រឿង​មា​យើង

អញ​ខ្ញុំ​ក្រួញ​ក្រប  សិរសា​ស្រប៉ាប  លុត​លើក​ហត្ថា ទសង្គុលី អភិវន្ទា នៃ​ព្រះ​ពុទ្ធ​ជា ឥ​សូរ​ភព​ត្រី ។ ព្រះ​អង្គ​ឧត្ដម លើស​លើ​ឥន្ទ​ព្រហ្ម មូល​មក​ភក្ដី ប្រកប​ប្រ​ការ សម្ភារ​រឹទ្ធី បរិបូណ៌​បារមី ពិសេស​ថ្កើង​ថ្កាន ។ បង្គំ​ព្រះ​ធម៌ ពិសេស​មាន​អាថ៌ ជ្រៅ​ពន់​ប្រមាណ ស្មោះ​ស្មើ​ភេត្រា ថ្លៃថ្លា​មែន​មាន បវរ​ទិព្វញ្ញាណ ផ្ទឹម​ផ្ទុក​សព្វ​​សត្វ ។ បង្គំ​ព្រះ​ប្រសើរ ឧត្តុង្គ​ឧត្ដម​ពេក​ក្ដាន់ អាច​​នាំ​សត្វ​​ឆ្លង រំលង​វាល​វដ្ដ ដល់​ឋាន​អម័ត1 បូរី​នាយ​ណាយ ។ ទើប​ខ្ញុំ​បង្គំ​ទិព្វ​ទេព ឧត្ដម សោឡស​សួគ៌ា សូម​សុខ​សួស្ដី សិរី​ទី​ឃា យុ​យឺត​សុខ​សា- ប្បាយ​បរិបូណ៌​បុណ្យ ។[1] [2] [3]

ស្រេច​ខ្ញុំ​​នឹង​ថ្លែង ដំណើរ​ដំណែង ដំណាល​ពី​មុន មាន​ក្សត្រ​មួយ​ថ្លៃ ប្រពៃ​លើស​លន់ គ្រប់​គ្រង​ មហា​ជន ក្រុង​ពារ​ណ​សី ។ ព្រះ​នាម​ព្រះ​បាទ ព្រហ្មទត្ត​នរនាថ លើស​លើ​លោកិយ ប្រ​កប​ជាយា អាឃិ​អគ្គមហេសី កប​កល្យាណី រូប​រត្ន​សោភា ។ ព្រះ​ស្នំ​សាវជៃ ពិសេស​ច្រើន​ក្រៃ សម្រាប់​ក្សត្រ​គាល់​សព្វ​ថ្ងៃ ក្រាស់​ក្រៃ​គណនា ប្រដូច​តារា ករ​រៀប​រៀង​រាយ ។ មន្ត្រី​យោធា ស្រមណ៍​ព្រាហ្មណ៍​គណា -ចារ្យ​ចេះ​ប្រាជ្ញ​ប្រាយ សម្រាប់​មហាក្សត្រ ព្រហ្មទត្ត​រឹទ្ធី​សាយ ពល​ពាល​ទាំង​ឡាយ  អនេក​សំខេយ្យា2  ។ ស្ដេច​សោយ​រាជ្យ​ស្កល់  ឥត​កោលាហល រដ្ឋ​រាស្ត្រ​ប្រជា ទ្រង់​ទសពិធ​រាជ អង់​អាច​អាសា អាសូរ​ករុណា ចិញ្ចឹម​រៀប​រង ។ ក្សត្រ​ក្សាន្ត​សោយ​រាជ្យ ថ្កើង​ព្រះ​អំណាច ឥត​បី​ផ្ទឹម​ផង ស្ដេច​ផ្ចាញ់​ស​ត្រូវ អាស្រូវ​យង់​ឃ្នង ពុំ​អាច​ប្រឡង សុខ​សល់​លើស​លន់ ។ កាល​នោះ​មាន​មា- ណព​នៅ​ភារា ក្សត្រ​ថ្លៃ​មាន​បុណ្យ ជា​អ្នក​ទុគ៌ត ក្សិណ​ខ្សត់​ទ្រព្យ​ធន តែ​ប្ដី​ប្រពន្ធ និត្យ​នៅ​សព្វ​ថ្ងៃ  ភរិយា​នោះ​ណា មាន​រូប​សោភា សក្ដិ​សម​ល្មមល្មៃ តែ​ចិត្ត​នោះ​មិញ កំណាញ់​ពេក​ក្រៃ ព្រៀងលាន​ទី​ឯ​ទៃ គេ​ពុំ​​ចូល​ចិត្ត ។ មានកាល​មួយ​ថ្ងៃ ចៅ​មាណព​នៃ ទៅ​រក​ជញ្ជាត់ នឹង​ភរិយា​ប្រាណ ដោយ​ដាន​កម្សត់ ពិបាក​ពេក​ក្ដាត់ ទុគ៌ត​ក្រ​ក្រៃ ។ កញ្ជើ​សោត​ធ្លុះ ដាច​ដាច់​រលុះ ដោយ​មុំ​នោះ​នៃ រី​ឯ​ភរិយា ឥត​អធ្យាស្រ័យ ពុំ​គន់​រំពៃ ថែទាំ​ឡើយ​ហោង ។ ប្ដី​តែង​ជញ្ជាត់ ដាក់​ទៅ​ជ្រុះ​បាត់ តាម​មុំ​នោះ​ផង ឥត​សព្វ​ឥត​សារ ឥតការ​ជា​ម្ដង ហេតុ​ឥត​ចិត្ត​ចង រំ​ពង​នាំ​ពា  ។  ជញ្ជាត់​រៀង​ទៅ ដួច​ដល់​សំ​ពៅ ធារ​ធំ​មហិមា រី​នាយ​សំ​ពៅ និត្យ​នៅ​ភរិយា មើល​ពី​ភេត្រា យល់​កញ្ជើ​ធ្លុះ ។

នាង​នាយ​ភេត្រា ស្រដី​ទៅ​ថា នាង​ជញ្ជាត់​នោះ ម្ដេច​មុំ​គិត​ធ្វើ កញ្ជើ​នាង​ធ្លុះ យក​អី​ចុក​​ចុះ សោះ​វា​លិច​បាន ។ ក្សិណ​នាយ​​សំ​ពៅ ក្រោធ​ក្រៃ​ថា​ទៅ នឹង​ភរិយា​ប្រាណ បើ​ចេះ​ដូច្នោះ មឹង​ចុះ​ទៅ​ថ្កាន កាន់​កញ្ជើ​បាន ជា​ប្រពន្ធ​វា ។ អញ​នឹង​ប្ដូរ​យក ប្រពន្ធ​វា​មក នៅ​លើ​ភេត្រា  ជា​ប្រពន្ធ​អញ វឹង​វិញ​ហោង​ណា  ត្បិត​ចៅ​ជាង​វា បង្គាប់​ធួន​ថែ ។ នាង​ស្ដាប់​ប្ដី​ថា នឹង​ដូរ​ភរិយា ឯង​ឱ្យ​ទៅ​គេ ដោយ​ពាក្យ​ពុំ​ស្រួល ពុំ​គួរ​បើ​ជេរ ខ្លួន​គ្មាន​ទោស​ទេ ម្ដេច​ចង​ទោសា ។ ទើប​នាង​ឆ្លើយ​ទៅ  កាន់​នាយ​សំ​ពៅ  ជា​ប្ដី​អា​ត្មា ពាក្យ​ខ្ញុំ​ទ្រ​គោះ លើស​លស់​ត្រង់​ណា ក៏​ដល់​អ្នក​ជា ប្ដី​ពុំ​ចូល​ចិត្ត ។ និង​យក​ខ្ញុំ​ទៅ ដូរ​មាណព​នៅ  កាន់​ឈ្នាង​ជញ្ជាត់ បើ​អ្នក​ដូរ​នៅ  ខ្ញុំ​ទៅ​នឹង​គាត់ ខ្ញុំ​សោត​គ្មាន​មាត់ ប្រកែក​ថា​អ្វី  ។ ទើប​នាយ​សំពៅ ស្រេច​ស្រែក​ហៅ​ទៅ  បុរស​នោះ​ខ្មី  ថា​ចៅ​ហ៊ាន​ដូរ ប្រពន្ធ​ឬ​អ្វី មក​អាយ​ស្រ​ដី ឱ្យ​ជាក់​នឹង​គ្នា ។ មាណព​ជញ្ជាត់ ឮ​នាយ​នោះ​គាត់ ស្ដី​ដូរ​ភរិយា ខ្លាច​ខ្លួន​ពុំ​ហ៊ាន ទៅ​ថ្កាន​ភេត្រា នាយ​នោះ​រែង​ជា ហៅ​ខ្ជាន់​ៗ​ទៅ ។ ទើប​មាណព​នោះ ទន្ទប​ចូល​ស្មោះ ឡើង​លើ​សំ​ពៅ ទាំង​ប្ដី​ប្រពន្ធ អង្គុយ​និត្យ​នៅ  ទៀប​នាយ​សំពៅ​ស្រដី​ទៀង​ថា  ។ ចៅ​អើយ​កុំ​យូរ មក​យើង​នឹង​ប្ដូរ  ប្រពន្ធ​ផង​គ្នា អញ​ទៅ​ចៅ​ណា ចៅ​ឱ្យ​ភរិយា ចៅ​មក​អញ​ហោង ។

មាណព​កម្សត់ ស្ដាប់​យល់​ទាស់​បទ ពុំ​ហ៊ាន​សា​សង នាយ​នោះ​រែង​រួន ផ្ទួន​ៗ​ច្រើន​ដង ថា​ហើយ​ថា​ផង ជា​ច្រើន​ភាសា ។  ទើប​មាណព​នោះ ថា​តាម​ចំពោះ ចិត្ត​អ្នក​ហោង​ណា៎ ខ្ញុំ​ជា​អ្នក​ហោច ត្រមោច​កំព្រា ឥត​បើ​នឹង​ថា ទាស់​ទែង​សេចក្ដី ។ នាយ​សំពៅ​ស្ដាប់ អស់​អាថ៌​សារសព្ទ ត្រេក​អរ​បេតី ក្សេម​ក្សាន្ត​កន្លង ដណ្ដើម​ឃ្មាតខ្មី ថា​ហៃ​ប្អូន​ស្រី ឯ​ណោះ​សោត​ហោង ។ ថា​នាង​ប្អូន​ស្និទ្ធ ស្នេហ៍​ស្នាល​ចូល​ចិត្ត ព្រម​មូល​នឹង​បង ឬ​មួយ​ពុំ​មូល ពុំ​ចូល​ចិត្ត​បង ចូរ​ចៅ​សា​សង ឥឡូវ​នេះ​ណា៎ ។ ឯ​មេ​បញ្ជី ធ្លុះ​អរ​លលើ ចង់​នាយ​នា​វា សើច​ហើយ​ញញឹម មើល​ចុង​នេត្រា  ឱន​ហើយ​ទើប​ថា គូ​ពី​ព្រេង​ហោង ។ ឯ​នាង​ភរិយា ចៅ​នាយ​ភេត្រា ស្ដែង​ស្ដាប់​សាសង ប្ដី​ប្ដូរ​ផ្ដែ​ផ្ដាច់ ពាក្យ​ពេចន៍​ជា​ម្ដង នាង​ចរ​ចុះ​ផង ពី​លើ​ភេត្រា ។ តែ​ស្បៃ​នៅ​ក នាង​ដើរ​ចុះ​មក កាន់​ប្ដី​កំព្រា ទ្រព្យ​ធន​ពុំ​យក ដិត​មក​អាត្មា នាង​ឈោង​ប្រ​វា កញ្ជើ​កាន់​ទៅ ។ បោច​បាន​សំរាម មក​ចុក​ជិត​ភ្លាម ពិត​ពុំ​ឱ្យ​សៅ នាង​កាន់​តាម​ប្ដី ជញ្ជក់​តាម​ស្មៅ បាន​ស្រេច​ទើប​ទៅ ឋាន​ប្ដី​នោះ​ណា ។ លុះ​ដល់​លំ​នៅ នាង​ដណ្ដឹង​ទៅ  កាន់​ប្ដី​នាង​ថា អ្នក​អើយ​អស់​ផ្ទះ រៀង​ខាង​នេះ​ណា៎ ជា​ញាតិ​ការ សន្តាន​ផៅ​ពណ៌ ។ ឬ​ជា​ព្រៀងលាន ត្បិត​ខ្ញុំ​ពុំ​មាន ដឹង​ញាតិ​និមល បើ​អ្នក​ឯ​ណា ជា​ញាតិ​បវរ ព្រៀងលាន​ស្មោះ​ស អ្នក​ប្រាប់​ខ្ញុំ​រ៉ា ។ ប្ដី​ឆ្លើយ​វឹង​ទៅ នាង​អើយ​ញាតិ​ផៅ បង​គ្មាន​ទេ​ណា៎ សឹង​តែ​ព្រៀងលាន នៅ​ឋាន​ទៀប​គ្នា សព្វ​ថ្ងៃ​កំព្រា គ្មាន​បង​ប្អូន​ឡើយ ។

នាង​ឮ​ប្ដី​ថា ឥត​ញាតិ​វង្សា កំព្រា​ហើយ ហេតុ​នាង​សប្បុរស យក​គេ​ជា​ត្រើយ នាង​ពុំ​គិត​ឡើយ កម្សត់​អាត្មា ។ នាង​យក​ត្រី​នោះ ឱ្យ​ប្ដី​នាង​ស្មោះ ជូន​ចែក​គ្រប់​គ្នា តិច​ៗ​គ្រប់​មុខ អ្នក​ស្រុក​នៅ​នា ព្រៀងលាន​ស្គាល់​គ្នា ខេត្ត​ខាង​លំ​នៅ ។ ប្ដី​សោត​ទៅ​ស្មោះ ដោយ​ប្រពន្ធ​នោះ បង្គាប់​ប្រ​ដៅ កាល​នោះ​ព្រៀងលាន ខាង​ឋាន​លំ​នៅ សឹង​គិត​ថា​ចៅ នេះ​ដែល​ឯ​ណា ។ សប្បុរស​ដូច្នេះ ផ្អើល​អ្វី​ម្ដង​នេះ ជូន​យើង​គ្រប់​គ្នា សព្វ​ដង​កំណាញ់ កន្ទ្រឹស​ឫស្សា ឥឡូវ​ម្ដេច​ជា សប្បុរស​ពេក​ក្រៃ ។ អ្នក​ផង​គិត​ហើយ ពិត​ពុំ​លង​ឡើយ មាន​កាល​មួយ​ថ្ងៃ គេ​ដើរ​ទៅ​លេង និង​មាណព​នៃ យល់​នាង​ប្រពៃ មាន​រូប​សោភា ។ ទើប​គេ​គិត​ឆ្នៃ ថា​ចៅ​នេះ​នៃ គាត់​បាន​ភរិយា ទៀត​ទើប​សប្បុរស ពុំ​ដូច​សព្វ​គ្រា នាង​នេះ​លក្ខណា មារយាទ​ហ្មត់​ហ្មង  ។  មាន​កាល​មួយ​ថ្ងៃ មាណព​ទៅ​ព្រៃ រក​កាប់​ឧស​ចង បាច់​បាន​រែក​មក ដូច​កាល​សព្វ​ដង រី​ឈើ​នោះ​ផង ពុំ​ឈើ​ខ្ជីខ្ជា ។ សឹង​ឈើ​ប្រពៃ មែន​មាន​តម្លៃ ក្លាំ​ពាក់​ក្រិស្នា នាង​យល់​ឧស​ប្ដី បាន​ពី​ព្រឹក្សា សឹង​ឈើ​ជា​ៗ មាន​ៗ​តម្លៃ ។ នាង​គិត​ឯង​ថា ប្ដី​អញ​នេះ​ណា បាន​ឈើ​ប្រពៃ ពុំ​ស្គាល់​ជា​ឈើ នោះ​មាន​តម្លៃ យក​មក​សព្វ​ថ្ងៃ ដុត​ដូច្នេះ​ណា ។ សម​ហើយ​នេះ​មាន ក្រាស់​ក្រៃ​នា​ឋាន  អាយ​ឯង​ទើប​ជា ឱ​អស់​អ្នក​ផង ពុំ​ស្គាល់​ក្រស្នា ក្លាំ​ពាក់​យក​ជា ឧស​ឥត​គិត​ឡើយ ។ ទើប​នាង​នារី ដណ្ដឹង​ទៅ​ប្ដី  ថា​ហៃ​អ្នក​អើយ ឧស​នា​ព្រៃ​អាយ អស់​តែ​ម្ល៉េះ​ហើយ ឬ​មួយ​នៅ​ឡើយ អ្នក​ប្រាប់​ខ្ញុំ​រ៉ា ។

ប្ដី​ឆ្លើយ​វឹង​ទៅ មាន​ច្រើន​ក្ដាត់​នៅ នា​ព្រៃ​ព្រឹក្សា យក​បាន​ជា​រយ រទេះ​ក្ដី​ណា  ពុំ​អស់​ក្ដី​ណា ពុំ​អស់​ប្អូន​ភ្ងា នាង​នឹង​គិត​ថ្វី  ។ នាង​ឮ​ច្នោះ​ណា  អរ​ឥត​គណនា សំ​ណេះ​នឹង​ប្ដី ច្នោះ​អ្នក​ទៅ​រក យក​មក​ទៀត​ខ្មី ឱ្យ​អស់​អំពី ព្រៃ​នោះ​ហោង ។  នឹង​ជួល​រទេះ ញាតិ​ជិត​នៅ​នេះ ដឹក​ទុក​ជា​ម្ដង ប្ដី​ថា​នាង​នឹង យក​ឧស​ថ្វី​ផង  បើ​អស់​សឹម​បង រក​មក​ទៀត​ណា ។ ទើប​នាង​ឆ្លាស់​ឆ្លើយ ថា​អ្នក​ប្ដី​អើយ ឈើ​នេះ​ឈើ​ជា សឹង​មាន​តម្លៃ ក្លាំ​ពាក់​ក្រិស្នា អស់​អ្នក​ភេត្រា គេ​ទិញ​យក​ទៅ ។ ឈើ​នេះ​ខ្ញុំ​ស្គាល់ ជាក់​ឥត​ពិភាល់ អស់​អ្នក​សំពៅ គេ​ទិញ​មិន​លែង ខ្ញុំ​ឯង​ឃើញ​នៅ ។ ឈើ​នេះ​ខ្ញុំ​ស្គាល់ ជាក់​ឥត​ពិភាល់ អស់​អ្នក​សំពៅ គេ​ទិញ​មិន​លែង ខ្ញុំ​ឯង​ឃើញ​នៅ គេ​ទិញ​នាំ​ទៅ  ស្រុក​ចិន​នាយ​ណា៎ ។ បើ​យើង​បាន​ហើយ យើង​គិត​អ្វី​ឡើយ លក់​តែ​ក្រិស្នា ក្លាំ​ពាក់​ប្រពៃ យក​ថ្លៃ​មក​ណា៎ ទិញ​ព្រែ​កាសាយ៍ សំពត់​ជាតី ។  តាម​តែ​ចិត្ត​ជ្រើស ចិត្ត​នឹង​ស្រាល់​រើស យក​ប្រាក់​មាស​ក្ដី ដោយ​ចិត្ត​ស្រ​ឡាញ់ ចង់​ទិញ​អ្វី​ៗ អ្នក​ទៅ​វឹង​ខ្មី តាម​ពាក្យ​ខ្ញុំ​ថា ។ ប្ដី​ឮ​ច្នោះ​នៃ អរ​ឯង​ពេក​ក្រៃ ក្រទី​ក្រទា បាន​អម្រែក​សង្រែក រែក​ទៅ​ម្នីម្នា ដឹង​កាំ​បិត​ព្រា ចូល​ទៅ​ក្នុង​ព្រៃ ។ កាត់​គរ​ទុក​ស្រេច ចង់​ចោល​ជា​បាច់ រែក​មក​ពី​ថ្ងៃ ហើយ​ប្រាប់​ភរិយា ប្អូន​អើយ​ឧស​ថ្លៃ កាត់​គរ​នៅ​ព្រៃ ច្រើន​ក្រៃ​ក្នាត់​ណា៎ ។ រែក​មក​នេះ​ហោង តាម​កម្លាំង​បង ទើប​នាង​ភរិយា រក​ជួល​រទេះ ដឹក​នាំ​ក្រិស្នា ក្លាំ​ពាក់​ជា​ៗ ពី​ព្រៃ​នោះ​នៃ ។

គរ​ទុក​នា​ស្ថាន  នោះ​ហើយ​ទើប​មាន ពាណិជ្ជ​ទី​ទៃ មក​ទិញ​ក្រិស្នា  ក្លាំ​ពាក់​ប្រ​ពៃ នាង​ថ្លឹង​កាត់​ថ្លៃ ឥត​ល្អៀង​ឡើយ​ណា៎ ។ ហេតុ​នាង​នារី  ដឹង​អស់​អំពី  កាល​នាង​នៅ​ជា ប្រពន្ធ​នៃ​ចៅ  នាយ​ភារ​ភេត្រា ឥត​ឈ្មួញ​ណា​ៗ បញ្ឆោត​បាន​ឡើយ ។ លុះ​ឈ្មួញ​ទិញ​បាន  ពី​នាង​កល្យាណ គេ​យក​ទៅ​ហើយ នាង​រៀប​ទុក​ទ្រព្យ ផ្គូ​ផ្គាប់​ជា​ត្រើយ ពិត​ពុំ​លង់​ឡើយ រណ្ដាប់​គ្រឹះស្ថាន ។ ចាយ​ចាត់​រៀប​រក៍ លោះ​ខ្ញុំ​កំដរ ប្រកប​ធន​ធាន អ្នក​ផង​ចេញ​ចូល នាង​សោត​ថ្កើង​ថ្កាន សម្បត្តិ​មូល​មាន អនេក​ទ្រព្យា ។ ប្ដី​នាង​នេះ​នៃ បាន​ស្គាល់​ចៅ​ទៃ ស្គាល់​ព្រះ​ស្គាល់​ពញា អ្នក​ផង​រាប់​អាន ត្បិត​បាន​ទ្រព្យា កប​នូវ​លក្ខណា នាង​នោះ​ប្រ​ពៃ ។ ទើប​នាង​នារី ស្រ​ដី​នឹង​ប្ដី ថា​អ្នក​សព្វ​ថ្ងៃ ខ្ញុំ​ចង់​ឱ្យ​អ្នក រៀន​រត់​ឲ្យ​វៃ ឲ្យ​រួស​ឆាប់​ក្រៃ ដូច​ចិត្ត​ចិន្ដា ។ ប្ដី​សោត​ឆ្លាស់​ឆ្លើយ ថា​ហៃ​នាង​អើយ បង​ឥត​បើ​ថា តាម​ចិត្ត​ប្អូន​ហោង អញ​បង​បាន​ជា ម្ល៉េះ​ត្បិត​នរណា មិន​ត្បិត​ប្អូន​ស្រី ។ លុះ​ថ្ងៃ​មួយ​ណា នាង​រៀប​ក្រ​យា សំណុំ​វេច​ខ្មី ទឹក​មួយ​បំពង់ នាង​ផ្ចង់​ឱ្យ​ប្ដី ពុន​រែក​រត់​ខ្មី សព្វ​ៗ​វេលា ។ ដើម​ឡើយ​រត់​ហត់ ដង្ហើម​ផុត​ៗ ស្ទើរ​ដាច់​ខ្យល់​ណា រត់​វិល​មក​វិញ ប្រាប់​ប្រពន្ធ​ថា វា​ហត់​ក្ដាត់​ណា ដូច​នឹង​ស្លាប់​ហោង ។ លុះ​ដល់​ពី​ថ្ងៃ ទើប​រត់​ទៀត​រៃ  ដោយ​ចិត្ត​បំណង នឹង​ចង់​ឱ្យ​បាន ដូច​ក្ដី​ប៉ុន​ប៉ង ប្រាថ្នា​នោះ​ហោង ចិត្ត​ចង់​សង្វាត ។ រត់​ទៀត​ដល់​ទី ដើម​កាល​រត់​ខ្មី ដោយ​ចិត្ត​ខ្មីឃ្មាត ត្បិត​ប្រពន្ធ​ថា ចង់​ចាំ​ពុំ​ឃ្លាត ខែង​ខំ​សង្វាត ដូច​ក្ដី​ប្រាថ្នា  ។  លុះ​ប្ដី​នាង​រត់  រត់​រួច​ពុំ​ហត់ ដោយ​ចិត្ត​សោះ​សា ឯ​នាង​នារី យល់​ប្ដី​អាត្មា បរិបូណ៌​ហើយ​ណា ទើប​នាង​ឆាប់​ក្រៃ ។ ទៅ​ថ្កាន​មន្ត្រី ឱ្យ​គេ​ថ្វាយ​ប្ដី ជា​ខ្ញុំ​ក្សត្រ​ថ្លៃ មន្ត្រី​នាំ​ថ្វាយ ដូច​ចិត្ត​នាង​វៃ បម្រើ​សព្វ​ថ្ងៃ ជា​ខ្ញុំ​រាជា ។

បទភុជង្គលីលា
នឹង​ថ្លែង​សម្ដែង​ចរចា ឯ​មហា​ក្សត្រា ព្រហ្មទត្ត​ធិបតី ។ សម័យ​មួយ​ថ្ងៃ​ចក្រី ឱ្យ​ប្រាប់​សេនីយ៍  សេនា​ពល​ផង  ។  ត្បិត​ក្សត្រ​ព្រហ្មទត្ត​ជា​ច្បង មាន​ព្រះ​បំណង  ប្រពាត​ព្រឹក្សា  ។  ឱ្យ​រៀប​ប្រុង​ប្រៀប​បណ្ណា  ការ​កប​យ​សា- ធិរាជ​ស្ដេច​ស្ដែង ។ ភ្នាក់​ងារ​ខ្មាន់​ការ​តាក់​តែង រៀប​គ្រប់​ដំណែង  ដំណើរ​ក្សត្រា ។ ឯ​ចៅ​នោះ​នៅ​គ្រឹហា  ប្រាយ​ប្រាប់​ភរិយា   នាង​អើយ​ឥឡូវ ។ ព្រះ​បាទ​នរនាថ​ឥត​គូ  ស្ដេច​តែង​ពល​ព្យូហ៍   ប្រពាត​ព្រឹក្សា ។ ចូរ​ចៅ​ប្អូន​ពៅ​ពុំ​ងារ ប្រដាប់​ប្រដា ឱ្យ​បង​ឆាប់​ថ្វាត់ ។  នឹង​ទៅ​ហែ​ចៅ​ចក្រ​វត្តិ ព្រះ​បាទ​ព្រហ្មទត្ត ឥសូរ​សិរសា ។ នាង​ស្ដាប់​សាសព្ទ​ប្ដី​ថា នាង​រៀប​ក្រយា ឲ្យ​ប្ដី​ស្នេហ៍​ស្នាល ។ អង្គ​សោត​ល្អ​ត្រកាល អប់​ផ្កា​ត្រកាល ប្រ​ហើរ​ឈ្ងុយ​ឈ្ងប់  ។  អាហារ​ត្រកាល​សាយ​សព្វ រណ្ដាប់​គ្រាន់​គ្រប់ ឱ្យ​ប្ដី​ស្នេហា  ។   រុំ​ជា​សំណុំ​ហើយ​ណា ផ្ចង់​ជា​ក្រ​យា ស្ងោយ​មហា​ក្សត្រ​ថ្លៃ  ។ នាង​ដឹង​ដំណឹង​នោះ​វៃ ថា​ក្សត្រ​ទៅ​ព្រៃ នឹង​ព្រាត់​គ្នា​គ្នី  ។ នឹង​ឃ្លាត​អាមាត្យ​មន្ត្រី មាន​ប៉ុន្តែ​ប្ដី នាង​នឹង​ពុន​ទៅ ។ ឯ​មហា​ក្សត្រ​ចម​ចៅ ព្រឹក​ព្រាង​ច្រាល​ឆ្អៅ ប្រដាប់​ព្រះ​អង្គ ។ ទ្រង់​គ្រឿង​រុង​រឿង​បញ្ចង់ ព្រះ​ពស្ត្រ​ទិព្វ​ទ្រង់ ប៉ាក់​ឆ្វាក់​មាលា ។ ទ្រង់​ស្រេច​សម្ដេច​រាជា ស្ដែង​ស្ដេច​យាត្រា​ឡើង​លើ​អស្សតរ   ។  ចេញ​ទៅ​ដល់​ក្រៅ​នគរ ព្រះ​អង្គ​បើក​បរ រដ្ឋ​រាជ​អស្សពាហ៍  ។  ក្លំ​ក្លស់​ខ្ពង់​ខ្ពស់​សោភា ឆត្រ​រួច​ជួរ​ចា មរ​មាស​រៀប​រយ ។ អភិរម្យ​ត្រ​សុំ​ត្រ​សាយ ត្រ​សែត​រំភាយ រំភើយ​សាក់​សែង  ។  សេនា​យោ​ថា​ខះ​ខែង ករ​កាន់​លំ​ពែង ហែ​ៗ​ច្រូង​ច្រាង ។ ដាវ​ខែល​ក្រាស់​ក្រែល​សង​ខាង សេនា​កាន់​កាង ទួន​ទាំង​ចាម​រី  ។ មហាក្សត្រ​ព្រហ្មទត្ត​ចក្រី ឯក​ឯង​ពិសី ពាល​ពេញ​តលា ។ ដល់​ក្នុង​កំឡុង​ព្រឹក្សា ស្ដេច​អស្សពាហ៍ លឿន​លន់​កន្លង ។ សេនា​យោធា​ពល​ផង ខែង​ខំ​ក្ដាត់​ហោង ពុំ​ទាន់​ក្សត្រា ។ ដិត​ដោយ​តាម​ក្រោយ អស្សពាហ៍ ប៉ុន្តែ​ចៅ​មា -ណព​នោះ​ឯង​ហោង  ។ ត្បិត​គាត់​រត់​ស្ទាត់​កន្លង ទាន់​ក្សត្រ​ច្បាស់​ច្បង ចម​ចក្រ​រាជា  ។

បទកាកគតិ
ព្រះ​បាទ​ក្សត្រ​ថ្លៃ ដល់​ដើម​ព្រះ​ជ្រៃ បញ្ឈប់​អស្សពាហ៍ ព្រាត់​មុខ​មន្ត្រី សេនីយ៍​សេនា យល់​តែ​ចៅ​មា- ណព​នោះ​ឯង​ហោង ។ ទើប​ក្សត្រ​ចម​ចៅ ឈប់​រង់​យូរ​ទៅ ពុំ​យល់​មនុស្ស​ផង ស្ដេច​ឃ្លាន​ក្រយា ស្ងោយ​មហា​ក្សត្រ​ហោង ត្រមោច​កន្លង តែ​នឹង​មាណព​វា ។ ទើប​ព្រះ​ព្រហ្មទត្ត ធិរាជ​ចម​ក្សត្រ លើស​លើ​លោ​កា សន្មត​នាម​នៃ មាណព​នោះ​ណា ឱ្យ​ហៅ​ចៅ​មា  យើង​យស​ពណ្ណរាយ  ។ ស្ដេច​សព្វ​ហទ័យ ក្រ​សាល​នៅ​នៃ កំឡុង​ព្រៃ​នាយ ស្ដេច​លី​លា​លេង ព្រឹក្សា​ពណ្ណរាយ សាន្ត​សុខ​សប្បាយ ទត​ព្រៃ​ព្រឹក្សា ។ ស្ដេច​ត្រាច់​ក្នុង​ព្រៃ ឥត​អ្នក​ណា​នៃ នឹង​ទាន់​ក្សត្រា សឹង​រក​ក្សត្រ​ថ្លៃ សព្វ​ព្រៃ​ព្រឹក្សា ខ្លាច​ខ្លួន​ក្ដាត់​ណា រក​មិន​ឃើញ​ឡើយ ។ រីឯ​ព្រះ​បាទ ព្រហ្មទត្ត​នរនាថ លី​លា​ឡើង​ហើយ បន្ទូល​នឹង​មា យើង​ថា​ចៅ​អើ ថ្ងៃ​ពន់​ពេក​ហើយ អង្គ​អញ​ឃ្លាន​បាយ ។ ទន្ទឹង​អស់​គ្នា មន្ត្រី​យោធា ចតុ​រង្គ​ទាំង​ឡាយ សឹង​តែ​ពុំ​យល់ រេហ៍ពល​ព្រាត់​ព្រាយ បែក​ផ្លូវ​ខ្ចាត់​ខ្ចាយ អស់​ពុំ​យល់​ណា  ។ មា​យើង​ទូល​ទៅ បពិត្រ​ចម​ចៅ លើស​លើ​លោ​កា បាយ​អញ​ខ្ញុំ​មាន គឺ​មោះ​ខ្ជីខ្ជា ពុំ​គួរ​ក្សត្រា​ធិរាជ​សោយ​សល់ ។ ស្ដេច​ស្ដាប់​ហើយ​ណា ថា​យក​មក​រ៉ា កុំ​គិត​សល់​វល់ ទោះ​ល្អ​មិន​ល្អ ខ្មៅ​ស​តាម​កល អញ​ឃ្លាន​ណាស់​សល់ អត់​ឯ​ណា​បាន ។ ទឹក​តើ​ញាំង​ចៅ បាន​សំ​ចៃ​នៅ ឬ​មួយ​ពុំបាន មា​យើង​ទូល​ទៅ បពិត្រ​ក្សត្រ​ក្សាន្ត រី​ទឹក​សោត​មាន គឺ​មោះ​តែ​ថា ។ ដាក់​នឹង​បំពង់ ពុំ​គួរ​ព្រះ​អង្គ ស្ដេច​សោយ​ឡើយ​ណា ស្ដេច​ស្ដាប់​ថា​ទៅ យើង​ចៅ​កុំ​ថា ច្នោះ​ចៅ​ម្នីម្នា យក​មក​ឆាប់​ៗ ក្សិណ​ចៅ​មា​យើង ម្នីម្នា​ដោះ​ឡើង ទៅ​យក​ប្រដាប់ ដាក់​ទឹក​បំពង់ សំណុំ​បាយ​ស្រាប់ ស្រេច​ស្រាយ​ផ្គូ ផ្គាប់​ថ្វាយ​មហា​ក្សត្រា ។

ស្ដេច​សោយ​អាហារ មា​យើង​ត្រកាល មាន​រស​ពិសា បាយ​បរិសុទ្ធ​ស  អង្ករ​នោះ​ណា ដូច​ព្រះ​ក្រយា ស្ដេច​សោយ​ប្រក្រតី ។ អា​ហារ​ពិសា គាប់​ព្រះ​ឱស្ឋ​មហា ក្សត្រ​ក្សាន្ត​ចក្រី បន្ទូល​សរសើរ ថា​នេះ​មែន​ស្រី ប្រ​ដាប់​ចំ​ណី ពិសេស​ពិសា ។ ប្រពន្ធ​មា​យើង ចេះ​រៀប​ថ្កល់​ថ្កើង  មុខ​ចៅ​មែន​ណា ចៅ​អើយ​អាហារ ត្រកាល​ពិសា សឹង​ជាតិ​ឱ​ជា រស​ត្រកាល​ក្រៃ ។ ជួន​លើ​គម្លាន ឯ​ណា​មក​មាន អាហារ​ក្នុង​ព្រៃ និង​ថា​ត្បិត​ឃ្លាន កូវ​ពិសា​ក្រៃ មិន​ច្នោះ​ឡើយ​នៃ ចំណី​នេះ​ជា ។ មា​យើង​បង្គំ មហា​ក្សត្រ​ឧត្ដម ឥ​សូរ​សិរសា លុះ​ស្ដេច​សោយ​សល់ ស្កល់​មហា​ក្សត្រា ស្ដេច​សោយ​គង្គា បំពង់​នោះ​នៃ ។ ទឹក​សោត​ពិសា អប់​អស់​ក្លិន​ផ្កា ពិដោរ​ប្រ​ពៃ ស្ដេច​ថា​ទឹក​ចៅ រស​ពិសា​ក្រៃ ឱ​នាង​គាប់​ចៃ ចេះ​រៀប​ឱ្យ​ប្ដី ។ មា​យើង​នោះ​ណា បង្គំ​ក្សត្រា លើក​ដែល​មក​ឆី ឆី​រួច​ស្កប់​ស្កល់ បរិបូណ៌​អស់​ក្ដី ទើប​ព្រះ​ចក្រី បន្ទូល​ទៅ​ថា ។ ចៅ​មា​យើង​អើយ អញ​ហូប​បាយ​ហើយ មិន​ចេះ​អត់​ស្លា ចៅ​ឱ្យ​ថង់​ចៅ មក​ឯ​អាយ​រ៉ា អញ​នឹង​ស៊ី​ស្លា ឥឡូវ​នេះ​នៃ ។ ចៅ​មា​យើង​ថ្វាយ ក្សត្រ​ថ្លៃ​ពណ្ណរាយ ដោយ​ព្រះ​ហឫទ័យ ស្ដេច​សោយ​ស្លា​ចៅ មា​យើង​នោះ​នៃ មាន​សព្វ​គ្រប់​ក្រៃ ឥត​ខ្វះ​ឡើយ​ណា ។ ទាំង​ទេពទារូ ក្រវាញ​ក្លាំ​ពូ ស្លា​ខ្ចី​សោត​ណា ក្រមួន​មាត់​ផ្ចង់ ព្រះ​អង្គ​សោយ​ស្លា ហើយ​ទើប​ត្រាស់​ថា ស្លា​ចៅ​នេះ​នៃ ។ សព្វ​គ្រប់​មាន​មិញ ដូច​កល​ស្លា​អញ តែង​ឆី​សព្វ​ថ្ងៃ ភព្វ​អញ​ឯង​ហើយ ចៅ​អើយ​គាប់​ចៃ អញ​បាន​អា​ស្រ័យ ចៅ​សព្វ​គ្រប់​ហោង ។

បើ​អញ​បាន​ដល់ ទី​ឋាន​មណ្ឌល ឯ​នាយ​ហើយ​ហោង អញ​ឱ្យ​យស​ចៅ ជា​ធំ​កន្លង ចៅ​កម្សត់​ផង អញ​អា​សូរ​ចៅ ។ បន្ទូល​ម្ល៉ោះ​ហើយ ក្សត្រា​ត្រាណ​ត្រើយ ព្រះ​ផ្ទំ​លើ​ភ្លៅ មា​យើង​ហើយ​ថា ចៅ​អើយ​នែ​ចៅ ស្ដាប់​អញ​និង​នៅ និយាយ​មួយ​ហោង ។ ស្ដាប់​ណា​ចៅ​អាយ ដំណើរ​និយាយ ព្រេង​ព្រឹទ្ធ​កន្លង អញ​នៅ​ថ្លា​ថ្លែង សំដែង​ទំនង និទាន​មួយ​ហោង ពី​ព្រេង​អតីតា ។ ពុំ​ទាន់​និយាយ ដំណើរ​អភិ​ប្រាយ សណ្ដាប់​ដល់​មា  យើង​ស្ដេច​ផ្ទំ​លក់ សាន្ត​សុខ​មហិមា ក្រោម​ដើម​នៃ​មហា និគ្រោធ​នោះ​នៃ ។ រី​កាល​នោះ​ណា មែន​មាន​ទេវតា រក្សា​ព្រះ​ជ្រៃ ឮ​ព្រះ​ព្រហ្មទត្ត មហា​ក្សត្រ​ជៀស្ឋជ័យ ស្ដេច​បន្ទូល​វៃ នឹង​មា​យើង​ថា ។ ស្ដេច​នឹង​និយាយ ទេពតា​ទាំង​ឡាយ បបួល​គ្នី​គ្នា មក​មីរ​លើ​ជ្រៃ ស្ដាប់​សព្ទ​ក្សត្រា យល់​ស្ដេច​និន្ទ្រា ពុំ​បន្ទូល​ទៅ ។ ទេពតា​ខឹង​ក្ដាន់ នឹង​ព្រះ​ព្រហ្មទត្ត ធិរាជ​ចមចៅ ថា​ក្សត្រ​នេះ​ណា មុសា​ក្រៃ​ក្រៅ ពោល​ពាក្យ​អា​សៅ ពុំ​កាន់​ពាក្យ​សត្យ ។ ច្នោះ​យើង​អត់​ថ្វី ស្ដេច​ពោល​អប្រិយ កាច់​មែក​ជ្រៃ​ថ្វាត់ ទម្លាក់​លើ សង្កត់​មហា​ក្សត្រ ឲ្យ​ស្ដេច​បង់​បាត់ ព្រះ​ជន្ម​ជីវី ។

ថា​បើ​ពុំ​ទាន់ នៅ​នេះ​ក្រៃ​ខាន ស្ដេច​ទៅ​បុរី យើង​កាច់​ខ្លោង​ទ្វារ សង្កត់​ចក្រី ព្រហ្មទត្ត​តិរ្ថិយ ឱ្យ​ក្ស័យ​ជន្មា ។ ថា​បើ​បាន​ទៅ លុះ​ស្ដេច​ចូល​ទៅ ដល់​លើ​ក្រឡា បន្ទំ​រម្យរ័តន៍ តែ​ស្ងាត់​និទ្រា យើង​ប្រែ​ក្រឡា ជា​ពស់​ទៅ​ខាំ ។ ស្អប់​ស្ដេច​កុហក ថា​ហើយ​ដេក​លក់ ឱ្យ​តែ​យើង​ចាំ មា​យើង​ង​ងុយ អង្គុយ​តែ​ចាំ ឮ​ពាក្យ​ង៉ាំ​ៗ ង៉ា​ៗ​នោះ​ណា ។ មា​យើង​ដាស់​ស្ដេច ឆាប់​មួយ​រំពេច ទើប​ទូល​ទៅ​ថា បពិត្រ​ស្ដេច​ឡើង ជវន​អស្សា ឆាប់​ៗ​ម្នីម្នា ឥឡូវ​នេះ​នៃ ។ ត្បិត​មាន​ទេវតា និត្យ​នៅ​រក្សា លើ​ដើម​ព្រះ​ជ្រៃ ខឹង​ថា​ស្ដេច​នឹង និយាយ​ហើយ​នៃ ផ្ទំ​លក់​វឹង​វៃ ស្ងៀម​ស្ងាត់​ភាសា ។ ខ្ញុំ​ចាំ​ស្ដេច​ផ្ទំ រលីវ​ទៅ​ខ្ញុំ ឮ​ពាក្យ​ទេពតា ស្តេត​ស្ដាប់​មា​យើង ស្ទុះ​ឡើង​អស្សពាហ៍ បំផាយ​ម្នីម្នា មា​យើង​ដោយ​ដិត ។ ក្សិណ​មែក​ព្រះ​ជ្រៃ ធ្លាក់​ផុត​ក្សត្រ​ថ្លៃ ព្រះ​បាទ​ព្រហ្មទត្ត ស្ដេច​ទៅ​រំលង ពី​ភ័យ​មរណ​ថ្វាត់ ទើប​មា​យើង​គិត ទូល​ទៅ​ទៀត​ថា ។ បពិត្រ​ព្រះ​ភូ ធរ​រាជ​ឥសូរ នេះ​មួយ​គ្រា មួយ​ទៀត​ខ្ញុំ​ឮ ពាក្យ​អស់​ទេពតា ថា​ដល់​សីមា ព្រះ​អង្គ​នាយ​នោះ ។ នឹង​កាច​ខ្លោង​ទ្វារ សង្កត់​ភូបាល វឹង​វិញ​ទៀត​ស្មោះ ថា​បើ​កន្លង រំលង​ពី​នោះ លុះ​ព្រះ​អង្គ​ឆ្ពោះ ចូល​ក្នុង​បន្ទំ ។ និង​ប្រែ​កាឡា ជា​ពស់​មហិមា ខាំ​ក្សត្រា​ឧត្ដម ទេពតា​ជំនុំ ដូច្នោះ​នេះ​ខ្ញុំ ឮ​ជាក់​ជា​ម្ដង ។

បទពំនោល
មហា​ក្សត្រ​ព្រហ្មទត្ត​ច្បាស់​ច្បង ស្ដេច​ស្ដាប់​ទំនង ទំនូល​នៃ​ចៅ​មា​យើង  ទើប​មហា​ក្សត្រ​ថ្កល់​ថ្លើង ថា​ច្នោះ​មា​យើង ប្រយ័ត្ន​នូវ​ខ្លោង​ទ្វារ​នោះ ។ ចៅ​កាន់​រំពាត់​វាត់​គោះ ចៀស​ជួយ​តឿន​ស្មោះ ឱ្យ​រួច​ពី​ភ័យ​ទ្វារ​ធំ ។ ស្ដេច​មាន​ហឫទ័យ​បារម្ភ បរ​សេះ​ខែង​ខំ លុះ​ទៀប​នៃ​ខ្លោង​ទ្វារ​នោះ ។ ក្សត្រ​ថ្កើង​មា​យើង​វាត់​គោះ សេះ​សោត​លោត​ផ្លោះ ច្រៀវ​ច្រួច​គ្រលួច​មហិមា ។ បាក់​ខ្លោង​ទ្វារ​រាជ​សីមា ផុត​មហា​ក្សត្រា ក៏​រួច​រំលង​ពី​ភ័យ ។ លុះ​ដល់​មណ្ឌល​ទិព្វ​ថ្លៃ ចៅ​មា​យើង​វៃ ក្រាប​លា​ទៅ​ថ្កាន​គ្រឹះ​ឋាន ។ ព្រះ​បាទ​ព្រហ្មទត្ត​ទ្រង់​មាន បន្ទូល​ផ្ដាំ​ថ្កាន ថា​ចូល​ចៅ​ទៅ​ហោង​ណា ។ ហើយ​ចៅ​វិល​វិញ​យាត្រា មក​ឆាប់​ម្នីម្នា ចៅ​ចាំ​ដូច​ចៅ​ឮ​ហោង ។ មា​យើង​ក្រួញ​ក្រាប​ទូល​ស្នង បពិត្រ​នេះ​ម្ដង កុំ​ព្រួយ​ព្រះ​រាជ​ហឫទ័យ ។ បាន​ទៅ​នៅ​វិល​វឹង​វៃ ចាំ​ក្សត្រ​ជៀស្ឋជ័យ ដ៏​ជា​មកុដ​សិរសា ។ ទូល​ស្រេច​មា​យើង​ម្នីម្នា មក​ផ្ទះ​អាត្មា ប្រាយ​ប្រាប់​ភរិយា​អស់​ក្ដី ។ ដំណាល​ប្រាប់​កាល​ចក្រី ព្រាត់​មុខ​មន្ត្រី ទៅ​ផ្ទំ​ក្រោម​ដើម​ព្រឹក្សា ។ ប្រាប់​ពី​ស្ដេច​សោយ​ក្រយា សរសើរ​នាង​ថា ភរិយា​បាន​ចេះ​ស្ងួន​គ្រង ។ ប្រាប់​អស់​ដំណើរ​ទំនង នាង​ត្រេក​អរ​ផង ត្បិត​បាន​ដូច​ចិត្ត​ចិន្ដា ។ មា​យើង​នោះ​និង​ភរិយា ហូប​បាយ​ហើយ​ណា ក៏​កាន់​ដាវ​ឡើង​ទៅ​ចាំ ។ អង្គុយ​ជិត​នៅ​គយ​ឃ្លាំ ក្នុង​ចុង​រោង​រាំ ព្រះ​បាទ​សម្ដេច​ព្រហ្មទត្ត ។               មន្ត្រី​ក្រាស់ក្រៃ​ច្រើន​ក្ដាន់ ប្រុង​ប្រាណ​ប្រយ័ត្ន ដ៏​ពេញ​នៅ​រាជ​រោង​រម្យ ។ លុះ​ដល់​អធ្រាត្រ​ដាស់​ទំ ដេក​ស្ងាត់​ជ្រងំ ពុំ​ភ្ញាក់​ដល់​ម្នាក់​ឡើយ​ណា ។ កាល​នោះ​ឯង​ឯ​ទេវតា ប្រាណ​ប្រែ​កាឡា ជាតិ​ជា​ពស់​វារ​ទៅ​ហោង ។ ទំ​ហំ​ពស់​ធំ​កន្លង ប៉ុន​ដើម​ត្នោត​ផង ក៏​លើក​ពពារ​គួរ​ខ្លាច ។

មាន​ភ្នែក​នោះ​ធំ​ត្រដាច ចង្កូម​ស​ស្ងាច នឹង​ខាំ​ព្រះ​មហា​ក្សត្រា ។ មា​យើង​ដោះ​ឡើង​ម្នីម្នា លើក​ខាន់​មុត​ថ្លា ក៏​វាត់​ត្រូវ​សិរសា​សល់ ។ ឈាម​ពស់​ខ្ចាត់​ខ្ចាយ​ទៅ​ដល់ ទេពី​និមល​ក៏​ពេញ​នា​ព្រះ​ថនា ។ ទើប​ហៅ​មា​យើង​គិត​ថា ពស់​នេះ​មរណា អសារ​សោះ​សូន្យ​ជី​វី ។  ឈាម​ដូច​ដល់​ព្រះ​ទេពី វររ័តន៍​ក្សត្រី ច្នេះ​តើ​នឹង​ធ្វើ​ម្ដេច​បាន ។ ជ្រះ​ឈាម​ពី​នាង​កល្យាណ នឹង​ដាស់​ក្សត្រ​ក្សាន្ត យល់​ក្ដី​ពុំ​គួរ​ក្ដាត់​ណា ។ នឹង​យក​ដៃ​ជូត​ឱ​រ៉ា សោត​សឹង​ពុំ​ជា កើត​ក្ដី​ពុំ​គួរ​ពេក​ក្រៃ ។ ទើប​យក​ខ្មោច​ពស់​នោះ​វៃ ដាក់​នៅ​ក្រោម​ឰ ក្រឡា​បន្ទំ​រម្យរ័តន៍ ។ ស្រេច​ហើយ​ទើប​កាត់​ហារ​មាត់ លិទ្ធ​ឈាម​ដែល​ដិត នៅ​នា​ព្រះ​ស្គន់​ក្សត្រី ។ នាង​នាថ​ភ្ញាក់​ឥន្ទ្រីយ៍ ទើប​ដាស់​ភូមី ដ៏​ជា​គម្ដែង​ក្រឡា ។ នាង​ខ្សឹប​ប្រាយ​ប្រាប់​ថា​មា យើង​យក​ជីវ្ហា មក​លិទ្ធ​នូវ​ដោះ​ខ្ញុំ​ហោង ។ ស្ដេច​ស្ដាប់​ក្រោធ​ក្រៃ​កន្លង ត្រាស់​ប្រើ​ពល​ផង  ថា​ម្នាល​ពេជ្ឈឃាដ​ម្នីម្នា ។ ចូរ​ឆាប់​ចាប់​ចង​យក​វា កំណាច​មហិមា  នេះ​នាំ​យក​ទៅ​សម្លាប់ ។ ក្សិណ​នោះ​ពេជ្ឈឃាដ​ចូល​ចាប់ ចង​មា​យើង​ខ្ជាប់ ក៏​នាំ​យក​ទៅ​ម្នីម្នា ។

ហេតុ​ស្ដេច​ឥត​ពិចារណា ពុំ​គិត​គុណ​មា យើង​យក​តែ​ពាក្យ​ទេវី ។ ពេជ្ឈឃាដ​នាំ​ទាំង​រាត្រី ទៅ​បូព៌​ទិស​ទី  ក៏​ថា​នឹង​អ្នក​នាយ​ទ្វារ ។ ឱ្យ​បើក​ត្បិត​ព្រះ​ភូបាល មាន​ព្រះ​ឱង្ការ ឱ្យ​នាំ​អ្នក​ទោស​ទៅ​កាប់ ។ ក្សិណ​នោះ​នាយ​ទ្វារ​ស្ដែង​ស្ដាប់ យល់​ខុស​និង​ច្បាប់ សម្លាប់​អ្នក​ទោស​ទាំង​យប់ ។  ថា​ទោស​នេះ​ម្ដេច​អ្នក​ឈប់ ប្រាយ​ប្រាប់​សព្វ​គ្រាប់ ដំណើរ​ដំណាល​សេចក្ដី ។ នាំ​អ្នក​ទោស​ទាំង​រាត្រី ពុំ​ត្រូវ​ច្បាប់​ពី បុរាណ​គន្លង​ឡើយ​ណា ។ ពេជ្ឈឃាដ​ឆ្លាស់​ឆ្លើយ​វឹង​ថា អញ​ដឹង​ឯ​ណា ជា​ទោស​ធ្ងន់​ស្រាល​អ្វី​ៗ ។ ស្ដេច​ប្រើ​អញ​ទាំង​រាត្រី ចៅ​មក​រក​ក្ដី លើ​ព្រះ​បម្រើ​ម្ដេច​បាន ។ អំណាច​អ្វី​ៗ​ឯង​មាន ក៏​អញ​នឹង​ហ៊ាន នាំ​គេ​មក​សម្លាប់​លេង ។ អម្បាល​ចៅ​យើង​ឯង ម្ដេច​ពុំ​កោត​ក្រែង ក៏​ទាស់​ព្រះ​រាជ​អាជ្ញា ។ នាយ​ទ្វារ​សោត​ឆ្លើយ​វឹង​ថា បើ​ព្រះ​អាជ្ញា លុះ​ត្រូវ​នឹង​ច្បាប់ ទើប​បាន ។ បើ​ខុស​នឹង​ច្បាប់​បុរាណ យើង​ឃាត់​ខាំង​ខាន បាន​ត្បិត​យើង​ជា​នាយ​ទ្វារ ។ បើ​យើង​ក្រាប​ទូល​នា​កាល នោះ​ព្រះ​ភូបាល​នឹង​ធ្វើ​ម្ដេច​ៗ តាម​កល  ។

បទកាកគតិ
នាយ​ទ្វារ​នោះ​ណា បង្ខាន​អាជ្ញា ឈរ​ឈប់​រចល់ ទើប​នាំ​និទាន មែន​មាន​មនុស្ស​សល់ ប្រាយ​ប្រាប់​អស់​កល នឹង​ពេជ្ឈឃាដ​ហោង ។ ចៅ​អើយ​និយាយ កាល​ពី​ព្រេង​នាយ ទុក​ជា​ទំនង មុន​មាន​ស្រី​ម្នាក់ មាន​កូន​មួយ​ហោង ចិញ្ចឹម​ស្ការ​ផង ស្រឡាញ់​រក្សា ។ ស្រី​នោះ​ទៅ​ផ្សារ ទុក​នៅ​តែ​ស្ការ និង​កូន​នោះ​ណា ផ្ដេក​ក្នុង​អង្រឹង ទើប​ចរ​យាត្រា ក្រោយ​នោះ​ពស់​អា- សិរ​ពិស​យង់​ឃ្នង ។ ក្សិណ​ពស់​លលាំ វារ​មក​ចឹក​ខាំ កូន​នោះ​មរណ​ហោង ស្ការ​យល់​ពស់​ពិស ទ្រុស្ត​ទ្រឹស្ដិ​កន្លង ស្ការ​ប្រខាំ​ផង នឹង​ពស់​នោះ​ណា ។ កាល​នោះ​ពស់ ពាល​ប្រខាំ​នឹង​ស្ការ ស្ការ​ខាំ​មរណា ម្ចាស់​មក​ពី​ផ្សារ​ក្សិណ​ស្ការ​នោះ​វា រត់​ដោយ​មាគ៌ា ទៅ​ទទួល​ហោង ។ រី​ស្រី​ម្ចាស់​ស្ការ យល់​ឈាម​រន្ទាល នៅ​ខ្លួន​នោះ​ផង  ប្រមាណ​គិត​ថា ស្ការ​កាច​កន្លង ខាំ​កូន​ជា​ម្ដង មិន​ឈាម​អ្វី​ឡើយ ។ ខឹង​ឆុល​ឆៀប​ឆាប់ វាយ​ស្ការ​សម្លាប់ បោះ​បង់​សៀត​ហើយ ចូល​ទៅ​មើល​កូន ឃើញ​សូន្យ​ឥត ត្រើយ ពិត​ពុំ​ទេ​ឡើយ យល់​ពស់​មរណា  ។ ទើប​គិត​ឯង​យល់ ថា​ពស់​កាច​សល់ ខឹង​ខាំ​បុត្រ​ភ្ងា ស្ការ​ការ​បុត្រ​នោះ ប្រខាំ​សោះ​សា យល់​ស្នាម​ជាក់​ជា បន្ទាល់​ទៀង​ពិត ។ ទើប​គិត​ស្ដាយ​ស្ការ ស្ដាយ​កូន​សង្សារ សោះ​សូន្យ​ជីវិត សោក​ឯង​ផ្សា​ឯង ស្ដាយ​អស់​ពី​ចិត្ត អញ​ខ្លាច​មហាក្សត្រ នឹង​ស្ដាយ​ច្នោះ​ហោង ។ ហេតុ​នេះ​អញ​ពុំ បើក​បើ​ខឹង​ខំ ខុស​ច្បាប់​កន្លង ចៅ​ទៅ​ទ្វារ​ទៀត រី​អញ​នេះ​ម្ដង មិន​បើក​ឡើយ​ហោង និយាយ​សោត​មាន  ។

ពេជ្ឈឃាដ​ស្ដាប់​ហើយ ខំ​ពុំបាន​ឡើយ ទើប​នាំ​ទៅ​ថ្កាន នាយ​ទ្វារ​ទក្សិណ ឱ្យ​បើក​ត្បិត​មាន ព្រះ​បន្ទូល​ថ្កាន ប្រើ​យើង​នេះ​ណា៎ ។ នាំ​មនុស្ស​ទៅ​កាប់ ចៅ​បើក​ឆាប់​ៗ ដូច​ព្រះ​អាជ្ញា នាយ​ទ្វារ​ទក្សិណ នោះ​សោត​ឆ្លើយ​ថា លោក​ដែល​ឯណា នាំ​ទាំង​រាត្រី ។ ពេជ្ឈឃាដ​ឆ្លើយ​ថា ព្រះ​អើយ​អញ​ណា ប្រកែក​ថា​អ្វី បើក​ទៅ​ឆាប់​ៗ នឹង​កាប់​ម្នាម្នី នៅ​ទាស់​សេចក្ដី លើ​ព្រះ​អាជ្ញា ។ យើង​នេះ​មិន​ព្រាង កុំ​ចៅ​អួតអាង ឃាត់​ខាំង​រាំងរា បើ​ចៅ​មិន​ជឿ ទៅ​ទូល​ក្សត្រា យើង​ពុំ​មុសា វាទ​វៀច​ឡើយ​ហោង ។ នាយ​ទ្វារ​ឆ្លើយ​ថា ជឿ​ជា​ក្សត្រា ប្រើ​ជាក់​មែន​ហោង នាំ​ទៅ​សម្លាប់ តែ​ច្បាប់​សព្វ​ដង សម្លាប់​មនុស្ស​ផង សឹង​នាំ​ទៅ​ថ្ងៃ ។ នេះ​នាំ​ទាំង​យប់ យើង​នឹង​ឱ្យ​ឈប់ លុះ​ស្រាង​ឧទយ បើ​ចៅ​នឹង​ខំ យើង​ពុំ​បើក​វៃ ច្បាប់​យើង​ទីទៃ ចេះ​ចាំ​ស្ទាត់​នៅ ។ ហើយ​មាន​និយាយ អំពី​ព្រេង​នាយ អញ​នឹង​ប្រាប់​ចៅ ចៅ​ស្ដាប់​អញ​ថ្លែង សំដែង​សំដៅ ដោយ​និទាន​ទៅ ដំណើរ​អតីតា ។ មុន​មាន​សេដ្ឋី មាន​ទ្រព្យ​ប្រាំបី កោដិ​ឃ្លាំង​សោះ​សា ចិញ្ចឹម​ឆ្កែ​ចាំ ឆ្កែ​ប្រាំ​រយ​ណា សឹង​ឆ្កែ​ជា​ៗ បាន​ដូច​នូវ​ចិត្ត ។ ទោះ​មនុស្ស​ជា​ចោរ ឃើញ​តែ​ស្រមោល បណ្ដេញ​ដោយ​ដិត ព្រូស​​ព្រមនឹង​ខាំ ប្រចាំ​គ្នា​ស្ទាត់ រក្សា​សម្បត្តិ នៃ​មហាសេដ្ឋី ។ សេដ្ឋី​នេះ​ណា៎ សឹង​ឱ្យ​រក្សា ឆ្កែ​ជា​ប្រក្រតី មាន​ខ្ញុំ​ដណ្ដាំ​បាយ​ឱ្យ​ឆ្កែ​ឆី សព្វ​ទិន​រាត្រី ពុំ​សោះ​ឡើយណា ។

មាន​កាល​មួយ​ថ្ងៃ ចោរ​ប្រាំ​រយ​រៃ គប់​គិត​នឹង​គ្នា វា​ជីក​ឧម្មង្គ​ឡើង លូច​ទ្រព្យ​មហា សេដ្ឋី​នោះ​ណា  អស់​ពី​ឃ្លាំង​ហោង ។ ឆ្កែ​ប្រាំ​រយ​យល់ គ្រជូរ​ដេញ​ដល់ ព្រម​ព្រូស​ខឹង​ខ្លាំង ដេញ​ក្នុង​ឧម្មង្គ ក្នុង​ឋាន​កំបាំង ខាំ​ចោរ​ស្លាប់​ទាំង ប្រាំ​រយ​អស់​វៃ ។ លុះ​ព្រឹក​សេដ្ឋី យល់​ទ្រព្យ​បាត់​ពី មណ្ឌល​ឃ្លាំង​ជ័យ ប្រាំ​មួយ​កោដិ​គត់ អស់​ឥត​សង្ស័យ សេដ្ឋី​ក្រោធ​ក្រៃ ថា​អះ​អសារ ។ ចិញ្ចឹម​ឆ្កែ​ថ្វី ឱ្យ​បាយ​វា​ឆី វា​ដេក​ឥត​ការ ចោរ​លួច​ទ្រព្យ​អស់ ឆ្កែ​ពេញ​ទាំង​វាល ឥត​សព្ទ​ឥត​សារ នឹង​ទុក​ថ្វី​វា ។ សេដ្ឋី​ឱ្យ​ចាប់ ឆ្កែ​ទៅ​សម្លាប់ ឥត​សំណល់​ណា លង់​លុះ​ខ្មោច​ចោរ ធុំ​ក្លិន​ដល់​មហា សេដ្ឋី​នោះ​ណា៎ ដ៏​ជា​ម្ចាស់​ទ្រព្យ ។ សេដ្ឋី​ថា​យើ អស់​ក្មេង​នេះ​តើ យក​ឆ្កែ​ទៅ​កាប់ ត្រង់​ឋាន​ឯណា វា​ស្អុយ​ស្ទើរ​ស្លាប់ ទៅ​យក​ឆាប់ៗ  អូស​ចេញ​ឱ្យ​ឆ្ងាយ ។ ខ្ញុំ​មហាសេដ្ឋី ប្ដឹង​ប្រាប់​វឹង​ខ្មី ថា​ឆ្កែ​ទាំង​ឡាយ យើង​ខ្ញុំ​សម្លាប់ កណ្ដាល​ព្រៃ​ឆ្ងាយ មិន​ធុំ​ដល់​អាយ នេះ​ឡើយ​ម្ចាស់ថ្លៃ ។ ទើប​មហា​សេដ្ឋី ថា​ដូច្នោះ​ខ្មោច​អ្វី ធុំ​ស្អុយ​ពេក​ក្រៃ អា​រក​ហិត​មើល ប្លែក​ក្រៃ​វិស័យ​ខ្ញុំ​នោះ​វៃ ៗ ហិត​រក​ហោង​ណា ។ ដល់​មាត់​រណ្ដៅ នោះ​ធំ​ស្អុយ​ក្រៅ វិស័យ​សោះ​សា  ខ្ញុំ​នោះ​វិល​មក ប្រាប់​សេដ្ឋី​ថា រណ្ដៅ​មួយ​ណា ធុំ​ស្អុយ​ពេក​សល់ ។ ទើប​សេដ្ឋី​ថា បើ​ដូច្នោះ​អស់​គ្នា ទៅ​ជីក​ឱ្យ​យល់ ក្សិណ​ខ្ញុំ​សេដ្ឋី កាន់​ចប​រចល់ ជីក​ទៅ​យង់​យល់ ខ្មោច​ចោរ​មរណា ។ របួស​ទៀត​ទេ សឹង​ចង្កូម​ឆ្កែ នោះ​គ្រប់​អស់​គ្នា ទ្រព្យ​ក្នុង​ឧម្មង្គ សឹង​គង់​នៅ​ជា អស់​ខ្ញុំ​នោះ​វា មក​ប្រាប់​សេដ្ឋី ។ សេដ្ឋី​គន់​គិត  តែ​ក្នុង​គំនិត ដឹង​ដើម​សេចក្ដី ថា​អេះ​អញ​ធ្លោយ ឯង​ឱ្យ​សម្លាប់ ឆ្កែ​នោះ​ពុំ​គាប់ ខុស​ទៅ​ហោង​ណា ។

ចៅ​អើយ​មហាក្សត្រ ព្រះបាទ​ព្រហ្មទត្ត លើស​លើ​លោកា អញ​ថា​នឹង​ធ្លោយ ស្ដាយ​ក្រោយ​ដូច​មហា សេដ្ឋី​នេះ​ណា មិន​លែង​ឡើយ​ហោង ។ អញ​ពុំ​បើក​ចៅ ចៅ​នាំ​យក​ទៅ ទ្វារ​ឯ​ទៀត​ផង ទ្វារ​អញ​មាន​ច្បាប់ ចេះ​ស្រាប់​កន្លង អញ​ពុំ​បើក​ហោង កុំ​បង្ខំ​អញ  ។
ពេជ្ឈឃាដ​នោះ​ស្ដាប់ អស់​អាថ៌​សារសព្ទ នោះ​ទើប​នាំ​ចេញ ទៅ​ទ្វារ​បស្ចិម កាល​គ្រា​នោះ​វិញ អ្នក​ទ្វា​នោះ​មិញ ពុំ​បើក​ឡើយ​ហោង ។ ពេជ្ឈឃាដ​ថា​បើ ចៅ​ពុំ​បើក​តើ មាន​ច្បាប់​ទំនង ដំណើរ​នេះ​ម្ដេច ចូរ​ចៅ​សាសង ប្រាយ​ប្រាប់​អញ​ហោង អស់​អាថ៌​សារសព្ទ ។ ទើប​អ្នក​ទ្វារ​ថា លោក​ដែល​ឯណា នាំ​មនុស្ស​ទៅ​កាប់ ទាំង​យប់​រាត្រី ខុស​ពី​ក្បួន​ច្បាប់ ចៅ​​អើយ​ចូរ​ស្ដាប់ និយាយ​អញ​មាន ។ មុន​មាន​មហាក្សត្រ សោយរាជ្យ​សម្បត្តិ សម្បូរ​ធនធាន ចិញ្ចឹម​សេក​សត្វ សេក​រតន៍​កល្យាណ ហើយ​ទៅ​ហិមពាន្ត រក​ភស្តុ​ចំណី ។ សេក​មាន​សម្បុរ នោះ​ល្អ​និមល កប​បញ្ចិន្ទ្រិយ កាល​នោះ​ស្ដេច​យល់ សម្បុរ​បក្សី សេក​សួគ៌​សោភា ល្អ​ល្អះ​ប្រពៃ ។ ស្ដេច​អរ​កន្លង បន្ទូល​ទៅ​ផង សេក​សួគ៌​នោះ​វៃ សេក​អើយ​សម្បុរ អ្នក​យល់​ល្អ​ក្រៃ ហេតុ​ម្ដេច​ចូរ​លៃ លក​ប្រាប់​អញ​រ៉ា ។ សេក​សោត​ទៀត​ទូល បពិត្រ​ឥសូរ ជា​មកុដ​សិរសា សម្បុរ​ខ្ញុំ​ល្អ ត្បិត​ខ្ញុំ​ភោក្ដា ផ្លែ​ស្វាយ​នៅ​នា ព្រៃ​ព្រះ​ហិមពាន្ត ។ រី​ស្វាយ​នេះ​ណា បើ​ចាស់​ជរា អាក្រក់​ប៉ុន្មាន បាន​បរិភោក្ដា ផលា​នោះ​ក្សាន្ត​ក្សិណ នោះ​ប្រែ​ប្រាណ កំលោះ​វឹង​វៃ ។ ស្ដេច​ស្ដាប់​សា​សត្យ សេក​សួគ៌​ទូល​ថ្វាត់ បន្ទូល​ថា​ហៃ សេក​អើយ​បើ​ច្នោះ អ្នក​ទៅ​ឆាប់​វៃ ពាំនាំ​ពី​ព្រៃ ផ្ញើ​យើង​នឹង​ឆី ។ សេក​សោត​ទទួល ព្រះ​បន្ទូល​ស្រួល ស្រុះ​ស្រេច​អស់​ក្ដី ហើយ​ហើរ​ផ្លេក​ផ្លោះ ទៅ​ស្មោះ​ឃ្មាតខ្មី រក​ភស្តុ​ចំណី ចំណង់​ភោក្ដា ។ លុះ​នឹង​វិល​ថ្កាន ទើប​សេក​ពាំ​បាន មួយ​នោះ​ណា មក​ផ្ញើ​មហាក្សត្រ ស្ដេច​អរ​ក្ដាត់​ណា ទទួល​ផល្លា ពី​បក្សី​សត្វ ។ ស្ដេច​គិត​ថា​ស្វាយ នេះ​តិច​អម្បាយ បាន​ពីរ​បី​ម៉ាត់ បើ​អញ​នឹង​ឆី ឱ្យ​ល្អ​ខ្លួន​ថ្វាត់ តែ​អញ​ឯង​ក្សត្រ នូវ​បុត្រ​ភរិយា ។

និង​ញាតិ​ទាំងឡាយ បើ​ច្នោះ​យក​ស្វាយ នេះ​ទៅ​ដាំ​នា  ឋាន​មួយ​បើ​ដល់ បាន​ផល​ព្រឹក្សា សឹម​យើង​នាំ​គ្នា ឆី​ឱ្យ​ហោង ។ នឹង​មាន​រូប​រ័តន៍ ប្រពៃ​ល្អ​ក្ដាត់ ពេក​ពន់​កន្លង ទើប​ស្ដេច​បណ្ដុះ ស្វាយ​នោះ​ជា​ម្ដង ដុះ​ដូច​ស្ដេច​ប៉ង បំណង​ប្រាថ្នា ។ ស្ដេច​ឱ្យ​ទៅ​ដាំ មាន​អ្នក​ផង​ចាំ ពិភ័ក្ដិ​រក្សា លុះ​ស្វាយ​នោះ​ធំ បាន​ផល​ផ្លែ​ផ្កា ហេតុ​ដាំ​នោះ​ណា លើ​រន្ធ​នាគ​នៃ ។ ពិស​នាគ​សព្វ​សាយ ជ្រួត​ជ្រាប​ផ្លែ​ស្វាយ ពិស​ពស់​វិស័យ លុះ​ស្វាយ​នោះ​ធំ ទើប​ក្សត្រ​ជៀស្ឋជ័យ ឱ្យ​បេះ​ច្រើន​ក្រៃ យក​មក​ហោង​ណា ។ ស្ដេច​ឱ្យ​អមាត្យ ជំនិត​ព្រះ​បាទ ឆី​មុន​ក្សត្រា អមាត្យ​នោះ​ឆី ពុល​ពិស​មរណា នៅ​ព្រះ​ភក្ត្រ​មហា ក្សត្រ​ក្សាន្ត​នោះ​វៃ ។ ស្ដេច​យល់​អមាត្យ ពុល​ពិស​សល់​ខ្នាត ទ្រង់​ព្រះ​ក្រោធ​ក្រៃ ពុំ​ពិចារណា ឡើយ​មហាក្សត្រ​ថ្លៃ ថា​សេក​ចង្រៃ នឹង​សម្លាប់​អញ ។ ភ័ព្វ​អញ​នេះ​ម្ដង អញ​ឱ្យ​ឆី​លង មើល​មុន​មែន​មិញ បើ​អញ​ឆី​ឯង ឥត​ក្រែង​សម​អញ អស់​ជីវិត​វិញ  មិន​លែង​ឡើយ​ណា ។ ស្ដេច​ខ្ញាល់​ឆុរ​ឆាប់ វាយ​សេក​សម្លាប់ ឥត​ពិចារណា ដំណ​ពី​នោះ ស្វាយ​នោះ​ផ្លែផ្កា ឥត​នរណា នឹង​ហ៊ាន​បេះ​ឆី  ។ លុះ​ចំណរ​ទៅ នាគ​នោះ​និត្យ​នៅ ពុំ​បាន​ថយ​ពី លំនៅ​នោះ​ចេញ ពិស​ពេញ​ធរណី ប្រែ​ជា​សាប​ខ្មី ពុំ​ពុល​ឡើយ​ណា ។ អង្វែង​ទៅ​ណាស់ តា​ចាស់​ដូន​ចាស់ ពិបាក​រក្សា ដំរី​មហាក្សត្រ មក​គិត​គ្នា​ថា យើង​នេះ​ជរា ចាស់​ណាស់​ទៅ​ហើយ ។ ទន្ទឹង​តែ​ស្លាប់ វា​មិន​ឆាប់​ស្លាប់ ដូច​ចិត្ត​សោះ​ឡើយ បើ​ច្នោះ​យើង​រស់ ជា​មនុស្ស​ថ្វី​អើយ ពិបាក​ឥត​ត្រើយ មក​យើង​ទៅ​ឆី ។ ស្វាយ​ដែល​ស្តេត​ដាំ ឱ្យ​ស្លាប់​ទៅ​ចាំ រស់​រូប​ធ្វើ​អ្វី ពិបាក​អាត្មា រក្សា​ដំរី គាត់​គិត​ព្រម​ប្ដី ប្រពន្ធ​ហើយ​ទៅ ។ បេះ​បាន​មក​ឆី ក្សិណ​នោះ​ឯ​ប្ដី ប្រែ​សក់​ជា​ខ្មៅ សម្បុរ​ជា​ក្លោះ3 ឥត​ខ្ចោះ​ហ្មងសៅ ក្រឡេក​មើល​ទៅ ប្រពន្ធ​នោះ​ណា ។ ប្រែ​ជា​ក្រមុំ សម្បុរ​គួរ​សម ដោះ​ដូច​បទុមា ប្ដី​ថា​នាង​ល្អ នាង​មក​ពីណា ប្រពន្ធ​ឆ្លើយ​ថា យើង​ប្លែក​អញ​ហើយ ។ ប្ដី​ឮ​ភរិយា ចាំ​តែ​ពាក្យ​ថា មុខ​មិន​ស្គាល់​ឡើយ ទើប​ឆ្លើយ​ទៅ​ថា ឱ​លាភ​អញ​អើយ ពាក្យ​ប្រហែល​ហើយ រូបរាង​ទីទៃ  ។

ប្រពន្ធ​ឆ្លើយ​ថា ព្រះ​អើយ​អញ​ណា ខ្លា​វង្វេង​ព្រៃ  ក្រពើ​វង្វេង បឹង​ឯង​សព្វ​ថ្ងៃ នរណា​ឡើយ  នៃ អញ​ឯង​ដូន​ចាស់ ។ ចៅ​ឯង​សក់​ស ខ្នង​កោង​មិន​ល្អ ឥឡូវ​ប្រែ​ផ្លាស់ ជា​សក់​ខ្មៅ​ញាប់ ចំណាប់​ធំ​ណាស់ មុន​មិញ​សោត ចាស់ ឥឡូវ​កំលោះ ។ ប្ដី​ថា​យ​ីអើ ឱ្យ​ស្លាប់​មិញ​តើ មក​ឆី​ស្វាយ​នោះ ម្ដេច​អញ​នឹង​មេ ប្រែ​ខ្វែង​ជា​ក្លោះ មេ​អើយ​បើ​ច្នោះ ជា​ភ័ព្វ​យើង​ឯង ។ ដូនតា​ប្រែ​ប្រាណ ស្រេច​វិល​វឹង​ថ្កាន លំនៅ​ឥត​ក្រែង រក្សា​ដំរី ដូច​ពី​មុន​ព្រេង ដោយ​ជា​អញ​ឯង ពិត​ពុំ​ឃ្លាតឃ្លា ។ កាល​នោះ​ស្ដេច​យល់ កំលោះ​និមល​រូប  រាង​សោភា ស្ដេច​ត្រាស់​ដណ្ដឹង ថា​មនុស្ស​ពី​ណា មក​នៅ​រក្សា ដំរី​អញ​ហោង ។ ទើប​តា​កំលោះ ទូល​ទៅ​តាម​ស្មោះ បពិត្រ​ច្បាស់​ច្បង ខ្ញុំ​គឺ​តា​ចាស់ នៅ​នោះ​ឯង​ហោង ត្បិត​ឆី​ស្វាយ​ផង ប្រែ​ប្រាណ​ច្នេះ​ណា៎   ។  ស្ដេច​ស្ដាប់​ថា​យើ ស្វាយ​ពុល​មិញ​តើ ម្ដេច​ប្រែ​ជា ច្នេះ​ចូរ​អ្នក​ផង ទៅ​បេះ​ម្នីម្នា យក​មក​ឆាប់​រ៉ា អញ​នឹង​ឱ្យ​ឆី អាមាត្យ​ក្រាប​លា ទៅ​បេះ​ម្នីម្នា យក​មក​ឆាប់​រ៉ា អញ​នឹង​ឱ្យ​ឆី  ។  អាមាត្យ​ក្រាប​លា ទៅ​បេះ​ផល្លា មក​ថ្វាយ​ភូមី ទើប​ស្ដេច​ឱ្យ​អា- មាត្រ​មុខ​មន្ត្រី ឆី​មុន​ចក្រី ចង់​ដឹង​អក្ខរា ។ អាមាត្យ​មួយ​ឆី ល្អ​អស់​ឥន្ទ្រិយ ប្រពៃ​សោភា ស្ដេច​យល់​ច្នោះ​វៃ ព្រះ​ទ័យ​សង្កា    ត្រាស់​ប្រើ​ឱ្យ​មហា មាត្យ​មួយ​ឆី​ទៀត ។ រែង​ល្អ​និមល សួរ​សម​សម្បុរ ឡើង​ដូច​រមៀត ស្ដេច​ត្រាស់​ឱ្យ​អា មាត្រ​មួយ​ឆី​ទៀត ទើប​ស្ដេច​បាន​បៀត ទ្រង់​នឹង​ព្រះហស្ត  ។  ឯង​ឱ្យ​បុត្រី បុត្រា​មហេសី ទ្រង់​សោយ​ទាំងអស់ សឹង មាន​ព្រះអង្គ នោះ​ប្រែ​ប្រាណ​ផ្លាស់ ចាក​ចោល​ឯ​ចាស់ ក្រឡះ​បាន​ជា​ពាល4 ។ ស្ដេច​យល់​ច្នោះ​ហើយ ទើប​ក្សត្រ​ត្រាណ​ត្រើយ សោយ​ផល​អាហារ ល្អ​អស់​ព្រះអង្គ រុងរឿង​ត្រកាល សម្ដេច​ភូបាល ប្លែក​នឹង​សព្វ​គ្រា ។ ទើប​ក្សត្រ​ជៀស្ឋជ័យ គិត​ក្នុង​ព្រះទ័យ អង្គឺ​ក្ដី​ណា ហេតុ​អ្វី​ស្វាយ​ពុល បាន​ប្រែ​ជា​ៗ ស្ដេច​ត្រាស់​ឱ្យ​អា មាត្យ​មើល អស់​ក្ដី ។ អាមាត្យ​ទៅ​មើល រណ្ដៅ​នោះ​ឃើញ នាគ​នៅ​អំពី មុន​មាន​ដូច្នោះ ទើប​ទូល​ចក្រី ស្ដេច​មាន​ព្រះ​ពិ ចារណា​យង់​យល់ ។  ជា​ពស់​នាគា ជ្រួត​ជ្រាប​ព្រឹក្សា  ពិស​ពស់​អស់​កល ពី​មុន​នាគ​មិញ ពិស​ពេញ​សព្វ​សល់  អញ​ឯង​​ដាល​ដល់ សម្លាប់​សេក​សត្វ  ។  ស្ដេច​សែន​នឹក​ស្ដាយ សេក​សួគ៌​ពណ្ណរាយ អសារ​បង់​បាត់ នែ​ចៅ​ពេជ្ឈឃាដ ព្រះបាទ​ព្រហ្មទត្ត អញ​ខ្លាច​មហាក្សត្រ នឹក​ស្ដាយ​ក្រោយ​ក្រៃ  ។ ហេតុ​ច្នោះ​ឯង​អញ ពុំ​បើក​ចៅ​ចេញ ទៅ​ទាំង​យប់​វៃ  បើ​ទោស​ខ្លាំង​សល់ ចៅ​ចាំ​ដល់​ថ្ងៃ  ច្បាប់​មាន​ក្សត្រ​ថ្លៃ នឹង​ខ្ញាល់​ពុំ​បាន ។
ពេជ្ឈឃាដ​ស្ដាប់​ស្ដែង នាយ​ទ្វារ​សំដែង ដំណាល​និទាន   ទើប​ទៅ​ឯ​ទ្វារ ឧត្តរ​ទីឋាន ពេជ្ឈឃាដ​ហៅ​ហាន ស្រែក​ប្រាប់​ទៅ​ថា វ៉ឺយ​អស់​នាយ​ទ្វារ រក្សា​សព្វ​កាល បើក​អញ​ម្នីម្នា ត្រាស់​ប្រើ​អញ​នាំ អ្នក​ទោស​នេះ​ណា5 ទៅ​កាប់​សោះ​សា ចៅ​បើក​អញ​ឆាប់ ។ នាយ​ទ្វារ​ឆ្លើយ​ទៅ ថា​ចៅ​វ៉ើយ​ចៅ មិន​ដែល​មាន​ច្បាប់ នាំ​អ្នក​ទោស​ទៅ ទាំង​យប់​សម្លាប់ អញ​យល់​ពុំ​គាប់ ខុស​ព្រះ​មាត្រា ពេជ្ឈឃាដ​ខឹង​ខំ ថា​ម្ដេច​ក៏​ពុំ បើក​ព្រះ​អាជ្ញា ឃាត់​អញ​អើ​ភាន ឯង​មាន​ច្បាប់​ណា ឱ្យ​ឯង​រាំងរា លើ​ព្រះ​បម្រើ ។ នាយ​ទ្វារ​ឆ្លើយ​ទៅ ថា​ពេជ្ឈឃាដ​ចៅ ងារ​អញ​ឯង​បើ អញ​ឃាត់​ម្ល៉េះ​ខុស ច្បាប់​ដូច្នោះ​តើ ចៅ​ខឹង​ខំ​ប្រើ ឱ្យ​បើក​ទៅ​បាន ។ អញ​ជា​នាយ​ទ្វារ ពី​មេ​ពី​បា រឿង​ពី​បុរាណ មិន​ដែល​ឮ​ថា ដូច្នោះ​នឹង​មាន បើ​ទោស​ប៉ុន្មាន ក្សត្រ​មាន​បុណ្យ​ថ្កើង ។ ប្រើ​នាំ​ទៅ​ផ្គង ចៅ​នៅ​នេះ​ហាង ទម្រាំ​ព្រឹក​ឡើង សឹម​នាំ​ចេញ​ថ្វាត់ យើង​ឃាត់​តាម​រឿង បើ​ឆ្គង​ទោស​យើង សឹង​មាន​គ្រប់​គ្នា ។ យល់​តែ​ស្ដេច​ប្រើ យើង​បើក​ហើយ​តើ មិន​ខុស​មាត្រា ដំណ​នឹង​ឃ្លៀង លំអៀង​ច្បាប់​ប្រា- កដ​កើត​អនា ទរ6​ផ្ទៃ​ក្រោម7​ក្រៃ   ។ ស្រដី​រាជការ ដោយ​មុខ​ភ្នាក់ងារ កាន់​ខ្ជាប់​ទីទៃ យល់​តែ​អំណាច ល្មម​ខ្លាច​ៗ​ក្រៃ បើ​ពុំ​ល្មម​នៃ ទាស់​សិន​ដោយ​ច្បាប់ ។ មុខ​មន្ត្រី​ធំ បើ​បាន​ជំនុំ ព្រម​ប្រើ​សម្លាប់ ឮ​តែ​ក្សត្រា ពុះពារ​ប្រើ​កាប់ ក្រោធ​ក្រៃ​ឆុរ ឆាប់ នឹង​ព្រះ​អំណាច  ចៅ​អើយ​ច្បាប់​មាន ក្សត្រ​ពី​បុរាណ បរម​រឿង​រាជ បើ​ពុំ​ទ្រង់​ធម៌ សម្មា​ឯង​អាច អាង​ព្រះ​អំណាច ខុស​ច្បាប់​ហើយ​ណា៎ ។ មុខ​មន្ត្រី​ធំ អ្នក​ប្រាជ្ញា​ជំនុំ គិត​ព្រម​គ្នីគ្នា បណ្ដេញ​ស្ដេច​បង់ ពី​ក្នុង​នគរា ត្បិត​ស្ដេច​ពុះពារ បំពាក់​បំពាន  ។ បើ​រាស្ត្រ​មន្ត្រី ពុំ​ដោយ​ច្បាប់​ពី បរម​បុរាណ ល្មម​លក់​ល្មម​ព្នៃ ល្មម​ឱ្យ​ក្ស័យ​បាន ចៅ​ខំ​ប៉ុន្មាន អញ​ពុំ​បើក​ឡើយ ។

បទ​ព្រហ្មគីតិ
កាល​នោះ​ឯ​មហាក្សត្រ ព្រហ្មទត្ត​តើន​ឡើង​ហើយ ហទ័យ​សោត​ពុំ​ស្បើយ គិត​ទៅ​ដល់​មា​យើង​ថា ។ មា​យើង​មាន​គុណ​ក្រៃ កាល​នៅ​ព្រៃ​មាន​តែ​មា យើង​ឥត​នរណា ក្រៅ​អំពី​មា​យើង​ឡើយ ។ ឥឡូវ​នេះ​អញ​ប្រើ ឱ្យ​គេ​ធ្វើ​គុត​គាត់​ហើយ គេ​កាប់​ឬ​នៅ​ឡើយ អះ​អញ​ស្ដាយ​ពេក​ណាស់​ណា ។ ស្ដេច​ត្រាស់​ឱ្យ​អាមាត្យ រត់​ខ្មីឃ្មាត​រួស​ម្នីម្នា ទៅ​តាម​យក​ចៅ​មា យើង​មក​វិញ​កុំ​ពិឃាដ ។ កាល​នោះ​អមច្ចា ក្រួញ​ក្រាប​លា​រត់​សង្វាត តាម​ទាន់​ពេជ្ឈឃាដ នៅ​នា​ទ្វារ​ឧត្តរ​នោះ ។ ទើប​នាំ​មា​យើង​មក វិល​វឹង​មក​ថ្វាយ​ក្សត្រ​ស្មោះ ទើប​ស្ដេច​បន្ទូល​ឆ្ពោះ ដណ្ដឹង​ចៅ​មា​យើង​ថា ។ ហៃ​មា​យើង​អើយ​ចៅ កាល​អញ​ទៅ​លេង​ព្រឹក្សា អញ​យល់​មា​ឯង​ជា មាន​គំនិត​គំនូរ ក្រៃ ។ ឥឡូវ​ម្ដេច​ចៅ​គិត ប្រាណ​ប្រែ​ចិត្ត​ទៅ​ទីទៃ ចូរ​ចៅ​ចែង​សម័យ ចរចា​មក​ឥឡូវ​រ៉ា ។ មា​យើង​ទូល​ពិនិត្យ ថា​បពិត្រ​ព្រះ​រាជា ក្នុង​កាល​យប់​មិញ​ណា ពស់​វា​មក​ខាំ​ក្សត្រ​ថ្លៃ ។ ខ្ញុំ​កាប់​ពស់​អន្តរាយ លោហិត​ខ្ចាយ​ពី ក្រោម​ក្រៃ ពេញ​ព្រះ​ថនា​នៃ វរ​ទេវី​ពិសេស​សល់ ។ ខ្ញុំ​ពុំ​ហ៊ាន​ប្រមាថ ដាស់​ព្រះ​បាទ​ឱ្យ​អំពល់ នឹង​យក​ដៃ​ដិត​ដល់ សោត​ពុំ​គួរ​ទើប​ខ្ញុំ​ខំ ។ យក​អណ្ដាត​លិទ្ធ​ឈាម កូវ​កើយ​ខ្វាម​ពិត​ពុំ​សម ជ្រាប​ដល់​ព្រះអង្គ​អ- ម្ចាស់ ឱ្យ​ចង​យក​ទៅ​កាប់ ។ ខ្ញុំ​នឹង​ទូល​ក្សត្រ​ក្សាន្ត ទាស់​ពុំ​ហ៊ាន​ក្រែង​ខុស​គាប់ អំពល់​បើ​នឹង​ស្លាប់ តាម​វេរា​អំពើ​កម្ម  ។ តេជះ​ហេតុ​អំពើ ត្រង់​ពុំ​ធ្វើ​វេរា​កម្ម ទើប​ខាន​ដោយ​សារ​ឆ្មាំ ទ្វារ​ជំទាស់​ពុំ​ឱ្យ​ទៅ ។ បើ​ពុំ​ពិចារណា គឺ​អសារ​សោះ​សូន្យ​សៅ ក្សិណ​ក្ស័យ​ជីវិត​នៅ នា​ធរណី​នាយ​ឥត​ការ ។ ស្ដេច​ស្ដាប់​ដណ្ដឹង​ឆ្ពោះ ថា​បើ​ច្នោះ​ខ្មោច​ពស់​ពាល ចៅ​ទុក​ឯណា​កាល ឥឡូវ​ចៅ​ប្រាប់​អញ​ហោង ។ មា​យើង​ទូល​ទៅ​ថា ខ្ញុំ​ទុក​ជា​បន្ទាល់​ផង ទាំង ៣ កំណត់​ហោង ក្រោម​មន្ទីរ​ទិព្វ​ភូបាល ។ ទើប​ស្ដេច​ឱ្យ​ទៅ​យក ខ្មោច​ពស់​មក​មែន​ដូច​សា- សព្ទ​ចៅ​មា​យើង​កាល នោះ​ព្រះអង្គ​ជឿ​ជាក់​ស្ដែង ។ ក្សត្រ​ថ្ងៃ​ខ្ពង់​ខ្ពស់ យល់​ខ្មោច​ពស់​ទ្រង់​ស្ញប់ស្ញែង ព្រឺ​ព្រួច​ប្រឹង​គ្រញែង ព្រះ​សិរសី​បន្ទូល​ថា ។ ភ័ព្វ​ជា​មា​យើង​អើយ កុំ​អី​ឡើយ​លុះ​មរណា ឱ​មា​យើង​មហា គុណ​អនេក​អនន្ត​ក្រៃ ។ អ្នក​ផង​សឹង​ស្ញប់ស្ញែង ព្រឺ​គ្រញែង​ទីទៃ យល់​គុណ​មា​យើង​ក្រៃ ក្រាស់​ឥត​នឹង​ថ្លាថ្លែង ។ ស្ដេច​ឱ្យ​ស្រេច​ស្រាយ​ចំណង មា​យើង​ហោង​ប្រោស​លះលែង ទោស​ទុក្ខ​បង់​រវែង ហើយ​បន្ទូល​ដោះសា​ថា ។ ចៅ​អើយ ហេតុ​អញ​ខ្លៅ ធ្វើ​ទោស​ចៅ​ឥត​ករុណា កុំ​ចៅ​យក​ទោសា អញ​ទទួល​ថា​ខុស​ហើយ ទើប​ស្ដេច​គិត​គុណ​ក្រៃ ឱ្យ​យស​ថ្លៃ​ឥត​ស្មើ​ឡើយ ដល់​មា​យើង​ជា​ត្រើយ ជា​មន្ត្រី​ធំ​កន្លង ។ នរៈ​អ្នក​សឹង​ចុះ​ឡើង ចៅ​មា​យើង​ឥតផ្ទឹម​ផង ហេតុ​បាន​ភរិយា​គ្រង កប​លក្ខណា​សួគ៌​សល់​ស្រី ។

បទ​កាកគតិ
និទាន​មា​យើង បាន​យក​ថ្កុំថ្កើង សាន្ត​សំរឹទ្ធី ស្លេះ​ទុក​ទើប​ថ្លែង សំដែង​ស្រដី ដំណាល​អំពី អ្នក​នាយ​ភេត្រា ។ បាន​មេ​កញ្ជើ ធ្លុះ​អរ​លលើ ទៅ​ជា​ភរិយា ដោយ​វា​ពុំ​មាន ធនធាន​ទ្រព្យា លុះ​បាន​ហើយ​វា ធ្វើ​ឆ្មើង​ធំ​ក្រៃ ។ ស្លៀក​ខៀន​ស្លៀក​ព្រែ ស្អាង​ខ្លួន​បន្ថែ ផ្ចិតផ្ចង់​សព្វ​ថ្ងៃ អាង​ប្ដី​មាន​ទ្រព្យ ប្រដាប់​ច្រើន​ក្រៃ ថា​ខ្លួន​វា​ថ្លៃ ឥត​គេ​ផ្ទឹម​ផង ។ វា​ពុំ​ស្រដី ទ្រព្យ​ធន​អ្វី ៗ ពុំ​បាន​ស្ងួន​គ្រង ស៊ី​ចាក់​ស៊ី​ចោល បាច​សាច​ជា​ម្ដង មាន​កូន​មួយ​ផង នឹង​នាយ​នោះ​នៃ ។ បើ​កូន​នោះ​ជុះ មេ​កញ្ជើ​ធ្លុះ ពុំ​លាង​វិស័យ ដូច​អ្នក​ទាំងគ្រប់ អាង​ទ្រព្យ​ច្រើន​ក្រៃ ហែក​ព្រែ​ថ្លៃ​ៗ ជូត​អាចម៍​ចោល​ទៅ ។ លង់​លុះ​វែង​ឆ្ងាយ ក្សិណ​ខ្សត់​អន្តរាយ ទ្រព្យ​ទាំង​សំពៅ  ប្រែ​ជា​អ្នក​ខ្សត់ ទុគ៌ត​អាសៅ លក់​ទាំង​សំពៅ ស៊ី​ចាយ​អស់​ហោង  ។  ហេតុ​ស្រី​ខាតលក្ខណ៍ ពុំ​ចេះ​ទុក​ដាក់ រក្សា​ស្ងួន​គ្រង ឱ្យ​អាប់​យស​ប្ដី អប្រិយ​កន្លង សព្វ​ថ្ងៃ​នេះ​ហោង សុំ​ទាន​គេ​ស៊ី ។

កម្សោយ​កម្សត់ អប្រិយ​កន្លង ហិន​ហោច​ទុគ៌ត ដើរ​ដោយ​ប្រឹថពី ស្វែង​រក​សុំទាន សព្វ​ឋាន​ទិសទី ចិញ្ចឹម​ជីវី ជីវិត​សព្វថ្ងៃ ។ សុំទាន​រៀង​ទៅ  ដូច​ដល់​លំនៅ ផ្ទះ​មា​យើង​វៃ នាង​យល់​អ្នក​ខ្សត់ ទុគ៌ត​ក្រ​ក្រៃ ស្មាន​អ្នក​ដទៃ ហើយ​ឱ្យ​ទាន​ទៅ  ។ លុះ​គន់​ជាក់លាក់ នាង​ស្គាល់​ជា​អ្នក ចៅ​នាយ​សំពៅ ប្ដី​ដើម​នៃ​នាង ទើប​នាង​ថា​ទៅ ឱ​នាយ​សំពៅ ម្ដេច​ដើរ​សុំទាន ។ ប្ដូរ​ផ្ដាច់​បោះបង់ អញ​ឥត​មាន​ស- ង្ស័យ​អញ​ស្មោះ​ស្មាន នឹង​កើត​របស់ ស័ក្ដិយស​ធនធាន ឥឡូវ​ម្ដេច​ប្រាណ ប្រែ​ខ្លួន​ទទេ ។ ល្អ​ពេក​មុខ​ចៅ ចៅ​នាយ​សំពៅ ដើរ​សុំទាន​គេ ស្រឡាញ់​ប្រពន្ធ ល្អ​លន់​មុខ​មេ កញ្ជើ​​ធ្លុះ​ទេ ល្អ​ពេក​ប្រាកដ ។ នេះ​ហេតុ​លក្ខណ៍​ស្រី គេ​ចម្រើន​ប្ដី បរិបូណ៌​បាន​បទ ស្រី​យើង​ចង្រៃ ពេក​ក្រៃ​ប្រាកដ នៅ​នឹង​អ្នក​ខ្សត់ ប្រែ​ជា​អ្នក​មាន  ។

មនុស្ស​ខ្សត់​ទាំង​ពីរ ឮ​ហើយ​រមិល មើល​នាង​កល្យាណ ស្គាល់​ជាក់​ហើយ​ខ្មាស អាស្រូវ​ភាសភាន ចៀស​ចេញ​ទៅ​ឋាន លំនៅ​អាត្មា   ។  មា​យើង​មាន​យស ឧត្ដម​ខ្ពង់ខ្ពស់ ត្បិត​ភរិយា​យស​យឺន​ពណ្ណរាយ កេរ្តិ៍​ឆ្ងាយ​សោះសា ប្រាកដ​ប្រុះ​ប្រា -កប​កេរ្តិ៍​វែង​ឆ្ងាយ  ។
រីឯ​សភាព ដំណើរ​កិរកាព្យ មាន​ពី​ព្រេង​នាយ បរម​បុរាណ និទាន​និយាយ អស់​អាថ៌​បរិយាយ ចែង​ចប់​ម្ល៉េះ​ហោង ៕

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៤ ទំព័រ ៣១- ៦០


  1. ច្បាប់​សាស្ត្រា​ស្លឹក​រឹត តម្កល់​នៅ​បណ្ណាល័យ​នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ លេខ ១៤៥៩ 
  2. ឋាន​មិន​ស្លាប់ គឺ​ព្រះនិព្វាន
  3. អនេក​សំខេយ្យា ច្រើន​រាប់​ពុំ​បាន, រាប់​ពុំ​អស់