រឿង ប្រាសាទ​ព្រះ​ធាតុ​ទឹក​ឆា

ដោយ​ប្រទេស​ខ្មែរ​យើង ជា​ប្រទេស​មាន​អារ្យធម៌​បរិបូណ៌, កាល​អំពី​ព្រេង​នាយ បាន​ជា​មាន​ប្រាសាទ​បុរាណ នៅ​ពាស​ពេញ​ក្នុង​ផ្ទៃ​អាណាចក្រ​ទាំង​មូល ។ ក្រៅ​អំពី​ខេត្ត​សៀមរាប ដែល​មាន​បុរាណ​វត្ថុ​បែប​នេះ ច្រើន​ជាង​គេ, យើង​ប្រទះ​ឃើញ​នៅ​ខេត្ត​ដទៃ​ៗ ទៀត ក៏​មាន​ច្រើន​ណាស់​ដែរ ដូចជា​ខេត្ត​កំពង់​ធំ, កំពង់​ចាម, បាត់ដំបង, និង តាកែវ ។[1][2][3]

ដើម្បី​ឲ្យ​បាន​ស្គាល់​ទី​កន្លែង​បុរាណ​ៗ ក្នុង​ប្រទេស​ជាតិ​យើង កាន់​តែ​ច្បាស់​ឡើង, ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ សូម​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ប្រាសាទ​បុរាណ​មួយ​ឈ្មោះ “វត្ត​ព្រះ​ធាតុ​ទឹក​ឆា” ស្ថិត​ក្នុង​ឃុំ​ចម្ការ​ស្វាយ ស្រុក​ចម្ការ​លើ ខេត្ត​កំពង់​ចាម ។ ហេតុ​ដែល​នាំ​ឲ្យ​យើង​លើក​ប្រាសាទ​នេះ​មក​អធិប្បាយ ព្រោះ​សព្វ​ថ្ងៃ ឈ្មោះ “ទឹក​ឆា” បាន​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន​មួយ សម្រាប់​ទេសចរ​ជាតិ​យើង ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ពេល​បុណ្យ​ទាន​អ្វី​មួយ ដែល​បាន​ទំនេរ​ពី​ការងារ​មមាញឹក ។ ទេសចរ​ទាំង​នេះ មិន​ត្រឹម​តែ​អ្នក​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ប៉ុណ្ណោះ​ទេ, អ្នក​នៅ​រាជ​ធានី​ភ្នំពេញ​ក្ដី នៅ​ខេត្ត​ដទៃ​ទៀត​ក្ដី តែ​កាល​ណា​ពោល​ពី​ដំណើរ​កម្សាន្ត​ក្នុង​ខេត្ត​កំពង់​ចាម​ហើយ គេ​ពុំ​ដែល​ភ្លេច​ឈ្មោះ “ទឹក​ឆា” ទេ ។ តើ​ទី​នោះ​មាន​អ្វី​ខ្លះ បាន​ជា​លេច​ឮ​ឈ្មោះ​ខ្លាំង​ម្ល៉េះ​?​តាម​ពិត មិន​មាន​ភូមិ​អ្នក​ស្រុក​ផ្សារ​ផ្សោ​អ្វី​ឡើយ, ពី​ដើម​មក មាន​តែ​តួ​ប្រាសាទ​ថ្ម​បាក់​បែក​ស្ទើរ​តែ​អស់​គ្មាន​សល់ ស្ថិត​នៅ​ជា​ពីរ​កន្លែង​ក្បែរ​គ្នា ហើយ​នៅ​ប្រប​ប្រាសាទ​ទាំង​ពីរ​នេះ មាន​ជ្រោះ​ប្រឡាយ​ទឹក​អំពី​បុរាណ​មក ក៏​មាន​ទឹក​ហូរ​ខួប​ប្រាំង​ខួប​វស្សា គឺ​រដូវ​វស្សា​សឹង​មាន​ទឹក​ពេញ​ព្រៀប រដូវ​ប្រាំង​នៅ​សល់​ត្រឹម​ក្បាល​ជង្គង់ ឬ លើ​ក្បាល​ជង្គង់​បន្តិច ។ ទឹក​នេះ​ថ្លា​ឈ្វេង ហើយ​ហូរ​រ៉ិច​ៗ មិន​ចេះ​ឈប់ ជា​ហេតុ​នាំ​ឲ្យ​អ្នក​ផង ទៅ​ងូត​លេង​លំហែ​ប្រាណ​យ៉ាង​សប្បាយ​រីករាយ ។ សង​ខាង​ប្រឡាយ​ទឹក​ថ្លា​ខ្យង​នេះ មាន​រុក្ខា​លតា​វល្លិ ដុះ​ខ្ពស់​ស្រោង​ស្រឹង ប្រទាក់ប្រទិន​គ្នា​បែប​ជា​ព្រៃ​ល្បាត, តែ​សព្វ​ថ្ងៃ​គេ​បាន​កាប់​រំលីង ឲ្យ​បាន​ជា​វាល​មួយ​កន្លែង​យ៉ាង​ធំ នៅ​ត្រង់​ផ្លូវ​ទឹក​នេះ​បែក​ជា​ធ្នារ​ធំ​ល្ហ​ល្ហាច គឺ​ចំ​ត្រង់​តួ​ប្រាង្គ​ថ្ម​ដែល​យើង​អធិប្បាយ​ខាង​លើ​នេះ ។ មិន​តែ​ប៉ុណ្ណោះ រាជការ​បាន​កសាង​ជា​ទំនប់​ទឹក​មួយ​សំខាន់ ដើម្បី​យក​ប្រយោជន៍ អំពី​ប្រឡាយ​ទឹក​បុរាណ នាំ​យក​ទឹក​ទៅ​ចែក​ឲ្យ​ទៅ​វាល​ស្រែ​យ៉ាង​ធំ​ទូលាយ​ក្នុង​ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម និង ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ ។

អាស្រ័យ​ដោយ​ទី​កន្លែង​ត្រជាក់ត្រជំ, ដោយ​ធ្នារ​ទឹក, ដោយ​ម្លប់​ឈើ​ត្រឈឹង​ត្រឈៃ និង ដោយ​ទិដ្ឋភាព​ស្មុគស្មាញ ព្រៃ​ស្រោង ដុះ​ព័ទ្ធ​ប្រាង្គ​សិលា​បុរាណ​ដូច្នោះ​ហើយ, បាន​ជា​ទេសចរ នាំ​គ្នា​ទៅ​ទស្សនា​កម្សាន្ត ក្នុង​ពេល​សម្រាក​មួយ​ដង​មួយ​កាល នាំ​ឲ្យ​លេច​ឮ​ឈ្មោះ​ទី​ឋាន​នេះ​ឡើង​យ៉ាង​ខ្ទរ​ខ្ទារ ។ ម្យ៉ាង​ទៀត គមនាគមន៍ ទៅ​កាន់​ទី​កន្លែង​នេះ​ក៏​ជា​ការ​ងាយ​ផង ត្បិត​រថយន្ត​តូច-ធំ គ្រប់​ម៉ាក គ្រប់​ធុន ទៅ​មក​បាន​ទាំង​អស់ គឺ​ថា​បើ​គេ​ចង់​ទៅ​កាន់​ទី​កន្លែង​នេះ តោង​ទៅ​តាម​ផ្លូវ​ជាតិ​លេខ ៧ (ផ្លូវ​ពី​ភ្នំពេញ​ទៅ​កំពង់ចាម) ទៅ​ដល់​ត្រង់​ផ្សារ​ព្រៃ​ទទឹង ដែល​ជា​ទីតាំង​ស្រុក​ព្រៃ​ឈរ មាន​ផ្លូវ​បំបែក ចូល​តាម​ផ្លូវ​ខេត្ត ខាង​ឆ្វេង​ដៃ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង ។ នៅ​សង​ខាង​ផ្លូវ​ខេត្ត​នេះ មាន​ភូមិ​អ្នក​ស្រុក​ជាប់​រហូត​មិន​ស្ងាត់​ឡើយ ហើយ​សុទ្ធ​ជា​ភូមិ​ស្អាត​បាត, ផ្ទះ​ក្បឿង​ដំបូល​ក្រហម​ឆ្អៅ ថ្នល់​ក៏​ចាក់​ថ្ម​រហូត​មិន​ព្រួយ នឹង​ភក់​ជាប់​ផុង​ឡើយ ។ ចូល​ពី​ផ្លូវ​ជាតិ​ប្រមាណ​ជា ១៣ គីឡូម៉ែត្រ ដល់​ភូមិ​ក្រូច ឃុំ​ក្រូច ត្រូវ​បែក​ចេញ​ពី​ថ្នល់​ខេត្ត ងាក​ទៅ​ស្ដាំ​ដៃ តាម​ផ្លូវ​លំ សសៀរ​បណ្ដោយ​តាម​ប្រឡាយ​ទឹក (ជា​ប្រឡាយ​ដែល​រាជការ​ទើប​តែ​កែ​រៀបចំ​ជា​ថ្មី​យ៉ាង​ស្អាត) ប្រមាណ​ជា ៥ គីឡូម៉ែត្រ​ទៀត ទើប​ទល់​ទៅ​កន្លែង​ធ្នារ​ទឹក​ធំ មាន​បុរាណ​វត្ថុ ដែល​គេ​ហៅថា “ទឹក​ឆា” នោះ ។

ពិត​មែន​ហើយ តែ​យើង​ស្គាល់​សព្វ​ថ្ងៃ​ថា កន្លែង​នេះ បាន​ជា​រមណីយដ្ឋាន​ដ៏​សំខាន់ សម្រាប់​ទេសចរ​ជាតិ, ប៉ុន្តែ​ប្រវត្តិ​ពង្សាវតារ របស់​ទី​ឋាន​នេះ ឋិត​នៅ​ក្នុង​សភាព​ងងឹត​នៅ​ឡើយ ពុំ​ដឹង​ថា តើ​ទី​នេះ ពី​បុរាណ​ជា​ទី​អ្វី ? កើត​មាន ពី​ត្រឹម​ណា​មក ?
ដើម្បី​ជម្រះ​មន្ទិល​ទាំង​នេះ​ខ្លះ ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ បាន​ប្រមែ​ប្រមូល​ឯកសារ ដែល​មាន​តម្កល់​ទុក​យូរ​មក​ហើយ​ផង ហើយ​ចាត់​ឲ្យ​សមាជិក​ទៅ​ពិនិត្យ​សង្កេត​ដល់​ទី​កន្លែង​ផង ក៏​រៀបចំ​ធ្វើ​ជា​សេចក្ដី​រាយការណ៍ អំពី​ទី​កន្លែង​នេះ​ឡើង ដាក់​ចំណង​ជើង​ថា “ប្រាសាទ​ព្រះ​ធាតុ ឬ វត្ត​ព្រះ​ធាតុ” តាម​ឈ្មោះ​បុរាណ​នៃ​ប្រាសាទ ដែល​ហៅថា “គុក​ព្រះ​ធាតុ ឬ វត្ត​ព្រះ​ធាតុ” នៅ​ត្រង់​កន្លែង​ទឹក​ឆា​នេះ ។ ពាក្យ “ទឹក​ឆា” នេះ​ទៀត ក៏​ពុំ​មែន​ជា​ពាក្យ​ទើប​តែ​បង្កើត​ថ្មី​ដែរ គឺ​មាន​តាំង​ពី​យូរ​ណាស់​ហើយ ទើប​បាន​ជា​មាន​ជាប់​ហៅ នៅ​ក្នុង​សៀវភៅ “សិលា​ចារឹក​នៅ​ប្រទេស​កម្ពុជា” របស់​លោក ហ្ស-សឺដែស (Inscription du Cambodge par G. Cœdès) សរសេរ​កំណត់​ឈ្មោះ​កន្លែង​នេះ​ថា “វត្ត​ព្រះ​ធាតុ​នៅ​ទឹក​ឆា” (Vat Parh That de Tuk-C’a) ។

ដើម្បី​នឹង​យក​ជា​សំអាង យើង​តោង​តែង​និយាយ​តាម​សិលា​ចារឹក​មួយ ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ ហើយ​នាំ​មក​តម្កល់​ទុក​នៅ​សារមន្ទីរ​ជាតិ1 នា​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ ។ សិលា​ចារឹក​នេះ នៅ​មាន​រួប​រាង​ល្អ​ស្អាត អក្សរ​នៅ​ច្បាស់ ជា​បន្ទះ​ក្រាស់ កម្ពស់ ១ ម៉ែត្រ (មិន​គិត​ជើង​តម្កល់) ទទឹង​មុខ ០​ម៥០, ខាង​កំពូល​លើ មាន​ឆ្លាក់​ជា​រូប​ព្រះ​គណេស ។ អក្សរ​ចារឹក មាន​ទាំង​សង​ខាង គឺ​ម្ខាង​មាន ២៣ បន្ទាត់ ជា​ភាសា​សំស្ក្រឹត នឹង​ម្ខាង​ទៀត មាន ១៦ បន្ទាត់ ជា​ភាសា​ខ្មែរ ។ សេចក្ដី​ក្នុង​សិលា​ចារឹក​នេះ​ហើយ ជា​ទ្វារ​បើក​ចំហ ឲ្យ​យើង​មើល​ផ្លូវ​ឃើញ​នូវ​ប្រវត្តិ​សាស្ត្រ​ដ៏​វែង​ឆ្ងាយ នៃ​ទី​កន្លែង​នេះ ។

សិលា​ចារឹក​ឲ្យ​ការណ៍​ថា ទី​កន្លែង​នេះ​កសាង​ឡើង តាំង​ពី ៩៤៧ ស័ក2 (គ.ស.​១០២៥) ក្នុង​រជ្ជកាល​ព្រះ​បាទ​សុរ្យវរ្ម័ន​ទី ១ ។ កាល​នោះ​ព្រះ​រាជា ទ្រង់​ទទួល​ប្រោស​ព្រះ​រាជ​ទាន តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ស្នើ​អំពី​អ្នក​ប្រាជ្ញ​ម្នាក់​ឈ្មោះ “ជង្ឃាល” ហើយ​ដែល​មាន​សន្មត​នាម​មួយ​ទៀត​ថា លក្ស្មិន្ទ្រ​បណ្ឌិត ។ លោក ជង្ឃាល បាន​រក​ឃើញ​ទី​ដី​មួយ​កន្លែង​ក្នុង​តំបន់​មួយ ហៅថា សិទ្ធិបុរ (ត្រង់​កន្លែង​ទឹក​ឆា​សព្វ​ថ្ងៃ) មាន​ទំនង​ស្រឡះ​ស្រឡំ​ល្អ ក៏​ទូល​ស្នើ​ចំពោះ​ព្រះ​រាជា សុំ​ទី​នេះ​ធ្វើ​ជា​អារាម សម្រាប់​ធ្វើ​សក្ការ​បូជា​ចំពោះ​សាសនា​ព្រាហ្មណ៍ ដោយ​ថ្វាយ​ទាំង​សេចក្ដី​ព្រាង​សព្វ​គ្រប់ សម្រាប់​រៀបចំ​កន្លែង​នេះ ទុក​ជា​ស្នាដៃ​ដ៏​សំខាន់​ផង ។ គ្រា​នោះ ព្រះ​បាទ​សុរ្យវរ្ម័ន ព្រះ​អង្គ​ទ្រង់​ប្រោស​ព្រះ​រាជានុញ្ញាត តាម​សេចក្ដី​សុំ ព្រម​ទាំង​ប្រទាន នូវ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត ដើម្បី​ជា​មធ្យោបាយ ក្នុង​ការ​កសាង​នេះ​ផង ។

បណ្ឌិត​ជង្ឃាល ឬ  លក្ស្មិន្ទ្រ​បណ្ឌិត ចាប់​ធ្វើ​កិច្ចការ​ស្ថាបនា​នេះ​ឡើង តាម​កម្លាំង​ព្រះ​រាជ​ទ្រព្យ និង តាម​ប្រាជ្ញា​របស់​លោក​ក្នុង​ការ​បញ្ចុះ​បញ្ចូល រក​ជំនួយ​អំពី​អ្នក​ស្រុក លុះ​ត្រា​តែ​បាន​ហើយ​ស្រេច​សព្វ​គ្រប់ តាម​គម្រោង​ដែល​ដាក់​ថ្វាយ​ព្រះ​រាជា​ទ្រង់​ទត ។ គឺ​នៅ​ក្នុង​ប្រាសាទ​ធំ មាន​តម្កល់​សិវ​លិង្គ​មួយ​នៅ​កណ្ដាល សន្មត​នាម​លិង្គ​នោះ​ថា “ស្រីភទ្រេស្វរៈ” និង​ទេវ​រូប​ពីរ​អម​សង​ខាង, មួយ​មាន​នាម​ថា “បរមេស្វរៈ) មួយ​ទៀត​ថា “សរស្វតិ” ។ ចំ​ពី​មុខ, ទិស​ខាង​កើត មាន​គុហា​មួយ​ទៀត ជា​ទេវ​ស្ថាន មាន​ទំហំ​តូច ដែល​សព្វ​ថ្ងៃ​យើង​ឃើញ​បាក់​ធ្លាក់​ថ្ម​គរ​ជា​គំនរ កប់​ក្នុង​ព្រៃ​ក្បែរ​ប្រឡាយ​ទឹក​ជ្រោះ មាន​តែ​ស៊ុម​ទ្វារ​មួយ​នៅ​សល់ គ្រាន់​ជា​ការ​បង្ហាញ​ហេតុ តែ​ប៉ុណ្ណោះ ។ ស្ថាបត្យករ បាន​ចាត់​ការ​ជីក​ស្រះ​មួយ​យ៉ាង​ធំ​ទូលាយ នៅ​ចំហៀង​ខាង​ស្ដាំ​នៃ​ប្រាសាទ ឲ្យ​ឈ្មោះ​ថា “លក្ស្មិន្ទ្រ​ដាក” ហើយ​ប្រតិស្ឋាន​លិង្គ​មាស​មួយ តម្កល់​នៅ​កណ្ដាល​ស្រះ​ផង ។ ព័ទ្ធ​ជុំ​វិញ​នៃ​ទី​បរិវេណ​នេះ មាន​ការ​រៀបចំ​បាន​ជា​ស្រុក​ភូមិ​មួយ យ៉ាង​ស្ដុក​ស្ដម្ភ ដោយ​ប្រជុំ​អ្នក​ស្រុក​ជិត​ខាង ឲ្យ​មក​រស់​នៅ​ជួប​ជុំ​កុះ​កុំ​គ្នា​ឡើង​ក្នុង​សម័យ​នោះ ។ ដូច្នេះ បរិយាកាស​ក្រុង​ថ្មី​នេះ​ឯង ក៏​បាន​ជា​សភាព​អ៊ឹកធឹក​ឡើង ។

ក្រោយ​ដែល​រៀបចំ​រួច​ស្រេច  លក្ស្មិន្ទ្រ​បណ្ឌិត បាន​នាំ​ព័ត៌មាន​ចូល​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុរ្យវរ្ម័ន​ទី ១, ព្រះ​អង្គ​ក៏​ទ្រង់​ស្ដេច​យាង​ប្រារព្ធ​ពិធី​សម្ពោធ​ទី​កន្លែង​នេះ យ៉ាង​មហោឡារិក នៅ​ក្នុង​ឆ្នាំ ៩៤៧ ស័ក (គ. ស. ១០២៥) ដែល​យើង​ចង្អុល​ម្ដង​មក​ហើយ​ពី​ខាង​លើ ។ ក្នុង​ព្រះ​រាជ​ពិធី​សម្ពោធ​នេះ ព្រះ​រាជា​ទ្រង់​ប្រោស​ប្រទាន​នូវ​ធនធាន ជា​ប្រដាប់​ប្រើ​ប្រាស់, ពួក​ពល​ព្រះ ២៩ នាក់, ដី​ស្រែ​នៅ​ជុំ​វិញ​ប្រាសាទ និង​ស្រះ​ទឹក​នេះ​ទាំង​អស់ ព្រម​ទាំង​ទីលាន​ធំ​ៗ សម្រាប់​ប្រកប​ពិធី ឬ ជា​គ្រឿង​លំអ, ទុក​ជា​ទ្រព្យ​ផ្ទាល់​នៃ​គុហា​នេះ​ផង ។ មិន​តែ​ប៉ុណ្ណោះ ព្រះ​អង្គ​បាន​ប្រោស​ព្រះ​រាជ​ទាន នាម​ទី​កន្លែង​នេះ ថា  “លក្ស្មិន្ទ្រ​បថ” ដោយ​និយម​តាម​នាម​បណ្ឌិត អ្នក​កសាង ។
សេចក្ដី​ហូរ​ហែ ដូច​អធិប្បាយ​មក​នេះ​ហើយ ជា​ប្រវត្តិ​ដើម​នៃ​ប្រាសាទ និង ទី​កន្លែង​ទឹក​ឆា ។
ឥឡូវ យើង​អធិប្បាយ​ពី​ទ្រង់​ទ្រាយ ដែល​នៅ​ជា​តម្រាយ សល់​មក​ដល់​សព្វ​ថ្ងៃ​នេះ​ម្ដង ព្រោះ​សម្រាប់​ជួយ​ណែ​នាំ​ផ្លូវ​ពពួក​ទេសចរ​យើង​ដែល​ត្រូវ​ការ​ទស្សនា​ទី​កន្លែង​នេះ​ផង ។

សព្វ​ថ្ងៃ ស្រះ​បុរាណ ដែល​យើង​ពោល​ខាង​លើ​ថា ជា​ស្នាដៃ​បណ្ឌិត​ជង្ឃាល​នោះ​ហើយ ដែល​ជា​ធ្នារ​ទឹក​ដ៏​ធំ​មួយ នៅ​ចំ​មុខ​ទំនប់ ដែល​ក្រសួង​កសិកម្ម ទើប​នឹង​ស្ថាបនា​ឡើង ក្នុង​បច្ចុប្បន្ន​នេះ ។ រីឯ​ប្រឡាយ​ទឹក​នេះ​សោត ហូរ​ធ្លាក់​ពី​សីស​ប្រភព​នៅ​ទិស​ខាង​ជើង ក្នុង​ខែត្រ​កំពង់​ធំ​ឯ​ណោះ ហើយ​ហូរ​ត្រង់​មក​ត្បូង, លុះ​មក​ដល់​ចំហៀង​ប្រាសាទ​នេះ ក៏​ធ្លាក់​ទឹក​ចូល​ក្នុង​រង្វះ​ធំ​មួយ​ដែល​យើង​ហៅថា “ធ្នារ” ខាង​លើ​នេះ​ឯង ។ ពី​បុរាណ​មក ទឹក​ដក់​ពេញ​ព្រៀប​នៅ​ត្រង់​នេះ តែ​មាន​កូន​ជ្រោះ​តូច ។ បែក​មែក​ធាង នាំ​បង្ហូរ​យក​ទឹក​ទៅ​ចាក់​បញ្ចូល​ដី​ស្រែ នា​ភូមិ​ជិត​ខាង​នេះ មាន​ភូមិ​ក្រូច ក្នុង​ស្រុក​ព្រៃ​ឈរ​នោះ​ជាដើម ។ អាស្រ័យ​ប្រឡាយ​ចាស់​ដូច្នេះ​ហើយ បាន​ជា​រាជការ​ខាង​កសិកម្ម ចាត់​ចែង​ក្នុង​ពេល ៥-៦ ឆ្នាំ​កន្លង​ទៅ​នេះ ធ្វើ​ជា​ទំនប់​មួយ រក្សា​ទឹក​ក្នុង​ធ្នារ​នេះ ឲ្យ​រឹត​តែ​ច្រើន​ឡើង សម្រាប់​បន្ថែម​កម្លាំង ឲ្យ​ហូរ​ទៅ​តាម​ប្រឡាយ ដែល​គេ​ជីក​ធ្វើ​សំអាត​ជា​ថ្មី នាំ​ទឹក​ទៅ​ចាក់​ចែក​ឲ្យ​ស្រែ​អ្នក​ស្រុក បាន​ជា​ច្រើន​ពាន់​ហិកតារ ក្នុង​ស្រុក​ព្រៃ​ឈរ និង ស្រុក​បារាយណ៍ ។

ប្រឡាយ​ទឹក ដែល​ហូរ​នាំ​ទឹក​ត្រង់​មក​ពី​ទិស​ខាង​ជើង កាត់​មក​ខាង​ត្បូង ធ្លាក់​ចូល​ធ្នារ​ធំ​រួច​ហើយ ក៏​ឆ្ពោះ​ទៅ​លិច​ត្រង់​ទៅ​វិញ, ដូច​នេះ ប្រឡាយ​ទឹក​ត្រង់​ទឹក​ឆា មាន​សណ្ឋាន​បី​ដូច​ជា​កែង​ជាង​ឈើ ជា​កន្លែង​ដែល​គេ​ងូត​ទឹក​លេង​សព្វ​ថ្ងៃ គឺ​នៅ​ចំ​ត្រង់​កែង​នោះ​ឯង, បើ​នរណា​ចូល​ចិត្ត​ទឹក​រាក់ ក៏​ងូត​ក្នុង​ប្រឡាយ​ចាស់​ខាង​ជើង​ទំនប់ ព្រោះ​ប្រឡាយ​នេះ បាត​ក្រោម​មាន​ទទឹង ប្រមាណ​ជា ៤ ឬ ៥ ម៉ែត្រ​ដែរ ។ ទឹក​ថ្លា​ឈ្វេង មើល​ឃើញ​បាត​រាប​ស្មើ ដែល​មាន​កូន​ថ្ម​ដុំ​តូច​ៗ តម្រៀប​ត្រៀប​ត្រា គួរ​ឲ្យ​ចង់​រើស​យក​មក​មើល ឬ អង្អែល​លេង ។ កូន​ត្រី​មួយ​ហ្វូង​ៗ រត់​ច្រាស​ទឹក​ហូរ ប្រដេញ​គ្នា ។ ឯ​អ្នក​ដែល​ចេះ​ហែល ចូល​ចិត្ត​ហែល​លេង​ក្នុង​ផ្ទៃ​ទឹក​ជ្រៅ ផ្នែក​ខាង​ត្បូង​តំបន់ ដែល​ជា​ធ្នារ​ទឹក​ធំ​ល្ហ​ល្ហាច ។ ជុំ​វិញ​រង្វះ​ទឹក​នេះ មាន​ដើម​ឈើ​ខ្ពស់​ៗ ស្រោង​ស្រឹង ដុះ​ខ្នាន់​ខ្នាប់ នាំ​ឲ្យ​បាន​ជា​ជម្រក នៃ​ទេសចរ ដែល​ទៅ​លេង​កម្សាន្ត​ផង និង​ជា​ទី​ជ្រក​នៅ​នៃ​សត្វ​បក្សា​បក្សី ដែល​ស្រែក​ឆ្លើយ​ឆ្លង​គ្នា បញ្ចេញ​សូរ​ចម្លែក​ៗ រឹត​តែ​បង្កើន​ដួង​ចិត្ត​ពួក​ទេសចរ ឲ្យ​អណ្ដែត​អណ្ដូង​ថែម​ឡើង​ទៀត​ផង ។

ក្រោយ​ពី​ងូត​ទឹក​ជម្រះ​កាយ​ហើយ ទេសចរ អាច​ដើរ​ទៅ​មើល​ដំណែល​ប្រាង្គ​ប្រាសាទ​បុរាណ ដូច​មាន​ប្រវត្តិ ដែល​យើង​អធិប្បាយ​មក​ខាង​លើ​រួច​ហើយ ។ ជា​ដំបូង, គេ​ទៅ​មើល​ទេវ​ស្ថាន​ខាង​កើត​សិន ព្រោះ​នៅ​ជាប់​នឹង​ប្រឡាយ ត្រង់​ទី​ដែល​គេ​ងូត​ទឹក​នេះ​តែ​ម្ដង ចម្ងាយ​ពី​វាល​ទៅ ប្រមាណ​ជា ៥០ ម៉ែត្រ​ប៉ុណ្ណោះ, គឺ​ដើរ​តាម​ផ្លូវ​ជើង​ទក់​ៗ ត្រង់​ទៅ​កើត​ងាក​ខាង​ស្ដាំ មើល​ក្នុង​កន្ត្រប់​ព្រៃ ដែល​មាន​វល្លិ​ដុះ​ពាក់​ព័ទ្ធ​គ្នា ប្រតោង​ទៅ​ដើម​ឈើ​គ្រប​ជិត​ពី​លើ ។ ប្រសិន​ជា​រដូវ​ប្រាំង​ជា​ការ​ស្រួល​ងាយ តែ​បើ​រដូវ​វស្សា មាន​ដើម​បន្លា​ស្អិត​ដុះ​ខ្នាន់​ខ្នាប់ នាំ​ឲ្យ​ពិបាក​រុក​រុល​ចូល ទៅ​ណាស់ ។ ទីនោះ​មាន​តែ​គំនរ​ថ្ម​បាយ​ក្រៀម​បួន​ជ្រុង​ទ្រវែង​ៗ ប្រគង​ប្រគាក់​លើ​គ្នា មាន​ទាំង​ដី​ជាប់​ជិត​ពី​លើ នាំ​ឲ្យ​ដុះ​កូន​ឈើ​តូច​តាច គ្រប​ដណ្ដប់​ដំណែល​នេះ​ផង គ្រាន់​តែ​មាន​រាង​ជា​ខ្លោង​ទ្វារ​មួយ គឺ​មាន​ថ្ម​ដំ​វែង​ៗ បញ្ឈរ​ពីរ និង​គង​ពី​លើ​មួយ សល់​ជា​ដំណែល​អាច​ឲ្យ​សំគាល់​បាន​ថា ជា​ខ្លោង​ទ្វារ​តែ​ប៉ុណ្ណោះ ។

មើល​ទី​នេះ​រួច​ហើយ គេ​ថយ​មក​តាម​ផ្លូវ​ដដែល​វិញ, ដើរ​តាម​ប្រឡាយ​ទឹក​បត់​កែង​ងាក​ទៅ​ស្ដាំ គឺ​ទៅ​លិច​ប្រមាណ​ជា ២០០ ម៉ែត្រ មាន​ស្ពាន​បេតុង ដែល​ជា​ទំនប់ សម្រាប់​ទប់​កុំ​ឲ្យ​ទឹក​ហូរ​ខ្លាំង​ពេក កាល​ណា​បើ​មាន​ទឹក​តិច ហើយ​មាត់​រង្វះ​នេះ អាច​បើក​ឲ្យ​ហូរ​ខ្លាំង​បាន, កាល​ណា​បើ​មាន​ទឹក​ច្រើន​បរិបូណ៌ គឺ​ថា​ត្រង់​នេះ ជា​តំបន់​មាត់​រង្វះ​បើក-បិទ​ប្រឡាយ​ទឹក តាម​គេ​ត្រូវ​ការ ម្ល៉ោះ​ហើយ​បាន​ជា​ពី​ខាង​លើ ត្រូវ​ធ្វើ​ឲ្យ​មាន​សណ្ឋាន​ដូច​ជា​ស្ពាន ដែល​អាច​ឲ្យ​គេ​ដើរ​ឆ្លង​បាន ។ ឆ្លង​ពី​កូន​ស្ពាន​នេះ​ទៅ យើង​នឹង​ប្រទះ​ផ្លូវ​លំ​ស្រឡះ​ស្រឡំ នៅ​បណ្ដោយ​អែប​ប្រឡាយ​នេះ​ឯង ។ យើង​បែរ​ស្ដាំ ដើរ​តាម​ផ្លូវ​លំ​នេះ ប្រមាណ​ជា ២០០ ម៉ែត្រ​ទៅ​ទៀត ស្រាប់​តែ​ប្រទះ​នៅ​ខាង​ឆ្វេង​ដៃ​យើង នូវ​គំនរ​ថ្ម​បាយ​ក្រៀម ដែល​រុះ​ធ្លាក់​រប៉ាត់រប៉ាយ​បង្គរ​គ្នា​ខ្លះ នៅ​ជាប់​តម្រៀប​គ្នា​ជា​កំពែង​បន្ទាយ​ខ្លះ ប៉ុន្តែ​គ្មាន​ក្បាច់​រចនា​ឆើត​ឆាយ​ទេ ។ មិន​តែ​ប៉ុណ្ណោះ មាន​ដើម​ស្រឡៅ, ដើម​ឈើ​ទាល, ដើម​សំរោង ដុះ​ចាក់​ឫស​ច្រវាត់ច្រវែង​ដូច​ពស់​លូន​ប្រពាក់​ប្រព័ន្ធ​គ្នា ពី​លើ​គំនរ​ថ្ម ឬ លើ​កំពែង​ថ្ម​នេះ មាន​ទំហំ​ពីរ​ឱប ឬ បី​ឱប​មនុស្ស ខ្ពស់​លលៃ ងើយ​មើល​ជ្រុះ​ឈ្នួត​ពី​ក្បាល ។ ត្រង់​នេះ នាំ​ឲ្យ​យើង​នឹក​ស្ងើច​រន្ធត់​ចិត្ត ព្រោះ​ទំហំ​ដើម​ឈើ​ដ៏​ធំ​មហិមា​ទាំង​នោះ ពុំ​គួរ​ណា​ដុះ​លើ​គំនរ​ថ្ម​ទាំង​នេះ​កើត​សោះ ហើយ​ថ្ម​នេះ​ទៀត ក៏​ពុំ​គួរ​ណា​នឹង​ទ្រ​ទម្ងន់​ដើម​ឈើ​ដ៏​សម្បើម​ៗ ទាំង​នេះ​រួច​ឡើយ ។ កំពុង​តែ​គិត​យ៉ាង​នេះ យើង​ស្រមៃ​ភ្លែត ទៅ​ដល់​ប្រាសាទ​តា​ព្រហ្ម​នៅ​វង់​អង្គរ ដែល​មាន​ភាព​ទ្រុឌ​ទ្រោម ហើយ​មាន​ដើម​ឈើ​ធំ ដុះ​គ្រប​សង្កត់​ជា​ច្រើន​កន្លែង ពាស​ពេញ​តែ​បរិវេណ​ប្រាសាទ ដែល​មាន​ទំហំ​ធំ​ទូលាយ ជាង​គុក​ព្រះ​ធាតុ ដែល​យើង​អធិប្បាយ​នេះ​ទៅ​ទៀត ។

យើង​ឈាន​ជើង​ចូល​ទៅ ក្នុង​បរិវេណ​គុក​គុហា​បុរាណ​នេះ យើង​ប្រទះ​ឃើញ​រាង​រៅ​ជា​បួន​ជ្រុង​ទ្រវែង បែរ​មុខ​ឆ្ពោះ​ទៅ​ខាង​កើត​ចំ មាន​តែ​ទ្វារ​ចូល​ពីរ​ខាង​កើត​មក, ឯ​ខាង​ជើង និង ខាង​ត្បូង មាន​តែ​បង្អួច​បី​ធំ​វែង ប្រកប​ដោយ​ចម្រឹង​ថ្ម ក្រឡឹង​ជា​ក្បាច់​ជើង​ទៀន, ចំណែក​ខាង​លិច​ចំ ពុំ​មាន​ទ្វារ​បង្អួច​ទេ ។ សព្វ​ថ្ងៃ ជញ្ជាំង​ជុំ​វិញ នៅ​គង់​ទ្រង់​នៅ​ឡើយ ដែល​យើង​និយាយ​មក​ហើយ​ថា មាន​ដើម​ឈើ​ធំ​ៗ ដុះ​ពី​លើ​នោះ​ឯង ។ រីឯ​ដំបូល ឬ កំពូល​ប្រាង្គ​វិញ គ្មាន​នៅ​សល់​បន្តិច​ទេ, សព្វ​ថ្ងៃ នៅ​តាល​ហាល​រក​ឲ្យ​យើង​សន្និដ្ឋាន​ថា តើ​ប្រាង្គ​គុហា​នេះ ពី​ដើម​ឡើយ មាន​កំពូល​ដូច្នេះ ឬ ដូច្នោះ​ពុំ​បាន​ឡើយ, ឃើញ​មាន​តែ​ថ្ម ធ្លាក់​មក​គរ​នៅ​កណ្ដាល​បរិវេណ តែ​មាន​ថ្ម​ខ្លះ​មាន​រាង​រៅ​ទំនង​ជា​ថ្នាក់​កំពូល គឺ​ក្បាច់​ត្របក​ឈូក ដែល​គេ​សម្រាប់​បន្តុប​ធ្វើ​ជា​កំពូល​ប្រាង្គ ធ្លាក់​មក​គរ​លាយ​ឡំ​ជា​មួយ​ថ្ម​ដទៃ​ទៀត​ច្រើន​ផង ។ ទំហំ​តួ​ប្រាសាទ​នេះ មាន​បណ្ដោយ​ប្រមាណ ២០ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ​ប៉ុណ្ណោះ ។ ដុំ​ថ្ម​ទាំង​នោះ ភាគ​ច្រើន​ជា​ថ្ម​បាយ​ក្រៀម ពុំ​សូវ​មាន​ថ្ម​សំលៀង ដែល​ឆ្លាក់​ជា​ក្បាច់​ក្បូរ​ឆើត​ឆាយ​អ្វី​ឡើយ ប្រទះ​ឃើញ​តែ​ផ្ដែ (Linteau) មួយ ដែល​មាន​ឆ្លាក់​ជា​រូប​ព្រះ​នារាយណ៍ នៅ​ចំ​កណ្ដាល និង ក្បាច់​ស្លឹក​ភ្ញី​នៅ​ព័ទ្ធ​ព័ន្ធ​ជុំ​វិញ ។

ការ​ទស្សនា​បុរាណ​ដ្ឋាន​នេះ ធ្វើ​បាន​ស្រួល​តែ​នៅ​រដូវ​ប្រាំង ជា​ជាង​រដូវ​វស្សា ហើយ​ពេល​ថ្មើរ​ម៉ាន​ក៏​មិន​ទាស់ ព្រោះ​មាន​ដើម​ឈើ​ធំ​ៗ ត្រជាក់​ត្រឈៃ មិន​ព្រួយ​ពី​ក្ដៅ​ឡើយ, ប៉ុន្តែ​ពេល​ល្ងាច ឆាប់​ងងឹត​បន្តិច ដោយ​សារ​ម្លប់​ឈើ​ធំ​ទាំង​នោះ ។ ភាគ​ច្រើន អ្នក​ទស្សនា​ទី​កន្លែង​នេះ គេ​ចូល​ចិត្ត​ទៅ​នៅ​ពេល​ព្រឹក ប្រមាណ​ជា​ម៉ោង ៨-៩ ព្រោះ​បាន​ឱកាស​វែង​បន្តិច គឺ​ទៅ​ដល់​ហើយ គេ​ទស្សនា​ពី​បុរាណ​ទាំង​នេះ ឲ្យ​សព្វ​គ្រប់​រហូត​ដល់​ម៉ោង ១១-១២ ថ្ងៃ​ត្រង់, បន្ទាប់​មក គេ​រៀប​ម្ហូប​ម្ហា​អាស្រ័យ​តាម​បែប​ដើរ​ព្រៃ, អាស្រ័យ​រួច គេ​សម្រាក​ដេក​លេង ក្រោម​ដើម​ឈើ​ដ៏​ត្រជាក់​ត្រឈៃ​រហូត​ម៉ោង ២-៣ ទើប​ក្រោក​ឡើង ងូត​ទឹក​លេង លុះ​ដល់​ម៉ោង ៤-៥ រសៀល ទើប​ចេញ​ដំណើរ​ត្រឡប់​មក​លំនៅ​វិញ ។ បើ​ជួន​ជា​ដំណើរ​វិល​ត្រឡប់​នេះ ជា​ពេល​រសៀល​ទាប​ខ្លាំង​បន្តិច​ផង, សម្រែក​បក្សី និង ជំនោរ​ពេល​ល្ងាច រណ្ដំ​ស្លឹក​ឈើ ព្រម​ជា​មួយ​កម្ម​រស្មី​ដ៏​ស្រទន់​នៃ​ព្រះ​សុរិយា​ហៀប​នឹង​អស្ដង្គត ច្បាស់​ជា​រត់​មក​បបោស​អង្អែល​ដួង​ចិត្ត នៃ​ទេសចរ​មិន​ឲ្យ​ដាច់​អាល័យ​បាន​ឡើយ ហាក់​ដូច​ជា​បណ្ដុះ​សេចក្ដី​នឹក​រលឹក​មួយ ឲ្យ​មក​លេង​ទី​នេះ នៅ​ពេល​ណា​មួយ​ទៀត​ជា​មិន​ខាន ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៩ – ២០


  1. សហ. លី-ធាមតេង រៀបរៀង
  2. លេខ​សំគាល់ Cote D. 61.
  3. G. Cœdès, Inscription du Cambodge, Tome V, pp 222-228