រឿង ដើម​កោងកាង និង​ឈើ​ទាល

តាម​បុរាណ​បាន​ដំណាល​ត ៗ មក​ថា កាល​ពី​ដើម​ឡើយ ដើម​កោងកាង​ជា​ឈើ​មួយ​ពួក​ដុះ​នៅ​តែ​លើ​ភ្នំ និង​ជើង​ភ្នំ ។ ចំណែក​ដើម​ឈើ​ទាល​ទាំង​ឡាយ ដុះ​នៅ​តែ​ក្បែរ​មាត់​ព្រែក មាត់​ស្ទឹង និង​មាត់​អូរ​ម្ល៉ោះ​ហើយ តែ​ដល់​រដូវ​ទឹក​ជន់​កាល​ណា គឺ​តែង​ហូរ​ច្រោះ​រលើង​រលំ​ដើម​ឈើ​ទាល​នោះ ៗ ស្លាប់​អន្តរាយ​អស់ ។ ដើម​ឈើ​ទាល​ទាំង​ឡាយ កាល​បើ​បាន​សេចក្ដី​លំបាក​វេទនា​សឹង​រាល់​ឆ្នាំ​យ៉ាង​នេះ ក៏​ជំនុំ​គ្នា​ថា ៖ ពួក​យើង​នឹង​នៅ​ទ្រាំ​ទ្រ ដុះ​លើ​ដី​ទំនាប​យ៉ាង​នេះ ត​ទៅ​ទៀត​ពុំ​បាន, បើ​ដូច្នេះ យើង​ត្រូវ​នាំ​គ្នា​ទៅ​និយាយ​នឹង​ដើម​កោងកាង ឲ្យ​មក​ដុះ​នៅ​លើ​ដី​មាន សភាព​ដូច្នេះ​វិញ​ម្ដង ត្បិត​ដើម​កោង​កាង​មាន​ឫស​ច្រើន ប្រាកដ​ជា​អាច​ទប់​ទល់​នឹង​ទឹក​ដី​ដូច្នេះ​បាន ។ [1]

លុះ​ជំនុំ​គ្នា​ព្រមព្រៀង​ហើយ ពពួក​ដើម​ឈើ​ទាល​ទាំង​ឡាយ បាន​ចូល​ទៅ​និយាយ​នឹង​ដើម​កោង​កាង ដូច​បាន​ជំនុំ​គ្នា​មក ។ មុន​ដំបូង​ដើម​កោង​កាង​ប្រកែក តែ​ដើម​ឈើ​ទាល​អង្វរ​ថា ៖ បើ​អ្នក​ព្រម​ប្ដូរ​ទៅ​ដុះ​នៅ​កន្លែង​យើង, យើង​រាល់​គ្នា​នឹង​តប​ឧបការ​គុណ​អ្នក រាល់​ឆ្នាំ​ដរាប​ទៅ គឺ​ក្នុង​មួយ​ឆ្នាំ ៗ យើង​ទាំង​អស់​គ្នា នឹង​កោរ​សក់​បួស​ជូន​ម្ដង ។

ឯ​ដើម​កោង​កាង កាល​បើ​ឮ​ដើម​ឈើ​ទាល​អង្វរ​ដូច្នោះ​ហើយ ក៏​ព្រម​ប្ដូរ ចុះ​មក​ដុះ​នៅ​តាម​មាត់​ព្រែក មាត់​ស្ទឹង មាត់​អូរ តាម​ដើម​ឈើ​ទាល​សុំ​រហូត​មក ។ ឯ​ដើម​ឈើ​ទាល ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ និង​ជើង​ភ្នំ​វិញ ។
ព្រោះ​ហេតុ​ដូច្នេះ បាន​ជា​សព្វ​ថ្ងៃ​នេះ នៅ​លើ​ភ្នំ និង​តាម​ជើង​ភ្នំ​នានា គេ​ឃើញ​មាន​ច្រើន​តែ​ដើម​ឈើ​ទាល​ដុះ​ទៅ​វិញ ។ ចំណែក​ឯ​ដើម​កោង​កាង គេ​ឃើញ​ដុះ​នៅ​តែ​តាម​មាត់​ព្រែក មាត់​ស្ទឹង មាត់​អូរ និង​មាត់​សមុទ្រ​ជា​ដរាប​មក ។

ម្យ៉ាង​ទៀត​សព្វ​ថ្ងៃ​នេះ គេ​តែង​សង្កេត​ឃើញ​ដើម​ឈើ​ទាល​ជម្រុះ ស្លឹក​អស់​រលីង​ក្នុង ១ ឆ្នាំ​ម្ដង គឺ​បួស​ជូន​ដើម​កោង​កាង​នោះ​ឯង ។
ចំណែក​ដើម​កោង​កាង កាល​បើ​បាន​ដុះ​នៅ​តាម​មាត់​ព្រែក មាត់​ស្ទឹង និង​មាត់​អូរ មាត់​សមុទ្រ​កាល​ណា តែង​ទៅ​លប​ចែ​ចង់​កូន​ក្រមុំ​ដើម​ក្លាំពាក់​រៀង​រាល់​យប់ បាន​ជា​នាង​ក្លាំពាក់​ខឹង យក​ឈើ​ទៅ​បោះ​ចម្រូង​ពាស​ពេញ គឺ​ដើម​ក្លាំពូ​នេះ​ឯង ដើម្បី​មិន​ឲ្យ​កោង​កាង​ចូល​ទៅ លប​លួច​ចែ​ចង់​កូន​ក្រមុំ​ខ្លួន​បាន ។ ឯ​ចំណែក​ដើម​កោង​កាង កាល​បើ​ត្រូវ​ក្លាំពាក់​បោះ​ចម្រូង​មិន​ឲ្យ​ចូល​ចុះ​ដូច្នោះ ក៏​តាំង​បោះ​ស្ពាន​ឆ្លង​កាត់​ចម្រូង​នោះ​ទៅ​ទៀត ។

ព្រោះ​ហេតុ​នោះ​ឯង បាន​ជា​សព្វ​ថ្ងៃ មាន​ដើម​កោង​កាង​ដុះ​នៅ​ទី​ណា គេ​តែង​ឃើញ​មាន​ដើម​ក្លាំពាក់​និង​ក្លាំពូ ដុះ​នៅ​ទី​នោះ​ជា​ដរាប ហើយ​ដើម​ក្លាំពូ​ដែល​ដុះ​ឡើង​នោះ បើ​ក្រឡេក​មើល​ទៅ ឃើញ​វិស័យ​ដូច​ជា​ចម្រូង​មែន ៗ ដោយ​ហេតុ​នោះ​មូល​ហើយ​ស្រួច ៗ ច្រូង​ច្រាង​ជា​ជួរ​បី​ដូច​គេ​ដាំ ។ ចំណែក​ឯ​ដើម​កោង​កាង​សោត​ទៀត​ក៏​មាន​ឫស​វែង ៗ ធំ ៗ ចាក់​ស្រេះ​ទៅ​ក្នុង​ដី-ក្នុង​ទឹក​ជា​ច្រើន ច្រើន​ជាង​មែក​ទៅ​ទៀត តម្រៀប​គ្នា​ជា​ជួរ​មើល​ទៅ​វិស័យ​ដូច​ជា​ស្ពាន​ពិត ៗ ហើយ​បើ​ទោះ​ជា​ទឹក​រលក ឬ​ជំនន់​ហូរ​ច្រោះ​ខ្លាំង​យ៉ាង​ណា ៗ ក៏​មិន​អាច​រលើង​រលំ​បាន​ឡើយ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ៩១ – ៩៣


  1. ឯកសារ លេខ ២៧.១០២ របស់​លោក សក់-ខាត់ កាល​ធ្វើ​មេ​តម្រួត​គុក ខេត្ត​កំពត