រឿង បុរស​កម្សត់​ចេញ​ទៅ​ជួញ

មាន​និទាន​មួយ​ថា : មាន​បុរស​កម្សត់​ម្នាក់​ចេញ​ទៅ​ជួញ​បាន​មាស​ប្រាំ​ផែន នាំ​មក​ដល់​ផ្ទះ​អាត្មា យក​មាស​នោះ​ទៅ​កប់​ក្រោម​ជើង​ជណ្ដើរ ហើយ​យក​ថ្ម​និង​កាំ​បិត​ដាក់​លើ ។ ប្រពន្ធ​បុរស​នោះ​មាន​ស្មន់​អន្ធករ ចៅ​ស្មន់​អន្ធករ​នោះ​លប​ស្ដាប់​ក្រោម​ផ្ទះ កាល​ដែល​ប្ដី​ឡើង​ទៅ​លើ​ផ្ទះ ប្រពន្ធ​ដណ្ដឹង​សួរ​ថា “ អ្នក​មក​ពី​ជួញ​តើ​បាន​អ្វី​ខ្លះ ? ” ប្ដី​នោះ​ប្រាប់​ប្រពន្ធ​ថា “ អញ​បាន​មាស ៥ ផែន ” ។ ប្រពន្ធ​ដណ្ដឹង​ថា “ មាស​ទុក​ឯណា ? ” ។ ប្ដី​ប្រាប់​ថា “ អញ​កប់​នៅ​ជើង​ជណ្ដើរ ហើយ​យក​ថ្ម និង​កាំបិត​សង្កត់​លើ ” ។ ឯ​អា​ស្មន់​អន្ធករ​មេ​នោះ វា​ឮ​ហើយ វា​ទៅ​កាយ​យក​មាស នៅ​ក្រោម​ជើង​ជណ្ដើរ​នោះ​បាត់​ទៅ ។ លុះ​ព្រឹក​ឡើង បុរស​នោះ​ទៅ​មើល​កំណប់​មាស​នោះ​ឃើញ​បាត់ ហើយ​បុរស​នោះ​ថា “ ឯង​អើយ ! អញ​កប់​មាស​នេះ​យប់​ពន់​វេលា ណាស់​ហើយ​ឥត​អ្នក​ឯ​ណា​ដឹង​ផង​ទេ មាន​តែ​ថ្ម​និង​កាំបិត​នេះ​ឯង ឥឡូវ​នេះ​មាស​អញ​បាត់ អញ​មិន​ថា​នរណា​ទេ អញ​ថា​ថ្ម​និង​កាំបិត​នេះ​វា​លួច​មាស​អញ បើ​ដូច្នេះ​អញ​មិន​អត់​ឡើយ ” ។

ទើប​បុរស​នោះ​នាំ​ទៅ​ប្ដឹង​ចៅ​ក្រម ៗ កាត់​សេចក្ដី​នោះ​ពុំ​បាន ក៏​បុរស​នាំ​សេចក្ដី​នោះ ទៅ​គាល់​ព្រះ​មហាក្សត្រ ក្រាប​បង្គំ​ទូល​ដោយ​ដំណើរ​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ​កប់​មាស ៥ ផែន នៅ​ក្រោម​ជើង​ជណ្ដើរ ឥត​មាន​នរណា​ដឹង​ទេ មាន​តែ​ថ្ម​និង​កាំបិត​នេះ​ឯង នៅ​ក្នុង​ទីនោះ ឥឡូវ​នេះ​មាស​នោះ​បាត់ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​មិន​ថា​នរណា​ឡើយ  ថា​ថ្ម​និង​កាំ​បិត​នេះ​ឯង លួច​មាស​នោះ ទើប​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​នាំ​ថ្ម​និង​កាំ​បិត​នេះ មក​ក្រាប​បង្គំ​ទូល​ទ្រង់​ព្រះ​ករុណា​ពិសេស ពុំ​ចេរ សូម​ទ្រង់​ពិចារណា​សេចក្ដី​នេះ​ហោង ” ។ ទើប​ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា “ សម​ជា​ប្រពន្ធ​បុរស​នេះ ពុំ​ស្លូត​ត្រង់ ” ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “ បើ​ដូច្នេះ​ចៅ​រក​ខួច​បាន ១ មក​ឲ្យ​យើង ” ។ បុរស​នោះ​រក​ខួច​បាន ១ មក​ថ្វាយ ។ ព្រះ​អង្គ​ឲ្យ​យក​ប្រេង​អប់​ត្រលប់​គន្ធ​ពិដោរ ច្រក​ក្នុង​ខួច​នោះ​ពេញ​ហើយ ឲ្យ​បុរស​នោះ​យក​ទៅ​រក្សា​ទុក​នៅ​ក្បាល​ដំណេក​ឲ្យ​ស្រួលបួល​ទ្រង់​ផ្ដាំ​ថា“ បើ​ប្រេង​នេះ​នៅ​ពេញ​ខួច​ដូច​ដែល ចៅ​កុំ​អាល​មក​កាន់​សំណាក់​យើង ចាំ​ប្រេង​នេះ​បាត់ សឹម​ចៅ​មក​ប្រាប់​យើង ” ។

បុរស​នោះ​ក៏​យក​ប្រេង​ទៅ​ទុក​នៅ​ក្បាល​ដំណេក​តាម​ព្រះ​រាជ​បញ្ជា យូរ​បន្តិច​ទៅ​អា​ស្មន់​អន្ធករ​នោះ​មក​រក​មេ​នោះ មេ​នោះ​ឃើញ​ប្រេង​នោះ​ក៏​លាប​ឲ្យ​អា​ស្មន់​អន្ធករ​នោះ ស្រក​ចុះ​កន្លះ​ខួច ។ បុរស​សួរ​ប្រពន្ធ​ថា “ នាង​អើយ ! អញ​ទុក​ប្រេង​នៅ​ទី​នេះ តើ​អ្នក​ណា​យក​បាន​ជា​កន្លះ​ខួច ? ” ។ ប្រពន្ធ​ថា “ ខ្ញុំ​មិន​ដឹង​ទេ​បង បើ​ខ្ញុំ​លាប ម្ល៉េះ​សម​ក្បាល​ខ្ញុំ​រលើប​រលោង​ហើយ ” ។ បុរស​នោះ​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ ៗ ទ្រង់​បង្គាប់​អ្នក​របាំ​ឲ្យ​មក​លេង​មហោស្រព ហើយ​ឲ្យ​យក​គង​ទៅ​ប៉ាវ​ប្រាប់​អស់​មហាជន​ឲ្យ​ទៅ​មើល​របាំ​គ្រប់​គ្នា​កុំ​ខាន ។ អ្នក​ផង​នាំ​គ្នា​ទៅ​មើល​របាំ​នោះ​ជា​ច្រើន ប៉ុន្តែ​គ្មាន​ពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់​បែប​នេះ​ទេ មាន​តែ​អា​ស្មន់​អន្ធករ​មេ​នោះ ទើប​មាន​ប្រេង​បែប​នេះ​លាប​ដើរ​ចូល​ទៅ​មើល​របាំ ។ អាមាត្យ​ធុំ​គ្រឿង​ពិដោរ​អំពី​អា​នោះ​ហើយ ក៏​ចាប់​នាំ​យក​ខ្លួន​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ដណ្ដឹង​ថា “ ប្រេង​ដែល​ចៅ​ឯង​លាប​នេះ​តើ​ជា​របស់​ចៅ​ឯង ឬ​ចៅ​ឯង​បាន​មក​ពី​ណា ? ” ។ ចៅ​នោះ​នៅ​ស្ងៀម​ឥត​មាន​ចម្លើយ​អ្វី​នឹង​ក្រាប​ទូល​ព្រះ​មហាក្សត្រ​ឡើយ ។

ទើប​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “ ចៅ​អើយ ! ម្ដេច​មិន​ឆ្លើយ ចៅ​ចង់​ឆ្លើយ​ថា​ម្ដេច ក៏​ចូរ​ឆ្លើយ​មក​ចុះ ” ។ រី​ចៅ​នោះ​ហេតុ​តែ​ជា​ចោរ​នឹង​លាក់​ពុំ​បាន ក៏​ឆ្លើយ​ដោយ​ពិត​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ប្រេង​ពី​ផ្ទះ​ចៅ​នេះ​ឯង ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ដណ្ដឹង​ថា “ បើ​ចៅ​បាន​អំពី​ផ្ទះ​ចៅ​នេះ តើ​នរណា​ឲ្យ​ចៅ ឬ​ចៅ​យក​ខ្លួន​ឯង ? ” ។ ចៅ​នោះ​ក្រាប​ទូល​ថា “ ប្រពន្ធ​ចៅ​នេះ​ឲ្យ ” ។ ទើប​ព្រះ​អង្គ​ឲ្យ​ទៅ​ហៅ​ប្រពន្ធ​ចៅ​នោះ​មក​ដណ្ដឹង​សួរ ។ ប្រពន្ធ​ឆ្លើយ​ក្រាប​ទូល​ថា “ប្រេង​នេះ​ខ្ញុំ​ម្ចាស់​ពុំ​បាន​ឲ្យ​ទេ ចៅ​នេះ​យក​លាប​ខ្លួន​ឯង ” ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា ​“ចៅ​នេះ​លួច​មាស ហើយ​លួច​ទាំង​ប្រពន្ធ​ចៅ​ឯង​ផង ឥឡូវ​វា​លួច​ទាំង​ប្រេង​ចៅ​ឯង​ទៀត ត្បិត​ចៅ​មក​ពី​ជួញ​នោះ កប់​មាស​នៅ​ជើង​ជណ្ដើរ ហើយ​និយាយ​ប្រាប់​ប្រពន្ធ, អា​នេះ​វា​ឮ​ពាក្យ​ចៅ​ឯង​និយាយ ហើយ​វា​ទៅ​កាយ​យក​មាស​ចៅ​ឯង​ទៅ” ហើយ​ព្រះ​អង្គ​បង្គាប់​អា​ស្មន់​អន្ធករ​ថា “ បើ​ដូច្នេះ​ត្រូវ​ចៅ​ឯង​ទៅ​យក​មាស មក​ឲ្យ​គេ​វិញ ” ។ ទើប​អា​នោះ​ទៅ​យក​មាស​មក​ឲ្យ​បុរស​ជា​ម្ចាស់ ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​ឲ្យ​បុរស​នោះ​ឈ្នះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​លក់​អា​ចោរ​ប្រុស​និង​មេ​ស្រី​នោះ​ដាច់​សុរិល​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ១០១ – ១០៤