រឿង​បុរស ៤ នាក់ រៀន​សិល្បសាស្ត្រ

-ម្នាក់​រៀន​ទាយ;
-ម្នាក់​រៀន​បាញ់;
-ម្នាក់​រៀន​មុជ​ទឹក;
-ម្នាក់​រៀន​ជប ។

មាន​និទាន​មួយ​ថា : មាន​បុរស ៤ នាក់​ទៅ​ស្វែង​រៀន​សិល្បសាស្ត្រ អំពី​ព្រាហ្មណ៍​ម្នាក់​ជា​ទិសាបាមោក្ខាចារ្យ នៅ​តក្កសិលា​មហានគរ ។ បណ្ដា​បុរស​ទាំង ៤ នាក់​នោះ, បុរស​ម្នាក់​រៀន​ទាយ បុរស​ម្នាក់​រៀន​បាញ់ បុរស​ម្នាក់​រៀន​មុជ​ទឹក បុរស​ម្នាក់​ទៀត​រៀន​ជប​ឲ្យ​រស់​ឡើង​វិញ ។ អ្នក​ទាំង ៤ នាក់ សឹង​រៀន​ទីទៃ ៗ ពី​គ្នា លុះ​រៀន​ចប់​ហើយ ក្រាប​លា​ទិសាបាមោក្ខាចារ្យ ជា​គ្រូ​ទៅ​ស្រុក​វិញ លុះ​ចេញ​ដើរ​ទៅ ដល់​ពេល​ល្ងាច ឈប់​សម្រាក​ដេក​នៅ​ឆ្នេរ​សមុទ្រ ។ ព្រឹក​ឡើង​បុរស​ចេះ​ហោរ​និយាយ​នឹង​បុរស​ទាំង ៣ នាក់​ថា អ្នក​អើយ ! ពេល​នេះ​យើង​នឹង​មាន​លាភ​ដោយ​សត្វ​ឥន្ទ្រី​ពាំនាំ​កូន​ស្ដេច​មួយ​ព្រះអង្គ អំពី​ពារាណសី​មហានគរ ហើរ​មក​ទៀប​លំនៅ​យើង​នេះ​ឯង ។ បុរស​ទាំង ៤ នាក់​គិត​គ្នា​ហើយ ក៏​ឃ្លាំ​ចាំ​មើល​ដោយ​ទិស​ទីទៃ ៗ ។ ឰដ៏​កាល​នោះ ពុំ​យូរ​ឡើយ​សត្វ​ឥន្ទ្រី​ក៏​នាំ​នាង​ហើរ​មក ទៀង​ប្រាកដ​ឆុត​ដូច​ហោរ​ទាយ​នោះ​មែន, បុរស​ចេះ​បាញ់​ក៏​ដំឡើង​ធ្នូ​បាញ់​ត្រូវ​សត្វ​ឥន្ទ្រី​នោះ ធ្លាក់​នាង​អំពី​មាត់ ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ, អ្នក​ចេះ​មុជ​ទឹក ក៏​មុជ​ចុះ​ទៅ​ស្រង់​យក​នាង​ឡើង​មក​បាន​ដូច​បំណង, ឯ​អ្នក​ចេះ​ជប បាន​ជប​នាង​នោះ​ឲ្យ​រស់​ឡើង​វិញ ។ កាល​នាង​មាន​ជំរិត​រស់​ឡើង​វិញ​ហើយ អស់​អ្នក​ទាំង ៤ នាក់​នោះ ដណ្ដើម​គ្នា​ចង់​យក​នាង​ជា​ភរិយា​តែ​រៀង​ខ្លួន ។ អស់​អ្នក​ទាំង ៤ នោះ ឈ្លោះ​ប្រកែក​គ្នា​ពុំ​ដាច់​ស្រេច ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ដោយ​ដំណើរ​ខ្លួន​ទីទៃ ៗ ហើយ​សួរ​ចៅ​ក្រម​ថា “នាង​នេះ​តើ​បាន​ជា​ប្រពន្ធ​នរណា ? ” ។

ចៅ​ក្រម​ជំនុំ​ពិចារណា​រឿង​នេះ​ពុំ​បាន ក៏​នាំ​អ្នក​ទាំង ៤ ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​មហា​ក្សត្រ​ដោយ​ដំណើរ​សព្វ​គ្រប់​ប្រការ ។ ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេង​យល់​ក្នុង​ព្រះរាជ​ហឫទ័យ​ថា ព្រះស្ដែង​ទាំង ៤ នេះ សឹង​មាន​គុណ​ប្រសើរ​ដូច ៗ គ្នា ហើយ​ទ្រង់​ត្រាស់​បង្គាប់​ថា “ បុរស​ចេះ​ហោរ​ត្រូវ​ទុក​ជា​គ្រូ, បុរស​ចេះ​បាញ់​ទុក​ជា​ឪពុក, បុរស​ចេះ​ប្រោះ​ឲ្យ​រស់​ត្រូវ​ទុក​ជា​ម្ដាយ, បុរស​ចេះ​មុជ​ទឹក​ដែល​គេ​បាន​ស្ទាប​បាន​កាន់​អស់​អង្គ​នាង​បាន​បីបម​ថ្នម​ទ្រ យក​នាង​ឡើង​មក​អំពី​ទឹក ត្រូវ​បាន​នាង​ជា​ប្រពន្ធ ” ។
លុះ​ចំណេរ​ទៅ​មុខ បុរស​ជា​ប្ដី​បាន​ជា​ស្ដេច​ក៏​ចិញ្ចឹម​រក្សា​អ្នក​ទាំង​បី​ដោយ​នូវ​គន្លង​ព្រះ​មហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​នោះ ។
ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​សុគតិគមនំ ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៥ – ៧