រឿង បុរស​ម្នាក់​ស្រលាញ់​ប្រពន្ធ​គេ

មាន​និទាន​មួយ​ដំណាល​ថា : បុរស​មាន​ប្រពន្ធ​ក្រមុំ​រូប​ឆោម​ល្អ មាន​បុរស​ម្នាក់​ស្រលាញ់​ប្រពន្ធ​បុរស​នោះ តែង​មក​ចាំ​ឃ្លាំ​មើល​នៅ​កំពង់​ទឹក​តែ​សព្វ​ថ្ងៃ ។ នាង​នោះ​យល់​បុរស​នោះ​ចេះ​តែ​មក​ឃ្លាំ​មើល​រក​តែ​ងូត​ទឹក​ពុំ​បាន​ដូច្នោះ ក៏​និយាយ​ថា “ចៅ​អើយ ! ម្ដេច​មក​ចាំ​នៅ​នេះ​រក​តែ​អញ​ងូត​ទឹក​ពុំ​បាន” ។ ចៅ​នោះ​ថា “ត្បិត​អញ​ស្រលាញ់​នាង​ទើប​អញ​មក​ចាំ​នាង​នៅ​នេះ” ។ នាង​នោះ​ថា “អញ​មាន​ប្ដី​ហើយ​កុំ​ចៅ​មក​ចាំ​អញ​ធ្វើ​អ្វី ចូរ​ទៅ​ផ្ទះ​វិញ​ទៅ អញ​នឹង​ងូត​ទឹក” ។ ចៅ​នោះ​ថា​អញ​ស្រលាញ់​នាង​ពេក នឹង​ដើរ​ចេញ​ពុំ​បាន​ឡើយ លុះ​តែ​នាង​ដោយ​អញ ទើប​អញ​ដើរ​ចេញ​ពី​នេះ បើ​នាង​ពុំ​ដោយ​អញ​ៗ ពុំ​ដើរ​ចេញ​ពី​ទី​នេះ​ឡើយ, អញ​ចាំ​នាង​ត្រា​តែ​បាន”។ នាង​នោះ​គិត​ក្នុង​ចិត្ត​ថា “អញ​នឹង​ធ្វើ​ដូច​ម្ដេច​អែះ បើ​ដូច្នេះ​អញ​ដោយ​គាត់​ទៅ​ចុះ” ហើយ​នាង​នោះ​ក៏​ដោយ​គាត់​ទៅ​ចុះ ។ លុះ​បាន​ជា​ស្មន់​អន្ធករ​ហើយ នាង​នោះ​ថា “ចៅ​អើយ ! ណ្ហើយ​ទៅ​លំនៅ​វិញ​ចុះ” ។ ចៅ​នោះ​ថា “នាង​អើយ​កាល​ពុំ​ទាន់​បាន​ខ្លួន​នាង​ម្ដេច​អញ​ពុំ​ទៅ ចំណង់​បើ​ឥឡូវ​នេះ​អញ​បាន​នាង​ស្មន់​អន្ធករ​ហើយ រក​ពី​ណា​អញ​ទៅ អញ​ពុំ​ទៅ​ឡើយ” ។ មេ​នោះ​ថា “ កាល​ចៅ​ពុំ​ទាន់​បាន​អញ​ជា​ស្មន់​អន្ធករ​នោះ​ចៅ​ដើរ​ចេញ​ពុំ​បាន ឥឡូវ​នេះ​អញ​ដោយ​ចៅ​ហើយ តើ​ចៅ​នៅ​ចាំ​អញ​ធ្វើ​អ្វី​ទៀត” ។[1]

ចៅ​នោះ​ថា “អញ​យក​នាង​ជា​ភរិយា អញ​ឲ្យ​បាន កុំ​នាង​សន្ទិះ​ឡើយ នាង​នោះ​ថា “អញ​មាន​ប្ដី​ហើយ អញ​ខ្លាច​ប្ដី​អញ​ណាស់” ។ ចៅ​នោះ​ថា “នាង​ខ្លាច​ប្ដី​នាង នោះ​ឯង ៗ ទេ​អញ​នឹង​រក​កល​កុំ​ឲ្យ​ប្ដី​នាង​ដឹង នាង​កុំ​ខ្លាច​ឡើយ” ។ ទើប​ចៅ​នោះ​ដើរ​ចេញ ទៅ​ឃើញ​ខ្មោច​ស្រី​មួយ​គេ​ចោល​នោះ​ព្រៃ លុះ​ដល់​យប់ ចៅ​នោះ​យក​ខ្មោច​នោះ​មក​ទុក​មួយ​អន្លើ​ជិត​ផ្ទះ​នោះ លុះ​ប្ដី​ដេក​លក់ ទើប​ចៅ​នោះ​យក​ខ្មោច​នោះ​ទៅ​ផ្ដេក​ខាង​ប្ដី​មេ​នោះ ហើយ​នាំ​ប្រពន្ធ​ចៅ​នោះ​ចុះ​អំពី​ផ្ទះ​ស្រឡះ​ចេញ ទើប​វា​យក​ភ្លើង​ដុត​ផ្ទះ​ចៅ​នោះ ។ ប្ដី​ដឹង​ក៏​ក្រោក​ឡើង​ដាស់​ខ្មោច​ដោយ​ស្មាន​ថា​ប្រពន្ធ ថា “នែ ! ក្រោក​ឡើង​ភ្លើង​ឆេះ​ផ្ទះ​ម្ដេច​ក៏​ដេក​ធ្វើ​ព្រងើយ ” ចៅ​ប្ដី​នោះ​កើច​ដៃ​ខ្មោច​ឡើង ខ្មោច​នោះ​រឹង​ស្ដូក​នៅ​កន្ទេល​លុះ​ភ្លើង​ឆេះ​ក្ដៅ​នឹង​នៅ​ពុំ​បាន ចៅ​នោះ​លោត​ចុះ​ពី​ផ្ទះ​ទៅ​ឈរ​ទ្រហោ​យំ​ថា “ ឱ​ប្រពន្ធ​អញ​អើយ ម្ល៉េះ​ហើយ ភ្លើង​រោល​ស្លាប់​ហោង ឱ​អ្នក​ស្រុក​អើយ ! ជួយ​អញ​តិច​រ៉ា” ។ ដោយ​ចៅ​នោះ​ជឿ​ស្មោះ​ថា​ជា​ប្រពន្ធ​ឯង បាន​ជា​យំ​សោក​ក្រៃ​ពេក ។ លុះ​ព្រឹក​ឡើង​បុរស​នោះ ទៅ​រក​មនុស្ស​ដាក់​ខ្មោច​នោះ ហើយ​បុរស​នោះ​រត់​ខ្ចី​ប្រាក់​គេ​លើក​ខ្មោច រួច​ហើយ​ទើប​ចៅ​នោះ រណ្ដាប់​រទេះ​ក្របី​គោ​បរ​ចេញ​ទៅ​ជួញ បាន​ប្រាក់​មក​សង​គេ​ខ្លះ​នៅ​ខ្លះ​នៅ​ឡើយ ។

លុះ​បុរស​នោះ​ទៅ​ជួញ​ឯ​ស្រុក​ដទៃ​ទៀត បាន​ចួប​នឹង​ប្រពន្ធ​នោះ​ឯង ហើយ​និយាយ​ថា “នាង​នេះ​ជា​ប្រពន្ធ​អញ ម្ដេច​ចៅ​នាំ​ពង្រត់​ប្រពន្ធ​អញ​មក ?“ ។ បុរស​ស្មន់​អន្ធករ​នោះ​ថា “ម្ដេច​ចៅ​មក​ចំហូវ​អញ ថា​អញ​នាំ​ពង្រត់​ប្រពន្ធ​ចៅ​ឯង​មក ? ក្រែង​ប្រពន្ធ​ចៅ​ឯង​ភ្លើង​ឆេះ​ទៅ​ហើយ​ឬ” ។ ម្ល៉េះ​ហើយ​ចៅ​ទាំង ២ ដណ្ដើម​គ្នា​នាំ​គ្នា​ទៅ​ដល់​ចៅ​ក្រម ៗ ពិចារណា​ពុំ​បាន ទើប​នាំ​សេចក្ដី​នោះ​ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​ដោយ​ដំណើរ​ទីទៃ ៗ ។ ចៅ​មួយ​ទូល​ថា “ចៅ​នេះ​ចំហូវ​ប្រពន្ធ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា​ជា​ប្រពន្ធ​គាត់ ប្រពន្ធ​គាត់​ភ្លើង​ឆេះ​ទៅ​ហើយ” ។ ឯ​បុរស​ជា​ប្ដី​ថា​ទូល​ថា  ”ស្រី​ដែល​ភ្លើង​ឆេះ​នោះ មិន​មែន​ប្រពន្ធ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទេ នាង​នេះ​ទេ​តើ​ជា​ប្រពន្ធ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​ពិចារណា” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ពិចារណា​ថា “ សេចក្ដី​នេះ កម្រ​អ្នក​ឯ​ណា​រក​បាន លុះ​តែ​រក​ដោយ​កល​ប្រាជ្ញា​ទើប​បាន ក៏​ទ្រង់​ឲ្យ​អាមាត្យ​ម្នាក់​ចូល​ក្នុង​ស្គរ ចាំ​ស្ដាប់​សម្ដី​ស្រី​នឹង​ប្រុស​នោះ ឲ្យ​ប្ដី​នឹង​ប្រពន្ធ​នោះ​សែង​ស្គរ​ទៅ លុះ​សែង​ស្គរ​ទៅ មេ​នោះ​ឥត​ថា​អ្វី​ឡើយ រួច​ឲ្យ​បុរស​ស្មន់​អន្ធករ​និង​មេ​នោះ​សែង​វិញ ទើប​មេ​នោះ​ថា “ បើ​អញ​នៅ​នឹង​ប្ដី​អញ មិន​ពិបាក​ដូច្នេះ​ទេ ” ។ បុរស​ស្មន់​អន្ធករ​នោះ​ថា “ កុំ​និយាយ​ខ្លាច​គេ​ឮ ” ។ មេ​នោះ​ថា​អញ​មិន​និយាយ​ឯ​ណា​បាន អញ​ខ្លាច​អ្វី បើ​ធ្ងន់​ស្ទើរ​បាក់​ស្មា ដូច្នេះ​ចៅ​ឯង​បារម្ភ​អ្វី បើ​ចៅ​ទើប​តែ​សែង​តែ​ម្ដង ឯ​អញ​ពីរ​ដង​ហើយ ធ្ងន់​ស្ទើរ​ស្លាប់” ។ អាមាត្យ​នៅ​ក្នុង​ស្គរ​ស្ដាប់​ឮ​ពាក្យ​មេ​នោះ​និយាយ​ដូច្នោះ ហើយ​ក៏​កត់​ត្រា​តាម​ពាក្យ​នោះ ។ លុះ​សែង​បាន​ដល់​កំណត់​ហើយ​ចូល​មក គេ​យក​អាមាត្យ​នោះ​ចេញ​ពី​ក្នុង​ស្គរ ហើយ​អាមាត្យ​យក​តម្រា​នោះ​មក​សូត្រ​ថ្វាយ​ព្រះ​មហាក្សត្រ ទើប​ព្រះ​អង្គ​បង្គាប់​ឲ្យ​ប្ដី​ឈ្នះ ហើយ​ទ្រង់​ឲ្យ​លក់​អាប្រុស​នឹង​មេ​ស្រី​នោះ ដាច់​សុរិល១ ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​នេះ​បាន​ដោយ​ប្រាជ្ញា​ទិព្វ​វិសេស​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៨៥ – ៨៨


  1. ពាក្យ​នេះ ជា​នាម​សព្វ​ក្លាយ​មក​ពី សរីរៈ ប្រែ​ថា​រាង​កាយ