រឿង​ បុរស ៤ នាក់​ដើរ​រក​ភូមិ​ដាំ​ដើម​ដូង

មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស​ ៤ នាក់​គិត​គ្នា​រក​ភូមិ​នឹង​ដាំ​ដើម​ដូង បុរស​ទាំង ៤ នាក់ ក៏​បណ្ដើរ​គ្នា​ទៅ​ដល់​ភូមិ​មួយ​មាន​ស្រះ ៤ ទើប​បុរស​ទាំង ៤ យក​ដូង​ទៅ​ដាំ​កណ្ដាល ភូមិ​នោះ ហើយ​បុរស​ទាំង ៤ ទៅ​រក្សា​ដូង​នោះ បុរស​ម្នាក់​នៅ​ខាង​កើត​ដើម​ដូង បុរស​ម្នាក់​នៅ​ខាង​លិច​ដើម​ដូង បុរស​ម្នាក់​នៅ​ខាង​ជើង​ដើម​ដូង បុរស​ម្នាក់​នៅ​ខាង​ត្បូង​ដើម​ដូង ហើយ​បុរស ៤ នោះ​តែង​ទៅ​ដង​ទឹក​មក​ស្រោច​ដើម​ដូង​នោះ​សព្វ​ថ្ងៃ ។ បុរស​នៅ​ឯ​កើត​ទៅ​ដង​ទឹក​ពី​ស្រះ​ខាង​កើត បុរស​នៅ​ឯ​លិច​ទៅ​ដង​ទឹក​ពី​ស្រះ​ខាង​លិច បុរស​នៅ​ឯ​ជើង​ទៅ​ដង​ទឹក​ពី​ស្រះ​ខាង​ជើង បុរស​នៅ​ឯ​ត្បូង​ទៅ​ដង​ទឹក​ពី​ស្រះ​ខាង​ត្បូង ស្រះ​ទាំង ៤ នោះ​សឹង​មាន​ចម្ងាយ​នោះ​ស្មើ​គ្នា ។ លុះ​ដូង​ផ្លែ ៥ បុរស​ទាំង ៤ បេះ​ផ្លែ​ដូង ៥ នោះ​មក​ចែក​គ្នា ១ ម្នាក់​នៅ​សល់​ផ្លែ​ដូង ១ ក៏​បណ្ដើរ​គ្នា ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះ​មហាក្សត្រ ក្រាប​បង្គំ​ទូល​ដោយ​ដំណើរ​ទីទៃ ៗ ។ ព្រះ​មហាក្សត្រ​ទ្រង់​ពិចារណា​ថា “ចៅ​ទាំង ៣ នាក់ ​នេះ​សឹង​ព្រួយ​ស្មើ​គ្នា តែ​ចៅ​ម្នាក់​នៅ​ខាង​កើត​ដើម​ដូង​នោះ ព្រួយ​លើស​គេ ពិបាក​លើស​គេ​បន្តិច ព្រោះ​ព្រឹក​ព្រហាម​ឡើង បុរស​នោះ​ចេញ​ទៅ​ដង​ទឹក​ស្រះ ព្រះ​អាទិត្យ​ចាំង​ពី​មុខ លុះ​ដង​ទឹក​បាន​ហើយ​វិល​មក​ខាង​លិច​ថ្ងៃ​រសៀល​ចាំង​ពី​មុខ បុរស​នោះ​ដើរ​ច្រាស់​ថ្ងៃ​ទៅ​វិញ​ទៅ​មក​ដូច្នេះ ទើប​ផ្លែ​ដូង ២ ត្រូវ​បាន​ទៅ​ចៅ​នៅ​ខាង​កើត​នោះ​ឯង ” ។ ព្រះ​អង្គ​កាត់​សេចក្ដី​ដូច្នេះ បុរស​ទាំង ៤ នាក់​ព្រម​ចូល​ចិត្ត ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នោះ ហៅ​សុគតិគមនំ​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៩៣ – ៩៤