រឿង ប្រាសាទ​នគរ​វត្ត

នៅ​ខាង​លិច នៃ​ក្រុង​កំពង់​ចាម, តាម​ដង​ផ្លូវ​ជាតិ​លេខ ៧ ទៅ​ពី​ក្រុង​ភ្នំពេញ មាន​ប្រាសាទ​បុរាណ​មួយ ដែល​អ្នក​ស្រុក​សំគាល់​ឈ្មោះ​ថា “ប្រាសាទ​នគរ​វត្ត” ។ ចម្ងាយ​ចូល​ពី​ផ្លូវ​ជាតិ តែ​ប្រមាណ ២០០ ម៉ែត្រ​ប៉ុណ្ណោះ មាន​ក្រាល​ថ្ម​ស្អាត​ស្អំ ស្រួល​ងាយ​ធ្វើ​ដំណើរ​គ្រប់​រដូវ ។ អ្នក​ស្រុក តែង​ចេញ​ចូល​ក្នុង​បុរាណ​ដ្ឋាន​នេះ រៀង​រាល់​ថ្ងៃ ពុំ​មាន​ដាច់ ព្រោះ​នៅ​ជិត​ទី​ប្រជុំ​ជន​ខេត្ត ដែល​មាន​មនុស្ស​ច្រើន​ផង និង ដោយ​មាន​ប្រាសាទ​បុរាណ, វត្ត​ពីរ ព្រម​ទាំង​បូជនីយដ្ឋាន​ដទៃ​ទៀត​ផង ។ អាស្រ័យ​ហេតុ​នេះ អ្នក​នៅ​ជិត​ខាង​នៃ​ប្រាសាទ​នេះ ឬ ជា​អ្នក​ទេសចរ​ទៅ​កម្សាន្ត​កំពង់​ចាម រមែង​ធ្លាប់​ស្គាល់​ប្រាសាទ​នេះ ច្បាស់​លាស់​ណាស់ ប៉ុន្តែ​ប្រវត្តិ​ពង្សាវតារ​នៃ​បុរាណ​ដ្ឋាន​នេះ ច្រើន​ពុំ​សូវ​បាន​ច្បាស់​ក្នុង​សន្ដាន​ចិត្ត​អ្នក​ទាំង​នោះ​នៅ​ឡើយ ត្បិត​គេ​ច្រើន​តែ​និយាយ​តាម​ឮ​ត​ៗ គ្នា​មក រក​ហេតុ​ផល​ពុំ​បាន​ជាក់​លាក់ ។ ដូច្នេះ​ហើយ ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ ជា​មជ្ឈមណ្ឌល​រក្សា និង ប្រមូល​ឯកសារ​បរម​បុរាណ ដែល​កើត​មាន​ឡើង​ជាង ៣០ ឆ្នាំ​មក​ហើយ​នោះ ត្រូវ​តែ​អធិប្បាយ​ឡើង​វិញ ឲ្យ​ជន​រួម​ជាតិ​យើង​បាន​យល់ ហើយ​ស្រឡាញ់​បេតិកភណ្ឌ​ជាតិ ដែល​មាន​សឹង​ពាស​ពេញ​ក្នុង​ប្រទេស ។[1][2]

បើ​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ យើង​នឹង​បាន​ដល់​ប្រាសាទ​នេះ មុន​នឹង​ដល់​ក្រុង​កំពង់ចាម គឺ​នៅ​ខ្វះ​តែ​បី​គីឡូម៉ែត្រ ហើយ​បែរ​ខាង​លិច​ផ្លូវ​ជាតិ​ខាង​ស្ដាំ​ដៃ, យើង​នឹង​ប្រទះ​ផ្លូវ​លំ​មួយ​យ៉ាង​ស្អាត ត្រង់​ភ្លឹង តាម​ចន្លោះ​ដើម​រុក្ខជាតិ​សង​ខាង គួរ​ជា​ទី​មនោរម្យ ។ សព្វ​ថ្ងៃ ទី​តាំង​នៃ​ប្រាសាទ​នេះ ស្ថិត​នៅ​ឃុំ​អំពិល ស្រុក​កំពង់​សៀម (កំពង់ចាម) ។

តួ​ប្រាសាទ និងបរិវេណ​ប្រាសាទ​ទាំង​មូល បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត ត្រង់​ទៅ​ផ្លូវ​ជាតិ ។
កាល​ណា​ចូល​មក​កាន់​បុរាណ​ដ្ឋាន​នេះ យើង​ប្រទះ​ជា​បឋម នូវ​ខ្លោង​ទ្វារ​មួយ ធ្វើ​អំពី​ថ្ម​បាយ​ក្រៀម មាន​ចន្លោះ​ច្រក ប្រមាណ​ជា ៣ ម៉ែត្រ​ប៉ុណ្ណោះ ។ នៅ​ខាង​លើ ពុំ​មាន​កំពូល​អ្វី​ជា​ឆើត​ឆាយ​ទេ ទំនង​ជា​រុះ​ធ្លាក់​អស់ ដោយ​សារ​ការ​ចាស់​ទ្រុឌ​ទ្រោម​ក្នុង​ភាព​ជរា នៅ​សល់​តែ​ថ្ម​សន្លឹក​ក​បួន​ជ្រុង​វែង​ៗ បំពាក់​គង​គាក់​លើ​គ្នា គ្រាន់​តែ​នៅ​សល់​សណ្ឋាន​ជា​រាង​ខ្លោង​ទ្វារ ឬ ហៅ​តាម​ពាក្យ​អ្នក​ស្រាវ​ជ្រាវ​ថា “គោបុរៈ” ។ ភ្ជាប់​នឹង​គោបុរៈ​នេះ សង​ខាង​មាន​កំពែង​ថ្ម ដែល​មាន​កម្ពស់​ប្រមាណ​ជា ៣ ម៉ែត្រ កម្រាស់ ០​ម​៦០, សព្វ​ថ្ងៃ​នេះ ជ្រុះ​ធ្លាក់​អស់​ច្រើន​អន្លើ​ណាស់​ទៅ​ហើយ ។ នៅ​ពី​លើ​កំពែង​នេះ​ទៀត មាន​លំអ​ដោយ​ថ្ម​សំលៀង ដែល​ឆ្លាក់​ជា​សន្លឹក​ចុង​ស្រួច របៀប​ជា​ស្លឹក​ឈើ តម្រៀប​ដង្ហែ​គ្នា​ជា​ជួរ​រមិញ ។ ខ្លោង​ទ្វារ​នេះ  រថយន្ត​តូច​តាច ចេញ​ចូល​បាន​យ៉ាង​ស្រួល ឯ​រថយន្ត​ធំ តោង​មាន​ការ​ប្រយ័ត្ន​ប្រយែង​បន្តិច ព្រោះ​ចង្អៀត​សង​ខាង​ផង ពី​លើ​ផង ក្រែង​ប៉ះ នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ។

ចូល​ផុត​ពី​ខ្លោង​ទ្វារ​នេះ​ភ្លាម យើង​ប្រទះ​ឃើញ​ខាង​ឆ្វេង​ដៃ មាន​ស្រះ​មួយ​ធំ​មាន​ទឹក​ថ្លា ដល់​ខួប​ប្រាំង​ខួប​វស្សា សម្រាប់​ផ្ដល់​តាម​សេចក្ដី​ត្រូវ​ការ​ប្រើ​ប្រាស់ បាន​គ្រប់​ពេល ។ ជុំ​វិញ​ស្រះ, មាន​ខឿន​ថ្ម​ព័ទ្ធ​ជុំ តែ​យើង​ឃើញ​រៀប​ថ្ម ដោយ​មាន​បាយ​អ​បូក​ភ្ជាប់​ផង, មាន​តែ​ជណ្ដើរ​ពីរ គឺ​ខាង​ជើង​មួយ ខាង​ត្បូង​មួយ​ប៉ុណ្ណោះ ដែល​នៅ​ជាប់​ជា​កាំ​ថ្ម​បុរាណ ឥត​មាន​លាយ​បាយ​អ​ទេ មាត់​ស្រះ ចំហៀង​ខាង​ត្បូង មាន​ដើម​ដូង​ដុះ​ត្រៀប ចោល​ម្លប់​ត្រឈៃ គួរ​ជា​ទី​មនោរម្យ គ្រប​ដណ្ដប់​លើ​ដី​វាល​យ៉ាង​ស្រឡះ​ទូលាយ ។ ត្រង់​វាល​នេះ មាន​វត្ត​មួយ ប្រកប​ដោយ​ព្រះ​វិហារ កុដិ សាលា​យ៉ាង​រៀប​រយ, អ្នក​ស្រុក​ហៅថា “វត្ត​នគរ​ក្រៅ” យើង​ងាក​បែរ​មក​ខាង​ស្ដាំ​ដៃ​ម្ដង ។ ខាង​នេះ មាន​គុហា​មួយ សង់​របៀប​ជា​ផ្ទះ​អ្នក​តា​ចិន ដ៏​មាន​ខ្លោង​ទ្វារ​តូច​មួយ ស្ទួយ​ទ្រ​នូវ​អក្សរ​ចិន​ជា​លំអ ។ កូន​ធ្លា​តូច​មួយ ក្រាល​ឥដ្ឋ​យ៉ាង​ស្អាត សម្រាប់​នាំ​ជំហាន​ទេសចរ​ទាំងឡាយ ឲ្យ​ដើរ​ចូល​ទៅ​ក្នុង​គុហា​នេះ បាន​យ៉ាង​ស្រួល ។ ពិត​មែន​ហើយ តែ​គុហា​នេះ​បែរ​មុខ​ខាង​ត្បូង ប៉ុន្តែ​រូប​បដិមាករ​ធំ​ទាំង​បី​នៅ​ក្នុង​នេះ មិន​បែរ​មុខ​ត្រង់​មក​ត្បូង​ទទួល​អ្នក​ដើរ​ចូល​ទៅ​ទេ បែរ​ជា​ឆ្ពោះ​មុខ​ទៅ​ខាង​លិច​វិញ, ដូច្នេះ អ្នក​ដើរ​ចូល​ទៅ ត្រូវ​ត្រឡប់​ខ្លួន​មក​ស្ដាំ​ដៃ​ទៀត ទើប​បាន​ប្រទះ​នឹង​រូប​នេះ ។

បដិមាករ​បី​អង្គ​នេះ មាន​ទំហំ​ធំ​ជាង​មនុស្ស​ធម្មតា ហើយ​នៅ​ក្បាល មាន​កំពូល​ស្រួច​បន្តិច ទំនង​ដូចជា​មូលី​ព្រះ​ពុទ្ធ​រូប ។ រូប​នៅ​ចំ​កណ្ដាល តម្កល់​ខ្ពស់​លើ​អាសនៈ អង្គុយ​ពែន​ភ្នែន ដៃ​សំពះ​ប្រណម្យ​ឆ្ពោះ​ទៅ​ខាង​មុខ គឺ​ទិស​ខាង​លិច​ចំ ។ រូប​ទាំង​ពីរ​សង​ខាង នៅ​ទាប​គ្មាន​អាសនៈ​ទេ ហើយ​ជា​រូប​ឈរ​កាន់​ដំបង​បញ្ឈរ​ចំ​ពី​មុខ ។ រូប​ទាំង​បី​នេះ ធ្វើ​ដោយ​ថ្ម​ដូច​គ្នា តែ​សព្វ​ថ្ងៃ គេ​ទឹប​មាស​ភ្លឺ​ចិញ្ចាច បាត់​សាច់​ថ្ម​ទៅ​ហើយ​។ អ្នក​ស្រុក​ហៅ​បដិមាករ​នេះ​ថា “តា​ព្រហ្ម​ៗ” សឹង​មាន​រឿង​ព្រេង​មួយ និទាន​ពី​ប្រវត្តិ​តា​ព្រហ្ម​នេះ ដូច​យើង​នឹង​និទាន​ជូន​ជា​បន្ទាប់​នៅ​ខាង​ក្រោយ គឺ​គាត់​អង្គុយ​សំពះ​ម្ដាយ ដែល​គេ​បញ្ចុះ​អដ្ឋិ​ក្នុង​ចេតិយ​មួយ នៅ​ចំ​ខាង​លិច គឺ​ពី​មុខ​គាត់​នោះ​ឯង ។ ហួស​ពី​គុហា​នេះ​បន្តិច មាន​ផ្លូវ​មួយ​បែក​ទៅ​ស្ដាំ​ដៃ សសៀរ​អែប​នឹង​គុហា​តា​ព្រហ្ម ។ ដង​ផ្លូវ​នេះ​កោង​ដ៏​មាន​ចេតិយ​តម្រៀប​គ្នា និង​គុហា​តូច​មួយ​ទៀត ជ្រក​ក្រោម​ដើម​ពោធិ ដែល​ក្នុង​នោះ មាន​តម្កល់​ព្រះ​ពុទ្ធ​បដិមាករ​ធ្វើ​ទុក្ករកិរិយា​មួយ​អង្គ, នៅ​ដង្ហែ​គ្នា​ជាប់​ខាង​ជើង​ផ្លូវ​ផង ។

យើង​មើល​ទៅ​ចំ​ផ្លូវ​ត្រង់​វិញ នេះ​ពិត​ជា​ផ្លូវ​បុរាណ​មក ឃើញ​មាន​សភាព​ត្រង់​ភ្លឹង ឆ្ពោះ​ទៅ​កាន់​ខ្លោង​ទ្វារ​កំពែង​មួយ​ជាន់​ទៀត ។ មុន​ដល់​ខ្លោង​ទ្វារ មាន​វាល​រាប​ស្មើ នៅ​ខាង​ស្ដាំ​ដៃ ប្រកប​ដោយ​ខឿន​ថ្ម​បាយ​ក្រៀម​ព័ទ្ធ​ជុំ​វិញ ព្រម​ទាំង​មាន​ក្បាច់​ថ្ម ឆ្លាក់​ជា​រូប​នាគ សន្ធឹង​ខ្លួន​ជា​បង្កាន់​ដៃ​ផង ។ តោ​ថ្ម​ធំ​ៗ នៅ​អើត​ក​ស្ងើន តម្រៀប​គ្នា​ត្រង់​នេះ ។ គោបុរៈ​ជាន់​ទី​២ នេះ មាន​ទំហំ​ប្រហែល​គ្នា​នឹង​ជាន់​ទី​១ ដែល​យើង​ពោល​រួច​មក​ហើយ​ពី​ខាង​ដើម​ដែរ ប៉ុន្តែ​នៅ​មាន​សភាព​គង់​ទ្រង់​ក្បាច់​ក្បូរ​ច្រើន​ជាង ។ ចូល​ធ្លុះ​ទៅ​ទៀត យើង​ប្រទះ​នឹង​សាលា​សង​ខាង​ផ្លូវ នៅ​ជ្រក​ក្រោម​ដើម​ពោធិ​ធំ ម្ខាង​មួយ ។ កូន​សាលា​ទាំង​នេះ គេ​ទើប​តែ​សង់​ក្នុង​រវាង ៥០-៦០ ឆ្នាំ​កន្លង​ទៅ​ប៉ុណ្ណោះ សម្រាប់​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំងឡាយ​ឈប់​សម្រាក ព្រោះ​ជា​ទី​ចំហ​ឥត​មាន​ជញ្ជាំង​ទេ មាន​តែ​ដំបូល​ក្បឿង និង ផ្ទៃ​ក្រោម ក្រាល​ឥដ្ឋ​កន្សែង​ស្អាត​បាត ។

​បាំង​សាច​ជុំ​វិញ ផ្នែក​ខាង​ក្នុង មាន​គំនូរ​និទាន​រឿង​ផ្សេង​ៗ ក្នុង​ទសជាតក យ៉ាង​ល្អ​មើល ។ នៅ​ជាប់​នឹង​សាលា​ទាំង​ពីរ​នេះ មាន​ស្រះ​ធំ​ៗ ពីរ​ទៀត នៅ​ម្ខាង​មួយ ដែល​មាន​ទ្រង់ទ្រាយ ដូច​ស្រះ​មួយ​នៅ​ពី​មុខ​គុហា​តា​ព្រហ្ម ដែល​យើង​និយាយ​រួច​ម្ដង​មក​ហើយ​ដែរ តែ​ស្រះ​ពី​នេះ តូច​ជាង​បន្តិច ហើយ​មាន​ទឹក​តែ​ក្នុង​រដូវ​វស្សា​ប៉ុណ្ណោះ ។
យើង​ដើរ​ឆ្ពោះ​ទៅ​មុខ​តែ​បន្តិច ក៏​ដល់​គោបុរៈ​មួយ​ជាន់​ទៀត ជា​ជាន់​ទី ៣ ដែល​មាន​សណ្ឋាន​បែប​រាង​ដូច​ជា​ទី ១ និង ទី​២ ដែរ តែ​មាន​នៅ​សេស​សល់​កំពូល​ប្រាង្គ ខ្ពស់​ជាង​គោបុរៈ​មុន​ៗ ហើយ​កំពែង​ក៏​នៅ​ល្អ​ស្អាត​ព័ទ្ធ​ជុំ​វិញ ។ កំពែង​នេះ មាន​សណ្ឋាន​ជា​រោង​ទង គឺ​មាន​ជញ្ជាំង​សង​ខាង សម្រាប់​ទុក​ចន្លោះ​កណ្ដាល​ឲ្យ​នៅ​ចំហ អាច​ឲ្យ​មនុស្ស​នៅ​ជ្រក​បាន ។ បរិវេណ​រង​ទង​នេះ រាង​បួន​ជ្រុង​ទ្រវែង មាន​ច្រក​ដ៏​ជា​កំពូល​តែ​ពីរ​ទេ គឺ​ខាង​កើត និង​ខាង​លិច ។ ខាង​ក្នុង ឬ ខាង​ក្រៅ​កំពែង​នេះ ទី​ដី​ស្រឡះ​ស្រឡំ ជា​ទី​រីករាយ​ដល់​អ្នក​ទេសចរ​ទាំងឡាយ ។ ចូល​ផុត​ពី​កំពែង​នេះ​ភ្លាម គេ​ឃើញ​នៅ​ចំ​កណ្ដាល​ទី​មាន​ប្រាង្គ​មួយ​ខ្ពស់ ប្រមាណ​ជា ១៥ ម៉ែត្រ បាត​ក្រោម​រាង​បួន​ជ្រុង មាន​ទំហំ​មួយ​ជ្រុង​ៗ ប្រមាណ ៨ ម៉ែត្រ ។ នៅ​លើ​កំពូល គ្មាន​រចនា​ធ្វើ​ជា​មុខ​លោកេស្វរៈ​ទេ គ្រាន់​តែ​មាន​ជា​ក្បាច់​ស្រទាប់​ថ្នាក់​ៗ ទំនង​ជា​ត្របក​ផ្កា​ឈូក ឯ​ចុង​ស្រួច​បំផុត ជ្រុះ​ធ្លាក់​បាត់ ពុំ​ដឹង​ជា​បែប​ណា គ្រាន់​តែ​នៅ​ឃើញ​ដាន ជា​សណ្ឋាន​មូល ប្រហែល​កំពូល​ចេតិយ ។

ចុះ​ពី​ថ្នាក់​លើ ដែល​មាន​ក្បាច់​ជា​ត្របក​ផ្កា​ឈូក រាង​មូល​នោះ​មក, ថ្នាក់​ក្រោម​ៗ បែរ​ជា​មាន​រាង​បួន​ជ្រុង រហូត​ដល់​ដី ។ ត្រង់​ផ្ទាល់​នឹង​ដី​នេះ មាន​ស៊ុម​ប្រកប​ដោយ​ក្បាច់ បែប​រចនា​អង្គរ ហើយ​នៅ​នឹង​ផ្ទាំង​ថ្ម​ជា​ផ្ដែ នៃ​ស៊ុម​ទ្វារ​ទាំង ៤ ទិស គឺ​ខាង​កើត ខាង​ជើង ខាង​ត្បូង និង ខាង​លិច មាន​ឆ្លាក់​រឿង​ពុទ្ធបវត្តិ​គ្រប់​ទាំង​បួន ។ គឺ​ផ្ដែ​លើ​ស៊ុម​ទ្វារ​ទិស​បូព៌ ឆ្លាក់​រូបភាព ដំណាល​កាល​ព្រះ​ពុទ្ធ ទ្រង់​ផ្ចាញ់​មារាធិរាជ, ផ្ដែ​ខាង​ជើង ដំណាល​កាល​ចៅ​សិទ្ធត្ថ​កុមារ យាង​ចាក​ព្រះ​រាជ​និវេសន៍ គង់​លើ​កណ្ឋក​អាជានេយ្យ, ផ្ដែ​ខាង​ត្បូង ដំណាល​កាល​ព្រះ​ពោធិសត្វ ទ្រង់​កាត់​ព្រះ​ផ្នួង នៅ​ក្បែរ​ឆ្នេរ​ស្ទឹង​នេរញ្ជរា និង​ផ្ដែ​ទី ៤ នៅ​ខាង​លិច ដំណាល​ត្រង់​ព្រះ​ពុទ្ធ ទ្រង់​គង់ មាន​អគ្គ​សាវក​អម​អង្គ ។ ក្បាច់​ក្រប​វ័ណ្ឌ រូប​ចម្លាក់​ផ្ដែ​នីមួយ​ៗ ឆ្លាក់​ជា​រូប​នាគ​ពីរ សន្ធឹង​ខ្លួន​ព័ទ្ធ​តាម​រាង​ត្រីកោណ ប្រទាក់​កន្ទុយ​គ្នា​ទៅ​លើ ក្បាល​សំយុង​ចុះ​ក្រោម អើត​ចេញ​ទៅ​ចុង​ម្ខាង​ម្នាក់ ។ នៅ​ចន្លោះ​ស៊ុម​ទាំង ៤ នេះ មាន​តម្កល់​ព្រះ​ពុទ្ធ​រូប មារ​វិជ័យ​មួយ​អង្គ​ៗ គ្រប់​ចន្លោះ​ទ្វារ​ទាំង ៤ ។ សព្វ​ថ្ងៃ ព្រះ​ពុទ្ធ​បដិមាករ​ទាំង ៤ នេះ​ទឹប​មាស​ភ្លឺ​ចិញ្ចាច ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ស្រុក​សម័យ​ក្រោយ បាន​កសាង​ព្រះ​វិហារ​មួយ ចំ​ពី​ខាង​កើត​ប្រាង្គ ហើយ​យក​ដំបូល​ម្ខាង ទៅ​បំពាក់​លើ​ប្រាង្គ​នោះ​ផង ។ ព្រះ​វិហារ​នេះ​សង់​ដោយ​បាយ​អ ដំបូល​ប្រក់​ក្បឿង​ពណ៌​ភ្លឺ​ផ្លេក​ឆ្អិន​ឆ្អៅ តែ​ឥត​មាន​ជញ្ជាំង​ទេ​។ នៅ​ក្រោម​ដំបូល​វិហារ ផ្នែក​ខាង​កើត មាន​សិលា​ចារឹក​មួយ​ផ្ទាំង តម្កល់​យ៉ាង​ស្អាត​បាត ដូចជា​សន្លឹក​សីមា រាង​បួន​ជ្រុង​សំប៉ែត ។ អក្សរ​នៅ​ច្បាស់ ឥត​មាន​របក​របេះ​ឡើយ គឺ​នៅ​ផ្នែក​ខាង​មុខ ជា​អត្ថបទ​ភាសា​បាលី ហើយ​នៅ​ផ្នែក​ខាង​ចំហៀង ជា​អត្ថបទ​ភាសា​ខ្មែរ ។

បន្ទាប់​ពី​ប្រាសាទ ដែល​មាន​វិហារ​សង់​ថ្មី​ភ្ជាប់​ជា​មួយ​នេះ​មក, នៅ​ចំ​កណ្ដាល​បរិវេណ ដែល​ពោល​មក​នេះ, ទេសចរ អាច​ធ្វើ​ដំណើរ​បាន តាម​ធ្លា​ព័ទ្ធ​ជុំ​វិញ ហើយ​ចេញ​តាម​ចន្លោះ​ខ្លោង​ទ្វារ​ខាង​លិច ព័ទ្ធ​ទៅ​ឆ្វេង​ក៏​បាន ទៅ​ស្ដាំ​ក៏​បាន គឺ​ចេញ​ផុត​ពី​បរិវេណ​កំពែង​ទី ៣ ហើយ ។ ឥឡូវ​យើង​នៅ​ក្នុង​បរិវេណ​ទី ២, បើ​ងាក​ខាង​ឆ្វេង​មុន យើង​ប្រទះ​គុហា​ពីរ​នៅ​ទន្ទឹម​គ្នា គឺ​មួយ ខាង​លិច មាន​តែ​ព្រះ​ពុទ្ធ​រូប​តូច​ធំ​ជា​ច្រើន តម្កល់​ក្នុង​នោះ ឯ​មួយ​ទៀត ខាង​កើត មាន​ជញ្ជាំង​ជិត​ដិត​ស្រួល​បួល តម្កល់​ព្រះ​ពុទ្ធ​រូប​បរិនិព្វាន ប្រវែង​ពី​ព្រះ​សិរ​ដល់​ព្រះ​បាទ ប្រមាណ​ជា ១០ ម៉ែត្រ ។ លុះ​ដើរ​ហួស​ពី​នេះ ព័ទ្ធ​ទៅ​ខាង​ចំហៀង​ខាង​ស្ដាំ​វិញ យើង​ឃើញ​គុហា​ពីរ​ទន្ទឹម​គ្នា​ដែរ គឺ​មួយ ខាង​លិច គ្រាន់​តែ​ជា​ទី​តម្កល់​ព្រះ​ពុទ្ធ​រូប​តូច​ធំ​ប៉ុណ្ណោះ, ឯ​មួយ​ទៀត ខាង​កើត ទើប​ឃើញ​មាន​ចេតិយ រាង​ទាប​ទទារ លាប​លន​ពណ៌​ក្រហម​ក្រមៅ និង មាន​ព្រះ​ពុទ្ធ​រូប ៤ ព្រះ​អង្គ ក្នុង​មួយ​អង្គ​ៗ មាន​ទំហំ​ភ្នែន ប្រមាណ​ជា​ជាង ១ ម៉ែត្រ គង់​ព័ទ្ធ​ជុំ​វិញ បែរ​ព្រះ​ភក្ត្រ​ឆ្ពោះ​ទៅ​កាន់​ទិស​ធំ​ទាំង​បួន ។
កាល​ណា យើង​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នេះ​ទៅ​ទៀត សសៀរ​តាម​កំពែង​ថ្ម​ជាន់​ទី ២ ត្រង់​ជ្រុង​ខាង​ជើង​ចំ យើង​អាច​ចេញ​បាន​តាម​ចន្លោះ​ថ្ម ដែល​រុះ​ធ្លាក់​មក​នៅ​ទាប​នឹង​ដី, ហើយ​យើង​ប្រទះ​ស្រះ​បុរាណ​យ៉ាង​ធំ​មួយ​ទៀត ប៉ុន​គ្នា​នឹង​ស្រះ​នៅ​ពី​មុខ​គុហា​តា​ព្រហ្ម​ដែរ ។ ចាប់​ពី​មាត់​ស្រះ​នេះ​ទៅ​លិច មាន​កុដិ សាលា ជា​អារាម​មួយ​ទៀត ដែល​អ្នក​ស្រុក​ហៅ​ថា “វត្ត​នគរ​ក្នុង” ។

ចំពោះ​រូប​បដិមាករ ដែល​មាន​ឈ្មោះ​តា​ព្រហ្ម​នោះ មាន​រឿង​ព្រេង​មួយ​និទាន​ថា1 មាន​អ្នក​ចម្ការ​ពី​នាក់​ប្ដី​ប្រពន្ធ រស់​ក្នុង​ភូមិ​ទួល​ស្បូវ (ក្នុង​ក្រុង​កំពង់​ចាម​សព្វ​ថ្ងៃ) នាំ​គ្នា​ទៅ​ភ្ជួរ​ដី​ចម្ការ ។ ពេល​នោះ យក​ទាំង​កូន​ង៉ែត ដែល​ទើប​តែ​កើត បាន​ជាង​បី​ខែ ទៅ​ជា​មួយ​ផង, យក​កូន​នោះ​ទៅ​ផ្ដេក​ក្រោម​ដើម​ព្នៅ ហើយ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ នាំ​គ្នា​ប្រកប​ការ​យ៉ាង​ខិត​ខំ ។ ពេល​នោះ មាន​សត្វ​មក​ស៊ី​ផ្លែ​ព្នៅ ចោះ​ចឹក​នាំ​គ្នា​ស្រែក​ឮ​ខ្ញៀវ​ខ្ញារ, ស្រាប់​តែ​ជុះ​ដាក់​លើ​កូន​តូច​នោះ ប្រឡាក់​អស់ ហើយ​ផ្លែ​ព្នៅ​ ក៏​ធ្លាក់​ត្រូវ​ចំ​ក្បាល បណ្ដាល​ឲ្យ​ដាច់​សាច់​មួយ​ដុំ ហូរ​ឈាម​សស្រាក់ ។ ម្ដាយ​ឪពុក​ឃើញ​ដូច្នោះ  ក៏​នាំ​យក​កូន​ចុះ​ទៅ​កំពង់​ទឹក​ងូត​លាង​ខ្លួន  នៅ​ត្រង់​កំពង់​ហៅថា ជ្រោយ​ថ្ម ។ ដោយ​ពុំ​សូវ​ជា​ប្រយ័ត្ន ក៏​របូត​កូន​នោះ​ពី​ដៃ​ទៅ មាន​ត្រី​ធំ​មួយ​មក​លេប​យក​កូន​នោះ ហើយ​ហែល​ទៅ​បាត់ ។ ឪពុក-ម្ដាយ យំ​សោក​ស្ដាយ​ជា​ខ្លាំង តែ​ពុំ​ដឹង​ធ្វើ​ម្ដេច ក៏​វិល​ត្រឡប់​មក​ផ្ទះ​វិញ ។

និយាយ​ពី​ត្រី​នោះ​ហែល​ចុះ​តាម​ទន្លេ​ធំ ធ្លាក់​ទៅ​ក្នុង​មហា​សមុទ្ទ​ចិន រហូត​ទៅ​ដល់​ប្រទេស​ចិន ។ មាន​អ្នក​នេសាទ​ម្នាក់ បាន​បង់​សំណាញ់​ជាប់​បាន​ត្រី​ធំ​នោះ យក​ទៅ​វះ​ពោះ​ត្រី ស្រាប់​តែ​ឃើញ​កូន​ក្មេង​តូច​មួយ នៅ​រស់​នៅ​ឡើយ ។ នាយ​នេសាទ ក៏​យក​កូន​នេះ​ទៅ​ថ្វាយ​ព្រះ​ចៅ​ក្រុង​ចិន ដែល​ព្រះ​អង្គ​ថ្នាក់​ថ្នម ទុក​ដូច​ជា​បុត្រ​របស់​ព្រះ​អង្គ​ផ្ទាល់ រហូត​ដល់​កូន​នេះ​ធំ ក៏​ព្រះ​អង្គ​ឲ្យ​រៀន​សូត្រ​ចេះ​ដឹង​យ៉ាង​មុត​មាំ2 ។ ធំ​ឡើង​ហើយ កុមារ​នេះ ក៏​សុំ​អនុញ្ញាត​ពី​ព្រះ​ចៅ​ក្រុង​ចិន ដើម្បី​ធ្វើ​ដំណើរ​មក​លេង​ស្រុក​សួរ​ស៊ើប​រក​ឪពុក-ម្ដាយ រួច​សឹម​វិល​ទៅ​វិញ ។ ព្រះ​ចៅ​ក្រុង​ចិន ទ្រង់​ព្រះ​ករុណា​សន្ដោស​ប្រោស​មេត្តា ឲ្យ​រៀប​សំពៅ​មួយ មាន​បម្រើ​ប្រាំ​រយ​ដង្ហែ​កុមារ​នេះ​ដល់​ស្រុក​ខ្មែរ ។ សំពៅ​ទៅ​ចូល​ចត​ដល់​កំពង់​ចាម​ហើយ កុមារ​ចុះ​ទៅ​ដល់​ភូមិ​អ្នក​ស្រុក​ត្រង់​នោះ​ហើយ ក៏​បញ្ជា​ឲ្យ​សំពៅ វិល​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ​ទៅ ។ នាយ​កំលោះ​នេះ សន្មត​ឈ្មោះ​ខ្លួន​ឯង​ថា “ចៅ​ព្រហ្ម” ហើយ​ទៅ​សំណាក់ នៅ​នឹង​ផ្ទះ​ស្ត្រី​មេ​ម៉ាយ​ម្នាក់ ។ ដោយ​នៅ​ជា​មួយ​គ្នា​យូរ​ៗ ទៅ ស្ត្រី​មេម៉ាយ​នឹង​ចៅ​កំលោះ​កើត​ប្រតិ​ព័ទ្ធ​នឹង​គ្នា ក៏​ទទួល​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៅ ។ ថ្ងៃ​មួយ បុរស​ដេក​កើយ​ក្បាល​លើ​ភ្លៅ​ប្រពន្ធ ហើយ​ប្រពន្ធ​វែក​សក់​ប្ដី​លេង តាម​ចិត្ត​លំហែ ស្រាប់​តែ​ឃើញ​ក្បាល មាន​ស្នាម​មួយ​ដុំ ឥត​មាន​ដុះ​សក់ ក៏​សួរ​ប្ដី​ពី​ដើម​ហេតុ, ប្ដី​ក៏​និយាយ​ប្រាប់​ថា ៖ ខ្លួន​ជា​មនុស្ស​អភ័ព្វ​ណាស់  សឹង​រក​នរណា​ដូច​គ្មាន ហើយ​ទើប​បុរស​ព្រហ្ម រាយ​រាប់​អំពី​រឿង​ដើម​សព្វ​គ្រប់ ឲ្យ​ប្រពន្ធ​ស្ដាប់ គឺ​រឿង​ដែល​ធ្លាប់​បាន​ឮ​ពី​អ្នក​នេសាទ​ចិន ជា​ឪពុក-ម្ដាយ​ចិញ្ចឹម ធ្លាប់​និទាន​ប្រាប់​តាំង​ពី​ខ្លួន​នៅ​ពី​តូច​មក ។

កាល​បើ​បាន​ស្ដាប់​សេចក្ដី​និទាន​នេះ​សព្វ​គ្រប់​ហើយ នាង​ភរិយា ក៏​អង្គុយ​ជ្រប​មុខ​លែង​ចេញ​ស្ដី, រួច​ស្រក់​ទឹក​ភ្នែក​បណ្ដើរ​ផង ។ បុរស​ស្វាមី​ឃើញ​ដូច្នោះ ឆ្ងល់​ណាស់ ក៏​ខំ​អង្វរ​សួរ​ប្រពន្ធ​ថា តើ​រឿង​អ្វី បាន​ជា​យំ ? នាង​ភរិយា និយាយ​ទាំង​ខ្សឹកខ្សួល ប្រាប់​មក​ប្ដី​វិញ អំពី​រឿង​ដើម ដែល​ខ្លួន​យក​កូន​ទៅ​ផ្ងូត​ទឹក ហើយ​របូត​ដៃ ត្រី​លេប​បាត់​ទៅ ហើយ​ក្រោយ​មក ស្វាមី​ក៏​មាន​ជំងឺ​ស្លាប់​ទៅ​ទៀត ។ បុរស​ប្ដី បាន​ស្ដាប់​រឿង​នេះ​ចប់ ក៏​សន្និដ្ឋាន​យល់​ថា គឺ​ជា​ខ្លួន​ឯង​នេះ​ហើយ ដែល​ត្រូវ​ជា​កូន, ប៉ុន្តែ​ឥឡូវ ដោយ​មិន​បាន​ដឹង​សោះ​ជា​មុន ទៅ​ជា​ខក​ខ្លួន ស្រឡាញ់​គ្នា​ជា​ប្ដី​ប្រពន្ធ ដូច្នេះ​ទៅ​ហើយ ក៏​សំពះ​សុំ​ខមាទោស​ម្ដាយ ហើយ​សុំ​ឲ្យ​ម្ដាយ​បញ្ជា​ដាក់​ទណ្ឌ​កម្ម​ឲ្យ​ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​បាន​រំដោះ​ទុក្ខ​ទោស ពៀរ​វេរា​នេះ ។  គ្រា​នោះ ម្ដាយ​ក៏​បញ្ជា​ថា ៖ ឲ្យ​សង់​ជា​ចេតិយ​តម្កល់​សព​គាត់ កាល​ណា​គាត់​ស្លាប់​ទៅ ហើយ​ដល់​គ្រា​ដែល​កូន​ស្លាប់​ទៅ​ទៀត ឲ្យ​ធ្វើ​ជា​រូប​តំណាង​រូប​កូន អង្គុយ​ប្រណម្យ​ទៅ​ធាតុ​ម្ដាយ ឲ្យ​គ្រប់​កាល​កំណត់​ព្រះ​ពុទ្ធ​សាសនា ៥០០០ ព្រះ​វស្សា ។

បុរស​ព្រហ្ម ដោយ​សារ​មាន​ចំណេះ​មុត​មាំ ក៏​ឡើង​ជា​គ្រូ​អាចារ្យ នៅ​ក្នុង​ភូមិ​ស្រុក​នោះ ម្ល៉ោះ​ហើយ ក៏​មាន​សិស្ស​គណ​ជា​ច្រើន ជួយ​ចាត់​ចែង​គាត់ ធ្វើ​តាម​បណ្ដាំ​ម្ដាយ​នេះ ទាល់​តែ​បាន​សម្រេច​ទាំង​អស់ គឺ​ចេតិយ​មួយ​តម្កល់​ធាតុ​ម្ដាយ និង រូប​តា​ព្រហ្ម សំពះ​ឆ្ពោះ​ទៅ​កាន់​ធាតុ​នោះ ។
ការ​ទស្សនា​ប្រាសាទ​បុរាណ​នេះ ពុំ​មែន​ជា​ការ​ហត់​នឿយ​ប៉ុន្មាន​ទេ ព្រោះ​បរិវេណ​តូច​ល្មម ហើយ​គ្មាន​ថ្នាក់​ធ្នើរ ឲ្យ​យើង​លំបាក​ឡើង​ចុះ​ឡើយ ។ ដូច្នេះ យើង​អាច​ចូល​ទៅ​ទស្សនា​បាន​គ្រប់​ពេល  ឲ្យ​តែ​ជា​វេលា​ថ្ងៃ, ប៉ុន្តែ បើ​ជួន​ជា​ដើរ​មើល នៅ​ពេល​រសៀល​ទាប​វិញ យើង​នឹង​មាន​ចិត្ត​អណ្ដែត​អណ្ដូង​ប្លែក ព្រោះ​ប្រទះ​នឹង​ព្រះ​សុរិយា ដែល​ហៀប​នឹង​អស្ដង្គត ហើយ​បាច​សាច​កម្ទេច​រស្មី ជះ​មក​រោយ​លើ​ប្រាង្គ និង កំពែង​ថ្ម ជាប់​ជា​មួយ​ក្លិន​ប្រហើរ នៃ​ដើម​ស្រូវ ដែល​នៅ​ក្នុង​វាល​ស្រែ ព័ទ្ធ​ជុំ​វិញ​បុរាណ​ដ្ឋាន​នេះ ហាក់​ដូច​ជា​ក្លិន​ក្រអូប​នៃ​កិត្តិ​នាម​ខ្មែរ ដែល​ធ្លាប់​មាន​មក​ពី​យូរ​អង្វែង​ហើយ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ២១ – ៣២


  1. រឿង​ព្រេង​មួយ​ដែល​យើង​ចុះ​ក្នុង​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ភាគ ៥ នោះ មាន​ន័យ​ខាង​ដើម​ប្លែក​ពី​នេះ ប៉ុន្តែ​យើង​យល់​ថា គួរ​តែ​ប្រមូល​ឲ្យ​បាន​ច្រើន​បែប ទុក​ជា​ឯកសារ ព្រោះ​រឿង​ព្រេង​និទាន​ពុំ​សូវ​ដូច​គ្នា​ទេ
  2. តាម​ឯកសារ​បោះពុម្ព​ផ្សាយ​ក្នុង​សៀវភៅ​ភាគ ៥ ថា កុមារ​នេះ​ជា​រាជ​បុត្រ​ស្ដេច​ត្រាញ់ ដែល​បិតា​ឲ្យ​ទៅ​រៀន​នៅ​ប្រទេស​ចិន តែ​ថា​ចៅ​ក្នុង​សំណាក់​ព្រះ​ចៅ​ក្រុង​ចិន ដូច្នេះ​ដែរ