រឿង ចោរ​លួច​ក្រដាស

មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស ២ នាក់​ប្ដី​ប្រពន្ធ អា​ស្រ័យ​នៅ​ក្នុង​ភូមិ​មួយ ។ បុរស​ជា​ប្ដី​តែង​ទី​សិត​ក្រដាស​សព្វ​ ៗ ថ្ងៃ ។ ឯ​ប្រពន្ធ​នៅ​ផ្ទះ​មាន​ស្មន់​អន្ធករ យប់​មួយ​អា​សហាយ​មេ​នោះ​មក តែ​ពុំ​ទាន់​ឡើង​ទៅ​លើ​ផ្ទះ​នៅ​ឡើយ ជួន​ជា​ប្ដី​នោះ​ត្រលប់​មក​ពី​សិត​ក្រដាស​វិញ ក្នុង​វេលា​ខុស​ប្រក្រតី ទុក​ក្រដាស​លើ​គ្រែ​ក្រោម​ផ្ទះ យក​ដុំ​ថ្ម​សង្កត់​ស្រួល​បួល ហើយ​ក៏​ឡើង​ទៅ​លើ​ផ្ទះ ។ ប្រពន្ធ​ឃើញ​ហើយ ភ្ញាក់​ខ្លួន​ព្រើត សួរ​ប្ដី​ថា “ ចុះ​អ្នក​ទៅ​ណា​បាត់​មិន​ដែល​ឃើញ​នៅ​ផ្ទះ ដល់​មួយ​ថ្ងៃ​សោះ ថ្មើរ​នេះ​ទើប​ឡើង​មក ? ” ។ ប្ដី​ថា “ ឯង​អើយ ! អញ​ខំ​សង្វាត​ទៅ​សិត​ក្រដាស ដើម្បី​លក់​យក​ប្រាក់​ចិញ្ចឹម​ជីវិត ” ។ ប្រពន្ធ​ថា “ ឥឡូវ​នេះ​ក្រដាស​នោះ​អ្នក​ទុក​ឯ​ណា ? ” ។ ប្ដី​ថា “ អញ​ទុក​លើ​គ្រែ​ក្រោម​ផ្ទះ យក​ថ្ម​សង្កត់​លើ​ក្រដាស​នោះ​ផង ” ។ ឯ​សហាយ​នៅ​ក្រោម​ផ្ទះ​ឮ​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេកអរ គិត​ថា “ ក្រដាស​ទាំង​នេះ មុខ​ជា​បាន​មក​ដៃ​អញ​មិន​ខាន​ឡើយ ” ហើយ​ក៏​លួច​យក​ក្រដាស​នោះ​ទាំង​អស់​ទៅ ។ លុះ​ព្រឹក​ឡើង​បុរស​ប្ដី​នាំ​ប្រពន្ធ​ទៅ​យក​ក្រដាស​ពុំ​ឃើញ​ដល់​មួយ​ពុម្ព​ឡើយ ។ កាល​បើ​រក​ពុំ​ឃើញ ប្រពន្ធ​ក៏​ជេរ​ប្ដី ។ ទើប​បុរស​នោះ​យក​ខ្សែ​ចង​ថ្ម​នោះ​អូស​យក​ទៅ​ប្ដឹង​ចៅ​ក្រម​ថា “ ខ្ញុំ​ទុក​ក្រដាស ក្រោម​ផ្ទះ យក​ថ្ម​នោះ​សង្កត់ ឥឡូវ​នេះ​ក្រដាស​ខ្ញុំ​បាត់ ខ្ញុំ​ថា​ថ្ម​នេះ​ឯង​លួច​ក្រដាស​ខ្ញុំ​ សូម​ឲ្យ​លោក​ពិចារណា​សេចក្ដី​នេះ​ឲ្យ​ទាន ” ។ ចៅ​ក្រម​ថា “ចៅ​នេះ​ឆ្កួត ឬ​ជា បាន​ជា​ថា​ថ្ម​លួច​ក្រដាស​ដូច្នេះ ?”  ហើយ​ចៅ​ក្រម​ពុំ​ជំនុំ​ពិចារណា​ឲ្យ​ឡើយ ។ បុរស​ម្ចាស់​ក្រដាស​នោះ​កើត​ទុក្ខ​ពុំ​សុខ​ចិត្ត ក៏​នាំ​សេចក្ដី​នោះ​ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​ដោយ​នូវ​ដំណើរ​នោះ ។

ព្រះ​អង្គ​ត្រាស់​ដណ្ដឹង​ថា “ ព្រះ​ស្ដែង​មាន​ប្រពន្ធ ឬ​ឥត​ប្រពន្ធ ? ” បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ មាន​ប្រពន្ធ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ត្រាស់​ថា “ បើ​ដូច្នោះ​ចូរ​ចៅ​ថយ​ទៅ​សិន​ចុះ ចាំ​យើង​ពិចារណា​សេចក្ដី​នោះ​មើល ” ។ បុរស​នោះ​ថ្វាយ​បង្គំ​លា វិល​ទៅ​កាន់​លំនៅ​ខ្លួន​វិញ ។ ទើប​ព្រះ​មហាក្សត្រ​ចាត់​មនុស្ស​ឲ្យ​យក​គង​ទៅ​ប៉ាវ​ប្រាប់​អស់​មន្ត្រី​សេនាបតី​ធំ​តូច នូវ​រាស្ត្រ​ផង ឲ្យ​បាន​​ដឹង​ថា “ ព្រះ​អង្គ​មាន​ការ​ក្រ​ណាស់ បើ​នរណា​មាន​ក្រដាស​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះ​អង្គ ៗ នឹង​ចិញ្ចឹម​អ្នក​នោះ ” ។ ចោរ​លួច​ក្រដាស​នោះ កាល​បើ​បាន​ឮ​អាជ្ញា​ប៉ាវ​គង​ដូច្នោះ​ហើយ ក៏​ម្នីម្នា​យក​ក្រដាស​ដែល​ខ្លួន​លួច​គេ​នោះ ឡើង​ទៅ​ថ្វាយ, ហើយ​ព្រះ​មហាក្សត្រ​ត្រាស់​ឲ្យ​ហៅ​ចៅ​ម្ចាស់​ក្រដាស​មក​មើល​ក៏​ស្គាល់​ជាក់​ជា​ក្រដាស​របស់​ខ្លួន​មែន ហើយ​ទ្រង់​ត្រាស់​ដណ្ដឹង​ទៅ​ចោរ​ដែល​លួច​គេ​នោះ​ថា “ ក្រ​ដាស​នេះ​តើ​ព្រះ​ស្ដែង​បាន​ពី​ទី​ឯ​ណា ? ” ចោរ​ក្រាប​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ធ្វើ​ខ្លួន​ឯង ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ឲ្យ​ធ្វើ​ក្រដាស​ល​មើល ។ ចោរ​នោះ​ធ្វើ​ពុំ​កើត ក៏​ក្រាប​ទូល​ថា  “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ពី​ប្រពន្ធ ” ។ ព្រះ​អង្គ​ឲ្យ​ទៅ​យក​ប្រពន្ធ​មក ។ ឯ​ចោរ​ក្រាប​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​នឹង​ទៅ​យក​ពុំ​បាន​ទេ ត្បិត​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​លួច​គេ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ដណ្ដឹង​ថា “ ព្រះ​ស្ដែង​លួច​តែ​ក្រដាស ឬ​លួច​ទាំង​ប្រពន្ធ​គេ​ផង ? ” ។ ចោរ​នោះ​នឹង​លាក់​ពុំ​បាន​ក៏​ក្រាប​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់ លួច​ទាំង​ប្រពន្ធ​ផង ” ។ ទើប​ព្រះ​មហាក្សត្រ​ទ្រង់​ឲ្យ​លក់​អា​ប្រុស​និង​មេ​ស្រី​នោះ​ដាច់​សុរិល​ហោង ។
សេចក្ដី​នេះ ជា​អាថ៌កំបាំង ឥត​ចៅ​ក្រម​ឯ​ណា​ពិចារណា​បាន​ឡើយ មាន​តែ​ព្រះ​មហាក្សត្រ ទើប​ឈ្វេង​យល់​សព្វ​ប្រការ​អម្បាល​នោះ​បាន ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ១២១ – ១២៣