រឿង​ បុរស ២ នាក់​ដណ្ដើម​តាំងយូ​គ្នា

មាន​និទាន​មួយ​ថា : មាន​បុរស​មួយ​បាំង​តាំងយូ​ដើរ​ទៅ​តាម​ផ្លូវ ។ មាន​បុរស​មួយ​ទៀត​ដើរ​មក​ជួប​និយាយ​ទៅ​កាន់​ម្ចាស់​តាំងយូ​ថា “អ្នក​អើយ ! ថ្ងៃ​ក្ដៅ​ណាស់​អ្នក​ឲ្យ​ខ្ញុំ​ដើរ​ដោយ​សារ​ម្លប់​តាំងយូ​ផង បាន​ឬ​ទេ ?” ។ ចៅ​ម្ចាស់​តាំងយូ​ឆ្លើយ​ថា “ចូរ​អ្នក​មក​ដើរ​ផង​គ្នា​ចុះ” ។ ទើប​ចៅ​នោះ​ដើរ​ចូល​មក​ក្រោម​ម្លប់​តាំងយូ​ហើយ​ថា “អ្នក​អើយ! ឲ្យ​មក​ខ្ញុំ​កាន់​ឲ្យ​អ្នក” ។ ចៅ​ម្ចាស់​តាំងយូ​ក៏​ឲ្យ​តាំងយូ​ទៅ​ចៅ​នោះ​កាន់​ហើយ​ដើរ​ទៅ​ផង​គ្នា លុះ​ដល់​ផ្លូវ​បែក​ដើរ​បែក​ចេញ​ទី​ទៃ​ពី​គ្នា ។ ឯ​ចៅ​ម្ចាស់​តាំងយូ​មុន​នឹង​ដើរ​ទីទៃ​ពី​គ្នា​និយាយ​ថា “ចូរ​ឲ្យ​តាំងយូ​មក​អញ​វិញ” ។ ចៅ​នោះ​ថា “ អញ​នឹង​ឲ្យ​តាំងយូ​អញ​ទៅ​ចៅ​ម្ដេច​បាន បើ​តាំងយូ​ជា​របស់​អញ​កាន់​ពី​ផ្ទះ​អញ​មក ” ។ ចៅ​ម្ចាស់​តាំងយូ​នោះ​ខឹង ហើយ​ដណ្ដើម​តាំងយូ​អំពី​ចៅ​នោះ​អស់​ចិត្ត​ពុំ​បាន​ឡើយ ទើប​ចៅ​ទាំង ២ នាក់​នាំ​គ្នា​ទៅ​ដល់​ចៅក្រម ហើយ​ក៏​ប្ដឹង​ដោយ​ដំណើរ​ទី​ទៃ ៗ ចៅ ១ ឆ្លើយ​ថា “តាំងយូ​ខ្ញុំ​កាន់​អំពី​ផ្ទះ​ខ្ញុំ​មក ចៅ​នោះ​មក​ដណ្ដើម​តាំងយូ​នេះ​ពី​ខ្ញុំ” ។ ឯ​ម្ចាស់​តាំងយូ​ឆ្លើយ​ថា “របស់​ខ្ញុំ​ៗ​កាន់​ដើរ​មក​ពី​ផ្ទះ ចៅ​នេះ​ដើរ​មក​ជួប​នឹង​ខ្ញុំ បាន​សុំ​ដើរ​ដោយ​សារ​ម្លប់​តាំងយូ​ខ្ញុំ ហើយ​យក​តាំងយូ​ពី​ខ្ញុំ​ទៅ​កាន់ លុះ​ដល់​ផ្លូវ​បែក មុន​នឹង​ដើរ​បែក​ចេញ​ពី​គ្នា ខ្ញុំ​យក​តាំងយូ​ខ្ញុំ​វិញ ចៅ​នេះ​ពុំ​ឲ្យ​ខ្ញុំ​ឡើយ ទើប​ខ្ញុំ​ទាំង ២ នាំ​គ្នា​មក​ប្ដឹង​លោក​ម្ចាស់​សូម​លោក​ពិចារណា​ក្ដី​នេះ​ឲ្យ​យើង​ខ្ញុំ​ហោង” ។ ចៅក្រម​កាត់​ក្ដី​នេះ​ពុំ​បាន ទើប​នាំ​ចៅ​ទាំង ២ នេះ​ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​ដោយ​នូវ​ដំណើរ​នោះ​សព្វ​គ្រប់ ។

ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​ឈ្វេង​យល់ ដោយ​នូវ​ប្រាជ្ញា​ទិព្វ​វិសេស ក៏​ទ្រង់​ឲ្យ​ពុះ​តាំងយូ​នោះ ចែក​គ្នា ១ ចំហៀង​ម្នាក់ ហើយ​ទើប​ព្រះ​អង្គ​ឲ្យ​ទៅ​ផ្ទះ​ទីទៃ ៗ រួច​ទ្រង់​ឲ្យ​អាមាត្យ ទៅ​តាម​ស្ដាប់​ពាក្យ​សម្ដី​ចៅ​ទាំង ២ នោះ​ដល់​ផ្ទះ​រៀង​ខ្លួន ។ ឯ​បុរស​ម្ចាស់​តាំងយូ​កាល​បើ​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​ស្រែក​សួរ​ថា “ តាំងយូ​បាត់​ទៅ​ណា​មួយ​ចំហៀង ? ” ។ ប្ដី​ឆ្លើយ​ថា “ មេ​អើយ ! អញ​ដើរ​ទៅ​ជួប​នឹង​ចៅ​ម្នាក់​មក​ដោយ​សារ​ម្លប់​តាំងយូ​អញ ហើយ​វា​យក​ទៅ​កាន់​ដើរ​ផង​គ្នា ទៅ​ដល់​ផ្លូវ​បែក មុន​នឹង​បែក​ទៅ​តាម​ផ្លូវ​ទីទៃ​ពី​គ្នា អញ​យក​តាំងយូ​វិញ វា​ពុំ​ឲ្យ ទើប​នាំ​គ្នា​ទៅ​គាល់​ព្រះ​មហាក្សត្រ ៗ ទ្រង់​បង្គាប់​ឲ្យ​ពុះ​តាំងយូ​នេះ​ចែក​គ្នា ” ។ អាមាត្យ​ឮ​ពាក្យ​ប្រពន្ធ​បុរស​ម្ចាស់​តាំងយូ​សួរ ហើយ​ប្ដី​ប្រាប់​ប្រពន្ធ​ដូច្នោះ ក៏​កត់​ពាក្យ​នោះ​នាំ​មក​ថ្វាយ​ព្រះ​មហាក្សត្រ ។ បុរស​ម្នាក់​ទៀត ដើរ​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​ស្រែក​សួរ​ថា “ យើ ! បាន​តាំងយូ ១ ចំហៀង​មក​ពី​ណា ? ” ។ ប្ដី​ប្រាប់​ទៅ​ប្រពន្ធ​ថា “ ឯង​អើយ ! អញ​ដើរ​ទៅ​លេង ៗ បាន​តាំងយូ ១ ចំហៀង​ព្រងើយ ” ។ អាមាត្យ​បាន​ឮ​ពាក្យ​បុរស​នោះ​និយាយ ហើយ​បាន​កត់​ត្រា​ពាក្យ​នោះ​នាំ​ថ្វាយ​ព្រះ​មហាក្សត្រ ៗ ទ្រង់​ឲ្យ​ហៅ​ចៅ​ទាំង ២ នោះ​មក​ដល់​ហើយ ទើប​ទ្រង់​ឲ្យ​សូត្រ​តម្រា​ពាក្យ​នោះ​ឲ្យ​ចៅ​ទាំង ២ ស្ដាប់ ។ ចៅ​ដែល​ដណ្ដើម​តាំងយូ​នោះ យល់​ថា​ខ្លួន​ខុស​ពិត​ហើយ ក៏​ឥត​ចម្លើយ​អ្វី​នឹង​ឆ្លើយ​ឡើយ​ឱន​មុខ​អៀន​អន់​ស្ងាត់​បាត់​មាត់​នៅ​ទីនោះ ។ ទើប​ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​បញ្ជា​ឲ្យ​បុរស​នោះ​សង​តាំងយូ​គេ ។ ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​បញ្ជា​ដូច្នេះ ចៅ​ទាំង ២ នោះ​ចូល​ចិត្ត​ហើយ ក៏​ក្រាប​បង្គំ​លា​ទៅ​លំនៅ​ទីទៃ​ៗ ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៨១ – ៨៣