រឿង ត្រពាំង​បឹង​តេ

នៅ​ឃុំ​សង្កែ​សាទប ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មាន​ត្រពាំង​មួយ អ្នក​ស្រុក​ហៅថា “ត្រពាំង​បឹង​តេ” ។ ត្រពាំង​នេះ មាន​លក្ខណៈ​ប្លែក ដែល​នាំ​ឲ្យ​អ្នក​ស្រុក​ជិត​ខាង និង អ្នក​ដំណើរ​ណា​ដែល​បាន​ទៅ​ដល់​ទី​នោះ ចាប់​អារម្មណ៍​គ្រប់​ៗ គ្នា ។ ទំហំ​ត្រពាំង មិន​ជា​ធំ​ប៉ុន្មាន​ទេ ប្រមាណ​ជា​មាត់​រង្វះ ១០០ ម៉ែត្រ​ប៉ុណ្ណោះ ។ មាត់​ត្រពាំង​ជុំ​វិញ មាន​កក់​ដុះ​ខ្នាន់​ខ្នាប់ ពុំ​ដែល​មាន​សត្វ​ធាតុ​ណា​មួយ ចូល​ទៅ​ស៊ី ទៅ​រុករាន​ឡើយ, ឯ​ដី​ត្រង់​ដុះ​កក់​នោះ មាន​សភាព​ទន់​ជ្រាយ ល្មម​ដើរ​បាន ឥត​ផុង​ជើង​ទេ តែ​ទៅ​ដល់​កណ្ដាល​ត្រពាំង បែរ​ជា​មាន​ត្រឹប​មួយ​ដុំ ដុះ​ស្មៅ​ខ្លះ កក់​ខ្លះ ហើយ​ដី​នោះ ជា​ភក់​មមោក​ស្មោះ ។

បើ​គេ​ចង់​ឆ្លង​ត្រឹប​នេះ ទាល់​តែ​យក​ឈើ​វែង​ៗ ដាក់​គង រួច​ដើរ​សួ​ពី​លើ​ឈើ​នោះ​ទើប​បាន ។ មាន​អ្នក​ស្រុក​និយាយ​បន្ថែម​ទៀត​ថា កាល​ជំនាន់​បារាំង នៅ​ជា​អាណា​ព្យាបាល​ប្រទេស​ខ្មែរ កាល​នោះ បារាំង​ទៅ​ពិនិត្យ​មើល ប្រុង​នឹង​ធ្វើ​ស្ពាន​ឆ្លង ហើយ​បុក​សសរ​ស្ពាន​ចំ​កណ្ដាល​ត្រពាំង ។ ពេល​នោះ គេ​ឃើញ​មាន​ដូច​ផ្សែង​ចំហាយ ហុយ​ៗ ចេញ​ពី​ត្រឹប​នេះ​មក ។ លុះ​គេ​ពិនិត្យ​សង្កេត ក្នុង​ត្រឹប​កណ្ដាល​នេះ​ទៅ ឃើញ​មាន​ថ្ម​ដុំ​មូល​ៗ ជា​ច្រើន​ដុំ សំបក​ក្រៅ​ក្រហម​ៗ របៀប​ដូច​ជា​ថ្ម​បាយ​ក្រៀម ឯ​សាច់​ថ្ម​ខាង​ក្នុង​ពណ៌​ស​ក្បុស ហើយ​នៅ​ចន្លោះ​ៗ ថ្ម​នោះ មាន​ទឹក​ថ្លា​ហូរ​រហែង​ៗ ចេញ​ពី​រន្ធ​ថ្ម​មក​ផង ។ គម្រោង​ការ​ស្ថាបនា​ស្ពាន ពី​ជំនាន់​នោះ ក៏​ពុំ​បាន​សម្រេច​ឡើយ ។

ដោយ​ឃើញ​មាន​លក្ខណៈ​ប្លែក ហើយ​ជា​ធម្មតា នៅ​ស្រុក​ខ្មែរ​យើង តែ​មាន​ទី​កន្លែង​ប្លែក​ៗ យ៉ាង​នេះ ប្រាកដ​ជា​មាន​រឿង​ព្រេង​និទាន​ប្រចាំ​ទី​កន្លែង​នោះ​ជា​មិន​ខាន, ហេតុ​នេះ ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ ដែល​ត្រូវ​រាវ​រក​ឯកសារ​តម្កល់​ទុក ក៏​បាន​អំពាវនាវ ស៊ើប​សួរ​រក​រឿង​ព្រេង​ស្ដី​ពី​ត្រពាំង​បឹង​តេ នេះ​ឡើង ។ ជា​ភ័ព្វ​ល្អ លោក ទា-ញ៉ុញ ស្នងការ​ក្រុម​ព្រះ​នគរ​បាល​ជាតិ លោក​បាន​យក​ចិត្ត​ទុក​ដាក់ ជួយ​រាវ​រក​រឿង​នេះ​ផង ព្រោះ​លោក​ធ្លាប់​ទៅ​ឃើញ​នឹង​ភ្នែក កាល​ដែល​លោក​ទៅ​បំពេញ​មុខ​ការ​នៅ​ខេត្ត​កំពង់ស្ពឺ ។ មិន​យូរ​ប៉ុន្មាន លោក​យក​ប្រដាប់​ថត​សំឡេង​មួយ មក​ចាក់​ជូន​ក្រុម​ជំនុំ​ស្ដាប់ ដែល​លោក​បាន​ថត​សំឡេង​របស់​លោក ទូច-វ៉ាន់ ភ្នាក់ងារ​ក្រុម​នគរបាល​ក្រុង​កំពង់ស្ពឺ និទាន​ហូរ​ហែ​អំពី​រឿង​ព្រេង​នេះ ។ ដំបូង លោក ទូច-វ៉ាន់ បញ្ជាក់​ពី​ពេល​វេលា​ថា កាល​នោះ​លោក​បាន​ត្រូវ​រាជការ​ខេត្ត ចាប់​ឲ្យ​ទៅ​បំពេញ​បេសកកម្ម តាម​ស្រុក​ឃុំ​នានា​ក្នុង​ខេត្ត​កំពង់ស្ពឺ ជា​មួយ​ដំណើរ​ពិនិត្យ​ការ​នៃ​លោក​ប្រមុខ​ខេត្ត ។ ពេល​យប់​មួយ នៅ​សំណាក់​ក្នុង​ឃុំ​សង្កែ​សាទប លោក​ក៏​បាន​សួរ​ទៅ​អ្នក​ស្រុក​ដែល​មក​ចោម​រោម​ថា : ពូ-មីង​ណា​ចេះ​ចាំ​រឿង​រ៉ាវ​អ្វី សុំ​និទាន​មក ចែក​ចាយ​គ្នា​ស្ដាប់​កែ​អផ្សុក ។ កាល​នោះ មាន​តា​ម្នាក់ អាយុ ៧០ ប្លាយ បាន​ឆ្លើយ​ថា គាត់​

ចេះ​រឿង​ត្រពាំង​បឹង​តេ ព្រោះ​គាត់​ធ្លាប់​ស្ដាប់​ម្ដាយ​គាត់ និទាន​ពី​ដើម​មក ។ រឿង​នោះ មាន​សេចក្ដី​សង្ខេប ដូច​ត​ទៅ​នេះ ៖
កាល​ពី​បុរាណ​ព្រេង​ព្រឹទ្ធ យូរ​យារ​ណាស់​មក​ហើយ មាន​សេដ្ឋី​ម្នាក់ មាន​ទ្រព្យ​យ៉ាង​ស្ដុក​ស្ដម្ភ មាន​ភូមិ​ករ រស់​នៅ​ត្រង់​ត្រពាំង​បឹង​តេ​នេះ ។ សេដ្ឋី​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ពិត​មែន​តែ​សម្បូណ៌​សម្បត្តិ​ទ្រព្យ ប៉ុន្តែ​មាន​ចិត្ត​កំណាញ់​ពន់​ពេក​ណាស់ ។ ភោគ​សម្បត្តិ​ចូល​មក​ទាំង​អម្បាល​ម៉ាន មិន​ងាយ​ចំណាយ​ឲ្យ​របេះ​ទៅ​វិញ​ទេ ទោះ​បី​ការ​ចំណាយ​នោះ ជា​ការ​ចាំ​បាច់​យ៉ាង​ណា​ក៏​ដោយ ហើយ​ពុំ​សូវ​ចេះ​យោគ​យល់​មុខ​អ្នក​ក្រ​ខ្សត់​ទាំងឡាយ​ផង ។

សេដ្ឋី មាន​កូន​ពីរ​នាក់ ប្រុស​បង ស្រី​ប្អូន ដែល​ជា​ទី​ពេញ​ចិត្ត​ណាស់ ទៅ​ណា​មក​ណា​ម្ដង​ៗ មាន​រទេះ​ពិសេស ដែល​បិទ​មាស​ដាំ​ពេជ្រ ដាំ​ត្បូង​ភ្លឺ​ឆ្អិន​ឆ្អៅ ជា​យាន​យ៉ាង​ប្រសើរ នាំ​ឲ្យ​អ្នក​ស្រុក​ទូទៅ នឹក​ស្ងើច​ដល់​ភោគ​សម្បត្តិ នៃ​សេដ្ឋី​នេះ​ពន់​ពេក​ណាស់ មាន​មនុស្ស​ជា​បរិវារ​នោះ ៥០០ នាក់ ព្រម​ទាំង​គោ​រទេះ​សេះ​ដំរី ៥០០ មួយ​មុខ ជា​ធនធាន​ផង ។ នៅ​ក្នុង​ស្រះ​ខាង​ក្រោយ​ផ្ទះ ដែល​មាន​ទឹក​ថ្លា​ឆ្វង់ សម្រាប់​ជា​ទី​សម្រាក​លំហែ​ទុក្ខ​សោក​នៃ​គ្រួសារ, សេដ្ឋី​នោះ មាន​ចិញ្ចឹម​ក្រពើ​មួយ​យ៉ាង​ធំ ។

ប្រប​មាត់​ស្រះ មាន​ដី​ទួល​មួយ​កន្លែង ដែល​ជា​ទី​តាំង​ខ្ទម​អ្នកតា​រក្សា​ក្រពើ រក្សា​ភូមិ​ករ​នោះ​ទាំង​មូល ។ គ្រួសារ​សេដ្ឋី​ក្ដី គ្រួសារ​អ្នក​ព្រៀងលាន​ជិត​ខាង​ក្ដី រមែង​មក​បែរ​បន់​អ្នកតា​នេះ ឲ្យ​បាន​សម្រេច​សម​ប្រាថ្នា​រៀង​ៗ ខ្លួន ។
ថ្ងៃ​មួយ សេដ្ឋី​និយាយ​ពិគ្រោះ​នឹង​ភរិយា​ថា ៖ ឱ ភាណ​អើយ ! កូន​ប្រុស​កូន​ស្រី​យើង ធំ​ល្មម​មាន​គូ​ស្រករ​រៀង​ខ្លួន​ហើយ ប៉ុន្តែ​ខ្ញុំ​គិត​ទៅ​ឃើញ​ថា បើ​យើង​ទៅ​ដណ្ដឹង​កូន​អ្នក​ដទៃ មក​ផ្សំ​ផ្គុំ​នឹង​កូន​ប្រុស​យើង ឬ ទុក​កូន​ស្រី​យើង​ជា​គូ​នឹង​កូន​អ្នក​ដទៃ​ទៅ ឃើញ​ថា យើង​ពិត​ជា​លំបាក​ខាត​បង់ ចែក​រំលែក​ទ្រព្យ​សម្បត្តិ​ជា​មិន​ខាន ។ ហេតុ​នេះ កុំ​ឲ្យ​លំបាក គួរ​តែ​យើង​រៀប​ផ្សំ​ផ្គុំ​កូន​ស្រី​កូន​ប្រុស​យើង​ទាំង​ពីរ ជា​ប្ដី​ប្រពន្ធ​តែ​ម្ដង​ទៅ ដើម្បី​នៅ​ថែ​ទាំ​សម្បត្តិ​យើង​តទៅ ។

កាល​បើ​ប្រពន្ធ​បាន​ស្ដាប់​ប្ដី​ហើយ សម​នឹង​ចិត្ត​មច្ឆរិយៈ​កំណាញ់​របស់​គាត់​ផង ក៏​ព្រមព្រៀង​តាម​ប្ដី ហើយ​ក៏​ចាត់​ការ​ធ្វើ​រោង​ក្រសាល អញ្ជើញ​ភ្ញៀវ​ជិត​ឆ្ងាយ មក​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​កូន​ប្រុស-ស្រី​នេះ ។ កាត់​តែ​ជិត​ដល់​ថ្ងៃ​ណាស់​ហើយ ប្រពន្ធ​សេដ្ឋី នឹក​ស្ដាយ​ប្រាក់​កាស ដែល​នឹង​ចំណាយ​ទិញ​ម្ហូប​អាហារ ក្នុង​ពេល​រៀបចំ​ការ​កូន ទើប​គាត់​នឹក​ឃើញ​គំនិត​មួយ និយាយ​ពិគ្រោះ​ទៅ​វិញ​ថា ៖
– ឱ ភាណ​អើយ ! ក្នុង​ពេល​រៀប​ការ​កូន​យើង​នេះ ខ្ញុំ​ស្ដាយ​ប្រាក់​ទិញ​ម្ហូបម្ហា​ណាស់ បើ​យើង​កាប់​គោ​ក្របី ក៏​ឃើញ​ថា​នឹង​ខាត​បង់​សត្វ​ដែល​ជួយ​ធ្វើ​ការ​រក​ស៊ី​យើង​ដែរ ។ ដូច្នេះ ខ្ញុំ​យល់​ថា បើ​យើង​សម្លាប់​ក្រពើ ដែល​យើង​ចិញ្ចឹម​នៅ​ក្នុង​ស្រះ​ក្រោយ​ផ្ទះ យក​សាច់​វា​មក​ធ្វើ​ម្ហូប​លៀង​ភ្ញៀវ​វិញ ខ្ញុំ​យល់​ថា​មិន​ខាត​បង់​ឡើយ ។ ព្រោះ​សព្វ​ថ្ងៃ ក្រពើ​គ្មាន​បាន​ជួយ​រក​ស៊ី​អ្វី​យើង​ទេ ។

សេដ្ឋី ឮ​ពាក្យ​ប្រពន្ធ ពេញ​ចិត្ត​ណាស់ ទើប​ម្នីម្នា​ចាត់​ឲ្យ​អ្នក​បម្រើ​ការ សម្លាប់​ក្រពើ យក​សាច់​ធ្វើ​ម្ហូប តាម​គំនិត​ប្រពន្ធ​គិត ។
និយាយ​ពី​បាវ​ស្រី​ម្នាក់ របស់​សេដ្ឋី ឈ្មោះ​នាង​តី ដែល​ជា​អ្នក​ឲ្យ​អាហារ​ដល់​ក្រពើ​រាល់​ៗ ថ្ងៃ, យប់​មួយ​នាង​យល់​សប្ដិ​ឃើញ​អ្នកតា​រក្សា​ក្រពើ​មក​ប្រាប់​ថា “តី​ឯង​កុំ​ស៊ី​ការ​កូន​សេដ្ឋី​ឲ្យ​សោះ​ហ្នា៎ ! ព្រោះ​ការ​នេះ​គេ​កាប់​ក្រពើ​យក​សាច់​លៀង​ភ្ញៀវ​ហើយ ហើយ​តី​ឯង​ចាំ​មើល​ចុះ អ្នក​ណា​ស៊ី​ការ​នេះ​ខ្លះ នឹង​ឃើញ​ទាន់​ហន់​ភ្លាម​ជា​មិន​ខាន” ។ នាង​តី ភ្ញាក់​ឡើង​សញ្ជឹង​គិត​តែ​ម្នាក់​ឯង ។ លុះ​ដល់​ថ្ងៃ​គេ​រៀប​ការ​គគ្រឹក​គគ្រេង មាន​ភ្ញៀវ​ជិត​ខាង​មក​អ៊ូ​អរ នាង​តី គេច​វេះ​ចេញ​ពី​ផ្ទះ​បាត់​ទៅ ។ ពេល​កំពុង​ស៊ី​ផឹក​អ៊ឹកធឹក​ជួប​ជុំ​គ្នា​នោះ ស្រាប់​តែ​ព្រះ​ធរណី​ស្រុត​ទាំង​ផែន ចំ​ត្រង់​ផ្ទះ​សេដ្ឋី ដែល​កំពុង​ការ​កូន លិច​បាត់​អស់ ។

នាង​តី កាល​បើ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះ នាង​ព្រួយ​ចិត្ត រលឹក​អាល័យ​ដល់​ចៅហ្វាយ​ក្មេង​ៗ ទាំង​ពីរ​នាក់ ដែល​ធ្លាប់​មាន​ចិត្ត​សន្ដោស មេត្តា​ដល់​ខ្លួន​កាល​ពី​មុន​រៀង​មក ។ ស្វាង​ពី​សោក​ហើយ នាង​នឹក​ដល់​គុណ​អ្នកតា ដែល​បាន​មក​ប្រាប់​នាង ឲ្យ​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់ ។ ម្ល៉ោះ​ហើយ នាង​ក៏​ទៅ​កោរ​សក់​ថ្វាយ​អ្នកតា ជា​ការ​តប​ស្នង​សង​គុណ​អ្នកតា​វិញ ។ មុន​នឹង​កោរ នាង​ចុះ​ទៅ​ក្នុង​ស្រះ​កក់​សក់​ឲ្យ​ជោក គឺ​ស្រះ​ជា​លំនៅ​របស់​ក្រពើ​ប្រប​នឹង​ខ្ទម​អ្នកតា ។ ហេតុ​នេះ​ហើយ បាន​ជា​ស្រះ​នេះ សព្វ​ថ្ងៃ អ្នក​ស្រុក​ហៅថា  “ត្រពាំង​កក់” គឺ​ជា​ត្រពាំង​ដែល​នាង​តី​កក់​សក់ ។ រួច​នាង​ឡើង​ទៅ​លើ​ទួល​កោរ​សក់​ទៀត បាន​ជា​ទួល​នេះ គេ​ឲ្យ​ឈ្មោះ​ថា “ទួល​កោរ​សក់​នាង​តី” ដែល​ហៅ​ក្លាយ​ៗ មក​ថា “ទួល​កោរ​នាង​តី” ជាប់​រហូត​សព្វ​ថ្ងៃ ។

ដោយ​នឹក​អាល័យ​ម្ចាស់​ស្រី-ប្រុស​ពុំ​មាន​ភ្លេច នាង​តី​ក៏​ទៅ​តាំង​លំនៅ​ក្បែរ​កន្លែង​ព្រះ​ធរណី​ស្រូប​ផ្ទះ​សេដ្ឋី ដែល​ស្រុត​ទៅ​ជា​ត្រពាំង​ធំ​មួយ គឺ​ជា​ត្រពាំង​ដែល​គេ​ហៅ​ថា “ត្រពាំង​បឹង​តេ” សព្វ​ថ្ងៃ​នេះ ។ មិន​យូរ​ប៉ុន្មាន មាន​បុរស​ម្នាក់​មក​ទាក់​ទង ដណ្ដឹង​នាង​តី​ធ្វើ​ជា​ប្រពន្ធ បាន​នៅ​ជា​មួយ​គ្នា​ជា​សុខ​សាន្ត ប្រកប​របរ​ដំណាំ​ដាំ​ដុះ​ផ្សេង​ៗ ។ ដល់​នាង​តី​មាន​ផ្ទៃ​ពោះ​បាន​៦​ខែ ឬ​បុរស​នោះ ក៏​នឹក​ឃើញ​ការ​នឿយ​ណាយ ក្នុង​កង​ទុក្ខ​នា​លោកីយ៍ ក៏​លួច​រត់​ចោល​ប្រពន្ធ ទៅ​បួស​ធ្វើ​ជា​អ្នក​សច្ចំ នៅ​ឯ​ភ្នំ​ខ្ជោល ។

ចំណែក​នាង​តី នាង​នៅ​តែ​ម្នាក់​ឯង រហូត​ដល់​គ្រប់​ខែ ហើយ​ក៏​សម្រាល​បាន​កូន​ប្រុស​មួយ ។ វេលា​ប្រសូតិ​បុត្រ អ្នក​ភូមិ​ជិត​ខាង​មក​ជួយ​អប​អរ​សាទរ ក៏​សន្មត​នាម​កូន​នេះ​ថា “បុត្ត​កុមារ” ។ កាល​បើ​ចម្រើន​វ័យ​បាន ១៣ ឆ្នាំ បុត្ត​កុមារ ចេះ​តែ​សួរ​រក​ឪពុក លុះ​សួរ​ញឹក​ញយ​ពេក ម្ដាយ​ក៏​ប្រាប់​តាម​ត្រង់​ថា “ឪពុក​ឯង ទៅ​បួស​ចម្រើន​មេត្តា​ភាវ​នា នៅ​ឯ​ភ្នំ​ខ្ជោល​នោះ​ទៅ​ហើយ បើ​ឯង​ចង់​ឃើញ ត្រូវ​ដើរ​ស្វែង​រក​ក្នុង​ព្រៃ​នោះ​ទៅ កាល​បើ​ឃើញ​ហើយ ត្រូវ​ឯង​រំលឹក​ពី​រឿង​ដើម​របស់​ម្ដាយ នៅ​ពេល​ដែល​ជួប​នឹង​ឪពុក​ឯង​កាល​ពី​ដំបូង​នោះ ប្រាប់​ឲ្យ​ហូរ​ហែ​ទើប​គេ​ស្គាល់” ។ នាង​និយាយ​រឿង​ដើម​របស់​ខ្លួន ប្រាប់​កូន​សព្វ​គ្រប់​ហើយ កូន​ក៏​លា​ចេញ​ទៅ ។ បុត្ត​កុមារ ស្វែង​រក​ឪពុក អស់​ពេល​យ៉ាង​យូរ​ក្នុង​ព្រៃ ទើប​បាន​ប្រទះ​ឃើញ​តាបស​មួយ​អង្គ គង់​ភាវនា​នៅ​ក្រោម​ដើម​ឈើ លើ​ផែន​ថ្ម​មួយ​ផ្ទាំង​ធំ ។

កុមារ ថ្វាយ​បង្គំ​ហើយ ក៏​រាយ​រាប់​សព្វ​គ្រប់ ឲ្យ​តាបស​ស្ដាប់ ។ តាបស​ពុំ​ទាន់​ជឿ​ជា​កូន​ទេ ក៏​តាំង​អធិដ្ឋាន​ថា “ប្រសិន​កុមារ​នេះ ជា​កូន​ខ្ញុំ​មែន កាល​ណា​ខ្ញុំ​ទះ​កុមារ​មួយ​ដៃ​ទៅ សុំ​ឲ្យ​កុមារ​អណ្ដែត​មក​លើ​ស្មា​ខ្ញុំ” ។ ថា​ហើយ តាបស​យក​ដៃ​ស្ដាំ​ទះ​ទៅ ស្រាប់​តែ​កុមារ​អណ្ដែត​មក​នៅ​លើ​ស្មា​ឆ្វេង ដូច​សេចក្ដី​ប្រាថ្នា, ទើប​តាបស ជឿ​ថា​ជា​កូន​ខ្លួន​ពិត តាំង​ពី​នោះ​មក ។ តាបស ចាប់​បង្រៀន​វិជ្ជា​សិល្ប​សាស្ត្រ ដល់​កូន​ជា​រៀង​រាល់​ថ្ងៃ ។ លុះ​ប្រមាណ​ជា​ច្រើន​ឆ្នាំ​ត​មក, កូន​ក៏​សុំ​លា​ឪពុក ទៅ​រក​ម្ដាយ​វិញ, ឪពុក គ្មាន​អ្វី​ជា​ប្រសើរ​ទុក​ជា​កេរ្តិ៍​ឡើយ មាន​តែ​គ្រាប់​ត្រសក់​បី​គ្រាប់ ហុច​ទៅ​ឲ្យ​កូន ហើយ​ផ្ដាំ​ថា “គ្រាប់​ត្រសក់​បី​គ្រាប់​នេះ នឹង​ផ្ដល់​កិត្តិយស​យ៉ាង​ធំ ឲ្យ​កូន​នៅ​ពេល​មុខ​ជា​ប្រាកដ ដល់​កូន​ដាំ​ទៅ​ហើយ បាន​ផ្លែ​ជា​ដំបូង ត្រូវ​តែ​បេះ​ផ្លែ​នោះ យក​ទៅ​ថ្វាយ​ស្ដេច​កុំ​ខាន1, ឯ​ទី​កន្លែង​ដាំ ត្រូវ​ដាំ​នៅ​មាត់​ត្រពាំង ដែល​ជា​លំនៅ​ស្ថាន​របស់​ម្ដាយ​ឯង ហើយ​ត្រូវ​សន្មត​ហៅ​កន្លែង នោះ​ថា “បឹង​តី​ៗ” តាម​ឈ្មោះ​ម្ដាយ​ឯង​រហូត​ទៅ ។

កុមារ​ថ្វាយ​បង្គំ​ឪពុក​បី​ដង លា​ធ្វើ​ដំណើរ​ចេញ​ទៅ​រក​ម្ដាយ ដែល​កាន់​តែ​ចាស់ ហើយ​ក៏​ប្រាប់​ម្ដាយ ឲ្យ​សន្មត​នាម​ត្រពាំង​ក្បែរ​ផ្ទះ​នេះ ហៅ​ថា​បឹង​តី​ៗ តាម​បណ្ដាំ​ឪពុក, បាន​ជា​សព្វ​ថ្ងៃ​នេះ ក្លាយ​ទៅ​ជា “បឹង​តេ” ទៅ​វិញ ។ រឿង​រ៉ាវ​ដើម នៃ​បឹង​តេ មាន​ប៉ុណ្ណេះ​ឯង គឺ​កើត​មក​ពី​ពាក្យ បណ្ដាំ​តាបស​ឫសី សន្មត​តាម​ឈ្មោះ​នាង​តី ដែល​ជា​អ្នក​ស្ថិត​នៅ​ត្រង់​មាត់​ត្រពាំង គឺ​ជា​កន្លែង​ដែល​ព្រះ​ធរណី ស្រុត​ស្រូប​យក​ពួក​សេដ្ឋី​ទ្រឹស្ដិស្មូរ ខុស​ប្រពៃណី​នេះ​ឯង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១០៥ – ១១២