រឿង ដូន​ចាស់​ដាំ​ដើម​ឃ្លោក​សាដៀវ

មាន​និទាន​មួយ​ថា : មាន​ដូន​ចាស់​មួយ​ដាំ​ឃ្លោក​សាដៀវ​ដុំ​ឡើង ទើប​នឹង​បែក​សន្លឹក ២ មាន​បុរស​ម្នាក់​មក​ដណ្ដឹង​ទិញ​ឃ្លោក​នោះ​ឲ្យ​ថ្លៃ ១ កហាបណៈ​ហើយ​ដើរ​ទៅ​លំនៅ​វិញ​បាត់ ។ ដូន​ចាស់​រក្សា​ឃ្លោក​នោះ លុះ​ឃ្លោក​ផ្លែ មាន​បុរស​ម្នាក់​ដទៃ​មក​ដណ្ដឹង​ទិញ​ឃ្លោក​នោះ​ទៀត ដូន​ចាស់​ថា “ឃ្លោក​នេះ​គេ​ទិញ​អស់​ហើយ អញ​លក់​ឲ្យ​ចៅ​ម្ដេច​បាន” ។ បុរស​នោះ​ថា “គេ​ទិញ​ពី​កាល​ណា ? ” ។ ដូន​ចាស់​ថា “កាល​ដុះ​បែក​សន្លឹក ២” ។ បុរស​នោះ​សួរ​ទៀត​ថា “គេ​ទិញ​ដូន​នោះ​តើ​ឲ្យ​ថ្លៃ​ប៉ុន្មាន ? ” ។ ដូន​ថា “ កាល​គេ​មក​ទិញ​នោះ​គេ​ឲ្យ​ថ្លៃ ១ កហាបណៈ ” ។ បុរស​នោះ​ថា “ គេ​ទិញ​តែ​ដើម​ទេ ឥឡូវ​ខ្ញុំ​យក​ថ្លៃ​ឃ្លោក​ជូន ព្រោះ​បាន​ទិញ​ហើយ ”។ ដូន​ចាស់​ថា “ចៅ​អើយ ! អ្នក​ទិញ​មុន​គេ​យក​ផ្លែ​នោះ​ឯង” ។ ចៅ​នោះ​ថា “លែង​តែ​លក់​ឲ្យ​ខ្ញុំ​ចុះ ខ្ញុំ​ឲ្យ​ថ្លៃ​ជូន ២ កហាបណៈ” ។ ដូន​ចាស់​អរ​នឹង​ប្រាក់​នោះ ក៏​លក់​ឃ្លោក​នោះ​ទៅ ។

បុរស​នោះ​ទិញ​បាន​ផ្លែ​ឃ្លោក​ហើយ ក៏​នៅ​ចាំ​រក្សា​ឃ្លោក​នោះ លុះ​ដល់​ធំ​ក៏​បេះ​យក​ទៅ​ធ្វើ​សាដៀវ ហើយ​ដេញ​លេង​នៅ​លំនៅ​អាត្មា​ឯង ។ ឯ​បុរស​ទិញ​ដើម​ឃ្លោក​អំពី​មុន ដើរ​ទៅ​ឮ​បុរស​នោះ​ដេញ​សាដៀវ​ពីរោះ ក៏​ចូល​ទៅ​ដណ្ដឹង​ថា “បាន​ឃ្លោក​សាដៀវ​នេះ​ពី​ណា ?” ។ បុរស​ដេញ​សាដៀវ​ថា “អញ​ទិញ​គេ” ។ ចៅ​មួយ​ដណ្ដឹង​ទៀត​ថា “ចៅ​ទិញ​ពី​ណា? ”។ ចៅ​ម្ចាស់​សាដៀវ​ថា “ទិញ​អំពី​ដូន​ចាស់ ”។ ចៅ​ទិញ​ដើម​ឃ្លោក​មុន​ថា “ ម្ដេច​ក៏​ចៅ​លួច​ផ្លែ​ឃ្លោក​អញ ? ” ។ ឯ​ចៅ​ម្ចាស់​សាដៀវ​ថា “ អញ​ទិញ​ពី​ដូន​ចាស់​នោះ ត្រឹម​ត្រូវ​តាម​ច្បាប់ ម្ដេច​ក៏​ចៅ​ថា “អញ​លួច​ឃ្លោក​ចៅ​ឯង ? បើ​ដូច្នេះ​យើង​នឹង​គ្នា​ទៅ​ដណ្ដឹង​ដូន​ចាស់​ម្ចាស់​ឃ្លោក​នោះ ” ទើប​ចៅ​ទាំង ២ នាក់​នាំ​គ្នា​ទៅ​ដល់​ដូន​ចាស់​នោះ ហើយ​សួរ​ថា “ ដូន​លក់​ផ្លែ​ឃ្លោក​ឲ្យ​ចៅ​នេះ​មែន​ឬ ? ” ។ ដូន​ចាស់​ថា “ លក់​មែន ” ។ ចៅ​ម្ចាស់​ឃ្លោក​ដែល​ទិញ​ពី​មុន​នោះ​ថា ម្ដេច​ក៏​ដូន​លក់​ផ្លែ​ឃ្លោក​ខ្ញុំ ? ។ កាល​បើ​ដូច្នេះ​ចៅ​ទាំង ២ នាំ​គ្នា​ទៅ​គាល​់​ព្រះ​មហាក្សត្រ សូម​ទ្រង់​កាត់​សេចក្ដី​នោះ ។ ទើប​ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​ហើយ​មាន​ព្រះ​បន្ទូល​ថា “ព្រះ​ស្ដែង​ទិញ​មុន​គេ​នោះ ទិញ​តែ​ដើម​ទេ ហើយ​ដើរ​ទៅ​បាត់​ទៅ​ពុំ​នៅ​រក្សា​ផ្លែ​ឃ្លោក​នោះ ត្រូវ​បាន​ទៅ​ព្រះ​ស្ដែង​ដែល​ទិញ​ក្រោយ​នោះ​ឯង ” ។ ទ្រង់​ព្រះ​វិនិច្ឆ័យ​ដូច្នេះ ហៅ​សុគតិគមនំ​ហោង ។ បុរស​ទាំង ២ សុខ​ចិត្ត​ក៏​ក្រាប​បង្គំ​លា​ទៅ​កាន់​ផ្ទះ​អាត្មា​ទី​ទៃ ៗ ។  ”

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៩១ – ៩២