61 រឿង​មហាសេដ្ឋី​មាន​កូន ៣ នាក់​ឈ្លោះ​ដណ្ដើម​មត៌ក​គ្នា​

មាន​និទាន​មួយ​ថា : មាន​មហាសេដ្ឋី​ម្នាក់ មាន​កូន​ប្រុស ៣ នាក់ កូន​ច្បង​និង​កូន​បន្ទាប់ ២ នាក់ មាន​ប្រពន្ធ​ហើយ ចេញ​ទៅ​ធ្វើ​ផ្ទះ​នៅ​ដោយ​ខ្លួន​ពី​គ្នា ឆ្ងាយ​ពី​ផ្ទះ​ឪពុក, ចំណែក​កូន​ពៅ​នៅ​ផ្ទះ​ជាមួយ​ឪពុក​ជាប់​រហូត​មក ។ លុះ​ឪពុក​មាន​ជំងឺ​ឈឺ​ធ្ងន់​កូន​ពៅ​ដែល​នៅ​ផ្ទះ​ជាមួយ តែង​ថែទាំ​ចាំ​ជំងឺ​បម្រើ​ឪពុក​រាល់​ថ្ងៃ​រហូត​ដល់​ឪពុក​ក្ស័យ​ជីវិត ។ ឯ​កូន​បង​ពីរ​នាក់ មិន​បាន​នៅ​ថែ​រក្សា​ជំងឺ​ឪពុក​ទេ ប៉ុន្តែ​លុះ​ឪពុក​ក្ស័យ​ផុត​ទៅ​ហើយ ទើប​បាន​មក​ជួយ​ធ្វើ​បុណ្យ​ខ្មោច​ឪពុក ។
កូន​ទាំង ៣ នាក់​ឈ្លោះ​ប្រកែក​ជជែក​គ្នា​ដណ្ដើម​កេរ្តិ៍​មត៌ក​ឪពុក និយាយ​មិន​ដាច់​ស្រេច នាំ​គ្នា​ទៅ​ប្ដឹង​ចៅក្រម​ៗ កាត់​សេចក្ដី​ពុំ​បាន ក៏​នាំ​បុរស​ទាំង​នោះ​ឡើង​ក្រាប​បង្គំ​ទូល ព្រះ​មហា​ក្សត្រ​តាម​ដំណើរ​គ្រប់​ប្រការ ។ ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ជ្រាប​ហើយ​ទ្រង់​កាត់​សេចក្ដី​ថា “ព្រះស្ដែង​ជា​ច្បង​ទាំង ២ នាក់​ដែល​មាន​ប្រពន្ធ​ហើយ ចេញ​ទៅ​សង់​ផ្ទះ​នៅ​ដោយ​ខ្លួន​ឆ្ងាយ​ពី​ឪពុក​នោះ​ត្រូវ​បាន ១ ភាគ​ម្នាក់​ស្មើ​គ្នា, ឯ​ប្អូន​ពៅ​ដែល​នៅ​ផ្ទះ​ជាមួយ​ឪពុក ហើយ​បាន​ថែ​រក្សា​ជំងឺ​ឪពុក​នោះ ត្រូវ​បាន ២ ភាគ” ។ កូន​មហាសេដ្ឋី​ទាំង ៣ នាក់​សុខចិត្ត​ព្រមព្រៀង​ទទួល​តាម​ព្រះ​បន្ទូល​នោះ​ហើយ ថ្វាយ​បង្គំ​លា​ទៅ​យក​ទ្រព្យ​កេរ្តិ៍​មត៌ក​តាម​ចំណែក​គ្រប់​គ្នា ហើយ​នៅ​ទីលំនៅ​នៃ​ខ្លួន​ទីទៃ ៗ ។

ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​យ៉ាង​នេះ ហៅ​សុគតិគមនំ​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ២៣ – ២៤