រឿង ជ្រូក​បាន​ជា​ឈ្មោះ​ឆ្នាំ​កុរ

រឿង​នេះ ដើម​ឡើយ មាន​សេចក្ដី​និទាន ៖
មាន​សេចក្ដី​កុដុម្ពី​ម្នាក់ មាន​សម្បត្តិ​ទ្រព្យ​ស្ដុក​ស្ដម្ភ ហើយ​មាន​កូន​មួយ តែ​អកុសល កូន​នោះ​កើត​មក មាន​ខ្លួន​ប្រាណ​ជា​សត្វ​ជ្រូក ។
ឪពុក​ម្ដាយ​អន់​ចិត្ត​ពន់​ពេក ព្រោះ​កូន​មាន​ភាព​ជា​សត្វ កូន​នោះ​ឆាប់​ចេះ​ដើរ ចេះ​និយាយ​ភាសា​មនុស្ស ឧស្សាហ៍​ព្យាយាម មិន​មាន​ខ្ជិល ហើយ​មាន​ប្រាជ្ញា​ឈ្លាសវៃ ។ លុះ​ខ្លួន​កាន់​តែ​ធំ ចេះ​ជួយ​រក្សា​ការពារ​ទ្រព្យ​សម្បត្តិ​ឪពុក-ម្ដាយ ប្រើ​ការ​ផ្សេង ៗ ធ្វើ​បាន​ការ​សព្វ​គ្រប់ ។ [1]

ចំណែក​វត្ថុ​ស្ងាត់​កំបាំង ដែល​មាន​នៅ​ក្នុង​ខ្លួន​ជ្រូក​នេះ ឪពុក​ម្ដាយ​ពុំ​បាន​ដឹង​សោះ ។ តាម​ពិត​ជ្រូក​មាន​ធ្នូ​ព្រះ​ខ័ន ជា​របស់​ទិព្វ​នៅ​ក្នុង​ខ្លួន, លុះ​ជ្រូក​នេះ​មាន​វ័យ​កាន់​តែ​ចម្រើន​ធំ​ឡើង ៗ ឪពុក​ម្ដាយ​កាន់​តែ​ពេញ​ចិត្ត អំពី​ចរិយា ដឹង​ខុស-ត្រូវ ទាស់​តែ​រូប​ជា​ជ្រូក​ប៉ុណ្ណោះ ។

ស្រាប់​តែ​វេលា​ថ្ងៃ​មួយ ជ្រូក​នោះ​និយាយ​ទៅ​កាន់​មាតា​បិតា​ថា ៖ សូម​ឲ្យ​គិត​គូរ​រក​ប្រពន្ធ​ឲ្យ​ខ្លួន ។
ឪពុក-ម្ដាយ​ឮ​ហើយ ទ័ល​គំនិត សម្ងំ​ដក​ដង្ហើម​ធំ​គ្រប់​គ្នា​ហើយ​ឆ្លើយ​ថា ៖ កូន​អើយ ! ឲ្យ​ម្ដាយ-ឪពុក ទៅ​និយាយ​ស្ដី​កូន​អ្នក​ឯ​ណា គេ​ព្រម​ឲ្យ គេ​ព្រម​យក បើ​កូន​ឯង​មាន​ភាព​​​ជា​សត្វ​ដូច្នេះ។ សព្វ​ថ្ងៃ​ឪពុក-ម្ដាយ មាន​តែ​កូន​ឯង​មួយ ជា​ទី​អាណិត​ស្រឡាញ់​ស្មើ​ជីវិត, ឯ​សម្បត្តិ​ឥត​ទាល់​ក្រ​ទេ យើង​មាន​ឥត​ខ្វះ តែ​ត្រង់​រឿង​ដែល​កូន​ឲ្យ​ឪពុក-ម្ដាយ​ទៅ​រក​ស្ដី​ដណ្ដឹង​កូន​គេ​នេះ ឪពុក​ម្ដាយ​ទាល់​ហើយ​ត្រង់​រឿង​ហ្នឹង មិន​ហ៊ាន​ទៅ​និយាយ​ស្ដី​កូន​គេ​ទេ ។ បើ​គេ​និយាយ​ថា​ម៉េច​ឲ្យ​មក​វិញ ឯង​គ្មាន​ផ្លូវ​ដោះ​ការ​នេះ​ឪពុក-ម្ដាយ​ខ្មាស​គេ​ណាស់ ។ បើ​កូន​យក​ជ្រូក​ដូច​គ្នា​នោះ មិន​ពិបាក​ទេ ។

ជ្រូក​ឆ្លើយ​ថា ៖ ប្រពន្ធ​ស្រី​ជ្រូក ខ្ញុំ​មិន​យក​ទេ យក​តែ​ប្រពន្ធ​ស្រី​មនុស្ស ! បើ​រក​មិន​បាន​ទេ ខ្ញុំ​សុំ​ដើរ​រក​ប្រពន្ធ​ខ្លួន​ឯង​ហើយ !
មិន​យូរ​ប៉ុន្មាន ស្រាប់​តែ​ជ្រូក​នោះ ឥត​ប្រាប់​អ្វី​ទៀត​ទេ ក៏​ដើរ​ទៅ​បាត់​ពី​ផ្ទះ ។ កុដុម្ពី​ប្ដី​ប្រពន្ធ​ស្វែង​រក​សព្វ​ទិស​ទី​មិន​ឃើញ​សោះ ក៏​កើត​ការ​ក្រៀម​ក្រំ​អាណិត​កូន ។
ចំណែក​ជ្រូក​នោះ​វិញ មុន​នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ ក៏​ឈរ​សម្លឹង​ឧទ្ទិស​ក្នុង​ចិត្ត​ថា ៖ បើ​គូ​ភរិយា​ពី​បុព្វេ​មាន​នៅ​ទិស​ណា សូម​ទេវតា​ជួយ​នាំ​ចិត្ត​ឲ្យ​ខ្ញុំ​ដើរ​ទៅ​ត្រង់​ទិស​ទី​នោះ ។ ហើយ​ក៏​ដើរ​ចេញ​ទៅ ដំណើរ​ចូល​ព្រៃ​ជា​ដរាប​អស់​ជា​ច្រើន​ថ្ងៃ ទើប​បាន​ជួប​យាយ​ម្នាក់​ដើរ​ជីក​ដំឡូង តែ​ម្នាក់​ឯង​ក្នុង​ព្រៃ​ស្ងាត់ ជ្រូក​ឃើញ​ក៏​ដើរ​ចូល​ទៅ​ជិត​សួរ​ថា ៖

-លោក​យាយ​ដើរ​រក​អ្វី ? បាន​ឬ​ទេ ?
យាយ​ឮ​ពាក្យ​ជ្រូក​ចេះ​ស្រដី កើត​ចិត្ត​រីករាយ​អាណិត​ស្រលាញ់​ហើយ​គាត់​ឆ្លើយ​ថា ៖
– យាយ​រក​ជីក​ដំឡូង តែ​ឥឡូវ​គ្មាន​បាន​ទេ !
ជ្រូក​សួរ​ទៀត​ថា ៖
– យាយ​នៅ​ដល់​ណា តើ​លោក​តា​គាត់​នៅ​ទេ ហើយ​យាយ​មាន​កូន​ប៉ុន្មាន​នាក់ ?
យាយ​ឆ្លើយ​ប្រាប់​ជ្រូក​ថា ៖
-ចៅ​អើយ ផ្ទះ​យាយ​នៅ​ឯ​នោះ តា​នោះ​គាត់​ស្លាប់​យូរ​មក​ហើយ យាយ​នៅ​មេម៉ាយ ជា​មួយ​កូន​ស្រី​ពីរ​នាក់ គ្មាន​កូន​ប្រុស​ទេ ឥឡូវ​កូន​ស្រី​នេះ​ពេញ​ក្រមុំ​អស់​ហើយ ។

ជ្រូក​ឮ​យាយ​ប្រាប់​ថា មាន​កូន​ក្រមុំ​ពីរ​នាក់ នៅ​ទំនេរ​ដូច្នេះ ជ្រូក​ក៏​និយាយ​ដំណើរ​ខ្លួន​ឲ្យ​យាយ​ស្ដាប់​សព្វ​គ្រប់ ហើយ​សុំ​ទៅ​នៅ​ជាមួយ​យាយ​ផង ។
យាយ​នឹក​ក្នុង​ចិត្ត​ថា ជ្រូក​នេះ​ចេះ​និយាយ​ដឹង​ខុស-ត្រូវ​សព្វ ចេះ​ភាសា​មនុស្ស​ពីរោះ​ល្អ​ស្ដាប់​ណាស់ ហើយ​ថា​ឪពុក-ម្ដាយ​វា​ជា​សេដ្ឋី​ផង បើ​ជ្រូក​វា​ស្រឡាញ់​កូន​អញ ហើយ​បើ​កូន​អញ​ព្រម អញ​គួរ​តែ​ផ្សំ​ផ្គុំ​វា​ហើយ ។ ទើប​គាត់​ប្រាប់​ជ្រូក​វិញ​ថា ៖ ចៅ​ឯង​ជួយ​រក​ដំឡូង​បន្តិច​ទៅ ។

ជ្រូក​ចូល​ព្រៃ​ភ្លាម ស្វែង​រក​ដំឡូង ។ មិន​យូរ​ប៉ុន្មាន​ជ្រូក​ឈ្មុស​ដី បាន​មើម​ដំឡូង​គរ​ជា​ច្រើន​គំនរ យាយ​ចេះ​តែ​តាម​រើស​ដាក់​កញ្ជើ មាន​ទាំង​ដំឡូង​ខ្មុង អាខ្យាត អខ្យា ដៃ​ខ្លា ដំឡូង​ទឹក ដំឡូង​ទៀន គ្រប់​មុខ យាយ​ពេញ​ចិត្ត​នឹង​ចៅ​ជ្រូក​ឥត​ឧបមា ព្រោះ​ឆ្លាត​ប៉ិន​ប្រសប់​រក​ដំឡូង​ពេញ​កញ្ជើ​ទាំង​ពីរ ។ ជ្រូក​បង្គាប់​យាយ​ឲ្យ​លើក​កញ្ជើ​ដំឡូង​ដាក់​លើ​ខ្នង ហើយ​ដើរ​ទៅ​តាម​យាយ លុះ​ត្រា​ទៅ​ដល់​ផ្ទះ ។
ឯ​កូន​ក្រមុំ​ទាំង​ពីរ​នាក់ បាន​ឃើញ​ម្ដាយ​មក​ពី​ព្រៃ ក៏​នាំ​គ្នា​ចេញ​ទៅ​ទទួល ។ យាយ​ក៏​បង្ហាញ​ឲ្យ​ជ្រូក​ស្គាល់​កូន​ទាំង​ពីរ រួច​លើក​កញ្ជើ​ដំឡូង​ដាក់​ចុះ​ពី​លើ​ខ្នង​ជ្រូក ឯ​កូន​ទៅ​ជិត​ម្ដាយ​ក៏​ខ្សឹប​សួរ​ថា ៖ ជ្រូក​ហ្នឹង​មក​ពី​ណា ចេះ​និយាយ​ផង ? ។ ម្ដាយ​ក៏​បាន​សព្វ​គ្រប់ ។ លុះ​នៅ​បន្តិច​ទៅ​នោះ កូន​ស្រី​យាយ​នេះ នឹង​ចៅ​ជ្រូក​ក៏​ដឹង​ចិត្ត​គ្នា​ស្និទ្ធ​ស្នាល​ពេល​ទៅ​រក​ដំឡូង​ក៏​ទៅ​ជា​មួយ​គ្នា ។ យាយ​ម្ដាយ​ដឹង​ថា​កូន​គាត់​នឹង​ចៅ​ជ្រូក ស្គាល់​គ្នា​ជិត​ស្និទ្ធ ហើយ​ក៏​ផ្ដើម​សួរ​ចិត្ត​កូន ។ សួរ​ទៅ​នាង​បង​នាង​ប្រកែក លុះ​សួរ​ទៅ​នាង​ប្អូន នាង​ឆ្លើយ​ថា ៖​

-ស្រេច​តែ​ម៉ែ ម៉ែ​ឲ្យ​ខ្ញុំ​ទៅ​នរណា ខ្ញុំ​ចេះ​តែ​តាម ។
យាយ​បាន​ដឹង​ពាក្យ​នេះ ត្រេក​អរ​ណាស់ ហើយ​ក៏​ឲ្យ​ដំណឹង​ទៅ ចៅ​ជ្រូក​ដឹង​ពី​រឿង​នេះ ជ្រូក​ត្រេកអរ​ពន់​ពេក ហើយ​ក៏​រួប​រួម​ផ្សំ​ផ្គុំ​កូន​ពៅ ឲ្យ​ទៅ​ជា​គូ​ជាមួយ​ចៅ​ជ្រូក តាម​ប្រពៃណី​ស្រុក​សព្វ​គ្រប់ ។ យាយ​ក៏​ចាត់​ចែង​ឲ្យ​បាន​ជា​លំនៅ​ឋាន​ឲ្យ​កូន​នៅ​ដោយ​ខ្លួន ជា​ដរាប​ទៅ ។ បាន​ប្រមាណ​ជា​កន្លះ​ខែ នៅ​ស្រុក​និគម​នោះ មាន​លេច​ឮ​ថា នឹង​មាន​ពួក​ភ្លេង របាំ គេ​នឹង​មក​លេង​នៅ​ជិត​នោះ, អ្នក​ភូមិ​ជិត​ខាង ទាំង​ចាស់​ទាំង​ក្មេង ក៏​ស្រើប​ស្រាល​នាំ​គ្នា​ស្រស់​ស្រូប​បាយ​ពេល​ព្រលប់ រួច​នាំ​គ្នា​ទៅ​មើល​ជា​ច្រើន​ឈូឆរ ។ នាង​ពៅ​ប្រពន្ធ​ចៅ​ជ្រូក ក៏​ចង់​ទៅ​មើល​នឹង​គេ​ដែរ ក៏​បបួល​ចៅ​ជ្រូក​ជា​ប្ដី​ឲ្យ​ទៅ​ផង តែ​ជ្រូក​ថា “ឲ្យ​ប្អូន​ឯង​ទៅ​មើល​ចុះ បង​នៅ​ចាំ​ផ្ទះ ” ។ នាង​បាន​អនុញ្ញាត​ពី​ស្វាមី​ហើយ ក៏​ទៅ​ជាមួយ​នឹង​គេ ឯ​ចៅ​ជ្រូក​នេះ​វិញ ដឹង​ថា​នាង​ភរិយា​ចេញ​ទៅ​ឆ្ងាយ​ហើយ ក៏​ទម្លាយ​ស្រោម​ចេញ​ទៅ​មើល​ដែរ ហើយ​ស្រូត​រូត​ឲ្យ​លឿន​ទៅ​ដល់​ទីនោះ​មុន​នាង​ពៅ ។ ដល់​ហើយ​ក៏​ចូល​ទៅ​លេង​ភ្លេង​ជាមួយ​គេ ចេះ​បទ​បែប​ភ្លេង​យ៉ាង​ជំនាញ ដូច​ពួក​ភ្លេង​នោះ​ដែរ ។

លុះ​អស់​ពេល​ហើយ ដឹង​ថា​ពួក​អ្នក​ស្រុក និង​នាង​ពៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ឈប់​ភ្លាម​ហើយ​ប្រញាប់​ភៀស​ខ្លួន​រូត​ដំណើរ​ទៅ​ឲ្យ​ផ្ទះ​មុន​ប្រពន្ធ ហើយ​ចូល​ទៅ​ក្នុង​ស្រោម​ជ្រូក​វិញ​ដូច​ដើម ។
លុះ​នាង​ពៅ​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ ចៅ​ជ្រូក​ចាប់​សួរ​ទៅ​ភរិយា​ថា “ អូន​ទៅ​មើល​របាំ​គេ​នោះ ល្អ​មើល​ទេ គេ​លេង​ដូចម្ដេច​ខ្លះ ? ” ។ នាង​ពៅ​ក៏​រ៉ាយរ៉ាប់​ប្រាប់​សព្វ​គ្រប់ ហើយ​នាង​ប្រាប់​ថា “ មាន​អ្នក​លេង​ភ្លេង​ម្នាក់​រូប​រាង​ស្អាត​ល្អ​ណាស់ ច្រៀង​ក៏​ពីរោះ ហើយ​ចេះ​រាំ​ចាក់​ក្បាច់​ក៏​សម អ្នក​មើល​គេ​ចាប់​ចិត្ត​លើ​បុរស​នោះ​គ្រប់​គ្នា ” ។
ជ្រូក​សួរ​បញ្ជាក់​ថា “ អ្នក​នោះ​ស្លៀក​សំពត់​ខៀវ ពាក់​អាវ​ក្រហម​មែន​ឬ​ទេ ? ” ។ ប្រពន្ធ​ឆ្លើយ​ថា “ ហ្នឹង​ហើយ ហេតុ​ម៉េច​បាន​ជា​បង​ដឹង ឬ ទៅ​មើល​នឹង​គេ​ដែរ​ឬ ? ”
ចៅ​ជ្រូក​នៅ​ស្ងៀម​មិន​ចេញ​ស្ដី ។

តាម​ពិត​ចៅ​ជ្រូក​នឹង​នាង​ពៅ ស្រឡាញ់​គ្នា​ស្មោះ​ស្ម័គ្រ​ត្រឹម​តែ​សម្ដី​នឹង​សម្ដី​ប៉ុណ្ណោះ​ទេ ឯ​ខ្លួន​ប្រាណ​ពុំ​ដែល​បាន​ប៉ះ​គ្នា​ឡើយ  ។ លុះ​ដល់​ល្ងាច​មួយ​ទៀត អ្នក​ស្រុក​ផ្អើល​អ៊ូអរ​ទៅ​មើល​ភ្លេង​របាំ​នោះ​ទៀត, នាង​ភរិយា​ចៅ​ជ្រូក ក៏​សុំ​ប្ដី​ទៅ​មើល​ទៀត, ចៅ​ជ្រូក​អនុញ្ញាត​ឥត​ថា​អ្វី​ឡើយ  រួច​ក្រោយ​មក ខ្លួន​ឯង​ក៏​លួច​ចេញ​ពី​ស្រោម  ហើយ​ទៅ​ចូល​រួម​ក្នុង​វង់​របាំ​នោះ ដូច​កាល​ពី​យប់​មុន​ទៀត ។ កាល​ណា​ដល់​ពេល​ឈប់​ភ្លាម ចៅ​ជ្រូក​ម្នីម្នា​ចូល​ស្រោម​ខ្លួន​វិញ ឲ្យ​ទាន់​មុន​ប្រពន្ធ​មក​ដល់​ផ្ទះ ។

លុះ​ប្រពន្ធ​មក​ដល់​ក៏​សួរ​ប្រពន្ធ​ទៀត​ថា ៖
-ម៉េច អូន​មើល​ល្ងាច​នេះ ល្អ​មើល​ទៀត​ទេ ?
នាង​ភរិយា​តប​ថា ៖
-ថ្ងៃ​នេះ​ល្អ​ប្លែក​ពី​ថ្ងៃ​មុន​ទៅ​ទៀត ។
ចៅ​ជ្រូក​សើច​រួច​តប​បែប​ដូច​ព្រងើយ​ទៅ​វិញ​ថា ៖
-អ្នក​ដែល​លេង​ល្អ​ជាង​គេ​នោះ គឺ​បុរស​ស្លៀក​សំពត់​ខៀវ ពាក់​អាវ​ស មែន​ទេ ?
នាង​នោះ​ឆ្ងល់​ណាស់ ក៏​សួរ​ទៅ​ប្ដី​ថា ៖
-ចុះ​ម៉េច ក៏​បង​ដឹង ខ្ញុំ​ឆ្ងល់​ណាស់  ?

ពេល​ល្ងាច​ថ្ងៃ​ទី ៣ នាង​ពៅ​សុំ​ស្វាមី​ទៅ​មើល​ទៀត ស្វាមី​ក៏​អនុញ្ញាត​ដូច​ពី​យប់​មុន ។ ក្រោយ​ដែល​ដឹង​ថា​ប្រពន្ធ​ទៅ​ផុត​ហើយ ចៅ​ជ្រូក​ក៏​ប្រញាប់​ចេញ​ពី​ស្រោម ប្រុង​នឹង​ទៅ​លេង​ភ្លេង​ជាមួយ​គេ​ទៀត ។ ចំណែក​នាង​ភរិយា នាង​មិន​ទៅ​រហូត​ទេ ព្រោះ​នៅ​សង្ស័យ​ចំពោះ​ប្ដី​នេះ​ណាស់ នាង​ទៅ​បាន​តែ​បន្តិច ក៏​វិល​មក​លប​ចាំ​ឃ្លាំ​មើល​ប្ដី ស្រាប់​តែ​ឃើញ​ប្ដី​ចេញ​ពី​ស្រោម ហើយ​មាន​រូប​ឆោម​ល្អ​ប្រិមប្រិយ គឺ​ជា​រូប​បុរស​លេង​របាំ​ដែល​នាង​សរសើរ​ថា​ល្អ​នោះ ។ នាង​ស្ទុះ​ប្រញាប់​ទៅ​ចាប់​ឃាត់​ប្ដី​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ស្រោម​វិញ ។ ប្ដី​ក៏​សុខ​ចិត្ត​តាម​ពាក្យ​អង្វរ​របស់​ភរិយា តែ​សុំ​ឲ្យ​នាង​នោះ​រក្សា​ទុក​ស្រោម​នោះ​ឲ្យ​បាន​ស្រួល​បួល ។ នាង​ពៅ​យក​ស្រោម​នោះ ទៅ​ទុក​ដាក់​នៅ​កន្លែង​សមរម្យ​តាម​បង្គាប់​ប្ដី ហើយ​ក៏​នៅ​សុខ​សាន្ត​ជាមួយ​គ្នា​រៀង​រហូត​មក ។

ពេល​មួយ​នៅ​ប្រទេស​នោះ​ឥត​មាន​ស្ដេច, ពួក​សេនា​សេវកាមាត្យ ក៏​នាំ​គ្នា​ធ្វើ​ពិធី​ផ្សង​រក​អ្នក​ដ៏​មាន​បុណ្យ ដើម្បី​ឡើង​គ្រង​រាជ្យ ។ តែ​ពេល​នោះ រឿង​អស្ចារ្យ​របស់​ចៅ​ជ្រូក​ឮ​រន្ទឺ​សុសសាយ​ទៅ​គ្រប់​ទិស​ទី ពពួក​សេវកាមាត្យ​ក៏​បាន​ទៅ​អញ្ជើញ​បុរស​អស្ចារ្យ​នេះ ឲ្យ​ឡើង​គ្រង​រាជ្យ គ្រប់​គ្រង​ប្រទេស​ត​ទៅ ។
លុះ​បាន​ឡើង​គ្រង​រាជ្យ​ហើយ ប្រមាណ​ជា​កន្លះ​ខែ ព្រះ​ចៅ​ឡើង​គ្រង​រាជ្យ​ថ្មី​នេះ នាំ​មហេសី​ទៅ​រក​ផ្ទះ​កុដុម្ពិក​ជា​ឪពុក-ម្ដាយ ។ កុដុម្ពិក​រំភើប​ស្លុត​ក្នុង​ចិត្ត ហើយ​តាំង​រៀប​ចំ​កន្លែង​ទទួល​ព្រះ​រាជា, ស្ដេច​សួរ​អំពី​ដំណើរ​ដើម​មាន​កូន​ប្រុស-ស្រី​ប៉ុន្មាន​នាក់ ។ សេដ្ឋី​ក្រាប​ទូល​ថា ៖ “ ខ្ញុំ​ព្រះ​អង្គ​ មាន​តែ​កូន​ប្រុស​មួយ​នាក់ ហើយ​ជា​ជ្រូក​ផង តែ​ចេះ​និយាយ​ភាសា​មនុស្ស​ច្បាស់​លាស់​ណាស់ ។ ពេល​មួយ​កូន​នោះ​ទារ​រក​ដណ្ដឹង​ប្រពន្ធ លុះ​ខ្ញុំ​ព្រះ​អង្គ​ប្រាប់​ថា​រក​ពុំ​បាន​ទេ កូន​នោះ​ក៏​ស្រាប់​តែ​ដើរ​បាត់​រហូត​មិន​ដឹង​ជា​ទៅ​ណា​មក​ណា យូរ​មក​ហើយ ” ។

ស្ដេច​ជ្រាប​ព័ត៌មាន​នេះ​ហើយ ក៏​ត្រាស់​អំពី​រឿង​ពិត​ឲ្យ​កុដុម្ពិក​ដឹង​សព្វ​គ្រប់ ។ កុដុម្ពិក​ត្រេកអរ​ណាស់ ក៏​នាំ​គ្នា​ឱប​ព្រះ​រាជា​សរសើរ​បុណ្យ​បារមី ។ ព្រះ​រាជា​ក៏​ត្រាស់​បញ្ជា​ឲ្យ​កុដុម្ពិក​ទាំង​ភរិយា​ស្វាមី​ទៅ​រស់​នៅ​ឯ​រាជ​វាំង ។ ឯ​យាយ​ចាស់ ជា​ម្ដាយ​នាង​ពៅ​វិញ ក៏​ព្រះ​អង្គ​ទ្រង់​អនុញ្ញាត​ឲ្យ​មក​នៅ​ក្នុង​រាជ​វាំង​ដែរ ។
ពិត​មែន​តែ​ព្រះ​អង្គ មាន​រូប​កាយ​ជា​មនុស្ស​ពេញ​បរិបូណ៌ ប៉ុន្តែ​ទ្រង់​នៅ​តែ​នឹក​សន្ដោស​ដល់​សត្វ​ជ្រូក ព្រោះ​តែ​ពី​ពេល​មុន​ធ្លាប់​រស់​នៅ​ជា​សត្វ​នេះ ក៏​ព្រះ​អង្គ​ត្រាស់​បញ្ជា​ឲ្យ​ក្រុម​ហោរា​យក​នាម​សត្វ​ជ្រូក ទៅ​ដាក់​ឈ្មោះ​ឆ្នាំ​មួយ​ជា​ឆ្នាំ​ទី ១២ ឲ្យ​សម្គាល់​ថា ឆ្នាំ​កុរ​នោះ​ជា​នាម​សត្វ​ជ្រូក ។
នេះ​ជា​រឿង​ព្រេង​ជ្រូក​បាន​ឡើង​ជា​ឈ្មោះ​ឆ្នាំ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ៧១ – ៧៩


  1. អត្ថបទ​រឿង​នេះ​ទាំង​ស្រុង ស្រង់​ពី​ឯកសារ​លេខ ២៧.២០២ ដែល​លោក វ៉ាណ-គូ នៅ​អង្គ​សោម ខេត្ត​តាកែវ រៀប​រៀង