រឿង ប្រាសាទ​ភ្នំ​ជីសូរ

ភ្នំ​ជីសូរ ជា​ឈ្មោះ​ទី​កន្លែង​មួយ ដែល​គេ​ស្គាល់​ច្រើន ក្នុង​មជ្ឈដ្ឋាន​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទី​ជិត ឬ ឆ្ងាយ ព្រោះ​ជា​ទី​ដំណែល​បុរាណ ហើយ​ជា​រមណីយដ្ឋាន​ដែល​ទើប​នឹង​រៀបចំ​ថ្មី​ៗ ក្នុង​ប្រទេស​កម្ពុជា​យើង ។ ការ​ល្បី​រន្ទឺ​នាម​ដូច្នេះ ជា​ហេតុ​នាំ​ឲ្យ​អ្នក​ផង​ចង់​ដឹង​អំពី​ភាព​រាង ទី​តាំង និង ប្រវត្តិ​ដើម​របស់​កន្លែង​នេះ ឲ្យ​រឹង​រឹត​បាន​ច្បាស់​លាស់​ឡើង ព្រោះ​បណ្ដា​អ្នក​ដែល​ពុំ​ទាន់​បាន​ឃើញ ក៏​មាន​គំនិត​ឆ្ងល់ ចង់​ឃើញ ចង់​ដឹង​ទាំង​ស្រុង, ចំណែក​អ្នក​ដែល​ធ្លាប់​បាន​ស្គាល់​ហើយ ក៏​រមែង​នៅ​មាន​ឆ្ងល់​ពី​ប្រវត្តិ ដើម​កំណើត​ទី​នេះ ជា​មិន​ខាន​ដែរ ។[1][2][3]

អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ មាន​ភារៈ​ធ្វើ​ការ​ស្រាវ​ជ្រាវ រក​ហេតុ​ផល​ច្បាស់​លាស់ យក​មក​អធិប្បាយ​បញ្ជាក់​ជូន​ក្នុង​គ្រា​នេះ ដោយ​ប្រមូល​ឯកសារ ដែល​សមាជិក​ឆ្លើយ​ឆ្លង​នៅ​ខេត្ត​ក្រៅ សរសេរ​ឲ្យ​ព័ត៌មាន​មក និង ដោយ​ការ​ចាត់​ឲ្យ​សមាជិក ចេញ​ទៅ​ពិនិត្យ​សង្កេត​ផ្ទាល់​ដល់​ទី​កន្លែង ព្រម​ទាំង​សាក​សួរ​អ្នក​ស្រុក ដែល​នៅ​ជិត​ខាង​ទី​នោះ​ទៀត​ផង ។

ភ្នំ​ជីសូរ​ស្ថិត​នៅ​ក្នុង​ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ គឺ​នៅ​ជាប់​នឹង​ផ្លូវ​ជាតិ ដែល​បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ ២ (ភ្នំពេញ-តាកែវ) កាត់​តម្រង់​ទៅ​ឯ​ផ្សារ​ព្រៃ​ល្វា ស្រុក​ព្រៃ​កប្បាស ។ ផ្លូវ​ថ្នល់​ត្រង់​ជើង​ភ្នំ​នេះ ជ្រុង​ខាង​ជើង មាន​បែក​ជា ៣ គឺ​មួយ ចូល​ពី​វត្ត​ប្រាសាទ​នាង​ខ្មៅ, មួយ​បែក​ពី​ផ្លូវ​ជាតិ កាត់​មក​តាម​ផ្សារ​បត់​រកា (សាលា​ស្រុក​សំរោង) និង មួយ​ទៀត​មក​ពី​ផ្សារ​ព្រៃ​ល្វា (សាលា​ស្រុក​ព្រៃ​កប្បាស) មក​ប្រសព្វ​គ្នា​ត្រង់​កន្លែង​នេះ ។ ដូច្នេះ អ្នក​ធ្វើ​ដំណើរ​ទៅ​ពី​ភ្នំពេញ ដោយ​រថយន្ត​ផ្ទាល់​ខ្លួន អាច​បត់​ចូល​តាម​ផ្លូវ​បែក ត្រង់​វត្ត​ប្រាសាទ​នាង​ខ្មៅ​ក៏​បាន ឬ ចាំ​ទៅ​បត់​តាម​ផ្លូវ​បំបែក​ចូល​ផ្លូវ​បត់​រកា​ក៏​បាន ។

សព្វ​ថ្ងៃ នៅ​លើ​កំពូល​ភ្នំ​នេះ មាន​ប្រាសាទ​បុរាណ​មួយ​តូច​ល្មម ប៉ុន្តែ​មាន​របៀប​រៀប​រយ​ប្រកប​ដោយ​ផែន​ទី សមរម្យ​នៅ​ឡើយ ។ ប្រាសាទ​នេះ​ហើយ ដែល​អ្នក​ផង​និយម​ហៅថា “ប្រាសាទ​ភ្នំ​ជីសូរ” ហើយ​ដែល​យើង​អធិប្បាយ​ពី​ខាង​ដើម​ថា អ្នក​ផង​គេ​និយម​ទៅ​ទស្សនា​ជា​ញឹក​ញាប់ ។ តាម​ពិត រូប​រាង​ប្រាសាទ​នេះ ពុំ​មាន​ភាព​ស្ដុក​ស្ដម្ភ ដូច​ប្រាសាទ​អង្គរ ឬ ប្រាសាទ​ដទៃ​ទៀត នៅ​ចំណោម​អង្គរ​ឡើយ, គេ​ប្រទះ​ឃើញ​តែ​កំពែង​ព័ទ្ធ​ជុំ​វិញ​ប៉ុណ្ណោះ ដែល​នៅ​គង់​ទ្រង់ ។ កំពែង​នេះ ធ្វើ​ពី​ថ្ម​ភក់ ឬ ថ្ម​បាយ​ក្រៀម តម្រៀប​គ្នា​ជា​ពីរ​តម្រួត​ក្នុង​ក្រៅ ឃ្លាត​ពី​គ្នា​ប្រមាណ​ជា ២ ម៉ែត្រ ហើយ​ខាង​លើ មាន​តម្រៀប​ថ្ម​ដូច​គ្នា​នេះ ធ្វើ​ជា​ដំបូល​ប្រក់​ពី​លើ អាច​ឲ្យ​មនុស្ស​ជ្រក​នៅ​ក្នុង​នេះ​បាន​យ៉ាង​ស្រួល ។ ជ្រុង​ទាំង​បួន​នេះ មាន​ទ្វារ​ធំ​ៗ នៅ​គ្រប់​ទាំង​បួន​ទិស ដោយ​មាន​ថ្ម​ឆ្លាក់​ជា​ក្បាច់​ត្របក​ឈូក បន្តុប​គ្នា​ជា​កំពូល​ប្រាង្គ ដ៏​មាន​ក្បាច់​ផ្ដែ និង ក្បាច់​ស៊ុម​យ៉ាង​ស្រស់ គួរ​ជាទី​ទស្សនា​ណាស់​ផង ។ សង​ខាង​ទ្វារ​សំខាន់​នេះ មាន​ទ្វារ​តូច​ៗ ពីរ ដែល​មាន​ចន្លោះ ល្មម​តែ​ចុះ​ខ្លួន​មនុស្ស​ម្នាក់​ចេញ​ចូល​បាន ។ រូប​ចម្លាក់​សំខាន់​ជាង​គេ នៅ​ក្នុង​ផ្ដែ​នៃ​ខ្លោង​ទ្វារ​ទាំង​នោះ មាន​រូប​ព្រះ​ឥសូរ គង់​លើ​អាសនៈ ក៏​មាន​ស្រី​ស្នំ​គាល់​ហ្វៅ និង ពពួក​សត្វ​លោក ឱន​ក្បាល​គោរព ដង្កូវ​ដង្ហែ​ខ្លាច​ព្រះ​បារមី ។

សព្វ​ថ្ងៃ កំពែង​ជុំ​វិញ​នេះ ទៅ​ជា​កំពែង​ព្រះ​វិហារ​ព្រះ​ពុទ្ធ​សាសនា ដែល​ទើប​តែ​នឹង​សង់​ឡើង​នៅ​គ្រា​បច្ចុប្បន្ន​ទៅ​វិញ គ្រាន់​តែ​នៅ​សល់​បណ្ណាល័យ​បុរាណ ជា​ថ្ម​បាក់​បែក​នៅ​សល់ សង​ខាង​វិហារ​ប៉ុណ្ណោះ ។
ដូច្នេះ មុន​នឹង​ជម្រាប​ទ្រង់​ទ្រាយ​ច្បាស់​លាស់ ហាក់​ដូច​ជា​ជួយ​បង្ហាញ​ទី​កន្លែង​ហូរហែ ដល់​លោក​អ្នក​អាន យើង​សូម​ជម្រាប​អំពី​ប្រវត្តិ​ពង្សាវតារ​នៃ​បុរាណ​ដ្ឋាន​នេះ ជា​មុន​សិន ។ ប្រវត្តិ​នេះ​ឯង មាន​ពីរ​ស្ថាន គឺ​មួយ​តាម​ការ​ស្រាវ​ជ្រាវ ដោយ​យក​សិលា​ចារឹក​ធ្វើ​ជា​មូលដ្ឋាន និង​មួយ​បែប​ទៀត ផ្អែក​ទៅ​លើ​រឿង​ព្រេង​និទាន ដែល​អ្នក​ស្រុក​និយាយ​រត់​មាត់​ត​ៗ គ្នា ជា​ច្រើន​តំណ​មនុស្ស​មក​ហើយ ។

សិលា​ចារឹក ដែល​អ្នក​ស្រាវ​ជ្រាវ បាន​រក​ឃើញ​នៅ​លើ​ភ្នំ​ជីសូរ ទាំង​អស់​មាន ៤ គឺ បី​ផ្ទាំង ជា​គោល​ដោយ​ខ្លួន​ៗ ពី​គ្នា និង​មួយ​ផ្ទាំង​ទៀត ចារ​ជាប់​នឹង​ស៊ុម​ទ្វារ (Piédroit) ។ សេចក្ដី​ក្នុង​សិលា​ចារឹក​ទាំង​អស់​នេះ​មាន​ចុះ​នាម​ព្រះ​មហា​ក្សត្រ ៣ ព្រះ​អង្គ គឺ​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី ១ (គ. ស. ១០០២-១០៤៩) ព្រះ​បាទ​ធរិណន្ទ្រ​វរ្ម័ន​ទី ១ (គ. ស. ១១០៧-១១១៣) ព្រះ​បាទ​សុរ្យវរ្ម័ន​ទី ២ (គ. ស. ១១១៣- ១១៤៥) ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង ចាប់​សេចក្ដី​បាន​ថា ព្រះ​រាជា​ទាំង ៣ ព្រះ​អង្គ​នេះ មាន​ការ​ទាក់​ទង​ក្នុង​ដំណើរ​សាង​បុរាណ​វត្ថុ​នេះ ជា​ប្រាកដ ។ ដូច្នេះ យើង​ស្រង់​យក​ន័យ​ជា​ដំណើរ​សាង​ទី​កន្លែង​នេះ មក​ចុះ​ក្នុង​សេចក្ដី​ស្រាវ​ជ្រាវ​បាន ដោយ​សង្ខេប​ថា ៖

ចាប់​ផ្ដើម​ឡើង, សិលា​ចារឹក​របស់​បណ្ឌិត​សិវាចារ្យ សរសេរ​ថា កាល​នោះ ៩៣៩ ស័ក (គ. ស. ១០១៧) ក្នុង​រជ្ជ​កាល​ព្រះ​បាទ​សុរ្យ​វរ្ម័ន​ទី ១, លោក​បណ្ឌិត​សិវាចារ្យ បាន​ចូល​បព្វជ្ជា​ក្នុង​សាសនា​ព្រាហ្មណ៍ ស្ថិត​ក្នុង​ទី​អាស្រម​បទ​មួយ​កន្លែង​ឈ្មោះ យោគេន្ទ្រាល័យ ដែល​ពពួក​អ្នក​មាន​សទ្ធា​ជំនាន់​នោះ បាន​រួប​រួម​គ្នា​កសាង​ឡើង នៅ​លើ​កំពូល​ភ្នំ (គឺ​ជីសូរ​នេះ​ឯង) ។ បន្ទាប់​មក មាន​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នាម គម្ដែង​អញ ស្រីវិរិន្ទ្រ ដែល​ជា​អ្នក​ឧបត្ថម្ភ​អាស្រម​បទ “យោគេន្ទ្រា​ល័យ” និង​ជា​ឧបដ្ឋាក​របស់​បណ្ឌិត​សិវាចារ្យ​ផង លោក​បាន​ផ្ដើម​គំនិត រើ​តាក់​តែង​ទី​អាស្រម​នេះ ឲ្យ​បាន​ធំ​ថ្កុំ​ថ្កើង​រុង​រឿង​ទៀត ។ កិច្ចការ​ដ៏​ធំ​នេះ នឹង​ធ្វើ​ទៅ​បាន លុះ​ណា​តែ​មាន​មធ្យោបាយ​គ្រប់​គ្រាន់ ម្ល៉ោះ​ហើយ​បាន​ជា​សិវាចារ្យ និង ស្រីវរិន្ទ្រ បាន​មូល​មតិ​គ្នា​ធ្វើ​ជា​គម្រោង​ការ​មួយ ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​ទ្រង់​ពិនិត្យ ដើម្បី​សុំ​ព្រះ​រាជានុញ្ញាត និង សុំ​ព្រះ​រាជូបត្ថម្ភ​ក៏​ផង ។ កាល​នោះ ព្រះ​បាទ​សុរ្យវរ្ម័ន​ទី ១ ព្រះ​អង្គ​ក៏​ទ្រង់​មេត្តា​ប្រោស តាម​ការ​ស្នើ​នេះ ដោយ​បាន​ទាំង​ប្រោស​ប្រទាន នូវ​វត្ថុ​មាន​តម្លៃ សម្រាប់​ជា​ការ​ចំណាយ​ក្នុង​កិច្ច​ស្ថាបនា​នេះ​ទៀត ។ មិន​តែ​ប៉ុណ្ណោះ ទ្រង់​ប្រោស​ប្រទាន​នូវ​ដី​ត្រង់​តំបន់​ដែល​ហៅថា យោគេន្ទ្រាល័យ និង ដី​ស្រុក​ភូមិ​មួយ ជាប់​នឹង​ទី​នេះ ដែល​មាន​ឈ្មោះ​ថា “យោគេន្ទ្រ​បុរៈ” ដល់​ការ​ស្ថាបនា​នេះ​ទៀត ។ ចាប់​តាំង​ពី​នោះ​មក បណ្ឌិត​សិវាចារ្យ និង គម្ដែង​អញ ស្រី​វរិន្ទ្រ នាំ​គ្នា​ចាត់​ចែង​ស្ថាបនា​ទៅ​នេះ ឲ្យ​កើត​ឡើង​ជា​តួ​ប្រាសាទ​ស្ដុក​ស្ដម្ភ ហើយ​ក៏​សុំ​ប្រោស​ព្រះ​រាជ​ទាន នូវ​នាម​ទី​សក្ការ​សង់​ថ្មី នៅ​លើ​ភ្នំ​នេះ​ឲ្យ​ហៅថា “សុរ្យ​បវ៌ត” ដែល​បាន​ន័យ​ថា ភ្នំ​នៃ​ព្រះ​បាទ​សុរ្យ” ។

កិច្ចការ​ស្ថាបនា​នេះ ពុំ​មែន​ធ្វើ​ហើយ​ភ្លាម​ៗ ទេ, ហេតុ​នេះ​ហើយ​បាន​ជា ផុត​ពី​រាជ្យ នៃ​ព្រះ​បាទ​សុរ្យ​វរ្ម័ន​ទី ១ ទៅ ក៏​នៅ​តែ​បន្ត​កិច្ចការ​នេះ​ត​ទៅ ក្នុង​រាជ្យ​ព្រះ​បាទ​ធរណិន្ទ្រ​វរ្ម័ន​ទៀត រហូត​ដល់​រជ្ជកាល​ព្រះ​បាទ​សុរ្យ​វរ្ម័ន​ទី ២ ទើប​បាន​ហើយ​ស្រេច, ព្រះ​បាទ​សុរ្យ​វរ្ម័ន ទ្រង់​យាង​ធ្វើ​ជា​ព្រះ​រាជាធិបតី ក្នុង​ពិធី​សម្ពោធ​បូជនីយដ្ឋាន​នេះ​ជា​ស្រេច ។ ដោយ​មាន​ដំណើរ​ដូច្នេះ ទើប​សិលា​ចារឹក​ទាំងឡាយ​នៅ​លើ​ភ្នំ​ជីសូរ មាន​ចែង​អំពី​ព្រះ​នាម​ព្រះ​រាជា​ទាំង ៣ អង្គ​នេះ ។ កាល​បើ​បាន​ជា​បូជនីយដ្ឋាន​ស្ដុក​ស្ដម្ភ​ហើយ ពពួក​ព្រាហ្មណ៍ ដែល​ទទួល​ភារៈ​ក្នុង​កិច្ចការ​ស្ថាបនា​នេះ បន្ត​មក​ពី គម្ដែង​អញ​ស្រី​វរិន្ទ្រ នោះ​មក ក៏​កសាង​ជា​បដិមាករ​សំខាន់​ៗ តម្កល់​នៅ​ក្នុង​ទី​នេះ ធ្វើ​ជា​ទី​សក្ការ​បូជា  សម្រាប់​អ្នក​ផង​ទូទៅ  ។   បដិមាករ​សំខាន់​ជាង​គេ   ថ្វាយ​នាម​ថា  “វ្ឫសធ្វជ”
ដែល​ជា​តំណាង​ព្រះ​ឥសូរ1 ហើយ​មាន​ព្រះ​នាម​មួយ​ទៀត ដែល​និយាយ​ក្នុង​សិលា​ចារឹក​ជា​ញឹក​ញាប់ ហៅថា “គម្ដែង ជគត ស្រី សុរ្យ​វរ្ម័ន ទេវៈ” ។

សេចក្ដី​រៀបរាប់​មក​ទាំង​នេះ បញ្ជាក់​តាម​ន័យ​ក្នុង​សិលា​ចារឹក​ទាំង​ប៉ុន្មាន​ផ្ទាំង ដែល​យើង​ចង្អុល​បង្ហាញ​មក​ហើយ​ខាង​លើ ។ បន្ត​ទៅ​ទៀត​នេះ យើង​ងាក​បែរ​ទៅ​លើក​យក​រឿង​ព្រេង តាម​អ្នក​ស្រុក​ចាំ​ត​ៗ គ្នា មក​អធិប្បាយ​ម្ដង, ព្រោះ​ជា​ធម្មតា អ្នក​ស្រុក​ដែល​នៅ​តាម​ទី​កន្លែង​ក្បែរ​ៗ នោះ រមែង​មាន​ចាំ​រឿង​រ៉ាវ​តាម​ស្រុក តាម​ភូមិ​របស់​ខ្លួន រៀង​ៗ ខ្លួន ហើយ​រឿង​ទាំង​នោះ ជួន​កាល ក៏​មាន​សារៈ គួរ​យក​ជា​ការ​បាន​ខ្លះ​ដែ ។

រឿង​ព្រេង​នោះ ដំណាល​ថា ៖ កាល​នោះ មាន​ក្សត្រ​មួយ​ព្រះ​អង្គ ព្រះ​នាម​សុរិយា-ទេវេស សោយ​រាជ្យ​ជា​អង្វែង​មក​ហើយ បាន​កសាង​ព្រះ​រាជ​និវេសន៍​នៅ​ក្បែរ​ជើង​ភ្នំ​មួយ (ភ្នំ​ជីសូរ​សព្វ​ថ្ងៃ) ដែល​មាន​បឹង​ធំ​មួយ​ទៀត ហៅថា “ទន្លេ​ឱម” នៅ​ជាប់​ពី​ខាង​កើត ។ រាជ​និវេសន៍​នេះ ស្ថិត​នៅ​កណ្ដាល​ព្រៃ​មួយ ហៅថា “ព្រៃ​សែន​ភូវាំង”2 ក្រោយ​ដែល​សាង​ព្រះ​រាជ​និវេសន៍​រួច​ហើយ ព្រះ​រាជា​ទ្រង់​ប្រារព្ធ​ធ្វើ​ពិធី​ចម្រើន​ព្រះ​កេស​ព្រះ​រាជ​ឱរស​របស់​ព្រះ​អង្គ ។ ព្រះ​រាជ​ពិធី​យ៉ាង​ឧឡារិក ក៏​ផ្ដើម​ឡើង ដោយ​មាន​ពពួក​ព្រាហ្មណ៍​ព្រឹទ្ធ​កវី ព្រឹទ្ធាចារ្យ ចូល​ថ្វាយ​សព្ទ​សាធុការ​ពរ ចំពោះ​ព្រះ​រាជ​ឱរស បន្ត​បន្ទាប់​គ្នា ។ ពេល​នោះ មាន​ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ​ម្នាក់ ជា​អធិបតី​ក្នុង​ពិធី​នេះ បាន​ចូល​ទៅ​ថ្វាយ​ព្រះ​ពរ​ក្រោយ​គេ មាន​សេចក្ដី ៣ ប្រការ ប្លែក​ពី​គេ​ថា ៖
– សូម​ឲ្យ​មាន​កម្លាំង​ដូច​ស្រមោច
– សូម​ឲ្យ​មាន​ឫទ្ធិ​ដូច​ខ្មោច
– សូម​ឲ្យ​មាន​ចិត្ត​មុត​ដូច​មនុស្ស​ស្រី
ក្រោយ​ដែល​ទ្រង់​ព្រះ​សណ្ដាប់​ឃ្លា​នេះ​ចប់ ព្រះ​រាជា​ទ្រង់​ក្រោធ​នឹង​ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ​មួយ​រំពេច, ប៉ុន្តែ ព្រាហ្មណ៍ សុំ​ព្រះ​រាជានុញ្ញាត ធ្វើ​ជា​ពិសោធ​យក​ជា​បន្ទាល់ ថ្វាយ​ព្រះ​អង្គ​ទ្រង់​យល់​សិន ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ប្រោស​ប្រទាន​តាម​សេចក្ដី​សុំ ។
ដំបូង ត្រង់​ពរ​ថា “ឲ្យ​មាន​កម្លាំង​ដូច​ស្រមោច” ព្រាហ្មណ៍​បង្គាប់​ឲ្យ​ធ្វើ​រូប​ដែក​មួយ ប៉ុន​ខ្លួន​មនុស្ស​ម្នាក់ ហើយ​ហៅ​មនុស្ស​ម្នាក់ ឲ្យ​មក​លើក​រូប​ដែក​នេះ​ល្បង​មើល តែ​លើក​មិន​រួច​សោះ ។ រួច​ព្រាហ្មណ៍​ឲ្យ​យក​ម្ជុល​មួយ​ប៉ុន​ខ្លួន​ស្រមោច មក​កាត់​យក​ប្រវែង​ប៉ុន​ស្រមោច, ប្រឡាក់​ទឹក​ឃ្មុំ ហើយ​យក​ទៅ​ដាក់​ឲ្យ​ស្រមោច​រោម, ពេល​នោះ ស្រមោច​មួយ​ក៏​ពាំ​កំណាត់​ម្ជុល​នោះ​បាត់​ទៅ ។ ព្រាហ្មណ៍ ក្រាប​បង្គំ​ទូល​ព្រះ​មហា​ក្សត្រ​ថា “ក្រាប​ទូល នេះ​ហើយ ដែល​ថា កម្លាំង​ដូច​ស្រមោច” ។

ពរ ទី ២ ដែល​ថា “មាន​ឫទ្ធិ​ដូច​ខ្មោច” ព្រាហ្មណ៍ ឲ្យ​គេ​យក​ខ្មោច​ស្លាប់​តៃហោង ៧ យ៉ាង គឺ ស្លាប់​ដោយ​សម្រាល​កូន ១, ដោយ​ពស់​ចឹក ១, ដោយ​ក្របី​វ័ធ ១, ដោយ​រន្ទះ​បាញ់ ១, ដោយ​គេ​លប​កាប់ ១, ដោយ​លង់​ទឹក ១, ដោយ​ចង​ក ១, ហើយ​ឲ្យ​យក​ខ្មោច​ទាំង ៧ នេះ ទៅ​កប់​នៅ​ឆ្ងាយ​ពី​ភូមិ​ស្រុក រួច​ហើយ​ឲ្យ​យក​ផ្តិល​ប្រាក់​ល្អ​ៗ ទៅ​កប់​នៅ​ចំ​ចន្លោះ​ក្បាល​ខ្មោច​នេះ ។ មិន​តែ​ប៉ុណ្ណោះ​ឲ្យ​យក​ពែ​រួត, ពែ​ហ៊ុម, ពែ​ជើង​ត្រុំ, ពែ​ច្រមុះ​ជ្រូក ជាដើម ទៅ​តម្រៀប​នៅ​លើ​កំណប់​ក្បាល​ខ្មោច​នេះ ដោយ​មាន​ដាក់​បាយ​ស បាយ​ក្រហម ក្បាល​ជ្រូក មាន​ឆ្កាង​នៅ​ត្រង់​នោះ​ផង, លុះ​ដល់​ពេល​យប់​ស្ងាត់ ព្រាហ្មណ៍​ក៏​ប្រើ​ពួក​អមាត្យ​ណា​ម្នាក់​ដែល​ចង់​បាន​ផ្តិល​ប្រាក់ ដែល​កប់​នោះ ឲ្យ​ទៅ​ជីក​យក​ចុះ ។ ពេល​នោះ គ្មាន​នរណា​ម្នាក់ ហ៊ាន​ទៅ​យក​ផ្តិល​ប្រាក់​នោះ​សោះ ។ ត្រង់​នេះ ព្រាហ្មណ៍ ក្រាប​ទូល​ព្រះ​រាជា​ថា “នេះ​ហើយ ដែល​ហៅ​ថា ៖ មាន​ឫទ្ធិ​ដូច​ខ្មោច” ។

ចំណែក​ពរ​ទី ៣ ដែល​ថា “មាន​ចិត្ត​មុត​ដូច​មនុស្ស​ស្រី” នោះ, ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ បាន​ធ្វើ​ការ​ពិសោធន៍​វែង​ឆ្ងាយ ដូច​ត​ទៅ​នេះ ។ ដំបូង​ហៅ​បុរស​កម្សត់​ម្នាក់ មក​និយាយ​ថា ៖ មើល៍ ! សព្វ​ថ្ងៃ​នេះ អ្នក​ឯង​កម្សត់​តោក​យ៉ាក, បើ​ខ្ញុំ​បង្គាប់​ឲ្យ​អ្នក​សម្លាប់​ប្រពន្ធ​អ្នក​ឯង​ចោល, ក្នុង​រយៈ​បី​ថ្ងៃ​ទៀត ខ្ញុំ​នឹង​តាំង​ឲ្យ​អ្នក​ធ្វើ​ជា​មន្ត្រី​ធំ តើ​សុខ​ចិត្ត​ឬ​ទេ ? ។ បុរស​សញ្ជឹង​គិត​មួយ​សន្ទុះ ក៏​ងើប​ឡើង​ឆ្លើយ​ថា “ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ​លោក ! ព្រោះ​ភរិយា​ខ្ញុំ​នេះ បាន​រួម​សុខ-ទុក្ខ កម្សត់​កម្រ​នឹង​គ្នា​យូរ​មក​ហើយ ខ្ញុំ​មិន​ងាយ​បំភ្លេច​សេចក្ដី​កម្សត់​នេះ​បាន​ទេ ហើយ​មួយ​ទៀត ភរិយា​ខ្ញុំ​ជា​មនុស្ស​ស្រី  គ្នា​តែង​ទន់​ភ្លន់​ជានិច្ច   ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​រក​ដាច់​ចិត្ត​សម្លាប់​មិន​កើត” ។ ឮ​សូរ​ឆ្លើយ​ដូច្នេះ ព្រាហ្មណ៍ ក៏​ប្រើ​ឲ្យ​បុរស​នេះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ថ្ងៃ​បន្ទាប់​មក ព្រាហ្មណ៍ ឲ្យ​អមាត្យ​ទៅ​លប​ហៅ​នាង​ជា​ភរិយា​មក​សួរ​ម្ដង ។ នាង​នោះ មក​ដល់​ភ្លាម, ព្រាហ្មណ៍ ក៏​ចាប់​សួរ​ថា ៖ “នែ​នាង” ប្ដី​នាង​ជា​មនុស្ស​ក្រ​ណាស់ អនាគត​នាង​ក៏​ពុំ​មាន​សង្ឃឹម​អ្វី​ដែរ, ដូច្នេះ ខ្ញុំ​ស្នើ​ស្ងាត់​ៗ ជា​មួយ​នាង​ថា បើ​នាង​ហ៊ាន​សម្លាប់​ប្ដី​នាង ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ទៀត ខ្ញុំ​នឹង​លើក​នាង​ជា​ប្រពន្ធ​ពេញ​យស ហើយ​ខ្ញុំ​ប្រគល់​ដាក់​ដៃ​នាង នូវ​ទ្រព្យ​សម្បត្តិ មាន​តម្លៃ​ទាំង​អស់ ។ នាង​ស្រី​នោះ នៅ​ស្ងៀម​មួយ​សន្ទុះ ពុំ​ចេញ​ស្ដី​សោះ, ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ ក៏​អនុញ្ញាត​ឲ្យ​នាង​យក​ទៅ​រេ​គិត​មួយ​ថ្ងៃ​សិន​ចុះ ចាំ​ដល់​ថ្ងៃ​ស្អែក សឹម​មក​ប្រាប់​វិញ ។ នាង​ស្រី​ក៏​លា​ចេញ​ទៅ, លុះ​ដល់​ថ្ងៃ​ស្អែក ត្រឡប់​នាំ​ចម្លើយ​មក​វិញ ។ នាង​ឆ្លើយ​ជម្រាប​ព្រាហ្មណ៍ នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​មហា​ក្សត្រ​ថា “ខ្ញុំ​ព្រម​ធ្វើ​តាម​លោក​ហើយ ព្រោះ​ខ្ញុំ​គ្មាន​សង្ឃឹម​លើ​ប្ដី​ខ្ញុំ​ទេ បើ​រក​ស៊ី​នេសាទ​ត្រី​យ៉ាង​នេះ” ។

គ្រាន់​តែ​នាង​នេះ​ឆ្លើយ​ចប់​ភ្លាម, ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ ក៏​ងាក​បែរ​យ៉ាង​ប្រញាប់ ទៅ​ក្រាប​ទូល​ព្រះ​រាជា​មួយ​រំពេច​ថា “ក្រាប​ទូល នេះ​ហើយ​ជា​បន្ទាល់ ដែល​ទូល​ព្រះ​បង្គំ​ក្រាប​ទូល​ថា ៖ មាន​ចិត្ត​មុត​ដូច​ស្រី” ។
ព្រះ​មហា​ក្សត្រ កាល​បើ​ព្រះ​អង្គ​បាន​យល់​សព្វ​គ្រប់​បន្ទាល់ តាម​ពាក្យ​ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ​រួច​ហើយ  ព្រះ​អង្គ​ក៏​តម្កល់​ព្រាហ្មណ៍​នេះ​ជា​អ្នក​ប្រាជ្ញ​ធំ  ហើយ​ប្រទាន​ពរ​តាម​សេចក្ដី​ប្រាថ្នា ។  ពេល​នេះ ព្រាហ្មណ៍​ក៏​សុំ​ព្រះ​អង្គ​អនុញ្ញាត​សាង​អាស្រម​បទ សម្រាប់​ពួក​ព្រាហ្មណ៍ ឲ្យ​បាន​ស្ដុក​ស្ដម្ភ​នៅ​លើ​កំពូល​ភ្នំ ដែល​ជាប់​នឹង​ព្រះ​រាជ​និវេសនដ្ឋាន​នេះ ។ ដោយ​ចង់​តប​ស្នង សង​គុណ​ព្រាហ្មណ៍​នេះ​ផង, ព្រះ​អង្គ ក៏​ទ្រង់​ប្រោស​ព្រះ​រាជានុញ្ញាត តាម​បំណង​ព្រាហ្មណ៍ ហើយ​ក៏​តាំង​ជា​ព្រះ​គ្រូ​នៃ​ព្រះ​រាជ​បុត្រា​ត​រៀង​ទៅ ។

សេចក្ដី​អធិប្បាយ​ហូរ​ហែ​មក​នេះ សម្រាប់​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ប្រវត្តិ​ដើម នៃ​ប្រាសាទ​បុរាណ​នៅ​លើ​ភ្នំ​ជីសូរ គឺ​មាន​ទាំង​បែប​ប្រវត្តិ​ការណ៍​ផង ទាំង​បែប​រឿង​ព្រេង​ផង ។ ប៉ុន្តែ បើ​យើង​ផ្ទូរ​ផ្ទឹម តាម​បែប​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​វិញ យើង​និយម​យក​សិលា​ចារឹក ធ្វើ​ជា​មូលដ្ឋាន​សំខាន់​ជាង ត្បិត​សិលា​ចារឹក ពុំ​មាន​អ្នក​ណា​កែ​ប្រែ​បាន សូម្បី​បន្តិច​បន្តួច​ឡើយ រី​ឯ​រឿង​ព្រេង​វិញ រមែង​មាន​វិបត្តិ​ឃ្លៀង​ឃ្លាត​ជា​ធម្មតា ព្រោះ​អ្នក​ចាំ នាំ​មក​និយាយ​ត​ៗ គ្នា តែង​តែ​មាន​លើស​ខ្វះ​បន្តិច​ម្នាក់​ៗ ជា​រៀង​រាល់​គ្នា ។ ដូច្នេះ​ទើប​យើង​បញ្ជាក់​បាន​ថា ប្រាសាទ​នៅ​លើ​ភ្នំ​ជីសូរ​នេះ កសាង​ឡើង​តាំង​ពី​រាជ្យ​ព្រះ​បាទ​សុរ្យ​វរ្ម័ន​ទី ១ រវាង គ. ស. ១០០២ ដល់ ១០៤៩ ដើម្បី​ឧទ្ទិស​ថ្វាយ​ទេវ​រូប តំណាង​ព្រះ​សិវៈ ដែល​មាន​សម្មតិ​នាម​មួយ ថាៈ “គម្ដែង​ជគត ស្រី សុរ្យ​វរ្ម័ន ទេវៈ” ឬ​ហៅ​កាត់​ខ្លី​ឲ្យ​ចំ​ថា “ព្រះ​ឥសូរ” ហើយ​ទី​នេះ​ក៏​មាន​នាម​ថា “សុរ្យ​បវ៌ត” បាន​ន័យ​ថា ភ្នំ​នៃ​ព្រះ​បាទ​សុរ្យ​វរ្ម័ន ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៥៣ – ៦៣


  1. អត្ថបទ​នេះ សហ. លី-ធាមតេង ប្រមូល រៀបរៀង
  2. រូប​នេះ​ហើយ ដែល​អ្នក​ស្រុក ហៅថា រូប​ព្រះ​ឥសូរ​ៗ ។ ភ្នំ​នេះ​ក៏​គេ​នាំ​គ្នា​សន្មត​ថា ភ្នំ​បារមី​ព្រះ​ឥសូរ ឬ ហៅ​ខ្លី​ថា "ភ្នំ​បារមី​សូរ" ព្រោះ​គេ​សំគាល់​ថា ព្រះ​បដិមាករ​នេះ មាន​ឫទ្ធិ​សក្ដិ​សិទ្ធិ​ណាស់ ។ ពាក្យ​បារមី​សូរ នេះ​ទៀត ដែល​សព្វ​ថ្ងៃ​ក្លាយ​ទៅ​ជា "ជីសូរ" ឬ អាច​សន្និដ្ឋាន​ដូច្នេះ​វិញ​ក៏​បាន គឺ​ថា ពាក្យ​ជី​នេះ ពោល​សំដៅ​អ្នក​បួស ដូចជា​អ្នក​បួស​ក្នុង​រឿង​នេះ​គេ​ហៅ​គាត់​ថា "ជី​ព្រាហ្មណ៍" លុះ​ដល់​គាត់​ទៅ​តាំង​ទី​លំនៅ​នៅ​នឹង​អាស្រម​ភ្នំ របស់​ព្រះ​បាទ "សុរ្យ" គេ​ក៏​ហៅ​ពួក​គាត់​ខ្លី​ថា "ពួក​ជី​នៅ​ភ្នំ​ព្រះ​សូរ្យ" យូរ​ៗ ក៏​ក្លាយ​ទៅ​ជា "ជីសូរ" យ៉ាង​ខ្លី​ទៅ​ដូច្នេះ​ក៏​បាន
  3. តាម​ឯកសារ​លេខ ៩៤-០២៧ របស់​លោក ទេព-រស់ ឲ្យ​ការណ៍​ថា សព្វ​ថ្ងៃ​នៅ​មាន​សល់​ស្នាម​ជា​ប្រាសាទ​ចាស់ និង មាន​ព្រះ​ពុទ្ធ​រូប​ចូល​និព្វាន​មួយ នៅ​ត្រង់​កន្លែង​នោះ​ផង