រឿង បុរស ២ នាក់ បរ​រទេះ​ទាស់​ទែង​គ្នា

មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស ២ នាក់ ម្នាក់​ទៅ​សង​គុណ​គេ ម្នាក់​ទៅ​ធ្វើ​បុណ្យ ។ ចៅ​ម្នាក់​បរ​រទេះ​ទៅ ចៅ​ម្នាក់​បរ​រទេះ​មក ។ ចៅ​ទាំង ២ នាក់​បរ​រទេះ​មក​ប្រទះ​គ្នា ពុំ​ព្រម​ចៀស​គ្នា ក៏​ឈ្លោះ​គ្នា​ជា​យូរ​ទាល់​តែ​ខូច​បង់ ចំណី​ចំណុក​ផ្លែ​ឈើ​ទីទៃ ៗ អស់ ហើយ​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ៗ ពុំ​អាច​ជំនុំ​ជម្រះ​ឲ្យ​ចៅ​ទាំង ២ នាក់​បាន ទើប​នាំ​ចៅ​ទាំង ២ នាក់​ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​តាម​ដំណើរ​រឿង​នោះ ។ ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​ដណ្ដឹង​ចៅ​ទាំង ២ នាក់​ថា “ បាន​ជា​ព្រះ​ស្ដែង​ទាំង ២ បរ​រទេះ​ពុំ​ព្រម​ចៀស​គ្នា​នេះ តើ​មាន​ដំណើរ​ដើម​ដូចម្ដេច ? ” ។ បុរស​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់ នេះ​បរ​រទេះ​ទៅ​ធ្វើ​បុណ្យ បាន​ប្រទះ​នឹង​ចៅ​នេះ ៗ ពុំ​ព្រម​ចៀស​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឡើយ ” ។ ម្នាក់​ទៀត​ក្រាប​ទូល​ថា “ ដើម​ឡើយ​មាន​មនុស្ស​ម្នាក់​នៅ​ទី​ឯ​ណោះ គេ​មាន​គុណ​នឹង​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឥឡូវ​នេះ​គេ​មាន​ទុក្ខ​ធំ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ក៏​បរ​រទេះ​ទៅ​សង​គុណ​គេ​វិញ​ជា​ប្រញាប់ បាន​មក​ប្រទះ​នឹង​រទេះ​ចៅ​នេះ ៗ ពុំ​ព្រម​ចៀស​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឡើយ ” ។

ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​កាត់​សេចក្ដី​ថា “ព្រះ​ស្ដែង​ដែល​ទៅ​ធ្វើ​បុណ្យ ត្រូវ​សង​របស់​ព្រះ​ស្ដែង​ដែល​ទៅ​សង​គុណ​គេ ព្រោះ​ព្រះ​ស្ដែង​ដែល​ទៅ​ធ្វើ​បុណ្យ​នោះ គឺ​ទៅ​ដោយ​ចិត្ត​សទ្ធា មិន​មែន​ធ្វើ​បុណ្យ​លា​បំណន់​អ្វី​ឡើយ, ឯ​ព្រះ​ស្ដែង​ដែល​ទៅ​សង​គុណ​គេ​នោះ ព្រោះ​កាល​ខ្លួន​មាន​ទុក្ខ គេ​ដោះ​ទុក្ខ​ខ្លួន ឥឡូវ​ដល់​ពេល​គេ​មាន​ទុក្ខ​វិញ ត្រូវ​តែ​ទៅ​ដោះ​ទុក្ខ​តប ស្នង​សង​គុណ​គេ​វិញ ដោយ​ហេតុ​តែ​ព្រះ​ស្ដែង​មួយ​នេះ បរ​រទេះ​ពុំ​ព្រម​ចៀស ទើប​ព្រះ​ស្ដែង​នេះ​ខាន​បាន​ទៅ​សង​គុណ​គេ​នោះ ” ។
ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ចៅ​ទាំង ២ នាក់​ចូល​ចិត្ត ហើយ​ថ្វាយ​បង្គំ​លា​នាំ​គ្នា​ទៅ​កាន់​ទី​លំនៅ​អាត្មា​ទីទៃ ៗ ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ១១១ – ១១២