រឿង បុរស ២ នាក់​ទៅ​បាញ់​សត្វ

មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស ២ នាក់​ទៅ​រក​បាញ់​សត្វ ។ លុះ​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​បាន​ឃើញ​សត្វ​ហើយ ក៏​បាញ់​ព្រម​គ្នា ត្រូវ​សត្វ​នោះ​ងាប់ ហើយ​គិត​អារ​សាច់​ចែក​គ្នា ។ បុរស​ទាំង ២ នាក់​សឹង​កើត​ចិត្ត​លោភ​លន់​ចង់​បាន​ចំណែក​លើស​គ្នា​តែ​រៀង​ខ្លួន ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ដាច់​ស្រេច​ឡើយ ហើយ​បបួល​គ្នា​សែង​សត្វ​នោះ​ទៅ​ប្ដឹង​ចៅ​ក្រម ។ ដល់​ហើយ​បុរស ១ និយាយ​ថា “ សូម​ជម្រាប​លោក ត្បិត​យើង​ខ្ញុំ​ទាំង ២ នាក់​បាញ់​សត្វ​នេះ​ព្រម​គ្នា ត្រូវ​ដំណាល​គ្នា លុះ​សត្វ​នេះ​ងាប់​ហើយ គិត​នឹង​អារ​សាច់​ចែក​គ្នា ស្រាប់​តែ​មាន​ពាក្យ​វិវាទ​ទៅ​វិញ​ទៅ​មក ដោយ​ចង់​យក​ចំណែក​លើស​តែ​រៀង​ខ្លួន សេចក្ដី​នេះ​សូម​លោក​ចែក​ឲ្យ​យើង​ខ្ញុំ​ផង ” ចៅ​ក្រម​ដណ្ដឹង​សួរ​ថា “ នរណា​បាញ់​ត្រូវ​មុន នរណា​បាញ់​ត្រូវ​ក្រោយ ? ” ។ បុរស​មួយ​ថា  “ បាញ់​ត្រូវ​ព្រម​គ្នា តែ​ខ្ញុំ​ព្រះ​បាទ​បាញ់​ត្រូវ​ត្រង់​ទ្រូង ចៅ​នេះ​បាញ់​ត្រូវ​ត្រង់​ជើង​ទាំង ២ ” ។

បុរស​មួយ​ទៀត​ឆ្លើយ​ថា “ បាញ់​ត្រូវ​ព្រម​គ្នា​មែន តែ​ខ្ញុំ​ព្រះ​បាទ​បាញ់​ត្រូវ​បាក់​ជើង​ទាំង ២ ចៅ​នេះ​បាញ់​ត្រូវ​ត្រង់​ទ្រូង ” ។ ឯ​ចៅ​ក្រម​ថា “ បើ​តាម​ពាក្យ​ចៅ​ទាំង ២ នាក់​នេះ ឆ្លើយ​ឲ្យ​ការណ៍​ឃើញ​ថា បាញ់​ត្រូវ​ដំណាល​គ្នា, បើ​ដូច្នេះ​អញ​បង្គាប់​ឲ្យ​ចៅ​ទាំង ២ នាក់​កាត់​ក្បាល​ទុក​ដាក់​ខ្វាត់, ឯ​ខ្លួន​សត្វ​នោះ​ត្រូវ ពុះ​ជា ២ អញ​នឹង​ពិចារណា​មើល តើ​គួរ​ចែក​គ្នា​ម្ខាង​ម្នាក់​ឬ​យ៉ាង​ណា ? ” ។ ចៅ​ទាំង ២ នាក់​ពុំ​ព្រម​ធ្វើ​តាម​ចៅ​ក្រម​បង្គាប់​នោះ​ឡើយ ទើប​ចៅ​ក្រម​នាំ​ចៅ​ទាំង ២ នាក់​នោះ​ឡើង​ទៅ​ក្រាប​ទូល​ព្រះ​មហាក្សត្រ ៗ  ទ្រង់​ជ្រាប​ដោយ​ដំណើរ​សព្វ​គ្រប់​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ថា “ ដោយ​សារ​ព្រះ​ស្ដែង​បាញ់​ត្រូវ​ដើម​ទ្រូង បាន​ជា​សត្វ​នោះ​ងាប់​ឆាប់, ឯ​ព្រះ​ស្ដែង​បាញ់​ត្រូវ​ជើង​ទាំង ២ នោះ, លុះ​តែ​សម្លាប់​ថែម​ទៀត ទើប​សត្វ​នោះ​អស់​អាយុ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ឲ្យ​យក​សាច់​សត្វ​នោះ​ទៅ​អារ​សាច់​ចែក​ជា ៣ ភាគ ២ ភាគ​ឲ្យ​បាន​ទៅ​ចៅ​ដែល​បាញ់​ត្រូវ​ដើម​ទ្រូង, ១ ភាគ​ឲ្យ​បាន​ទៅ ចៅ​ដែល​បាញ់​ត្រូវ​បាក់​ជើង ទាំង ២ នោះ ។
កាល​បើ​ព្រះ​មហាក្សត្រ​ទ្រង់​បញ្ជា​ឲ្យ​ចែក​ដូច្នោះ ចៅ​ទាំង ២ នាក់​នោះ ក៏​ចូល​ចិត្ត​ព្រមព្រៀង​គ្នា ហើយ​ក្រាប​បង្គំ​លា​វិល​ទៅ​ទី​លំនៅ​ទីទៃ ៗ ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ១២៥ – ១២៦