រឿង ចោរ​លួច​គោ

មាន​និទាន​មួយ​ថា : មាន​បុរស​ម្នាក់​ទិញ​គោ ១ ដឹក​មក​ដល់​ផ្ទះ​ខ្លួន ហើយ​រៀប​ចំ​នំ​ចំណី​ចង​ដៃ​ជា​ស្រេច រួច​បុរស​នោះ​ដឹក​គោ​ចេញ​ទៅ​ចង​ឯ​ក្រៅ​ឲ្យ​ឆី​ស្មៅ ហើយ​ទៅ​ដេក​ក្រោម​ម្លប់​ឈើ, កំពុង​តែ​ដេក​លក់​ស្រួល មាន​បុរស​ម្នាក់​ដើរ​មក​ឃើញ​គោ​នោះ​ក៏​ស្រាយ​យក​ទៅ ។ បុរស​ម្ចាស់​គោ​ភ្ញាក់​ឡើង​ពុំ​ឃើញ​គោ ក៏​ក្រោក​ឈរ មើល​ទៅ​ឃើញ​ចោរ​កំពុង​ដឹក​គោ​នោះ នាំ​រត់​ទៅ, បុរស​ម្ចាស់​គោ​តាម​ទៅ​ហៀប​នឹង​ទាន់​ក៏​ស្រែក​ហៅ​ថា “ វ៉ើយ​ចៅ​ដឹក​គោ​អញ​ទៅ​ណា ? ” ។ ចោរ​នោះ​មិន​ស្ដី ។ បុរស​ម្ចាស់​គោ​រត់​ទៅ​ចាប់​ខ្សែ​គោ​អំពី​ដៃ​ចោរ ។ ចោរ​ថា “ យី​អើ ! អញ​ចង់​អស់​សំណើច​នឹង​ចៅ​នេះ​ពេក​ណាស់​  គោ​អញ​ដឹក​ពី​ផ្ទះ​អញ​មក​ម្ដេច​ក៏​ចៅ​ឯង​មក​ចោទ​ថា​អញ​លួច​គោ​ចៅ ? ” ។ ចៅ​ទាំង ២ ដណ្ដើម​គោ​គ្នា​ទៅ​វិញ​ទៅ​មក សុទ្ធ​តែ​បាន​រៀង​ៗ ខ្លួន​ទើប​ចៅ​ទាំង ២ នោះ​ដឹក​គោ​ទៅ​ប្ដឹង​ចៅក្រម​ដោយ​ដំណើរ​ទី​ទៃ ៗ ពី​គ្នា ។

ចៅក្រម​កាត់​សេចក្ដី​ឲ្យ​ចៅ​ទាំង ២ នាក់​នោះ​ពុំ​បាន ក៏​នាំ​គ្នា​ទៅ​គាល់​ព្រះ​មហាក្សត្រ​ក្រាប​បង្គំ​ទូល​តាម​ដំណើរ​នោះ ។ ឯ​ចៅ​ម្ចាស់​គោ​ក្រាប​បង្គំ​ទូល​ថា “ គោ​នេះ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទើប​នឹង​ទិញ​ពី​គេ​មក​ដល់​ផ្ទះ ចង​ឲ្យ​ទទួល​ព្រះ​រាជ​ទាន​ស្មៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទៅ​ទទួល​ព្រះ​រាជ​ទាន​ដំណេក​លក់ ស្រាប់​តែ​ចៅ​នេះ​មក​លួច​ដឹក​គោ​ខ្ញុំ​ព្រះ​បាទ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​យក​ទៅ លុះ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ក្រោក​ពី​ដំណេក​ទៅ​តាម​យក​គោ​ពី​ចៅ​នេះ ៗ ពុំ​ព្រម​ឲ្យ ចេះ​ដណ្ដើម​គោ​ពី​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ដណ្ដឹង​ថា “ គោ​នេះ​ចៅ​ឲ្យ​ស៊ី​អ្វី ? ” ។ ចៅ​ម្ចាស់​គោ​ក្រាប​ទូល​ថា “ ឲ្យ​ទទួល​ព្រះ​រាជ​ទាន​ស្មៅ ” ។ ចោរ​ឆ្លើយ​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ដឹក​គោ​មក​អំពី​ផ្ទះ ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ស្រាប់​តែ​ចៅ​នេះ ដើរ​មក​ពី​ណា មក​ដណ្ដើម​គោ​ខ្ញុំ ព្រះ​បាទ​អម្ចាស់​កណ្ដាល​ផ្លូវ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​សួរ​ថា “ គោ​នេះ​ចៅ​ឯង​ឲ្យ​ស៊ី​អ្វី ? ” ។ ចោរ​ឆ្លើយ​ថា “ ឲ្យ​ទទួល​ព្រះ​រាជ​ទាន​សណ្ដែក ” ។ ព្រះ​មហាក្សត្រ​ឲ្យ​អាមាត្យ​យក​ស្លឹក​ប្រយង្គុ​បង្អក​គោ ហើយ​គោ​នោះ​វា​រើ​ចេញ​មក ឃើញ​តែ​ស្មៅ ពុំ​ឃើញ​ស្លឹក​សណ្ដែក​ដល់​មួយ​ទង​នៅ​ក្នុង​ពោះ​គោ​នោះ​ឡើយ ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “ អា​នេះ​លួច​គោ​មែន​ហើយ ” ទើប​ព្រះ​អង្គ​កាត់​ឲ្យ​ចៅ​ម្ចាស់​គោ​នោះ​ឈ្នះ ។ ព្រះ​អង្គ​កាត់​ដូច្នេះ ហៅ​សុគតិគមនំ​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៩៩ – ១០០