រឿង ដើម​រលួស​មាស

រលួស​មាស ជា​សន្ដាន​ដើម​ផ្កា​មួយ​ប្រភេទ ប៉ុន្តែ​ចម្លែក​ត្រង់​ដើម​នេះ គ្មាន​ផ្កា​ទេ គេ​ដាំ​យក​លម្អ​ត្រង់​ស្លឹក​វា​នោះ​ឯង ។ ស្លឹក​រលួស​មាស ផ្លាស់​ប្ដូរ​បាន​ជា​បី​ពណ៌​ក្នុង​មួយ​ឆ្នាំ គឺ​ដំបូង​ពណ៌​ស មាន​សណ្ឋាន​ដូច​ស្លឹក​ចម្ប៉ា, អស់​រយៈ ២-៣ ខែ ស្លឹក​នេះ​ប្រែ​ជា​ក្រហម​ឆ្អៅ​ដូច​ផ្កា​ក្ងោក លុះ​បាន ៣-៤ ខែ ត​មក​ទៀត ស្លឹក​ដដែល​នេះ ក៏​ប្ដូរ​ពណ៌​បៃ​តង​ចាស់​ដូច​ស្លឹក​ឈើ​ធម្មតា​វិញ ។ ដោយ​សារ​តែ​ចេះ​ផ្លាស់​ប្ដូរ​ពណ៌​ល្អ​មើល​ប្លែក​ពី​ដើម​ឈើ​ដទៃ ៗ ទៀត​ដូច​នេះ​ហើយ បាន​ជា​គេ​ដាំ​រលួស​មាស​នេះ នៅ​ពី​មុខ​ផ្ទះ ឬ​ក្នុង​សួន​សាធារណៈ​ផ្សេង ៗ ។ [1]

មិន​តែ​ប៉ុណ្ណោះ ចាស់​ទុំ​តែង​និទាន​ពី​រឿង​ព្រេង​ជា​ប្រវត្តិ​ដើម​រុក្ខជាតិ​នេះ យ៉ាង​កម្សត់ នាំ​ឲ្យ​អ្នក​ផង​ទាក់​ចិត្ត​នឹង​ដើម​នេះ កាន់​តែ​ខ្លាំង​ឡើង ។
រឿង​នោះ​មាន​សេចក្ដី​ដំណាល​ថា: មាន​បុរស​ម្នាក់​ឈ្មោះ​កុល្លីយៈ មាន​ប្រពន្ធ​ឈ្មោះ​នាង​កែវកេសី មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​នាង​កុលកេសី ។ ស្ដេច​ទ្រង់​ប្រទាន​ងារ​ជា​មេ​ស្រុក សម្រាប់​ត្រួត​ត្រា​លើ​ប្រជារាស្ត្រ​ទូទៅ ។ មាន​បុរស​កម្សត់​ម្នាក់​ទៀត នៅ​នា​ក្បែរ​លំនៅ​មេ​ស្រុក​នេះ មាន​របរ​រក​ស៊ី​ធ្វើ​ស្រែ ។ ក្នុង​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​គ្រប់​ទស​មាស ក៏​ប្រសូតិ​បុត្រ​ប្រុស​មួយ​នៅ​ក្នុង​ស្រែ ដែល​នាង​កំពុង​ច្រូត​ស្រូវ , អ្នក​ផង​ទាំង​ពួង​ដែល​នៅ​ចាំ​ស្រូវ​ស្រែ​ផង​គ្នា ក៏​ឲ្យ​ឈ្មោះ​កូន​នោះ​ថា ចៅ​កុដុម្ពីក៍​កុមារ ។  កុដុម្ពីក៍​កុមារ​កាល​ចម្រើន​វ័យ​វឌ្ឍនាការ​បាន​អាយុ ១៦ ឆ្នាំ ក៏​ប្រកប​ដោយ​រូប​ឆោម​យ៉ាង​ឆើត គួរ​ជា​ទី​ចាប់​អារម្មណ៍​នៃ​ស្រី​ផង​ទាំង​ពួង ។ ឯ​នាង​កុលកេសី​ជា​បុត្រី​កុល្លីយ​បុរស ក៏​មាន​សម្រស់​គួរ​ចេតនា​ដែរ ។ ទាំង​ពីរ​នាក់ បាន​លប​លួច​ស្នេហា​រវាង​គ្នា​នឹង​គ្នា រហូត​ទាល់​តែ​ដាច់​ចិត្ត​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក​កំណើត ដោយ​ខ្លាច​ឪពុក​ម្ដាយ​ទាំង​ពីរ​ខាង​ធ្វើ​ទោស ។

ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ខំ​ដើរ​ផង​រត់​ផង​កាត់​ព្រៃ​ព្រឹក្សា ប្រទះ​ហ្វូង​ម្រឹគា​គួរ​ឲ្យ​ភ័យ​ខ្លាច ទាំង​យប់​ទាំង​ថ្ងៃ​ឥត​ឈប់​ឈរ បាន​ទៅ​ដល់​ខេត្ត​ក្រៅ មួយ​ជា​ជន​បទ​ដាច់​ស្រយាល​ឈ្មោះ​កាសី ។ អ្នក​ស្រុក​កាសី​នេះ គ្មាន​អ្នក​ណា​ម្នាក់ រកស៊ី​ដោយ​សម្មា​អាជីវោ​ទេ, ម្នាក់ ៗ គិត​តែ​ពី​លួច​ប្លន់​កាប់​សម្លាប់​ដណ្ដើម​គេ យក​ទាំង​ភ្នែក​ស្រស់ ៗ ។ បើ​គេ​មើល​ទៅ​ក្នុង​ផ្ទះ​ជន​ទាំង​នោះ គេ​ឃើញ​តែ​កន្សែង​យន្ត-មន្ត អាគម បាយសី ពេញ​ល្វែង​ផ្ទះ ។ ទាំង​មេ​ស្រុក​នៅ​ស្រុក​នោះ ក៏​ចូល​ដៃ​ជើង​ជាមួយ​ពួក​ចោរ​នោះ​ដែរ ។ ឯ​កុដុម្ពីក៍​និង​កុលកេសី បាន​ទៅ​ដល់​ស្រុក​នោះ​ភ្លាម ក៏​ត្រូវ​ពួក​ចោរ ហនេយ្យុំ ចាប់​កុដុម្ពីក៍​បាន, ប៉ុន្តែ​នាង​កុលកេសី​ជា​ប្រពន្ធ យក​ចិញ្ចៀន​ទៅ​ឲ្យ​មេ​ស្រុក ដើម្បី​សុំ​អង្វរ​ឲ្យ​មេ​ស្រុក​ជួយ​យ៉ាង​ណា​ឲ្យ​ពួក​ចោរ​ដោះ​លែង​ប្ដី​នាង​មក​វិញ ។ មេ​ស្រុក​បាន​ទៅ​និយាយ​និង​ក្រុម​ចោរ​ដោយ​សម្អាង​ថា: ជា​ញាតិ​សា​លោហិត​របស់​ខ្លួន ចោរ​ក៏​ដោះ​លែង​ឲ្យ​កុដុម្ពីក៍​រួច​ខ្លួន​ហើយ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ក៏​បាន​សុំ​លោក​មេ​ស្រុក​និង​ប្រពន្ធ​គាត់​ធ្វើ​ជា​ឪពុក-ម្ដាយ​ធម៌ ។

មេ​ស្រុក​និង​ប្រពន្ធ​គាត់ ត្រេក​អរ​ណាស់ ព្រោះ​គាត់​គ្មាន​កូន, បាន​កូន​ទាំង​ពីរ​នាក់​នេះ នឹក​ថា​នឹង​បាន​បន្ត​ពូជ​ធារ​និង​ជា​អ្នក​ទទួល​មត៌ក​ផង។ គាត់​ស្រឡាញ់​កុដុម្ពីក៍​និង​នាង​កុលកេសី ទុក​ដូច​ជា​កូន​បង្កើត ។ មិន​យូរ​ប៉ុន្មាន​មេ​ស្រុក​និង​ភរិយា​ក៏​ស្លាប់​ទៅ ។ កុដុម្ពីក៍​និង​នាង​កុលកេសី ក៏​ទទួល​មត៌ក​អំពី​ឪពុក-ម្ដាយ​ធម៌ បាន​ឡើង​ជា​មេ​ស្រុក​ជំនួស​ឪពុក​ម្ដាយ ។

ចាប់​ពី​ថ្ងៃ​នោះ កុដុម្ពីក៍​និង​នាង​កុលកេសី បាន​ឡើង​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ ចេញ​មុខ​ចេញ​មាត់​មាន​ខ្ញុំ​កំដរ​ស្រី​ប្រុស​បម្រើ​ឆ្វេង-ស្ដាំ​ឥត​ខ្វះ ទាំង​ក្រុម​ចោរ​ដែល​ធ្លាប់​តែ​រក​ស៊ី​លួច​ប្លន់​ក៏​បាក់បប​ខ្លប​ខ្លាច, លែង​រក​ស៊ី​លួច​ប្លន់​ដូច​មុន​ទៀត ត្រឡប់​មក​ស៊ី​តាម​ធម្មតា​វិញ ។ ត​មក កុដុម្ពីក៍​បាន​នាម​ថា:កុលកោដិ​កុដុម្ពីក​សេដ្ឋី មាន​នាម​ល្បី​ល្បាញ​ខាង​មាន​សម្បត្តិ​ច្រើន ។

កុលកោដិ​កុដុម្ពីក​សេដ្ឋី បាន​រួម​សម្ភព​ជាមួយ​នាង​កុលកេសី បាន​បុត្រី​មួយ​ឈ្មោះ​នាង​កុមារិកា ដោយ​នាង​បាន​សាង​បារមី​ជា​ព្រះ​ជននី​ពោធិសត្វ កាល​ពី​ជាតិ​មុន នាង​ក៏​ប្រកប​ដោយ​រូប​ឆោម​យ៉ាង​ស្រស់​ឆើត​ឆាយ​លើស​កុមារិកា​ឯ​ទៀត ៗ ក្នុង​ស្រុក, ហើយ​នាង​មាន​ចិត្ត​ជា​ទិព្វ​ទៀត​ផង នាង​គិត​យ៉ាង​ណា​នឹង​បាន​សម្រេច​យ៉ាង​នោះ​ដូច​ប្រាថ្នា ។ លុះ​នាង​កុមារី​មាន​ព្រះ​ជន្ម ៧ វស្សា, មាន​ស្រី​មេម៉ាយ​ចិត្ត​ឫស្យា​ម្នាក់​ឈ្មោះ​នាង​កាឡី មាន​កូន​ស្រី ២ នាក់ គឺៈ នាង​ចន្ទី និង​នាង​ចន្ទនី សុទ្ធ​តែ​ជា​ស្រី​កាឡកណ្ណី​ដូច​គ្នា ។ នាង​មេ​ម៉ាយ​កាឡី​នេះ​មាន​បង​ស្រី​ម្នាក់​ទៀត​ឈ្មោះ​កាឡីនីយា ។

មេ​កាឡី​ជា​ស្រី​មេ​ម៉ាយ​មាន​ចិត្ត​សាវា​នឹក​ចង់​បាន​ប្ដី ដោយ​បាន​ឮ​ល្បី​ថា: កុលកោដិ​កុដុម្ពី​សេដ្ឋី​មាន​ទ្រព្យ​ច្រើន ក៏​ទៅ​ប្រលោម​លួង​លោម​ទាល់​តែ​កុលកោដិ​កុដុម្ពីក​សេដ្ឋី​ព្រម​ស្នេហា​ជាមួយ ដោយ​ភ្លេច​នឹក​ដល់​នាង​កុលកេសី ជា​ស្រី​ប្រកប​ដោយ​លក្ខណា​ត្រឹម​ត្រូវ​នោះ​ទៅ ។
មេ​កាឡី កាល​ដែល​បាន​កុលកោដិ​កុដុម្ពីក៍ ជា​ស្វាមី​ហើយ​ក៏​ច្រណែន​ឈ្នានីស ចាក់​រុក​រក​រឿង​លើក​កំហុស​ដាក់​ទៅ​លើ​នាង​កុលកេសី​ប្រពន្ធ​ដើម ថា​ជា​ស្រី​មាន​សហាយ​ស្មន្ធ​អន្ធការ​ផ្សេង ៗ រៀង​រាល់​ថ្ងៃ​មិន​ចេះ​ឈប់​ឈរ​សោះ, ទាល់​តែ​កុលកោដិ​កុដុម្ពីក៍​ជឿ​តាម​សម្ដី​របស់​ខ្លួន ។

ថ្ងៃ​មួយ កុលកោដិ​កុដុម្ពីក៍ នាំ​នាង​កុលកេសី​ទៅ​បង់​សំណាញ់​ក្នុង​ទន្លេ កំពុង​តែ​បង់​សំណាញ់ ស្រាប់​តែ​គាត់​រក​រឿង​លើក​កំហុស​ដាក់​លើ​ប្រពន្ធ​ថា​មាន​សហាយ ទោះ​បី​នាង​កុលកេសី និយាយ​តាម​ត្រង់​យ៉ាង​ណា ក៏​កុដុម្ពីក៍​មិន​ជឿ ក៏​កើត​ជា​ជម្លោះ​ក្នុង​កណ្ដាល​ជលសា, ពេល​នោះ​កុដុម្ពីក៍​ក៏​វាយ​នាង​កុលកេសី​ទម្លាក់​ទៅ​ក្នុង​ទឹក​ស្លាប់​ទៅ ក៏​ទៅ​កើត​ជា​ត្រី​ដំរី ដោយ​អំណាច​ផលានិសង្ស​របស់​នាង​កុមារិកា​ជា​កូន​ដែល​នាង​មាន​ចិត្ត​ជា​ទិព្វ ។

លុះ​កុលកោដិ​កុដុម្ពីក៍ ត្រឡប់​មក​វិញ នាង​កុមារិកា​ក៏​សួរ​រក​មាតា ។ ឪពុក​ឆ្លើយ​ថា: ឥត​បាន​ដឹង​រឿង​អ្វី​សោះ​ក្នុង​រឿង​នេះ, តែ​នាង​កុមារិកា​ក៏​នៅ​សួរ​ជជីក​រក​ឫស​គល់​ថា: ខ្ញុំ​ឃើញ​ច្បាស់​ជា​ម៉ែ​ទៅ​ជាមួយ​ឪ​ហើយ​ម្ដេច​ក៏​ឪ​ឆ្លើយ​ថា មិន​ដឹង​យ៉ាង​នេះ ? ។

នាង​កុមារិកា​សង្ស័យ​ក៏​ដើរ​ទៅ​កំពង់ ដើម្បី​តាម​រក​មើល​មាតា ទៅ​ដល់​ក៏​ទួញ​យំ​រៀប​រាប់​ពី​ដំណើរ​បាត់​មាតា ។ ត្រី​ដំរី​ជា​មាតា​ឮ ក៏​ងើប​ក្បាល​ពី​ក្នុង​ទឹក​មក​និយាយ​រឿង​ប្រាប់​កូន​ស្រី​តាំង​ពី​ដើម​ដល់​ចប់ ហើយ​និយាយ​ថា: ម្ដាយ​គ្មាន​អី​ស៊ី​ទេ ម្ដាយ​ឃ្លាន​ណាស់ ចូរ​កូន​រក​ចំណី​ឲ្យ​ម្ដាយ​ស៊ី​ផង ។ នាង​កុមារិកា​ក៏​សន្យា​ថា​និង​យក​កន្ទក់​និង​ចុង​អង្ករ​ទៅ​ឲ្យ​ស៊ី​រៀង​រាល់​ថ្ងៃ ។ តាំង​ពី​ថ្ងៃ​នោះ​មក ​នាង​កុមារិកា​បាន​នាម​ថ្មី​ថា “ មរណ​មាតា ” ។

មេ​កាឡី ក្រោយ​ដែល​បាន​ដឹង​ថា: ត្រី​ដំរី​នោះ​ជា​មាតា​នាង​មរណ​មាតា​ក៏​ឲ្យ​ចន្ទី-ចន្ទនី​ជា​កូន ទៅ​ចាប់​យក​មក​សម្លាប់​ធ្វើ​ម្ហូប​ស៊ី​ទៀត, តែ​ដោយ​ហេតុ​នាង​មរណ​មាតា​មាន​ផលានិសង្ស​ច្រើន ក៏​បណ្ដាល​ឲ្យ​កណ្ដុរ​ស​ពាំ​បាន​ស្រកា​ត្រី​ដំរី​ពីរ ទុក​ឲ្យ​នាង​មរណ​មាតា​ដឹង ។ នាង​មរណ​មាតា​យក​ស្រកា​ត្រី​ពីរ​នោះ​ទៅ​កប់​ទុក​ក្នុង​ដី ក៏​ស្រាប់​តែ​ដុះ​ឡើង​ជា​ដើម​ត្រប់ ហើយ​នាង​ទំនុក​បម្រុង​ដើម​ត្រប់ ធ្វើ​វត្ត​ប្រតិបត្តិ​រៀង​រាល់​ថ្ងៃ ។ មេ កាឡី​ដឹង​ថា​ដើម​ត្រប់​ជា​មាតា​នាង​មរណ​មាតា ក៏​ឲ្យ​គេ​យក​ដើម​ត្រប់​ទាំង​ឫស​ទាំង​គល់​ទៅ​បុក​កម្ទេច​ចោល, តែ​ពេល​នោះ​មាន​ឆ្មា​មួយ បាន​ពាំ​ឫស​ពីរ​សរសៃ​ទុក​ឲ្យ​នាង​មរណ​មាតា ។ នាង​យក​ឫស​ត្រប់​ពីរ​ទៅ​ដាំ​ក៏​កើត​ជា​ដើម​រលួស​ពីរ​ដើម រលួស​នេះ ប្លែក​ពី​រលួស​ធម្មតា គឺ​មាន​ស្លឹក​នោះ​ប្រកប​ដោយ​ពណ៌​ឆ្អិន​ឆ្អៅ ហើយ​ដើម​នោះ​ក៏​គ្មាន​បន្លា​ដូច​រលួស​ធម្មតា​ដែរ ។

នៅ​ថ្ងៃ​មួយ ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទ្រង់​យាង​មក​ប្រពាត​ព្រៃ, ពេល​ថ្ងៃ​ក្ដៅ ព្រះ​អង្គ​ក៏​យាង​ចូល​ទៅ​សម្រាក​ព្រះ​កាយ​ក្រោម​ម្លប់​ដើម​រលួស​មួយ​គូ​នោះ ។ មុន​នឹង​ទ្រង់​ចេញ​ចាក​ទី​នោះ​ទៅ ព្រះ​អង្គ​ទ្រង់​ត្រាស់​សួរ​រក​ម្ចាស់​ដើម​ឈើ​ចម្លែក​នេះ ដើម្បី​សុំ​គាស់​យក​ទៅ​ដាំ​ឯ​ក្នុង​ព្រះ​រាជ​វាំង ។ ស្ដេច​ទ្រង់​យល់​រូប​ឆោម​នាង​មរណ​មាតា​ដ៏​ស្រស់បស់ ជា​ទី​គាប់​ព្រះ​ទ័យ​ហើយ​ព្រះ​អង្គ​ក៏​ត្រាស់​សុំ​ដើម​ឈើ​នោះ, នាង​ក៏​ព្រម​ថ្វាយ ។ តែ​ពួក​អាមាត្យ​ខំ​ជីក​គាស់​យ៉ាង​ណា​ក៏​មិន​របើក​រលើង​ដើម​នោះ​ពី​ដី​សោះ, លុះ​ព្រះ​អង្គ​ត្រាស់​សួរ​នាង​មរណ​មាតា នាង​ក៏​សំពះ​អធិដ្ឋាន​ដល់​ទេវ​ធីតា​ជា​មាតា​ដែល​ថែ​ដើម​នោះ ស្រាប់​តែ​ដើម​រលួស​ផុស​ពី​ដី​អណ្ដែត​ឡើង​ទៅ​ដុះ​នៅ​ក្នុង​ផើង​មាស របស់​ព្រះ​មហាក្សត្រ នៅ​ឯ​មុខ​ព្រះ​មហា​ប្រាសាទ ។
ព្រះ​អង្គ​ក៏​ទ្រង់​ត្រាស់​ហៅ​នាង​មរណ​មាតា ឲ្យ​ចូល​ទៅ​ក្នុង​ព្រះ​រាជវាំង​ហើយ​អភិសេក​ជា​មហេសី​ឡើង, ឯ​ផ្កា​នោះ​ឲ្យ​នាម​ហៅ​ថា “ ផ្កា​រលួស​មាស ” ព្រោះ​បាន​អណ្ដែត​មក​ស្ថិត​នៅ​ក្នុង​ផើង​មាស ហើយ​មាន​ពណ៌​ស្លឹក​នោះ​ត្រចះ​ត្រចង់​ណាស់​ផង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ១០៩ – ១១៥


  1. សហ. ស្ដើង-ធូរ រៀប​រៀង​តាម​ទំនង​រឿង មរណ​មាតា ដែល​ធ្លាប់​ឮ​ចាស់ ៗ និទាន​ត ៗ មក