រឿង ប្រាជ្ញា​អណ្ដើក

អណ្ដើក​ជា​សត្វ​រស់​នៅ​ក្នុង​ទឹក​បឹង​ក៏​បាន លើ​គោក​ក៏​បាន ។ ហេតុ​ដើម​នោះ មាន​រឿង​ព្រេង​មួយ​និទាន​ថា ៖
ក្នុង​គ្រា​យូរ​យារ​អង្វែង​ហើយ ពេល​នោះ​មាន​ទឹក​ជំនន់​ធំ​ណាស់ ។ សត្វ​ខ្លា ដំរី រាជសីហ៍ រមាំង រមាស ក្ដាន់​ជា​ដើម អំពាវ​នាវ​បបួល​គ្នា​ទៅ​ពួន​នៅ​ព្រៃ​ហេមពាន្ត នៅ​សល់​តែ​អណ្ដើក​សកល​មួយ មិន​ព្រម​ទៅ​ណា​នឹង​គេ​សោះ លុះ​ទឹក​ជំនន់​មក​ដល់ គាត់​ក៏​ហែល​លេង​ជាមួយ​នឹង​ពពួក​មច្ឆជាតិ ស៊ី​មើម​ឈើ​ឫស​ឈើ ។ កំពុង​តែ​សប្បាយ​ស្រាប់​តែ​ទឹក​ស្រក​ទៅ​វិញ អណ្ដើក​ភ្លេច​ខ្លួន ក៏​ជាប់​ខ្លួន​នៅ​នឹង​តង្កៀប​ឈើ តែលតោល​ពុំ​ដឹង​ជា​ទៅ​ខាង​ណា នឹក​ថា​អាត្មា​អញ​មុខ​ជា​ស្លាប់​ហើយ ព្រោះ​ដៃ​ជើង​ខ្លី ៗ ។ [1]

លុះ​ទឹក​ស្រក​ផុត​ពី​គល់​ឈើ​ទៅ​វិញ មាន​ល្បះ​ស្មៅ​ខ្ចី​ដុះ​នៅ​គល់​ឈើ​ជា​ច្រើន ពេល​នោះ​មាន​ដំរី​មួយ ដើរ​មក​បរិភោគ​ស្មៅ​ខ្ចី អណ្ដើក​ឃើញ​ដំរី​ហើយ នឹក​ថា “អើ​បាន​ការ​ហើយ អញ​បោក​ដំរី​នេះ​ម្ដង ឲ្យ​វា​ដឹង​ដៃ” អណ្ដើក​ក៏​បន្លឺ​វាចា​ថា ៖ នរណា​មក​ធ្វើ​អ្វី​ក្រោម​ដើម​ឈើ​នេះ ? ដំរី​ឆ្លើយ​ថា ខ្ញុំ​ជា​ដំរី ។ អណ្ដើក​ថា “យើ​បង​ដំរី បង​ឯង​មិន​ទាន់​ដឹង​ខ្លួន​ទេ​ឬ ខ្លួន​ខ្ញុំ​នេះ​ជា​អគ្គ​រាជ​ទូត ព្រះ​បាទ​ពារាណសី ឈ្មោះ​ថា​អ្នក​ហ្លួង​ចូល​ចិត្ត​មាណព ព្រះ​ករុណា បាន​ប្រើ​អញ​ឲ្យ​ចាំ​រក​ឯង​ក្នុង​ទី​នេះ ឥឡូវ​ប្រទះ​គ្នា​ហើយ ចាំ​អញ​និយាយ​ប្រាប់​បង​ឯង ពូជ​ពង្ស​បង​ឯង​នេះ ពី​ដើម​មក​នៅ​បម្រើ ជា​បរិពារ​ព្រះ​រាជា ហើយ​ស្រាប់​តែ​លួច​រត់​បាត់ យក​ទាំង​ផ្លិត​ចាមរ​របស់​លោក មក​ជា​មួយ​ផង” ។

ដំរី​ឮ​ហើយ​ក៏​ភ័យ​ញ័រ​រន្ធត់​ឆ្លើយ​ថា “ឱ​បង​អ្នក​ហ្លួង​អើយ ខ្ញុំ​ពុំ​ដឹង​ទេ ខ្ញុំ​ឃើញ​តែ​របៀប​យ៉ាង​ហ្នឹង នេះ​ជា​កន្ទុយ​របស់​ខ្ញុំ​ទេ​តើ” ។ អណ្ដើក​និយាយ​កាត់​ថា ៖ អើ​ហ្នឹង​ហើយ អញ​មាន​ថា​ឯង​លួច​អី តែ​ដូន​តា​ឯង​ជា​អ្នក​លួច ប៉ុន្តែ​របស់​នៅ​លើ​រូប​អ្នក បើ​ចង់​រួច​ខ្លួន​ត្រូវ​ស្វែង​រក​សត្វ​ជើង​មួយ​មក​ឲ្យ​អញ អញ​យក​ទៅ​ថ្វាយ​ព្រះ​រាជា ជួយ​សុំ​អង្វរ​ក្រែង​បាន​រួច​ខ្លួន ។ ដំរី​ឮ​ដូច្នេះ ក៏​ម្នីម្នា​ដើរ​ទៅ​រក​សត្វ​ជើង​មួយ ទាំង​យំ​ស្រែក ។ ខ្លា​មួយ​ឃើញ​ដំរី​ដើរ​យំ​ស្រែក ហើយ​សួរ​ថា “នែ​បង​ដំរី បង​ឯង​មាន​ទុក្ខ​ពី​រឿង​អ្វី ក៏​ដើរ​យំ​ស្រែក​ដូច្នេះ ” ។ ដំរី​សាសព្ទ ប្រាប់​ខ្លា​សព្វ​គ្រប់ ខ្លា​ថា “យី​បង​ដំរី​ម្ដេច​ក៏​ទៅ​ចាញ់​បោក​អា​សត្វ​អណ្ដើក​ចង្រៃ មក​យើង​ទៅ​ពីរ​នាក់​ទៅ​មើល​វា​មើល៍” ។ ខ្លា​និង​ដំរី​បបួល​គ្នា​ដើរ​ត្រឡប់​មក​វិញ អណ្ដើក​ក្រឡេក​ឃើញ​ពី​ចម្ងាយ នឹក​ថា “អៃយ៉ា បាន​ខ្លា​មួយ​មក​ទៀត​ផង មិន​អី​ទេ​ចាំ​មក​ជិត​អញ នឹង​កំហែង​អា​ខ្លា​នេះ​ម្ដង ” ។

លុះ​ខ្លា​និង​ដំរី​ដើរ​មក​ដល់​ជិត អណ្ដើក​តាំង​ស្រែក​ថា អើ​អញ​ឮ​សូរ​មាត់​ដូច​ជា​អា​ជា​ត្បេះ​ឬ ? ខ្លា​ឆ្លើយ​ថា “ខ្ញុំ​ហ្នឹង​ហើយ” អណ្ដើក​និយាយ​ថា “នែ ! អា​ជា​ត្បេះ​ឯង​មាន​រឿង​ធំ​ណាស់ ម្ដេច​ឯង​បាន​ជា​ភួយ​ក្រឡា​ខ្លា​របស់​ព្រះ​រាជា​មក” ។ ខ្លា​ថា “ទេ​លោក ! ខ្ញុំ​ឃើញ​អីចឹង​តាំង​ពី​កើត​មក ” ។ អណ្ដើក​ប្រាប់​ថា “ ហ្នឹង​ហើយ​អញ​មិន​ថា​ឯង​លួច​ទេ ប៉ុន្តែ​ភស្តុតាង​នៅ​លើ​ឯង​ស្រាប់ ហើយ​បើ​ចង់​រួច​ខ្លួន​ទៅ​ជួយ​រក​អា​សត្វ​ជើង​មួយ ជា​មួយ​នឹង​ដំរី​ទៅ  អា​ភ្លើ” ។

ខ្លា​និង​ដំរី​ដើរ​បណ្ដើរ យំ​បណ្ដើរ​ទៅ​រក​សត្វ​ជើង​មួយ ទៅ​ជួប​នឹង​ស្វា ស្វា​ឆ្ងល់​ណាស់ ឃើញ​ខ្លា​និង​ដំរី​មាន​អាការៈ​ដូច្នោះ សួរ​ដឹង​ដើម​ទង​ហើយ ស្វា​លាន់​មាត់​ថា “ យី​បង​ឯង​ទាំង​ពីរ ច្បាស់​ជា​ចាញ់​បោក​អា​សត្វ​អណ្ដើក​ហើយ ដូច្នេះ​ត្រូវ​ត្រឡប់​ទៅ​វិញ​ជា​មួយ​អញ អញ​នឹង​សាក​សួរ​វា​មើល៍ ” ។ សត្វ​ទាំង​បី​ក៏​នាំ​គ្នា​ត្រឡប់​មក​វិញ អណ្ដើក​ឃើញ​ស្វា នឹក​ថា អញ​បោក​អា​ស្វា​នេះ​ទៀត ហើយ​ក៏ ​ស្រែក​ថា “ យើ​បង​អាចារ្យ​ស្វា​ទេ​តើ ខ្ញុំ​រក​តែ​មុខ កន្ទុយ​បង​ឯង​ជា​អ្វី នែ​ខ្ញុំ​ប្រាប់​ឲ្យ​ច្បាស់​ទៅ គឺ​ជា​ដង​លំពែង​ព្រះ​រាជា ទៅ​កុំ​និយាយ​អ្វី ទៅ​រក​សត្វ​ជើង​មួយ​មក​ឲ្យ​ឆាប់ ” ។ ខ្លា ដំរី និង ស្វា ទាល់​ប្រាជ្ញ ក៏​នាំ​គ្នា​ដើរ​យំ​បណ្ដើរ ទៅ​រក​សត្វ​ជើង​មួយ ពុំ​ដឹង​សត្វ​នោះ​នៅ​ឯ​ណា ទៅ​ជួប​នឹង​ក្ងោក ក្ងោក​សួរ​ដឹង​រឿង​ហេតុ​ក៏​និយាយ​ប្រាប់​ថា “បង​ទាំង ៣ ចាញ់​ប្រាជ្ញ​វា​ហើយ មក​ទៅ​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​សាក​សួរ​វា​ឲ្យ​ដឹង​ឫស​គល់” ។

ខ្លា- ដំរី-ស្វា -ក្ងោក ត្រឡប់​មក​វិញ​មិន​ទាន់​ទាំង​សួរ​ថា​ដូច​ម្ដេច​ផង អណ្ដើក​ក៏​ស្រែក​ថា “ យើ បង​អវៈសិន្ធរ​តើ មក​រក​អ្វី យើ ! អា​នេះ​ខូច​ណាស់ ហ៊ាន​លួច​ផ្លិត​កន្ទុយ​ក្ងោក​ព្រះ​រាជា​មក​ជាមួយ​ផង” ។ ក្ងោក​ភ័យ​ខ្លួន “ នឹក​ថា​អៃយ៉ា លេង​ឯង​ទៀត​ហើយ​តើ ”។ អណ្ដើក​កំហែង​ថា: ទៅ ! មិន​រួច​ខ្លួន​ទេ ទៅ​រក​សត្វ​ជើង​មួយ​មក​ឲ្យ​អញ ។ ខ្លា ដំរី ស្វា​និង​ក្ងោក ដើរ​ទៅ​រក​សត្វ​ជើង​មួយ​ទៀត ពុំ​ដឹង​ជា​នៅ​ឯ​ណា​ទេ អា​សត្វ​ជើង​មួយ​នោះ ។ ស្រាប់​តែ​ទៅ​ជួប​នឹង​សត្វ​ទន្សាយ ទន្សាយ​សួរ​ដឹង​រឿង​ក៏​និយាយ​ថា បង​ឯង​ទាំង​អស់​គ្នា​មក​ទៅ​ជា​មួយ​អញ ចាំ​អញ​ដោះ​ស្រាយ ។ លុះ​សត្វ​ទាំង ៥ បណ្ដើរ​គ្នា​មក​ដល់ អណ្ដើក​ឃើញ​ទន្សាយ នឹក​ថា  “អៃយ៉ា អា​ទន្សាយ​មក​ជា​មួយ​ផង​តើ អា​នេះ​មាន​ប្រាជ្ញា​ណាស់ បើ​អីចឹង​ត្រូវ​អញ​និយាយ​ទាក់​ទង​គន្លង​ឲ្យ​មាំ​ទាំ​ទើប​ឈ្នះ​វា ” ហើយ​ស្រែក​សួរ​ពី​ចម្ងាយ​ទៅ​ថា ៖

-យី អញ​មើល​ទៅ​ឃើញ​ដូច​ជា​បង​សុភា​ទន្សាយ យី​បង​សុភា ! ពូជ​ពង្ស​បង​ឯង​សុទ្ធ​តែ​ធ្វើ​នាម៉ឺន​កាត់​ក្ដី​ទាំង​អស់ ពុំ​គួរ​បង​ឯង​មាន​ចិត្ត​ពាលា លួច​យក​ប៉ែន​នំ​បញ្ចុក​ព្រះ​រាជា​ដូច្នេះ​សោះ​ទេ ! ហ្នឹង​ហើយ​គេ​ហៅ​ថា ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា !
ទន្សាយ​នឹក​ថា “ យី​អញ​ថា​មក​ជួយ​គេ ឥឡូវ​ទៅ​ជា​ជាប់​ពិរុទ្ធ​ខ្លួន​ឯង​ទៀត” រួច​ឆ្លើយ​ថា ៖
-នែ​បង​អណ្ដើក ខ្ញុំ​កើត​ឡើង ឃើញ​តែ​គូទ​ខ្ញុំ​មាន​រន្ធ​ច្រើន​អីចឹង​ស្រាប់ ពុំ​មែន​ខ្ញុំ​លួច​ទេ !

អណ្ដើក​បាន​ដៃ​ហើយ ក៏​ជេរ​ថា “ យី​អា​ចង្រៃ​អស់​នេះ ល្ងង់​ដូច្នេះ​តើ បាន​ជា​រក​សត្វ​ជើង​មួយ​មិន​បាន​សោះ ចាំ​អញ​ប្រាប់​ឲ្យ​ច្បាស់​ទៅ សត្វ​ជើង​មួយ​គឺ​ផ្សិត​នេះ​ឯង ប៉ុន្តែ​អញ​មិន​ប្រាប់​ត្រង់ អញ​ចង់​ដឹង​ប្រាជ្ញ​អា​ឯង​ទាំង​អស់​គ្នា​មើល៍ តើ​ប្រាជ្ញ​ដូច​អញ ឬ មិន​ដូច ! ”
សត្វ​ទាំង ៥ គឺ​ខ្លា ដំរី ស្វា ក្ងោក និង​ទន្សាយ នាំ​គ្នា​ទៅ​ដក​ផ្សិត​បាន​យ៉ាង​ច្រើន យក​មក​ប្រគល់​ឲ្យ​អណ្ដើក ។ អណ្ដើក​ក៏​អនុញ្ញាត​ឲ្យ​ស្វា​ឡើង​ដើម​ឈើ ទៅ​លើក​ខ្លួន​ដាក់​ចុះ​ពី​តង្កៀប​ឈើ រួច​ប្រើ​ឲ្យ​ធ្វើ​កូន​ខ្ទម​លើ​ខ្នង​ដំរី​និង​បិទ​បាំង​ជុំ​វិញ ហើយ​យក​ផ្សិត​ទៅ​ដាក់​ក្នុង​ខ្ទម​នោះ ខ្លួន​ឯង​ក៏​ពួន​ស៊ី​ផ្សិត​ក្នុង​ខ្ទម​យ៉ាង​ឆ្ងាញ់​ពិសា ។ អណ្ដើក​បញ្ជា​ឲ្យ​ដំរី​ដើរ​ទៅ​រក នគរ​ពារាណសី ឯ​ខ្លា ស្វា ក្ងោក និង​ទន្សាយ ក៏​ចេះ​តែ​ដើរ​ទៅ​ដែរ ដើម្បី​ដោះសា​ខ្លួន​ឲ្យ​រួច​ពី​ពិរុទ្ធ លុះ​បាន​ទៅ​ដល់​ស្រះ​មួយ​យ៉ាង​ធំ មាន​ផ្កា​ឈូក​ច្រើន ទើប​អណ្ដើក​ធ្វើ​ជា​ឧបាយកល​បោក​សត្វ​ទាំង​នេះ​ទៀត ថា

-នែ​បង​ដំរី​ឈប់​សិន ! ទាំង​អស់​គ្នា​ស្ដាប់​អញ អញ​ជា​នាម៉ឺន​ក្នុង​វាំង បើ​អញ​ចូល​វាំង​ម្ដង ៗ ពួក​ស្រី​ស្នំ ចេះ​តែ​នាំ​គ្នា​សុំ​ផ្កា​ឈូក​ពី​អញ​បើ​ដូច្នេះ ត្រូវ​បង​ស្វា​ដាក់​អញ ចុះ​ពី​ដំរី ។
ស្វា​ឮ​ហើយ​ក៏​ស្ទុះ​ទៅ​ដាក់​អណ្ដើក​ពី​លើ​ខ្នង​ដំរី រួច​ហើយ​អណ្ដើក​វារ​ចូល​ទៅ​ពួន​សម្ងំ​ក្នុង​ស្រះ​នោះ​បាត់​ទៅ ។ ឯ​ដំរី ខ្លា ស្វា ក្ងោក និង​ទន្សាយ ចាំ​យូរ​ពេក​មិន​ឃើញ​អណ្ដើក​ចេញ​មក​វិញ​សោះ ទើប​ដឹង​ខ្លួន​ថា​ចាញ់​បោក​អណ្ដើក​ហើយ ទើប​នាំ​គ្នា​ជៀស​ចេញ​ពី​ទី​នោះ​ទៅ ។
នេះ​ហើយ​ចាស់​ទុំ​ច្រើន​និយាយ​ថា “ ចេះ​លាក់​ពុត​មើល​តែ​អណ្ដើក ” ព្រោះ​អណ្ដើក​វា​លាក់​ខ្លួន​នៅ​ក្នុង​ស្នូក​ជានិច្ច តែ​បើ​ផុត​ពី​គ្រោះ​ភ័យ អាច​ចេញ​ក្បាល ដៃ ជើង មក​ក្រៅ បាន​ការ​តែ​ម្ដង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ ​ភាគ ៧ ទំព័រ ៨៥ – ៩០


  1. អត្ថបទ​នេះ ស្រង់​ពី​ឯកសារ លេខ ២៦.០២០ ដែល​លោក កង-កែម នៅ​កំពង់​ហ្លួង ខេត្ត​កណ្ដាល រៀបរៀង