រឿង ទន្សាយ​ជាប់​គូទ​នឹង​គល់​ត្រាច

ថ្ងៃ​មួយ ទន្សាយ​ស្វែង​រក​ចំណី​អាហារ បាន​ប្រទះ​គល់​ត្រាច​មួយ ដែល​គេ​ទើប​នឹង​កាប់​ថ្មី ៗ មាន​ជ័រ​កក​ស្អិត​តតាត់ ទន្សាយ​លោត​ផ្លោត​អង្គុយ​ពី​លើ​ជ័រ ជាប់​គូទ​និង​ជើង​រើ​ពុំ​រួច នៅ​នឹង​ថ្កល់​លើ​គល់​ត្រាច​នោះ ។ ជួន​ជា​ពេល​នោះ មាន​កូន​ដំរី​មួយ វា​ដើរ​ទៅ​រក​ផឹក​ទឹក នៅ​ក្នុង​ត្រពាំង​ក្បែរ​គល់​ត្រាច​នោះ ដែល​ជា​កន្លែង​វា​ធ្លាប់​ផឹក​រៀង​រាល់​ថ្ងៃ ។ [1]

ទន្សាយ​មាន​ប្រាជ្ញា ក៏​និយាយ​បន្លាច​ថា “នែ ! អា​កូន​ដំរី ! កុំ​មក​ផឹក​ទឹក​របស់​អញ ទឹក​នេះ​ព្រះ​ឥន្ទ្រ​លោក​ឲ្យ​អញ​មក​ចាំ​យាម​ទេ ”ឯ​កូន​ដំរី​ខ្លាច​មិន​ហ៊ាន​ផឹក​ ក៏​ត្រឡប់​ទៅ​ប្រាប់​មេ​វា​ថា “ម៉ែ​អើយ ! ខ្ញុំ​ទៅ​ផឹក​ទឹក​ត្រពាំង​នោះ ស្រាប់​តែ​ឃើញ​សត្វ​អី​មួយ​អង្គុយ​លើ​គល់​ឈើ វា​ដេញ​ខ្ញុំ​មិន​ឲ្យ​ផឹក​ទឹក​អូរ វា​ថា​ខ្លួន​វា​ជា​បម្រើ​របស់​ព្រះ​ឥន្ទ្រ ខ្ញុំ​ស្រេក​ទឹក​ណាស់​ម៉ែ ! ” ។ មេ​ដំរី​ឮ​កូន​ប្រាប់​ដូច្នោះ នឹក​ខឹង​ក៏​នាំ​កូន​ត្រឡប់​មក​ត្រពាំង​ទឹក​វិញ ឃើញ​ទន្សាយ​អង្គុយ​លើ​គល់​ឈើ ក៏​ស្រែក​គំរាម​ឡើង​ថា “យើ ! អា​សត្វ​ទន្សាយ​ច្រមក់ ចិត្ត​អាក្រក់​មក​ពី​ណា​អង្គុយ​ច្រងក់​លើ​គល់​ឈើ​នេះ ? ឯង​មាន​អំណាច​អី​មក​ហាម​ប្រាម មិន​ឲ្យ​កូន​អញ​ចុះ​ផឹក​ទឹក​នេះ អញ​ជាន់​អា​ឯង​ខ្ទេច​ក្បាល​ឥឡូវ”​។

ទន្សាយ​ឆ្លើយ​ឡើង​ថា “យើ ! មី​ស្បោង​ធំ ហង​ឯង​ហ៊ាន​មក​ស្ដី​ឲ្យ​អញ ទឹក​ត្រពាំង​នេះ ព្រះ​ឥន្ទ្រ​លោក​ប្រើ​អញ​ឲ្យ មក​ចាំ​យាម បាន​ជា​អញ​ហ៊ាន​ហាម ” ។ ដំរី​ខឹង​ទន្សាយ​ជេរ​ដូច្នោះ ក៏​ស្ទុះ​ភ្លែត​ទៅ​បួង​ខ្លួន​ទន្សាយ​ជាប់ ភើច​ចេញ​ពី​គល់​ត្រាច​ប្រាថ្នា​នឹង​បោក​សម្លាប់ ។ ទន្សាយ​ភ័យ​ណាស់​ក៏​ស្រែក​ថា “ បើ​ហង​ឯង​បោក​អញ​សម្លាប់ កុំ​បោក​ទៅ​ក្រោម​អញ​មិន​ស្លាប់​ទេ គ្រវែង​ទៅ​លើ​វិញ ទើប​អញ​ស្លាប់ ។ ដំរី​ខ្វះ​ប្រាជ្ញា ឮ​ទន្សាយ​ថា​ដូច្នោះ ក៏​គ្រវែង​ទន្សាយ​ទៅ​លើ ។ ឯ​ទន្សាយ​កាល​បាន​ធ្លាក់​ដល់​ដី ក៏​បោល​ប្រូច​ចូល​ព្រៃ​បាត់​ទៅ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ៥ -៦


  1. ឯកសារ​ទំនៀម​ទម្លាប់​លេខ ២៧.០៧៣ រៀប​រៀង​ដោយ​គ្រូ អ៊ុំ-ឈុំ នៅ​ភូមិ ទឹក​ល្អក់​សង្កាត់ លេខ ៣ ក្រុង​ភ្នំពេញ កែ​សម្រួល​ដោយ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់