18 រឿង ខ្លា ស្វា និង ទន្សាយ

មាន​សត្វ​ខ្លា​មួយ វា​ដាច់​សង្វែង ដើរ​រក​ចាប់​អ្វី​មិន​បាន​សោះ ខំ​ដើរ​ស្វែង​ណាស់ ៗ ទៅ​ប្រទះ​នឹង​សត្វ​អក​មួយ កំពុង​តែ​យំ​ឮ​សូរ​អកអូៗ ទំ​លើ​ដើម​ព្រឹក្សា​មួយ​នៅ​មាត់​ត្រពាំង ខ្លា​ក្រឡេក​មើល​ទៅ​ឃើញ​គិត​ក្នុង​ចិត្ត​ថា « ធ្វើ​ម្ដេច​នឹង​ចាប់​អា​នេះ​បាន​ហ្ន ! បើ​វា​នៅ​ខ្ពស់​ម្ល៉េះ ? បើ​អញ​ឡើង​ទៅ មុខ​ជា​វា​ឃើញ ហើយ​ហើរ​ទៅ​កាល​ណា​នឹង​ចាប់​វា​បាន?»។ ខ្លា​អង្គុយ​ចាំ​មើល​កិច្ចកល​សត្វ​អក​នោះ ។ ឯ​សត្វ​អក​នោះ​កាលណា​ទំ​ហើយ ភ្នែក​វា​តែង​រំពៃ​មើល​ទៅ​បង្ហែ​ត្រី ក្រែង​មាន​ត្រី​បន្លៀក​ខ្លួន​ឡើង​នឹង​ចាប់ ។ យូរ​បន្តិច​មាន​ត្រី​មួយ​ផុស​ឡើង​ពី​ក្នុង​ទឹក , អក​ស្ទុះ​ទៅ​ចាប់​បាន​ត្រី​នោះ​ យក​មក​ធ្វើ​ជា​ចំណី​វា​ទៅ ។[1]

ខ្លា​ឃើញ​អក​ធ្វើ​ដូច្នោះ ក៏​គិត​ក្នុង​ចិត្ត​ថា «យើ ! អា​អក​នេះ​វា​អង្គុយ​តែ​ស្ងៀម​សោះ ស្រាប់​តែ​មាន​ត្រី​ហែល​ក្នុង​ត្រពាំង​នោះ វា​ស្ទុះ​ទៅ​ចាប់​បាន​មួយ​រំពេច​យក​មក​ក្រអែះ មិន​នឿយ​ហត់​ប៉ុន្មាន​សោះ មិន​ព្រួយ​ដូច​ជា​ខ្លួន​អញ ខំ​ដើរ​ស្វែង​រក​ស្ទើរ​ស្លាប់​មិន​ងាយ​បាន , អា​នេះ​អង្គុយ​ធ្វើ​ច្រងុក ៗ​ ចាប់​បាន​ភ្លាមៗ ហើយ​វា​មិន​លំបាក​លប​លំបាក​ឱន​ក្រាប​ទៀត​ផង, បើ​ដូច្នេះ​អញ​គិត​ធ្វើ​ដូច​សត្វ​អក​នេះ​វិញ​ស្រួល​ជាង » ។ ខ្លា​គិត​ដូច្នោះ​ហើយ​ក៏​ដើរ​ទៅ​ទៀត ដើម្បី​ស្វែង​រក​បឹង ឬ​ត្រពាំង​ជា​ទី​ស្ងាត់​ ហើយ​ដែល​មាន​ត្រី​ច្រើន​នោះ ។ វា​ដើរ​ទៅ​ដល់​បឹង​មួយ​ជា​ទី​ស្ងាត់, នៅ​មាត់​បឹង​នោះ​មាន​ដើម​ឈើ​ធំ ៗ​ដុះ​ច្រូង​ច្រាង ដ៏​មាន​ម្លប់​ត្រឈៃ​ល្មម​វា​ពឹង​ពួន​ខ្លួន​វា​បាន ។ ពេល​នោះ​មាន​បុរស​ម្នាក់​នៅ​ចង​សន្ទូច​ក្នុង​បឹង​នោះ មុន​ខ្លា​ទៅ​ដល់ ។

ដោយ​ចង់​មើល​ឲ្យ​ឃើញ​សន្ទូច​ខ្លួន ដែល​រាយ​នៅ​ឯ​នាយ​ឆ្ងាយ​បាន​ស្រួល បុរស​នោះ​រាយ​សន្ទូច​ហើយ មិន​ឈរ​នៅ​នឹង​ដី​ទេ ទៅ​ឡើង​លើ​ដើម​ព្រឹក្សា​មួយ​ធំ​ខ្ពស់​នៅ​សម្ងំ​តែ​ម្នាក់​ឯង មិន​មាត់​ក​ឡើយ ។ ឯ​ខ្លា​នោះ កាល​បាន​ទៅ​ដល់​ហើយ​ក៏​ដើរ​ភ្លូក​ចុះ​ភ្លូក​ឡើង រក​ដើម​ឈើ​នឹង​ឡើង​ ធ្វើ​ដូច​ជា​សត្វ​អក ។ បុរស​ឮ​សូរ​មើល​ទៅ​ឃើញ​ខ្លា​កំពុង​តែ​ដើរ រួច​ទៅ​ឡើង​អង្គុយ​ជ្រហម ៗ​លើ​ចុង​ឈើ ហើយ​ធ្វើ​សំឡេង​ត្រាប់​តាម​សត្វ​អក​ថា « អកអូរៗ » គាត់​មិន​ហ៊ាន​មាត់​ថា​អ្វី​ទេ ចាំ​តែ​មើល​ហើយ​គិត​ថា « ខ្លា​នេះ​ វា​ឡើង​ចុង​ឈើ​នៅ​ក្នុង​បឹង​ដូច្នេះ​ តើ​វា​គិត​ធ្វើ​អ្វី​អេះ ? » យូរ​បន្តិច​មាន​ត្រី​ងើប​ឡើង​ស្រាប់​តែ​ខ្លា​នោះ ស្ទុះ​លោត​ប្រូង រួច​ផុស​ឡើង​វិញ​ឈ្លក់​ទឹក​ឮ​សូរ​ខក់ ៗ ។ បុរស​នោះ​ឃើញ​ហើយ​សើច រួច​ស្រែក​ថា « ស្លាប់​ទៅ ! អា​ខ្មោច​ ធ្វើ​អ្វី​ដូច្នោះ»។

ខ្លា​ឮ​មើល​ទៅ​ឃើញ​បុរស​នៅ​លើ​ចុង​ឈើ ក៏​មាន​សេចក្ដី​អៀន​ខ្មាស​ខ្លាំង​ណាស់ ស្ទើរ​នឹង​ស្លាប់​ខ្លួន ព្រោះ​មិន​ដែល​បង់​គំនិត​ដល់​ម្ល៉ឹង​សោះ រួច​ខ្លា​នឹក​ថា « ឥឡូវ​បុរស​នេះ​ឃើញ​អញ​តែ​ម្នាក់​ឯង បើ​គាត់​ទៅ​ដល់​ផ្ទះ​សម​គាត់​នឹង​និយាយ​ប្រាប់​គេ​ថែម​ទៀត គេ​នឹង​កាន់​តែ​ដឹង​ច្រើន​ឡើង កើត​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​ណាស់ បើ​ដូច្នោះ​អញ​សូក​គាត់ កុំ​និយាយ​ប្រាប់​នរណា​ត​ទៅ​ទៀត​ឡើយ » ។ ខ្លា​បាន​និយាយ​អង្វរ​បុរស​នោះ ជា​ពាក្យ​ឱន​លំទោន​ថា « ឱ ! អ្នក​អើយ ! ខ្ញុំ​បាន​ជា​ចាប់​ត្រី​ធ្វើ​ដូច​ជា​សត្វ​អក​ទៅ វា​មិន​បាន​ឯ​ត្រី ទៅ​បាន​ឯ​លង់​ទឹក ស្ទើរ​នឹង​ស្លាប់ ខ្ញុំ​មាន​សេចក្ដី​ខ្មាស​អៀន​ច្រើន​ណាស់ បើ​ដូច្នោះ​សុំ​អ្នក​អាណិត​ខ្ញុំ កុំ​និយាយ​ទៅ​ណា​មក​ណា​ទៅ​ទៀត ខ្ញុំ​នឹង​តប​គុណ​ឧបការៈ​អ្នក» ។ បុរស​តប​វិញ​ថា « ខ្លា​ឯង​ឲ្យ​អ្វី​អញ »។

ខ្លា​ថា «ខ្ញុំ​សន្យា​រក​សត្វ មួយ​ព្រឹក​មួយៗ យក​មក​ជូន​អ្នក​នៅ​ទី​នេះ​រាល់​តែ​ថ្ងៃ» ។ បុរស​នោះ​ក៏​ព្រមព្រៀង​ទទួល​ពាក្យ​ខ្លា រួច​ហើយ​វិល​ទៅ​ផ្ទះ​អាត្មា​វិញ, លុះ​ព្រឹក​ឡើង មក​ទទួល​យក​សត្វ​អំពី​ខ្លា​នៅ​កន្លែង​សន្យា ។ ខ្លា​ក៏​ខាំ​សត្វ​យក​មក​ឲ្យ​បុរស​នោះ ជា​ប្រក្រតី​មិន​ហ៊ាន​ខាន ។ កាល​បើ​បុរស​នោះ​បាន​សត្វ​នាំ​យក​ទៅ​ផ្ទះ​អាត្មា ច្រើន​ថ្ងៃ​ពេក​ណាស់ នាង​ភរិយា​ឆ្ងល់ លុះ​វេលា​យប់​ក៏​សួរ​ដោយ​ស្ងាត់​ថា « អ្នក​ឯង​ធ្វើ​ដូចម្ដេច ក៏​បាន​សត្វ​រាល់​ថ្ងៃ​ម្ល៉េះ ? ម្ដង​សត្វ​នេះ​ម្ដង​សត្វ​នោះ ជ្រូក​ក៏​មាន ក្ដាន់​ក៏​មាន ឈ្លូស​ក៏​មាន » ។ ប្ដី​ថា « អញ​ដាក់​អន្ទាក់ » ។ ប្រពន្ធ​ថា « អន្ទាក់​អ្វី​ក៏​បាន មិន​ដែល​ខាន​ដូច្នេះ ? អ្នក​អើយ ! ប្អូន​ឲ្យ​ត្រង់​ទៅ​មើល » ។ បុរស​នោះ​ក៏​ភ្លេច​ពាក្យ​សន្យា​ដោយ​ស្មាន​ថា ខ្លា​កាល​ណា​វា​នឹង​មក ក៏​ប្រាប់​ប្រពន្ធ​តាម​រឿង​ហេតុ​ពី​ដើម​ដល់​ចុង ។ ប្រពន្ធ​នោះ​ក៏​ជឿ ។

លុះ​ព្រឹក​ឡើង​បុរស​ទៅ​យក​សត្វ​អំពី​ខ្លា​ដូច​សព្វ​ដង លុះ​ទៅ​ដល់​ស្រាប់​តែ​ឃើញ​ខ្លា​អង្គុយ​ជ្រហម ៗ​ចាំ​នៅ​កន្លែង​នោះ ។ លុះ​បុរស​ដើរ​ទៅ​ដល់​ខ្លា​ប្រាប់​ថា « អើ ! បុរស​ឯង​មក​ហើយ​ អញ​នៅ​ចាំ​ទេ​តើ ! អញ​និង​ស៊ី​ឯង​ ត្បិត​កាល​និយាយ​គ្នា​មុន​នោះ អញ​ហាម​ថា កុំ​ឲ្យ​និយាយ​ប្រាប់​គេ​ត​ទៅ​ទៀត អញ​សូក​ឲ្យ​សត្វ​មួយៗ​រាល់​តែ​ថ្ងៃ, ឥឡូវ​ម្ដេច​ក៏​និយាយ​ប្រាប់​គេ ? »។

បុរស​នោះ​ក៏​ភ័យ​ភ្នែក​ស្លោ ឥត​ប្រកែក​ថា​អ្វី​ទេ គ្រាន់​តែ​អង្វរ​ទៅ​ខ្លា​វិញ​ថា « បង​ខ្លា​ឯង ស៊ី​ក៏​ស៊ី​ចុះ ខ្ញុំ​មិន​ប្រកែក​ទេ បាន​ជា​និយាយ​ទៅ​ហើយ តែ​បើ​ម្ង៉ៃ​នឹង​ស្លាប់​រស់ ខ្ញុំ​សូម​ទៅ​ជួប​ប្រពន្ធ​សិន​នឹង​បាន​ប្រាប់​ឲ្យ​គេ​ដឹង​ផង» ។ ខ្លា​ក៏​ព្រម​ថា « អើ​ ទៅ​ក៏​ទៅ​ចុះ តែ​ឲ្យ​ឆាប់​ត្រឡប់​មក​វិញ​អញ​ស្ដោះ​ទឹក​មាត់​ចាំ តែ​ស្ងួត​ទឹក​មាត់​អញ​តាម​ទៅ​ស៊ី​ទាំង​ប្ដី​ទាំង​ប្រពន្ធ, ទុក​ធ្វើ​អី មនុស្ស​និយាយ​មិន​ទៀង » ។ បុរស​នោះ​ក៏​នៅ​ទាំង​សោក​សៅ​ក្នុង​ចិត្ត ព្រោះ​តែ​មាត់​មិន​ជិត បាន​ជា​ខ្លា​វា​ស៊ី, ទៅ​ដល់​ក៏​ប្រាប់​ប្រពន្ធ​តាម​រឿង​ហេតុ​នោះ​ ហើយ​ថា « ឥឡូវ​នៅ​មិន​បាន​ទេ ត្បិត​ខ្លា​វា​ចាំ​តែ​យូរ វា​នឹង​មក​ស៊ី​ទាំងអស់​គ្នា » ។

ប្រពន្ធ​ក៏​យំ​សោក​ស្រណោះ​គ្នា​ទៅ​វិញ​ទៅ​មក​ស្ដាយ​គំនិត ។ ប្ដី​ក៏​លា​ភរិយា​ចេញ​ចាក​គ្រឹះ​ស្ថាន ដើរ​មក​តាម​ផ្លូវ​យំ​បណ្ដើរ​ផង, ដល់​ពាក់​កណ្ដាល​ផ្លូវ​ ប្រទះ​នឹង​ទន្សាយ ៗ​សួរ​ថា « បុរស​ឯង​ដើរ​ទៅ​ណា​យំ​ផង​ដូច្នេះ មាន​ទោស​ទុក្ខ​ដូចម្ដេច ? ។ បុរស​នោះ​ ថ្លែង​ឲ្យ​ទន្សាយ​ស្ដាប់​សព្វ​គ្រប់​ប្រការ​តាម​ហេតុ​នោះ ។ ទន្សាយ​ឆ្លើយ​ថា ” ឱ ! បើ​ដូច្នោះ​ ភ័យ​អ្វី​ បុរស​ឯង​ទៅ​រក​តែ​ចេក ១ ស្និត​មក ទៅ​ខ្លាច​អ្វី អា​ខ្លា​កំព្រើល​នោះ »។ បុរស​នោះ​ត្រេកអរ​ក៏​ម្នីម្នា​រត់​ទៅ​រក​បាន​ចេក​មួយ​ស្និត ហើយ​ជូន​ទៅ​លោក​សុភា​ទន្សាយ​ថា « ខ្ញុំ​ជូន​លោក ! សុំ​ឲ្យ​តែ​លោក​សុភា​ជួយ​ខ្ញុំ​ឲ្យ​រស់​ជីវិត​ផង​ចុះ តែ​បន្តិច ខ្លា​វា​តាម​មក​ស៊ី​ខ្ញុំ​ហើយ »។ សុភា​ទន្សាយ​ថា « អើ ! អ្នក​ឯង​ទៅ​ជាមួយ​នឹង​យើង ចាំ​មើល​ខ្លា​នោះ​ឲ្យ​ជាក់ » ។ រួច​សុភា​ទន្សាយ​រក​ដំបូក​មួយ​យ៉ាង​ខ្ពស់ ឡើង​ទៅ​អង្គុយ​លើ​ដំបូក​នោះ ដើម្បី​មើល​ទៅ​ឲ្យ​បាន​ឆ្ងាយ ។

ឯ​ខ្លា កាល​ចាំ​បុរស​នោះ​យូរ​ពេក ក៏​តាម​មក ប្រាថ្នា​នឹង​ខាំ​ស៊ី​ទាំង​ពីរ​នាក់ ព្រោះ​ខុស​សន្យា​គ្នា​ពីរ​លើក​ហើយ, វា​ដើរ​ម្នាក់​ឯង​តាម​ផ្លូវ រលេះ​រលាំង​មក​ដល់​ទៀប​ដំបូក ។ បុរស​នោះ​ឃើញ ក៏​ប្ដឹង​សុភា​ទន្សាយ​ថា « ហ្ន ! មក​ហើយ​លោក » ។ សុភា​ទន្សាយ​ប្រាប់​ថា« កុំ​មាត់ ! ចាំ​វា​មក​ជិត​សិន » ។ ខ្លា​ដើរ​មក​កាន់​តែ​ជិត សុភា​ទន្សាយ​ពម​ចេក​មួយ​ក្នុង​មាត់ ហើយ​ស្រែក​គ្រហែម​ឡើង​ថា «អ៊ែម ៗ​ស៊ី​ខ្លា ៥ មិន​ស្កាំ​ផ្ទៃ ស៊ី​ត្រប់ខារ​ប៉ុន​កូន​ដៃ ស្អា​ក​ស្ទើរ​បែក អ៊ែម ៗ» ។

ខ្លា​ឮ​សំឡេង​ធំ​ក្រអួន​ថា «ស៊ី​ខ្លា​៥ មិន​ស្កាំ​ផ្ទៃ» ក៏​ស្ទុះ​ថយ​ក្រោយ ។ សុភា​ទន្សាយ​គ្រហែម​ថែម​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ផ្ទួនៗ ។ ខ្លា​ស្ទុះ​រត់​លែង​ទាំង​មើល​ក្រោយ រត់​ឆ្ងាយ​ទៅ​ប្រទះ​ស្វា​មួយ​នៅ​លើ​ចុង​ឈើ ស្វា​ឃើញ​ខ្លា​រត់​ស្រែក​សួរ​ថា «បង​ខ្លា​ រត់​មាន​ការណ៍​អ្វី ?» ។ ខ្លា​ឮ​ហើយ​ឈប់​ ឆ្លើយ​តប​ទៅ​វិញ «ទេ ! ទេ !វ៉ី អើយ ! អា​ណា​ក៏​ធំ​ម្ល៉េះ ស៊ី​ខ្លា​ដល់​ទៅ ៥ មិន​ឆ្អែត បាន​ជា​អញ​ភ័យ រត់​មក​ក្រែង​វា​ស៊ី»។ ស្វា​សួរ​ថា « បង​ឯង​ឃើញ​ដែរ​ឬ​អ្វី ? ។ ខ្លា​ថា « ទេ ! ឮ​តែ​មាត់ » ។ ស្វា​សួរ​ថា « មាត់​ត្រង់​ណា ? »ខ្លា​តប​ថា «នៅ​បៀត​ដំបូក​ឯ​ដើម​ពង្រ​នោះ​ណា» ។ ស្វា​ថា « ក្រែង​បង​សុភា​ទេ​ដឹង ? ចំណាំ​តែ​ឃើញ​នៅ​ត្រង់​ហ្នឹង » ។

ខ្លា​តប​ថា «មិន​មែន​ទេ សម្ដី​សុភា​ណា​ដូច្នោះ» ។ ស្វា​ថា «ទេ ! ប្រាកដ​ជា​សុភា​ហើយ , បើ​ដូច្នោះ​ទៅ​ម្ដង​ទៀត​មើល ខ្ញុំ​ជូន​ទៅ » ។ ខ្លា​មិន​ព្រម​ទៅ​ថា « ក្រែង​បង​ស្វា​ឯង​រត់​ចោល​អញ តែ​ឯង​ភ័យ​រត់​ឡើង​ចុង​ឈើ​ទៅ, នៅ​តែ​អញ​ម្នាក់​ឯង ស្លាប់​អញ​ហើយ » ។ ស្វា​និយាយ​ម្ដង​ទៀត​ថា បើ​បង​ឯង​ខ្លាច​ខ្ញុំ​រត់​ចោល យើង​ចង​កន្ទុយ​ភ្ជាប់​គ្នា​ខ្ញុំ​ឡើង​ទៅ​ចុង​ឈើ​ឯ​ណា​រួច បើ​បង​ជាប់​នឹង​ខ្ញុំ​ហើយ » ។ ខ្លា​ថា​អើ ! បើ​ដូច្នោះ​ទៅ​ក៏​ទៅ កុំ​រត់​ចោល​គ្នា​វ៉ី ! ។

ខ្លា​និង​ស្វា​ចង​កន្ទុយ​ជាប់​គ្នា​ហើយ ដើរ​តម្រង់​ទៅ​ដំបូក​នោះ ។ បុរស​នោះ​ឃើញ​ប្ដឹង​សុភា​ទន្សាយ​ទៀត​ថា « លោក​អើយ ! មក​ទៀត​ហើយ​ម្ដង​នេះ មាន​ស្វា​មក​ផង ខ្ញុំ​ខ្លាច​ណាស់​លោក! »សុភា​ទន្សាយ​ថា « កុំ​បារម្ភ​អ្វី ! នៅ​មាត់​ឲ្យ​ស្ងៀម​ ចាំ​វា​មក​ជិត​បន្តិច នឹង​មើល​វា»។ សុភា​ទន្សាយ ក៏​ប្រុង​បក​ចេក​មួយ​នឹង​ពម​ឲ្យ​មាំ ។ ដល់​មក​ជិត ស្វា​សួរ​ថា​ត្រង់​ណា​បង​ខ្លា ? ។ ខ្លា​ថា «ហ្ន​ ត្រង់​ហ្នឹង, ហ្ន ! មាត់​ស្រែក​ពី​ត្រង់​នោះ » ។

សុភា​ទន្សាយ​ពម​ចេក​នៅ​ក្នុង​មាត់​ស្រែក​ថា « យើ ! អា​ស្វា​ក្រញាំ ជំពាក់​បំណុល​អញ ៤ – ៥ ឆ្នាំ ដឹក​អា​ខ្លា​សំគម​មួយ​ឲ្យ​អញ​ អ៊ែម ! មើល​មារយាទ​អា​ស្វា​នេះ ! » ។ ខ្លា​ឮ​ដូច្នោះ ក៏​ស្ទុះ​រត់​ភីង​ទៅ ស្វា​ឃាត់​ពុំ​ស្ដាប់ ហើយ​គិត​ក្នុង​ចិត្ត​ថា « យើ​អា​ស្វា​នេះ​ វា​នាំ​អញ​មក​ផាត់​បំណុល​ទេ​តើ ! » ។ ស្វា​ស្រែក​ថា « បង​ខ្លា ឈប់​សិន ៗ​ ខ្លា​ក៏​មិន​ព្រម ដោយ​ចូល​ចិត្ត​ថា ច្បាស់​ជា​ស្វា​យក​ខ្លួន​មក​ផាត់​ឲ្យ​គេ » ហើយ​រត់​ទៅ​ឆ្ងាយ ទាល់​តែ​ស្វា​នោះ​រណ្ដំ​នឹង​ឈើ នឹង​ដី ស្លាប់​ខ្លួន​ខូច​អសារ​ឥត​ការ ។

មាត់​មាន​គ្រប ដប​មាន​ឆ្នុក

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ១ ទំព័រ ៩៨- ១០២


  1. កម្ពុជ​សុរិយា​លេខ ៤- ៥ – ៦ ឆ្នាំ ១៩៣៣ – ៤ ទំព័រ ២០១ រៀបរៀង​ដោយ​ព្រះ​មេត្រី​តេជោ សុគតោ​ ក្រមការ​ដើម​ខ្សែ​លេខ ២ ។