រឿង ដើម​ចេក​ជ្វា និង​ដើម​បាយម៉ាត

ចាស់​បុរាណ​ខ្មែរ​យើង ច្រើន​ជឿ​ហើយ​ហាម​ប្រាម​កូន​ចៅ មិន​ឲ្យ​ដាំ​ដើម​ចេក​ជ្វា​នៅ​ជិត​សំយាប​ផ្ទះ ព្រោះ​គេ​យល់​ថា វា​ដាក់​ម្ចាស់​ផ្ទះ ។ បាន​ជា​មាន​ជំនឿ​យ៉ាង​នេះ ដោយ​មាន​រឿង​ដំណាល​ដូច​តទៅ ៖ [1]

ជា​យូរ​អង្វែង​ណាស់​មក​ហើយ មាន​គ្រួសារ​មួយ ជា​អ្នក​ទីទ័ល​ក្រ ប្រ​កប​របរ​រក​ស៊ី​ជា​កសិករ ។ ក្នុង​ពេល​មួយ​ដែល​ជា​រដូវ​រាំង​ឫស ឥត​មាន​ភ្លៀង​ធ្វើ​ស្រែ បុរស​ប្ដី​ក៏​លា​ប្រពន្ធ ទៅ​រក​ស៊ី​ឈ្នួល​គេ នៅ​ស្រុក​ឆ្ងាយ ។ ក្រោយ​ដែល​បុរស​នេះ​ចេញ​ផុត​ទៅ ស្រុក​កើត​ជំងឺ​អហិ​វាត​រោគ រាតត្បាត ពាស​ពេញ​បណ្ដាល​ឲ្យ​អ្នក​ភូមិ​ទាំង​មូល ភ័យ​ជ្រួល​ច្របល់​យ៉ាង​សម្បើម ។ មុន​ដំបូង, ជំងឺ​នោះ​បណ្ដាល​ឡើង​អំពី​សត្វ​តូច​តាច លុះ​យូរ​បន្តិច​ទៅ ក៏​រាល​ដាល​រហូត​ដល់​សត្វ​ធំ​ៗ រហូត​ដល់​ជីវិត​មនុស្ស​ក្នុង​ភូមិ​ផង គ្មាន​នរណា​អាច​ជួយ​នរណា​បាន​ឡើយ ។ ផ្ទះ​នីមួយ ៗ ស្ងាត់​ឈឹង ពេល​យប់​គេ​ឮ​តែ​សំឡេង​ឆ្កែ​លូ និង​ពន្លឺ​ភ្លើង​ប្រទីប​ផ្លុង ៗ ត្រង់​នេះ​មួយ ត្រង់​នោះ​មួយ គួរ​ឲ្យ​ព្រឺ​ក្បាល​ពន់​ពេក ។

នៅ​ភូមិ​ខ្លះ ដែល​រោគ​នេះ​មិន​ទាន់​រាល​ដាល​ទៅ​ដល់ អ្នក​និគម​ជនបទ​ទាំង​នោះ ក៏​ពុំ​ហ៊ាន​ដើរ​ស្វែង​រក ប្រកប​កិច្ច​ការ​រហេតរហូត ដូច​ប្រក្រតី​ឡើយ ។ មនុស្ស​ទាំង​នោះ មាន​កិរិយា​ស្ងប់​ស្ងៀម មាន​ទឹក​មុខ​ក្រៀម​ក្រំ ស្រពាប់​ស្រពោន​ជា​និច្ច និយាយ​រក​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ខ្សឹប​ខ្សៀវ មិន​ហ៊ាន​និយាយ​គ្នា​កោកកាក ឬ នឹក​ឈ្មោះ​ទី​កន្លែង ដែល​កើត​ជំងឺ​ចង្រៃ​ទាំង​នោះ​ផង​ទេ ។

មាន​ថ្ងៃ​មួយ នៅ​ពេល​ដែល​ជំងឺ​កំពុង​តែ​បង្កើន​ឥទ្ធិពល​យ៉ាង​ខ្លាំង ស្រាប់​តែ​មាន​ទាយក​ម្នាក់​មក​និមន្ត​ព្រះ​សង្ឃ ៤ អង្គ​ទៅ​ចម្រើន​ព្រះ​បរិត្ត​នៅ​ផ្ទះ​របស់​ខ្លួន ។ លុះ​ដល់​កំណត់ ទាយក​នោះ​ក៏​មក​ទទួល ព្រះ​ថេរៈ​ចៅ​អាវាស ព្រម​ទាំង​ភិក្ខុ ៣ រូប​ទៀត និមន្ត​ទៅ​ដល់​ផ្ទះ​ឧបាសក​នោះ ឃើញ​មាន​ភ្ញៀវ​យ៉ាង​ច្រើន ។ គេ​ក៏​និមន្ត​ព្រះ​សង្ឃ​ទាំង ៤ អង្គ​ឡើង​លើ​ផ្ទះ គង់​លើ​អាសនៈ យ៉ាង​សម​គួរ ហើយ​ប្រគេន​ភេសជ្ជៈ តែ​ស្ករ​បារី តាម​ទំនៀម ។ បន្ទាប់​មក គេ​នាំ​គ្នា​នមស្ការ​ព្រះ​រតនត្រ័យ រួច​អារាធនា​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត, ប៉ុន្តែ​គេ​ទូល​លោក​ថា ៖ “ សូម​លោក​ម្ចាស់ កុំ​សូត្រ “ ធម៌​ករណីយ៍ ” សូម​និមន្ត​សូត្រ​រំលង​ទៅ “ វិរូបក្ខេ ” តែ​ម្ដង​ទៅ ដើម្បី​កុំ​ឲ្យ​យូរ​ពេល ។ ព្រះ​សង្ឃ​ចាប់​ផ្ដើម​ចម្រើន​ព្រះ​បរិត្ត តាំង​អំពី​ដើម​រៀង​ទៅ, លុះ​ដល់ “ ធម៌​ករណីយ៍ ” លោក​ក៏​រំលង​ចោល ទៅ​សូត្រ “ វិរូបក្ខេ ” តាម​ពាក្យ​ទាយក​បវារណា​សុំ​តែ​ម្ដង ។ ក្នុង​ពេល​នោះ, លោក​សង្កេត​ឃើញ​ទាយក​ទាយិកា សប្បាយ​រីករាយ​សើច​ញញឹម​ញញែម​ក្របួច​មាត់​ក្របួច​ក គ្រប់ ៗ គ្នា ។

ព្រះ​ថេរៈ​ដើម​អាសនៈ​នឹក​ឆ្ងល់​ថា ៖ គេ​សុំ​កុំ​ឲ្យ​សូត្រ “ ធម៌​ករណីយ៍ ” សុំ​ឲ្យ​ផ្លោះ​ទៅ​សូត្រ “ វិរូបក្ខេ ” តែ​ម្ដង, ឥឡូវ​សូត្រ​វិរូបក្ខេ​ទៅ ស្រាប់​តែ​នាំ​គ្នា​សប្បាយ​បែប​ដូច​ជា​ប្លែក ។ ព្រះ​ថេរៈ​នឹក​អៀន​ក្នុង​ព្រះ​ទ័យ​ណាស់ ខ្លាច​ក្រែង​គេ​រិះ​គន់ ថា​លោក​សូត្រ​ខុស ទើប​ត្រឡប់​មក​ចាប់​សូត្រ​ធម៌​ករណីយ៍ វិញ ។ លោក​ទើប​តែ​នឹង​ចាប់​សូត្រ​បាន ៣-៤ ព្រះ​ឱស្ឋ, ស្រាប់​តែ​ទាយក​ទាយិកា​នាំ​គ្នា​ដក​ខ្លួន​ថយ​បន្តិច​ម្ដង ៗ រហូត​ដល់​អស់​រលីង ស្ងាត់​សូន្យ​ឈឹង ។ ភ្លើង​ក៏​រលត់​ភ្លឹប ផ្ទះ​ដែល​ព្រះ​សង្ឃ​ឡើង​ទៅ​នោះ ត្រឡប់​ទៅ​ជា​គុម្ព​ឫស្សី​យ៉ាង​ញាតស្បាត បារី-តែ​ស្ករ​ទៅ​ជា​ដុំ​ធ្យូង ដី​ខ្សាច់ និង​កំណាត់​ឈើ​អស់ ។

ទើប​ព្រះ​សង្ឃ​ភ្ញាក់ ថា​បិសាច​ក្លែង​ខ្លួន​ធ្វើ​មនុស្ស ។ ទម្រាំ​តែ​ភិក្ខុ​ផង​គ្នា​នៅ​ឯ​វត្ត​ដឹង​ថា ៖ លោក​គ្រូ​ជាប់​នៅ​ចុង​ឫស្សី លោក​គ្រូ​និង​ព្រះ​សង្ឃ ៣ អង្គ​ទៀត​ត្រូវ​អត់​ចង្ហាន់ ២-៣ ថ្ងៃ ។ ដោយ​ហេតុ​ហ្នឹង​ហើយ ទើប​ចាស់​បុរាណ​លោក​ថា ៖ “ ធម៌​ករណីយ៍ ” នេះ​ធ្វើ​ឲ្យ​ខ្មោច​ខ្លាច​ណាស់ ។ ឯ​ធម៌​វិរូបក្ខេ ធ្វើ​ឲ្យ​ខ្មោច​សប្បាយ​ទៅ​វិញ ។ កាល​ណា​ស្រុក​មិន​សូវ​ស្រួល ដោយ​មាន​កើត​ជំងឺ​ដង្កាត់​ផ្សេង ៗ មាន​អាសន្ន​រោគ,​អុត​ជា​ដើម​នោះ គេ​តែង​និមន្ត​ព្រះ​សង្ឃ ចម្រើន​ព្រះ​បរិត្ត ហើយ​សុំ​ឲ្យ​លោក​សូត្រ​ធម៌​ករណីយ៍​នេះ ឲ្យ​បាន ៧-៨ ចប់ ហើយ​ហាម​ផ្ដាច់​មិន​ឲ្យ​ព្រះ​សង្ឃ សូត្រ​ធម៌​វិរូបក្ខេ​ឡើយ ដោយ​មាន​ជំនឿ​តាម​រឿង​ដូច​បាន​រៀប​រាប់​មក​ខាង​លើ​នេះ ។ ម្យ៉ាង​ទៀត​បុរាណ​មាន​ជំនឿ​ថា ៖ បើ​យើង​ដើរ​ទៅ​ណា​មក​ណា​យប់ ហើយ​មាន​ព្រឺ​រោម ព្រឺ​ស្រែក​ត្រូវ​ឲ្យ​សូត្រ​ធម៌​ករណីយ៍​នេះ​ដែរ ដោយ​សម្អាង​ថា​ខ្មោច​មិន​លង ។

និយាយ​ពី​បុរស​ដែល​ទៅ​រក​ស៊ី​ស្រុក​ឆ្ងាយ​នោះ ក្រោយ​ដែល​បាន​ទៅ​រក​ស៊ី​មាន​លុយ​កាក់​ល្មម​ត្រឡប់​មក​លំនៅ​ម្ដង​ហើយ ក៏​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ។ មក​ដល់​កណ្ដាល​ផ្លូវ​គេ​ប្រាប់​ថា ៖ អ្នក​ឯង​ទៅ​មិន​ទាន់​បាន​ទេ, ព្រោះ​ភូមិ​អ្នក​ឯង​នោះ កើត​ជំងឺ​អាសន្ន​រោគ​ច្រើន​ណាស់ មនុស្ស​អ្នក​ភូមិ​ស្លាប់​គ្មាន​នរណា​កប់​នរណា​ទេ ឯ​ប្រពន្ធ​កូន​របស់​អ្នក​ឯង ក៏​ប្រហែល​ជា​ស្លាប់​ទៅ​ហើយ ឬ យ៉ាង​ណា ក៏​មិន​ដឹង ព្រោះ​អ្នក​ភូមិ​ដទៃ ឥត​មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ទេ ។ បុរស​នោះ​ដោយ​សេចក្ដី​នឹក​ប្រពន្ធ-កូន​ខ្លាំង​ពេក ក៏​ចេះ​តែ​ចចេស​ចូល​ទៅ គាត់​ខំ​ធ្វើ​ដំណើរ​ទៅ​ទាំង​យប់ ហើយ​ទាំង​សស្លើត​សស្លក់​ផង ។

លុះ​ទៅ​ជិត​ដល់​លំនៅ​ខ្លួន មើល​ទៅ​ឃើញ​ភ្លើង​ផ្លុង ៗ គ្រប់​ៗ​ផ្ទះ ដូច​ប្រក្រតី គាត់​ត្រេកអរ​ណាស់ ហើយ​នឹក​ខឹង​នឹង​អ្នក​ស្រុក ដែល​ប្រាប់​ពី​កណ្ដាល​ផ្លូវ​ថា ៖ គេ​និយាយ​កុហក​ខ្លួន ។ ប៉ុន្តែ​នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ​គាត់ គាត់​មាន​សេចក្ដី​សង្ស័យ​ដែរ ចំពោះ​សភាព​ស្ងប់​ស្ងាត់​ប្លែក​ពី​ធម្មតា តែ​គាត់​សន្និដ្ឋាន​ថា ប្រហែល​ជា​អ្នក​ស្រុក​មិន​ស្រួល​មែន​ទើប​ស្ងាត់​យ៉ាង​នេះ ។ លុះ​ទៅ​ដល់​ទ្វារ​របង​ផ្ទះ​ក៏​ស្រែក​ហៅ​ប្រពន្ធ, ពេល​នោះ​គាត់​ឃើញ​ស្រី​ម្នាក់ ដែល​គាត់​បាន​ស្គាល់​ច្បាស់ ថា​ជា​ប្រពន្ធ​របស់​គាត់ រត់​មក​ទទួល​រាក់ទាក់ នឹង​គាត់​ដូច​ដូច​ធម្មតា គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​សោះ ។

នាង​នោះ​ខំ​ប្រញិប​ប្រញាប់ ទៅ​បង្កាត់​ភ្លើង​ដាំ​បាយ​ឲ្យ​ប្ដី​បរិភោគ, ប៉ុន្តែ​នាង​ហាម​ប្ដី​មិន​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​នាង​ទេ ឲ្យ​គាត់​សម្រាក​នៅ​ខាង​ក្រៅ​សិន​ហើយ ។ ប្ដី​នឹក​ឆ្ងល់​នឹង​ឥរិយាបថ​ដ៏​ចម្លែក​របស់​ភរិយា​ណាស់ ដោយ​គាត់​សង្កេត​ឃើញ​ភ្នែក​នាង​ធំ​ៗ លៀន​ៗ បែប​ក្រហម ហើយ​ក្រឡឹប​ក្រឡាប់​ខុស​ពី​ធម្មតា ថែម​ទាំង​ធំ​ក្លិន​គំរង់​សាកសព បក់​ចេញ​ពី​បន្ទប់​ដេក ម្ដង​ៗ ផង គាត់​ក៏​ចង់​ដឹង​ថា​មាន​អ្វី​នៅ​ក្នុង​បន្ទប់​ដេក​នោះ បាន​ជា​នាង​ឃាត់​មិន​ឲ្យ​ចូល ? គិត​សព្វ​គ្រប់​ទៅ ក៏​ចេះ​តែ​អង្គុយ​សង្កេត​កិរិយា​របស់​ប្រពន្ធ, បន្តិច​មក ឃើញ​លៀន​អណ្ដាត​យ៉ាង​វែង​កេវ​យក​វែក​ដែល​របូត​ពី​ដៃ​ធ្លាក់​ទៅ​ដី​មក​វិញ ។ ប្ដី​ដែល​ចេះ​តែ​សម្លឹង​អាកប្បកិរិយា​ប្រពន្ធ កាល​បើ​ឃើញ​ដូច្នោះ ដឹង​ថា​មិន​មែន​ជា​ប្រពន្ធ​ខ្លួន​ពិត​ប្រាកដ​ទេ គឺ​ច្បាស់​ជា​ពួក​បិសាច​ក្លែង​ភេទ ហើយ​ទើប​នឹក​ឃើញ​ដល់​រឿង​ដែល​គេ​និយាយ​ប្រាប់​ពី​កណ្ដាល​ផ្លូវ​ថា មាន​ពួក​បិសាច​ធ្វើ​បាប​លោក​សង្ឃ ដូច​រៀប​រាប់​មក​ហើយ នោះ​ភ្លាម, ក៏​លប​ចូល​ទៅ​វែក​មុង​ក្នុង​បន្ទប់​របស់​ប្រពន្ធ​ខ្លួន​មើល ឃើញ​ខ្មោច​ប្រពន្ធ​កូន​ខ្លួន​ស្លាប់​ស្អុយ​រលួយ​ដង្កូវ​រុក​ជ្រិច ។

គាត់​ថយ​ចេញ​មក​វិញ ហើយ​គិត​រក​មធ្យោបាយ​ដើម្បី​ដោះ​ខ្លួន​អំពី​កណ្ដាប់​ដៃ​មេ​បិសាច​នេះ ទើប​គាត់​និយាយ​ទៅ​កាន់​នាង​នោះ​ថា “ ឯង​ដាំ​បាយ​ឲ្យ​ឆ្អិន​ឆាប់​ទៅ​វ៉ី គ្នា​អស់​កម្លាំង​ណាស់ គ្នា​ទៅ​នោម​នៅ​ចុង​រាន​ក្រៅ​ផ្ទះ​ឯ​ណោះ​មួយ​ភ្លែត ។ ថា​ហើយ​គាត់​ក៏​ទៅ ចោះ​ក្អម​ទឹក​មួយ​ដែល​នៅ​ក្បែរ​នោះ បង្ហូរ​ទឹក​ទៅ​ដី ឮ​ដូច​មនុស្ស​នោម​មែន ។ ចោះ​រួច​គាត់​លប​ចុះ រត់​បាត​ជើង​ស​ព្រាត​តម្រង់​ទៅ​រក​អារាម​មួយ ដែល​មាន​លោក​គ្រូ​មួយ​អង្គ ចេះ​មន្ត​អាគម​គាថា ពូកែ​ខាង​ការពារ​ខ្មោច​បិសាច និង​អាប​ធ្មប់ ។
ចំណែក​នាង​បិសាច ឮ​សូរ​ប្ដី​នោម​យូរ​ពេក នឹក​ឆ្ងល់ ក៏​តាម​ទៅ​មើល, មិន​ឃើញ​ប្ដី ក៏​មឹត​រត់​តាម​ក្រោយ​យ៉ាង​លឿន ដល់​ពាក់​កណ្ដាល​ផ្លូវ​ឃើញ​ប្ដី ។ ចំណែក​ឯ​ប្ដី រត់​មិន​ទាន់​បាន​ប៉ុន្មាន ងាក​ក្រោយ​ឃើញ​ខ្មោច​ដេញ​តាម ដឹង​ខ្លួន​ថា​មើល​ទៅ​ស្ទុះ​មិន​រួច​អំពី​កណ្ដាប់​ដៃ​បិសាច ក៏​រត់​ឡើង​ដើម​បាយម៉ាត ១ ដើម​ដែល​នៅ​ក្បែរ​នោះ ។ នាង​បិសាច​មិន​ហ៊ាន​ទៅ​ជិត​ដើម​នោះ​សោះ ចេះ​តែ​ដើរ​ក្រឡឹង ៗ ក្បែរ ៗ ហើយ​ស្រែក​ហៅ​ប្ដី​ឲ្យ​ចុះ​មក ។

បុរស​នោះ​ដឹង​ថា​នាង​បិសាច​នេះ ពិត​ជា​ខ្លាច​ដើម​បាយម៉ាត​នេះ​ហើយ បាន​ជា​មិន​ហ៊ាន​មក​ជិត​អញ​សោះ ក៏​កាច់​មែក​បាយម៉ាត ១ មែក លី​ដើរ​សំដៅ​ទៅ​វត្ត​ទៅ ឯ​នាង​បិសាច​ពិត​មែន​តែ​មិន​ហ៊ាន​ទៅ​ជិត​បុរស​ជា​ប្ដី ដោយ​ខ្លាច​ដើម​បាយម៉ាត​មែន តែ​នាង​នៅ​តែ​ដើរ​តាម​ក្រោយ​រហូត ។ បុរស​ទៅ​ដល់​វត្ត​ស្ទុះ​ចូល​ទៅ​កណ្ដាល​ជំនុំ​ព្រះ​សង្ឃ ដែល​កំពុង​ធ្វើ​ឧបោសថ​កម្ម​នៅ​ក្នុង​ព្រះ​វិហារ ហើយ​ពិត​ពុទ្ធ​ដីកា​ព្រះ​សង្ឃ​តាម​ដំណើរ ។ ពេល​នោះ​លោក​គ្រូ​ដែល​ពូកែ​ខាង​មន្ត​អាគម​គាថា ក៏​នាំ​បុរស​ទៅ​នៅ​ក្នុង​កុដិ​របស់​លោក ហើយ​សូត្រ​អាគម​គាថា ព័ទ្ធ​សីមា​យ៉ាង​ស្វាហាប់ ។ ឯ​នាង​បិសាច​ក៏​មិន​ទៅ​ណា​ឆ្ងាយ អំពី​កុដិ​ព្រះ​សង្ឃ​នោះ​ទេ ។ ពិត​មែន តែ​នាង​ចូល​ទៅ​ក្នុង​កុដិ​លោក តាម​ប្ដី​របស់​នាង​មិន​បាន ដោយ​របាំង​នៃ​មន្ត​អាគម​គាថា, ប៉ុន្តែ នាង​ចេះ​តែ​ក្រវែល​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ដើម្បី​ចូល​ទៅ​តាម​ប្ដី ។

ទៅ​ក្បែរ​កុដិ​ព្រះ​ថេរៈ​អង្គ​នោះ មាន​ដើម​ចេក​ជ្វា ១ ដើម ដែល​មាន​ធាង​ដុះ​ចូល​ទៅ​ត្រង់​បង្អួច​កុដិ ។ ទោះបី​មន្ត​អាគម​របស់​លោក​ដ៏​ពូកែ​យ៉ាង​ណា ក៏​មិន​អាច​ទប់​ឈ្នះ​នឹង​ដើម​ចេក​​ជ្វា​នោះ​ដែរ ។ លោក​ព័ទ្ធ​សីមា​បាន​តែ​ត្រង់​កន្លែង​ណា ដែល​ធាង​ចេក​ជ្វា មិន​ទៅ​ប៉ះ​នឹង​សំយាប​កុដិ​ប៉ុណ្ណោះ ចំពោះ ១ ភាគ​តូច​នៃ​កុដិ​របស់​លោក ដែល​ធាង​ចេក​ជ្វា​ទៅ​ប៉ះ​នោះ នៅ​ចន្លោះ​ជា​ឱកាស​ដ៏​ប្រសើរ​ដល់​នាង​បិសាច, នាង​បិសាច​ក៏​ឡើង​តាម​ដើម​ចេក​ជ្វា ហើយ​សួ​តាម​ធាង​ចេក​នោះ ឆ្លង​ចូល​ទៅ​ក្នុង​កុដិ​របស់​លោក កាច់​ក​ប្ដី​របស់​ខ្លួន​សម្លាប់​ក្នុង​ពេល​នោះ​ទៅ ។
ព្រោះ​ហេតុ​មាន​រឿង​និទាន​មក​នេះ​ហើយ ទើប​បុរាណ​ខ្មែរ​យើង​និយម​ជំនឿ​នេះ ហាម​ប្រាម​កូន​ចៅ មិន​ឲ្យ​ដាំ​ដើម​ចេក​ជ្វា​នៅ​ជាប់​នឹង​សំយាប​ផ្ទះ គេ​ថា​វា​ដាក់​ខ្លួន ។ ឯ​ដើម​បាយម៉ាត​ក៏​បាន​ជា​ឱសថ​សម្រាប់​ការពារ​មួយ​មុខ​យ៉ាង​ពូកែ ចំពោះ​ខ្មោច​ព្រាយ​បិសាច​និង​អាប​ធ្មប់ ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ៩៥ – ១០២


  1. សហ ស្ដើង-ធូរ នៅ​ពុទ្ធសាសនបណ្ឌិត្យ រៀបរៀង​តាម​ឮ​ចាស់ ៗ ដំណាល​ត ៗ គ្នា​មក