រឿង តាដក់​ជាន់​កូន​ក្រួច

សត្វ​តា​ដក់​បាន​ជា​មាន​ក្បាល​តម្ពែក ព្រោះ​ហេតុ​ត្រូវ​សត្វ​ដទៃ​ទៀត ខោក-ថង ទាល់​តែ​របើក​រុះ​សក់​អស់ ដូច​មាន​សេចក្ដី​និទាន​តទៅ​នេះ ៖
រឿង​បុរាណ​មួយ​ដំណាល​ថា មាន​សត្វ​តាដក់​ចាស់​មួយ​ដើរ​ស្វែង​រក​អាហារ សព្វ​ទិស​ទី​ភូមិ​ស្ថាន ដោយ​សារ​ខ្លួន​ជរា​បន្តិច​ទៅ​ផង ម្ល៉ោះ​ហើយ​ភ្នែក​ក៏​មិន​សូវ​ប៉ិន​មើល​ផ្លូវ ឬ​សត្វ​តូច​តាច ក៏​ពុំ​សូវ​ឃើញ ។ តាដក់​ដើរ​ទៅ ៗ ស្ទើរ​ដាច់​សង្វែង ក៏​ទៅ​ជាន់​លើ​កូន​ក្រូច ដែល​ពួន​ជ្រក​នៅ​ក្នុង​គុម្ព​ត្រែង ស្លាប់​បង់​ជីវិត​ទៅ ។ មេ​ក្រួច​ក្ដៅ​ចិត្ត​ខ្លាំង​ណាស់ តែ​មិន​ដឹង​ធ្វើ​ដូចម្ដេច ព្រោះ​ខ្លួន​តូច​តាច ពុំ​ហ៊ាន​តវ៉ា​ជាមួយ​នឹង​តា​ដក់​ដែល​មាន​មាឌ​ធំ​ជង្គ្រោង​នោះ​ឡើយ ។ [1]

មេ​ក្រួច​ដើរ​ស្វែង​រក​សត្វ​ណា​ដែល​ស្លូត​បូត មាន​គតិ​ទៀង​ត្រង់​អាច​រក​យុត្តិ​ធម៌​ឲ្យ​ខ្លួន​បាន ខ្លួន​នឹង​នាំ​យក​រឿង​ទៅ​ប្ដឹង​សត្វ​នោះ​ឲ្យ​ជួយ​ជម្រះ ក្ដី​សម្រាល​ទុក្ខ​ខ្លួន ។ គ្រា​នោះ ក្រួច​ដើរ​ទៅ​ជួប​នឹង​សត្វ​គីង្គក់ គីង្គក់​ស្រែក​សួរ​ថា ៖

-អើ ! បង​ក្រួច​ទៅ​ណា​មក​ណា ?
ក្រួច​ឮ​គីង្គក់​សួរ​គួរ​សម​ក៏​ត្រេក​អរ​ណាស់ ទើប​ចាប់​និយាយ​រៀប​រាប់​រឿង​ដែល​ខ្លួន​ឈឺ​ចិត្ត ប្រាប់​គីង្គក់​សព្វ​គ្រប់ ។ គីង្គក់​ក៏​កោះ​ហៅ​តាដក់​មក​សួរ​ថា ៖
-តាដក់ ! ហេតុ​ម៉េច​បាន​ជា​ទៅ​ជាន់​កូន​ក្រួច​ឲ្យ​ស្លាប់​បង់​ជីវិត​ដូច្នេះ ?
តាដក់​ឆ្លើយ​ថា ៖ បាន​ជា​ខ្ញុំ​ជាន់​កូន​ក្រួច​ព្រោះ​ខ្ញុំ​ភ័យ ដោយ​មក​ពី​ខ្ញុំ​ឃើញ​សត្វ​ក្រសារ​វា​ហូត​ដាវ​ខ្វាក ៗ ខ្ញុំ​នឹក​ថា​ប្រហែល​ជា​មាន​សត្រូវ​មក​ដល់​ទើប​បាន​ជា​ខ្ញុំ​ស្ទុះ​ម្នីម្នា មិន​ឃើញ ទៅ​ជាន់​កូន​ក្រូច​ដូច្នេះ !

គីង្គក់​ក៏​កោះ​ហៅ​សត្វ​ក្រសារ​មក​ទៀត ហើយ​សួរ​ថា ៖
-ចុះ​ហេតុ​អី​បាន​ជា​ក្រសារ​ឯង​ហូត​ដាវ នាំ​ឲ្យ​តាដក់​ភ័យ​ស្ទុះ​ជាន់​កូន​ក្រួច​ស្លាប់​អស់​យ៉ាង​ហ្នឹង ?
ក្រសារ​ក៏​ឆ្លើយ​ភ្លាម​ថា ៖
-បាន​ជា​ខ្ញុំ​ហូត​ដាវ​ប្រញាប់​ណាស់ ព្រោះ​ពេល​នោះ​ខ្ញុំ​ឃើញ​ក្អែក​ទឹក​លើក​ទ័ព​សម្បើម​ណាស់ ទើប​ខ្ញុំ​ភ័យ !
គីង្គក់​កោះ​ហៅ​ក្អែក​ទឹក មក​សួរ​ចម្លើយ​ទៀត ។
ក្អែក​ទឹក​ឆ្លើយ​ថា ៖

-បាន​ជា​ខ្ញុំ​នាំ​គ្នា​លើក​ទ័ព ព្រោះ​ខ្ញុំ​ឮ​សូរ​ត្លុម​វា​វាយ​ស្គរ ខ្ញុំ​ស្មាន​តែ​មាន​គ្រោះ​អាសន្ន​អ្វី​មក​ដល់​ហើយ បាន​ខំ​នាំ​គ្នា​លើក​ពលរេហ៍​ទៅ​រង់​ចាំ​ការពារ​នឹង​សត្រូវ​នោះ ។
គីង្គក់​ក៏​កោះ​ហៅ​សត្វ​ត្លុម​មក​ដល់​ទៀត​ហើយ​សួរ​ថា ៖
-ចុះ​មាន​ហេតុ​អ្វី បាន​ត្លុម​ឯង​វាយ​ស្គរ​ឲ្យ​ផ្អើល​គេ​ឯង​យ៉ាង​នេះ ?
ត្លុម​ឆ្លើយ​ថា ៖
-បាន​ជា​ខ្ញុំ​វាយ​ស្គរ ពី​ព្រោះ​ខ្ញុំ​ឃើញ​សត្វ​ទុង​វា​លយ​សំពៅ ខ្ញុំ​ស្មាន​តែ​កើត​ហេតុ​អ្វី​មួយ​បាន​ជា​វា​នាំ​គ្នា​បើក​សំពៅ​រត់​យ៉ាង​នេះ ។
គីង្គក់​កោះ​ហៅ​សត្វ​ទុង​មក​សួរ​ទៀត ។ ទុង​ឆ្លើយ​ថា ៖

ធម្មតា ខ្ញុំ​ក៏​រក​ស៊ី​លើ​គោក​ដែរ ប៉ុន្តែ​ពេល​នេះ​បាន​ជា​ខ្ញុំ​ម្នីម្នា​នាំ​គ្នា​លយ​សំពៅ ប្រញាប់​ប្រញាល់​រត់​បន្ត​គ្នា​ដូច្នេះ ពី​ព្រោះ​ឃើញ​តាដក់ វា​ស្ពាយ​យាម​ហើយ​ក៏​ស្មាន​ថា​មាន​អាសន្ន​មក​ដល់​ហើយ !
អ្នក​ទាំង​អស់​ក៏​ហ៊ោ​គឹល​ឡើង ស្រែក​ព្រម​គ្នា ៖
-ទោស​នេះ មក​ពី​តាដក់​ខ្លួន​ឯង​នេះ​តើ !
គីង្គក់​សួរ​យោបល់​សត្វ​ទាំង​អស់​តប​ថា “ត្រូវ​នាំ​គ្នា ខោក ថង​ក្បាល​វា​ឲ្យ​វា​រាង​ចាល ! ” ថា​ហើយ សត្វ​ទាំង​អស់​ក៏​ព្រួត​គ្នា​ថង​ក្បាល​តាដក់​គ្រប់ ៗ គ្នា ទី​បំផុត គីង្គក់​ក៏​ខំ​លោត​ធាក់​ក្បាល​តា​ដក់​ដែរ ទាល់​តែ​រោម​ក្បាល​តាដក់​រុះ​អស់ តម្ពែក​រហូត​សព្វ​ថ្ងៃ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ៦៣ – ៦៥


  1. សហ. លី-ធាមតេង រៀប​រៀង​តាម​តម្រាយ​រឿង​បុរាណ​ដែល​មាន​នៅ​ក្នុង​សាស្ត្រា​ស្លឹករឹត