រឿង ដើម​ស្លា-ម្លូ

មាន​សេចក្ដី​ដំណាល​ថា: កាល​ពី​យូរ​ណាស់​មក​ហើយ​មាន​បង​ប្អូន​ប្រុស​ពីរ​នាក់ នៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា ពុំ​ដែល​ឃ្នើស​ឃ្នង​អ្វី​ឡើយ ។ ពេល​មួយ​បាន​ដំណឹង​ថា មាន​គ្រូ​អាចារ្យ​ម្នាក់​ដែល​នៅ​ក្នុង​នគរ​ក្បែរ​នោះ ចេះ​បង្រៀន​វិទ្យាសាស្ត្រ​ផ្សេង ៗ, បុរស​ទាំង​ពីរ​នេះ ក៏​នាំ​គ្នា​ចេញ​ពី​លំនៅ ទៅ​ស្វែង​រក​សិក្សា​សព្វ​សិល្ប​សាស្ត្រ​ទាំង​នោះ ត្បិត​ឪពុក​ម្ដាយ​បាន​ទទួល​មរណ​ភាព​ជា​យូរ​ណាស់​មក​ហើយ ។ បុរស​បង​អាយុ​បាន ១៩ ឆ្នាំ ចំណែក​ប្អូន​អាយុ ១៦ ឆ្នាំ ។ លុះ​បាន​ទៅ​ដល់​សំណាក់​គ្រូ​អាចារ្យ​នោះ​ហើយ បុរស​កំព្រា​ទាំង​ពីរ​នាក់ ក៏​នាំ​គ្នា​ឱន​លំទោន សុំ​ស្នាក់​អាស្រ័យ​នៅ​រៀន​សូត្រ​ត​ទៅ ។ កាល​បើ​បាន​ឃើញ​ឫកពា​សុភាព​រាប​សា​នៃ​បុរស​ទាំង​ពីរ​នោះ​ហើយ គ្រូ​អាចារ្យ​ក៏​ព្រម​ទទួល​ចិញ្ចឹម​ថែ​រក្សា ព្រម​ទាំង​ជួយ​បង្រៀន​វិជ្ជា​សព្វ​សារពើ​ផង ។ [1]

ក្នុង​រយៈ​កាល​ពីរ​ឆ្នាំ​ក្រោយ​មក គ្រូ​ពិនិត្យ​មើល​កិរិយា​មារយាទ​កុមារ​ទាំង​ពីរ ឃើញ​ថា​ប្រសើរ​ណាស់ ។ គាត់​ក៏​សុខ​ចិត្ត​លើក​កូន​ក្រមុំ របស់​គាត់​ឈ្មោះ​នាង “ មណី ” ដែល​ទើប​តែ​បាន​អាយុ​ដប់​ប្រាំ​ឆ្នាំ ប្រកប​ដោយ​រូបឆោម​លោម​ពណ៌​គួរ​ឲ្យ​អ្នក​ផង​ចាប់​ចិត្ត រៀប​ផ្សំ​ផ្គុំ​ជាមួយ​ចៅ “សុដា” ជា​បុរស​បង ដែល​ជា​ក្មេង​កំព្រា បាន​ត្រាច់​មក​ពី​ស្រុក​ឆ្ងាយ ហើយ​មក​នៅ​ជ្រក​កោន​រៀន​សូត្រ ជាមួយ​គាត់​នោះ ។

ចាប់​តាំង​ពី​ថ្ងៃ​ដែល “សុដា” បាន​ប្រពន្ធ​មក, ក្នុង​ចិត្ត​ចេះ​តែ​ពុំ​សូវ​រីករាយ​ចំពោះ​ប្អូន​សោះ ព្រោះ​គិត​តែ​មាន​បំណង​លោភ​បុណ្យ​ស័ក្ដិ​ធំ ។ វា​គិត​ថា​ក្នុង​ថ្ងៃ​ណា​មួយ​នឹង​បាន​សម្រេច​ផល​វិជ្ជា និង​បាន​ជា​មន្ត្រី​កិត្តិយស​មួយ ហើយ​វា​មុខ​ជា​នឹង​បាន​ជា​ទី​គាប់​ព្រះ​ទ័យ​របស់​ព្រះ​រាជា មិន​ខាន ។ រាល់​ៗ ថ្ងៃ, ពេល​ដែល​ផុត​រវល់​ពី​ការងារ​ហើយ គេ​តែង​ដើរ​ទៅ​ជិត​ប្រពន្ធ ហើយ​និយាយ​ដោយ​ពាក្យ​ទន់​ភ្លន់​រីករាយ ។

ឯ​ចៅ “សុដ្ឋា” ជា​ប្អូន ពុំ​សូវ​សប្បាយ​ក្នុង​ចិត្ត​ទេ ព្រោះ​ឃើញ​កិរិយា​របស់​បង ពុំ​សូវ​រាក់​ទាក់​នឹង​ខ្លួន​សោះ, ចេះ​តែ​នឹក​ឆ្ងល់​ក្នុង​ចិត្ត, មួយ​ទៀត​ព្រួយ​បារម្ភ​នឹង​មុខ​របរ​មិន​ដឹង​បាន​ការ​អ្វី​ធ្វើ​ផង ។ ព្រួយ​នោះ​ហៅ​មហា​ព្រួយ, ងាក​ទៅ​បង​ក៏​គេ​ស្ដី​និយាយ​រក, ងាក​ទៅ​រក​មុខ​របរ​គ្មាន តើ​អាត្មា​ងាក​ទៅ​ខាង​ណា ? បើ​ចង្អៀត​ចិត្ត​ខ្លាំង​ម៉េ្លះ ? គិត​សព្វ​គ្រប់​ទៅ, សុដ្ឋា​ឃើញ​ផ្លូវ​មួយ គឺ​ត្រូវ​គេច​ខ្លួន​ចេញ​ពី​លំនៅ​ដ៏​ចង្អៀត​នេះ  ។ ព្រឹក​មួយ សុដ្ឋា​រៀប​ចំ​អីវ៉ែ​អីវ៉ាន់​ហើយ ដើរ​ចេញ​ពី​ផ្ទះ​នេះ​ដោយ​ឥត​ឲ្យ​អ្នក​ណា​ដឹង បាន​ត្រេច​ទៅ​ដល់​មាត់​ស្ទឹង​មួយ ហើយ​អង្គុយ​យំ​យ៉ាង​កម្សត់ នៅ​ក្រោម​ដើម​ជ្រៃ​ធំ​មួយ​ដើម ដោយ​នឹក​អស់​សង្ឃឹម មិន​ដឹង​ជា​នឹង​ទៅ​ពឹង​ពាក់​អ្នក​ឯ​ណា ។
ពេល​យប់​ក៏​មក​ដល់, សុដ្ឋា​ក៏​ស្រស់​ស្រូប​អាហារ​បន្តិច​បន្តួច ហើយ​ទម្រេត​លក់​នៅ​ក្រោម​ដើម​ជ្រៃ​នោះ​ទៅ ។

ក្នុង​ពេល​ដែល​សុដ្ឋា​លក់​មួយ​ភាំង​ទៅ ស្រាប់​តែ​ឃើញ​មនុស្ស​ម្នាក់​យ៉ាង​ធំ​សម្បើម ឈរ​ច្រងាង ដៃ​ម្ខាង​កាន់​ដំបង​យ៉ាង​ធំ​មួយ ហើយ​ស្រែក​មក​រក​កុមារ​ថា:
នែ ! អា​នេះ​ឯង​មក​ពី​ណា បាន​ជា​ចូល​មក​កន្លែង​អញ ដោយ​គ្មាន​អុជ​ទៀន​ធូប​អ្វី​បូជា​អញ​សោះ ? ព្រោះ​នរណា​ក៏​ដោយ ឲ្យ​តែ​មក​ទី​នេះ​ត្រូវ​តែ​គោរព​បូជា​អញ !
សុដ្ឋា ញាប់​ញ័រ​ក្នុង​ខ្លួន​ពេក​ណាស់ ហើយ​ក៏​និយាយ​តប​ទៅ​លោក​តា​ដោយ​លន់​តួ​ថា:
ឱ ! លោក​តា​អើយ ! សូម​លោក​មេត្តា​អត់​ទោស​ឲ្យ​ខ្ញុំ​ផង​ចុះ ព្រោះ​ខ្ញុំ​កើត​ទុក្ខ​ខ្លាំង​ណាស់, បើ​ប្រសិន​ជា​លោក​ម្ចាស់​ជ្រាប​រឿង​នេះ​ផង នោះ​មុខ​ជា​ជួយ​អាណិត​ខ្ញុំ​មិន​ខាន ។

អ្នក​តា​នោះ​តប​វិញ​ថា ៖
ទេ ! អញ​មិន​ត្រូវ​ការ​អាណិត​ឯង​ទេ, អញ​ដឹង​តែ​ពី​អ្នក​ណា​មក​ចូល​កន្លែង​អញ ហើយ​មិន​បន់​ស្រន់​បូជា អញ​ត្រូវ​តែ​បំផ្លាញ​អ្នក​នោះ​អ្នក​នោះ​ឯង​គ្មាន​ត្រា​ប្រណី​ឡើយ ។ ថា​ហើយ​អ្នក​តា​កំណាច​លើក​ដំបង​ចង្អុល​ទៅ​សុដ្ឋា មាត់​សេក​មន្ត​គាថា, មិន​យូរ​ប៉ុន្មាន​កំលោះ​សុដ្ឋា​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​ថ្ម​មួយ​ដុំ​ស​ស្អាត​ស្ថិត​នៅ​ត្រង់​ទី​ដែល​ឈរ​នោះ​ឯង, ឯ​អ្នក​តា​ចង្រៃ​ក៏​អន្តរធាន​បាត់​ក្នុង​ពេល​នោះ​ដែរ ។

និយាយ​ពី​នាយ សុដា ជា​បង កាល​ដែល​បាន​ដឹង​ថា: ប្អូន​រត់​ចេញ​ពី​ផ្ទះ​ទៅ​បាត់​ហើយ ក៏​នឹក​ដល់​ប្អូន​ពន់​ពេក នឹក​ដល់​គ្រា​កម្សត់​កម្រ​ជាមួយ​គ្នា តាំង​ពី​ឪពុក​ស្លាប់​ចោល​រហូត​ដល់​ខ្លួន​មក​បាន​ប្រពន្ធ​នេះ ។ គិត​សព្វ​គ្រប់​ទៅ​នាយ​សុដា ក៏​លា​ប្រពន្ធ​និង​ឪពុក​ក្មេក​ដើម្បី​ធ្វើ​ដំណើរ​ទៅ​តាម​រក​ប្អូន, គាត់​ខំ​ដើរ​រក​សព្វ​ច្រក​ល្ហក​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​ភូមិ​ឋាន​នានា តែ​មិន​ឃើញ​សោះ សួរ​គេ​ឯង​ក៏​មិន​លេច​ឮ​ដំណឹង ។ លុះ​ដើរ ៗ ទៅ បាន​ទៅ​ដល់​មាត់​ស្ទឹង​ដែល​មាន​ដើម​ជ្រៃ​សាខា​ត្រឈឹង​ត្រឈៃ​ដុះ​ប្រប​នោះ ។ ដោយ​ការ​អស់​កម្លាំង សុដា​ក៏​សម្រាក​នៅ​ក្រោម​ដើម​ជ្រៃ អង្គុយ​ផ្អែក​នឹង​ដុំ​ថ្ម​ស​រលោង ១ ដុំ​នៅ​ក្បែរ​នោះ ។ លុះ​លក់​មួយ​ស្រឡេត​ទៅ ស្រាប់​តែ​ឃើញ​មនុស្ស​យ៉ាង​ធំ​ម្នាក់​លេច​ចេញ​ខ្លួន​មក គឺ​រូប​អ្នក​តា​ដដែល​នោះ និយាយ​សម្លុត​ថា :

-នែ ! អា​កំណាច, អា​មក​ពី​ណា​ចូល​មក​ក្នុង​ទី​នេះ គ្មាន​និយាយ​គួរសម​នឹង​អញ​សោះ ។ ឮ​ដូច្នោះ សុដា​ញ័រ​អស់​ខ្លួន​ប្រាណ ហើយ​អង្វរ​លន់តួ​ថា :
-សូម​លោក​មេត្តា​ខ្ញុំ​ផង, ខ្ញុំ​បាន​ជា​ជ្រុល​ចូល​មក​ទី​នេះ​ទៅ​ហើយ ខ្ញុំ​សូម​ស្នាក់​ក្នុង​ទី​នេះ​មួយ​យប់​សិន​ចុះ, ព្រោះ​ខ្ញុំ​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​ស្វែង​រក​ប្អូន តែ​មិន​ឃើញ​សោះ, បើ​លោក​ម្ចាស់​បាន​ប្រទះ​នឹង​ប្អូន​ខ្ញុំ សូម​ទាន​មេត្តា​ប្រាប់​ផង ។

អ្នក​តា​កំណាច​បើក​ភ្នែក​ធំ ៗ ហើយ​ស្រែក​គំរាម​មក​ទៀត​ថា :
-ទេ ! អញ​គ្មាន​ឃើញ​ប្អូន​អាណា​ទេ, អញ​ត្រូវ​ផ្ដន្ទា​ទោស​អា​ឯង​ក្នុង​ពេល​នេះ ។ អើ ! បើ​អា​ឯង​ចង់​ជួប​ប្អូន​អា​ឯង អញ​ឲ្យ​ជួប​បាន គឺ​ដុំ​ថ្ម​ដែល​អា​ឯង​ឈរ​ផ្អែក​នេះ​ហើយ​ជា​ប្អូន​អា​ឯង ។

ថា​តែ​ប៉ុណ្ណោះ អ្នក​តា​កំណាច​លើក​ដំបង​ចង្អុល​មុខ​នាយ​សុដា ព្រម​ទាំង​សេក​មន្ត​អាគម​គាថា ផ្លុំ​ជា​ខ្យល់​យ៉ាង​ខ្លាំង ។ មួយ​រំពេច​នោះ រូប​សុដា ក៏​ប្រែ​ក្លាយ​ទៅ​ជា​ដើម​ស្លា​មួយ​ដើម​ដុះ​ប្រប​ដុំ​ថ្ម​នោះ ។ ឯ​រូប​អ្នក​តា​ក៏​អន្តរធាន​ក្នុង​ពេល​នោះ​ដែរ ។

ចំណែក​នាង​មណី​ជា​ភរិយា ក្រោយ​ដែល​បាត់​ប្ដី​យូរ​ក្រ​ឃើញ​ត្រឡប់​មក​វិញ ក៏​ដាច់​ចិត្ត​លា​ឪពុក​ទៅ​តាម​រក​ប្ដី ។ ដោយ​ហេតុ​តែ​រឭក​ប្ដី​ខ្លាំង​ពេក ទ្រាំ​នៅ​ពុំ​សុខ នាង​ក៏​ដាច់​ចិត្ត​ហ៊ាន​ដើរ​កាត់​ព្រៃ​កាត់​វាល​តែ​ម្នាក់​ឯង, មាន​តែ​សត្វ​សាហាវ​យង់​ឃ្នង​ជា​គ្នា​ប៉ុណ្ណោះ, នាង​ដើរ ៗ ទៅ​បាន​ទៅ​ដល់​មាត់​ស្ទឹង​មាន​ដើម​ជ្រៃ​ធំ ដ៏​ជា​លំនៅ​ឋាន​នៃ​អ្នក​តា​កំណាច​ដដែល​នោះ បាន​ឃើញ​ដើម​ជ្រៃ​ធំ​ដ៏​មាន​មែក​សាខា ហើយ​នៅ​ក្បែរ​ដើម​ជ្រៃ នាង​ឃើញ​ដុំ​ថ្ម​មួយ​ដុំ​សរ​រលោង និង​ដើម​ស្លា​មួយ​ដើម បែក​ធាង​មាន​ផ្លែ​ធ្លាក់​សំយាក​នៅ​ក្បែរ​ដុំ​ថ្ម​នោះ ។ ដោយ​នាង​អស់​កម្លាំង​ខ្លាំង​ណាស់​ផង នាង​ក៏​អង្គុយ​ផ្អែក​ទម្រេត​ខ្លួន​នឹង​គល់​ស្លា​នោះ​លក់​មួយ​សន្ទុះ ។

អ្នក​តា​កំណាច​ដដែល បាន​មក​សម្លុត​នាង​ដោយ​ពាក្យ​ផ្សេង ៗ ដូច​កាល​សម្លុត សុដ្ឋា និង សុដា​ដែរ, ទោះ​បី​នាង​ខំ​អង្វរ​ករ​យ៉ាង​ណា ក៏​អ្នក​តា​ចង្រៃ​មិន​ព្រម​ចេះ​តែ​ស្រែក​ខ្លាំង​ឡើង ៗ ថា :
-អញ​ត្រូវ​តែ​បំផ្លាញ​ជីវិត​នាង​ក្នុង​ពេល​នេះ ។
នាង​មិន​ព្រម​ឈប់​អង្វរ​ទេ នៅ​តែ​ទទូច​ថា :
-សូម​លោក​តា​កុំ​អាល​បំផ្លាញ​ជីវិត​នាង​ខ្ញុំ បើ​មុន​នឹង​ខ្ញុំ​ស្លាប់ សូម​ឲ្យ​ខ្ញុំ​បាន​ជួប​នឹង​ប្អូន​ថ្លៃ ព្រម​ទាំង​ប្ដី​ខ្ញុំ​សិន ។
អ្នក​តា​កំណាច​សើច​ចំអក​ខ្លាំង ៗ ឯ​នាង​មណី​ភ័យ​ញ័រ​កាន់​តែ​ខ្លាំង​ឡើង ៗ ។ ឃើញ​ដូច្នោះ​អ្នក​តា​ក៏​ចូល​មក​ជិត ហើយ​ស្រែក​ខ្ទរ​ដី ជា​សម្រែក​ថា :
-បើ​នាង​ឯង​ចង់​ជួប​នឹង​ប្អូន​ថ្លៃ​ព្រម​ទាំង​ប្ដី​នាង​ឯង, មិន​អី​ទេ អញ​ឲ្យ​ជួប​បាន ហើយ​នាង​ឯង​ធ្លាប់​នែប​និត្យ​នឹង​ប្ដី​យ៉ាង​ណា អញ​នឹង​ឲ្យ​នែប​និត្យ​យ៉ាង​នោះ​ទៀត ។ ដើម​ស្លា​ដែល​នាង​អង្គុយ​ផ្អែក​នេះ​ហើយ ជា​ប្ដី​នាង ។ ឯ​ដុំ​ថ្ម​ស​ស្អាត​មួយ​ដុំ​នោះ​ឯង ជា​ប្អូន​ថ្លៃ​នាង ! ឥឡូវ​នាង​ឯង​ទៅ​នៅ​ជា​មួយ​ចុះ ។

ថា​តែ​ប៉ុណ្ណោះ​អ្នក​តា​លើក​ដំបង​ចង្អុល​ដូច​មុន ៗ ទៀត ។ រូប​នាង​មណី​ក៏​ក្លាយ​ជា​ដើម​ម្លូ ដុះ​លាស់​ខ្ចី​វារ​ឡើង​តោង​ដើម​ស្លា​មួយ​រំពេច ។ អ្នក​តា​ក៏​អន្តរធាន​ក្នុង​ពេល​នោះ​ដែរ ។​

ក្នុង​កាល​ជា​ចំណេរ​ត​មក មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ, បាន​កេណ្ឌ​រេហ៍ពល​ទៅ​ប្រពាត​ព្រៃ បាន​ប្រទះ​នឹង​ដើម​ជ្រៃ ព្រម​ទាំង​ដុំ​ថ្ម​ស​ស្អាត និង​ដើម​ស្លា-ម្លូ ដុះ​ប្រពាក់​ប្រព័ន្ធ​គ្នា ដែល​ជា​ហេតុ​ឲ្យ​ព្រះ​អង្គ​នឹក​ប្លែក​ក្នុង​ព្រះ​ទ័យ​ពន់​ពេក  ក៏​សួរ​រក​អ្នក​ណា​ដឹង​រឿង​រ៉ាវ​វត្ថុ​ទាំង​បី​នេះ ។ មិន​យូរ​ប៉ុន្មាន​មាន​អ្នក​ដឹង​រឿង​រ៉ាវ​នេះ គឺ​ពួក​អ្នក​ស្រុក​ជិត​ខាង​ទី​នេះ ដែល​គេ​បាន​ឃើញ​ហេតុ​ការណ៍​ច្បាស់ បាន​មក​ក្រាប​ទូល​ព្រះ​រាជា​តាម​ដំណើរ​សព្វ​គ្រប់ ។ ព្រះ​អង្គ​ក៏​ទ្រង់​ចាត់​ឲ្យ សេវកាមាត្យ​យក​ស្រា​មក ហើយ​បេះ​ផ្លែ​ស្លា – ស្លឹក​ម្លូ​ទៅ​ដាក់​លើ​ដុំ​ថ្ម​នោះ រួច​ចាក់​ស្រា​ស្រោច​ពី​លើ​វត្ថុ​ទាំង ៣ ។ ក្នុង​គ្រា​នោះ​វត្ថុ​ទាំង ៣ ក៏​រលាយ​ជា​ទឹក​មាន​ពណ៌​ក្រហម​ដូច​ឈាម​ហូរ​ធ្លាក់​ចុះ​ទៅ​លើ​ផ្ទៃ​ធរណី ។ ព្រះ​រាជា​ទ្រង់​ទត​នូវ​ឧប្បត្តិ​ហេតុ​នេះ​ហើយ ក៏​ទ្រង់​ឈ្វេង​យល់​ថា: “ អ្នក​ទាំង​បី​នេះ ពី​ជាតិ​មុន​ស្រលាញ់​គ្នា​ណាស់ បាន​ជា​ជាតិ​នេះ​នៅ​តែ​រួម​ធាតុ រួម​រស​ជាតិ​ជា​មួយ​គ្នា​យ៉ាង​នេះ ” ។

ដោយ​ព្រះ​អង្គ​ចង់​ទុក​អនុស្សាវរីយ៍ យ៉ាង​ប្លែក​នេះ ឲ្យ​ឋិត​ថេរ​បាន​យូរ​អង្វែង​ត​ទៅ ទ្រង់​ក៏​បញ្ញត្ត​ច្បាប់​ឲ្យ​ពពួក​អ្នក​ស្រុក​យក​វត្ថុ​ទាំង ៣ គឺ : ម្លូ​ស្លា​និង​ស្រា សម្រាប់​ធ្វើ​ជា​​ជ័យ​មង្គល ក្នុង​ពេល​រៀប​បង្កក់​កូន​ខ្ចី​ដែល​ទើប​នឹង​កើត, ក្នុង​ពេល​រៀប​អាពាហ៍ពិពាហ៍ និង​ក្នុង​ឱកាស​បុណ្យ​ខ្មោច ។ មាន​អ្នក​ស្រុក​ខ្លះ​ក៏​យក​ដុំ​ថ្ម​ដុត​ធ្វើ​ជា​កំបោរ ហើយ​ទទួល​ទាន​ជាមួយ​នឹង​ម្លូ​ស្លា​រហូត​រៀង​មក​ដល់​សព្វ​ថ្ងៃ ។

ឯ​ដើម​ស្លា​ក៏​តែង​តែ​បាន​នៅ​ជា​ការ​និយម​របស់​ដើម​ម្លូ គឺ​ថា : ម្លូ​ចូល​ចិត្ត​វារ​ឡើង​ដើម​ស្លា​ជាង​អ្វី ៗ ទាំង​អស់ ។ នេះ​ក៏​ដោយ​សារ​អ្នក​ទាំង​ពីរ​ជា​ប្ដី​ប្រពន្ធ​ស្មោះ​ស្ម័គ្រ​នឹង​គ្នា​ក្នុង​រឿង​ព្រេង​នេះ​ឯង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ១១៧ – ១២៤


  1. សហ. ស្ដើង-ធូរ សរសេរ​តាម​ដំណើរ​រឿង របស់​លោក លី-ធាមតេង ដែល​បោះ​ពុម្ព​ផ្សាយ​ក្នុង​សៀវភៅ “បី​និទាន ”