រឿង បុរស ២ នាក់​កាប់​ឈើ​ធ្វើ​អង្គប់

មាន​និទាន​មួយ​ថា : មាន​បុរស ២ នាក់​បបួល​គ្នា​ទៅ​កាប់​ឈើ​ធ្វើ​អង្គប់ ចៅ​ម្នាក់​រំលំ ចៅ​ម្នាក់​ក្របែល​ចុង ស្រេច​ហើយ​ក៏​សែង​ឈើ​នោះ​ទៅ ។ ចៅ​ដែល​កាប់​ដើម​ឈើ​នោះ​សែង​ខាង​ដើម ចៅ​ដែល​ក្របែល​ចុង​ឈើ​នោះ​សែង​ខាង​ចុង កាល​សែង​ទៅ​ដល់​ផ្ទះ ធ្វើ​ជា​អង្គប់​នោះ សឹង​ព្រួយ​ស្មើ​គ្នា លុះ​ត្រូវ​សត្វ​ក៏​ពន្លាត់​ពន្លះ​សាច់​ចែក​ស្មើ​គ្នា នៅ​សល់​តែ​ក្បាល ទើប​ចៅ​ទាំង ២ ដណ្ដើម​ក្បាល​សត្វ​ផង​គ្នា ហើយ​នាំ​ទៅ​ដល់​ចៅ​ក្រម ៗ កាត់​សេចក្ដី​ចៅ​ទាំង ២ នាក់​ពុំ​បាន ទើប​ចៅ​ទាំង ២ នាំ​គ្នា​ទៅ​គាល់​ព្រះ​មហាក្សត្រ ក្រាប​បង្គំ​ទូល​ដោយ​ដំណើរ​ទីទៃ ៗ ។ ព្រះ​មហាក្សត្រ​ទ្រង់​ដណ្ដឹង​ថា “នរណា​សែង​ខាង​ដើម នរណា​សែង​ខាង​ចុង ? ” ។ ចៅ​ម្នាក់​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​សែង​ខាង​ចុង ” ចៅ​ម្នាក់​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​សែង​ខាង​ដើម ” ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​ឲ្យ​បាន​ក្បាល​សត្វ​នោះ ទៅ​ចៅ​សែង​ខាង​ដើម ។ ព្រះ​អង្គ​កាត់​ដូច្នេះ ចៅ​ទាំង ២ នាក់​ក៏​ល្មម​ចិត្ត​គ្រប់​គ្នា ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​សុគតិគមនំ​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៩៥ – ៩៦