រឿង​ចចក

នេះ​បទ​កាកា គតិ​ចរចា ចែង​ចង​រឿង​រាយ តាម​ពាក្យ​ពី​ព្រេង​ត​តែង​និយាយ ដំណើរ​អភិប្រាយ ពី​សត្វ​ចចក ។ យោន​យក​កំណើត កំណាត់​កាល​កើត ពឹង​ពួន​ជ្រៀត​ជ្រក ក្នុង​រូង​ថ្ម​ភ្នំ ធារ​ធំ​សៀត​ស៊ក សព្វ​ថ្ងៃ​ចចក ស្វែង​រក​ភោជនា ។ ប្រប​ឆ្នេរ​អូរ​ស្ទឹង ត្រពាំង​បួរ​បឹង ជ្រោះ​ជ្រោយ​បព្វតា លុះ​យប់​ផ្ទាល់​ផ្ទាប់ ចុះ​ចាប់​មច្ឆា តែង​បរិភោក្ដា សព្វ​ថ្ងៃ​ប្រក្រតី ។ រូប​ទាប​ក្រញិញ បាទ​បួន​តឿ​ទេញ កាច​ខូច​អប្រិយ តែង​ដើរ​លាក​លះ ស្វែង​ស្វះ​រក​ស៊ី ព្រួញ​នឿយ​ឥន្ទ្រីយ៍ ស្គាំង​ស្គម​អាត្មា ។ ពី​កាល​ក្មេង​នៅ មេ​ស្លាប់​ចោល​ទៅ នៅ​តែ​នឹង​បា នាំ​ដើរ​រក​ស៊ី ប្រប​ទី​ជលសា លុះ​ធំ​កាល​ណា បា​ស្លាប់​បង់​បាត់ ។ ចចក​នោះ​នៅ ទល់​ទុក្ខ​ក្ដាត់​ក្ដៅ ក្នុង​ថ្លើម​ប្រមាត់ ឥត​មេ​ឥត​បា កំព្រា​ព្រាក​ព្រាត់ ស្ងប់​ស្ងួត​ស្ងៀម​ស្ងាត់ ត្រមោច​ម្នាក់​ឯង ។ ចចក​គន់​គិត រំពឹង​ក្នុង​ចិត្ត រឹងរឹត​ចំបែង ដើរ​រក​ភោជនា ភោក្ដា​កណ្ដែង កណ្ដោច​ឯក​ឯង ឥត​មាន​គ្នីគ្នា ។[1] [2][3]

វេលា​ចូល​ដេក ក្នុង​ទី​ដំណេក ត្រូវ​ភ្លៀង​រងា ខ្យល់​បក់​ស្ងប់​ស្ងួត ថ្លើម​សួត​គ្រាំ​គ្រា ក្រៀម​ក្រំ​កំព្រា កំប្រោន​ពេក​ពន់ ។ ចចក​រិះ​គិត បាន​ឃើញ​គំនិត មួយ​នោះ​ជា​លន់ ថា​អញ​ត្រូវ​រក ត្រូវ​យក​ប្រពន្ធ ទើប​បាន​នឹង​ស្រន់ នឹង​ស្រាល​ទុក្ខា ។ គ្រាន់​ជា​គូ​ចៅ ស្នេហា​នែប​នៅ ក្នុង​រូង​បព្វតា ចចក​គិត​ច្នោះ ក្រោក​ស្មោះ​យា​ត្រា ត្រាច់​ក្នុង​ព្រឹក្សា ស្រងូត​ស្រងាត់ ។ ដើរ​ត្រេច​តែ​ឯង កណ្ដោច​កណ្ដែង កំព្រា​ព្រាក​ព្រាត់ ត្រមោច​ត្រមង់​នៅ​ក្នុង​ព្រៃ​ស្ងាត់ ប្រទះ​ហ្វូង​សត្វ គោត​គោម​ហិង្សា ។ ទន្សោង​ទន្សាយ ដំរី​ប្រើស​ទ្រាយ ឈ្លូស​ក្ដាន់​សូក​រា រមាស​រមាំង ខ្ទីង​ខ្លាំង​ខ្លោង​ខ្លា ដើរ​រក​ភោក្ដា សឹង​សត្វ​យ៉ង​ឃ្នង ។ ចចក​ឃើញ​សត្វ សា​ហាវ​រង្គាត់ ច្រើន​ក្រៃ​កន្លង កៀង​កាល់​គូ​វា ខៀវ​ខ្ញារ​អឹង​កង គិត​ភ័យ​កន្លង​ស្ទើរ​បាត់​ស្មារតី ។ ខំ​ដើរ​រំលង ចៀស​សត្វ​យង់​ឃ្នង បាន​ដល់​ទី​ស្ទឹង​មួយ​ថ្លា​ជ្រះ ត្រចះ​យល់​ដី ចចក​ចាប់​ត្រី ចម្អែត​កាយ​យា ។ ហើយ​ហែល​ឆ្លាស់​ឆ្លង ស្ទឹង​នោះ​រំលង ដល់​ត្រើយ​គង្គា ត្រេច​ក្នុង​របោះ ចន្លោះ​អធ្វា មាន​រូង​គុហា ជិត​ជើង​គិរី ។ ចចក​ចូល​ជិត ប្រុង​ប្រាណ​មូល​មិត្ត មៀង​មើល​រក​ញី ឱន​ចុះ​ងើប​ងើត ចំអើត​មើល​ទី ក្សិណ​នោះ​មាន​ញី ចចក​មួយ​ណា ។ នៅ​ក្នុង​រូង​ថ្ម​សិលា​ដ៏​ល្អ ក្បាល​សម​កាយ​យា ចចក​ឈ្មោល​គិត​ក្នុង​ចិត្ត​ថែ​ថា គួរ​អញ​សួរ សា​បន្តិច​ទើប​បាន ។

ទើប​ឈ្មោល​ហា​រក ថា​ប្អូន​ពន្លក មិត្ត​មុំ​​កល្យាណ នៅ​ក្នុង​រូង​ថ្ម ល្អះ​ល្អ​ថ្កើង​ថ្កាន សព្វ​ថ្ងៃ​តើ​មាន ប្ដី​ជា​គូគ្រង ។ ឬ​នៅ​ឯក​ឯង ប្អូន​អើយ​ចូរ​ថ្លែង ប្រាយ​ប្រាប់​បង​ផង ឱ្យ​បង​រសាយ ក្នុង​កាយ​នេះ​ហោង បើ​ឥត​គូគ្រង​បង​សុំ​ស្នេហា ។ ចចក​ញី​ស្ដាប់ ងាក​ហើយ​ថ្លែង​ប្រាប់ ថា​អ្នក​សោភា ប្អូន​នៅ​សព្វ​ថ្ងៃ អាស្រ័យ​គុហា មិន​មាន​នរណា ជា​គូ​ឡើយ​នៃ ។ កាល​ដើម​មាន​មេ មាន​បា​បំពេ ឱប​ក្រុង​សព្វ​ថ្ងៃ ឥឡូវ​មេបា មរណា​ក្សិណ​ក្ស័យ ប្អូន​នៅ​សព្វ​ថ្ងៃ កំព្រា​ពេក​ពន់ ។ ឈ្មោល​ឮ​ដូច្នោះ ព្រឺ​ព្រួច​ពុង​ពោះ ហឫទ័យ​ទោរ​ទន់ ទើប​ឆ្លើយ​តប​ថា ប្អូន​ភ្ងា​ស្ងួន​តន់ ប្អូន​អើយ​បង​គន់ បង​គិត​អនិច្ចា ។ អាសូរ​ប្អូន​ស្ងួន មាស​មិត្រ​ខ្លឹម​ខ្លួន កំព្រា​ឯកា ដូច​កល​ខ្លួន​បង សៅ​ហ្មង​ចិន្ដា សព្វ​ថ្ងៃ​បង​មហា ព្រួយ​ណាស់​ប្អូន​អើយ  ។  ចចក​ញី​ស្ដាប់ ពាក្យ​ឈ្មោល​ថ្លែង​ប្រាប់ ឆ្លើយ​ថា​អ្នក​អើយ ប្អូន​ស្ដាប់​ពាក្យ​អ្នក  ជៀងជាក់​ទៅ​ហើយ ក្នុង​ចិត្ត​ឥត​ស្បើយ កើត​ទុក្ខ​ទៀត​ថ្មី ។ ប្អូន​ចង់​សូម​សួរ ហៅ​មហា​មិន​គួរ  ត្បិត​ខ្លួន​ជា​ស្រី អ្នក​ថា​ព្រួយ​ចិត្ត ព្រោះ​គិត​រឿង​អ្វី ប្រុស​ប្រាជ្ញ​ប្រិមប្រិយ ប្រាយ​ប្រាប់​ប្អូន​រ៉ា  ។ ឈ្មោល​ថា​មាស​មិត្រ បង​ព្រួយ​ព្រោះ​គិត ដល់​គូរ​ស្នេហា គ្មាន​គ្នា​ជា​ពីរ ចំណេរ​អនា គត​បង​ហៅ​មហា ថប់​ណាស់​មាស​បង ។ ញី​ថា​ប្រុស​អើយ កុំ​ថប់​អ្វី​ឡើយ ប្អូន​ធានា​រង រិះ​រក​ជួយ​គិត តាម​ចិត្ត​អ្នក​បង ត្រង់​តាម​បំណង ចិត្ត​អ្នក​ប្រាថ្នា ។ ឈ្មោល​ថា​មាស​មិត្រ បង​ប៉ង​ផ្ញើ​ចិត្ត ផ្ញើ​ដួង​ជីវា នៅ​លើ​ប្អូន​ស្ងួន សូម​នួន​មេត្តា បង​មិន​ប្រាថ្នា ដ​ទៃ​ពី​ពៅ ។

ញី​ឆ្លើយ​ថា​អ្នក ចិត្ត​ចង់​រួមរក្ស មួល​មួយ​លំ​នៅ ផ្ញើ​ដួង​ចិន្ដា ស្នេហា​ត​ទៅ និង​ប្អូន​នេះ​កូវ  ពេញ​មហា​អរ​ពេក ។ ប៉ុន្តែ​ប្អូន​យល់ ប្អូន​គិត​ទៅ​ដល់ ឆ្ងាយ​ឆ្ងល់​ចំ​ឡែក ឋាន​អ្នក​នាយ សប្បាយ​អនេក មាន​ញី​យ៉ាង​ឯក គូ​គួរ​ស្នេហា ។ ម្ដេច​អ្នក​មិន​មាន ចិត្ត​ចាប់​ចង់​បាន ជា​គូ​ជីវា ហើយ​ប្រែ​លាក​លះ ស្វែង​ស្វះ​យា​ត្រា ក្នុង​ព្រៃ​អធ្វា មក​ដល់​ឋាន​អាយ ។ ឈ្មោល​ស្ដាប់​ឆ្លើយ​ឆ្លាស់ ថា​ហៃ​ប្អូន​មាស មាន​រូប​ឆោម​ឆាយ ឆោម​ឆើត​ទង​វង ឋាន​បង​ឯ​នាយ មែន​ហើយ​សប្បាយ ដូច​ពាក្យ​ប្អូន​ថា ។ គឺ​មោះ​បង​រក គូ​គាប់​នឹង​យក ជាតិ​ជា​ពនិតា នឹង​ផ្ញើ​ចិត្ត​ខ្លួន ដូច​ស្ងួន​នេះ​ណា គ្មាន​សោះ​បង​មហា ថប់​ពេក​នាង​អើយ ។ ហេតុ​នោះ​បង​ស្វះ បង​ស្វែង​លាក​លះ មក​ដល់​ឋាន​អាយ បង​ប៉ង​ផ្ញើ​ខ្លួន លើ​នួន​ឆោម​ឆាយ ព្រួយ​នឿយ​អង្គ​កាយ ម្ដេច​ៗ​មិន​គិត ។ លែង​តែ​ប្អូន​ស្រី មាស​មាន​មេត្រី មេត្តា​មូល​មិត្ត មូល​មួយ​ចិន្ដា ស្នេហា​ជួប​ជិត ជួប​ចាប់​ប្រព្រឹត្ត ជា​គូ​វាសនា ។ ញី​ស្ដាប់​ឆ្លើយ​ឆ្លៀត ឆ្លើយ​ឆ្លង​វិញ​ទៀត ថា​ប្រុស​ស្នេហា ពាក្យ​ក្រៅ​ល្អ​ល្អះ គួរ​សះ​សង្កា លួង​លោម​ចិន្ដា​បាន​ហើយ​បោះ​បង់ ។ ឈ្មោល​ឆ្លើយ​ថា​ហៃ ប្អូន​មាន​ថ្លើម​ថ្លៃ បណ្ដូល​សាច់​ស- ង្សារ​សម​សោភា កាយា​វរវង្ស វរ​វាស​អស់​អង្គ អស់​ឥត​សង្ស័យ ។ បង​មហា​ស្រឡាញ់ ប្អូន​មាស​ឈ្ងុយ​ឆ្ងាញ់ ចាប់​ចិត្ត​អាល័យ អាឡោះ​លើស​លន់ ពេក​ពន់​ក្រាស​ក្រៃ ពុំ​បាន​បង​ក្ស័យ ជីវិត​ជា​ម្ដង ។  ឈ្មោល​ថា​តែ​ម៉្លោះ ចូល​ជិត​ចំពោះ ផ្ទឹម​ផ្ទាប់​ហើយ​ហោង ថើប​ថ្ពាល់​ឮ​ខ្សឺត ចំតិត​ឆ្អឹង​ខ្នង ថា​ហៃ​មាស​បង នាង​កុំ​ខេ​ខឹង ។  បំណាច់​បង​មក រក​ប្អូន​ពន្លក ឆ្លង​អូរ​ឆ្លង​ស្ទឹង មិន​ស្ដាយ​ជីវិត ព្រោះ​ចិត្ត​រំពឹង ទុក​ប្អូន​ព្រលឹង ជា​ដួង​ស្នេហា ។

ញី​អៀន​អន់​អាក់ ឱន​មុខ​ទុក​ភក្ត្រ ចូល​ចិត្ត​ចិន្ដា សេព​សុខ​ក្សេម​ក្សាន្ត  ក្នុង​ឋាន​គុហា ទើប​ឈ្មោល​លោម​ថា ព្រលឹង​បង​ណា ។ បង​ចង់​នាំ​ពៅ ឱះ​ឱ​ពេញ​ក្ដៅ ក្នុង​ចិត្ត​ចិន្ដា អញ​ចង់​តែ​អត់ សង្កត់​ខ្យល់​រ៉ា ឱ្យ​ស្លាប់​មរណា កុំ​ឱ្យ​វេទនា ។ ដល់​គិត​វែង​ទៅ ក្រែង​កើត​ហ្មង​សៅ កើត​កេរ្តិ៍​និន្ទា ថា​ឱ្យ​ចចក កំព្រក​មោហា ក្សីណ​ក្ស័យ​ជន្មា ព្រោះ​ញី​បញ្ឆោត ។ បើ​នឹង​ស្លាប់​រស់ ឱ្យ​ឮ​កេរ្តិ៍​យស  គេ​មាន​កំណើត មាន​ពាក្យ​សរសើរ ថា​ឃើញ​កោត ចចក​នេះ​សោត ពេញ​ហៅ​ហាន​ក្លា ។ គិត​ហើយ​បោល​ទៅ ជិត​ទឹក​រណ្ដៅ ថា​យើង​នរណា បង្កើត​ជា​ក្ដៅ ហ្មង​សៅ​ចិន្ដា ងើយ​មើល​មេឃ​ថា យើ​ក្ដៅ​ព្រោះ​ថ្ងៃ ។ អើ​អញ​ជាតិ​នេះ លំបាក​ទាំង​ម្ល៉េះ ព្រោះ​តឿន​ទាប​ក្រៃ កើត​ជា​ចចក កំព្រក​ចង្រៃ ជាតិ​ក្រោយ​អញ​ច្នៃ អញ​សូម​សច្ចា ។  ទោះ​បី​កប​កើត យោន​យក​កំណើត ជាតិ​ណា​ភព​ណា អញ​សូម​សម្រេច សេចក្ដី​ប្រាថ្នា កើត​ជា​សុរិយា រុង​រឿង​រង្សី ។ កាល​នោះ​មាន​យក្ស ប្រេត​មួយ​សំណាក់ ឋិត​ឋាន​ប្រក្រតី នៅ​លើ​បព្វតា ទៀប​នា​វិថី យក្ស​ឮ​សំ​ដី ចចក​ប្រាថ្នា ។ យក្ស​គិត​ថា​អើ មហា​លាភ​ណាស់​តើ នឹង​បាន​ភោជនា ត្រ​កាល​ចំ​ណី ល្អ​ក្រៃ​ថ្លៃ​ថ្លា នឹង​បរិភោក្ដា នូវ​សាច់​ចចក ។  គួរ​អញ​កាឡា ជា​អង្គ​ឥន្ទ្រា ប្រាប់​វា​ឱ្យ​យក សាច់​ឈាម​ជា​ទាន នឹង​បាន​រិះ​រក កំណើត​បាន​មក កើត​ជា​សុរិយា ។ យក្ស​គិត​ដូច្នោះ កាឡា​ចំពោះ ជា​អង្គ​ឥន្ទ្រា ហិច​ហោះ​ច្រៀវច្រៃ លើ​ផ្ទៃ​វេហា ហើយ​មាន​វាចា សាក​សួរ​មេត្រី ។

ថា​ហៃ​ចចក អ្នក​ត្រេច​ដើរ​មក ពី​ណា​រក​អ្វី ចចក​ក្រឡេក ឈ្មៀង​ភ្នែក​រំពៃ ស្មាន​អង្គ​កោសិយ ទើប​ទូល​ទៅ​ថា ។ បពិត្រ​ព្រះ​ឥ-ន្ទ្រា​ទ្រើស​នរិន្ទ  ឥ​សូរ​សុជាតា ខ្ញុំ​មក​ស្មាន​ស្មោះ ចំ​ពោះ​ប្រាថ្នា យក​ទៅ​ឱ្យ​ញី ត្បិត​មាន​ផ្ទៃ​ពោះ ចិត្ត​ស្មោះ​ចង់​ស៊ី ត្រី​ក្នុង​ជល​ធី ទើប​ឆ្ងាញ់​ណាស់​ណា ។ ហេតុ​នេះ​ខ្ញុំ​មក រុក​រាន​រិះ​រក សមុទ្រ​មច្ឆា ដើរ​ជាន់​គ្រោះ​ក្ដៅ ហ្មងសៅ​ចិន្ដា ពុរ​ពង​បាទា រន្ធត់​អង្គ​ប្រាណ ។ បែក​ញើស​ហូរ​ហត់ ក្ដៅ​ណាស់​ប្រាកដ  ពុំ​អាច​អត់​បាន ព្រោះ​ថ្ងៃ​ចាំង​ចែង សូរ្យ​សែង​ថ្កើង​ថ្កាន ទើប​ខ្ញុំ​ប្រណិធាន អធិដ្ឋាន​ថា ។ បើ​ខ្ញុំ​នឹង​កើត យក​ជាតិ​កំណើត ក្រោយ​ខ្ញុំ​ប្រាថ្នា តាំង​ចិត្ត​ចង់​បាន ដូច​ភ្នាន​ចិន្ដា កើត​ជា​សុរិយា ប្រាកដ​ដូច​ប៉ង  ។  បពិត្រ​ឥន្ទ្រា សូម​ស្ដេច​មេត្តា ជួយ​ខ្លួន​ខ្ញុំ​ផង ធ្វើ​ម្ដេច​នឹង​បាន ដូច​ភ្នាន​បំណង ប្រេត​យក្ស​ឆ្លើយ​ឆ្លង ថា​ងាយ​ណាស់​ណា ។ បើ​ចៅ​ចង់​បាន ដូច​ចិត្ត​ចំណាន បំណង​ប្រាថ្នា ចូរ​ចៅ​ផ្តិល​ផ្ដាច់ ស​ម្រេច​ជន្មា យក​សាច់​ឱ្យ​ជា ទាន​យក្ស​បិសាច ។ ហេតុ​អានិសង្ស ជួយ​ជូន​ទ្រ​ទ្រង់ កើត​មាន​អំណាច ជា​សែង​សុរិយ រស្មី​ចិញ្ចាច ចិញ្ចែង​ត្រ​ដាច ដូច​ចិត្ត​ប្រាថ្នា ។ ចចក​ស្ដាប់​គិត ជឿ​ជាក់​ចូល​ចិត្ត ទើប​ទូល​ទៅ​ថា ខ្ញុំ​ចង់​ឱ្យ​ទាន សាច់​ប្រាណ​ហើយ​ណា ប្រេត​យក្ស​ឆ្លើយ​ថា សាធុ​ពីរ​ដង ។ ប្រេត​យក្ស​ថា​ម្ល៉ោះ និម្មិត​ចំ​ពោះ បាំង​បាត់​ទៅ​ហោង ចចក​រត់​ចេញ បោល​ខ្មាញ់​ជា​ម្ដង គិត​ថា​អញ​ប៉ង បាន​ដូច​សេចក្ដី ។ ចចក​គិត​ច្នោះ បោល​ដល់​ទឹក​ចុះ លុយ​លប​ចាប់​ត្រី លុះ​ចាប់​ត្រី​បាន ដូច​ភ្នាន​សេចក្ដី ប្រាថ្នា​ពាំ​ត្រី ឱ្យ​ញី​ភោក្ដា ។ ញី​ឃើញ​ឈ្មោល​ដល់ បាន​ត្រី​ខ្វាយខ្វល់ ទទួល​មច្ឆា បរិភោគ​ផ្សាយ​ផ្សព្វ ស្កប់​ស្កល់​ចិន្ដា ទើប​ឈ្មោល​ប្រាប់​ថា ហៃ​ប្អូន​ពិសី  កាល​បង​ទៅ​យក មច្ឆា​នាំ​មក ឱ្យ​ប្អូន​ប្រិមប្រិយ ហៅ​មហា​ព្រួយ​ប្រាណ ពុំ​ក្សាន្ត​ណា​ស្រី ស្ទើរ​ខាន​បាន​ត្រី មក​ផ្ញើ​ប្អូន​ភ្ងា ។ ប្អូន​អើយ​ថ្ងៃ​ក្ដៅ ជើង​បង​ពង​នៅ រអាម​អង្គា ក្ដៅ​ដល់​ក្នុង​ថ្លើម ដង្ហើម​ទយា ដល់​ដួល​ច្រើន​​គ្រា ស្ទើរ​វិល​ក្រោយ​ខាន ។ បង​ខំ​បោល​​ទៅ ប្អូន​អើយ​រឹង​ក្ដៅ រន្ធត់​អង្គ​ប្រាណ បង​បោល​ហើយ​គិត ក្នុង​ចិត្ត​ថា​ស្មាន ប្រ​ហែល​ទា​ហាន ច្បាំង​សឹក​មួយ​សោះ ។

តេជះ​សំណាង សំណូម​សូម​​សាង ពី​មុន​មក​នោះ បាន​ជួប​ឥន្ទ្រា យា​ត្រា​ចំ​ពោះ ហើយ​ស្ដេច​អនុ​គ្រោះ ស្មោះ​ស្មាន​មេ​ត្រី ។ ប្រដៅ​ទូន្មាន  នាំ​ជា​និទាន ឱ្យ​ដឹង​សេចក្ដី បុណ្យ​បាប​ត្រូវ​ខុស ហើយ​ហោះ​ចេញ​ខ្មី បង​ចេញ​ចាក​ទី រត់​ចាប់​មច្ឆា ។ ចចក​ប្រាប់​ញី សុស​សព្វ​សេចក្ដី គ្មាន​ខ្វះ​ត្រង់​ណា ហើយ​លោម​ថា​ប្អូន ខ្លឹម​ខ្លួន​ស្នេហា អញ​បង​ចង់​លា ទៅ​ក្ស័យ​ជីវិត ។  យក​សាច់​ជា​ទាន ប្រាថ្នា​ឱ្យ​បាន​​ ជា​ព្រះ​អាទិត្យ តើ​ប្អូន​នឹង​ថា ម្ដេចម្ដា​មាស​មិត្ត ញី​ស្ដាប់​ហើយ​គិត ធុញ​ថែម​ថប់​ថា ។ អ្នក​មាស​ប្អូន​អើយ ប្អូន​ថា​ម្ដេច​ឡើយ ចិត្ត​អ្នក​ប្រាថ្នា មិន​ហ៊ាន​ខាំង​ឃាត់ ឱ្យ​ភ្លាត់​សច្ចា ក្រែង​កើត​ទោសា ជាប់​ដិត​ដល់​ប្រាណ ។ គឺ​មោះ​ប្អូន​នៅ ក្រោយ​អ្នក​ប្រុស​ទៅ បោះ​បង​ចោល​ឋាន ប្អូន​កើត​ទុក្ខ​ព្រួត  ពីរ​ត្រួត​ពុំ​ក្សាន្ត ទុក្ខ​មួយ​ព្រោះ​មាន ទម្ងន់​ពេញ​ពោះ ។ ទុក្ខ​មួយ​ព្រោះ​ព្រាត់ ព្រោះ​ប្រាស​សូន្យ​ស្ងាត់ សូន្យ​ស្ងៀម​ក្រៀម​ក្រោះ ក្រៀម​ក្រំ​ក្នុង​ចិត្ត ឆ្អែត​ឆ្អិត​អាឡោះ អាល័យ​ស្រ​ណោះ អ្នក​ប្រុស​ប្រាស​ទៅ ។ សព្វ​ថ្ងៃ​រំពឹង អ្នក​មាស​ព្រលឹង ស្មាន​ថា​អ្នក​នៅ នែប​និត្យ​ឱរា ស្នេហា​ត​ទៅ ប្អូន​ឥត​ញាតិ​ផៅ សង្ឃឹម​តែ​អ្នក ។ ជា​គូ​ស្នេហា ទុក្ខ​ស្មើ​បិតា មាតា​រួមរក្ស រួម​រស់​ស្នេហ៍​ស្នង ប្អូន​ប៉ង​ទុក​ដាក់ ផ្ញើ​ខ្លួន​លើ​អ្នក លុះ​អស់​ជន្មា ។ ហេតុ​នោះ​ប្អូន​ស្វះ ប្អូន​ស្វែង​លាភ​លះ ចោល​ទី​គុហា ដិត​ដោយ​តាម​អ្នក វរលក្ខណ៍​សោភា ម្ដេច​ឡើយ​ឃ្លាត​ឃ្លា ពី​ទ្រូង​ប្អូន​ពៅ  ។  ញី​ថា​តែ​ម្ល៉ោះ ឱន​មុខ​ទុក្ខ​ចុះ ឱរា​ឈួល​ក្ដៅ ហាក់​ដូច​អគ្គី ឆេះ​ពី​ពោះ​ទៅ ទល់​ទុក្ខ​ហ្មង​សៅ ជោរ​ជល់​នេត្រា ។  ស្ងៀម​ស្ងួត​ស្ងាត់​ស្ងប់ ពុំ​ចេញ​សារ​សព្ទ សារ​សង​វាចា រឹង​ក្ដៅ​ក្នុង​ថ្លើម ដង្ហើម​ឱរា ទើប​ឈ្មោល​លោម​ថា  សំ​ឡាញ់​បង​អើយ ។

កុំ​នាង​អាឡោះ អាល័យ​សោក​សោះ សោយ​សោក​ឥត​ត្រើយ បើ​បង​បាន​កើត កំណើត​ច្នោះ​ហើយ  បង​មិន​តោះតើយ ទី​ទៃ​ចោល​ពៅ ។ សឹម​បង​មក​យក ប្អូន​ស្ងួន​ពន្លក បី​បម​ថ្នម​ទៅ ដាក់​លើ​ពិមាន ទិព្វ​ឋាន​ឆ្អិន​ឆ្អៅ មូល​មួយ​លំ​នៅ នែប​និត្យ​ស្នេហា ។ ចូរ​ប្អូន​ស្រី​ស្រួល ស្រី​ស្រស់​ទទួល អនុមោទនា ព្រម​ព្រឹះ​នឹង​បង  ដូច​ប៉ង​ប្រាថ្នា កុំ​នាង​រួញ​រា បើក​បង​តាម​ចិត្ត  ។  ញី​ស្ដាប់​ឈ្មោល​ថា ហាក់​ធូរ​ឱ​រ៉ា សោកា​ស្បើយ​ស្បិត បន្ទោ​ទុក្ខ​ស្រាល ស្រយាល​ក្នុង​ចិត្ត ទើប​​ឆ្លើយ​ប្រឌិត ថា​តាម​ចិន្ដា  ។  អ្នក​នឹង​ផ្តិល​ផ្ដាច់ ជីវិត​យក​សាច់ ជា​ទាន​ប្រាថ្នា  យោន​យក​កំណើត កើត​ជា​សុរិយា ប្អូន​សោត​ជ្រះ​ថ្លា សាធុ​នឹង​អ្នក     ។
ដំណើរ​ចចក មោហោ​កំព្រក ឈប់​ស្លេះ​ជៀងជាក់ នេះ​នឹង​ចាប់​និ ទាន​ពី​ប្រេត​យក្ស ឋិត​ឋាន​សំណាក់ នៅ​លើ​បព្វតា ។ យក្ស​និម្មិត​មក លប​មើល​ចចក យក្ស​ស្ដាប់​ឮ​ថា ចចក​ផ្តិល​ផ្ដាច់ សម្រេច​ជន្មា យក្ស​អរ​ហើយ​ថា បរម​លោភ​ពេក ។ ហើយ​យក្ស​និម្មិត បញ្ចូល​ក្នុង​ចិត្ត ចចក​ឱ្យ​ត្រេក កាត់​ចិត្ត​ឱ្យ​ទាន សាច់​គ្មាន​អល់អែក ហើយ​ប្រេត​យក្ស​ស្រែក សាធុការា។ ចចក​ឈ្មោល​ញី លុះ​ឮ​សំ​ដី ប្រេត​យក្ស​ឱ្យ​សា- ធុការ​ដូច្នោះ ស្រុះស្រួល​ចិន្ដា លង់​លុះ​សុរិយា អ័ព្ទ​អស្ដង្គត  ។  នាំ​ញី​ចូល​ដេក  ក្នុង​​រូង​ដំណេក ដូច​ដើម​កំណត់ នឹង​ថ្លែង​ឯ​ព្រៃ ធំ​ក្រៃ​ប្រាកដ ប្រប​ឆ្នេរ​សមុទ្រ គាប់​កាល​នោះ​ណា  ។  មាន​យក្ខិនី ប្រេត​ប្រាស​ឥត​ប្ដី នៅ​ក្នុង​ព្រឹក្សា យក្ស​ត្រេច​រក​ប្ដី ឃ្មាតខ្មី​យា​ត្រា  បាន​ដល់​បព្វតា ដែល​យក្ស​ប្រុស​នៅ ។ យក្ស​ស្រី​ឃើញ​ម្លប់ ត្រជាក់​ចូល​ឈប់ បន្តិច​បាត់​ក្ដៅ យក្ស​ស្រី​ថា​អញ ឃ្មាតខ្មាញ់​ចេញ​ក្រៅ ដើរ​ហាល​ថ្ងៃ​ក្ដៅ សៅហ្មង​ភក្ត្រា  ។

យក្ស​ស្រី​គិត​ច្នោះ ដើរ​រក​ទឹក​ជ្រោះ ឆ្លុះ​មើល​មុខា  ឃើញ​ហើយ​ផ្អៀង​ផ្អង ឈ្មៀង​ឈ្មង​នេត្រា យក្ស​សើច​ហើយ​ថា  នៅ​ល្អ​ដែរ​ទេ ។ អញ​ងូត​ទឹក​លាប លាង​ក្អែល​ឆ្អេះ​ឆ្អាប ឱ្យ​គ្រាន់​ជាង​គេ ថា​ស្រេច​យក្ស​ស្រី ឃ្មាតខ្មី​ងាក​រេ រក​ជ្រោះ​ងូត​ថែ  ដុស​សព្វ​កា​យា ។ ហើយ​យក្ស​ឡើង​យក សំ​ពត់​បាន​មក ស្លៀក​ហើយ​យា​ត្រា  ដើរ​ទៅ​ហើយ​គិត ក្នុង​ចិត្ត​យក​ថា ចង់​ច្រៀង​សិន​រ៉ា ឱ្យ​បាន​ស្បើយ​ទុក្ខ ។ យក្ស​ស្រី​គិត​ច្នោះ ចាប់​ក្បិន​ចង​ចុះ រេ​ក្បាល​ងើប​មុខ គន់​មើល​រូប​រាង ដូច​ពាង​ព្រហក់ ម្ល៉ោះ​ខំ​ញ៉ិកញ៉ក់ ញ៉ាំញើ​ដើរ​លេង ។ រេ​រា​រែក​រាំ បា​ទា​ទន្ទាំ ទន្ទើរ​ទន្ទេង អង្គុយ​ភ្លាម​ចុះ ជើង​គោះ​ជា​ភ្លេង ទះ​ដៃ​ច្រៀង​លេង ងេកងោក​សិរសា ។ ក្រឡេក​ស្ដាំ​ឆ្វេង ស្លាប់​ទៅ​សំឡេង ដូច​ហ៊ីង​សោ​កា គគ្រោត​គគ្រាក់ រលាក់​ញាក់​ស្មា ឮ​ដល់​យក្សា ប្រេត​ឋិត​លើ​ភ្នំ ។ យក្ស​ថា​សំឡេង នរណា​ច្រៀង​លេង លាន់​ឮ​រងំ ថា​ហើយ​យក្ស​ប្រុស ចរ​ចុះ​ជើង​ភ្នំ ហើយ​យក្ស​សំ​ងំ លប​លួច​មើល​មៀង ។ មើល​មិញ​ស្គាល់​ជាក់ ថា​អះ​ឱ្យ​យក្ស ស្រី​ទេ​ស្រែក​ច្រៀង យក្ស​ប្រុស​ចង់​ស្និទ្ធ បៀត​ជិត​បញ្ឆៀង ផ្ទឹម​ផ្ទាប់​ផ្ទាល់​ផ្ទៀង សាក​សួរ​ទៅ​ថា ។  នាង​ស្រី​ក្រ​មុំ រូប​រាង​ឧត្ដម នាង​មក​ពី​ណា យក្ស​ស្រី​ថា​ខ្ញុំ ខិត​ខំ​យា​ត្រា ចេញ​ពី​ព្រឹក្សា ដើរ​រក​ចំណី ។

យក្ស​ប្រុស​ថា​អើយ លាភ​លន់​លុះ​លើ បំណង​សេចក្ដី ប្រាថ្នា​អញ​ប៉ង ចង់​ចង​មេ​ត្រី នឹង​នាង​ប្អូន​ស្រី ជា​គូ​ស្នេហា ។ យក្ស​ស្រី​ថា​កុំ លេង​ស៊ុន​ពេក​ខំ ហោ​ម៉ែ​អញ​រ៉ា យើង​មិន​ជា​ស្រី អប្រិយ​ទេ​ណា យើង​មាន​មេ​បា ពូជ​ពង្ស​គ្រាន់​បើ ។  យក្ស​ប្រុស​ថា​ឱ អញ​ចង់​តែ​រក ពុទ្ធោ​ទេ​តើ នរណា​ធ្វើ​អ្វី ប្អូន​ស្រី​គ្រាន់​បើ យក្ស​ស្រី​ថា​អើ គ្មាន​ធ្វើ​អ្វី​ទេ ។ ប៉ុន្តែ​មាក់ងាយ ហ៊ាន​ហា​និយាយ ស្រ​ដី​ចង់​ចែ ខំ​លេង​ពាក្យ​ជ្រៅ អញ​ទៅ​ប្រាប់​ម៉ែ យក្ស​ស្រី​គិត​តែ ការ​កេរ្តិ៍​ចិញ្ចែង  ។  ប្រុស​ថា​ប៉ៃ​អញ ព្រោះ​បង​ស្រឡាញ់ ទើប​ហ៊ាន​លេង បុរស​ស្ត្រី សេចក្ដី​ច្នេះ​ឯង មាស​មិត្ត​មិន​ឆ្វេង សង្សារ​សោះ​ឬ  ។ យក្ស​ស្រី​ថា​ស្អប់ ពាក្យ​ប្រុស​ប្រសប់ ស្រ​ដី​ពោល​លើ ថ្មោង​ថ្មី​ស្រ​ឡាញ់ អស់​អញ​ឥត​ស្មើ បាន​ហើយ​ធ្វេស​ធ្វើ តើយ​តស់​បោះ​បង់ ។ ឯ​យក្ស​ប្រុស​នោះ បាន​ឮ​ដូច្នោះ សោមនស្ស​អស់​អង្គ អរ​ឯក​ស្រួល​សើច សំណើច​ចំណង់ ថា​ប្អូន​វរវង្ស កែវ​កុំ​សង្ស័យ  ។  ចិត្ត​បង​ស្រឡាញ់ ពិត​ៗ​ពេក​ពេញ ចិត្ត​ជួប​ភិសម័យ បង​ផ្ញើ​រូប​ខ្លួន លើ​នួន​ថ្លើម​ថ្លៃ លង់​លុះ​ក្សិណ​ក្ស័យ មរណ​មួយ​មូល​មិត្ត ។ ហើយ​យក្ស​ប្រុស​នោះ ចរ​ចូល​ជិត​ចុះ កៀក​ក​រួត​រឹត ដៃ​ដល់​ថនា យួរ​យា​ទឹម​ផ្ចិត យក្ស​ស្រី​ភាំង​ភិត អៀន​ឱន​ភក្ត្រា ។ ព្រឺ​ព្រួញ​ប្រាណ រួម​រស់​ស្មោះ​ស្មាន ជិត​ជើង​បព្វតា អស្ចារ្យ​កន្លង់ ត្រាច់​ត្រង់​ត្រឹប​ផ្កា រសាយ​បុប្ផា កេសរ​រីក​រុះ  ។  ព្យុះ​សង្ឃ​រា ពិរុណ​រំលា ស្រក់​ស្រោច​ចម្រុះ នាគរាជ​ពេន​ពង ក្រួញ​អង្គ​ត្រដុស ឱន​ក្បាល​លូន​ចុះ ចូល​រូង​បព្វតា  ។  ព្រួស​ពិស​អង់​អាច សំ​ដែង​អំណាច ឥត​ខ្លាច​នរណា ក្អែ​ពិស​ពោរ​ពាស ទី​ទាស​ត្រៀប​ត្រា ពេញ​រូង​បព្វតា ហើយ​សម្ងំ​ជ្រក ។

ស្លេះ​រឿង​យក្ស​ទុក ថ្លែង​ត​ទៅ​មុខ អំពី​ចចក ដេក​ក្នុង​គុហា ដូច​ពណ៌នា​មក ភ្ញាក់​ឡើង​រិះ​រក គិត​ក្នុង​ចិន្ដា  ។ បើ​អញ​ដាស់​ញី ប្រាយ​ប្រាប់​អំពី ដំណើរ​អញ​ណា ក្រែង​ញី​ឃាត់​ប្រាណ រំខាន​អា​ត្មា នាំ​ស្កុន​យាត្រា មិន​ដូច​បំណង  ។  គួរ​អញ​លប​រត់ ចេញ​ចាក​ប្រាកដ សោះ​កើត​សៅ​ហ្មង  ចចក​គិត​ច្នោះ លប​ស្ទុះ​ចេញ​ហោង ដើរ​ស្រូត​រំលង ដល់​ជ្រុង​បព្វតា  ។  ឃើញ​យក្ខិនី ប្រែ​ប្រាណ​ឥន្ទ្រីយ៍ ជា​ខ្មោច​មា​យា ភិត​ញ័រ​ចំប្រប់ ស្ញែង​ស្ញប់​រោមា ចចក​ម្នីម្នា ឡើង​លើ​ថ្ម​ដា  ។  ធ្មេច​ភ្នែក​លោត​ចុះ ធ្លាក់​ក្នុង​បាត​ជ្រោះ បាក់​ក​អាត្មា ក្សិណ​ក្ស័យ​ជីវី យក្ស​ស្រី​នោះ​ណា ឃើញ​ហើយ​ជ្រះ​ថ្លា ក្រោក​ឈរ​ឡើង​រាំ ។
នេះ​បទព្រហ្មគីតិ ពិត​ពិនិត្យ​ពិន័យ​នាំ សេចក្ដី​កែ​ពាក្យ​ពាំ ពាក្យ​ពី​កាល​ចចក​នោះ  ។  ក្សិណ​ក្ស័យ​ជីព​ជន្មា យក្ស​ម្នីម្នា​លា​លោត​ចុះ រើស​ខ្មោច​ចចក​នោះ នាំ​ប្រពន្ធ​បរិភោក្ដា ស៊ី​សាច់​ហែក​ហុត​ឈាម ហូរ​រហាម​ពេញ​មុខា ឈាម​ស្រក់​ទៅ​ត្រង់​ណា យក្ស​ឱន​លិទ្ធ​ឥត​មាន​សល់ ។ ឆ្អឹង​ឆ្អែង​យក្ស​ទំពា ត្រង់​ល​លា​ក្បាល​សំណល់ បរិភោគ​ឆ្អែត​ស្កប់​ស្កល់ នាំ​ប្រពន្ធ​វិល​ឋាន​ឋិត ។ រីឯ​ខ្មោច​ចចក ស្លាប់​ទៅ​យក​ជាតិ​ដូច​ចិត្ត កើត​ជា​ព្រះ​អាទិត្យ រុង​រឿង​រះ​ត្រចះ​ថ្លា ។ ទុំ​ទែង​ចង​ច្រាល​ឆ្អៅ ភ្លឺ​សន្ធៅ​ទាំង​លោកា សក្ដិ​សិទ្ធិ​រិទ្ធិ​ចេស្ដា បរិវារ​ចោម​សម្រាប់​បុណ្យ ។ ហេតុ​ផល​ចចក​បាន សាច់​ឱ្យ​ទាន​មក​ពី​មុន ជួយ​ជូន​កើត​ដោយ​គុណ បុណ្យ​ចិត្ត​កាត់​ឥត​សង្កា  ។ សុរិយា​ចចក​គិត អរ​ក្នុង​ចិត្ត​ឥត​ឧបមា ថា​ឱ​ក្ដី​ប្រាថ្នា អង្គ​អញ​អើយ​ឆាប់​ឆុត​ក្រៃ ។  ម្ល៉េះ​ហើយ​គ្មាន​នរណា ផ្ទឹម​ចេស្ដា​មាន​តេជ​ដៃ រុង​រឿង​ថ្កើង​ជោគ​ជ័យ នៃ​អង្គ​អញ​ពេញ​ក្លៀវ​ក្លា ។

វិន័យ​ដំណើរ​នេះ នឹង​ឈប់​ស្លេះ​ពុំ​ចរចា ចចក​សែង​សុរិយា ខណ្ឌ​ខាន​ទុក្ខ​ពុំ​ស្រ​ដី ។  ទើប​នឹង​និទាន​ពី ចចក​ញី​ភ្ញាក់​ឡើង​ខ្មី ឈ្មោល​បាត់​អង្គឺ​ក្ដី ញី​រត់​រក​តក្កមា  ។ ស្រង់​ក្លិន​រក​តាម​ផ្លូវ ដល់​ជ្រោះ​ជ្រៅ​ឃើញ​សិរសា សំណល់​យក្ស​ភោក្ដា ញី​ប្រះ​ប្រាណ​ដួល​សន្លប់  ។  ភាន់​ភាំង​គាំង​ស្មារតី អស់​ឥន្ទ្រីយ៍​ញី​ចំប្រប់ ដង្ហើម​ហូត​ប្រសប់ ប្រដេញ​ខ្យល់​សល់​សែន​ទ្វី ។ ហើយ​ហៀប​ហាក់​នឹង​ក្ស័យ ក្សិណ​ប្រល័យ​ជន្ម​ជីវី សូន្យ​សុង​ស្លុង​នៅ​ទី ជ្រោះ​ដែល​ឈ្មោល​ក្ស័យ​នោះ​ណា  ។ លុះ​បាន​ដឹង​ស្មារតី ភ្ញាក់​ឥន្ទ្រី​ទួញ​ទៅ​ថា  ឱ​អ្នក​ប្រុស​ស្នេហា ម្ដេច​អ្នក​មក​ក្ស័យ​បង់​បាត់ ។ ចាក​ចោល​ប្អូន​រងា នៅ​កំព្រា​ស្ងៀម​ស្ងប់​ស្ងាត់ និរាស​ប្រាស​ព្រាក​ព្រាត់ ផុត​ពី​ទ្រូង​ប្អូន​ទៅ​ហើយ ។ តាំង​ពី​ថ្ងៃ​នេះ​ទៅ សម​ប្អូន​នៅ​ឯក​ឥត​ត្រើយ អ្នក​ប្រុស​ថ្លៃ​ប្អូន​អើយ ប្អូន​ទៅ​រក​អ្នក​ឯ​ណា ។ ឱ្យ​ដូច​ប្រុស​វរ​មិត្ត មិត្ត​ខ្លឹម​ចិត្ត​ឥត​សង្កា ប្អូន​ប៉ង​ផ្ញើ​រូបា ដួង​ជីវា​និង​អ្នក​ថ្លៃ ។ ម្ដេច​អ្នក​ចោល​ប្អូន​ទៅ ឲ្យ​ប្អូន​នៅ​កំ​ព្រា​ក្រៃ ឥត​ពឹង​ឥត​អា​ស្រ័យ បោះ​បង់​បាត់​ស្ងាត់​ទៅ​ហោង  ។  សូវ​ក្ស័យ​ជីវិត​ទៅ ជា​ជាង​នៅ​កើត​សៅ​ហ្មង ទល់​ទុក្ខ​ៗ ចម្បង រង​លំបាក​លុះ​អស់​កាល ។ ធ្លាប់​ផឹក​ធ្លាប់​ភោក្ដា ធ្លាប់​ចរ​ចារ​ធ្លាប់​ស្និត​ស្នាល ធ្លាប់​នែប​ធ្លាប់​ត្រអាល ធ្លាប់​រួម​រស់​រួម​មណ្ឌល ។ ឥឡូវ​អ្នក​ប្រុស​ប្រាស ប្រាស​និរាស​ពិត​ពុំ​យល់ អ្នក​អើយ​សម​ប្អូន​ទល់ ទុក្ខ​កណ្ដែង​កណ្ដោច​ព្រៃ ។ តាំង​ទួញ​ពី​ព្រលប់ លុះ​ជួន​ចប់​ចូល​ដល់​ថ្ងៃ រឿង​រះ​ច្បាស់​ព្រឹក្ស​ព្រៃ ព្រឹក​ព្រាង​ស្វាង​សែង​សុរិយា ។

ចចក​ឃើញ​ថ្ងៃ​ជាក់ ថា​ឱ​អ្នក​ប្រុស​ស្នេហា អ្នក​បាន​ជា​សុរិយា រុង​រឿង​រះ​ត្រចះ​ឆ្អៅ ។  អ្នក​យក​ប្អូន​ទៅ​ផង ស្និទ្ធ​ស្នេហ៍​ស្នង​នែប​និត្យ​នៅ លើ​ឋាន​ទិព្វ​សន្ធៅ សោះ​ហ្មងសៅ​សែន​ទុក្ខា ។ ចចក​ញី​ទួញ​ទៀត តឹង​ចង្អៀត​ក្នុង​ឱ​រ៉ា ប្រះ​ប្រាណ​សែន​សោក​កា សែន​អាឡោះ​អាល័យ​លន់ ។ ពី​ព្រឹក​លុះ​ដល់​ត្រង់ សោក​សូន្យ​ស្រង់​ទល់​ទុក្ខ​ធ្ងន់ លុះ​ថ្ងៃ​ទេរ​ទាប​ទន់ ទាប​ទៅ​ទៀប​ចុង​ព្រឹក​ព្រៃ ។ ភ្លេច​ផឹក​ភ្លេច​ភោក្ដា អត់​ភោជនា​ស្គម​សន្ធៃ សន្ធឹក​នឹក​អាល័យ ទៀង​ទួញ​ដួល​ប្រះ​ប្រាណ ។ ថាន​ព្រះ​សុរិយា ស្ងួន​ស្នេហា​មិត្ត​កល្យាណ ជ្រៀង​ជ្រេ​បែរ​បៀត​បាន បៀន​ទៅ​ទៀត​ចូល​សន្ធិយា  ។ អ្នក​អើយ​ប្អូន​ក្ដៅ​ក្ដាត់ ថ្លើម​ប្រ​មាត់​ឈឺ​ឆួល​ផ្សា ដូច​អ្នក​យក​ខាន់​ថ្លា កាប់​កាត់​ប្អូន​អស់​ពុង​ពោះ ។   ចចក​ញី​សន្លប់ ញ័រ​ចំ​ប្រក់ សូន្យ​សុង​សោះ ដួល​ដេក​នៅ​ទី​នោះ លុះ​ព្រលប់​ចូល​សន្ធិ​យា ។ សន្សើម​ធ្លាក់​ចុះ​ត្រង់ ជ្រាប​ជោក​អង្គ​សព្វ​រោមា ត្រជាក់​អស់​អង្គា ភ្ញាក់​ឡើង​ទួញ​សែន​សល់​ខ្នាត   ។  ទួញ​តាំង​ពី​ព្រលប់ លុះ​ចួប​ចប់​ចូល​អាធ្រាត្រ តារា​រះ​ព្រោង​ព្រាត ភ្លឺ​ត្រចះ​ពេញ​មេ​ឃា ។ ចចក​មៀង​មើល​ផ្កាយ ពុំ​សប្បាយ​ថែម​ទុក្ខា ថា​ឱ​ផ្កាយ​នេះ​ណា បរិ​វា​អ្នក​ប្រុស​តន់ ។ ប្អូន​ឃើញ​តែ​បរិ​វារ បាត់​សង្សារ​ប្រុស​ល្វាស​ល្វន់ អ្នក​អើយ​ប្អូន​គយ​គន់ រក​មៀង​មើល​មិន​ឃើញ​អ្នក ។ ចចក​ទួញ​ទល់​ទុក្ខ គ្មាន​សាន្ត​សុខ​អួល​អន់​អាក់ លុះ​ព្រឹក​ព្រាង​ស្វាង​ជាក់ ទៀង​ទួញ​ទៀត​សព្វ​វេលា ។ មួយ​ថ្ងៃ​ទួញ​បី​ដង រឹងរឹត​រង​រុក្ខ​វេទ​នា មួយ​យប់​ទួញ​បី​គ្រា ជា​និរន្តរ​ត​រៀង​ទៅ  ។  ពុំ​ផឹក​ពុំ​បរិភោគ ស្គម​ងោងោក​ជោក​ជាំ​នៅ កម្លាំង​ថយ​តិច​ទៅ ។ ខ្សោយ​ទាប​ទន់​ពន់​ប្រមាណ ។  ដើរ​ដួល​ទាំង​ជំហរ នឹង​ទ្រាំ​ឈរ​ដេក​ពុំ​បាន ក្សិណ​ក្ស័យ​ចាក​ចោល​ឋាន ទាំង​ទម្ងន់​ពោរ​ពេញ​ពោះ ។

ដំណើរ​ចចក​ញី ក្ស័យ​ជីវី​ក្នុង​គ្រា​នោះ ឈប់​ស្លេះ​នៅ​នេះ​ចុះ នឹង​និទាន​ឯ​សុរិយា ។ រុង​រឿង​រិទ្ធិ​រង្សី ស្វាង​រស្មី​ភ្លឺ​លោកា ជួប​ជួន​បួន​មាសា មាន​ពពក​មក​បាំង​បិទ ។ ចាំង​ចែង​សែង​សុរីយ៍ អប្ប​រស្មី​ជុំ​ជុក​ជិត បាត់​វង់​ព្រះ​អាទិត្យ ពេញ​មណ្ឌល​ទល់​មេឃា ។ ក្សិណ​នោះ​អង្គ​សុរិយា ចចក​ណា​ទ្រង់​ក្រោធា ថា​ហើយ​លើក​ហត្ថា ស្ទុះ​ក្រទា​ចាក​ពិមាន ។

នេះ​បទ​ពំនោល​និទាន ដំណើរ​ដោយ​ដាន ឯ​អង្គ​ចចក​សុរិយា ។ ក្រេវ​ក្រោធ​លោត​ស្ទុះ​ស្ទា តប់​ទះ​ហត្ថា ក្រឡេក​ក្រ​ឡៅ​ប្រឹង​ប្រាណ ។ ថា​យើ​នរណា​ហៅ​ហាន បាំង​មុខ​អញ​បាន ទទឹងទទែង​មីរ​មក ។  មើល​ជាក់​ថា​យើ​ពពក ។ ហ៊ាន​ដាស​ពាស​មក តប​ត​ប៉ះ​នឹង​អញ ។ អើ​យើង​មិន​ញ៉ម​ចុះ​ចាញ់ ត​យុទ្ធ​វិល​វិញ ឱ្យ​ដឹង​តេជ​ដៃ​ឥឡូវ ។ សុរិយា​ប្រឹង​ចែង​ចាំង​ទៅ ពពក​និង​នៅ ពុំ​មាន​កក្រើក​ទៅ​ណា ។  បាំង​បិទ​ជុំ​ជិត​សុរិយា រឹង​ក្រេវ​ក្រោធា ថា​អះ​អង្គ​អញ​សព្វ​ថ្ងៃ ។ មិន​មាន​នរណា​មួយ​ក្រៃ ផ្ទឹម​ស្មើ​តេជ​ដៃ ប្រឡង​អំណាច​ខះ​ខែង ។  មាន​តែ​អង្គ​អញ​ឯក​ឯង ជា​ធំ​ចិញ្ចែង ចិញ្ចាច​ឥត​គូ​ផ្ទឹម​បាន ។ ឥឡូវ​ពពក​សាមាន្យ បាំង​សែង​សូន្យ​ធាន ជុំ​ជិត​ងងឹត​មេឃា ។ អះ​អញ​លែង​ជិត​សុរិយា ហើយ​សូម​ប្រាថ្នា កើត​ជា​ពពក​ឆុត​ឆាប់ ។ ដេរ​ដាស់​ពេញ​ពាស​ខ្នាន់​ខ្នាប់ សុរិយា​អន់​អាប ងងឹត​ងងល់​ណាស់​ណា ។ ពពក​ចចក​កាឡា អរ​ឯង​មហិមា ស្រួល​សើច​សំណើច​ក្អាកក្អាយ ។ ថា​អើយ​នេះ​ហៅ​សប្បាយ លើស​លេង​សព្វ​សាយ ស័ក្ដិ​សិទ្ធ​រឹង​រិទ្ធិ​ចេស្ដា ។ អញ​បាំង​សូន្យ​សែង​ព្រះ​អាទិត្យ ដេរ​ដាស​ងងឹត គ្មាន​រិទ្ធិ​ស្មើ​អញ​ឡើយ​ណា  ។  កាល​នោះ​រដូវ​វស្សា មាន​ព្យុះ​ព្យោមា សន្ធឹក​សន្ធាប់​ខ្លាំង​ក្រៃ ។ បក់​បោក​រលក​ជលស័យ បាក់​មែក​ឈើ​ព្រៃ​រលំ​រលើង​តៀម​ត្រា ។ ផាត់​ផាយ​ផុយ​ផង់​ពសុធា ផ្សែង​ផ្សព្វ​មហិមា ដង្គោល​ដង្គុំ​មីរ​មក  ។  បក់​ដល់​សុរិយា​ពពក ផាត់​ផាយ​បាច​បោក  បាត់​បង់​ពុំ​គង់​ប៉ុន​ល្អង  ។  សុរិយា​ពពក​នោះ​ហោង ក្រោធ​ក្រៃ​កន្លង ថា​យើង​អង្គ​អញ​សព្វ​ថ្ងៃ   ។  មិន​មាន​នរណា​ត​ដៃ ឥឡូវ​នេះ​ក្រៃ មាន​ខ្យល់​ដ៏​ខ្លាំង​បក់​ផាត់  ។ កើត​ជា​ពពក​ខ្សោយ​ក្ដាត់ អញ​ចង់​គិត​កាត់ ជា​ពពក​ចោល​ចេញ ។  ប្រាថ្នា​កើត​ជា​ខ្យល់​វិញ ខ្យល់​នេះ​គ្មាន​ចាញ់ គ្មាន​ខ្លាច​អំណាច​នរណា ។ កាល​នោះ​ពពក​សុរិយា តាំង​ចិត្ត​ប្រាថ្នា កើត​ជា​វា​យោ​ផាត់​ផាយ ។

ផាត់​ផង់​ធូលី​ខ្ចាត់​ខ្ចាយ ព្រឹក្សា​អន្ត​រាយ រលីង​រលំ​គ្មាន​សល់ ។  ញាប់​ញ័រ​ប្រឹថពី​មណ្ឌល បោក​បក់​ទៅ​ដល់ ដំបូក​ធំ​ស្ដូក​ខ្ពស់​ខ្ពង់ ។ ខ្យល់​បក់​ឆាប់​ឆក់​ត្រូវ​ត្រង់ ដំបូក​នៅ​គង់ ជំ​ហរ​ជំ​ហើម​ទប់​ទល់ ។ នៅ​នឹង​បី​ទ្រមឹង​ដូច​ដល់ ឥត​មាន​អំពល់ កក្រើក​រំ​ពើក​ឡើយ​ណា។ វា​យោ​ពពក​គិត​ថា យើង​​មាន​នរណា មក​ទល់​អង្គ​អញ​ជា​ខ្យល់ ។ អញ​បក់​ព្រឹក្ស​ព្រៃ​គ្មាន​សល់ ប្រឹថពី​មណ្ឌល ញាប់​ញ័រ​រន្ធត់​ណាស់​ណា ។ ទោះ​ទឹក​សមុទ្រ​គង្គា អញ​បក់​បែក​ជា រលក​រលាម​គ្មាន​សល់ ។ កាល​នោះ​វា​យោ​គិត​ឆ្ងល់ ក្នុង​ចិត្ត​ខ្វាយខ្វល់ ថា​អាង​ដំបូក​ស្ដូក​ស្ដឹង ។ ជំហាម​គ្រមាម​បី​ទ្រមឹង  ទ្រ​មឹក​ស្ពឹក​ស្ពឹង រិទ្ធិ​រឹង​មិន​ចាញ់​នរណា ។ ឈ្នះ​អញ​ជា​មហា​វាតា ច្នោះ​អញ​ប្រាថ្នា កើត​ជា​ដំបូក​វិញ​ចុះ ។ វា​យោ​ពពក​គិត​ច្នោះ លែង​ជាតិ​ខ្យល់​នោះ កើត​ជា​ដំបូក​ស្ដូក​ស្ដឹង ។ ព្រងើយ​ទ្រមើយ​ទ្រមឹង ខ្យល់​បក់​ទៅ​នឹង  មិន​មាន​កម្រើក​ដល់​តិច ។ ទោះ​បី​ខ្យល់​ព្យុះ​ម្ដេច​ៗ បក់​បោក​ខ្លាំង​តិច​ដំបូក​ក៏​នៅ​នឹង​ថ្កល់ ។ ដំបូក​ចចក​ឥត​ឆ្ងល់ ថា​នេះ​ត្រូវ​កល់ ចិត្ត​អញ​ប្រាថ្នា​មួន​មាំ ។ ខ្យល់​ព្យុះ​បក់​ចុះ​គគ្រាំ ភ្លៀង​ឱរ​ជោគ​ជាំ អញ​ទ្រាំ​អញ​ទ្រ​ទ្រង់​បាន ។ កាល​នោះ​មាន​សត្វ​តិរច្ឆាន ក្ដាន់​ត្រោស​មួយ​មាន ហ្វូង​ក្ដាន់​ដើរ​តាម​ត្រៀប​ត្រា ។  ក្ដាន់​ដល់​ដំបូក​នោះ​ណា ចូល​លិទ្ធ​ភោក្ដា ខ្លះ​វ័ធ​ខ្លះ​ជល់​នោម​ជុះ ។ ខ្លះ​កាយ​រលាយ​រលុះ​ដំបូក​ធំ​នោះ ពុំ​អាច​ទ្រាំ​ទ្រ​នៅ​បាន ។ ដី​ជ្រាយ​ធ្លុះ​ធ្លាយ​ចេញ​ថ្កាន ក្ដាន់​លេង​ជា​លាន  រលំ​ដំបូក​នោះ​ទៅ ។ ចចក​ដំបូក​នោះ​កូវ ខេ​ខឹង​ក្រញូវ ក្រញែង​អង្រួន​សិរសា ។ ដំបូក​ចចក​គិត​ថា អញ​ចង់​ប្រាថ្នា ទៅ​កើត​ជា​ក្ដាន់​នោះ​វិញ ។ គិត​ហើយ​ប្រែ​ប្រាណ​ចាក​ចេញ ពី​ដំបូក​មិញ ទៅ​កើត​ជា​ក្ដាន់​ដូច​ចិត្ត ។  ក្ដាន់​ដើរ​រក​ស៊ី​ឆ្ងាយ​ជិត ឥត​មាន​ភ័យ​ភិត ក្នុង​ចិត្ត​ត្រេក​អរ​គិត​ថា ។ អញ​បាន​ដូច​ចិត្ត​ប្រាថ្នា ម្ល៉េះ​គ្មាន​នរណា ជា​ពីរ​នឹង​អញ​ទៀត​ទេ ។ ប្រទះ​ក្ដាន់​ត្រោស​នៅ​ឯ ព្រៃ​ជល់​ទាល់​តែ ចាល​ចាញ់​រត់​ខ្មាញ់​ចូល​ព្រៃ ។ ដំណើរ​ក្ដាន់​ត្រោស​នោះ​នៃ ឈប់​ស្លេះ​វិល​វៃ ពុំ​មាន​និទាន​ឡើយ​ណា ។
នេះ​នឹង​ប្រែ​បទ- កាកគតិ​កំណត់ កំណាព្យ​ចរចា កេរកាល​នោះ​មាន ព្រាន​ព្រៃ​មួយ​ណា ត្រាប់​ត្រង់​យា​ត្រា រុក​រក​បរ​បាញ់ ។ រូប​រាង​កំប៉េះ កំប៉ោង​ក្រញេស ក្រញិស​ក្រញាញ់ ក្រញូវ​ក្រញើត ភ្នែក​ស្លើត​សក់​ច្រាញ់ កួច​ចាក់​កណ្ដាញ់ កណ្ដូប​ពក​ពាស ។ ព្រាន​ដើរ​តត្រុក ព្រៃ​ស្បាត​រាន​រុក រក​បាញ់​រមាស រមាំង​ប្រើស​ក្ដាន់ កាប់​កាន់​ចេញ​ពាស រក​ស៊ី​ដេរ​ដាស​ក្រហម​ទាំង​ព្រៃ ។  រី​ក្ដាន់​ដំបូក រុង​រាង​ធំ​ស្ដូក ការ​ហ្វូង​រំពៃ មាន​ក្ដាន់​ឡើង​ក ចូល​មក​វ័ធ​វៃ ក្ដាន់​ដេញ​ភិត​ភ័យ ចូល​ជិត​ពុំ​បាន  ។  រី​ឯ​ព្រាន​ព្រៃ ឃើញ​ក្ដាន់​ធំ​ក្រៃ អរ​ពន់​ប្រមាណ ដំឡើង​ស្នា​ក្រឺត ក្រ​អឺត​ប្រុង​ប្រាណ លុត​ជង្ឃ​ឈរ​ឈាន ដើរ​ទា​តិច​ទៅ ។ លូន​វា​ចូល​ជិត ភ្នែក​ម្ខាង​ព្រាន​បិទ ម្ខាង​បើក​ក្រឡៅ ក្រឡេក​មិចមៀវ ស្រងៀវ​សំ​ដៅ សម្រុក​ត្រង់​ទៅ លោះ​កៃ​ស្នា​ភ្លាត់ ។  ត្រូវ​ត្រង់​ជាន់​ឡើង ក្ដាន់​ដួល​បះ​ជើង ស្ទុះ​ក្រោក​ឡើង​ថ្វាត់ ឈឺ​ឆៀប​ផ្សាយ​ផ្សា ឱរា​ក្ដៅ​ក្ដាត់ ជ័រ​ឆក់​វា​កាត់ ថ្លើម​ធ្លុះ​ធ្លាយ​ចេញ ។ ឈាម​ហូរ​ច្រាស់​ច្រាល់ ទុំ​ទែង​រន្ទាល ជោរ​ជន់​ពាស​ពេញ ប្រឹង​ប្រែ​បែរ​បោល ដួល​ត្មោល​ចុះ​វិញ ដង្ហើម​ប្រ​ដេញ  ញាក់​ញ័រ​អង្គា  ។  ក្ដាន់​គិត​រំ​ពឹង ថា​អញ​នេះ​នឹង ក្ស័យ​ចោល​រូបា បើ​នឹង​ក្ស័យ ប្រល័យ​ជន្មា សូម​ចាប់​ជាតិ​ជា បន្លោះ​ស្នា​វិញ ។ ក្ដាន់​គិត​តែ​ម្ល៉ោះ ក្សិណ​ក្ស័យ​សូន្យ​សោះ ក្រឡាប់​ជាតិ​ចេញ ពី​ក្ដាន់​ចចក ផ្លោះផ្លក​វិល​វិញ វិល​វឹង​មក​មិញ កើត​ជា​ព្រ័ត្រ​ស្នា ។ រីឯ​ព្រាន​ព្រៃ ឃើញ​ក្ដាន់​ក្សិណ​ក្ស័យ ព្រាន​ចូល​ម្នីម្នា ពន្លះ​យក​សាច់​  សម្រេច​ភោជនា ឆ្អឹង​ឆ្អែង​លោ ក្បាល​ព្រាន​ចោល​ចេញ ។ រួច​ហើយ​ព្រាន​ទៅ ផ្ទះ​ទី​លំ​នៅ ព្រាន​ដូច​ដើម​វិញ មាន​កាល​មួយ​ថ្ងៃ ព្រាន​ព្រៃ​ចរ​ចេញ ទៅ​រក​បរ​បាញ់ សត្វ​ដូច​សព្វ​គ្រា ។ ពុំ​បាន​សត្វ​សោះ វិល​មក​ពី​នោះ ព្រាន​គត់​គិត​ថា  អញ​ដើរ​ចរ​ចេញ រក​បាញ់​ម្រឹគា សព្វ​ថ្ងៃ​ហាក់​ជា មាន​ជ័យ​មាន​លាភ ។

អះ​ឱ​អញ​ស្ដាយ កាល​អញ​ស៊ី​បាយ ភ្លេច​ថ្វាយ​បាយាប ហេតុ​នេះ​អញ​ស្វែង វា​ឆ្នែង​ឥត​លាភ ណ្ហើយ​ចុះ​បាយាប ថ្ងៃ​ក្រោយ​សឹម​ថ្វាយ  ។ ហើយ​ទើប​ព្រាន​ព្រៃ ឆៀង​ភ្នែក​រំពៃ ព្រឹក្សា​ទាំង​ឡាយ មាន​មែក​សាខា បុប្ផា​រីក​រាយ ភ្នក​នឹក​សប្បាយ ក្នុង​ចិត្ត​គិត​ថា ។ ឱ​អស់​ផ្កា​ផង ក្រអូប​កន្លង សប្បាយ​ណាស់​ណា អញ​ចង់​ច្រៀង​ជ្រង បាន​ម្ដង​ទៅ​រ៉ា ហើយ​ព្រាន​ច្រៀង​ថា ទំ​នុក​ស្និទ្ធ​ស្នេហ៍  ។ ជ្រង​អើយ​នាង​ជ្រង បង​ចេញ​បាញ់​ម្ដង ត្រ​កាល​ជាង​គេ វា​ឆ្នែង​អប្រិយ បាន​អ្វី​ផ្ញើ​មេ វិល​វិញ​ទទេ លិទ្ធ​ផេះ​ជើង​ក្រាន ។ ស្រែក​ច្រៀក​បណ្ដើរ រេ​ក្បាល​ងេងើ រមិល​ខ្លួន​ប្រាណ មុខ​ស្ញូញ​មាត់​ស្ញេញ ស​ធ្មេញ​ដូច​ចាន ព្រាន​ច្រៀង​កម្សាន្ត ដើរ​ដោយ​មាគ៌ា ។ លុះ​បាន​ដល់​ម្លប់ ជ្រៃ​មួយ​ចូល​ឈប់ ចូល​ចត​និន្ទ្រា នៅ​ក្រោម​ម្លប់​ជ្រៃ ព្រាន​ព្រៃ​ផ្អែក​ស្នា ប្រ​គល់​ព្រឹក្សា ដេក​លង់​លក់​ទៅ ។ មែនមាន​ចចក កំព្រយ​កំព្រក កំព្រឹង​ហ្មង​សៅ ចេញ​ពី​ព្រឹក្ស ម្នីម្នា​ចូល​ទៅ ត្រង់​ព្រាន​ដេក​នៅ ក្រោម​ម្លប់​ជ្រៃ​នោះ ។  ចចក​ថា​ព្រាន វា​​បាញ់​មិន​បាន សត្វ​មួយ​ដល់​សោះ អញ​ចាំ​ភោក្ដា ដោយ​សារ​ព្រាន​នោះ ថ្ងៃ​នេះ​ឆ្នែង​សោះ គ្មាន​អ្វី​ភោក្ដា ។ ចចក​មើល​ទៅ ឃើញ​ស្នា​ផ្អែក​នៅ គល់​ជ្រៃ​សាខា  ចចក​ថា​ឱ លាភោ​លាភា អញ​ទៅ​ទំពា បន្លោះ​ស្នា​នោះ ។ អង្កៀម​ស៊ី​លេង កុំ​ឱ្យ​វា​ឆ្នែង វា​បង់​ជើង​សោះ  ចចក​ទំពា ព្រ័ត្រ​ស្នា​ក្រៀម​ក្រោះ ទាល់​ជ្រាយ​ដាច់​ស្មោះ ស៊ី​ជា​ភោជនា ។  ឯ​ក្ដាន់​ធំ​នោះ ប្រាថ្នា​ចំពោះ កើត​ជា​ព្រ័ត​ស្នា លុះ​ដល់​ចចក កំព្រក​មោហោ ទំពា​ព្រ័ត្រ​សា ដាច់​ទៅ​ដូច្នោះ  ។

រឹង​ខឹង​គ្នាន់​ក្នាញ់ គិត​ថា​អង្គ​អញ កើត​ជា​បន្លោះ ស្នា​នេះ​មាន​រិទ្ធិ ស័ក្ដិ​សិទ្ធ​ចំពោះ ឥត​គេ​ស្មើ​ស្មោះ ផ្ទឹម​នឹង​អញ​បាន ។ ឥឡូវ​ចចក នេះ​តើ​វា​មក ពី​ណា​ហៅ​ហ៊ាន ចូល​មក​ទំពា ព្រ័ត្រ​ស្នា​ដាច់​បាន ចចក​នេះ​មាន អំណាច​ជា​នា ។ បើ​ច្នោះ​គួរ​អញ ប្រាថ្នា​វិល​វិញ យោន​យាន​ជាតិ​ជា  ចចក​ទើប​បាន មែន​មាន​ឫទ្ធា គិត​ស្រេច​កាឡា ក្រឡាប់​ជាតិ​ទៅ  ។  កើត​ជា​ចចក កំព្រយ​កំព្រក កំ​ព្រើល​ហ្មង​សៅ ដូច​ដើម​ដែល​វិញ តឿ​ទេញ​ទើប​ទៅ ព្រោះ​លោភ​កម្លៅ កម្លាំង​មោហា ។ លោភ​លន់​លើស​លែង ហេតុ​កម្ម​នោះ​ឯង នាំ​ឱ្យ​ប្រាថ្នា កើត​ជា​ចចក កំព្រក​នោះ​ណា ឥត​គេ​ស្នេហា ជា​មិត្ត​និត្យ​នៅ  ។ ហេតុ​នោះ​ពាក្យ​ព្រេង ព្រឹទ្ធ​ប្រាជ្ញ​ទុក​តែង ទូន្មាន​កូន​ចៅ ឱ្យ​ប្រែ​លះ​លាភ ចេញ​ចាក​ចោល​ទៅ កូន​អើយ​នេះ​ហៅ គំនិត​ឆ្កែ​តឿ  ។  ទុក​ត​ជា​ច្បាប់ ទៅ​មុខ​គ្រាន់​ត្រាប់ គ្រាន់​ត្រង់​កុំ​ធ្វើ កុំ​ឱ្យ​ចូល​ចិត្ត គំនិត​ឆ្កែ​តឿ គួរ​ចាំ​កួរ​ជឿ គួរ​ចៀស​ឱ្យ​ឆ្ងាយ ។ កុំ​ត្រា​ចចក មោហា​កំព្រក កំព្រើល​អន្ត​រាយ លោភ​ក្រៅ​គន្លង  អ្នក​ផង​ទាំង​ឡាយ លោភ​លុះ​អន្ត​រាយ ជាតិ​ជួរ​អប្រិយ ។

នេះ​បទ​ព្រហ្មគីតិ ចប់​ជំ​ជិត​ជួន​សេចក្ដី ល្បិច​ល្បើក​លើក​ជា​ថ្មី ពី​ដំណើរ​សត្វ​ចចក ។ ចែង​ចប់​គ្រប់​និទាន ពី​បុរាណ​មាន​រៀង​មក និយាយ​រាយ​រាប់​រក ជា​តំណាង​ទៅ​មុខ ។ លើក​គ្រាន់​មើល​កម្សាន្ត គ្រាន់​នឹង​បាន​កែ​អផ្សុក ជា​កេរ្តិ៍​ត​ទៅ​មុខ មាន​ប្រ​ការ​ដូច្នេះ​ស្រាប់ ។ ព្រះ​ពុទ្ធ1សករាជ​គ្រាន់ គ្រប់​ពីរ​ពាន់​បួន​រយ​រាប់ វស្សា​ប្លាយ​ឯក​សប្ដ ខែ​កន្លង​ដប់​មា​សា ។ ថ្ងៃ​បាន​ម្ភៃ​ប្រាំ​ក៏ ក្នុង​ឆ្នាំ​ច​ឆសកា ហេមន្ត​រដូវ​ជា ខែ​ផល្គុន​ខាង​ឯ​ខ្នើត ។ នា​ថ្ងៃ​ព្រហស្បតិ៍ វេលា​ទី​ដប់​ពីរ​កើត ពាក្យ​ពេចន៍​ពោល​ពុំ​ឆើត ខុស​ខាត​ជួន​ផ្ទួន​មិន​សម នាម​ខ្ញុំ​ឈ្មោះ​សោត​សឹង អ្នក​ផង​ដឹង​មិន​ច្រឡំ អក្សរ​តួ​ម​ធំ ជើង​បុក​ក្រោម​ដាក់ ក មុខ  ។  ហើយ​គូស​លើ​ពីរ2​ផង តាម​ទំនង​អ្នក​ប្រាជ្ញ​ទុក្ខ  ឱ្យ​រៀន​ជា​ទំនុក ចិត្ត​សំគាល់​តួ​អក្ខរា  ។  បើ​លោក​ណា​មើល​មៀង កុំ​កួន​ដៀង​ដៀល​និន្ទា ឆ្គាំ​ឆ្គង​ពាក្យ​ត្រង់​ណា  ជួយ​តម្រង់​ផង​ឱ្យ​ទាន ។ សូរេច​បទ​បរិយាយ  ជា​និយាយ​ពី​បុរាណ រៀង​មក​មាន​និទាន ប្រ​ការ​ដូច្នេះ​ឯង​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៤ ទំព័រ ១០១- ១២២


  1. ច្បាប់​សាត្រាស្លឹករឹត​រឹត​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ រៀប​រៀង​ដោយ សន្ធម៉ុក ។ លោក ចាប ពិន កែ​សម្រួល​កាព្យ​ដែល​ឃ្លៀង​ឃ្លាត​ខ្លះ ។ កម្ពុជ​សុរិយា ១០ ទំព័រ ១០៦៩
  2. ព.ស. ២៤១៧ គ.ស. ១៨៧៤
  3. ម៉ុក