រឿង ដើម​ភ្លៅ​នាង

គ្រាន់​តែ​ឮ​ឈ្មោះ​ថា​ដើម “ភ្លៅ​នាង” គេ​នឹក​ឆ្ងល់​ភ្លាម ចង់​ដឹង​ប្រវត្តិ​ដើម​នេះ​ថា តើ​រឿង​រ៉ាវ​ដូច​ម្ដេច បាន​ជា​រុក្ខជាតិ​នេះ​មាន​នាម​ពីរោះ​ម្ល៉េះ ? បើ​សង្កេត​ពី​រូប​ភាព​នៃ​ដើម​នេះ​វិញ គេ​ឃើញ​ថា មាន​ដើម​នោះ​ត្រសូល​ស្អាត ពុំ​សូវ​មាន​ថ្នាំង​ឬ​ភ្នែក​រដិប​រដុប​ទេ ឯ​សម្បុរ​សម្បក​ទៀត​សោត ក៏​ស​ស្អាត នាំ​ឲ្យ​នឹក​ថា ៖ ប្រហែល​ជា​បុរាណ​លោក​ប្រដូច​ដើម​នេះ ទៅ​នឹង​សាច់​ភ្លៅ​របស់​ស្រី​ណា​មួយ​ហើយ​មើល​ទៅ ។ ដើម្បី​ដោះ​ស្រាយ​សេចក្ដី​ឆ្ងល់​នេះ ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​សូម​ជូន​ឯកសារ​មួយ ដែល​មាន​និទាន១ រឿង​ដូច​ត​ទៅ​នេះ ៖ [1]

កាល​នោះ​មាន​ព្រះ​រាជា​មួយ​អង្គ ព្រះ​នាម​ពុំ​ប្រាកដ រឿង​នេះ​កន្លង​ទៅ​ច្រើន​សតវត្ស​មក​ហើយ ព្រះ​រាជា​អង្គ​នោះ​ទ្រង់​មាន​ស្នំ​មហេសី​ច្រើន​អង្គ មាន​ព្រះ​រាជ​បុត្រ​ក៏​ច្រើន ។ លុះ​យូរ​បន្តិច​មក ព្រះ​រាជា​អង្គ​នេះ ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​នាង​មួយ​ឈ្មោះ​នាង​ចាន់ ព្រះ​អង្គ​ទ្រង់​យក​នាង​នោះ​ធ្វើ​ជា​ស្នំ​ពៅ​បង្អស់ ។ នាង​នោះ មាន​រូប​ឆោម​លោម​ពណ៌ ល្អ​យ៉ាង​ឆើត​ជាង​ស្នំ​មហេសី​ទាំង​អស់ តែ​នាង​នោះ​ឥត​មាន​ព្រះ​រាជ​បុត្រ​ទេ ម្ល៉ោះ​ហើយ​ព្រះ​អង្គ ក៏​សព្វ​ព្រះ​រាជ​ទ័យ​ជា​ជាង​ស្នំ​មហេសី​ទាំង​អស់​ដែរ ព្រោះ​នាង​ចេះ​ប្រកប​កិច្ចការ​ងារ​ដណ្ដាំ​ស្ល ធ្វើ​ភោជនាហារ​ត្រូវ​ព្រះ​ទ័យ​ព្រះ​អង្គ ។ ព្រះ​រាជ​ក៏​លើក​តម្កើង​នាង​ចាន់ ធ្វើ​ជា​ព្រះ​អគ្គ​មហេសី ធំ​លើស​គេ​ឯង ។

និយាយ​ពី​នាង​ចាន់​នេះ នាង​មាន​ក្រចក​ម្រាម​ដៃ​ល្អ​លូត​លាស់​វែង ៗ គ្រប់​ទាំង​ដប់ បី​ដូច​ជា​ស្លាប​ព្រា បើ​ធ្វើ​ក្រយា​ស្ងោយ​ថ្វាយ​ស្ដេច​នាង​យក​ក្រចក​ដង​ទឹក ឬ​ដួសដស់​គ្រឿង​ផ្សេង ៗ ដើម្បី​ធ្វើ​ជា​រង្វាល់​ឲ្យ​ដឹង​ប្រមាណ មិន​ឲ្យ​ប្រៃ​ពេក​ឬ​សាប​ពេក​ឲ្យ​តែ​ល្មម សូម្បី​នាង​បង់​ព្រហក់ អំបិល ស្លឹក​គ្រៃ ឬ​គ្រឿង​អ្វី​ក្នុង​សម្ល​ក្ដី នាង​ក៏​យក​ក្រចក​ម្រាម​ដៃ​ធ្វើ​ជា​ស្លាប​ព្រា ម្ល៉ោះ​ហើយ​នាង​ស្ល​ដោយ​មាន​កម្រិត​កំណត់​ត្រឹម​ត្រូវ សម្ល​នោះ​មាន​ឱជារស​ឆ្ងាញ់​ណាស់ នាំ​ឲ្យ​ព្រះ​ស្វាមី​សព្វ​ព្រះ​រាជ​ហឫទ័យ​រាល់​ពេល​វេលា ។ លុះ​ចំណេរ​យូរ​ទៅ ព្រះ​មហេសី​ដើម​ទាំង​អស់ ក៏​មាន​ការ​ក្ដៅ​ក្រហាយ​ច្រណែន​និន្ទា​ថា ហេតុ​អ្វី​ក៏​ព្រះ​អង្គ តាំង​ពី​បាន​នាង​ចាន់ ដែល​ជា​កូន​រាស្ត្រ​សុទ្ធ​សាធ​ធ្វើ​ជា​ស្នំ ហើយ​លើក​តម្កើង​ជា​អគ្គ​មហេសី​លើស​យើង​រាល់​គ្នា​យ៉ាង​នេះ ? ហាក់​ដូច​ជា​ព្រះ​អង្គ​បង់​ស្នេហា​អំពី​យើង​គ្រប់​គ្នា​ហើយ ។ ដូច្នេះ យើង​រាល់​គ្នា មិន​ត្រូវ​នៅ​ក្រអេះ​ព្រងើយ​កន្តើយ​ឡើយ ត្រូវ​តែ​រក​ឧបាយ​ណា​មួយ ដើម្បី​ឲ្យ​ព្រះ​អង្គ​ជា​ស្វាមី​នៃ​យើង ឃ្លាត​ចាក​សេចក្ដី​ស្នេហា​អំពី​នាង​ចាន់​ចេញ ទើប​យើង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ ។ គិត​ដូច្នោះ​ហើយ ក៏​នាំ​គ្នា​ឡើង​ទៅ​គាល់​ព្រះ​រាជា ក្រាប​ទូល​ដោយ​សេចក្ដី​ពិត​ថា ៖

បពិត្រ​ព្រះ​អង្គ​ជា​ស្វាមី សូម​ព្រះ​អង្គ​ជ្រាប ខ្ញុំ​ម្ចាស់​ទាំង​អស់​គ្នា​បាន​ឃើញ​ហេតុ​ច្បាស់ អំពី​នាង​ចាន់ ។ ព្រះ​អង្គ​ហាក់​ដូច​ពុំ​បាន​ជ្រាប​ការណ៍​អ្វី​សោះ ។ នាង​នេះ​ជា​មនុស្ស​ស្មោក​គ្រោក​ជួជាតិ​អាក្រក់ សព្វ​ថ្ងៃ​នេះ បើ​នាង​ធ្វើ​ក្រយា​ស្ងោយ​ថ្វាយ​ព្រះ​អង្គ ខ្ញុំ​ម្ចាស់​បាន​ឃើញ​ច្បាស់ នាង​យក ក្រចក​ម្រាម​ដៃ​នាង ដួស ដង​គ្រឿង​ដាក់​ក្នុង​សម្ល​នោះ។ ប៉ុន្តែ​បើ​ព្រះ​អង្គ​មិន​ជឿ​រឿង​នេះ​ដូច​ជា​ខ្ញុំ​ម្ចាស់​បាន​ក្រាប​ទូល​ទេ សូម​ព្រះ​អង្គ​ចាត់​រាជ​បម្រើ​ណា​មួយ លប​មើល​ក្នុង​ពេល​ដែល​នាង​ធ្វើ​ក្រយា​ស្ងោយ​ថ្វាយ​ព្រះ​អង្គ​ចុះ ទើប​ជ្រាប​នូវ​ហេតុ​ពិត​នោះ​ពុំ​ខាន ។

ព្រះ​រាជា កាល​បាន​ទ្រង់​ព្រះ​សណ្ដាប់​អំពី​មហេសី​ទាំង​អស់​ក្រាប​ទូល​ដូច្នោះ​ហើយ ក៏​ព្រះ​អង្គ​ទ្រង់​ក្រោធ ទ្រង់​ចាត់​រាជ​បម្រើ​មួយ​ឲ្យ​ទៅ​តាម​សង្កេត​នូវ​ហេតុ​នោះ តើ​ពិត​ឬ​ពុំ​ពិត ។ លុះ​រាជ​បម្រើ​បាន​សង្កេត​ទៅ ឃើញ​ពិត​ដូច្នោះ​មែន ទើប​ព្រះ​មហាក្សត្រ ទ្រង់​ចាត់​នាយ​ពេជ្ឈឃាដ​ឲ្យ​យក​នាង​ចាន់​ទៅ​សម្លាប់​ចោល ។
ឯ​នាង​ចាន់​កាល​បើ​នាង​បាន​ដឹង​នូវ​ហេតុ​ដែល​ព្រះ​អង្គ​ខ្ញាល់​នឹង​អំពើ ដែល​នាង​បាន​ធ្វើ​ដូច្នោះ នាង​ក៏​មាន​សេចក្ដី​តក់​ស្លុត នាង​បាន​ភៀស​ខ្លួន​រត់​ចេញ​ពី​ព្រះ​បរម​រាជ​វាំង ដើម្បី​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ។ ឯ​ពេជ្ឈឃាដ​ក៏​ទៅ​រក​ចាប់​នាង​តាម​ព្រះ​តម្រាស់ តែ​រក​នាង​ពុំ​ឃើញ​ក្នុង​ប្រាសាទ ក៏​ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​រាជា ។ ព្រះ​រាជា​ទ្រង់​ឲ្យ​លើក​ទ័ព​ពលរេហ៍​ទៅ​តាម​ចាប់​នាង​ឲ្យ​បាន​យក​មក​សម្លាប់​ចោល ។

កាល​នោះ ពួក​ពល​សេនា​លើក​ទ័ព​តាម​រក​នាង​អស់​ជា​យូរ​ថ្ងៃ​យូរ​ខែ​ពុំ​បាន​ជួប​នាង​សោះ ។ ឯ​នាង​ក៏​ខំ​រត់​ឲ្យ​រួច​ពី​ព្រះ​អាជ្ញា​ដែរ តែ​ចៃដន្យ​បុព្វកម្ម​អ្វី​របស់​នាង​ពី​អតីត​ជាតិ ក៏​ឲ្យ​ពួក​ពល​សេនា តាម​នាង​ទាន់​នៅ​ទី​កន្លែង​មួយ ចាប់​យក​នាង​បាន​ហើយ​នាំ​ទៅ​ធ្វើ​ឃាត​ចោល​ទៅ ។
និយាយ​អំពី​នាង​ចាន់ មុន​នឹង​ស្លាប់ នាង​បាន​នឹក​ដល់​វាសនា​អភ័ព្វ​របស់​ខ្លួន ដែល​បាន​ធ្វើ​ជា​មហេសី​ហើយ ជា​អកុសល​អ្វី​មក​បណ្ដាល​ឲ្យ​ព្រះ​រាជា​ទ្រង់​ក្រោធ​យក​ទោស​ដល់​ជីវិត ។ ម្ល៉ោះ​ហើយ នាង​ក៏​តាំង​សច្ចា​ចំពោះ​ទេវតា​ដែល​ស្ថិត​នៅ​ដើម​ព្រឹក្សា​លតាវល្លិ សូម​ឲ្យ​លោក​ធ្វើ​ជា​សាក្សី​ថា ៖

ឱ ! ជីវិត​សង្ខារ​របស់​ខ្ញុំ ពេល​នេះ​មច្ចុរាជ គឺ​សេចក្ដី​ស្លាប់​តាម​មក​ទាន់​ហើយ, នឹង​បណ្ដាច់​សេចក្ដី​ស្នេហា​របស់​ខ្ញុំ​អំពី​អង្គ​ព្រះ​ស្វាមី​ឥឡូវ​ហើយ, ដោយ​ព្រះ​ស្វាមី​ក្រោធ​ចំពោះ​រូប​ខ្ញុំ ដែល​ទ្រង់​ពុំ​បាន​ពិចារណា​រក​ហេតុ​ផល​ជា​មុន ឬ​មួយ​ព្រះ​អង្គ ពុំ​មាន​ប្រោស​មេត្តា​ដល់​រូប​ខ្ញុំ​សោះ​ទេ ។ នោះ​ខ្ញុំ​សូម​សច្ចា​ផ្សង​ថា “ អាការ​ទាំង ៣២ របស់​ខ្ញុំ ឲ្យ​បាន​ទៅ​ជា​ឈ្មោះ​រុក្ខា​លតា​វល្លិ​ទាំង​នេះ ហើយ​ឲ្យ​ព្រះ​អង្គ​បាន​ជួប​នឹង​ឈ្មោះ​ដែល​ជា​នាម​នៅ​ជាប់​នឹង​ឈើ​ទាំង​នេះ កុំ​បី​ឲ្យ​រំលង​រួច​ឡើយ ។ ឯ​នាម​របស់​ខ្ញុំ​ផ្ទាល់​សូម​ផ្ញើ​នឹង​ដើម​ក្រិស្នា​ដែល​មាន​ក្លិន​ក្រអូប ហើយ​ជា​ទី​សព្វ​ព្រះ​រាជ​ហឫទ័យ​របស់​ព្រះ​អង្គ​ផង ” ។

សច្ចា​បួង​សួង​ចប់​ហើយ ពេជ្ឈឃាដ​ក៏​ប្រហារ​ជីវិត​នាង​ក្ស័យ​បង់​ទៅ ។ ចំណែក​នាម​ឈ្មោះ​របស់​នាង ក៏​បាន​ទៅ​ប្រតិស្ឋ​ជាប់​នឹង​ដើម​ក្រិស្នា​ទៅ​ជា “ ចន្ទន៍​ក្រិស្នា ” ឯ​អាយតនៈ​ដទៃ​ទៀត ក៏​ទៅ​ប្រតិស្ឋ​រូប​ភាព​ទៅ​នឹង​រុក្ខ​ជាតិ​ផ្សេង ៗ ដូច​ជា ៖
-កេសា បាន​នៅ​ជាប់​នឹង​ផ្លែ​ពោត ហៅ​ថា​សក់​ពោត,
-លោមា គឺ​រោម​បាន​នៅ​ជាប់​នឹង​ម្អម,
-មំសំ គឺ​សាច់​នាង​ផ្ញើ​នឹង​ដើម​ចាក,
ឯ​សាច់​ភ្លៅ​ដែល​ស​ទ្រលុក​ទ្រលន់​នោះ បាន​ផ្ញើ​នឹង​ដើម​ឈើ​មួយ​បែប ដែល​មាន​ដើម​តូច​ល្មម គេ​ហៅ​ជាប់​ថា​ដើម “ ភ្លៅ​នាង ៗ ” រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ១០៣ – ១០៧


  1. រឿង​នេះ​ដក​ស្រង់​ពី​ឯកសារ លេខ ៩៧.០៧០ រៀប​រៀង​ដោយ​លោក ម៉ក់-ប៉េង នៅ​អង្គ​តា​សោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ