រឿង ក្របី​ស្រុក និង ក្របី​ព្រៃ

ក្នុង​អតីត​សម័យ មាន​ក្របី​ពីរ មួយ​ជា​ក្របី​ស្រុក មួយ​ទៀត​ជា​ក្របី​ព្រៃ ។ សត្វ​ទាំង​ពីរ​នេះ​ស្រលាញ់​គ្នា​ណាស់ ដេក នៅ ស៊ី​ចុក​ជាមួយ​គ្នា​ពុំ​ដែល​ឃ្លាត ។ ទន្សាយ​ដឹង​ថា​ក្របី​ទាំង​ពីរ​នេះ​ស្រឡាញ់​គ្នា​ដូច្នេះ ក៏​រក​ឧបាយកល ធ្វើ​ឲ្យ​បែក​ចេញ​ពី​គ្នា ។ ថ្ងៃ​មួយ វា​ដើរ​ចូល​មក​រក​សត្វ​ក្របី​ទាំង​ពីរ​នោះ ហើយ​និយាយ​ថា “ នែ ! បង​ក្របី​ទាំង​ពីរ​អើយ ចូរ​បង​ឯង​កុំ​ដេក-ដើរ-ស៊ី​ចុក​ជា​មួយ​គ្នា ប្រយ័ត្ន​តែ​មនុស្ស​អ្នក​ស្រុក​គេ​ឃើញ នឹង​ចាប់​បង​ឯង​ទាំង​ពីរ​នាក់ យក​ទៅ​ប្រើ​ប្រាស់​មិន​ខាន ” ។ ក្របី​ព្រៃ​ឮ​ទន្សាយ​និយាយ​ដូច្នេះ ក៏​ភ័យ​ខ្លាច​មាន​គ្រោះ​ថ្នាក់ ដូច​ពាក្យ​ទន្សាយ​មែន ។ [1]

ចាប់​ពី​ថ្ងៃ​នោះ​មក​ក្របី​ទាំង​ពីរ​ក៏​នៅ​ស៊ី​ចុក​ដទៃ​ពី​គ្នា ។ ក្នុង​ការ​នៅ​បែក​គ្នា​នេះ សត្វ​ទាំង​ពីរ​ក៏​តែង​តែ​នឹក​អាល័យ​ដល់​គ្នា​នឹង​គ្នា​រក​ទី​បំផុត​គ្មាន ដោយ​ធ្លាប់​បាន​នៅ​រួមរក្ស​ជាមួយ​គ្នា​អស់​កាល​ដ៏​យូរ ។ លុះ​យូរ ៗ ទៅ ក្របី​ទាំង​ពីរ​ក៏​ភ្លេច​នឹក​គ្នា​ទៅ​វិញ​ទៅ​មក ទន្សាយ​បាន​ដឹង​ថា​ក្របី​ទាំង​ពីរ​បែក​គ្នា លែង​នឹក​នា​ដល់​គ្នា​នឹង​គ្នា​ហើយ ក៏​ដើរ​ទៅ​រក​ក្របី​ព្រៃ​និយាយ​ថា: “ នែ​ក្របី​ព្រៃ ! ខ្ញុំ​បាន​លឺ​ក្របី​មួយ​គេ​និយាយ​ថា​គេ​ខ្លាំង​ពូកែ​ណាស់ គេ​រក​តែ​គូ​នឹង​ជល់​ល្បង​ឫទ្ធិ​គ្នា ” ។

ក្របី​ព្រៃ​ឮ​ដូច្នោះ ខឹង​ណាស់​និយាយ​ថា “ យើ ! បង​ទន្សាយ ក្រោម​មេឃ​លើ​ដី​មាន​តែ​ខ្ញុំ​ទេ ឥឡូវ​មាន​អា​ក្របី​ណា​មក​អួត​ក្អេង​ក្អាង​ថា​ខ្លួន​វា​ខ្លាំង​ពូកែ​ជាង​ខ្ញុំ ចូរ​បង​ឯង​ទៅ​ហៅ​វា​មក យើង​នឹង​ជល់​ប្រឡង​ឫទ្ធិ​គ្នា ” ។ ទន្សាយ​ក៏​ទៅ​ប្រាប់​ក្របី​ស្រុក​ថា: “ នែ​បង​ក្របី​ស្រុក ! ក្របី​ព្រៃ​គេ​ខឹង​នឹង​បង​ឯង​ណាស់ គេ​ថា​ឲ្យ​បង​ឯង​ទៅ​ជួប នឹង​ជល់​ប្រឡង​ឫទ្ធិ​គ្នា​ម្ដង ឲ្យ​ដឹង​ដៃ ” ។ ទន្សាយ​ឡើង​ជិះ​លើ​ខ្នង​ក្របី​ស្រុក ជូន​ដំណើរ​ទៅ​ឲ្យ​ជួប​នឹង​ក្របី​ព្រៃ ។ លុះ​ទៅ​ដល់​ភ្លាម ក្របី​ព្រៃ​ក៏​ស្ទុះ​មក​វ័ធ​ក្របី​ស្រុក​យ៉ាង​សាហាវ ។ ក្របី​ទាំង​ពីរ​ក៏​ប្រយុទ្ធ​គ្នា​អស់​ពេល​យ៉ាង​យូរ​មិន​ឈ្នះ​មិន​ចាញ់ ក៏​បែក​ចេញ​ចាក​គ្នា មួយ​នៅ​ស្រុក មួយ​ទៅ​នៅ​ព្រៃ​ទៅ លែង​ជួប​គ្នា​តាំង​ពី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ១៩ -២០


  1. សហ-ស្ដើង-ធូរ រៀប​រៀង​តាម​ឯកសារ​ទំនៀម​ទម្លាប់ លេខ ២៧-០៧៣ របស់​លោក អ៊ុំ-ឈុំ សង្កាត់​លេខ ៣ ភ្នំពេញ