រឿង បុរស ២ នាក់​មាន​គ្រោះ​ថ្នាក់

មាន​និទាន​មួយ​ថា : មាន​បុរស ២ នាក់​នៅ​ត្រើយ​ស្ទឹង​ម្ខាង​ម្នាក់ ។ បុរស​ម្នាក់​ម្ដាយ​ស្លាប់, បុរស​ម្នាក់​ភ្លើង​ឆេះ​ផ្ទះ ។ បុរស​ម្ដាយ​ស្លាប់​រត់​ទៅ​រក​ម្ដាយ, បុរស​ភ្លើង​ឆេះ​ផ្ទះ រត់​ទៅ​លត់​ភ្លើង ។ ចៅ​ទាំង ២ រត់​ទៅ​ប្រទះ​គ្នា​កណ្ដាល​ស្ពាន ។ ចៅ ១ ថា “ចូរ​ឯង​បើក​ផ្លូវ​ឲ្យ​អញ ៗ​ប្រញាប់​ណាស់ ត្បិត​ភ្លើង​ឆេះ​ផ្ទះ​អញ” ។ ចៅ ១ ថា “ ចូរ​ឯង​បើក​ផ្លូវ​ឲ្យ​អញ ៗ ក៏​ប្រញាប់​ដែរ ត្បិត​ម្ដាយ​អញ​ស្លាប់ ” ។ ចៅ​ទាំង ២ នាក់​ពុំ​ព្រម​ចៀស​គ្នា ហើយ​ប្រចាប់​គ្នា​ធ្លាក់​ក្នុង​ទឹក​ប្រូង​ទៅ ទើប​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ៗ កាត់​សេចក្ដី​ឲ្យ​ចៅ​ទាំង ២ នាក់​នោះ​ពុំ​បាន ទើប​ចៅ​ទាំង ២ នាក់ នាំ​គ្នា​ទៅ​គាល់​ព្រះ​មហាក្សត្រ ក្រាប​បង្គំ​ទូល​តាម​ដំណើរ​ទីទៃ​ៗ ។ ចៅ ១ ក្រាប​បង្គំ​ទូល​ថា “ ភ្លើង​ឆេះ​ផ្ទះ​ខ្ញុំ ព្រះ​បាទ​អម្ចាស់ ៗ រត់​ប្រញាប់​ទៅ​លត់​ភ្លើង ចៅ​នេះ​ពុំ​ព្រម​ចៀស ” ។ ចៅ ១ ទៀត​ក្រាប​បង្គំ​ទូល​ថា “ ម្ដាយ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ស្លាប់ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​រត់​ទៅ​រក​ម្ដាយ ចៅ​នេះ​ពុំ​ព្រម​ចៀស ហេតុ​នេះ​ទើប​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទាំង ២ នាក់​នាំ​សេចក្ដី​នេះ​មក​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ ” ។

ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា ថា “ បុរស​ដែល​ម្ដាយ​ស្លាប់​នោះ នឹង​បង្អង់​យូរ​បន្តិច​បាន​ដែរ, ឯ​បុរស​ដែល​ភ្លើង​ឆេះ​ផ្ទះ​នោះ នឹង​បង្អង់​នៅ​យូរ​ពុំ​បាន ត្បិត​ប្រញាប់​ទៅ​លត់​ភ្លើង នឹង​យក​របស់​ទ្រព្យ​ចេញ​ពី​ភ្លើង​នោះ ” លុះ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​ដូច្នេះ​ហើយ ទើប​ទ្រង់​បង្គាប់​ឲ្យ​បែង​ទ្រព្យ​ជា ៣ ភាគ ឲ្យ​ចៅ​ដែល​ម្ដាយ​ស្លាប់​នោះ​សង ១ ភាគ ហើយ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “ ឯ​ចៅ​ម្ដាយ​ស្លាប់ នឹង​បង្អង់​នៅ​យូរ​បន្តិច​ក៏​បាន ព្រោះ​សេចក្ដី​ស្លាប់​នេះ កុំ​ថា​តែ​មនុស្ស​លោក​នេះ​ឡើយ ទោះ​ទាំង​ទេវតា​ឥន្ទ​ព្រហ្ម​យម​យក្ស​ផង​ក្ដី ក៏​តែង​ស្លាប់​ជា​ធម្មតា ហេតុ​នេះ​បាន​ជា​ទ្រង់​កាត់​ឲ្យ​ចៅ​ដែល​ម្ដាយ​ស្លាប់​នោះ​សង ១ ភាគ ។ សេចក្ដី​ដែល​ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​ថា សុគតិគមនំ​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ១០៥ – ១០៦