រឿង​កូន ៤ មិន​បម្រើ​ឪពុក

ក្នុង​កាល​កន្លង​ទៅ​ហើយ មាន​បុរស​ម្នាក់​ជា​អ្នក​រក​ស៊ី​លក់​ដូរ មាន​ធន​ធាន​គ្រាន់​បើ គាត់​មាន​កូន​ប្រុស ៤ នាក់​មាន​អាយុ​គ្រប់​ការ​ទាំង​អស់ ។
ក្រោយ​ពី​ពេល​ដែល​ប្រពន្ធ​អនិច្ច​កម្ម​ទៅ គាត់​ទ្រាំ​នៅ​ជា​ពោះ​ម៉ាយ​ពុំ​យក​ប្រពន្ធ​ទៀត​ទេ នៅ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​អស់ ១ ឆ្នាំ​មាន​ការ​លំបាក​ដោយ​ខ្វះ​ស្រី​មេ​ផ្ទះ ជា​អ្នក​ចម្អិន​អាហារ និង​ជួយ​មើល​ថែទាំ​របស់​ទ្រព្យ កំប៉ិក​កំប៉ុក​ក្នុង​ផ្ទះ គាត់​ក៏​រៀប​ការ​ប្រពន្ធ​ឱ្យ​កូន​ច្បង ហើយ​យក​កូន​ប្រសា​ស្រី​មក​នៅ​ជា​មួយ ចែក​ទ្រព្យ​អស់​មួយ​ចំណែក ឱ្យ​ដាច់​ស្រឡះ​ទៅ​កូន​ច្បង​រួច​ទៅ ។

លុះ​រំលង​មួយ​ឆ្នាំ​ក្រោយ​មក​ទៀត គាត់​រក​ប្រពន្ធ​ឱ្យ​កូន​ទី ២ ចែក​ទ្រព្យ ១ ចំណែក​ឱ្យ​កូន​ដូច​គ្នា    ។
ត​មក គាត់​រៀប​ការ​កូន​ទី ៣ ចែក​ទ្រព្យ ១​ចំណែក​ឱ្យ​ទៀត ។ ដល់​ឆ្នាំ​ជា​គម្រប់ ៤ ក៏​រៀប​ការ​ឱ្យ​កូន​ទី ៤ ចែក​ទ្រព្យ ១ ចំណែក​ទៀត​ដែរ ។ នៅ​សល់​តែ​ផ្ទះ ១ ខ្នង​ពុំ​បាន​ចែក គាត់​ទុក​នៅ​ទាំង​អស់​គ្នា ។ ដែល​គាត់​ចែក​ទ្រព្យ​របស់​ឱ្យ​អស់​រលីង​ពី​ខ្លួន​ដូច្នេះ មក​ពី​គិត​ថា “ឱ្យ​ស្រឡះ​ខ្លួន​គាត់ ហើយ​នៅ​ទំនេរ​ស្ងៀម ចាំ​ឱ្យ​កូន​រក​ស៊ី​ចិញ្ចឹម​វិញ រហូត​ដល់​ស្លាប់” ប៉ុន្តែ​គំនិត​គាត់​គិត​នេះ​ខុស​ស្រឡះ ។ កាល​ដែល​គាត់​នៅ​ជា​មួយ​កូន​ប្រុស ៤ នាក់ កូន​ទាំង​នោះ​ស្រឡាញ់​បង​ប្អូន​ណាស់ ពុំ​ដែល​បែក​ចិត្ត​គំនិត​ពី​ឪពុក និង​បង​ប្អូន​ឡើយ ។

លុះ​បាន​ប្រពន្ធ​មក​រៀង​ខ្លួន​ហើយ ក៏​បែក​ចិត្ត​គំនិត​ផ្សេង​ៗ  ពី​គ្នា​នៅ​រួម​ជា​មួយ​គ្នា​ពុំ​សូវ​សុខ​ចេះ​តែ​ស្កៀប​រមាស់ បន្តិច​ទាស់​នេះ បន្តិច​ទាស់​នោះ ក៏​នាំ​គ្នា​ចុះ​ចេញ​ពី​ផ្ទះ​កំណើត ទៅ​រក​សង់​ផ្ទះ​នៅ​ទី​ទៃ​ពី​គ្នា​ទាំង​អស់ ចោល​តា​ឪពុក​ពោះម៉ាយ​ឱ្យ​នៅ​ឯកោ​អនាថា  ។
កាល​កូន​ទាំង ៤ នាក់​ទើប​នឹង​ចុះ​ចេញ ពី​ផ្ទះ​ឪពុក​ទៅ​ថ្មី​ៗ នៅ​ហុច​បាយ ហុច​ចំ​ណី​តា​ឪពុក​បន្តិច​បន្តួច​រាល់​ៗ ថ្ងៃ​លុះ​មាន​កូន​ខ្ចី​គ្រប់​គ្នា ជួន​ប្ដី​រវល់​ដើរ​ទៅ​ជួញ​ស្រុក​ឆ្ងាយ ភរិយា​នៅ​ផ្ទះ​អាង​តែ​ប្ដី​មិន​នៅ និង​អាង​មាន​កូន​ខ្ចី​ផង ក៏​បង្អង់​ជូន​បាយ​ទឹក​ឪពុក​ក្មេក ដោយ​មេ​ខ្លះ​គិត​ថា​ប្រ​ហែល​ប្អូន​គេ​ឱ្យ​ហើយ មេ​ខ្លះ​គិត​ថា​បង​ឯ​ណោះ​គេ​ឱ្យ​ហើយ កូន​ប្រសា​នាំ​គ្នា​គិត​ដូច្នោះ​តែ​រៀង​ខ្លួន យូរ​ៗ​ថ្ងៃ​ទៅ តា​នោះ​អត់​បាយ ១ ពេល​ក៏​មាន ២ ពេល​ក៏​មាន ។
វេលា​ប្ដី​មក​ពី​រក​ស៊ី វិញ​ដឹង​រឿង​នេះ បាន​ស្ដី​បន្ទោស​ប្រពន្ធ នាង​ភរិយា​ខ្លះ​ដោះ​សារ​ថា កូន​ឈឺ ខ្លះ​ថា  ខ្លួន​ពុំ​នៅ​រវល់​ទៅ​ជួយ​ញាតិ​ជិត​ខាង ស្រេច​តែ​មេ​ប្រពន្ធ វា​ដឹក​មុខ​ឯណា ប្ដី​តាម​វា​ទាំង​អស់   ។

ចំណែក​តា​ពោះ​ម៉ាយ អត់​បាយ គ្មាន​សំពត់​អាវ​ស្លៀក​ពាក់​ដល់​ថ្នាក់​ដើរ​សុំ​ទាន​គេ​បរិភោគ រង​ទុក្ខ​វេទនា​ពន់​ពេក​នឹង​លក់​ផ្ទះ​ៗ ចាស់​គ្រាំ​គ្រា ពុំ​បាន​ថ្លៃ​ប៉ុន្មាន​ផង  ហើយ​គ្មាន​ជ្រក​នៅ​ផង   ។
កាល​នោះ មាន​បុរស​ម្នាក់ នៅ​កំលោះ​មាន​ចិត្ត​សប្បុរស ហើយ​ជា​អ្នក​រៀន​សូត្រ ចេះ​ដឹង​ច្បាប់​ទម្លាប់ ស្គាល់​គុណ​ទោស​ច្រើន ផ្ទះ​នៅ​ភូមិ​ជិត​គ្នា​ដើរ​មក​ឃើញ​តា​នោះ វេទនា​ដូច្នោះ​មាន​ចិត្ត​ អាណិត​ក្រៃ​ពេក​ក៏​សាក​សួរ​ថា “លោក​តា ! ខ្ញុំ​ធ្លាប់​ឃើញ​លោក​តា​ពី​ដើម ជា​អ្នក​មាន​គ្រាន់​បើ​ឪពុក​ម្ដាយ​ខ្ញុំ​ក៏​ធ្លាប់​ទី​ពឹង​លោក​តា​ខ្លះ​ដែរ ម៉េច​ឥឡូវ​នេះ​លោក​តា​វេទ​នា​ខ្លាំង​ម្ល៉េះ ក្រែង​លោក​តា​មាន​កូន​ប្រុស​ៗ ដល់​ទៅ ៤ នាក់​ដែរ​ឬ? ម្ដេច​ក៏​កូន​នោះ វា​មើល​បំណាំ មិន​ថែ​ទាំ​លោក​តា​សោះ ? ក្រែង​ទ្រព្យ​របស់​លោក​តា​មាន​សល់​ទុក​ខ្លះ​ដែរ​ឬ ម្ដេច​បាន​ជា​លោក​តា​មិន​យក​ទៅ​ទិញ​គ្រឿង​បរិភោគ​គេ​ប្រើ​ប្រាស់ ?  ។
តា​ចាស់​ប្រាប់​ទៅ​វិញ​ថា “ឱ ហ្ន៎ ! លោក​ចៅ​អើយ ! លាក់​បាំង​អី​ពី​ដើម​តា​មាន​ទ្រព្យ​គ្រាន់​បើ​ពិត​មែន ប៉ុន្តែ​តា​អាណិត​ស្រឡាញ់​កូន​ពេក ក៏​ចែក​ឱ្យ​វា​គ្រប់​គ្នា​អស់​រលីង​ពី​ខ្លួន​ទៅ គិត​ថា​ឱ្យ​វា​ចិញ្ចឹម​តា​វិញ ឥឡូវ​ពួក​វា​មាន​ប្រពន្ធ​ហើយ ថែម​ទាំង​មាន​កូន​ទៀត វា​ឃើញ​ឯង​អស់​ទ្រព្យ​រលីង​ពី​ខ្លួន វា​ឥត​នឹក​នា​រក​តា​សោះ វា​តាម​តែ​ប្រពន្ធ ទាញ​ទៅ​ចូល​រន្ធ​ក្ដាម ក៏​វា​ចូល​ដែរ ខ្លួន​តា​សព្វ​ថ្ងៃ​ឈឺ​ផង នៅ​តែ​ម្នាក់​ឯង​ម៉ង់ៗ​វេទនា​ជា​ទី​បំផុត​ដេក​សម្រក់​តែ​ទឹក​ភ្នែក ជោក​ខ្នើយ​អស់​ហើយ បាយ​ព្រឹក​ជា​បាយ​ល្ងាច​ជួន​កាល អត់​មួយ​ពេល​ក៏​មាន នឹង​ធ្វើ​ការ​រក​ស៊ី​អ្វី​ក៏​មិន​កើត ពី​ព្រោះ​ចាស់​ជរា​គ្រាន់​តែ​ដើរ​ស្ទើរ​តែ​មិន​រួច​ទៅ​ហើយ ដូច​លោក​ចៅ​ឃើញ​ស្រាប់ តា​ដេក​ចាំ​តែ​ដល់​ថ្ងៃ​ស្លាប់​ទេ” ។

ចៅ​កំលោះ​លាន់​មាត់​ថា : “យី​អើ ! កូន​តា​មាន​ចិត្ត​អាក្រក់​ដល់​ម្ល៉ឹង​ហ្ន៎ ! បើ​អីចឹង​លោក​តា​កុំ​ភ័យ ខ្ញុំ​មាន​ឧបាយ​មួយ ធ្វើ​ឱ្យ​លោក​តា​បាន​សុខ​កាយ សប្បាយ​ចិត្ត​ដូច​ពី​ដើម​វិញ លោក​តា​ធ្វើ​តាម​ខ្ញុំ លោក​តា​រក​ពាង​មាន​មាត់​តូច​ល្មម​មួយ ជុះ​អាចម៍​នឹង​នោម​ឱ្យ​ពេញ ហើយ​រក​កំណាត់​សំពត់ រុំ​បិទ​មាត់​ឱ្យ​ជិត ជីក​កប់​ក្នុង​ដី​ជិត​ជើង​សសរ​ទ្រូង​ផ្ទះ ហើយ​បើ​មាន​អ្នក​ណា​ដើរ​មក ត្រូវ​លោក​តា​និយាយ​ប្រាប់​គេ​ថា “ខ្ញុំ​នៅ​សល់​កំណប់​ប្រាក់​មាស ១ ពាង​កប់​ទុក ពុំ​ទាន់​ចែក​ឱ្យ​កូន​ណា​នៅ​ឡើយ ចាំ​មើល​កូន​ណា​ចិត្ត​បាន ដឹង​គុណ​បើ​ខ្ញុំ​ទៀប​ស្លាប់ នឹង​ប្រគល់​ឱ្យ​ទៅ​កូន​នោះ លោក​តា​និយាយ​ប្រាប់​មនុស្ស​ដែល​ជួប​កុំ​ខាន​ក្នុង​រវាង​ប៉ុន្មាន​ថ្ងៃ ខែ​ខាង​មុខ​នេះ កុំ​ឱ្យ​លោក​តា​ដើរ​សុំ​ទាន​គេ​ទៀត ចាំ​ខ្ញុំ​យក​បាយ​ទឹក​មក​ជូន​ពិសា​កុំ​ព្រួយ” ។
តា​ចាស់ ក៏​តាំង​ធ្វើ​តាម​ចៅ​ចិត្ត​សប្បុរស​ទាំង​អស់ ។ លុះ​បាន​ប្រហែល ៥ ថ្ងៃ សំដី​តា​នោះ​បាន​ដឹង​ដល់​កូន​ប្រុស​និង​កូន​ប្រសា​ទាំង ៨ នាក់​វា​មាន​ចិត្ត​លោភ​ចង់​បាន​កំណប់​រៀង​ខ្លួន ក៏​នាំ​គ្នា​យក​បាយ​ទឹក​ម្ហូប​ចំណី​ផ្លែ​ឈើ​ទុំ​ខ្ចី​គ្រប់​មុខ នឹង​ខោ​អាវ​ក្រមា​មក​ផ្គាប់​ផ្គុន​ជូន​តា​ឪពុក​រៀង​រាល់​ថ្ងៃ ពុំ​មាន​ខ្វះ​ថ្ងៃ​ណា​មួយ​ឡើយ តា​ចាស់​បាន​សះ​ជា​រោគ មាន​សាច់​ឈាម​ស្រស់បស់ មាន​កម្លាំង​ពលំ​សុខ​កាយ​សប្បាយ​ចិត្ត​តាំង​ពី​ថ្ងៃ​នោះ​មក​រហូត​មក​ដល់​អស់​អាយុ ។ លុះ​តា​ស្លាប់​ហើយ កូន​ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​អធិកអធម​តាម​ទំនៀម​រួច​ស្រេច  ។

កូន​ទាំង ៤ នាក់​និង​កូន​ប្រសា​គិត​នាំ​គ្នា​គាស់​ពាង​កំណប់​ចែក​គ្នា ប៉ុន្តែ​ក្រែង​ចែក​មិន​ស្មើ​ភាគ នាំ​ឈ្លោះ​ប្រកែក​គ្នា ក៏​ទៅ​រក​គ្រូ​ហ្ម​ម្នាក់​ឱ្យ​មក​ជួយ​ចែក លោក​គ្រូ​នោះ​ទ​ទួល​ព្រម ប៉ុន្តែ​គាត់​ឮ​ថា កំណប់​មាស​ប្រាក់​ច្រើន​ដល់​ទៅ ១ ពាង​គាត់​ចង់​បាន ១ ចំណែក​ដែរ ហើយ​គាត់​គិត​ក្នុង​ចិត្ត​ថា  “គាត់​ធ្វើ​មេ​ចំណែក​ត្រូវ​បាន​ច្រើន​ជាង​កូន​ចំណែក​ផង” គាត់​ក៏​ដើរ​រូត​រះ​មក​ដល់​ផ្ទះ​កំណប់​ភ្លាម តាំង​យក​ភួយ​មួយ​មក​រុំ​ជួត​ក្បាល​ធំ​ទើង​មើង ធ្វើ​ឱ្យ​ខូង​កណ្ដាល​ដូច​គេ​ទូល​ជើង​ឆ្នាំង​ផ្ងារ ក៏​តាំង​អង្គុយ​ពែន​ភ្នែន លើ​ផ្ទៃ​ដី​រាប​រលីង ធ្មេច​ភ្នែក​សង្រួម​ស្មឹង​ស្មាធិ៍ ឈម​មុខ​ត្រង​ទៅ​ទិស​ខាង​កើត ហើយ​គាត់​ប្រាប់​កូន​ទាំង ៤ នាក់​ឱ្យ​ទៅ​គាស់​យក​ពាង​កំណប់​មក ប៉ុន្តែ​គាត់​ហាម​ថា កុំ​អាល​មាត់​ស្រាយ​មាត់​ពាង ក្រែង​ខុស​ត្រណម​ចាំ​គាត់​បង្គាប់​សិន លុះ​យក​ពាង​មក​ដល់​ហើយ​គាត់​ឱ្យ​កូន​ទាំង ៤ នាក់​ឈរ​គ្រប់​ទិស​ទាំង ៤ ធ្មេច​ភ្នែក​យក​ដៃ​ទាំង​អស់​គ្នា​ចាប់​លើក​ពាង ទ្រ​ស្ទួយ​បិទ​ទទួល​លើ​ក្បាល ហើយ​សឹម​ស្រាយ​ចំណង​មាត់​ពាង​នាំ​គ្នា​ផ្អៀង​មាត់​ពាង ស្រោច​កំណប់​មក​លើ​ក្បាល​គាត់ បើ​កំណប់​ជ្រុះ​ធ្លាក់​ទៅ​ទិស​ណា​ប៉ុន្មាន​ៗ ត្រូវ​បាន​ទៅ​អ្នក​ឈរ​កំណាន់​ទិស​នោះ​ៗ កំណប់​ណា​នៅ​សល់​ទើរ​លើ​ឈ្នួត​ក្បាល​គាត់​ត្រូវ​បាន ជា​រង្វាន់​លោក​គ្រូ​ទាំង​អស់ ។
កូន​ទាំង ៤ នាក់​ក៏​ចាប់​ធ្វើ​តាម​បង្គាប់​លោក​គ្រូ មិន​ហ៊ាន​ឱ្យ​ល្អៀង ភរិយា​ទាំង ៤ នាក់​ឈរ​កាន់​កញ្ជើ​រៀង​ខ្លួន​ចាំ​កើប ។
ក្នុង​ពេល​ដែល​ចែក​កំណប់​នោះ មាន​អ្នក​ស្រុក​ជិត​ខាង​ទៅ​ចាំ​មើល​ដែរ។

និមិត្ត​តែ​គេ​លើក​ពាង​បិទ​ទូល​រួច ស្រាយ​មាត់​ពាង​ផ្អៀង​ចាក់​ឈូរ​មក ទឹក​ម៉ាំ​ត្រាំ​លាមក​ច្រើន​ខួប​ហូរ​ឆរ ស្រោច​លើ​ក្បាល​លោក​គ្រូ​ពេញ​កំពុង ហើយ​ខ្ចាត់​បាច​សាច​ចេញ​ទៅ​គ្រប់​ទិស ប្រឡាក់​ប្រឡូស​ពាស​ពេញ​មុខ​មាត់​និង​សំពត់​អាវ រហូត​ដល់​នាង​ប្រពន្ធ​ទាំង ៤​នាក់​ទៀត​លោក​គ្រូ​បាន​ចំណែក​ច្រើន​ជាង​គេ ធុំ​ក្លិន​ខ្មោះ​ថា​មិន​ត្រូវ គេ​ឃើញ​លោក​គ្រូ​ស្រមូវ​ៗ បាត់​មុខ​មាត់​រូប​រាង​អស់ ខំ​ក្រោក​ឡើង​សោះ​កក្រោះ​ខ្មាស​អស់​ពួក​បរិស័ទ​ដែល​ឈរ​ចាំ​មើល ពួក​បរិស័ទ​ក៏​ផ្អើល​ខំ​រត់​ប្រញាប់​ចេញ​ប្រដេញ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ ខ្លួន​ទើប​លោក​គ្រូ​ស្រែក​ជេរ​កែ​សំនួន​ទៅ​កូន​ទាំង ៤ នាក់​និង​កូន​ប្រសា​ថា “ខ្មោច​មេ​ដែង អា​ដែង​ទាំង​អស់​គ្នា អា​មេ​អស់​នេះ បាន​ធ្វើ​បាប​ខ្មោច​ឪពុក​វា​ច្រើន​ណាស់​ហើយ​មើល​ទៅ បាន​ជា​កំណប់​មាស​ប្រាក់​អន្តាយ ក្លាយ​ទៅ​ជា​អាចម៍​នោម​ប្រឡាក់​ខ្លួន​អញ​អស់​ដូច្នេះ យី ! ខ្មោច​អា​ផែះ មេ​កំផែះ​អស់​នេះ​ខូច​មែន” ។
លោក​គ្រូ​និង​កូន​សិស្ស​នាំ​គ្នា​រត់​រហ័ស លោត​ទម្លាក់​ខ្លួន​ទៅ​ក្នុង​ទន្លេ​ប្រូង​ខំ​ត្រាំ​ទឹក​លាង​បាប​អស់ ១ ម៉ោង​ម្នាក់​ៗ រួច​នាំ​គ្នា​ឡើង​ទៅ​លើ​ផ្ទះ​រៀង​ៗ ខ្លួន​បាន​សេចក្ដី​ក្ដៅ​ក្រហាយ​ស្ដាយ​ក្រោយ​ខ្មាស​គេ​ត​កូន​ត​ចៅ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៤ ទំព័រ ២៣ – ២៩