63 រឿង​ បុរស​ម្នាក់​ទៅ​ជួញ ភ្លើង​ឆេះ​ទំនិញ​ក្នុង​សំពៅ

មាន​និទាន​មួយ​ថា : មាន​បុរស​ម្នាក់​មាន​ទ្រព្យសម្បត្តិ​ច្រើន ចុះ​សំពៅ​ទៅ​ជួញ មាន​កូន​ក្មួយ​សុំ​ដោយសារ​សំពៅ​ទៅ​ជួញ​ជាមួយ​ជា​ច្រើន​នាក់ ។ ឯ​ម្ចាស់​សំពៅ​នោះ​ចិញ្ចឹម​ឆ្មា ១ ទុក​ជា​មង្គល​ក្នុង​សំពៅ ហើយ​ឲ្យ​កូន​ក្មួយ ៤ នាក់​រក្សា​ជើង​ឆ្មា​ទាំង ៤ មួយ​ៗ ម្នាក់ ។ ឆ្មា​នោះ​កើត​ដំបៅ​នៅ​ជើង​ម្ខាង ។ ចៅ​អ្នក​រក្សា​ជើង​ឆ្មា​ដំបៅ​នោះ​យក​សំពត់​ជ្រលក់​ប្រេង​រុំ​ជើង​ឆ្មា ៗ នោះ​នៅ​មិន​ស្ងៀម​សោះ​ដើរ​ជាន់​ដើរ​ទៅ​ជាន់​លើ​ភ្លើង ឆេះ​សំពត់​ក្ដៅ​ដល់​ជើង ឆ្មា​នោះ​នាំ​ភ្លើង​រត់​ទៅ​ក្នុង​សំពៅ​ឆេះ​អស់​ទ្រព្យ​នឹង​ទំនិញ​ទាំង​ពួង​នៅ​ក្នុង​សំពៅ​នោះ​ឥត​សល់​តិច​ឡើយ ។ ម្ចាស់​សំពៅ​ប្រាប់​ចៅ​ទាំង ៤ នាក់​ដែល​រក្សា​ជើង​ឆ្មា​នោះ​ឲ្យ​សង​ទ្រព្យ​ទាំង​អស់ ។ ចៅ​រក្សា​ជើង​ឆ្មា ៣ ដែល​គ្មាន​ដំបៅ​ឆ្លើយ​ថា “ខ្ញុំ​ពុំ​បាន​ឲ្យ​ឆេះ​ទ្រព្យ​ទេ ចៅ​ដែល​រក្សា​ជើង​ឆ្មា​ដំបៅ​យក​សំពត់​ជ្រលក់​ប្រេង​រុំ​ជើង​ឆ្មា ហើយ​ឆ្មា​នោះ​ដើរ​ទៅ​លើ​ភ្លើង បាន​ជា​ឆេះ​អស់​ទំនិញ​ទាំង​នោះ ដូច្នេះ ត្រូវ​ឲ្យ​តែ​ចៅ​រក្សា​ជើង​ឆ្មា​ដំបៅ​នោះ​សង​ម្នាក់​ឯង​ចុះ” ។ ឯ​ចៅ​រក្សា​ជើង​ឆ្មា​ដំបៅ​ឆ្លើយ​ថា “ យើង​រក្សា​ជើង​ឆ្មា​មួយ​ម្នាក់​ដូច​គ្នា មក​ពី​យើង​ធ្វេស​ប្រហែស​ទាំង​អស់​គ្នា បាន​ជា​ឆ្មា​នាំ​ភ្លើង​ទៅ​ឲ្យ​ឆេះ​អស់​ទ្រព្យ​ក្នុង​សំពៅ ហេតុ​នេះ​ឲ្យ​អញ​សង​តែ​ម្នាក់​ឯង​ដូច​ម្ដេច​បាន ” ។

ចៅ​ទាំង ៤ នាក់​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកែក​មិន​ព្រម​រក​ទ្រព្យ​សង​ម្ចាស់​សំពៅ​ឡើយ ទើប​នាំ​គ្នា​ទៅ​ប្ដឹង​ចៅក្រម​តាម​ដំណើរ​រាល់​ខ្លួន ។ ចៅក្រម​កាត់​សេចក្ដី​នោះ​ពុំ​បាន ក៏​នាំ​បុរស​ទាំង ៤ នាក់​ទៅ​គាល់​ព្រះមហាក្សត្រ ក្រាប​បង្គំ​ទូល​តាម​ដំណើរ​ដែល​ចៅ​ទាំង ៣ នាក់​និង​ចៅ​ម្នាក់​ផ្សេង​ពី​គេ ។ ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេង​យល់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​កាត់​សេចក្ដី​ថា “ព្រះស្ដែង​រក្សា​ជើង​ឆ្មា​ដំបៅ​យក​សំពត់​ជ្រលក់​ប្រេង​រុំ​ជើង​ដំបៅ ជើង​ដំបៅ​មិន​អាច​ដើរ​ទៅ​ដល់​ភ្លើង​បាន​ឡើយ, ឯ​ព្រះស្ដែង​ទាំង ៣ នាក់​រក្សា​ជើង​ឆ្មា​ទាំង ៣ ដែល​គ្មាន​ដំបៅ​នោះ​ធ្វេស​ប្រហែស បាន​ជា​ជើង​ទាំង ៣ នាំ​ជើង​ដំបៅ​មួយ​ទៅ​ជាន់​ភ្លើង​ឆេះ​សំពត់​ជ្រលក់​ប្រេង គឺ​ជើង​ជា​ទាំង ៣ នោះ​នាំ​ភ្លើង​រត់​ទៅ​ឲ្យ​ឆេះ​អស់​ទ្រព្យ​ផង​ទាំង​នោះ, ឯ​ជើង​ដំបៅ ១ នឹង​រត់​នាំ​ភ្លើង​ទៅ​ឲ្យ​ឆេះ​អស់​ទ្រព្យ​ទាំង​នោះ យល់​ជា​ពុំ​បាន​ឡើយ ប៉ុន្តែ​វា​ធ្វើ​ខុស​ដែរ ត្បិត​យក​សំពត់​ជ្រលក់​ប្រេង​មក​រុំ​ជើង​ឆ្មា​ហើយ​មិន​ចាំ​រក្សា ឃើញ​ថា​ធ្វេស​ប្រហែស​ដូច​គ្នា​ទាំង ៤ នាក់ ” ទើប​ទ្រង់​ឲ្យ​បែង​ចែក​ទ្រព្យ​ដែល​ភ្លើង​ឆេះ​ទាំង​អស់ នោះ​ជា​ភាគ ៣ ឲ្យ​ទៅ​រក្សា​ជើង​ឆ្មា​ដំបៅ​សង​ភាគ ១ ឲ្យ​ចៅ​ទាំង ៣ នាក់​ដែល​រក្សា​ជើង​ឆ្មា​ឥត​ដំបៅ​នោះ​សង​ភាគ ២ ” ។    ព្រះមហាក្សត្រ​កាត់​ក្ដី​យ៉ាង​នេះ ហៅ​សុគតិគមនំ​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ២៧ – ២៩