រឿង​អ្នក​តា​យាយ​ងួន

អំពី​អ្នក​តា លោក​យាយ ឬ​យាយ​ងួន
អ្នក​តា​នេះ ស្ថិត​នៅ​ក្នុង​សង្កាត់​ទំរីង ស្រុក​សណ្ដាន់ ខេត្ត​កំពង់​ធំ ។ អ្នក​ស្រុក​ជា​ចំណុះ​អ្នក​តា​មាន ៩ ភូមិ1 គឺ​ភូមិ​សែន រនាម សំរោង ក្បាល​ដំរី និង​ទំរីង ក្នុង​សង្កាត់​ទំរីង ហើយ​នឹង​ភូមិ​ខោស អន្ទះ ទំអរ និង​ឫស្សី​ព្រៃ ក្នុង​សង្កាត់​ឫស្សី ស្រុក​សណ្ដាន់ ។ ភូមិ​ទាំង ៩​នេះ​ជា​ភូមិ​នៅ​រាយ​គ្នា​ក្នុង​ព្រៃ​ធំ លើ​ទួល​ខ្ពស់​ជាង​ដី​ធម្មតា សណ្ឋាន​ជា​ភ្នំ មាន​វត្ត​តែ​មួយ ហៅ​ថា​វត្ត​ក្បាល​ដំរី ក្នុង​សង្កាត់​ទំរីង ។ ចម្ងាយ​ជា​បន្ត​បន្ទាប់​គ្នា ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ប្រមាណ​ជា​ពី ១ ទៅ ៤ គ.ម. ។ ក្នុង​រង្វង់​ភូមិ​ទាំង ៩ ក្នុង​សង្កាត់​ទាំង​ពីរ ដូច​ខាង​លើ​នេះ ពី​បរម​បុរាណ​មក គេ​និយម​ហៅ​ថា តំបន់​ក្បាល​ដំរី ពី​ព្រោះ​មាន​តែ​វត្ត​ក្បាល​ដំរី​មួយ​នេះ​ជា​ទី​សិក្សា​និង​ជា​ទី​ប្រជុំ​ធ្វើ​បុណ្យ​ទាន ។  [1][2][3]

ខ្ទម​អ្នក​តា តាំង​នៅ​ក្បែរ​រទេះ ដែល​ឡើង​ពី​ភូមិ​តាម​ជួរ​មាត់​ស្ទឹង​សែន​ទៅ​កាន់​សង្កាត់​ទំរីង និង​សង្កាត់​ឫស្សី​ព្រៃ តំបន់​ក្បាល​ដំរី ចម្ងាយ​ពី​ទី​ប្រជុំ​ស្រុក​ទៅ ប្រមាណ​ជា ៤២ គ.ម. ។ អ្នក​តា​នោះ​គ្មាន​រូប​ចម្លាក់​ជា​តំណាង​ទេ មាន​តែ​ដី​ដុះ​ខ្ពស់​ឡើង នៅ​ក្រោម​ដំបូល​ខ្ទម​សណ្ឋាន​ជា​ដំបូក​ប៉ុណ្ណោះ ។
បើ​គេ​ចង់​ធ្វើ​ដំណើរ​ពី​សាលា​ស្រុក​សណ្ដាន់ ទៅ​កាន់​ទី​អ្នក​តា គេ​ត្រូវ​ទៅ​តាម​ផ្លូវ​ដែល​កាន់​សង្កាត់​ទំរីង និង​សង្កាត់​ឫស្សី​ព្រៃ គឺ​គេ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​រទេះ ឆ្ពោះ​មុខ​ទៅ​ទិស​អាគ្នេយ៍ ។ ក្រោយ​ពី​បាន​ឆ្លង​កាត់​វាល​ស្រែ ដ៏​ធំ​ធេង​មួយ​រួច​ហើយ គេ​នឹង​បាន​ដល់​ភូមិ​និង​វត្ត​មួយ​ហៅ​ថា​ភូមិ​និង​វត្ត​អណ្ដូង​ព្រីង ក្នុង​សង្កាត់​ឈើ​ទាល (សណ្ដាន់) ។ ត​ពី​នេះ​ទៅ​ទៀត ផ្លូវ​រទេះ​នឹង​បំបែរ​ដំណើរ​គេ​ឲ្យ​ឆ្ពោះ​មុខ​ត្រង់​ទៅ​ទិស​ខាង​កើត​រហូត ។

លុះ​ឆ្លង​កាត់​ព្រៃ​ធំ​និង​ព្រៃ​របោះ​ដ៏​ស្ងាត់​ជ្រងំ​ពីរ​លើក​មក ដែល​ជួន​កាល​មាន​ពើប​ប្រទះ​នឹង​ពួក​ម្រឹគ​ទាំង​ឡាយ ដែល​វា​ដើរ​រក​ស៊ី​ក្បែរ​ផ្លូវ​នា​ព្រៃ​ទាំង​នេះ នាំ​ឲ្យ​គេ​ភ្ញាក់​ភ័យ នឹង​មាន​ការ​កម្សាន្ត​ភ្នែក​ខ្លះ ដោយ​មិន​ដែល​បាន​ឃើញ នឹង​បាន​ឆ្លង​អូរ​ពីរ​ដ៏​មាន​ទឹក​ថ្លា​ឆ្វង់ មើល​ឃើញ​ដី​និង​ត្រី​ហែល​ច្រវាត់ ដែល​ហូរ​បណ្ដោយ​តាម​មាត់​ព្រៃ ហាក់​ដូច​ជា​ខ្សែ​ខណ្ឌ​ព្រំ​ដែន​ព្រៃ​ធំ និង​ព្រៃ​របោះ​នោះ ឲ្យ​មាន​ភាព​ដាច់​ដោយ​ឡែក​ពី​គ្នា​ទាំង​មាន​ព្រឹក្សា​ម្លប់​ត្រឈឹង​ត្រឈៃ ដុះ​ក្បែរ​ច្រាំង​ប្រប​ផ្លូវ ជា​ទី​សម្រាក​នៃ​អ្នក​ដំណើរ​ទាំង​ឡាយ មុន​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ។ មក​ដល់​ទី​នេះ ទេស​ភាព​បាន​ប្រាប់​គេ​ឲ្យ​ដឹង​ថា ចូល​ដល់​សង្កាត់​ទំរីង​ហើយ ។

លុះ​ឆ្លង​ព្រៃ​របោះ​ផុត​ទៅ គេ​ត្រូវ​ឡើង​ទួល​ចូល​ដល់​ព្រៃ​ស្រោង “ស្រឡៅ​ដុះ​រាយ​លាយ​សុក្រំ” គេ​នឹង​ឃើញ​នៅ​តាម​បណ្ដោយ​មាត់​ផ្លូវ​ខាង​ជើង (ខាង​ឆ្វេង) នូវ​ធ្លា​មួយ​បួន​ជ្រុង​ទ្រវែង ទំហំ​ប្រមាណ​ជា ៥០ ម X ២០ ម ។ នៅ​ទន្ទឹម​នឹង​ចុង​ខាង​កើត​នៃ​ទី​ធ្លា​នេះ ក្បែរ​មាត់​ផ្លូវ​ខាង​ត្បូង (ខាង​ស្ដាំ) គេ​នឹង​ឃើញ​ខ្ទម​មួយ​សណ្ឋាន​ជា​ផ្ទះ​តៀម សសរ​ខ្លឹម ប្រក់​ក្បឿង​ជញ្ជាំង​ក្ដារ ។ នៅ​ក្នុង​នោះ​មាន​ដំបូក​មួយ​ដ៏​មាន​គ្រឿង​សក្ការ​បូជា​ផ្សេង​ៗ មាន​ទៀន​ធូប ទង់ ពិតាន ជា​ដើម ដោត​និង​ព្យួរ​ច្រូង​ច្រាង​រយោន​រយាន នេះ​ហើយ​ជា​ខ្ទម​អ្នក​តា យាយ​ងួន ដែល​អ្នក​ស្រុក​និង​អ្នក​ដំណើរ​ទាំង​ឡាយ​តែង​គោរព​បូជា ។ បើ​ធ្វើ​ដំណើរ​ពី​នេះ​ទៅ​មុខ​ទៀត ប្រមាណ​ជា ១ គ.ម. គេ​នឹង​បាន​ដល់​ភូមិ​មួយ ហៅ​ថា​ភូមិ​សែន ជា​ភូមិ​បង្កើយ​ដែល​អ្នក​ភូមិ​អាច​ថែរក្សា​អ្នក​តា​នេះ​ផ្ទាល់​ដៃ បាន​ដិត​ដល់​ជាង​គេ ។ ត​ពី​ទៅ​ទៀត ប្រមាណ​ជាង ១ គ.ម គេ​នឹង​ដល់​ភូមិ​និង​វត្ត​ក្បាល​ដំរី ក្នុង​សង្កាត់​ទំរីង ។ បើ​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត (ត្រង់​ទៅ​កើត) ប្រមាណ​ជា ៤ គ.ម គេ​នឹង​ដល់​ភូមិ​មួយ​ទៀត ដែល​មាន​អក្ខរា​សរសេរ​នៅ​លើ​បន្ទះ​ក្ដារ បោះ​ក្បែរ​ច្រក​ចូល​ថា “ភូមិ​ខោស សង្កាត់​ឫស្សី​ព្រៃ” ។

គេ​រអែង​យាយ​ងួន​ពន់​ពេក2 ដោយ​គេ​ជឿ​ចាក់​ថា យាយ​ងួន មាន​ឥទ្ធិពល​អស្ចារ្យ​ណាស់ អាច​ជួយ​សម្រេច​បាន​យ៉ាង​ស័ក្ដិ​សិទ្ធិ តាម​សំណូម​ពរ (ការ​បន់​សព្វ​បែប​យ៉ាង) របស់​ជន​ណា​ដែល​គោរព​រាប់​អាន​គាត់​ដោយ​ស្មោះ​ស្ម័គ្រ ហើយ​ផ្ដន្ទា​ទោស​យ៉ាង​ទាន់​ហន់ ជន​ណា​ដែល​ទៅ​ដល់​ហើយ ព្រហើន បែប​ចង់​មើល​ងាយ ដោយ​ឫក្ស​រឹង​ត្អឹង មិន​ព្រម​ចំណុះ មិន​គោរព​គាត់ ។

ពិធី​ឡើង​អ្នក​តា​នេះ ក្នុង​១​ឆ្នាំ​មាន​ធ្វើ​ពីរ​ដង នៅ​ខ្នើត​ខែ​ពិសាខ​ម្ដង​ខ្នើត​ខែ​មាឃ​ម្ដង ប៉ុន្តែ​គេ​មិន​ហៅ​ថា​ឡើង​អ្នក​តា​ទេ គេ​ហៅ​ថា​ធ្វើ​បុណ្យ​រាប់​បាត្រ​ដារ​លោក​យាយ ពី​ព្រោះ​មិន​មែន​ជា​រៀប​ចំ​ពិធី​ឡើង ដោយ​មាន​គ្រឿង​សំណែន ដូច​អ្នក​តា​ឯ​ទៀត​ៗ​ទេ គឺ​គេ​ធ្វើ​បុណ្យ​តាម​របៀប​ព្រះ​ពុទ្ធ​សាសនា​យើង​សុទ្ធ​ៗ​តែ​ម្ដង គឺ​មាន​រៀប​ចំ​រាជវ័តិ ពូន​ភ្នំ​ខ្សាច់ ពេល​ល្ងាច និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត ព្រឹក​ឡើង​រាប់​បាត្រ​ដារ​បញ្ជូន​រួច​ហើយ ប្រគេន​ចង្ហាន់​ព្រះ​សង្ឃ​ឆាន់ ពេល​ព្រឹក​និង​ថ្ងៃ​ត្រង់ ។ ដល់​ពេល​រសៀល និមន្ត​ព្រះ​ធម្មកថិក​សម្ដែង​ធម៌​ទេសនា ដោយ​សាស្ត្រា​ចម្លង​បុណ្យ លុះ​ចប់​ហើយ​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះ​សង្ឃ​និង​អាចារ្យ ក៏​សន្មត​ថា​ចប់​កិច្ច​នេះ​ត្រឹម​តែ​ប៉ុណ្ណោះ ។

ការ​ធ្វើ​បុណ្យ​នេះ ធ្វើ​មួយ​យប់​មួយ​ថ្ងៃ​ក៏​មាន ពីរ​យប់​ពីរ​ថ្ងៃ​ក៏​មាន បី​យប់​បី​ថ្ងៃ​ក៏​មាន តាម​ការ​ជំនុំ​ព្រមព្រៀង​គ្នា ។ ការ​កំណត់​ធ្វើ គឺ​ក្នុង​មួយ​ឆ្នាំ​ពីរ​លើក​ជា​ដាច់ខាត នៅ​ខ្នើត​ខែ​ពិសាខ ដើម​ឆ្នាំ​ម្ដង ខ្នើត​ខែ​មាឃ​ម្ដង ដូច​បាន​ពោល​មក​ហើយ ប៉ុន្តែ​ធម្មតា​ច្រើន​តែ​អាចារ្យ​ជា​អ្នក​ផ្ដើម​ជំនុំ នឹង​កំណត់​ពេល​វេលា​ដែល​ត្រូវ​ធ្វើ ពី​ព្រោះ​អ្នក​តា​នេះ​គេ​ទុក​ជា​អាទិទេព​ពំនឹង​នៃ​អ្នក​ស្រុក​។

ក្រោយ​ដែល​បាន​កំណត់​ពេល​វេលា ដែល​ត្រូវ​ធ្វើ​រួច​ហើយ មុន​នេះ​ពីរ​ឬ​បី​ថ្ងៃ គេ​នាំ​គ្នា​ពី​គ្រប់​ភូមិ ទៅ​រៀប​ចំ​ទី​កន្លែង​អ្នក​តា មាន​សម្អាត​ទី​ធ្លា សង់​រោង​សម្រាប់​ព្រះ​សង្ឃ ធ្វើ​រាជវ័តិ ពូន​ភ្នំ​ខ្សាច់​ជា​ដើម ។ បើ​បុណ្យ​នេះ​ត្រូវ​ធ្វើ​ច្រើន​ថ្ងៃ គេ​ត្រូវ​រៀប​ចំ​ទី​កន្លែង សម្រាប់​ឲ្យ​អ្នក​រៀប​ចំ​បុណ្យ​ស្នាក់​អាស្រ័យ ដូច​ជា​ជើង​ក្រាន​ទឹក ឧស ជា​ដើម ប៉ុន្តែ​គេ​និយម​ធ្វើ​ច្រើន​ថ្ងៃ​តែ​ក្នុង​ខែ​មាយ ព្រោះ​ជា​រដូវ​គ្មាន​ភ្លៀង​ធ្លាក់ ។ ក្នុង​ឱកាស​បុណ្យ​នោះ នៅ​វេលា​យប់ ក្រោយ​ពេល​ដែល​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត​រួច មាន​លេង​ល្បែង​ផ្សេង​ៗ​ទៅ​តាម​កាល​សម័យ ដើម្បី​កំដរ​បរិយាកាស​ផង ។ ជំនាន់​បុរាណ មាន​លេង​លោត​អន្ទាក់ ឈូង រុញ​អង្រែ ទាញ​ព្រ័ត និង​ច្រៀង​ត​គ្នា​ប្រុស​ស្រី បទ​កញ្ចាញ់​ចេក បទ​កញ្ឆា​ឈូង ចោល​ឈូង ប្រប​កៃ… ។ល។ ចាស់​ៗ​លេង​ភ្លេង​ខ្មែរ​បុរាណ សម័យ​បច្ចុប្បន្ន ច្រើន​លេង​យីកេ​និង​រាំ​វង់ ។

នៅ​ខែ​ពិសាខ គេ​កម្រ​ធ្វើ​ច្រើន​ថ្ងៃ​ណាស់ ព្រោះ​ពិបាក​ដោយ​មាន​ភ្លៀង​ច្រើន ធ្វើ​តែ​មួយ​ថ្ងៃ​មួយ​យប់ ហើយ​គេ​មិន​សូវ​ទាំង​ទៅ​ដេក​នៅ​ឯ​ទី​កន្លែង​អ្នក​តា​នោះ​ផង ។ ទាំង​ព្រះ​សង្ឃ​ទាំង​គ្រហស្ថ គេ​គ្រាន់​តែ​ទៅ​ជួប​ជុំ​គ្នា​ចម្រើន​ព្រះ​បរិត្ត រួច​ហើយ​ក៏​ត្រឡប់​មក​ឯ​វត្ត​ទៅ​ផ្ទះ​វិញ ដល់​ព្រឹក​ឡើង​ចម្អិន​អាហារ​ពី​ផ្ទះ​រួច​ស្រេច ទើប​នាំ​គ្នា​ទៅ​ម្ដង​ទៀត ។ រៀប​បាត្រ​ដារ​បញ្ជូន​និង​ឆាន់ ពេល​ព្រឹក​និង​ថ្ងៃ​ត្រង់​រួច​ហើយ ជួន​កាល​មាន​ទេសនា​ឆ្លង ជួន​កាល​ក៏​គ្មាន​ទេ សន្មត​ថា​ហើយ​ស្រេច នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​រៀង​ខ្លួន ។

ក្រោយ​ពេល​ដែល​រាប់​បាត្រ និង​ព្រះ​សង្ឃ​សូត្រ​ធម៌​ចប់​មួយ​លើក​ហើយ មុន​នឹង​រៀប​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​ឆាន់ គេ​រៀប​ពិធី​បញ្ជូន​គេ​រំលែក​ភោជនាហារ​ចេញ​ពី​កន្ទោង​ដារ ។ អ្នក​តា​ចូល​មក​អង្ករ​មក​គ្រវាស បោយ​យក​ពី​ខ្លួន​ប្រាណ​នៃ​អ្នក​ដែល​មក​ជួប​ជុំ​ទាំង​ប៉ុន្មាន មេ​ជំងឺ​តម្កាត់​ឧបទ្រព​ចង្រៃ បញ្ចេរ​ជះ​ទៅ​ក្នុង​សង្ឃឹក​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ អ្នក​អង្គុយ​ជិត​សង្ឃឹក​ពីរ -បី​នាក់​ក៏​តាំង​ច្រួច​ទឹក​សែន ដង្ហោយ​ហៅ​ពួក​ខ្មោច ព្រាយ បិសាច រាជ​ភូត​ជា​មេ​ជំងឺ ធ្វើ​ឲ្យ​គេ​ឯង​ឈឺ​ថ្កាត់​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ភូមិ​ជា​ចំណុះ​អ្នក​តា​នេះ ឲ្យ​ចូល​មក​សេព​សោយ​គ្រឿង​ក្រយា​បូជា ដែល​គេ​រៀប​ចំ​ឲ្យ​នៅ​ឯ​សង្ឃឹក ។

លុះ​សែន​ហៅ​គ្រប់ ៣​ដង​ហើយ ព្រះ​សង្ឃ​សូត្រ​អាកាដ្ឋា ទើប​គេ​បញ្ជា​ឲ្យ​សែង​សង្ឃឹក​ចេញ​ទៅ​ហើយ ក៏​ដើរ​តាម​បាច​អង្ករ​ពី​ក្រោយ​បណ្ដើរ​ដរាប​ទៅ ដល់​ទី​កន្លែង​ដែល​ត្រូវ​ដាក់​សង្ឃឹក​ចោល ទើប​ត្រឡប់​មក​វិញ​ទាំង​អស់​គ្នា ហើយ​សម្នឹង​ប្រាប់​គេ​រាល់​គ្នា​ថា “យើង​បញ្ជូន​ពួក​វា​ឲ្យ​ទៅ​អស់​ហើយ” ។ ឯ​ពួក​អ្នកស្រុក​ជា​ពិសេស​ពួក​អ្នក​ដែល​មក​ជួប​ជុំ​ក្នុង​ពេល​បុណ្យ ក៏​មាន​ទឹក​មុខ​រីក​រាយ​ញញឹម​ញញែម ដែល​អាច​ឲ្យ​សម្គាល់​បាន​ថា ៖ មាន​ជំនឿ​ជាក់​ថា​មុខ​ជា​នឹង​បាន​សេចក្ដី​សុខ​សប្បាយ​ពិត​ប្រាកដ​មែន ព្រោះ​អ្នក​តា​បាន​បញ្ជូន​មេ​ឧបទ្រព​ចង្រៃ​ទៅ​អស់​ហើយ ។ ពិធី​បញ្ជូន​នេះ​គេ​និយម​ធ្វើ​តែ​នៅ​ថ្ងៃ​បង្ហើយ​បុណ្យ ។

អំពី​តង្វាយ: វត្ថុ​ដែល​ត្រូវ​ថ្វាយ​គ្មាន​កំណត់​ទេ តាម​តែ​អ្នក​បន់​ថ្វាយ​អ្វី ក៏​ថ្វាយ​ហ្នឹង​ទៅ បំណន់​ត្រូវ​យក​ទៅ​ថ្វាយ​ដល់​ទី​កន្លែង ប៉ុន្តែ​គេ​មិន​ដែល​បន់​ដាក់​គ្រឿង​ស្រវឹង​ទេ ដោយ​គេ​ដឹង​ថា អ្នក​នេះ​ជា​អ្នក​តា​សច្ចំ​មាន​សីល​ធម៌ មិន​មែន​ជា​ពួក​ព្រាយ​បិសាច​ទេ ។
បើ​គេ​មាន​ការ​បារម្ភ​ចំពោះ​ហេតុ​ណា​មួយ ហើយ​ចង់​ឲ្យ​បាន​សុខ​ក្សេម​ក្សាន្ត ដូច​ជា​ឲ្យ​ជួយ​ការ​ពារ​ជំងឺ​តម្កាត់​ផ្សេង​ៗ មាន​អាសន្ន​រោគ​ជា​ដើម កុំ​ឲ្យ​កើត​មាន​ដល់​ស្រុក​ភូមិ ឬ ក៏​សុំ​ឲ្យ​បាន​សុខ​សប្បាយ នៅ​ពេល​មាន​កិច្ចការ​ក្នុង​វត្ត ដូច​ជា​រៀប​ស្ថាបនា​កុដិ សាលា ព្រះ​វិហារ ឬ ធ្វើ​បុណ្យ​ទាន​ធំ​ជា​ដើម គេ​ត្រូវ​រៀប​រណ្ដាប់​បញ្ជាន់​រូប​គឺ: សំណែន​មាន​បង្អែម ចម្អាប ស្លា​ធម៌ ១​គូ ជម ៤ សំពត់​ស ៥​ហត្ថ ប្រាក់​មួយ​រៀល អង្ករ ទៀន ធូប ស្លា បារី ប្រេង​ម្សៅ និង​ទឹក​បាន3 មួយ​ស្ពក ហើយ​ប្រគំ​ភ្លេង​មាន​ស្គរ​ដី និង​ប៉ី​អរ ។ កាល​បើ​បាន​រៀប​ដូច្នេះ​ហើយ អ្នក​តា​ក៏​ចូល​មក រាំ​លេង​តាម​ភ្លេង​អស់​មួយ​បទ​យ៉ាង​វែង​ទើប​ឈប់ រួច​ហើយ​ផឹក​ទឹក​បាន ស៊ី​ស្លា ឬ ជក់​បារី​និង​លាប​ប្រេង​ម្សៅ​ហើយ​អង្គុយ​សម្រាក ចាស់​អារក្ស​ទាក់​ទង​សួរ សុំ​ឲ្យ​បាន​សុខ​សប្បាយ​ទៅ​តាម​ការ ឯ​អ្នក​តា​តែង​តែ​ទទួល​ព្រម​ជានិច្ច ប៉ុន្តែ​ច្រើន​ប្រាប់​អ្នក​ស្រុក​ឲ្យ​ត្រណម4 ផង ។

ក្នុង​ពេល​នោះ បើ​អ្នក​ណា​មាន​ការ​សា​ទុក្ខ​ដូច​ម្ដេច ឬ​ចង់​ដឹង​ហេតុ​អ្វី​មួយ​ចំពោះ​តែ​ខ្លួន​ម្នាក់ៗ អាច​សួរ​បាន​តាម​ត្រូវ​ការ ដូច​ជា​រក​របស់​បាត់ ឬ​ទស្សន៍ទាយ​មើល​មនុស្ស​ឈឺ​ជា​ដើម រួច​ហើយ បើ​អស់​នរណា​សន្ទនា​អ្វី​ត​ទៅ​ទៀត ទើប​អ្នកតា​ចេញ​ទៅ​វិញ ។
ឯ​ការ​រៀប​បញ្ជាន់​បែប​នេះ​មាន​កំណត់​កាល​ទេ ចង់​រៀប​នៅ​ពេល​ណា​ក៏​បាន ឲ្យ​តែ​មាន​ការ​គួរ​រៀប ប៉ុន្តែ​គេ​និយម​រៀប​តែ​ក្នុង​ទី​វត្ត ពី​ព្រោះ​ការ​ទាក់​ទង​នឹង​អ្នក​តា​នេះ ច្រើន​មាន​ទាក់​ទង​តែ​ក្នុង​ការ​ជា​សាធារណ ឯ​ចំពោះ​ឯក​ជន​វិញ​គ្មាន​ទម្លាប់​ធ្វើ​ដូច​នេះ​ទេ ។ បើ​នរណា​មាន​ការ​ត្រូវ​បន់​ត្រូវ​ថ្វាយ​អ្វី ត្រូវ​ទៅ​បន់​ថ្វាយ​ដល់​កន្លែង​ខ្ទម​ឯ​ណោះ ។ នៅ​ពេល​ធ្វើ​បុណ្យ​ប្រចាំ​ក្នុង​មួយ​ឆ្នាំ​ពីរ​ដង​នោះ គេ​គ្មាន​រៀប​រណ្ដាប់​អ្វី​ដូច​ជា​នៅ​ពេល​បញ្ជាន់​ទេ​គ្រាន់​តែ​យក​ទៀន​ធូប​ទៅ​អុជ​ថ្វាយ ប្រាប់​ប្រង​នៅ​ខ្ទម​ជា​ការ​ស្រេច ប៉ុន្តែ​រូប​អ្នក​និង​តោក​ជា​ដើម​ត្រូវ​ដាក់​ជា​មួយ​ដែរ ដើម្បី​ទុក​សម្រាប់​ត្រូវ​ការ​នៅ​ពេល​បញ្ជូន​សង្ឃឹក​ដូច​បាន​ពោល​មក​ហើយ ។ នៅ​ពេល​ឥត​រូប5​ម្ដង​ៗ អ្នក​តា​ច្រើន​ចូល​រូប​ថ្មី​ទៀត​នៅ​ពេល​ដែល​រៀប​បញ្ជូន​ក្នុង​ឱកាស​ធ្វើ​បុណ្យ​ប្រចាំ​ឆ្នាំ​នេះ​ឯង ឬ នៅ​ពេល​ដែល​គេ​រៀប​បញ្ជាន់​ដោយ​មាន​ការ​ជា​ចាំ​បាច់​ម្ដង​ៗ ដូច​បាន​ពោល​មក​ហើយ​នោះ​ដែរ ។

ប្រវត្តិ​អ្នក​តា
តាម​សេចក្ដី​ដំណាល​តៗ​មក​ថា ត្រង់​នាទី​ដី​សង្កាត់​ទំរីង​និង​សង្កាត់​ឫស្សី​ព្រៃ (ស្រុក​សណ្ដាន់) សព្វ​ថ្ងៃ ដែល​បរម​បុរាណ​និយម​ហៅ​ថា តំបន់​ក្បាល​ដំរី​នោះ ពី​អតីត​កាល​មក ជា​ព្រៃ​រហោឋាន​គ្មាន​មនុស្ស​នៅ​ទេ មាន​តែ​ពួក​ពាឡម្រឹគ​អាស្រ័យ​នៅ​ជា​ស្រុក​ភូមិ​របស់​វា ។ លុះ​ក្រោយ​មក​មាន​ពួក​ឧទ្ទាម​ចូល​ទៅ​នៅ តាម​ការ​ណែនាំ​ដោយ​សមព្រមត់​នៃ​ព្រាន​ព្រៃ ម្នាក់ ហៅ​ថា “ព្រាន​ហ្លួង6” ដែល​គាត់​ធ្លាប់​មក​បរបាញ់​ក្នុង​ព្រៃ​នេះ ស្គាល់​កន្លែង​សព្វ​គ្រប់​គឺ គាត់​ចំណាំ​បាន​ថា ត្រង់​នេះ​មាន​ជាំ​ត្រង់​នោះ​មាន​អូរ ទួល​ទំនាប ។ល។ ហើយ​គាត់​បាន​ទាំង​សន្មត​នាម​នៃ​ត្រង់​ទាំង​នោះ​ៗ សឹង​មាន​ឈ្មោះ​ហៅ​ជាប់​មក​ដល់​សព្វ​ថ្ងៃ7 ។

ពួក​ឧទ្ទាម​ដែល​ចូល​មក​នេះ គឺ​នៅ​ជ្រក​លាក់​ខ្លួន​ដោយ​កន្លែង​ផ្សេង​ៗ​ពី​គ្នា ដើម្បី​កុំ​ឲ្យ​មាន​ដំណឹង រក​ស៊ី​កាប់​ចម្ការ​តូច​តាច ដាំ​ស្រូវ ពោត នឹង​បន្លែ​បន្តិច​បន្តួច ផ្សំ​ជា​មួយ​ដំឡូង ក្ដួច​និង​រក​ផល​ក្នុង​ព្រៃ​ខ្លះ​ដូច​ជា​បណ្ដាញ​សត្វ យក​ឃ្មុំ និង​បេះ​ផ្លែ​ឈើ​ជា​ដើម ហើយ​កាន់​ទំនៀម​ទម្លាប់​តាម​ភាព​ជា​អ្នក​នៅ​ព្រៃ​ភ្នំ តាម​ព្រាន​ព្រៃ​នោះ​ទាំង​អស់ ក្រោយ​មក មាន​អ្នក​សំណាក់​មក​ពី​នេះ​ខ្លះ​ពី​នោះ​ខ្លះ ទៅ​នៅ​ផ្សំ​ផង​ទៀត ក៏​កាន់​តែ​កើន​ចំនួន​ក្រាស់ក្រែល​ក្នុង​កន្លែង​នីមួយ​ៗ ក៏​រីក​សាយ​កើត​ជា​ភូមិ​ធំ​ៗ បន្តិច​ឡើង ប៉ុន្តែ​ពុំ​ទាន់​មាន​វត្ត​អារាម និង​ពុំ​ទាន់​មាន​ក្រសួង​រាជ​ការ​ត្រួត​ត្រា​ដិត​ដល់​នៅ​ឡើយ​ទេ ។ ជំនាន់​នោះ​គ្មាន​ការ​ធ្វើ​បុណ្យ​ទាន​អ្វី​ផ្នែក​ខាង​ព្រះ​ពុទ្ធ​សាសនា​ធំ​ដុំ​ទេ ច្រើន​ទី​ពឹង​លើ​អ្នក​តា​និង​ព្រាយ​បិសាច​តែ​ប៉ុណ្ណោះ ព្រោះ​ក្នុង​គ្រា​នោះ អ្នក​ដែល​ចូល​ទៅ​នៅ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ចូល​ទៅ​នៅ​ដោយ​លួច​លាក់ ។
បណ្ដា​មនុស្ស​ទាំង​ឡាយ ដែល​រស់​នៅ​នា​តំបន់​ដូច​ខាង​លើ មាន​នាង​សាវកែ​ម្នាក់​ឈ្មោះ ងួន នៅ​ភូមិ​ព្រាហ្មណ៍ ជា​មនុស្ស​កំព្រា នៅ​រក​ស៊ី​តែ​ម្នាក់ មាន​ផ្ទះ​តូច​មួយ​ខ្នង សង់​ដាច់​ឆ្ងាយ​ពី​គេ ក្បែរ​ផ្លូវ​ធ្លា​ចុង​ភូមិ​ខាង​កើត ។

នៅ​ពេល​អធ្រាត្រ​នៃ​រាត្រី​មួយ អ្នក​ស្រុក ជា​ពិសេស​អ្នក​ដែល​នៅ​ជិត​ផ្លូវ​ធ្លា ដែល​កំពុង​និន្ទ្រា​លក់​យ៉ាង​ស្កប់​ស្កល់ ស្រាប់​តែ​ភ្ញាក់​ក្រញាង​ដោយ​ឮ​សូរ​សន្ធឹក​មនុស្ស​ជិះ​សេះ និង​ដើរ​យ៉ាង​ច្រើន​តាម​ធ្លា​ពី​ចុង​ភូមិ​ខាង​លិច​ទៅ​កើត ហាក់​ដូច​ជា​សន្ធឹក​គេ​ដង្ហែ​បុណ្យ​អ្វី​មួយ ហើយ​បាត់​សូរ​ត្រង់​មុខ​នាង ងួន ។ ក្រោយ​ដែល​បាន​ឮ​សូរ​សន្ធឹក​មក គេ​បាន​ក្រោក​អើត​មើល​តាម​ទៅ ឃើញ​មាន​រស្មី​ច្រាល​រន្ទាល​ពេញ​តែ​ផ្ទះ​នាង ងួន ប្រហែល​មួយ​ចម្អិន​បាយ ក៏​បាត់​ពន្លឺ​នោះ​សូន្យ​ឈឹង​ទៅ​វិញ ។ លុះ​ព្រឹក​ឡើង ពួក​អ្នក​ស្រុក​នាំ​គ្នា​ពិនិត្យ​មើល​ដាន​តាម​ផ្លូវ ពុំ​មាន​ឃើញ​មាន​ស្នាម​ដាន​អ្វី​បន្តិច​បន្តួច​សោះ មិន​អស់​ចិត្ត​ក៏​នាំ​គ្នា​ទៅ​សួរ​ដល់​នាង ងួន ទៀត នាង ងួន ឆ្លើយ​ថា នាង​គ្មាន​បាន​ដឹង​អ្វី​ទាំង​អស់ ។ ពួក​អ្នក​ស្រុក​មាន​ការ​ងឿង​ឆ្ងល់​ពន់​ពេក ចំពោះ​រឿង​ដ៏​ចម្លែក​នេះ ប៉ុន្តែ​បន្ទាប់​មក បាន​ឃើញ​នាង​ចាប់​ទម្ងន់​ដោយ​គ្មាន​ប្ដី ទើប​គេ​យល់​ថា​នាង​មាន​គភ៌ ដោយ​មាន​ហេតុ​ភេទ​ដ៏​ចម្លែក​ពី​ពេល​មុន​នោះ​ឯង ទើប​គេ​ជំនុំ​គ្នា​ដោយ​ស្ងាត់​ថា : ប្រហែល​ជា​មាន​អ្នក​មាន​បុណ្យ​បារមី​មក​ចាប់​ផ្ទៃ​នាង​ហើយ​មើល​ទៅ យើង​ត្រូវ​ចាំ​មើល​ជួយ​ថែទាំ​នាង​ផង ក្រែង​លោ​ពិត​មែន យើង​នឹង​បាន​ពឹង​បារមី​នោះ ។ តាំង​ពី​ពេល​នោះ​មក នាង​ងួន​ត្រូវ​បាន​អ្នក​ស្រុក​ជួយ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ទាំង​អស់ ។

លុះ​ដល់​គ្រប់​ខែ​ដប់ នាង ងួន ក៏​សម្រាល​បុត្រ​នោះ​មក ឃើញ​ថា​មាន​បុណ្យ​បារមី​ដ៏​អស្ចារ្យ​ពិត​មែន គឺ​ភេទ​ប្រុស សម្រាល​ចាក​ឧទរ​មក ចេះ​ដើរ ចេះ​និយាយ​ភ្លាម​ហើយ​មាត់​ទិព្វ​ផង ។ បុត្រ​នាង ងួន​បាន​ប្រកាស​ប្រាប់​គេ​ឯង​រាល់​គ្នា​ថា “ខ្ញុំ​ឈ្មោះ​ទុមបារមី ព្រះ​ឥន្ទ​លោក​ប្រើ​មក” ហើយ​ប្រាប់​នាង ងួន​ជា​ម្ដាយ​ទៀត​ថា “កូន​នៅ​ទី​នេះ​ជា​មួយ​នឹង​បាន​តែ​ប្រាំ​ពីរ​ថ្ងៃ​ទេ កូន​នឹង​លា​ម៉ែ​ទៀត​ទៀត​ហើយ កូន​ដាំ​កូន​ពោធិ​មួយ​ដើម​ទុក​ជូន​ម៉ែ​ជា​ទី​រឭក បើ​ម៉ែ​មាន​ទុក្ខ​ធុរៈ​ដូចម្ដេច គ្រាន់​តែ​នឹក​ដល់​ខ្ញុំ​ជា​កូន ខ្ញុំ​នឹង​មក​ជួយ​ម៉ែ​ឲ្យ​បាន​សម្រេច​ដូច​ប្រាថ្នា​ទាន់​ចិត្ត មួយ​ទៀត ដែល​ថា​ខ្ញុំ​នឹង​លា​ម៉ែ​ទៅ​ទៀត​នោះ សន្យា​ត្រឹម​តែ​មែក​ពោធិ​ដែល​ខ្ញុំ​ដាំ​នេះ​ធំ​បែក​មែក​ដាប​ដល់​ដី ខ្ញុំ​នឹង​ត្រឡប់​មក​ជួប​នឹង​ម៉ែ​វិញ​ហើយ” ។ លុះ​ដល់​គម្រប់​ប្រាំ​ពី​ថ្ងៃ កុមារ​ទុម​បារមី ក៏​បន្ទន់​កាយ​ដោយ​ប្រណីត​ប្រណម្យ​លា​នាង ងួន ចេញ​បាត់​ទៅ ។

ចាប់​តាំង​ពី​ពេល​នោះ​មក នាង ងួន ក៏​ក្លាយ​ខ្លួន​ទៅ​ជា​វត្ថុ​ស័ក្ដិ​សិទ្ធិ​មួយ ដោយ​មាន​មាត់​ទិព្វ អាច​ញាំង​សេចក្ដី​ប្រាថ្នា​របស់​មនុស្ស​ទាំង​ឡាយ ឲ្យ​សម្រេច​បាន​ដូច​ចិត្ត​ភ្លាម​ៗ ដោយ​គ្រាន់​តែ​នឹក​ដល់​គុណ​ទុមបារមី ជា​កូន​របស់​នាង ឲ្យ​មក​ជួយ​តែ​ប៉ុណ្ណោះ ។
ដោយ​ឃើញ​នាង​មាន​ឥទ្ធិ​ឫទ្ធិ​ដូច្នេះ មនុស្ស​ទាំង​ឡាយ​បាន​លើក​នាង​ជា​ទី​គោរព​សក្ការ និង​ជា​ទី​ពឹង​ទី​រឭក​ស្មើ​ជីវិត​រៀង​ៗ​ខ្លួន បាន​នាំ​គ្នា​ហៅ​ថា​នាង ងួន ថា “លោក​យាយ​ៗ” ឬ លោក​យាយ ងួន កាល​ណា​កំបាំង​មុខ​គាត់ ។

បន្ទាប់​មក​មាន​ដំណាល​ថា មាន​សៀម​បាន​ចូល​មក​លុក​លុយ​ប្រទេស​ខ្មែរ​យើង បាន​លើក​ទ័ព​ចូល​មក​រាតត្បាត​កៀរ​យក​ខ្មែរ​ធ្វើ​ជា​ឈ្លើយ ដែល​ហៅ “សៀម​កៀរ” ។ តាម​សេចក្ដី​ដំណាល​ថា សៀម​នោះ​ពូកែ​ណាស់​មាន​ព្រាយ​ខ្សឹប អ្នក​ណា​ទៅ​ពួន​កន្លែង​ណា ក៏​មិន​កំបាំង​ដែរ​វា​តាម​ទៅ​រក​ឃើញ​ទាំង​អស់ វា​ចាប់​ដោត​ស្លឹក​ត្រចៀក​ផង ។ ម៉្លោះ​ហើយ​ពួក​បណ្ដា​ជន​ដែល​នៅ​ក្នុង​តំបន់​ផ្សេង​ៗ ដោយ​បាន​ឮ​ល្បី​ថា យាយ ងួន មាន​ឫទ្ធិ​ពូកែ​ខ្លាំង​ណាស់ ក៏​នាំ​គ្នា​រត់​ចូល​មក​ជ្រក​នៅ​ក្នុង​តំបន់​យាយ ងួន នេះ​ជា​ច្រើន ។

ថ្ងៃ​មួយ ពួក​ទ័ព​សៀម​លើក​គ្នា​មក​ៗ​ជួប​នឹង​យាយ ងួន កំពុង​ដាំ​បាយ​នឹង​កូន​ឆ្នាំង​តូច​មួយ នៅ​ផ្ទះ​គាត់​ដែល​នៅ​ដើម​ផ្លូវ ពួក​ទ័ព​សៀម​បាន​កំហែង​ប្រុង​នឹង​ចាប់​ចង​គាត់ បណ្ដើរ​ឲ្យ​ទៅ​តាម​រក​មនុស្ស​ដែល​គាត់​លាក់ តែ​យាយ ងួន បាន​នឹក​ដើម​ដល់​កូន​ឲ្យ​មក​ជួយ ហើយ​គាត់​ឃាត់​ពួក​ទ័ព​នោះ​ថា “លោក​ចៅ​អើយ​កុំ​ធ្វើ​បាប​យាយ ចាំ​ពិសា​បាយ​ឲ្យ​ឆ្អែត​ទាំង​អស់​គ្នា​សិន សឹម​យាយ​ជូន​ទៅ នេះ​នែ​បាយ! យាយ​ដាំ​ជិត​ឆ្អិន​ហើយ” ។ មេ​ទ័ព​ក្រេវ​ក្រោធ​កំហក​កំហែង​ស្ដី​ឲ្យ​ថា “នែ ! យាយ​ឯង​កុំ​និយាយ​លេង​ជា​ល្បែង បែប​ចង់​មើល​ងាយ បាយ​យាយ​ឯង​មួយ​កូន​ឆ្នាំង អួត​ចង់​ឲ្យ​គេ​ស៊ី​ឆ្អែត​អស់​មួយ​កង​ទ័ព ប្រយ័ត្ន​ណា ! យាយ​ឯង​មិន​ស្គាល់​យើង​ទេ?” “ចាស​លោក ! យាយ​ចាស់​ហើយ មិន​ចេះ​និយាយ​លេង​ទេ បើ​លោក​ចង់​ជ្រាប ល​មើល​សិន​ទៅ បើ​លោក​ពីសា​មិន​ឆ្អែត ខ្ញុំ​សុខ​ចិត្ត​ប្រគល់​ជីវិត​ជូន បើ​ពីសា​មិន​អស់ ត្រូវ​លោក​ថយ​ទៅ​នគរ​លោក​វិញ​ភ្លាម” ។ ទទួល​ក្នុង​ពេល​នោះ ជា​ពេល​ដែល​កង​ទ័ព​ត្រូវ​បង្អង់ រៀប​ចំ​បាយ​បរិភោគ​ពេល​ព្រឹក​ផង មេ​ទ័ព​ក៏​នៅ​ស្ងៀម ប៉ុន្តែ​គ្មាន​ស្ដាប់​ពាក្យ​យាយ ងួន នេះ​បន្តិច​បន្តួច​សោះ​ទេ គេ​គិត​ស្រេច ចាំ​តែ​ពួក​កង​ទ័ព​បរិភោគ​រួច ចាប់​យាយ ងួន បណ្ដើរ​ទៅ​តែ​ម្ដង ។

ឯ​យាយ ងួន កាល​បើ​បាន​ដាំ​ស្ល​ឆ្អិន​ហើយ ក៏​ដោះ​ដួស​មួយ​កូន​ស្ពក លើក​ទៅ​ជូន​មេទ័ព ។ ដោយ​ខឹង​ខ្លាំង​ពេក មេទ័ព​មិន​ទទួល ចង្អុល​ឲ្យ​យក​ទៅ​កូន​ទាហាន​ម្នាក់ ។ ឯ​កូន​ទាហាន​នោះ​ក៏​ទទួល​យក​ទៅ​បរិភោគ ។ លុះ​បរិភោគ​ទៅ​វា​ឆ្ងាញ់​ខ្លាំង​ណាស់​គិត​ថា ម្ហូប​មួយ​កូន​ស្ពក​នេះ បង្ហើយ​ឲ្យ​អស់​តែ​ម្នាក់​ឯង មិន​ប្រាប់​ដល់​អ្នក​ណា​ទេ ប៉ុន្តែ​បរិភោគ​មិន​អស់​សោះ ពោះ​តែ​តឹង មាត់​តែ ឆ្ងាញ់ អាហារ​នៅ​តែ​ដដែល​គ្មាន​រំលោះ ដរាប​ដល់​ណែន​ពោះ​ក្រោក​មិន​រួច ក៏​ដឹង​តៗ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ នាំ​គ្នា​ចូល​មក​បរិភោគ​ត​ៗ​គ្នា ឆ្អែត​ស្ទើរ​ដើរ​មិន​រួច​រាល់​គ្នា អស់​ទាហាន​មួយ​កង​ទ័ព មិន​អស់​អាហារ​មួយ​កូន​ស្ពក​របស់​យាយ ងួន នោះ​ទាល់​តែ​សោះ ។ ដោយ​ឃើញ​ហេតុ​អស្ចារ្យ​មេទ័ព​សៀម​គិត​ឃើញ​ថា “យាយ​នេះ​មាន​ឫទ្ធិ​ពូកែ​ខ្លាំង​ណាស់ គ្រាន់​តែ​បាយ​គាត់​មួយ​ស្ពក ទាហាន​មួយ​កង​ទ័ព​ស៊ី​មិន​អស់​ទៅ​ហើយ ចំណង់​បើ​តតាំង​នឹង​គាត់​ត​ទៅ​ទៀត ដឹង​ជា​ទទួល​គ្រោះ​ថ្នាក់​ដល់​ប៉ុណ្ណា​ទៅ? ។ រួច​ហើយ​មេទ័ព ក៏​បញ្ជា​ដក​ទ័ព​ថយ ត្រឡប់​ទៅ​នគរ​សៀម​វិញ​ត្រឹម​នេះ​ទៅ ។

លុះ​ចំណេរ​ក្រោយ​មក យាយ ងួន ក៏​ទទួល​អនិច្ច​កម្ម​ទៅ ក្នុង​ជន្មាយុ ១០០ ឆ្នាំ​គត់ ដោយ​រោគ​ជរាពាធ ។ ពួក​អ្នក​ស្រុក​ជា​ចំណុះ​គាត់ ក៏​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ហើយ​បញ្ចុះ​សព​គាត់ ត្រង់​កន្លែង​ផ្ទះ​ដែល​គាត់​នៅ​នោះ​ឯង8 ដោយ​មាន​ប្រក់​និង​បាំង​ជញ្ជាំង​យ៉ាង​សមរម្យ ។
ពួក​អ្នក​ស្រុក​ដែល​ពី​ដើម​មក​ធ្លាប់​យក​គាត់​ជា​ពំនឹង ក៏​នៅ​រាប់​អាន​គាត់​នោះ​ដដែល​គឺ​ថា បើ​អ្នក​ណា​មាន​កិច្ច​ការ​យ៉ាង​ណា ក៏​ចូល​ទៅ​សុំ​ទៅ​បន់​ទៅ​ថ្វាយ នៅ​កន្លែង​ផ្នូរ​គាត់​នោះ​ឯង ប៉ុន្តែ​ក្នុង​ជំនាន់​នោះ មិន​ទាន់​ហៅ​ថា​អ្នក​តា​នៅ​ឡើយ​ទេ នៅ​ត្រឹម​តែ “លោក​យាយ​ៗ ឬ លោក​យាយ ងួន ដដែល” ។
ដោយ​នឹក​គុណូបការៈ​របស់​គាត់ ពួក​អ្នក​ស្រុក​តែង​នាំ​គ្នា​ទៅ​បោស​សម្អាត​ទី​កន្លែង នឹង​ពូន​ផ្នូរ​របស់​គាត់​ស្ទើរ​រាល់​ថ្ងៃ​ខែ ប៉ុន្តែ​មិន​ទាន់​មាន​ធ្វើ​ពិធី​ធំ​ដុំ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ។

ក្រោយ​មក គាត់​ទៅ​ពន្យល់​សប្ដិ​ដល់​អ្នក​ស្រុក ជា​ពិសេស​ចាស់​ព្រឹទ្ធាចារ្យ​នៅ​ក្នុង​ស្រុក​ភូមិ ដែល​ជា​ហេតុ​ឲ្យ​គេ​សន្និដ្ឋាន​ថា លោក​យាយ ងួន ពិត​មែន​តែ​ស្លាប់​ទៅ​ហើយ ប៉ុន្តែ​គាត់​នៅ​រាប់​អាន ជួយ​ទុក្ខ​ធុរៈ​ពួក​អ្នក​ស្រុក​ជា​កូន​ចៅ ដូច​កាល​គាត់​រស់​នៅ​នោះ​ដដែល ។
លុះ​កន្លង​ក្រោយ​មក ទើប​មាន​ចូល​ជាន់​រូប ។ ចាប់​តាំង​ពី​ពេល​ជាន់​រូប​មក ពួក​ស្រុក​និង​យាយ ងួន បាន​និយាយ​ឆ្លើយ​ឆ្លង​គ្នា ទៅ​វិញ​ទៅ​មក តាម​រយៈ​រូប​ដែល​ចូល​មក​នោះ ហើយ​ជំនាន់​ក្រោយ​ៗ បន្តិច​មក មាន​អ្នក​ខ្លះ​ហៅ​ថា “អ្នក​តា​លោក​យាយ ឬ លោក​យាយ ងួន” ។ ក្រោយ​មក​ទៀត កាល​នោះ ថា​មាន​ទ័ព​យួន​បាន​ចូល​មក​លុក​លុយ​ប្រទេស​កម្ពុជា​យើង បាន​រាល​ដាល​ចូល​មក​ដល់​ទី​រួម​ខែត្រ​កំពង់​ស្វាយ លោក​តេជោ​អី ដែល​ឈរ​ត្រួត​ត្រា​នៅ​ខែត្រ​នោះ នឹង​ចាត់​ការ​ត​ទល់​ជា​បន្ទាន់​ពុំ​បាន ហើយ​ដោយ​ឮ​ល្បី​ថា​លោក​យាយ ងួន មាន​ឫទ្ធានុភាព​ខ្លាំង​ពូកែ ធ្លាប់​មាន​ស្នា​ដៃ​យូរ​មក​ហើយ​នោះ លោក​ក៏​លួច​បណ្ដោះ​កង​ទ័ព​ខ្លះ ព្រម​ទាំង​គ្រួសារ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ភូមិ​ដូង​ទេរ ក្នុង​តំបន់​លោក​យាយ ងួន នោះ​ដែរ ។ លោក​តេជោ​អី​បាន​ចាត់​ឲ្យ​រៀប​រណ្ដាប់​បញ្ជាន់​រូប​យាយ ងួន មក​បន់​សុំ​ថា “លែង​តែ​លោក​យាយ​ជួយ​ឲ្យ​កម្រាប​ទ័ព​យួន​បាន​ចុះ នឹង​រៀប​ធ្វើ​បុណ្យ​យ៉ាង​ឧឡារិក​ឧទ្ទិស​ថ្វាយ​ក្នុង ១​ឆ្នាំ​ពីរ​ដង ដូច​ដែល​គេ​ធ្លាប់​ធ្វើ​ក្នុង​ទី​ឯ​ទៀត​ៗ” ក្នុង​ពេល​នោះ​ថា យាយ ងួន បាន​ទទួល​ជួយ​ពេញ​កម្លាំង ។

លោក​តេជោ​បាន​ផ្ញើ​លោក​ជំទាវ និង​បុត្រា​បុត្រី​ទុក​នៅ​ទី​នោះ​ដោយ​ចាត់​ការ​ឲ្យ​មាន​កង​យាម​ល្បាត​យ៉ាង​មធ្យ័ត9 រួច​លោក​ហួស​ទៅ​ទាក់​ទង​កែន​ពី​ខែត្រ​ទន្លេ​ល្ពៅ​នឹង​ម្លូ​ព្រៃ មក​ផ្សំ​នឹង​ពួក​អ្នក​នៅ​នឹង​តំបន់​លោក​យាយ ងួន នេះ ប្រជុំ​ទ័ព​ឲ្យ​យាយ ងួន ប្រោះ​ព្រំ​ឲ្យ​ហើយ​ទើប​លើក​ចេញ​ទៅ បាន​កម្រាប10 ទ័ព​យួន​វិនាស​អន្តរាយ​អស់​ក្នុង​រយៈ​ខែត្រ​និង​ពី​ក្នុង​ទឹក​ដី​ខ្មែរ​ទៅ ។
លុះ​បាន​សុខ​សាន្ត​ហើយ ទើប​ត្រឡប់​មក​យក​គ្រួសារ​ទៅ​ទី​រួម​ខែត្រ​វិញ ។ បន្ទាប់​មក លោក​បាន​ចាត់​ការ​ធ្វើ​បុណ្យ​ថ្វាយ​លោក​យាយ ងួន គឺ ចាត់​ឲ្យ​ធ្វើ​ទី​ធ្លា​មួយ សង់​សាលា​មួយ​ខ្នង ជីក​អណ្ដូង​ទឹក​១ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ពេល​បុណ្យ ។ តែ​នៅ​លើក​នេះ ពិធី​បុណ្យ​បាន​ធ្វើ​ចំនួន ៧​យប់ ៧​ថ្ងៃ ដោយ​មាន​ព្រះ​សង្ឃ ១០០​អង្គ មក​ជា​អធិបតី​នឹង​ទទួល​ភត្ត​ផង ព្រម​ទាំង​អញ្ជើញ​ពួក​អ្នក​ស្រុក និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ក្នុង​ខែត្រ​គ្រប់​ជាន់​ថ្នាក់ ព្រម​ទាំង​ពួក​ទ័ព​ឲ្យ​មក​ជួប​ជុំ​ទទួល​ការ​ជប់​លៀង​ក្នុង​ពិធី​បុណ្យ​ដ៏​មហោឡារិក​នោះ​ដែរ ។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​តេជោ​ព្រម​ទាំង​គ្រួសារ តែង​អញ្ជើញ​ទៅ​ធ្វើ​បុណ្យ​នា​ទី​យាយ ងួន ប្រចាំ​រៀង​រាល់​ឆ្នាំ​ហើយ​លោក​បាន​ដឹក​នាំ​ឲ្យ​សាង​វត្ត​សម្រាប់​បួស​រៀន​និង​ធ្វើ​បុណ្យ​ទាន ហើយនិង​ចាត់​ចែង​ឲ្យ​មាន​អ្នក​រាជការ ត្រួត​ត្រា​នៅ​តំបន់​នេះ​រៀង​មក ។
ដល់​ឥត​អំពី​លោក​តេជោ​អី​ទៅ ពួក​អ្នក​ស្រុក​ចេះ​ធ្វើ​តែ​បុណ្យ​នេះ​ជា​ទម្លាប់​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ១៥៥ – ១៧៥


  1. ភូមិ​នីមួយ​ៗ មាន​អ្នក​តា​កំណាន់​ភូមិ​គេ​មួយ​ៗ​ទៀត​ដែរ ហើយ​គេ​គោរព​តែ អ្នក​តា​ភូមិ​គេ​មួយ​ៗ ប៉ុណ្ណោះ ឯ​អ្នក​តា​លោក​យាយ​ឬ​យាយ​ងួន​នេះ គេ​ទុក​ជា​អ្នក​តា​ធំ​បង្អស់ លើ​អ្នក​តា​ប្រចាំ​ភូមិ​នានា ជា​ឆ្មាំ​ច្បង​ស្រុក​ភូមិ​របស់​គេ ក្នុង​សង្កាត់​ទាំង​ពីរ​ដែល​ហៅ​រួម​មក​ថា តំបន់​ក្បាល​ដំរី​នោះ​តែ​ម្ដង
  2. ភូមិ​ទាំង ៩ ជា​ចំណុះ​អ្នក​តា ដូច​បាន​ពោល​មក​ហើយ ជា​ភូមិ​នៅ​ក្នុង​ព្រៃ​ដី​ព្រវាយ (ដី​ក្រហម) មាន​ផល​របរ​ក្នុង​ព្រៃ​នោះ​ច្រើន ដូច​ជា​ផ្ដៅ វល្លិ៍ ជ័រ ស្បែក ស្នែង ក្រមួន និង​ទឹក​ឃ្មុំ​ជា​ដើម ប៉ុន្តែ​ជា​ស្រុក​ចាញ់​បំផុត ។ គេ​ជឿ​ថា ជំងឺ​ចាញ់​នោះ​មាន​ពីរ​យ៉ាង គឺ​ចាញ់​ទឹក​ដី ១ ចាញ់​អ្នក​តា ១ (ចាញ់​ព្រោះ​ធ្វើ​ខុស​នឹង​អ្នក​តា) ហើយ​គេ​ជឿ​ទៀត​ថា បើ​ចាញ់​អ្នក​តា មុខ​ជា​គ្មាន​អ្នក​តា​ឯ​ណា ក្រៅ​អំពី​អ្នក​តា​យាយ ងួន ដែល​ជា​ម្ចាស់​ទឹក​ដី​នេះ​ទេ ហេតុ​នោះ ទើប​ពួក​ឈ្មួញ​និង​អ្នក​ដំណើរ​ទាំង​ឡាយ មាន​ពួក​អ្នក​នៅ​តាម​ជួរ​មាត់​ស្ទឹង​សែន​ជា​ដើម ដែល​តែង​តែ​ទៅ​មក​រក​ស៊ី​នៅ​តំបន់​នោះ តែ​កាល​ណា​ទៅ​ដល់​ហើយ តែង​ទៅ​គោរព​អ្នក​តា​នេះ​ជា​មុន​ដរាប ព្រោះ​គេ​ជឿ​ជាក់​ថា អ្នក​តា​នេះ កាល​គាត់​នៅ​ជា​មនុស្ស​នៅ​ឡើយ គាត់​មាន​មាត់​ទិព្វ គឺ​ថា បើ​លោ​ជា​គាត់​ខឹង ឬ​អន់​ចិត្ត​នឹង​អ្នក​ណា​ហើយ​ស៊ុន​មាត់​ថា​ដូចម្ដេច មុខ​ជា​ទៅ​ជា​យ៉ាង​នោះ​ឯង ។ ម៉្យាង​ទៀត ដើម្បី​ការពារ​ជំងឺ​គ្រុន​ចាញ់ អ្នក​ដំណើរ​ទាំង​ឡាយ កាល​ណា​ដល់​ពេល​ត្រឡប់​មក​ផ្ទះ​វិញ តែង​ចូល​ទៅ​គោរព សុំ​ដី​ដំបូក​អ្នក​តា​មួយ​ដុំ យក​មក​ទុក​ស្ងោរ​ផឹក​ឯ​ផ្ទះ ។ ដី​ជា​ថ្នាំ​ការពារ​ចាញ់​ទឹក​ដី ការ​ចូល​ទៅ​គោរព​ដើម្បី​កុំ​ឲ្យ​ចាញ់​អ្នក​តា នេះ​ជា​ទំនៀម​ទម្លាប់ ដែល​គេ​ធ្លាប់​កាន់​មក​ជា​យូរ​យារ​ណាស់​មក​ហើយ ព្រោះ​ជា​បណ្ដាំ​របស់​អ្នក​តា បាន​ជា​គេ​ខ្លាច​នឹង​និយាម​គោរព​អ្នក​តា​នេះ​ណាស់
  3. ទឹក​ផ្លែ​ឈើ​ស្រស់ តែ​សព្វ​ថ្ងៃ​គេ​ច្រើន​ប្រើ​ទឹក​ក្រូច​ដប