រឿង បុរស ៤ នាក់​ជីក​កំណប់​មាស

មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស ៤ នាក់​បបួល​គ្នា​ទៅ​ជីក​កំណប់​មាស​ជា​មួយ​គ្នា លុះ​ជីក​ទៅ​បាន​មាស ១ ក្រឡ ហើយ​យក​មាស​នោះ​មក​ចែក​ទាំង ៤ នាក់​ស្មើ​គ្នា សល់​តែ​មាស ១ ដុំ ហើយ​ចៅ​ទាំង ៤ នាក់​ដណ្ដើម​គ្នា ជជែក​គ្នា​ពុំ​ដាច់​ស្រេច​ក៏​នាំ​គ្នា​ទៅ​រក​ចៅ​ក្រម ៗ កាត់​សេចក្ដី​នេះ​ពុំ​បាន, ទើប​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ ដោយ​ដំណើរ​ទីទៃ ៗ ។ ព្រះ​មហាក្សត្រ​ទ្រង់​ឲ្យ​យក​ចប​ចៅ​ទាំង ៤ នាក់​នោះ​មក​ថ្លឹង ចប​ចៅ​ទាំង ៣ នាក់​មាន​ទម្ងន់​ស្មើ​គ្នា ប្លែក​តែ​ចប​ចៅ​ម្នាក់​ធ្ងន់​លើស​គេ ទើប​ព្រះ​អង្គ​ឲ្យ​មាស ១ ដុំ​នោះ​ទៅ​ចៅ​កាន់​ចប​ធ្ងន់​នោះ ។ ចៅ​ទាំង ៤ ក៏​ល្មម​ចូល​ចិត្ត​រៀង​ខ្លួន ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​សុគតិគមនំ​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៩៧