64 រឿង បុរស ៤ នាក់​ឈ្លោះ​ដណ្ដើម​ផ្លែ​ស្វាយ ១ និង​មាស

មាន​និទាន​មួយ​ថា : មាន​បុរស ៤ នាក់​ទៅ​រក​រៀន​សិល្បសាស្ត្រ ឯ​ក្រុង​តក្កសិលា​មហា​នគរ ។ លុះ​រៀន​សិល្បសាស្ត្រ​នោះ​ចប់​សព្វ​គ្រប់ ហើយ​ក៏​លា​គ្រូ ដើរ​ត្រលប់​មក​ស្រុក​វិញ លុះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ បុរស​ទាំង ៤ នោះ បាន​ឃើញ​ទឹក​មួយ​កន្លែង យល់​ថា​ទឹក​ល្អ ពុំ​ដឹង​ថា​ទឹក​នោះ​មាន​ពិស ។ បុរស​ទាំង ៤ យក​ទឹក​នោះ​លប់​លាង​មុខ​មាត់ ក៏​ខ្វាក់​ភ្នែក​អស់​នឹង​ដើរ​ទៅ​លំនៅ​អាត្មា​ឯង​ទីទៃ ៗ ពុំ​បាន ។ បុរស​ម្នាក់​និយាយ​ថា “បើ​យើង​ងងឹត​អស់​ទាំង ៤ នាក់​ហើយ តើ​ធ្វើ​ម៉េច​នឹង​បាន​អាហារ​ស៊ី ?” ។ បុរស​ម្នាក់​ឆ្លើយ​ថា“ កាល​អញ​ភ្លឺ​អញ​យល់​ព្រះរាជ​ឧទ្យាន​របស់​ស្ដេច​មួយ​កន្លែង មាន​ស្វាយ​ផ្លែ ” ។ បុរស​ម្នាក់​ថា “បើ​ចៅ​ដឹង​ថា ព្រះរាជ​ឧទ្យាន​នៅ​ទីណា​ជា​ប្រាកដ យើង​ត្រូវ​នាំ​គ្នា​សំដៅ​ទៅ​ទីនោះ” ។ បុរស​ម្នាក់​ឆ្លើយ​ថា “បើ​ចៅ​យល់​ស្វាយ​នោះ អញ​ក៏​យល់​ស្វាយ​នោះ​ដែរ ប៉ុន្តែ​ស្វាយ​នោះ​មាន​ផ្លែ​តែ​មែក​មួយ ”  ។ បុរស​ម្នាក់​ឆ្លើយ​វឹង​ថា “បើ​ចៅ​យល់​មែក​ស្វាយ​មាន​ផ្លែ​ពិត​មែន ទុក​ងារ​ឲ្យ​អញ ៗ នឹង​ចោល​ឲ្យ​ជ្រុះ​ផ្លែ​ស្វាយ​នោះ” ។

បុរស​ម្នាក់​ឆ្លើយ​ឡើង​ថា “ឲ្យ​តែ​ចៅ​ចោល​ឲ្យ​ជ្រុះ​មក​ចុះ អញ​នឹង​ទទួល​ផ្លែ​ស្វាយ​នោះ​ឲ្យ​បាន កុំ​ឲ្យ​ជ្រុះ​ដល់​ដី ” ។ បុរស​ខ្វាក់​ទាំង ៤ នោះ​លុះ​គិត​ចូល​ចិត្ត​ព្រម​គ្នា​ទៅ​វិញ​ទៅ​ហើយ ក៏​បណ្ដើរ​គ្នា​ទៅ​រក​ឃើញ​ស្វាយ​ក្នុង​ព្រះរាជ​ឧទ្យាន​ព្រះមហាក្សត្រ​នោះ​មែន ទើប​បុរស​មួយ​ចោល​ឡើង​ត្រូវ​ផ្លែ​ស្វាយ​នោះ​ជ្រុះ​ចុះ​មក, បុរស​មួយ​ទទួល​ចាប់​បាន​ផ្លែ​ស្វាយ​នោះ មិន​ឲ្យ​ជ្រុះ​ដល់​ដី​ឡើយ ម្ល៉ោះ​ហើយ ស្វាយ​ក៏​បែក​ទឹក​ខ្ចាយ ត្រូវ​បុរស​ទាំង ៤ នាក់​នោះ ពិស​ក៏​ជ្រះ​ចេញ​អំពី​ភ្នែក ។ ភ្នែក​បុរស​ទាំង ៤ នោះ​ប្រែ​ជា​ភ្លឺ ដូច​កាល​ដែល​ខ្លួន​នៅ​ពី​កំលោះ​ឡើង​វិញ ។ បុរស​ទាំង ៤ កាល​បើ​បាន​ភ្លឺ​ភ្នែក បាន​ឃើញ​បាន​ផ្លែ​ស្វាយ​នោះ​ហើយ ដណ្ដើម​ផ្លែ​ស្វាយ​គ្នា ទើប​នាំ​គ្នា​ទៅ​ប្ដឹង​ចៅក្រម​ដោយ​ដំណើរ​ទីទៃ ៗ ។ ចៅក្រម​ពិចារណា​កាត់​សេចក្ដី​ឲ្យ​បុរស​ទាំង ៤ នាក់​នោះ​ពុំ​បាន ក៏​នាំ​ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​ដោយ​នូវ​ដំណើរ​សេចក្ដី​នោះ ។ ព្រះមហាក្សត្រ​ទ្រង់​ព្រះចិន្ដា​ពិចារណា​ដោយ​ព្រះ​ប្រាជ្ញា​ឈ្វេង​យល់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថា “ព្រះស្ដែង​ដែល​ទទួល ​ផ្លែ​ស្វាយ​បាន​នោះ​ត្រូវ​បាន​មួយ​ចំហៀង, ឯ​ព្រះស្ដែង​ទាំង ៣ នាក់​នោះ​ត្បិត​ពុំ​បាន​ទទួល​ផ្លែ​ស្វាយ​នោះ ត្រូវ​បាន​មួយ​ចំហៀង ៣ នាក់ គឺ​បុរស​ដែល​បាន​មួយ​ចំហៀង​ម្នាក់​ឯង​នោះ ពី​ព្រោះ​តែ​ទទួល​ចាប់​បាន​ផ្លែ​ស្វាយ​នោះ​ឯង ” ។
បុរស​ទាំង ៤​នាក់​ចូល​ចិត្ត​ហើយ ក៏​ព្រមព្រៀង​គ្នា​ទទួល​ធ្វើ​តាម​ព្រះបន្ទូល​ព្រះ​មហា​ក្សត្រ​ទ្រង់​បង្គាប់ បាន​បរិភោគ​ផ្លែ​ស្វាយ​ស្រេច​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ព្រះ​មហាក្សត្រ​ចេញ​ទៅ ។

លុះ​បុរស​ទាំង ៤ នាក់​នោះ នាំ​គ្នា​ដើរ​ទៅ បុរស​ម្នាក់​បាន​ឃើញ​កំណប់​មាស ទើប​នាំ​គ្នា​ជីក​កំណប់​នោះ ទាំង ៤ នាក់​ ជីក​ជិត​បាន​ក៏​ប្រកែក​គ្នា​ថា “ អញ​ព្រួយ​ជីក​លើស​ចៅ​ទាំង ៣ ” ។ បុរស​ម្នាក់​ថា “អញ​ក៏​ព្រួយ​ជីក​ដែរ ” ។ បុរស​ម្នាក់​និយាយ​ទៅ​កាន់​ចៅ​នោះ​ថា “អញ​ក៏​ព្រួយ​ជីក​ដូច​គ្នា” ។ បុរស​ដែល​បាន​ឃើញ​កំណប់​ថា “ បើ​និយាយ​ពី​ព្រួយ​អញ​ព្រួយ​លើស​អ្នក​ទាំង​អស់ ត្បិត​អញ​បាន​ឃើញ​កំណប់​មុន ហើយ​អញ​ព្រួយ​ជួយ​ជីក​មាស មាស​នេះ​ទៀត​ផង ដូច្នេះ​គួរ​អញ​បាន​លើស​គេ” ។ បុរស​ទាំង ៤ នាក់​ជជែក​គ្នា​មិន​ដាច់​ស្រេច​សោះ ទើប​នាំ​គ្នា​ទៅ​ប្ដឹង​​ចៅក្រម​ដោយ​នូវ​ដំណើរ​ទីទៃ ៗ ។ ចៅក្រម​មិន​អាច​ចែក​ឲ្យ​បុរស​ទាំង ៤ នាក់​នោះ​យល់​ព្រម​គ្នា​បាន​ឡើយ ក៏​នាំ​បុរស​ទាំង ៤ នាក់​ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​ដោយ​នូវ​ដំណើរ ។ ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេង​យល់​ ដោយ​ដំណើរ​សេចក្ដី បុរស​ទាំង ៤ នោះ​ហើយ ទ្រង់​ឲ្យ​ចែក​មាស​ជា ៥ ភាគ ឲ្យ​ទៅ​បុរស​ដែល​បាន​ឃើញ​កំណប់​នោះ ៣ ភាគ ត្បិត​អ្នក​នោះ​ស្លូត​ត្រង់​ពុំ​លាក់​នឹង​គ្នា, ២ ភាគ​ទៀត​ទ្រង់​ឲ្យ​ចែក​ទៅ​បុរស​ទាំង ៣ នាក់​ស្មើ​គ្នា ។ បុរស​ទាំង ៤ នោះ​ព្រម​ទទួល​យក​ចំណែក​មាស​នោះ ដូច​ព្រះបន្ទូល​ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​បញ្ជា​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​លំនៅ​ទីទៃ​ហោង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៣១ – ៣៤