រឿង បក្សី​លៀង​អារក្ស

នេះ​នឹង​ថ្លា​ថ្លែង​ពី​រឿង​សត្វ​ទាំង​ឡាយ កើត​ចលាចល​ដោយសារ​សត្វ​ផង​គ្នា​មាន​ជំងឺ ហើយ​ដើរ​ស្វែង​រក​មេមត់​មក​ជួយ​មើល ។
កិរៈ កាល​នោះ មាន​សត្វ​ព្រាប​មួយ​មាន​ទុក្ខ​ដោយ​ឆ្លង​ទន្លេ​មិន​រួច ម្ល៉ោះ​ហើយ​ព្រាប​ចេះ​តែ​ថ្ងូរ​ហ៊ឹះ​សុំ​ឲ្យ​គេ​ជួយ ។ ត្រង់​នេះ​ហើយ​ដែល​នាំ​ឲ្យ​ព្រាប ជាប់​យំ​ថ្ងូរ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ [1]

ព្រាប​យំ​ថ្ងូរ​ខ្លាំង​យ៉ាង​នេះ ក៏​ផ្អើល​ទៅ​ដល់​សត្វ​ដទៃ​ទៀត មក​ជួយ​មើល​ឈូឆរ ។ ក្នុង​បណ្ដា​អ្នក​ដែល​មក​ជួយ​នោះ មាន​សត្វ​ខ្លះ​ក៏​ជួយ​ឈឺ​ឆ្អាល​តែ​មាន​សត្វ​ខ្លះ​ទៀត ត្រឡប់​ជា​បញ្ជោះ​បន្សោក បន់​ផ្ដន្ទា ឲ្យ​ព្រាប​ទៅ​វិញ ហេតុ​នេះ​បាន​ជា​មាន​សម្រែក​សត្វ​ប្លែក ៗ គ្នា​តាម​ភាសា​វា គឺ​ខ្លះ​ស្រែក​ជួយ​ឈឺ​ឆ្អាល និង​ខ្លះ​ទៀត​ស្រែក​ផ្ដន្ទា ៖
មាន់, ទា, ក្អែក ស្រែក​ផ្ដន្ទា ​៖
-ក្អែក​ស្រែក​ថា ៖ “ ងាប់​ឥឡូវ ! ងាប់​ឥឡូវ ! ងាប់​ឥឡូវ ! ” (ត្រង់​នេះ​ហើយ​បាន​ជា​ក្អែក​នៅ​ជាប់​ស្រែក​ថា ៖ ឡូវ ៗ នៅ​ដល់​សព្វ​ថ្ងៃ ។ )
-មាន់​ស្រែក​ថា “ ចប ! ចប ! ” បាន​ន័យ​ថា​ឲ្យ​រក​ចប​មក​បម្រុង​ចាំ​កប់​ខ្មោច​ព្រាប​តែ​ម្ដង​ទៅ ព្រោះ​ព្រាប​នេះ វា​នឹង​ស្លាប់​ឥឡូវ​ហើយ ។ នេះ​ជា​ពាក្យ​បញ្ជោះ ព្រោះ​មាន់​ចង់​ឲ្យ​ព្រាប​ស្លាប់​ចុះ ។

-ទា​ស្រែក​បន្ថែម​តាម​ក្រោយ​មាន់​ថា “ កាប់ ! កាប់ ! កាប់ ! ” ព្រោះ​ថា​បើ​ព្រាប​ស្លាប់​ហើយ មាន់​ឲ្យ​គេ​រក​ចប​ហើយ​នោះ ត្រូវ​កាប់​ដី កប់​វា​តែ​ម្ដង​ទៅ ។
ក្រៅ​ពី​សត្វ​ដែល​ផ្ដន្ទា​ឲ្យ​ព្រាប​ស្លាប់ នៅ​មាន​សត្វ​ដែល​ជួយ​សង្គ្រោះ​ព្រាប​ច្រើន​ទៀត ។ នៅ​ពេល​នោះ​សត្វ​រលក​ស្រែក​ថា “ រ៉ក​គ្រូ ! រ៉ក​គ្រូ ! ” តែ​សត្វ​ដទៃ​ជំនុំ​គ្នា​ថា ត្រូវ​ទៅ​រក​រូប​មេមត់ ឲ្យ​ជួយ​សង្គ្រោះ​ជីវិត​សត្វ​ព្រាប​វិញ ប៉ុន្តែ​រូប​មេមត់​នោះ​នៅ​ឆ្ងាយ​ណាស់ ហើយ​ពេល​នេះ​ជា​រដូវ​វស្សា មាន​ទឹក​ជោរ​ជន់​លិច​វាល​ល្ហ​ល្ហាច​ផង ។ បើ​នឹង​ធ្វើ​ដំណើរ​ទៅ តោង​តែ​រក​ទូក​ក្ដារ​ច្រវា​ចែវ​ទើប​បាន ម្ល៉ោះ​ហើយ​ពួក​អ្នក​សង្គ្រោះ​ទាំង​នោះ ម្នីម្នា​ស្រែក​កកោកកកាក​រក​ប្រដាប់​ទាំង​នេះ លាន់​ទ្រហឹង ៖
អាអូត ស្រែក​ថា ៖ ទូក ! ទូក ! ទូក !
មាន់​ទឹក​ស្រែក​ថា ៖ ច្រវា ! ច្រវា ! ច្រវា ! ។

ប្រវឹក​និង ស្មោញ នាំ​គ្នា​បាច​ទឹក​ចេញ​ពី​ទូក​ឮ​សូរ ខ្វក់ ! ខ្វក់ ! រួច​ហើយ​គេ​ក៏​ចេញ​ទូក ដឹក​នាំ​ទាំង​ព្រាប ដែល​ជា​អ្នក​ជំងឺ​នោះ​ឆ្ពោះ​ទៅ​លំនៅ​មៀម​ជា​រូប​មេមត់ ។ ទម្រាំ​ទៅ​ដល់​ជា​ពេល​ពន់​ព្រលប់ សត្វ​មៀម​រូប​មេមត់​យក​សត្វ​ទីទុយ​ជា​ស្នំ គឺ​ជា​និយាយ​លួង​លោម​រូប​មេមត់ ។
បណ្ដា​សត្វ​ដែល​មាន​សម្រែក​ផ្សេង ៗ​គ្នា ក៏​ប្រជុំ​គ្នា​ធ្វើ​ជា​វង់​ភ្លេង អារក្ស​មួយ​វង់ ដើម្បី​បញ្ជាន់​រូប​មេមត់​នោះ​គឺ ៖ សត្វ​ត្លុម​ធ្វើ​ស្គរ, សារិកាកែវ​ធ្វើ​ទ្រ, ល្វា​ចេក​ធ្វើ​ប៉ី ត្រសេះ​វាយ​ក្រាប និង​ទន្ទេប​ជា​អ្នក​ច្រៀង ។

លុះ​នាំ​គ្នា​ធ្វើ​បទ​ភ្លេង បាន​មួយ​យប់​ហើយ ទីទុយ​ជា​ស្នំ ចាប់​ផ្ដើម​សួរ​ឡើង​ថា ៖ ទីទុយ​ពើត​ពើង ! កូន​យើង​ជា​ទេ ? ទីទុយ​ពើត​ពើង ! កូន​យើង​ជា​ទេ ?
មៀម​ដែល​ជា​រូប​មេមត់ ពុំ​មាន​ស្ដី​ថា​អ្វី​សោះ រឹត​តែ​បើក​ភ្នែក​ធំ​ឡើង ៗ ។ លុះ​ទីទុយ​នៅ​តែ​សួរ​ដដែល ៗ ពេក ក៏​ឆ្លើយ​តែ​មួយ​ម៉ាត់​ថា ៖ លៀង ! លៀង !
ឮ​ដូច​នោះ គ្រលីងគ្រលោង​ក៏​ស្រែក​ឡើង​ថា៖
“ ជា​ក៏​លៀង មិន​ជា​ក៏​លៀង ជា​ក៏​លៀង មិន​ជា​ក៏​លៀង ! ”
លុះ​ចប់​ពិធី​បញ្ជាន់​រូប​មេមត់​រួច​ហើយ  សត្វ​ទាំង​អស់​ក៏​នាំ​គ្នា​វិល​មក​កាន់​កំពង់ ដើម្បី​ឆ្លង​ត្រឡប់​មក​កន្លែង​ខ្លួន​វិញ ។ មក​ដល់​កំពង់​រក​ទូក​ពុំ​ឃើញ ក៏​បង្កូក​ហៅ​រក​គ្នា​ក្រែង​មាន​អ្នក​ណា​យក​ទូក​ទៅ​អុំ​លេង ស្រាប់​តែ​មាន​សត្វ​មួយ​ស្រែក​ឆ្លើយ​ពី​ត្រើយ​ម្ខាង​មក ថា: គូក ! ។ គេ​ក៏​នាំ​គ្នា​ដាក់​ឈ្មោះ​សត្វ​នោះ​ថា សត្វ​គូក ៗ រហូត​ដល់​សព្វ​ថ្ងៃ ។

ចំណែក​សត្វ​ក្អែក​ដែល​ជា​សត្វ​ផ្ដន្ទា​ឲ្យ​ព្រាប​ស្លាប់ តែ​ត្រឡប់​ជា​មិន​ស្លាប់​វិញ ដោយ​បាន​ទីទុយ, មៀម, គូក​ជួយ​យក​អាសា​នោះ ក៏​ប្រកាន់​ស្អប់​សត្វ​ទាំង​នេះ តែ​កាល​ណា​ឃើញ​សត្វ​ទាំង​នេះ​ហើយ តែង​តែ​ព្រួត​គ្នា​ដេញ​ចឹក​ព្យាបាទ ជាប់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

—ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ៦៧ – ៧០


  1. សហ. លី-ធាមតេង រៀប​រៀង​តាម​តម្រាយ​រឿង​បុរាណ