រឿង​ភ្នំ​សន្ទុក

ចាស់​ៗ ដំណាល​តៗ គ្នា​មក​ថា : កាល​ពី​ព្រេង​នាយ​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ សព្វ​ថ្ងៃ​នេះ មាន​ស្ដេច​មួយ​អង្គ ទ្រង់​មាន​ព្រះ​អគ្គមហេសី ព្រះ​រាជបុត្រ ស្រី​ស្នំ​ក្រមការ សេនា​ទាហាន និង​នាហ្មឺន​សព្វ​មុខ​មន្ត្រី ជា​ច្រើន ស្ដេច​ទ្រង់​មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​ឆ្ការ​ព្រៃ​មួយ​កន្លែង សង់​ប្រាសាទ ព្រះរាជ​វាំង និង​គុក ភូមិ​ប្រាសាទ រហូត​មក​ដល់​សព្វ​ថ្ងៃ ។[1]

លុះ​សង់​បាន​ប្រាសាទ​នោះ​ហើយ ព្រះ​រាជា​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ឆ្ការ​ព្រៃ​មួយ​កន្លែង​ទៀត ឆៀង​ខាង​ជើង​ខាង​លិច​ប្រាសាទ​នោះ ធ្វើ​ទី​សម្រាប់​ស្រី​ស្នំ មាន​កំពែង​ជុំ​វិញ ទីនោះ ជាប់​មាន​ឈ្មោះ​ថា ភូមិ​វាំង រហូត​មក​ដល់​សព្វ​ថ្ងៃ ។
លុះ​ធ្វើ​ព្រះ​រាជ​វាំង​ហើយ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​កាប់​ឆ្ការ​ព្រៃ​មួយ​កន្លែង​ទៀត នៅ​ខាង​លិច​ប្រាសាទ សង់​ឃ្លាំង​សម្រាប់​ដាក់​ព្រះ​រាជ​ទ្រព្យ សឹង​មាន​គល់​សសរ​កប់​ក្នុង​ដី​ដល់​សព្វ​ថ្ងៃ​នេះ ជា​ភស្តុតាង​ស្រាប់ ទីនោះ ជាប់​មាន​ឈ្មោះ​ថា ភូមិ​សង់​ឃ្លាំង តែ​ក្រោយ​ពី​នោះ យូរ​មក​គេ​ហៅ​ថា ភូមិ​តាំង​ក្រសាំង វិញ ដែល​សព្វ​ថ្ងៃ​រាជការ​តាំង​សាលា​ស្រុក​សន្ទុក​នៅ​ទី​នោះ ។

តាម​រឿង​នោះ​មាន​ដំណាល​ថា : កាល​នោះ ព្រះ​រាជា​បាន​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​កន្លែង​មួយ​ទៀត នៅ​ខាង​លិច​ឆៀង​ខាង​ត្បូង ភូមិ​តាំង​ក្រសាំង សម្រាប់​ជា​លំនៅ​ពួក​អ្នកងារ ចាំ​បក់​ថ្វាយ​ស្ដេច ទីនោះ​ជាប់​មាន​ឈ្មោះ​ថា ភូមិ​ចាំ​បក់ ដល់​សព្វ​ថ្ងៃ​នេះ ។
នៅ​ខាង​លិច ឆៀង​ខាង​ត្បូង​ភូមិ​ចាំ​បក់​នោះ​មាន​បឹង​មួយ​ធំ ជាទី​ដែល​ព្រះ​រាជា​តែង​នាំ​ព្រះ​អគ្គ​មហេសី និង​ព្រះ​រាជ​បុត្រ ព្រះ​ស្នំ ព្រម​ទាំង​រេហ៍ពល ទៅ​ក្រសាល​សប្បាយ​ដោយ​ការ​ចាប់​ត្រី រើស​ខ្យង ដក​ព្រលិត បេះ​ត្រកួន ជា​ក្រយា​ស្ងោយ ។ ថ្ងៃ​មួយ​ព្រះ​រាជបុត្រី​ដែល​ទ្រង់​យាង​ទៅ​ក្រសាល​ទី​នោះ មិន​ស្រួល​ព្រះ​ទ័យ ទ្រង់​ព្រះ​កន្សែង​ពួក​ស្រី​ស្នំ​ក៏​ច្រៀង​បំពេ​បី​បម​ថ្នម​ថ្នាក់​បោស​អង្អែល ទី​នោះ​ជាប់​មាន​ឈ្មោះ​ថា បឹង​បំពេ និង បឹង​ខ្យង ដល់​មក​សព្វ​ថ្ងៃ​នេះ ។ នៅ​ខាង​ជើង​បឹង​បំពេ​នោះ មាន​ភ្នំ​មួយ ហៅ ភ្នំ​ធំ ស្រះ​ខ្ចៅ ភ្នំ​ពេន​ជុំ ។ ភ្នំ​ទាំង​នេះ​ជាប់​គ្នា ជា​ទី​ដែល​ព្រះ​រាជា​តែង​ទ្រង់​នាំ​ព្រះ​អគ្គមហេសី​ឡើង​ទៅ​ក្រសាល​បេះ​ផ្លែ​ឈើ មាន​ផ្លែ​ស្រគំ ភ្នំ​ភ្នែង ព្រីង ព្រូស ព្និល ព្នៅ បង្គៅ សិរ​មាន់ ជើង​ចាប និង​ផ្លែ​ឈើ​ឯ​ទៀត​ៗ​ជា​ច្រើន ដោយ​សេចក្ដី​សប្បាយ ។

ថ្ងៃ​មួយ ព្រះ​រាជា​ទ្រង់​នាំ​ព្រះ​រាជ​អគ្គមហេសី ព្រម​ទាំង​ព្រះ​រាជ​បុត្រ​ទៅ​ក្រសាល​លើ​ភ្នំ​នោះ ព្រះ​រាជ​បុត្រ​ទ្រង់​ប្រឈួន​ជា​ខ្លាំង ព្រះ​អង្គ​គង់​នៅ​លើ​ភ្នំ​នោះ​ពុំ​បាន ទ្រង់​ចាត់​ឲ្យ​ឆ្ការ​ព្រៃ​មួយ​អន្លើ ធ្វើ​ព្រះ​ពន្លា​នៅ​ជើង​ភ្នំ ហើយ​ក៏​នាំ​បណ្ដោះ​ព្រះ​អគ្គ​មហេសី ព្រះ​រាជ​បុត្រ និង​ស្រី​ស្នំ ព្រម​ទាំង​រេហ៍ពល​ចុះ​ពី​លើ​ភ្នំ​នោះ តាម​ផ្លូវ​ជ្រុង​ខាង​លិច មក​សំចត​ឈប់​​សម្រាក​នៅ​ក្នុង​ព្រៃ​មួយ ទីនោះ​ជាប់​មាន​ឈ្មោះ​ថា ភូមិ​បណ្ដោះ ត​មក តែ​សព្វ​ថ្ងៃ​ហៅ​ថា​ៗ មក​ថា ភូមិ​ក្រកោះ វិញ ។ បន្ទាប់​មក ព្រះ​រាជា​ទ្រង់​នាំ​ព្រះ​រាជ​បុត្រ មក​គង់​នៅ​ព្រះ​ពន្លា ដែល​ធ្វើ​នៅ​ជើង​ភ្នំ​នោះ បាន​ទ្រង់​រក​ពេទ្យ​ហ្ម មក​ព្យាបាល​ព្រះ​រោគ​ព្រះ​រាជ​បុត្រ មិន​មាន​ធ្វេស​ប្រហែស​សោះ ប៉ុន្តែ​ទោះ​បី​មាន​ឱសថ និង​ពេទ្យ​ហ្ម​យ៉ាង​ពូកែ​ព្យាបាល​យ៉ាង​ណា​ក៏​ព្រះ​រោគ​ព្រះរាជ​បុត្រ​នោះ នៅ​តែ​មិន​បាន​ស្រាក​ស្រាន្ត​ឡើយ រឹត​តែ​ប្រឈួន​ថែម​ខ្លាំង​ឡើង​ៗ ដរាប​ដល់​អស់​ព្រះជន្ម​នៅ​ទី​នោះ ។ ព្រះ​រាជា​និង​ព្រះ​រាជ​អគ្គ​មហេសី ទ្រង់​ព្រះ​កន្សែង ស្រី​ស្នំ​និង​ពួក​ពល​ទាំង​អស់ យំ​សោក​គ្រប់​គ្នា ។ ព្រះរាជា​ទ្រង់​ចាត់​ចែង​ធ្វើ​ឈាបនកិច្ច​ជា​ឱឡារិក​នៅ​ទី​នោះ ។

ទី​ជើង​ភ្នំ​ដែល​ព្រះ​រាជា​ធ្វើ​ព្រះ​ពន្លា​ថែ​រក្សា​ព្រះ​រោគ​ព្រះ​រាជបុត្រ លុះ​ដល់​អស់​ព្រះ​ជន្ម​ជា​អាសន្ន​នោះ ជាប់​មាន​ឈ្មោះ​ថា  ភ្នំ​អាសន្ន​មាន​ទុក្ខ ត​មក​គេ​ហៅ​យារ​ៗ មក​ថា ភ្នំ​សន្ទុក និង ភូមិ​សន្ទុក វិញ មក​ដល់​សព្វ​ថ្ងៃ ។ ក្រោយ​ពេល​ដែល​ព្រះ​រាជា​​និង​ព្រះ​អគ្គ​មហេសី ទ្រង់​មាន​ទុក្ខ​ជា​ទម្ងន់ ទ្រង់​ចេញ​ព្រះ​រាជ​ដំណើរ​ចាក​ទី​នោះ ទៅ​ឈប់​សុំ​ចត​នៅ​មាត់​ស្ទឹង​សែន ដើម្បី​លំហើយ​ព្រះរាជ​ហឫទ័យ​រំដោះ​ទុក្ខ តែ​មិន​ដូច្នោះ បែរ​ជា​រឹត​តែ​កើត​ទុក្ខ​ផ្ទួន​ឡើង ។ គ្រា​នោះ សាមណេរ​មួយ​អង្គ បាន​និមន្ត​ទៅ​ជួប​នឹង​ព្រះ​រាជា​នៅ​ទី​នោះ ។ លោក​បាន​ឃើញ​ព្រះរាជា និង​ព្រះ​អគ្គមហេសី​សោយ​ទុក្ខ​ជា​ទម្ងន់​ដូច្នោះ បាន​ថ្វាយ​ព្រះ​ពរ​សួរ ព្រះ​រាជា​ក៏​ទ្រង់​ថ្លែង​សេចក្ដី​ទុក្ខ អំពី​ព្រះ​រាជ​បុត្រ​ដែល​រំលត់​ខន្ធ​ទៅ​នោះ ។ ទោះ​បី​សាមណេរ បាន​អធិប្បាយ​ពន្យល់​ធម៌​អាថ៌​ល្អិត​ល្អន់​យ៉ាង​ណា ក៏​ព្រះ​រាជា និង​អគ្គមហេសី នៅ​តែ​មិន​បាត់​សេចក្ដី​វិយោគ​សោក​ស្ដាយ​ឡើយ ។ សាមណេរ​ជ្រាប​រឿង​នោះ ក៏​ថ្វាយ​ព្រះ​ពរ​ថា ” បើ​ព្រះ​អង្គ​ចង់​ឃើញ​ព្រះ​រូប​ព្រះ​រាជបុត្រ​របស់​ព្រះ​អង្គ សូម​ទ្រង់​ឲ្យ​ជាង​យក​ម្សៅ ឬ​ដី​មក​សូន ធ្វើ​ជា​ព្រះ​រូប​ព្រះ​រាជ​បុត្រ​ទុក គ្រាន់​ទត​លំហែ​ព្រះទ័យ​រំដោះ​ទុក្ខ ” ។

ព្រះ​រាជា​បាន​ឮ​ព្រះ​ពុទ្ធដីកា លោក​សាមណេរ​នោះ​ហើយ ក៏​មាន​ព្រះរាជ​ហឫទ័យ​ត្រេក​អរ ទ្រង់​ចាត់​ឲ្យ​ជាង​ធ្វើ​សំណាក​ព្រះ​រូប​ព្រះ​រាជ​បុត្រ​ទុក​នៅ​ទី​ព្រៃ​មួយ លុះ​ធ្វើ​ព្រះ​រូប​ព្រះរាជ​បុត្រ​រួច​ហើយ ព្រះ​រាជា​ទ្រង់​ទត ទ្រង់​សព្វ​ព្រះរាជ​ហឫទ័យ ក៏​ទ្រង់​បាន​ស្រាកស្រាន្ត​ទុក្ខសោក​នោះ ដោយ​សារ​បាន​ទត​សំណាក​ព្រះ​រូប​ព្រះ​រាជ​បុត្រ​ជា​តំណាង ។ កន្លែង​ដែល​ធ្វើ​ព្រះ​រូប​ព្រះរាជ​បុត្រ​នោះ ជាប់​ឈ្មោះ​ថា ភូមិ​សំណាក មកដល់​សព្វ​ថ្ងៃ ។ ក្រោយ​មក​ព្រះ​រាជា​ទ្រង់​បាន​នាំ​ព្រះ​រាជ​អគ្គមហេសី នឹង​ព្រះ​ស្នំ ព្រម​ទាំង​ពួក​ពល ទៅ​ក្រសាល​នៅ​ទី​មួយ​ខាង​ជើង​ទី​តម្កល់​ព្រះ​រូប​សំណាក​នោះ ទ្រង់​បាន​ទត​ឃើញ​ឆ្អឹង​ក្បាល​ក្រពើ​ធំ​មួយ ដែល​ស្លាប់​យូរ​ហើយ​នៅ​ទី​នោះ ។ ទី​ដែល​ព្រះ​រាជា​ទ្រង់​ទត​ឃើញ​ក្បាល​ក្រពើ​នោះ​ជាប់​ឈ្មោះ​ថា ភូមិ​ត្បូង​ក្រពើ ដរាប​មក​ដល់​សព្វ​ថ្ងៃ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៥ ទំព័រ ១៧៣ – ១៧៧


  1. ស្រង់​ពី​ឯកសារ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​លេខ ២៧.០០៨ រៀប​រៀង​ដោយ​លោក តន់​-​ជូរ អាចារ្យ វត្ត​ពិធី​ស្រះ​ស្រង់ ឃុំ​បឹង​ល្វា តំបន់​បឹង​ល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ