រឿង បុរស​ឪពុក​និង​កូន​ជួប​នឹង​ក្រពើ

មាន​និទាន​មួយ​ថា : មាន​បុរស​ឪពុក​និង​កូន បរ​រទេះ​ចេញ​ទៅ​ជួញ ជួប​នឹង​ក្រពើ​មួយ​ដែល​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង ៤ នឹង​ដើរ​រក​ឆី​ពុំ​បាន អត់​អាហារ​ស្គម​រីង​រៃ ។ បុរស​ឪពុក​និង​កូន​បាន​ឃើញ​ក្រពើ​នោះ​រលាក​ជើង​ទាំង ៤ ស្គម​ទាំង​ខ្លួន​នឹង​វា​ពុំ​បាន​ដូច្នេះ​ហើយ បុរស​នោះ​អាសូរ​ក្រពើ​បាន​កាប់​ឈើ​មក​ចង​អប​ក្រពើ​នោះ​រឹង​ជាប់ លើក​ដាក់​រទេះ​បរ​ទៅ លុះ​ដល់​បឹង​មួយ​ធំ​ជា​ទី​សុខ​សប្បាយ បុរស​នោះ​ដាក់​ក្រពើ​ចុះ​ក្នុង​ទឹក ក្រពើ​នោះ​បាន​ផឹក​ទឹក​អក​ភក់​ឆ្អែត​ហើយ គិត​នឹង​ខាំ​នោះ​វិញ បុរស​នោះ​ថា “ព្រះ​ស្ដែង​កុំ​ខាំ​អញ ៗ មាន​គុណ​លើ​ព្រះ​ស្ដែង” ។ ក្រពើ​នោះ​ថា “មាន​គុណ​នឹង​អញ​ឯ​ណា បើ​ចង​អញ​ស្ទើរ​ស្លាប់ ដូច្នេះ​អញ​ឆី​ព្រះ​ស្ដែង ឲ្យ​ទាល់​តែ​បាន” ។ ឯ​បុរស​ថា “ព្រះ​ស្ដែង​កុំ​អាល​ខាំ​អញ មក​យើង​នឹង​នាំ​គ្នា​ទៅ​រក​ប្រាជ្ញ​លោក​កាត់​សេចក្ដី​នេះ​ឲ្យ​យើង ”ទើប​បុរស​និង​ក្រពើ​ទៅ​នាំ​គ្នា​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ ដោយ​នូវ​ដំណើរ​ទីទៃ ៗ ។

ក្រពើ​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​នៅ​ទី​មួយ​ស្ងៀម ៗ ស្រាប់​តែ​ចៅ​នេះ​មក​ចង​អប​ខ្លួន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បម្រះ​ពុំ​រួច ព្រោះ​តែ​ធ្វើ​ទុក្ខ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ខាំ​បុរស​នេះ​ឆី” ។ បុរស​ក្រាប​បង្គំ​ទូល​ថា “ក្រពើ​នេះ​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង ៤ វារ​ពុំ​បាន ខ្ញុំ​ព្រះ​បាទ​អម្ចាស់​អាសូរ​ទើប​យក​ឈើ​ចង​អប​ហើយ លើក​ដាក់​លើ​រទេះ បរ​ទៅ​ដល់​បឹង ទើប​ស្រាយ​លែង ហើយ​ក្រពើ​នេះ​ចុះ​ទៅ​ក្នុង​ទឹក បាន​ផឹក​ទឹក​អក​ភក់​មាន​កម្លាំង​ហើយ គិត​ខាំ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វិញ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទាំង ២ នាំ​គ្នា​មក​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ សូម​ទ្រង់​កាត់​សេចក្ដី​នេះ, បើ​ព្រះ​អង្គ​ពុំ​ជឿ​សូម​ទ្រង់​ទត​ជើង​ក្រពើ​ទាំង ៤ ចុះ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ពិចារណា​ថា “ ក្រពើ​ឥត​ធម៌ ពុំ​ដឹង​គុណ​គេ​ឡើយ ” ទើប​ព្រះ​អង្គ​កាត់​ថា “ បើ​ដូច្នោះ​មែន​មាន​តែ​ព្រះ​ស្ដែង​ឲ្យ​គេ​ចង​ព្រះ​ស្ដែង​ដូច​អំពី​មុន​នោះ​សិន ហើយ​សឹម​អញ​ពិចារណា​ឲ្យ​ព្រះ​ស្ដែង ” ទើប​ព្រះ​អង្គ​ឲ្យ​បុរស​នោះ​ទៅ​ចង​ក្រពើ​នោះ​ជាប់​ដូច​អំពី​មុន ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “ព្រះ​ស្ដែង​នាំ​ទៅ​ផ្ទះ​ចុះ ថ្ងៃ​ក្រោយ​ព្រះ​ស្ដែង​កុំ​ធ្វើ​គុណ​នឹង​សត្វ​តិរច្ឆាន ព្រោះ​លោក​ថា ពុំ​ត្រូវ​ទុក​ចិត្ត​សត្វ​មាន​ចង្កូម មាន​ពិស ” ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ បុរស​នោះ​ចូល​ចិត្ត​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៨៩ – ៩០