី​ចម្រើន​សិរី​សួស្ដី​ជ័យ​មង្គល (ព្រោះ​ព្រះ​គណេស មាន​ជាយា​ពីរ​អង្គ ឈ្មោះ ពុទ្ធិ និង សិទ្ធិ ហើយ​មាន​ឱរស​ឈ្មោះ ក្សេប និង លាភ រាប់​ថា​ជា​មង្គល​ទាំង​ព្រម) ។ អ្នក​ស្រុក​ហិណ្ឌូ កាល​នឹង​ប្រកប​កិច្ច​ពិធី​ក្នុង​លទ្ធិ​សាសនា ឬ សិក្សា​រៀន​សូត្រ រៀន​សិល្ប​វិទ្យា គេ​ក៏​ពោល​ពាក្យ​នមស្ការ​ព្រះ​គណេស សូម​សេចក្ដី​ប្លត​ភ័យ ឲ្យ​ផុត​ការ​ជំពាក់​ទាក់​ទាម ហើយ​ដើម្បី​នឹង​សូម​សេចក្ដី​សម្រេច​ផល​ក្នុង​កិច្ច​នោះ​ៗ​ជាមុន ។ [1][2][3]

ហេតុ​នេះ ព្រះ​គណេស​ជា​ទេព​ប្រចាំ​សិល្ប​វិទ្យា​នៃ​ក្រុម​សិល្បករ ទើប​សៀម​ឆ្លាក់​រូប​ព្រះ​គណេស​ដាក់​ក្នុង​ដួង​ត្រា​ប្រចាំ​ក្រុម វង់​មូល​ដែល​ឡោម​រូប​ព្រះ​គណេស​មាន​ប្រាំ​ពីរ​វង់ ជា​គ្រឿង​សម្គាល់​ដល់​កែវ ៧​ដួង ដែល​ជា​តំណាង​សិល្បៈ​៧​យ៉ាង​គឺ ១- ការ​ជាង​ស្មូន ២- ចិត្រ​កម្ម ៣- តុរ្យាង្គ​សិល្បៈ ៤- នាដ​សិល្បៈ ៥- វាទ​សិល្បៈ ៦- ស្ថាបត្យកម្ម និង ៧- អក្សរសាស្ត្រ ។ សៀវភៅ​វណ្ណ​គតិ​របស់​ឥណ្ឌា ឯ​ខាង​ដើម សុទ្ធ​តែ​មាន​ពាក្យ​សម្រាប់​នមស្ការ​ព្រះ​គណេស ដើម្បី​សូម​ប្រសិទ្ធិ​ប្រសាធ (សេចក្ដី​សម្រេច​ផល) ដល់​សៀវភៅ​រឿង​នោះ​ថា គណេសាយ នបៈ ប្រែ​ថា “សូម​ថ្វាយ​បង្គំ​ដល់​ព្រះ​គណេស” ។ សូម្បី​តែ​ក្មេង​ទៅ​សាលា​រៀន កាល​នឹង​ផ្ដើម​មើល​អាន​សៀវភៅ ក៏​ពោល​ពាក្យ​នមស្ការ​ព្រះ​គណេស​ជា​មុន​ថា ហរិ ឱមៈ ស្រី​គណបតយេ នមៈ ប្រែ​ថា “ហរិ ឱមៈ យើង​ខ្ញុំ​សូម​លំអោន​កាយ​ចំពោះ​ព្រះ​គណបតី​ជា​អ្នក​មាន​សិរី” ។ អ្នក​ស្រុក​ហិណ្ឌូ​ដែល​ជឿ​មាំ​ក្នុង​លិទ្ធ​សាសនា កាល​នឹង​ប្រកប​ការ​លក់​ដូរ ឬ ទៅ​ផ្លូវ​ឆ្ងាយ គេ​មិន​លះ​បង់​ការ​ពោល​ពាក្យ​ស្ដុតិ​ព្រះ​គណេស​ឡើយ ហេតុ​ទាំង​នោះ ក៏​ដើម្បី​នឹង​សូម​សេចក្ដី​គ្រប់​គ្រង ហើយ​សូម​ឲ្យ​ផុត​សេចក្ដី​ជំពាក់​ទាក់​ទាម​ផ្សេង​ៗ​ដែរ ។

ព្រះ​គណេស​មាន​នាម​មួយ​យ៉ាង​ទៀត​ថា ហេរម្ពៈ ប្រែ​ថា “អ្នក​គ្រប់​គ្រង​ការពារ” ។ ក្នុង​ទេវ​ស្ថាន​ខាង​លទ្ធិ​សៃវៈ​និង​ទី​ដែល​រាប់​អាន​ព្រះ​សិវៈ​ជា​ធំ គ្រប់​កន្លែង មាន​ទី​តាម​ជួរ​ថ្នល់ មាន​ទី​តាម​ជួរ​ថ្នល់ ជួរ​ផ្លូវ​កណ្ដាល​វាល និង​ក្រោម​ដើម​ឈើ​ដោយ​អន្លើ ក៏​ច្រើន​តែ​មាន​រូប​ព្រះ​គណេស​ប្រតិស្ឋាន​ទុក​នៅ ដើម្បី​ប្រជាជន​គ្រប់​ជាតិ គ្រប់​វណ្ណៈ ដែល​ដើរ​តាម​ផ្លូវ​ទៅ​លក់​ដូរ ឬ ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ នឹង​បាន​ឱកាស​ក្រាប​សំពះ​បូជា សូម​សេចក្ដី​គ្រប់​គ្រង ហើយ​និង​ការ​សម្រេច​ផល ។ ក្នុង​គតិ​ទមិឡ​ប្រកាន់​ថា: ព្រះ​គណេស​ជា​ទេព​ប្រចាំ​ស្រុក ទំនង​ដូច​អារក្ស​ស្រុក ឬ អ្នក​តា​របស់​ខ្មែរ ។ ក្រៅ​អំពី​នេះ​ទៅ​ទៀត នៅ​មាន​រាប់​អាន​ព្រះ​គណេស​ជា​ទេព​ប្រចាំ​ផ្ទះ ដែល​គេ​ត្រូវ​បូជា​ក្នុង​វេលា​ចូល​ដេក ឬ​វេលា​ភ្ញាក់​ពី​ដេក គឺ​ពេល​លប់​មុខ​រួច​មុន​ទេព​អង្គ​ដទៃ​ទាំង​អស់ ។ ទេព​អង្គ​ដទៃ​ក្នុង​ទី​នេះ​សំដៅ​យក ព្រះ​សិវៈ (ឥសូរ) ព្រះ​វិស្ណុ (នារាយណ៍) និង​ព្រះ​អាទិត្យ (ព្រះ​អាទិត្យ​ក្នុង​ទី​នេះ សំដៅ​យក​ព្រះ​ព្រហ្ម តែ​សៀម​សំដៅ​យក​ព្រះ​ខន្ធ​កុមារ​មក​ជំនួស​ព្រះ​ព្រហ្ម) និង​ព្រះ ឧមា នូវ​ព្រះ​លក្ស្មី ។ ពួក​ព្រាហ្មណ៍​កាល​បើ​ត្រូវ​រាយ​មន្ត​ក្នុង​កិច្ច​ពិធី រមែង​សូត្រ​ឡើង​ជា​ដំបូង​ថា ឱម ដែល​ជា​ពាក្យ​ប្រកប​ដោយ​សំឡេង​រួម​អក្សរ​ថា អ. ឧ. ម. ។ អ. បាន​ដល់​ព្រះ​ព្រហ្ម ឧ បាន​ដល់ ព្រះ​វិស្ណុ ម. បាន​ដល់​ព្រះ​សិវៈ1​នេះ​ក៏​ឃើញ​បាន​ថា សូម្បី​តែ​ក្នុង​ការ​ពោល​ពាក្យ​បូជា​ព្រះ​ជា​ម្ចាស់ ដែល​ជា​ទេព​ជាន់​ខ្ពស់​បំផុត​ហើយ​ក្ដី ក៏​នៅ​តែ​មិន​ផុត​ចំណែក​នៃ​ព្រះ​គណេស គឺ​នៅ​តែ​យក​ទៅ​រួម​ផង​ជា​ដរាប ។

ព្រះ​គណេស កាល​មាន​គេ​និយម​បូជា​ច្រើន ទើប​មាន​រូប​តាំង​ជា​ទូទៅ​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា ។ អ្នក​ស្រុក​ឥណ្ឌា កាល​នាំ​លទ្ធិ​សាសនា​ហិណ្ឌូ​ទៅ​ផ្សាយ ឬ លើក​គ្នា​ចេញ​ទៅ​តាំង​ភូមិ​លំនៅ ធ្វើ​ការ​លក់​ដូរ​ក្នុង​ប្រទេស​ដទៃ ក៏​ច្រើន​តែ​មាន​រូប​ព្រះ​គណេស ជាប់​នឹង​ខ្លួន​ទៅ​ផង ។ ហេតុ​នេះ ទើប​រូប​ព្រះ​គណេស​មាន​ផ្សាយ​ចេញ​ទៅ​ជា​ច្រើន ដល់​ទៅ​ប្រទេស​ទីបេ និង​តាត ។ ចំណែក​ខាង​ឯ​កើត គឺ​ជ្រោយ​ឥណ្ឌូចិន ភូមា សៀម និង​ខ្មែរ រហូត​ទៅ​ដល់ ចិន និង ជប៉ុន ដែល​ឆ្លង​សមុទ្រ​ទៅ​ក៏​មាន នៅ​កោះ​ជ្វា បាហ្លី និង បរណេអូ ក៏​មាន ។ តែ​រូប​ព្រះ​គណេស​ក្នុង​ប្រទេស​អម្បាល​នេះ មាន​លក្ខណៈ​ដួល​ទៅ​តាម​គតិ​និយម​រាប់​អាន ដូច​យ៉ាង​ព្រះ​គណេស​របស់​ចិន ក៏​ទ្រង់​គ្រឿង​បែប​ចិន និង​ប្រដាប់​ក៏​ប្លែក​ទៀត ។ តាម​ប្រក្រតី​ព្រះ​គណេស​កាន់​ភ្លុក​ដំរី​មួយ​កំណាត់ តែ​ព្រះ​គណេស​របស់​ចិន ជប៉ុន និង ទីបេ កាន់​មើម​ឆៃប៉ូវ​មាន​ស្លឹក​ឆែក​បី ស្រដៀង​នឹង​រូប​ត្រី​សូរ​វជិរាវុធ ។ ព្រះ​គណេស​របស់​សៀម តាម​រូប​ភាព​ដើម មិន​ដុះ​ពោះ​ស្អុយ​ដូច​ព្រះ​គណេស​ឥណ្ឌា​ទេ ហើយ​ជួន​កាល​ក៏​មាន​ភ្លុក​ទាំង​ពីរ​ខាង​មាន​ទំនង​ដូច​ព្រះ​គណេស​ចិន ជប៉ុន និង​ទិបេត៍ ។ ព្រះ​គណេស​ខ្មែរ មាន​ភ្លុក​តែ​ម្ខាង​ក៏​មាន មាន​ភ្លុក​ទាំង​សង​ខាង​ក៏​មាន ។ ចំណែក​ព្រះ​គណេស​របស់​ឥណ្ឌា មាន​ភ្លុក​តែ​ម្ខាង​ទេ ព្រោះ​ភ្លុក​ម្ខាង​ទៀត​នោះ ថា​ត្រូវ​បរសុរាម​ចោល​ដោយ​ពូថៅ​ត្រូវ​បាក់​ទៅ​ហើយ តែ​ព្រះ​គណេស​យក​មក​កាន់​ជា​អាវុធ​ខ្ជាប់​នៅ​ដៃ​ខ្លួន ។

មាន​រឿង​និទាន ទាក់​ទង​នឹង​ព្រះ​គណេស​នេះ​ច្រើន​យ៉ាង​ណាស់ តែ​សូម​លើក​យក​ខ្លះ​មក​ពោល​ក្នុង​ទី​នេះ ដើម្បី​បង្ហាញ​នូវ​ប្រភព​ខ្លះ ដែល​ជា​ប្រវត្តិ​នៃ​អាទិទេព​អង្គ​នេះ ៖
១- ក្នុង​គម្ពីរ​ព្រហ្មវៃវត្ត​បុរាណ ពោល​ថា កាល​ព្រះ​បព៌ត2 ជា​មហេសី​ព្រះ​សិវៈ ព្រះ​នាង​មិន​មាន​ឱរស ព្រះ​សិវៈ​ត្រង់​នាំ​ព្រះ​នាង​ឲ្យ​ធ្វើ​ពិធី​បន្សាក​ព្រឹត្តិ គឺ​បូជា​ព្រះ​វិស្ណុ (នារាយណ៍) ក្នុង​ថ្ងៃ ១៣ កើត​ខែ​មាឃ ហើយ​ឲ្យ​ធ្វើ​ជានិច្ច​រៀង​ទៅ​រាល់​ថ្ងៃ អស់​កាល​មួយ​ឆ្នាំ ដោយ​ចាត់​រក​ផ្កា​ឈើ ផ្លែ​ឈើ នំ ទឹក​ដោះ សប្បិ (ទឹក​ដោះ​ជ្រាយ) នវនីត (ទឹក​ដោះ​ស្ងួត) ភាជនៈ នូវ​កែវ​កង ចិញ្ចៀន មាស​ប្រាក់ ឲ្យ​ជា​ទក្ខិណ​ទាន​ព្រាហ្មណ៍​មួយ​ពាន់​រូប​រាល់​ថ្ងៃ រហូត​ដល់​ការ​ពិភ័ក្ដិ​រក្សា​ជួយ​ចិញ្ចឹម​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ផង ។ អ្នក​ធ្វើ​ពិធី​ត្រូវ​មាន​សីល​ឲ្យ​បាន​បរិសុទ្ធ​កាយ​វាចា​ចិត្ត សម្លឹង​តែ​ចំពោះ​តែ​ព្រះ​ហរិ​នារាយណ៍​ជា​ម្ចាស់ ។ ព្រះ​បព៌ត ធ្វើ​ពិធី​ជា​អំឡុង​មក ក៏​នៅ​តែ​មិន​បាន​ព្រះ​ឱរស​ទៀត ទ្រង់​មាន​សេចក្ដី​តូច​ព្រះ​ទ័យ​ក្រៃលែង ។ ខណៈ​នោះ ស្រាប់​តែ​ឮ​សំឡេង​ប្រាកដ​ឡើង​ថា ឲ្យ​ត្រឡប់​ទៅ​បន្ទប់ នឹង​កុមារ​ដែល​ជា​អង្គ​ព្រះ​ក្ឫស្ណៈ​មក​កើត​ជា​ឱរស ។

ព្រះ​នាង​បាន​ព្រះ​កុមារ​ដូច​បំណង ពួក​ទេព​ជ្រាប​ដំណឹង​ក៏​នាំ​គ្នា​ទៅ​សម្ដែង​សេចក្ដី​ត្រេកអរ​ថ្វាយ​សាធុការ​ពរ ។ ក្នុង​ទេព​អម្បាល​នេះ មាន​ព្រះ សនិ (ព្រះ​សៅរ៍) ស្ថិត​នៅ​ទី​នោះ​ផង តែ​ព្រះ សនិ មិន​ហ៊ាន​ក្រឡេក​មើល​កុមារ​ទេ ទ្រង់​ឱន​ឈ្ងោក​មើល​តែ​ផ្ទៃ​ព្រះ​រោង ។ ព្រះ​បព៌តី​ត្រាស់​សួរ​ថា ហេតុ​ដូចម្ដេច​បាន​ជា​ធ្វើ​ដូច្នោះ? ព្រះ សនិ តប​ថា គ្រា​មួយ​នោះ ដោយ​ទ្រង់​រវល់​តែ​នឹង​ភាវនា​រលឹក​ដល់​ព្រះ វិស្ណុ ភ្លេច​គិត​ដល់​ការ​លួង​លោម​យក​ចិត្ត​ភរិយា ភរិយា​ក្រោធ​ក៏​ផ្ដាសា​ថា បើ​ព្រះ សនិ ក្រឡេក​មើល​អ្នក​ឯ​ណា ឲ្យ​អ្នក​នោះ​ដល់​នូវ​សេចក្ដី​វិនាស ហេតុ​នេះ​ទើប​ខ្លួន​មិន​ហ៊ាន​ក្រឡេក​មើល​មុខ​អ្នក​ណា​សោះ ព្រោះ​ខ្លាច​ផល​អាក្រក់​បាន​ដល់​អ្នក​ដែល​ខ្លួន​ក្រឡេក​មើល ។

ព្រះ​បព៌តី​ទ្រង់​សណ្ដាប់​ហើយ ក៏​មិន​ទ្រង់​ប្រកាន់​ទោស ព្រោះ​ទ្រង់​យល់​ឃើញ​ថា របស់​ណា​នឹង​គប្បី​កើត របស់​នោះ​ក៏​ត្រូវ​តែ​កើត​ដូច​ព្រហ្ម​លិខិត​កំណត់​ទុក ទើប​អនុញ្ញាត​ឲ្យ​ព្រះ សនិ ក្រឡេក​មើល​ព្រះ​កុមារ​បាន ។ ទើប​ព្រះ សនិ​សូម​ប្ដឹង​ឲ្យ​ព្រះ ធម្មរាជ (ព្រះ​យម) ជួយ​ជា​កសិណ ហើយ​ក្រឡេក​មើល​ព្រះ​កុមារ ។ ក្នុង​រំពេច​នោះ​ឯង ព្រះ​សិរ​នៃ​ព្រះ​កុមារ​ក៏​ដាច់​ចេញ​អំពី​ព្រះ​សូរង​ខ្ទាត​ឡើង​ទៅ​លើ​គោលា (គឺ​ឋាន​សួគ៌​ព្រះ​ក្រស្ណៈ ព្រោះ​ជា​ព្រះ​សិរ​ដែល​បែង​ភាគ​ចុះ​មក​កើត​ជា​កុមារ ទើប​ត្រូវ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ រឿង​ក្នុង​វគ្គ​នេះ មាន​ផ្សេង​ៗ​គ្នា) ។

ឃើញ​អស្ចារ្យ​ដូច្នោះ ព្រះបព៌តី​ស្ទុះ​ចូល​ទៅ​ស្រវា​ឱប​កាយ​ព្រះ​កាយ​កុមារ ដែល​បាត់​ព្រះ​សិរ​ទៅ​ហើយ​នោះ ផ្ដួល​ផ្ដេក​ព្រះ​កាយ​ទ្រង់​ព្រះ​កន្សែង ។ ដើម្បី​នឹង​សម្ដែង​អធ្យាស្រ័យ​មេត្រី​នឹង​ព្រះ​បព៌តី ពួក​ទេព​ក៏​នាំ​គ្នា​ខ្សឹក​ខ្សួល​ទៅ​ផង វៀរ​តែ​ព្រះ​វិស្ណុ ១​អង្គ ស្ដេច​ឡើង​គង់​លើ​គ្រុឌ​ហិច​ហោះ​ទៅ​ឯ​ទន្លេ​បុស្សភទ្រ ឃើញ​ដំរី​មួយ​ដេក​លក់ បែរ​ក្បាល​ទៅ​ទិស​ខាង​ជើង ក៏​កាត់​ក្បាល​ដំរី​នោះ នាំ​មក​ត​ព្រះ​សូរង​នៃ​ព្រះ​កុមារ​ៗ ទើប​ត្រឡប់​រស់​ឡើង​វិញ មាន​ព្រះ​សិរ​ជា​ដំរី ។ (គម្ពីរ​ខ្លះ​ថា ដំរី​នេះ​មាន​ភ្លុក​តែ​ម្ខាង) ។ ព្រះ​បព៌តី​ក៏​ប្រទាន​រង្វាន់​មាន​តម្លៃ ដល់​ពួក​ទេព​និង​ព្រាហ្មណ៍ ចំណែក​ព្រះ សនិ ក៏​ត្រូវ​ព្រះ​បព៌តី​ដាក់​បណ្ដាសា ឲ្យ​ដើរ​ឃ្វាចៗ តាំង​អំពី​កាល​នោះ​មក ។

លក្ខណៈ​ប្រព្រឹត្តិ​ទៅ​របស់​បណ្ដា​ទេពតា តាម​ដែល​ពោល​មក​នេះ មើល​ទៅ​ក៏​មិន​ខុស​អ្វី​នឹង​មនុស្ស​សាមញ្ញ ហើយ​ទោះ​បី​ជា​រឿង​ដែល​ចេញ​មក​អំពី​ព្រហ្ម​វៃវត៌​បុរាណ សឹង​ជា​គម្ពីរ​ដែល​លើក​តម្កើង​ព្រះ​ព្រហ្ម​ក៏​ដោយ តែ​សេចក្ដី​នៃ​រឿង​សម្ដែង​ក៏​នៅ​តែ​ប្រាថ្នា​នឹង​លើក​តម្កើង​ព្រះ​ក្ឫស្ណៈ ដែល​ព្រះ​វិស្ណុ​បែង​ភាគ​ចុះ​មក​កើត ។ ព្រោះ​ដូច្នោះ ទើប​រាប់​បាន​ថា ជា​រឿង​របស់​និកាយ​វៃស្ណវៈ ដែល​រាប់​ព្រះ​វិស្ណុ​ជា​ធំ ។ ព្រះ​គណេស​ដែល​ថា​ជា​ឱរស​ព្រះ​សិវៈ និង​ព្រះ​នាង​បព៌តី គួរ​អ្វី​ត្រឡប់​ជា​ភាគ​ព្រះ​ក្ឫស្ណ? ។ ឯ​រូប​ព្រះ​គណេស​ក្នុង​រឿង​ដែល​ពោល​នេះ ច្រើន​ជា​ក្មេង​វារ មាន​ក្បាល​ជា​ដំរី ហៅ​ឈ្មោះ​ថា ពាលគណេស (ព្រះ​គណេស​ក្មេង) ។ ត្រឹម​តែ​នាំ​រឿង​កំណើត​ព្រះ​គណេស​មក​ពោល​ជា​រឿង​ដំបូង ក៏​ធ្វើ​ឲ្យ​ឃើញ​ថា ជា​រឿង​ជំពាក់​ស្មុគ​ស្មាញ​ណាស់​ទៅ​ហើយ ហើយ​រឿង​ជា​មួយ​គ្នា​នេះ កាល​ធ្លាក់​មក​ដល់​ស្រុក​អាយ​ក៏​មាន​ផ្ទៃ​រឿង​ត្រូវ​គ្នា តែ​ចំពោះ​សេចក្ដី​វិញ​មាន​បែក​ខ្ញែក​ទៅ​ច្រើន​ណាស់ ។ ឯ​រឿង​របស់​សៀម​ស្ដី​អំពី​កំណើត​ព្រះ​គណេស មាន​សេចក្ដី​ដូច្នេះ ៖

២- នាង​អប្សរ​មួយ​អង្គ ធ្វើ​ខុស​ព្រោះ​ប្រាស​ចាក​ធម្ម​គតិ​នៃ​ចរិត​ស្រី​ទេព​អប្សរ​ទាំង​ឡាយ ក៏​ត្រូវ​ច្យុត​ចុះ​មក​កើត​ជា​ដំរី​ទឹក​ឈ្មោះ អសុរកង្កី ធ្វើ​ឲ្យ​កើត​សេចក្ដី​ក្ដៅ​ក្រហាយ​ដល់​ត្រៃ​លោក ។ ព្រះ​ទ្រង់​ព្រះ​តម្រិះ​ឲ្យ​ខន្ធ​កុមារ​ទៅ​បង្ក្រាប តែ​ត្រូវ​ធ្វើ​ពិធី​សោកាន្ត​ជា​មុន​សិន ទើប​ឲ្យ​ប្រជុំ​ទេវតា​និង​អ្នក​សិទ្ធា​វិទ្យាធរ​នា​ភ្នំ​កៃលាស ហើយ​អញ្ជើញ​ព្រះ​ព្រហ្ម ព្រះ​នារាយណ៍​មក​ចម្រើន​ព្រះ​កេសា លុះ​ដល់​ថ្ងៃ​មង្គល ព្រះ​នារាយណ៍​ស្រាប់​តែ​ស្ដេច​ផ្ទំ​ស្កល់ ព្រះ​ឥសូរ​មាន​ទេវ​ឱង្ការ​ឲ្យ​ព្រះ​ឥន្ទ​យក​មហា​ស័ង្ខ​ទៅ​ផ្លុំ​តើន​បន្ទុំ ។ ព្រះ​នារាយណ៍​ទ្រង់​ឮ​រន្ទះ​សំឡេង​ស័ង្ខ បើក​ព្រះ​នេត្រ ឃើញ​ព្រះ​ឥន្ទ្រ​ក៏​ត្រាស់​សួរ​ថា “លោក​សន្និវាស​មាន​ហេតុ​ភេទ​យ៉ាង​ម្ដេច​ខ្លះ?” ព្រះ​ឥន្ទ្រ​ទូល​ថា “ព្រះ​ឥសូរ​មាន​ព្រះ​ឱង្ការ ឲ្យ​ស្ដេច​យាង​ទៅ​ចម្រើន​ព្រះ​កេសា​ព្រះ​ខន្ធ​កុមារ” ។ ព្រះ​នារាយណ៍​ភ្លាំង​ភ្លាត់​ព្រះ​ឱស្ឋ​ថា “កូន​កំបុត​ក្បាល រក​តែ​អញ​ដេក​ឲ្យ​លក់​ស្រួល​មិន​បាន” ។ រួច​ស្ដេច​យាង​មក​ជា​មួយ​ព្រះ​ឥន្ទ្រ ។

ខណៈ​ដែល​ព្រះ​នារាយណ៍​ត្រាស់​ដូច្នោះ ដោយ​អំណាច​វាចា​សិទ្ធិ ព្រះ​សិរ​ព្រះ​ខន្ធ​កុមារ​ទាំង ៦ (ព្រះ​ខន្ធ​កុមារ​មាន​សិរ ៦) ក៏​អន្តរធាន​បាត់​ទៅ ព្រះ​ឥសូរ​មាន​ទេវ​ឱង្ការ​ឲ្យ​ព្រះ​វិស្សកម្ម​ទៅ​កាន់​មនុស្ស​លោក រក​កាត់​យក​ក្បាល​មនុស្ស​ណា​ដែល​ដល់​នូវ​មរណ​ភាព មក​ត​ព្រះ​សិរ​ព្រះ​ខន្ធ​កុមារ ។ ព្រះ​វិស្សកម្ម ទទួល​ទេវ​បញ្ជា​ហើយ ក៏​មក​ត្រាច់​ក​ក្បាល​មនុស្ស ដែល​ដល់​នូវ​មរណៈ​ក្នុង​ថ្ងៃ​នោះ តែ​មិន​មាន​អ្នក​ឯណា​ស្លាប់​សោះ ប្រទះ​តែ​ដំរី​ដេក​បែរ​ក្បាល​ទៅ​បស្ចិម​ទិស ក៏​កាត់​យក​ក្បាល​ដំរី ទៅ​ត​ជា​ព្រះ​សិរ​ព្រះ​ខន្ធ​កុមារ ទើប​ព្រះ​ជា​ម្ចាស់​ទាំង ៣​ព្រះ​អង្គ​ព្រមព្រៀង​គ្នា ផ្លាស់​ព្រះ​នាម​ឲ្យ​ហៅថា “ព្រះ​វិឃ្នេស” ។ ស្រេច​ហើយ​វិឃ្នេស ក៏​សម្ដែង​តេជះ​ឲ្យ​មាន​ព្រះ​ករ ៤ ព្រះ​ករ​មួយ​កាន់​ព្រ័ត្រ​ប្រកាំ ព្រះ​ករ​មួយ​កាន់​កង្វេរ ព្រះ​ករ​មួយ​កាន់​ដុំ​ដែក ព្រះ​ករ​មួយ​ទៀត​កាន់​ដុំ​ដែក​ក្រហម ទ្រង់​មុសិកៈ គឺ​កណ្ដុរ​ជា​ពាហនៈ ស្ដេច​ទ្រង់​ទៅ​យនុនានទី ។ ទ្រង់​ចូល​ប្រយុទ្ធ​នឹង​អសុរកង្កី​ៗ​ទប់​ទល់​ពុំ​បាន ក៏​គេច​ចៀស​មុជ​ទៅ​ក្នុង​ទន្លេ លាក់​ខ្លួន​នៅ​ក្នុង​កណ្ដាល​ប្រវាល​មហា​សមុទ្រ ។ ព្រះ​វិឃ្នេស​ហា​ព្រះ​ឱស្ឋ ស្រូប​យក​ទឹក​ទាល់​តែ​រីង ឃើញ​តួ​អសុរកង្កី ទើប​យក​ភ្លុក​ខាង​ឆ្វេង​ចោល​ត្រូវ​អសុរកង្កី នូវ​បរិវារ​ទាំង​សែន​កោដ្ឋ ដល់​នូវ​សេចក្ដី​ស្លាប់ ហើយ​ទើប​ខ្ពុរ​ទឹក​ចេញ​ទុក​នៅ​ដូច​ដើម រួច​ស្ដេច​ត្រឡប់​ទៅ​គាល់​ព្រះ​ឥសូរ ។

៣- រឿង​ព្រះ​គណេស​របស់​យើង ខុស​គ្នា​អំពី​រឿង​ព្រះ​គណេស​របស់​ព្រាហ្មណ៍ ហើយ​មិន​គ្រាន់​តែ​ខុស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​រឿង​ពុទ្ធ​សាសនា​ទៅ​ចូល​លាយ​ឡំ​ផង ដូច​ក្នុង​រឿង​នេះ​មួយ​អន្លើ​ទៀត​ពោល​ថា ៖
កាល​ព្រះ​វិស្សកម្ម ទៅ​កាត់​ក្បាល​ដំរី​មក​ហើយ ព្រះ​ឥសូរ​រាយ​មន្ត​ត​ភ្ជាប់​នឹង​រាង​ព្រះ​ខន្ធ​កុមារ​ជា​ច្រើន​ដង តែ​មិន​ជាប់​ដល់​តិច​សោះ ត្រូវ​ឲ្យ​ព្រះ​វិស្សកម្ម​ចុះ​ទៅ​ឋាន​មនុស្ស​លោក អារាធនា​ព្រះ​គិរិមាន្ទអហរន្ត​ជា​ម្ចាស់​ឲ្យ​ឡើង​មក​សូត្រ​សែក​គាថា​មហា​ផ្សារ ទើប​ត​ព្រះ​សិរ​ព្រះ​ខន្ធ​កុមារ​ឲ្យ​ជាប់​សម្រេច​បាន ។
នៅ​មាន​រឿង​ដែល​ខ្ពស់​ជាង​នេះ​ឡើង​ទៅ​ទៀត ដំណាល​ថា ព្រះ​ឥសូរ​រៀប​សោកាន្ត​ព្រះ​ខន្ធ​កុមារ ទើប​ត្រាស់​ឲ្យ​ហៅ​ទេវតា​រក​ឫក្ស​ពេល​ជា​មង្គល ព្រះ​រាហូ​ទំនាយ​ថា វេលា​សោកាន្ត នឹង​មាន​ហេតុ សូម​ឲ្យ​និមន្ត​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ឡើង​មក​គង់​ជា​មង្គល និង​ចម្រើន​ព្រះ​ពុទ្ធ​មន្ត ។ ព្រះ​ឥសូរ​ទ្រង់​ព្រះ​ក្រោធ  ត្រាស់​ថា “យើង​ឥសូរ​ក៏​ជា​មោលី​សុរាល័យ​និមន្ត​ឡើង​មក​ថ្វីមិន​ត្រូវ” ហើយ​ត្រាស់​ឲ្យ​ធ្វើ​ពិធី​តាម​ទំនើង​ព្រះហឫទ័យ ឲ្យ​អញ្ជើញ​ទេវតា​មក​ទាំង​អស់ តែ​ភ្លេច​អញ្ជើញ​ព្រះ​អង្គារ​ៗ​ទ្រង់​ខ្ញាល់ ក៏​ទ្រង់​បំបាំង​កាយ​ចូល​ទៅ​ក្នុង​រោង​ពិធី កាត់​យក​ព្រះ​សិរ​ព្រះ​គណេស​ព្រះ​គិនាយ​កុមារ យក​ទៅ​ទម្លាក់​ចោល​ក្នុង​សមុទ្រ ។ រឿង​ត​ទៅ ក៏​ស្រដៀង​នឹង​រឿង​ដែល​ពោល​មក​ហើយ គឺ​ព្រះ​វិស្សកម្ម​ទៅ​កាត់​ក្បាល​ដំរី​បាន​ពីរ​មក ត​នឹង​រាង​កាយ​កុមារ​ទាំង​ពីរ​ក៏​មិន​ជាប់ តោង​ទៅ​និមន្ត​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ឡើង​មក​សូត្រ ទើប​ត​ព្រះ​សិរ​ព្រះ​គណេសគិនាយ​ជាប់​ជា​ក្បាល​ដំរី​ទាំង​ពីរ ទើប​ព្រះ​ឥសូរ​ទទួល​រាប់​អាន​ព្រះ​ពុទ្ធ​ជា​ម្ចាស់​តាំង​ពី​នោះ​រហូត​មក ។

៤- ក្នុង​វៃវត៌​បុរាណ​មួយ​អន្លើ​ទៀត​ថា ព្រះ​សិវៈ​ទ្រង់​ព្រះ​ក្រោធ​នឹង​ព្រះ​អាទិត្យ ប្រហារ​ព្រះ​អាទិត្យ​ឲ្យ​ដល់​នូវ​មរណៈ តែ​ពេល​ក្រោយ​ទ្រង់​ជប់​ឲ្យ​រស់​ឡើង​វិញ តែ​ទោះ​បី​ដូច្នោះ ព្រះ​កស្សប​ឫសី (ទេព​ជា​បិតា​របស់​ព្រះ​អាទិត្យ) ក៏​នៅ​តែ​ព្រះ​ក្រោធ ទើប​ផ្ដាសា​ឲ្យ​ឱរស្ឋ​ព្រះ​សិវៈ​កំបុត​ក្បាល ព្រះ​សិវៈ​ត្រូវ​ទៅ​កាត់​ក្បាល​ដំរី​ឯរាវ័ណ​របស់​ព្រះ​ឥន្ទ្រ មក​ត​ជំនួស​វិញ ។

៥- កំណើត​ព្រះ​គណេស​មួយ​រឿង​ទៀត ពោល​ថា: ព្រះសិវៈ​ច្រើន​តែ​ស្ដេច​ចូល​ទៅ​កាន់​ទី​ដែល​ព្រះ​បព៌តី​កំពុង​ស្រង់​ទឹក ដោយ​ព្រះ​នាង​មិន​ដឹង​ខ្លួន ។ ឯ​ព្រះ​នាង​តែង​យក​ក្អែល​រមៀត​ដែល​លាប​ព្រះ​កាយ​មក​សូន្យ ហើយ​និម្មិត​ជា​ប្រុស​រូប​ល្អ​សម្រាប់​ជា​ទ្វារ​បាល ។ ថ្ងៃ​មួយ ព្រះ​សិវៈ​ស្ដេច​ចូល​ទៅ​រក​ព្រះ​បព៌តី ក៏​ត្រូវ​អ្នក​ចាំ​ទ្វារ​ហាម​ឃាត់ មិន​ឲ្យ​ស្ដេច​ចូល​ទៅ ហើយ​ផ្ដៅ​វាយ​បណ្ដេញ​ព្រះ​សិវៈ ២​ខ្វាប់ ព្រះ​សិវៈ​ទ្រង់​ក្រោធ​នឹង​ការ​ប្រព្រឹត្ត​ផ្ដេសផ្ដាស​របស់​ឆ្មាំ ក៏​សម្ដែង​ព្រះ​តេជះ ក៏​តស៊ូ​នឹង​អ្នក​ចាំ​ទ្វារ​មិន​បាន សូម្បី​តែ​ព្រះ​វិស្ណុ​និង​ពួក​ទេព​មក​ជួយ ក៏​នៅ​តែ​តស៊ូ​នឹង​អ្នក​ចាំ​ទ្វារ​មិន​បាន នៅ​ទី​បំផុត ព្រះ​វិស្ណុ​ក៏​ប្រើ​ឧបាយ​និម្មិត​ជា​ស្រី​រូប​ល្អ អ្នក​ចាំ​ទ្វារ​រវល់​តែ​សម្លឹង​មើល​រូប​ស្រី​មាយា ទើប​ជា​ឱកាស​ឲ្យ​ព្រះ​វិស្ណុ​កាត់​ក​អ្នក​ចាំ​ទ្វារ​ដាច់​ទៅ ។

រឿង​នេះ ជ្រាប​ដល់​ព្រះ​បព៌តី​ៗ​ទ្រង់​ខ្ញាល់​ជា​អនេក​ប្រការ ទាល់​តែ​ព្រះ​សិវៈ​ត្រាស់​ឲ្យ​ទេពតា ទៅ​រក​កាត់​យក​ក្បាល​សត្វ ដែល​ដេក​យក​ក្បាល​ទៅ​ឧត្តរ​ទិស​មក ទេពតា​អង្គ​នោះ​បាន​កាត់​ក្បាល​ដំរី​មក​ត អ្នក​ចាំ​ទ្វារ​ទើប​មាន​ក្បាល​ជា​ដំរី ហើយ​ព្រះ​សិវៈ​ទ្រង់​តាំង​ឲ្យ​ជា​ធំ ក្នុង​ពពួក​ទេព​ដែល​ទទួល​បម្រើ​ព្រះ​សិវៈ ដែល​ហៅ​ថា “វិនាយក” មួយ​ពួក​ទេព​ដែល​ទទួល​បម្រើ​ព្រះ​សិវៈ ដែល​ហៅ​ថា “វិនាយក” មួយ​ពួក “គណៈ”​មួយ​ពួក អ្នក​ចាំ​ទ្វារ​ទើប​បាន​ឈ្មោះ​ថា “គណេស” ឬ (គណបតី” ឬ “វិនាយក” ។

៦- នៅ​មាន​រឿង​គណេស​មួយ​ទៀត ពោល​ថា ព្រះ​សិវៈ​ពណ៌នា​ឲ្យ​ព្រះ​គណេស​ស្ដាប់​ថា ហេតុ​អ្វី​ព្រះ​គណេស​មាន​ព្រះ​សិរ​ជា​ដំរី ដោយ​តម្រាស់​ថា “គ្រា​មួយ យើង​និង​ព្រះ​បព៌តី​ទៅ​កាន់​ដង​ព្រៃ​ហិមាល័យ​បព៌ត ដើម្បី​សេចក្ដី​សម្រាន្ត ខណៈ​នោះ បាន​ឃើញ​ដំរី​ញី​មួយ​រួម​រស់​ជា​មួយ​ដំរី​ឈ្មោល យើង​ទាំង​ពីរ​ក៏​កើត​តម្រេក​ឡើង ទើប​ប្លែង​ជា​ដំរី​ឈ្មោល ចំណែក​បព៌តី​ប្លែង​ជា​ដំរី​ញី ហើយ​ក៏​បាន​រួម​សន្ថវៈ​តាម​សេចក្ដី​ចំណង់ ទើប​បាន​កើត​ខ្លួន​បា​មក មាន​សិរ​ជា​ដំរី ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ១៤២ – ១៥៣


  1. ឯកសារ​របស់​លោក​ទេព ពិទូ​ក្រសេម បាន​ប្រែ​អំពី​សៀវភៅ​សៀម តែ​មិន​បាន​យក​សេចក្ដី​ទាំង​ស្រុង​មក​ចុះ​ទេ
  2. បាន​អំពី​តម្រា ganesh by a gatty ៦៥ តែ​ក្នុង​បទានុក្រម ក្រសួង​ធម្មការ ច្បាប់​បោះ​ពុម្ព​លើក​ទី ២ ព. ស. ២៤៧០ ថា អៈ ព្រះ​វិស្ណុ ឱ ព្រះ​សិវៈ និង ម. ព្រះ​ព្រហ្ម តែ​ដែល​ពិត​នោះ ទោះ​ជា​ខុស​គ្នា​ក៏​មិន​មាន​ប្លែក​អ្វី ព្រោះ​ស្រេច​នូវ​ការ​រាប់​អាន​ព្រះ​ជា​ម្ចាស់​អង្គ​ណា​ជាង ក៏​លើក​តម្កើង​ព្រះ​ជា​ម្ចាស់​អង្គ​នោះ​មុន​ទៅ
  3. ខ្មែរ​ហៅ​ថា ព្រះឧមា