រឿង​បុរស​ទំពែក ៤ នាក់

កាល​ពី​ព្រេង​នាយ នៅ​ភូមិ​មួយ​មាន​បុរស​ទំពែក ៤ នាក់ ឈ្មោះ ឃុន ១ ស៊ឹម ១ គំ ១ សុខ ១ បុរស​ទំពែក ៤ នាក់​នេះ ជា​មនុស្ស​កម្សត់​ទុគ៌ត​ណាស់​ក្មេង​ៗ នឹង​អ្នក​ស្រុក​អ្នក​ភូមិ​តែង​ស្រែក​ហៅ​គាត់​ថា តា​ប៉ិ​ទំពែក ! តា​ប៉ិ​ទំពែក ! ជា​រាល់​ពេល ។
ថ្ងៃ​មួយ បុរស​ថ្ពែក​ទាំង​បួន​នាក់ បាន​ជំនុំ​ស្រុះ​ស្រួល​មូល​មតិ​គ្នា​ថា យើង​ទាំង​អស់​គ្នា ពុំ​អាច​រស់​នៅ​ក្នុង​កន្លែង​នេះ​យូរ​ទៅ​ទៀត​បាន​ទេ ខ្មាស​អ្នក​នគរ​ខ្លាំង​ណាស់ ព្រោះ​អ្នក​ផង​គេ​មើល​ងាយ​យើង​ពន់​ពេក​ប្រមាណ ដូច្នេះ​ត្រូវ​យើង​ចេញ​ទៅ​រក​គ្រូ​មើល​ជំងឺ ដើម្បី​ធ្វើ​ឱ្យ​សក់​ក្បាល​យើង​ដុះ​ឡើង​ដូច​ជន​ឯ​ទៀត ។ ជន​ទំពែក ៤ នាក់​ក៏​ស្រុះ​ស្រួល​ព្រមព្រៀង​គ្នា ប្រុង​ប្រៀប​រៀប​ចំ​គ្រឿង​ប្រដាប់​ប្រដា​ធ្វើ​ដំណើរ​រួច​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​កាត់​ស្រុក​ធំ​តូច កាត់​ភូមិ​កាត់​ស្រែ ស្វែង​រក​ពេទ្យ​ហ្ម​មេមត់​ដ៏​ប៉ិន​ប្រសប់ ដែល​អាច​ធ្វើ​ឱ្យ​ក្បាល​ខ្លួន ដុះ​សក់​ឡើង​វិញ​បាន​ប៉ុន្តែ​បុរស​ទំពែក ៤ នាក់​ឥត​បាន​ជួប​នឹង​ជន​ដែល​មាន​រិទ្ធិ​អំណាច​ដូច្នេះ​សោះ ។[1]

ជន​ទំពែក ៤ នាក់​ក៏​ធ្វើ​ដំណើរ​ត​ទៅ​ទៀត លេច​វាល​ចូល​ព្រៃ​លេច​ព្រៃ​ចូល  លុះ​ត្រា​តែ​ទៅ​ដល់​ព្រៃ​ហេមពាន្ត ដែល​ជា​កន្លែង​មហា​ឫសី​មួយ ។ បុរស​ទំពែក ៤ នាក់​ក៏​ចូល​ទៅ​ក្នុង​អាស្រម​តា​ឫសី​នោះ​ឱន​កាយ​ថ្វាយ​បង្គំ​ដោយ​សេចក្ដី​គួរ​សម តា​ឫសី​សួរ​ថា​តើ​អ្នក​ទាំង ៤ នាក់​អញ្ជើញ​មក​ពី​ប្រទេស​ណា? មាន​ការ​អ្វី? បុរស​ទំពែក ៤​នាក់​ក៏​ឆ្លើយ​ប្រាប់​ថា​តា​ឫសី​ថា “ជម្រាប​លោក​តា យើង​ខ្ញុំ​ទាំង​អស់​គ្នា​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់​ដោយ​ហេតុ​តែ​យើង​ខ្ញុំ ទំពែក​ទាំង​អស់​គ្នា ពួក​អ្នក​ស្រុក​ទាំង​ឡាយ ចេះ​តែ​សើច​ចំអក​ឡក​ឡើយ ឱ្យ​ជា​រាល់​ពេល រាល់​វេលា ទើប​យើង​ខ្ញុំ​អត់​ទ្រាំ​ពុំ​បាន​ចេញ​មក​ស្វែង​រក​គ្រូ​ពេទ្យ ដែល​ចេះ​ធ្វើ​ក្បាល​យើង​ខ្ញុំ​ឱ្យ​ដុះ​សក់​ដូច​ជា​ជន​ឯ​ទៀត​ឡើង ប៉ុន្តែ​យើង​ខ្ញុំ​ឥត​បាន​ជួប​ប្រទះ​គ្រូពេទ្យ​ណា​មួយ​សោះ អាស្រ័យ​ហេតុ​នេះ បាន​ជា​យើង​ខ្ញុំ​ខំ​ធ្វើ​ដំណើរ​ទាល់​តែ​មក​ដល់​អាស្រម​លោក​នេះ សូម​លោក​តា​អាណិត​អាសូរ​យើង​ខ្ញុំ ជួយ​ធ្វើ​យើង​ខ្ញុំ​ឱ្យ​បាន​ដុះ​សក់​ដូច​គេ​ឯង​ទៀត​ឡើង” ។

តា​ឫសី​ក៏​ឆ្លើយ​ថា “ចុះ​មាន​លំបាក​អ្វី ចៅ​ទាំង​ឡាយ​អើយ ! នៅ​ទី​នេះ​មាន​ត្រពាំង​ទឹក​ស័ក្ដិ​សិទ្ធ​មួយ  ចូល​ទាំង​ឡាយ​ទៅ​មុជ​ទឹក​ត្រពាំង​នោះ​ចុះ ប៉ុន្តែ​ត្រូវ​អ្នក​ទាំង​អស់​គ្នា​មុជ​តែ​ម្ដង​បាន​ហើយ កុំ​មុជ​ច្រើន​ដង​ឱ្យ​សោះ  ” ។
កាល​បើ​ឮ​តាបស​ប្រាប់​ដូច្នោះ​ហើយ បុរស​ទំពែក ៤ នាក់​ក៏​កើត​សេចក្ដី​រីក​រាយ​ជា​ក្រៃ​លែង ហើយ​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ត្រពាំង​នោះ​ទាំង​អស់​គ្នា ។ មួយ​សន្ទុះ​ក្រោយ​មក​បុរស ៤ នាក់​ក៏​ងើប​ចេញ​ពី​ត្រពាំង​ទឹក​ឡើង ហើយ​នៅ​លើ​ក្បាល​រៀង​ខ្លួន​ក៏​មាន​ដុះ​សក់​យ៉ាង​ក្រាស់​ខ្មៅ​រលោង ។ លោក​តា​ទំពែក​ទាំង ៤ នាក់​ក៏​ខំ​មើល​ក្បាល​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​លាន់​មាត់​សរសើរ​តែ​រៀង​ខ្លួន ។

នៅ​ខណៈ​នោះ​បុរស​ទំពែក ៤ នាក់​ក៏​កើត​មាន​ចិត្ត​លោភ​ពន់​ប្រមាណ ទើប​ជំនុំ​គ្នា​ថា​ យើង​ទាំង​អស់​គ្នា​បាន​មុជ​ទឹក​នេះ​ត្រឹម​តែ​ម្ដង​ប៉ុណ្ណេះ ឃើញ​ថា​បាន​ល្អ​ប៉ុណ្ណេះ​ហើយ ចុះ​ទម្រាំ​បើ​យើង​មុជ​ច្រើន​ដង​ទៅ​ទៀត​ តើ​យើង​នឹង​ល្អ​យ៉ាង​ណា​ទៅ  តាបស​ប្រហែល​ជា​មិន​ចង់​ឱ្យ​យើង​ល្អ​ណាស់​ទេ​មើល​ទៅ បាន​ជា​បង្គាប់​ឱ្យ​យើង​មុជ​ទឹក​តែ​ម្ដង​ម្នាក់​ដូច្នេះ គួរ​តែ​យើង​ទៅ​មុជ​ទឹក​ឱ្យ​បាន​ម្ដង​ម្នាក់​ទៀត  ” ។
បន្ទាប់​មក បុរស​ទំពែក ៤ នាក់​ក៏​ស្រុះ​ស្រួល​គ្នា​ហើយ​បបួល​គ្នា​ទៅ​មុជ​ទឹក​សា​ជា​ថ្មី​ទៀត  ប៉ុន្តែ​ម្ដង​នេះ​កាល​ណា​បើ​ងើប​ឡើង​ពី​ទឹក​ភ្លាម​បុរស​កម្សត់​យើង​ជ្រុះ បាត់​សក់​អស់​នៅ​សល់​តែ​លលា​ក្បាល​ថ្ពែក​រលីង​ឆិញ​ដូច​កាល​ពី​ដើម​វិញ ។ អាស្រ័យ​ហេតុ​នេះ​បុរស​ទំពែក ៤ នាក់​ក៏​កើត​សេចក្ដី​ឈឺ​ចាប់​ព្រួយ​ចិត្ត​ក្រៃ​លែង​ហើយ​ក៏​បបួល​គ្នា​មុជ​ទឹក​ម្ដង​ទៀត  ប៉ុន្តែ​លុះ​ងើប​ឡើង​ក្បាល​នោះ​រឹត​តែ​ទំពែក រលីង​ជាង​មុន​ទៅ​ទៀត ថ្ងាស​ក៏​កាន់​តែ​រលោង​ឡើង ។ កាល​ពី​ពេល​មុន​បុរស​ទំពែក ៤ នាក់​គ្រាន់​មាន​សក់​ពីរ​បី​សរសៃ​ដុះ​នៅ​លើ​ក្បាល ប៉ុន្តែ​លោភ​បើ​មុជ​ទឹក​អស់​ចំនួន ៣ លើក​ដូច្នោះ​ហើយ​ក្បាល​បុរស​ទំពែក​ទាំង ៤ នាក់​ឡើង​រលោង​ស្រិល​ដូច​ជា​ក្បាល​សត្វ​ត្រដក់ ។
បុរស​ទំពែក ៤ នាក់​អស់​សង្ឃឹម​ក៏​ដើរ​ចេញ​ពី​ទី​នោះ​យំ​ត្អូញត្អែរ​ថា “ការ​នេះ​បណ្ដាល​មក​ពី​យើង​មិន​ប្រតិបត្តិ​តាម​តាបស​ដូច្នេះ ត្រូវ​តែ​យើង​ត្រឡប់​ទៅ​ជួប​តាបស​វិញ​ហើយ​អង្វរ​លន់​តួ​សូម​ឱ្យ​គាត់​ជួយ​ធ្វើ​ក្បាល​យើង បើ​មិន​បាន​ទៅ​ជា​ល្អ​ទេ គ្រាន់​តែ​នៅ​ប្រហែល​ពី​ដើម​វិញ​ចុះ កុំ​ឱ្យ​រលីង​រលោង​ស្រិល​ដូច​ក្បាល​ត្រដក់​ដូច្នេះ វា​អាក្រក់​ណាស់” ។

លុះ​ជំនុំ​គ្នា​ដូច្នោះ​ហើយ បុរស​ទំពែក​ទាំង​ឡាយ ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ទី​លំ​នៅ​តាបស​វិញ ។  តាបស​សួរ​ថា “តើ​មាន​ការ​អី​ចៅ​ទាំង​ឡាយ? ” ។ ចៅ​ទំពែក​ក៏​ឆ្លើយ​ថា” លោក​តា​ជា​ទី​គោរព យើង​ខ្ញុំ​សូម​អង្វរ​លោក​តា សូម​លោក​តា​មេត្តា​ត្រា​ប្រណី​ទោស​ដល់​យើង​ខ្ញុំ​ផង ត្បិត​យើង​ខ្ញុំ​ពុំ​បាន​ធ្វើ​តាម​បង្គាប់​លោក​តា បាន​ជា​ក្បាល​យើង​ខ្ញុំ​រឹត​តែ​រលីង​ជាង​ថ្ងាស​ទៅ​ទៀត យើង​ខ្ញុំ​សូម​អង្វរ​លោក​តា ឲ្យ​ជួយ​ធ្វើ​យ៉ាង​ណា ឲ្យ​ក្បាល​យើង​ខ្ញុំ​ទាំង​អស់​គ្នា បើ​មិន​បាន​ល្អ ក៏​សូម​ឱ្យ​តែ​នៅ​ប្រហែល​ពី​ដើម​វិញ​ក៏​បាន​ដែរ” ។
តាបស​ឆ្លើយ​តប​វិញ​ថា “ឱ​ចៅ​អើយ អាត្មា​ពុំ​អាច​ញ៉ាំង​ខ្លួន​អ្នក ឱ្យ​ទៅ​ជា​យ៉ាង​ម៉េច​ទៀត​បាន​ទេ កំហុស​របស់​អ្នក​ជា​ភស្តុតាង​បង្ហាញ​ឱ្យ​ដឹង​ថា អ្នក​ទាំង​ឡាយ​ពុំ​អាច​ប្រតិបត្តិ​តាម​ដំបូន្មាន​ពិបាក​ៗ​បាន​ទេ តែ​ចូរ​អ្នក​ពិចារណា​ដូច្នេះ​ថា សេចក្ដី​ប្រាថ្នា​ហួស​ប្រមាណ​បណ្ដាល​ឱ្យ​ហិន​ហោច ។ ណ្ហើយ ! ចូរ​អ្នក​ត្រឡប់​ទៅ​ស្រុក​វិញ​ទៅ​គ្មាន​មធ្យោបាយ​អ្វី​អាច​ផ្លាស់​ប្ដូរ​រូប​អ្នក​បាន​ត​ទៅ​ទៀត ” ។

បុរស​ទំពែក​ទាំង ៤ នាក់​ក៏​ត្រឡប់​ទៅ​ស្រុក​វិញ ហើយ​ម្ដង​នេះ​អ្នក​ស្រុក​រឹត​តែ​ពោល​ចំអក​ឡក​ឡើយ​ឱ្យ​ជាង​មុន​ទៅ​ទៀត ។
បុរស​ទំពែក​ទាំង ៤ នាក់​ក៏​រឹត​តែ​ខ្មាស​លើស​ដើម​ហើយ​រក​មេមត់​យ៉ាង​ណា​ពូ​កែ​ៗ ល្បី​ល្បាយ​ឱ្យ​ធ្វើ​ប្រេង​ក្រមួន និង​ថ្នាំ​ត្រាំ​ស្មៅ ឬ​ឈើ​ក៏​មាន​គុណ​ភាព​យ៉ាង​ប្រសើរ​ៗ មក​លាប​មក​រឹត​ច្របាច់​  លើ​សាច់​ក្បាល​របស់​ខ្លួន​ព្រម​ទាំង​សូត្រ​មន្ត​អាគមគាថា​ថា​ផ្សំ​ជា​មួយ​ផង តែ​ទោះ​បី​ខំ​ធ្វើ​យ៉ាង​ណា​ក៏​ក្បាល​នៅ​តែ​គ្មាន​ដុះ​ សក់​ដែល​រលោង​ស្រិល​ដូច​ជា​គ្រាប់​ក្រូស​សមុទ្រ ។ នេះ​គឺ​ជា​ផល​កម្ម​ពិត​ប្រាកដ ដោយ​គាត់​បាន​ប្រព្រឹត្ត​អំពើ​កំហុស​អ្វី​មួយ​ពី​ជាតិ​មុន ឬ​មួយ​កាល​ពី​ជាតិ​មុន គាត់​ប្រកប​រប​រក​ស៊ី​កាត់​សក់​ហើយ​បំពេញ​ករណីយ​កិច្ច​របស់​ខ្លួន​ពុំ​បាន​ត្រឹម​ត្រូវ ។ ទោះ​បី​មាន​អត្ត​ភាព គួរ​ឱ្យ​អាម៉ាស់​ដូច​ពោល​ហើយ​ក៏​ដោយ​ក៏​បុរស​ទំពែក ៤ នាក់​នោះ​មាន​ចិត្ត​ដូច​ជា​ជន​ឯ​ទៀត​ដែរ គឺ​គាត់​មាន​ចិត្ត​ប្រាថ្នា​ជា​ខ្លាំង​ចង់​យក​ក្បាល​គាត់​ទៅ​កើយ​លើ​ទ្រូង​នារី​ជា​ទី​សប្បាយ ប៉ុន្តែ​គ្មាន​ស្រី​ណា​ម្នាក់​ព្រម​ស្រឡាញ់​បុរស​ទំពែក​ទាំង ៤ នាក់​នោះ​សោះ​ដោយ​ហេតុ​ម្នាក់​ព្រម​ស្រឡាញ់​បុរស​ថ្ពែក​ទាំង ៤​នាក់​នោះ​សោះ ដោយ​ហេតុ​តែ​គាត់​មាន​លលាដ៍​ក្បាល​រលីង​រលោង​ដូច​ត្រឡោក​ដែល​គេ​ខាត់​ដើម្បី​ទុក​ដួស​ទឹក​ផឹក   ។

ហេតុ​នេះ​ហើយ​បាន​ជា​គេ​ឃើញ​បុរស​ទំពែក​មាន​វ័យ​ចាស់ ៗ​ ណាស់​ហើយ​ប៉ុន្តែ​ពុំ​ទាន់​មាន​ប្រពន្ធ​នៅ​ឡើយ ទោះ​បី​គាត់​មាន​អាយុ​ចាស់​ប៉ុន​ណា​ក៏​ដោយ គាត់​នៅ​តែ​ខំ​ស្វែង​រក​ប្រពន្ធ​ឥត​ឈប់​ឈរ ប៉ុន្តែ​ម្ដង​នេះ​បុរស​ទំពែក ៤ នាក់​ចេញ​ស្វែង​រក​ប្រពន្ធ​ដោយ​ចិត្ត​ងប់​ឈ្លប់​តែ​ម្ដង គេ​ពុំ​ដឹង​ថា​តើ​មាន​ហេតុ​យ៉ាង​ណា​ទេ គេ​គ្រាន់​តែ​ដឹង​ថា​នេះ​គឺ​ជា​វត្ថុ​បំណង​របស់​គាត់​យូរ​ណាស់​មក​ហើយ គឺ​ជា​ទម្លាប់​របស់​ពួក​គាត់ ។ ព្រេង​វាសនា​បាន​នាំ​គាត់​ទាំង ៤ នាក់​ឱ្យ​មក​ជួប​គ្នា​ហើយ​ស្រឡាញ់​គ្នា​ណាស់ បាន​ស្បថ​ស្បែ​គ្នា​ថា​មិន​ត្រូវ​រស់​នៅ​បែក​គ្នា​ឡើយ ។ បើ​មួយ​ណា​ទៅ​ណា​អ្នក​ឯ​ទៀត​ក៏​ត្រូវ​ទៅ​តាម​ដែរ ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ឥត​ដែល​ឃើញ​លេច​បុរស ទំពែក​មួយ​ចេញ​ពី​ច្រក​ចង្អៀត ដោយ​ឥត​ឃើញ​ទំពែក​បី​នាក់​ទៀត​មក​តាម​ក្រោយ​ឡើយ     គេ​តែង​ឃើញ​ឈ្មោះ ឃុត ដែល​គាត់​មាន​រាង​ខ្ពស់​ស្គម​ស្លៀក​ខោ​ខ្លី​ដើរ​មុខ​គេ ហើយ​ដើរ​លឿន​ដាច់​មិត្ត​គាត់​ទាំង​អស់ ទោះ​បី​គាត់​ខំ​ប្រយ័ត្ន​កុំ​ឱ្យ​ដើរ​លឿន​ចោល​គេ​ក៏​ដោយ  ។  បន្ទាប់​មក​គេ​ឃើញ​ឈ្មោះ​ស៊ឹម ដែល​មាន​មាឌ​ធាត់​ខំ​ដើរ​ទីង​ទាំង​ៗ តាម​ឃុត​ដូច​សត្វ​អណ្ដើក  ។ បន្ទាប់​មក​ទៀត​គេ​ឃើញ គំ និង សុខ ដើរ​ទន្ទឹម​ស្មា​គ្នា  ពីរ​នាក់​នេះ​ជា​មនុស្ស​ជជែក​ឡូឡា​ដាក់​ត្រចៀក​គ្នា ព្រោះ​ត្រចៀក​ពុំ​សូវ​បាន ។
ថ្ងៃ​មួយ ឃុត​និយាយ​ទៅ​កាន់​សំឡាញ់​ខ្លួន​ថា  យើង​ពុំ​អាច​រក​ប្រពន្ធ​នៅ ក្នុង​ស្រុក​នេះ​បាន​ទេ ទោះ​ចាស់​ក្ដី ក្មេង​ក្ដី ស្រី​ៗ នៅ​ក្នុង​ស្រុក​នេះ​គេ​មាក់ងាយមាក់ថោក យើង​ទាំង​អស់​ដោយ​ហេតុ​តែ​ក្បាល​យើង​គ្មាន​ដុះ​សក់ ប៉ុន្តែ បើ​យើង​ទៅ​កាន់​តំបន់​មួយ​ទៀត​ប្រហែល​ជា​យើង​មាន​សំណាង​ជាង​នេះ ហើយ​បើ​មាន​នរណា​ថា​ យើង​ចាស់ យើង​អាច​ឆ្លើយ​ទៅ​វិញ​ថា សក់​យើង​វា​ជ្រុះ​ព្រោះ​ជា​ធម្មតា​របស់​ជន ដែល​មាន​អាយុ​ច្រើន នឹង​មាន​ការ​ព្យាយាម​គិត​ច្រើន កាល​បើ​ដូច្នេះ​អ្នក​ស្រុក​មុខ​ជា យល់​ថា​យើង​ជា​អ្នក​មាន​ការ​សិក្សា​ច្រើន ហើយ​ជឿ​ថា​យើង​ជា​អ្នក​ប្រាជ្ញា​ផង ”    ។

នៅ​ពេល​នោះ​បុរស​ទំពែក ៤​នាក់ ក៏​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​ព្រមព្រៀង​យល់​ថា យើង​កុំ​នឹក​ព្រួយ​ថា ក្រែង​ស្រី​នៅ​ស្រុក​ឯ​ទៀត​មិន​ស្អាត ដូច​ជា​ស្រី​នៅ​ក្នុង​ស្រុក​កំណើត​របស់​យើង  ។  ស៊ីម​ខ្លាច​អស់​កម្លាំង ដោយ​ធ្វើ​ដំណើរ​ឆ្ងាយ បាន​និយាយ​អង្វរ ឃុត កុំ​ឱ្យ​ដើរ​លឿន​ពេក ។ សុខ​បាន​រំលឹក​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ពាក្យ​សម្បថ​ថា យើង​មិន​ត្រូវ​បែក​គ្នា​ឲ្យ​សោះ មិន​ត្រូវ​មាន​ប្រពន្ធ​ចោល​គ្នា​ ឬ​ក៏​ត្រូវ​តែ​មាន​ប្រពន្ធ​ទាំង​អស់​គ្នា នៅ​ក្នុង​ស្រុក​ណា​មួយ​ជា​មួយ​គ្នា” ។
អាស្រ័យ​ហេតុ​នេះ វេលា​ព្រឹក​មួយ ពេល​មុន​ថ្ងៃ​រះ​ពេញ​ពន្លឺ​គេ​ឃើញ​បុរស​ទំពែក ៤ នាក់​មាន​ដៃ​កាន់​ដំបង​និង​ស្ពាយ​ទៃ​មួយ​ៗ ម្នាក់​ស្លៀក​សំពត់​ថ្មី​ៗ ដើរ​ចេញ​ពី​ភូមិ​ទៅ​កាន់​ផ្លូវ​ប្រប​មាត់​ទន្លេ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង  ។  ម្ដង​នេះ​ឃើញ​បុរស​ទំពែក​ដើរ​មួយ​ៗ ដើម្បី​អនុ​គ្រោះ​ដល់​ស៊ឹម ឱ្យ​ទាន់​ផង ។ បុរស​ទំពែក​មាន​ខ្នង​កោង​ហើយ​ដើរ​ទប់​ខ្លួន​នឹង​ឈើ​ច្រត់ ប៉ុន្តែ​គាត់​នៅ​មាន​ចិត្ត​ចង់​សប្បាយ​ពន់​ប្រមាណ ហើយ​ជា​ធម្មតា គេ​តែង​ឃើញ​ឃុត​ដើរ​លឿន​ចោល​គេ​ទាំង​អស់ រួច​មួយ​សន្ទុះ​ក្រោយ​មក​ទើប​លេច​ឃើញ​ស៊ឹម​ខំ​ដើរ​ខ្វាស​ៗ ស្រែក​ហៅ​ឃុត​ឱ្យ​បង្អង់​ជំហាន ។

មិន​យូរ​ប៉ុន្មាន​បុរស​ទាំង ៤ នាក់​បាន​ដើរ​ទៅ​ដល់​ភូមិ​មួយ បបួល​គ្នា​ចូល​ទៅ​ក្នុង​ភូមិ​នោះ ។ ជា​ទេសកាល​អ្វី​ក្នុង​ថ្ងៃ​នោះ នៅ​ក្នុង​ភូមិ​នោះ​មាន​កើត​រឿង​ហេតុ​មួយ​យ៉ាង​ធំ គឺ​ស្រី​មេម៉ាយ​ម្នាក់​ចាប់​បាន​បុរស​ម្នាក់​កំពុង​ដេក​ជា​មួយ​នឹង​កូន​ក្រមុំ​គាត់ ហើយ​គាត់​ក៏​ប្ដឹង​ពុំ​សុខ​ចិត្ត​នឹង​បុរស​នោះ ។ ដើម្បី​នឹង​សម្រាល​កំហុស​របស់​ខ្លួន​បន្តិច បុរស​ខិល​បាន​ឆ្លើយ​ដោះ​សារ​ទៅ​និង​ចៅ​ក្រម​ថា នាង​ក្រមុំ​នេះ​ជា​សហាយ​របស់​ខ្លួន​យូរ​ណាស់​មក​ហើយ ”  ប៉ុន្តែ នាង​នេះ​បាន​ឆ្លើយ​បដិសេធ​ជា​ដាច់​អហង្ការ​ថា  ខ្ញុំ​ឥត​បាន​ស្គាល់​អា​មនុស្ស​ពាល​នេះ​ទេ វា​នេះ​ជា​មនុស្ស​កុហក​ឥត​ខ្មាស វា​បាន​លួច​លប​មក​ក្នុង​បន្ទប់​ខ្ញុំ​ដូច​ជា​ចោរ នៅ​ពេល​ខ្ញុំ​កំពុង​គេង​លក់​ហើយ​បាន​ប្រើ​កម្លាំង​បាយ​បង្ខំ​ខ្ញុំ​ឱ្យ​ព្រម​ធ្វើ​តាម​បំណង​វា ទោះ​បី​ខ្ញុំ​និយាយ​អង្វរ​យ៉ាង​ណា​ក៏​វា ពុំ​ព្រម​ស្ដាប់​សោះ​ឡើយ”
ឮ​ដូច្នេះ ចៅក្រម​ក៏​មាន​ចិត្ត​អស់​ឯក​ពុំ​អាច​រក​សេចក្ដី​ពិត​បាន ។ ប៉ុន្តែ​នៅ​ខណៈ​នោះ​ស្រាប់​តែ​លេច ឃុត គំ ស៊ឹម សុខ ដើរ​ចូល​មក​យ៉ាង​មួយ​ៗ ហើយ​បែប​សង្រួម​ខ្លួន ដូច​ព្រះ​សង្ឃ​និមន្ត​ទៅ​ប្រោស​សត្វ ហើយ​មហា​ជន​ដែល​ឈរ​នៅ​ជុំ​វិញ​រោង​ជំនុំ ក៏​បើក​ផ្លូវ​យ៉ាង​ធំ​ឱ្យ​បុរស​ទំពែក​ចូល ព្រម​ទាំង​សំដែង​សេចក្ដី​គួរ​សម​ដល់​បុរស​ទំពែក​ទាំង​នោះ​ផង ព្រោះ​គេ​យល់​ថា បុរស​ទំពែក​នេះ​ជា​បេសកជន​របស់​ព្រះពុទ្ធ ហើយ​ជា​ចៅក្រម​ធំ​ផង ។
កាល​បើ​គេ​សម្លឹង​មើល​សាច់​ឈាម នឹង​ក្បាល​ទំពែក​សព្វ​គ្រប់​ទៅ​គេ​ក៏​ជឿ បុរស​ទំពែក​ ជា​មនុស្ស​ចេះ​ដឹង​យ៉ាង​ជ្រៅ​ជ្រះ​ទើប​ចៅ​ក្រម​ប្រគល់​កន្លែង​ខ្លួន​ឱ្យ​គាត់​អង្គុយ​វិញ ។ កាល​បើ​អង្គុយ​ស្រួល​បួល ហើយ​បាន​ដឹង​កិច្ច​ការ​នោះ​សព្វ​គ្រប់ បុរស​ទំពែក​ទាំង  ៤ នាក់​ក៏​អង្គុយ​នៅ​ស្ងៀម​សញ្ជឹង​គិត​មួយ​សន្ទុះ រួច​ឃុត​ក៏​ចាប់​ និយាយ​មុន​គេ​ឡើង​ថា  ៖

– ទំពក់​វា​ទៅ ទើប​ព្នៅ​វា​មក ។
– បន្ទាប់​មក គំ និយាយ​ថា៖
– មាន​ប្រឡាយ ទើប​ទឹក​វា​ហូរ ។
បន្ទាប់​មក​ទៀត​ស៊ឹម​និយាយ​ថា ៖
– តែ​កន្លែង​ណា​មាន​ដុះ​ត្រឡាច វា​មាន​ដុះ​ឃ្លោក    ។
នៅ​ទី​បំផុត សុខ និយាយ​ថា ៖
– កន្លែង​ណា ឆ្កែ​វា​ធុំ​ក្លិន​ទឹក​នោម, វា​លើក​ជើង       ។

កាល​បើ​ពោល​ពាក្យ​មួយ​ឃ្លា​ម្នាក់ ដោយ​ពុំ​មាន​អត្ថន័យ​ដូច្នេះ​រួច​ហើយ បុរស​ទំពែក​ក៏​បង្កាប់​ឱ្យ​រៀប​ការ​បុរស​ស្ត្រី​ពីរ​នាក់​នោះ​ទៅ  ។  នៅ​ពេល​នោះ អ្នក​ស្រុក​និង​ចៅក្រម​ទាំង​ឡាយ ក៏​ស្ងើច​សរសើរ នូវ​គតិ​បណ្ឌិត​និង​ការ​ឈ្លាស​វៃ នៃ​ចៅ​ក្រម​ទំពែក​ជា​ច្រើន ហើយ​ក៏​បបួល​គ្នា​ជូន​វត្ថុ​ជា​រង្វាន់ ដល់​គាត់​ទាំង​អស់​គ្នា​ជា​ច្រើន ។ ឯ​ម្ដាយ​នៃ​ស្ត្រី មាន​រឿង​ក៏​ពេញ​ចិត្ត​នឹង​ការ​កាត់​សេចក្ដី​នេះ ហើយ​ក៏​ចូល​ទៅ​សំពះ​សំដែង​អំណរ​គុណ​ដល់​បុរស​ទំពែក​ទាំង ៤ ។
ប៉ុន្តែ ទោះ​បី​មាន​ល្បី​ឈ្មោះ​ដូច្នេះ ក៏​នៅ​តែ​ស្រី​ៗ ពុំ​ព្រម​ស្រឡាញ់​បុរស ទំពែក​ទៀត ។ ទើប​បុរស​ទំពែក​ទាំង​អស់​គ្នា​នឹក​ឃើញ​ដល់​ស្រី​មេម៉ាយ ដែល​ខ្លួន​បាន​កាត់​ក្ដី​ឱ្យ​ពី​ថ្ងៃ​មុន ហើយ​ឃុន​ក៏​ផ្ដើម​និយាយ​ថា ៖
គឺ​ជា​ស្រី​ដែល​មាន​ចរិយា​សមរម្យ​ណាស់  ។
គំ បន្ត​ថា  ៖

– ជា​ស្រី​មាន​ការ​អប់រំ​ប្រកប​ដោយ​បែប​បទ​ល្អ ។
សុខ បន្ថែម​ថា ៖
– ពិត​មែន​តែ​ស្គម​បន្តិច ប៉ុន្តែ​មាន​សម្រស់ ។
ស៊ឹម បញ្ចប់​ថា
– ពុំ​ដឹង​ជា​ហេតុ​អ្វី កាល​បើ​ឃើញ​គាត់​ខ្ញុំ​ចេះ​តែ​នឹក​ដល់​ម្ដាយ​ខ្ញុំ ដែល​ជា​ការ​អាច​ឱ្យ​ខ្ញុំ​ទាយ​បាន​ថា គាត់​ជា​ស្រី​ប្រសប់​ចាត់​ចែង​កិច្ច​ការ​ក្នុង​ផ្ទះ មាន​ចិត្ត​សន្ដោស ហើយ​មាន​សំដី​ទន់​ផ្អែម ចេះ​ថ្នាក់​ថ្នម​បម​បំពេ​ផង ។
បន្ទាប់​ពី​មាន​យោបល់​រៀង​ខ្លួន ដូច្នោះ​ហើយ​ទំពែក​ទាំង ៤ ក៏​សម្រេច​ចិត្ត​ថា​ត្រូវ​ទៅ​ដណ្ដឹង​ស្រី​មេម៉ាយ​នោះ​ធ្វើ​ជា​ប្រពន្ធ ។ ស្រី​មេម៉ាយ​នោះ​ឈ្មោះ​យាយ​អៀង ។ គាត់​ចាស់​ណាស់​ទៅ​ហើយ​ធ្មេញ ក៏​បាក់ សាច់​ក៏​ឡើង​ជ្រីវ​ជ្រួញ​យុរ​យារ សម្បុរ​ស្រអាប់​មើល​ទៅ​ឃើញ​ដូច​សំបក​មង្ឃុត​ស្ងួត ។
និយាយ​ពី​យាយ​អៀង​មេម៉ាយ កាល​បើ​បាន​ឮ​ដំណឹង​ដូច្នេះ គាត់​ក៏​នឹក​ក្នុង​ចិត្ត​ថា ៖
អញ​នេះ​ជា​ស្រី​ដំបូង​បង្អស់​ក្នុង​ប្រទេស​ខ្មែរ ដែល​ត្រូវ​បាន​ជួប​ការ​សប្បាយ​អស្ចារ្យ​ដូច្នេះ ។ ពី​ដើម​ អញ​ស្មាន​ថា​អញ​នេះ​ជា​មនុស្ស​ចាស់​រយាក ហើយ​អាក្រក់​ក្រៃ​លែង អស់​មាន​នរណា​មក​ស្នេហា​អញ​ហើយ​ ព្រោះ​មាន​តែ​ឆ្កែ​ទេ ដែល​នៅ​ដេញ​តាម​ព្រុស​អញ បើ​ចំណែក​ឯ​ក្មេង​អនាថា​វិញ កាល​ណា​វា​ឃើញ​អញ វា​បបួល​គ្នា​រត់​ចេញ​ឆ្ងាយ​ដោយ​វា​ស្រែក​ថា អញ​ជា​យាយ​ចាស់​កំណាច ឥឡូវ​ស្រាប់​តែ​ឮ​ដំណឹង​ទាំង ៤ នាក់​ព្រម​គ្នា​តែ​ម្ដង តើ​អញ​ត្រូវ​រើស​នរណា​អេះ ? បើ​គ្មាន​អ្នក​ណា​មួយ​ល្អ​ជាង​គេ​សោះ គឺ  ៖

– ជន​ទី​មួយ​មាន​មាឌ​ធំ ប៉ុន្តែ ស្គម​ដូច​ជា​សំបក​សណ្ដែក​ស្ងួត ” ។
– ជន​ទី​ពីរ​ធាត់ ប៉ុន្តែ​ជើង​ខ្លី​ដូច​ជា​សត្វ​ទុង  “។
– ចំណែក​ពីរ​នាក់​ទៀត មាន​រាង​សម​សួន​បន្តិច ប៉ុន្តែ​ថ្លង់ មើល​តែ​គល់​ឈើ ម្យ៉ាង​ទៀត បើ​អញ​ទទួល​យក​មួយ​ធ្វើ​ប្ដី មុខ​ជា​អ្នក​ឯ​ទៀត​ខឹង​សម្បា​នឹង​អញ​ពុំ​ខាន អញ​មិន​ចង​ធ្វើ​ឱ្យ​គេ​អាក់​អន់​ចិត្ត​នឹង​អញ​សោះ​ ដូច្នេះ អញ​ត្រូវ​ទទួល​យក​ទាំង ៤ នាក់  ” ។
ទើប​គាត់​នឹក​ទៀត​ថា ៖
មួយ​នាក់​សម្រាប់​ដង​ទឹក​ឱ្យ​អញ  មួយ​នាក់​ទៀត​សម្រាប់​ពុះ​ឧស ជន​ទី​បី​សម្រាប់​ទៅ​រក​ដំឡូង​នឹង​បន្លែ ជន​ទី​បួន​សម្រាប់​បង្កាត់​ភ្លើង​ដាំ​បាយ​ចំណែក​អញ​ៗ អង្គុយ​នៅ​ស្ងៀម ធ្វើ​ការ​តែ​បន្តិច​បន្តួច ។
ដូច្នេះ ឃុត ដែល​មាន​ជើង​វែង​ៗ យាយ​អៀង​តម្រូវ​ឱ្យ​រែក​ទឹក​ពី​ទន្លេ​មក​ដាក់​ពាង ស៊ឹម ដែល​មាន​ទំនង​ជា​អ្នក​ល្មោភ តម្រូវ​ឱ្យ​ធ្វើ​បាយ  ។  ចំណែក​ឯ គំ និង សុខ  ជា​អ្នក​មាន​ត្រចៀក​ធ្ងន់ ហើយ​ដែល​យាយ​អៀង​យល់​ថា ជា​មនុស្ស​ធ្វើ​ឱ្យ​គាត់​នឿយ​ហត់​កម្លាំង ព្រោះ​ត្រូវ​និយាយ​ខ្លាំង​ៗ ទើប​ស្ដាប់​បាន​គាត់​បាន​តម្រូវ​ឱ្យ​ទៅ​ព្រៃ​រក​ឧស​រក​វល្លិ និង​ជីក​ដំឡូង ។

ទោះ​បី​ចាត់​ការ​ដូច្នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​ឮ​មាត់​យាយ​អៀង​ស្រែក​សន្ធប់​ជេរ​ប្ដី​គាត់​ទាំង ៤ តាំង​ពី​ព្រលឹម​ទល់​ព្រលប់​គាត់​បន្ទោស​ថា ធ្វើ​ការ​ល្វើយ​ៗ ទីមទាម​ៗ ហើយ​គាត់​ដក​ដង្ហើម​ធំ​ឥត​ឈប់​ឈរ​សោះ ។ គាត់​ពោល​ថា កាល​គាត់​នៅ​ពី​ក្មេង មនុស្ស​ប្រុស​ស្រឡាញ់​គាត់​ខ្លាំង​ណាស់ ហើយ​គេ​ជា​មនុស្ស​ប៉ិន​ប្រសប់​គ្រប់​យ៉ាង ។
ដូច្នេះ តា​ចាស់​ៗ ទាំង ៤ ឥត​ស្គាល់​ពេល​សម្រាក​សោះ ។  យាយ​អៀង​តែង​រិះ​រក​រឿង​ប្រើ​បុរស​ទំពែក​ឥត​មាន​ល្ហែ ។ អាស្រ័យ​ហេតុ​ហើយ​បាន​ជា​ឃុត​ទៅ​ដង​ទឹក​នៅ​អង្គុយ​ត្រែតត្រត​ៗ  ឯ​មាត់​ទន្លេ​ចំណែក​គំ​និង​សុខ​ទៅ​នៅ​ដំអក់​ដំអែ​ក្នុង​ព្រៃ ។ អ្នក​ដែល​អភ័ព្វ​ជាង​គេ​គឺ​សឹម ព្រោះ​សឹម​នៅ​ផ្ទះ​ជានិច្ច ។ យាយ​អៀង​ស្ដី​បន្ទោស​ច្រាស​ឆ្អេះ​ឱ្យ​គាត់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់​ឥត​ឈប់​ឈរ ។ ហេតុ​នេះ ស៊ឹម​ក៏​ទៅ​ជា​មនុស្ស​គេ​មើល​លែង​ស្គាល់​ខ្លួន​ឡើង​ស្គម សាច់ ស្បែក មុខ ឡើង​ស្ងួត​ក្រៀម​ដោយ​សារ​កម្ដៅ​ភ្លើង ហើយ​ទៅ​ជា​កើត​ជំងឺ​ហឺត ដោយ​ខំ​ផ្លុំ​ភ្លើង​ឱ្យ​ឆេះ​ឥត​ឈប់​ឈរ​ភ្នែក​ឡើង ក្រហម​ដោយ​សារ​ផ្សែង​ចូល ស្ទើរ​តែ​មើល​អ្វី​ពុំ​ឃើញ ។ ទុក្ខ​ត្រួត​លើ​ទុក្ខ តែ​គូ​កន​របស់​គាត់ ក៏​កើត​សេចក្ដី​ច្រណែន​នឹង​គាត់ ព្រោះ​គាត់​នៅ​ផ្ទះ​រាល់​ថ្ងៃ​ជា​មួយ​និង​ប្រពន្ធ  ។ គូ​កន​គាត់​បាន​ព្រួត​គ្នា​ប្រឆាំង​នឹង​គាត់ ហើយ​តាម​ព្យាបាទ​គាត់​ឥត​ឈប់​ឈរ ។ កាល​ណា​ស៊ឹម​ងាក​បែរ​មុខ​ចេញ​ទៅ​ណា គូ​កន​គាត់​ក៏​លប​បង់​អំបិល​មួយ​ក្ដាប់​ធំ​ទៅ​ក្នុង​ឆ្នាំង ហើយ​បបួល​គ្នា​លួច​សើច​ព្រោះ​ដឹង​ថា ដល់​ពេល​បាយ​យាយ​អៀង​នឹង ជេរ​មនុស្ស​គ្មាន​ទោស​នេះ​ពុំ​ខាន  ។  ដោយ​អំណាច​ចិត្ត​កំហឹង​គំនិត​សុខ បបួល​គ្នា​រក​កាប់​មែក​ឈើ​នៅ​ស្រស់​ៗ ហើយ​មាន​ជ័រ​ផង​យក​មក​ឱ្យ​សឹម​ដុត​ដាំ​បាយ ។ លុះ​ដុត​ឧស​នោះ​ទៅ​ផ្សែង​ក៏​ហុយ​ពេញ​ក្នុង​ផ្ទះ យាយ​អៀង​ក៏​រត់​ចេញ​ទៅ​មាត់​ទ្វារ ហើយ​គេ​ឮ​សូរ​គាត់​ស្រែក​ជេរ​ចុងភៅ​កម្សត់​ពី​ចម្ងាយ រាប់​ពុំ​ឈ្នះ  ។

ការ​ហត់​នឿយ​និង​ការ​លំបាក​គ្រប់​យ៉ាង ហើយ​ជម្រុល​ទៅ​រក​តែ​សេចក្ដី​ស្លាប់ បាន​ធ្វើ​ឱ្យ​បុរស​ទាំង ៤ រឹត​តែ​ឆាប់​ចាស់​គ្រាំ​គ្រា​ទៅ​ទៀត គាត់​ពុំ​អាច​នៅ​ទ្រាំ​ទ្រ​នឹង​យាយ​អៀង ដូច្នេះ​ត​ទៅទៀត ។  ថ្ងៃ​មួយ​នៅ​ពេល​ដែល​យាយ​អៀង​ទៅ​ផ្សារ យក​ស្វាយ​ដែល​ខ្លួន​បេះ​បាន​ទៅ​លក់ បុរស​ទំពែក ៤ នាក់​ក៏​ប្រជុំ​ជំនុំ​គ្នា​រួច​សម្រេច​ចិត្ត​ថា នឹង​ចេញ​ពី​ទីនេះ​ទៅ​ទាំង​អស់​គ្នា ស្វែង​រក​ខ្ញុំ​កំដរ​ឱ្យ​មក​បម្រើ​ប្រពន្ធ​ខ្លួន​រៀង​ខ្លួន ។ ឃុន​ក៏​បាន​និយាយ​ថា
– យើង​ទាំង​អស់​គ្នា​កាន់​តែ​ចាស់ ហើយ​កាន់​តែ​ខ្សោយ​មួយ​ថ្ងៃ​បន្តិច​ៗ យើង​មុខ​ជា​នឹង​ស្លាប់​បង់​អសារ​ បើ​យើង​ឥត​បាន​សម្រាក​សោះ​ដូច្នេះ ។
គិត​ដូច្នោះ​ហើយ​បុរស​ថ្ពែក ៤​នាក់​ក៏​ធ្វើ​ដំណើរ​ចេញ ដោយ​ឥត​ចាំ​ឱ្យ​យាយ​អៀង​ត្រឡប់​មក​ពី​ផ្សារ​វិញ​ទាន់​ឡើយ ។ ហើយ​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ គំនិត​ចង់​បាន​ខ្ញុំ​បម្រើ​កើត​មាន​នៅ​ក្នុង​ចិត្ត​នៃ​ចៅ​ចាក់​ស្មុគ​ម្នាក់​ដែរ ។ ចៅ​ចាក់​ស្មុគ​នោះ ជា​អ្នក​ប៉ិន​ប្រសប់​ណាស់​ខាង​ធ្វើ​ស្មុគ ធ្វើ​កន្ត្រក​អំពី​ក្បាប​ត្នោត ។ ដូច្នេះ​គាត់​ក៏​ឡើង​ទៅ​លើ​ចុង​ត្នោត​មួយ​ខ្ពស់ ហើយ​នឹក​ក្នុង​ចិត្ត​ថា “អញ​មិន​ត្រូវ​ចុះ​ទៅ​ធ្វើ​ស្មុគ​នេះ​ឯ​ដី​ទេ ព្រោះ​ខ្លាច​គេ​លប​មើល ស្គាល់​ចំណេះ​អញ ដូច្នេះ​ត្រូវ​តែ​អញ​នៅ​ធ្វើ​ស្មុគ នៅ​លើ​ចុង​ត្នោត​នេះ កាល​បើ​អញ​ធ្វើ​បាន​ច្រើន​ហើយ  អញ​នឹង​ចុះ​ពី​ចុង​ត្នោត​យក​ស្មុគ​ទៅ​លក់ ហើយ​អញ​នឹង​ទិញ​មនុស្ស​បម្រើ​ម្នាក់​មក​ប្រើ ។

នៅ​ពេល​ដែល​កំពុង​ច្រៀក​ស្លឹក​ត្នោត​នោះ គាត់​ក៏​នឹក​ដូច្នេះ​ទៀត ថា​បើ​មនុស្ស​បម្រើ​នោះ​ត្រូវ​ធ្វើ​ការ​ធ្ងន់ បើ​ប្រសិន​ជា​វា​បម្រើ​អញ មិន​សូវ​គាប់​ប្រសើរ​ទេ នោះ​ប្រយ័ត្ន​ត្រូវ​និង​កែង​ជើង​អញ” ។ កំពុង​តែ​គិត​ដូច្នេះ បុរស​ក៏​លើក​ជើង​ធាក់​ហើយ​ក៏​រអិល​ខ្លួន​ធ្លាក់​ពី​ដើម​ត្នោត ប៉ុន្តែ​សំណាង​ល្អ​នៅ​នៅ​ពេល​ធ្លាក់​នោះ បុរស​មាន​ស្មារតី បាន​ចាប់​ចុង​ស្លឹក​ត្នោត​ជាប់ នៅ​យោង​តែលតោល​ៗ កណ្ដាល​វាល មើល​ទៅ​ដូច​ជា​សត្វ​ជ្រឹង ។ នៅ​ពេល​នោះ មាន​ទ្រមាក់​ដំរី​កាត់​តាម​នោះ ចៅ​ចាក់​ស្មុគ​ក្រឡេក​ទៅ​ឃើញ ក៏​ស្រែក​ហៅ​យ៉ាង​ខ្លាំង​ថា “លោក​បង​ទ្រមាក់​ដំរី ! បើ​ប្រសិន​ជា​បង​អាច​ជួយ​ដាក់​ខ្ញុំ​ពី​លើ​ចុង​ត្នោត​នេះ​បាន ខ្ញុំ​នឹង​ទៅ​បម្រើ​លោក​អស់​មួយ​ជីវិត”  ។
កាល​បើ​ឮ​ដូច្នេះ បុរស​ទ្រមាក់​ដំរី​ក៏​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ។ គាត់​ខំ​បរ​ដំរី​គាត់​យ៉ាង​លឿន​ចូល​ទៅ​ក្រោម​ដើម​ត្នោត ហើយ​បញ្ឈប់​ដំរី​នៅ​ក្រោម​នោះ រួច​គាត់​ក៏​ឡើង​ឈរ​នៅ​ខ្នង​ដំរី ខំ​ប្រឹង​ចំអើត​ចាប់​ជើង ចៅ​ចាក់​ស្មុគ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ក្រោក​ឈរ​នោះ គាត់​ខំ​ប្រឹង​ទប់​ខ្លួន​ឡើង​ញ័រ​គ្រប់​សរសៃ ហាក់​ដូច​ជា​សញ្ញា​គោះ​ជំនិះ​គាត់​ឲ្យ​ដើរ​ទៅ​មុខ​ទៀត ។ ដំរី​យល់​ដូច្នោះ ក៏​ដើរ​ទៅ​មុខ​ទៀត ចោល​ទ្រមាក់​ដែល​កំពុង​តោង​ជើង​ចៅ​ចាក់​ស្មុគ​ជាប់ ។
បុរស ២ នាក់​ក៏​នៅ​តោង​ស្លឹក​ត្នោត​នោះ​ជាប់ មើល​ទៅ​ឃើញ​ហាក់​ដូច​ជា​ផ្លែ​ឈើ​ពីរ​យ៉ាង​ធំ​វែង  ។  សត្វ​ក្អែក​ទាំង​ឡាយ​ភ្ញាក់​ផ្អើល​នឹង​ទស្សនីយភាព​យ៉ាង​ចម្លែក​នោះ ក៏​ហើរ​ក្រឡេក​ឆាប​ហើយ​ស្រែក​លាន​ឮ​ទ្រហឹង​អឹង​កង ។

ចៅ​ចាក់​ស្មុគ​ក៏​កាន់​តែ​ធ្ងន់​ខ្លួន​ខ្លាំង​ឡើង​ទៅ​ទៀត  ហើយ​ខំ​ប្រឹង​តោង​ស្លឹក​ត្នោត លុះ​ត្រា​តែ​ក្បាប​វា​មុត​ចូល​ទៅ​ក្នុង​សាច់ ស្រក់​ឈាម​មក​លើ​មុខ​បុរស​ទ្រមាក់​ដំរី ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​ខាង​ក្រោយ​នេះ​រឹត​តែ​ភ័យ​ញាប់​ញ័រ​ទៅ​ទៀត ។
យល់​ឃើញ​ថា​ខ្លួន​ពុំ​អាច​ខំ​ប្រឹង​តោង​ធាង​ត្នោត​បាន​ទៀត​ទេ ចៅ​ចាក់​ស្មុគ​ក៏​អង្វរ​ករ​ចៅ​ទ្រមាក់​ដំរី​ដូច្នេះ​ថា ចូរ​អ្នក​លែង​ជើង​ខ្ញុំ​ទៅ ខ្ញុំ​អស់​កម្លាំង​ណាស់​ហើយ ! ចូរ​លែង​ជើង​ខ្ញុំ​ទៅ​បើ​មិន​ដូច្នេះ​ទេ យើង​នឹង​ធ្លាក់​ទៅ​ស្លាប់​ទាំង​អស់​គ្នា ។
មិន​តែ​ប៉ុណ្ណោះ ចៅ​ចាក់​ស្មុគ​បាន​ស្រែក​ជេរ ហើយ​ស្ដោះ​ទឹក​មាត់​ដាក់​ក្បាល​ទ្រមាក់​ដំរី​ជា​ច្រើន​ទៀត​ផង ប៉ុន្តែ​ចៅ​ទ្រមាក់​ដំរី​ត្រឡប់​ជា​ស្រែក​អង្វរ​ករ​ទៅ​ចៅ​ចាក់​ស្មុគ​វិញ​ថា “ឱ​លោក​បង​អើយ ! សូម​លោក​កុំ​លែង​ដៃ​ឱ្យ​សោះ ។ បើ​ប្រសិន​ជា​លោក​ម្ចាស់​ទ្រាំ​តោង​លុះ​ត្រា​តែ​មាន​ជន​ណា គេ​មក​ជួយ​ដាក់​យើង​ឱ្យ​រួច​ពី​ចុង​ត្នោត នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក​វិញ​លុះ​ត្រា​តែ​ក្ស័យ​ជីវិត” ។

នៅ​ពេល​នោះ ស្រាប់​លេច​បុរស​ទំពែក​យើង ៤ នាក់​ដែល​ស្វែង​រក​ទាសៈ​សម្រាប់​បម្រើ​ប្រពន្ធ​ខ្លួន​ទៅ​ដល់ បុរស​អស់​សង្ឃឹម​ទាំង​ពីរ​នាក់ ស្រែក​ហៅ​បុរស​ទំពែក​ទាំង​ឡាយ​ឱ្យ​ចូល​មក ហើយ​និយាយ​ថា ឱ​លោក​ឪពុក​ទាំង​ឡាយ សូម​លោក​ឪពុក​ជួយ​យក​អាសា​ខ្ញុំ​ផង ខ្ញុំ​នឹង​ទៅ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក លុះ​ត្រា​អស់ ១ ជីវិត  ។
បាន​ឮ​ដូច្នោះ បុរស​ទំពែក ៤ នាក់​ក៏​ត្រេក​អរ​ជា​ខ្លាំង ទើប​ឃុត​និយាយ​ទៅ​កាន់​គូ​កន​ខ្លួន​ថា “យើង​ពុំ​ដឹង​មាន​មធ្យោបាយ​អី នឹង​រក​មនុស្ស​បម្រើ​ឱ្យ​បាន ឥឡូវ​យើង​បាន​ជួប​ពីរ​នាក់​នេះ​ហើយ ។ ចូរ​យើង​សន្ធឹង​សំពត់​ឡើង ហើយ​ម្នាក់ ៗ កាន់​មួយ​ជ្រុង ឈរ​ពី​ក្រោម​មនុស្ស​យោល​ទោង​នេះ ។ លុះ​ធ្វើ​ដូច្នេះ​ហើយ បុរស​ទំពែក ៤ នាក់​ក៏​ស្រែក​ហៅ​ឲ្យ​បុរស​ពីរ​នាក់​ទម្លាក់​ខ្លួន​ចុះ​មក  ។  ប៉ុន្តែ​បុរស​ខាង​ក្រោយ​នេះ ពុំ​ទាន់​ដាច់​ចិត្ត​ហ៊ាន​ទម្លាក់​ខ្លួន​មក ហើយ​ស្រែក​ប្រាប់​មក​ចៅ​ទំពែក​ដូច្នោះ​ថា ” ឱ​លោក​ឪពុក​ក្មេក ! តើ​លោក​ឪពុក​មាន​កម្លាំង​គ្រប់​គ្រាន់​ទេ ? លោក​ឪពុក​សន្ធឹង​សំពត់​ស្រួល​ហើយ​ឬ.? ….ប្រាកដ​ហើយ​ឬ ? ”
ដើម្បី​ជា​ការ​ប្រយ័ត្ន​ទៅ​ទៀត តា​ទំពែក ៤ នាក់​ក៏​យក​ជ្រុង​សំពត់​ចង​ជាប់​ទៅ​នឹង​ក​រៀង​ៗ​ខ្លួន រួច​ខំ​ប្រឹង​ទប់​ខ្លួន​ទាញ​សំពត់​យ៉ាង​អស់​ទំហឹង រួច​ស្រែក​ទៅ​កាន់​បុរស​តែង​តោង​ពីរ​នាក់​នោះ​ថា “ម្ដង​នេះ​តា​ធ្វើ​ស្រួល​បួល​ហើយ ចូរ​ចៅ​ទម្លាក់​ខ្លួន​មក​ចុះ !

ចៅ​ចាក់​ស្មុគ​និង​ចៅ​ទ្រមាក់​ដំរី ក៏​ទម្លាក់​ខ្លួន​មក​ចំ​កណ្ដាល​សំពត់ ប៉ុន្តែ​អនិច្ចា​អើយ ទម្ងន់​មនុស្ស​ពីរ​នាក់​នោះ បាន​កន្ទ្រាក់​ទាញ​ក្បាល​ទំពែក ៤​នាក់​ឱ្យ​មក​ទង្គិច​គ្នា​លាន់​សូរ​តែ​ផូស       ។
សេចក្ដី​ហេតុ​នេះ ឃុត គំ ស៊ឹម និងសុខ  ក៏​ក្ស័យ​ជីវិត​នៅ​ពេល​ជា​មួយ​គ្នា​នោះ​អស់​ទៅ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៤ ទំព័រ ១២៣ – ១៤០


  1. ដក​ស្រង់​ពី​សាស្ត្រា​ស្លឹក​រឹត​លេខ ៦១៣ និង ៦៤៧ នៅ​បណ្ណាល័យ​ពុទ្ធ​សាសន​បណ្ឌិត្យ​ជា​ពាក្យ​កាព្យ ។ រៀប​រៀង​ជា​ពាក្យ​រាយ​ដោយ​លោក សក់ ខាត់ ដែល​មាន​ចុះ​ផ្សាយ​ក្នុង​សៀវភៅ​ប្រក្រតិទិន​កម្ពុជា លេខ ម / ១៤៨ ខ បោះ​ពុម្ព​ផ្សាយ​ដោយ សមាគម សុធារស​ពី​ឆ្នាំ ១៩៤៦ ទំព័រ ១៥៩ ។ មាន​តម្កល់​នៅ​បណ្ណាល័យ​ពុទ្ធសាសនបណ្ឌិត្យ