រឿង ពស់​ថ្លាន់​ក្អែ​ពិស

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ទើប​តែ​នឹង​ការ​ប្រពន្ធ​ហើយ ថ្មី ៗ ។ ថ្ងៃ​មួយ​បុរស​នោះ នាំ​ប្រពន្ធ​ទៅ​លេង​ឯ​ផ្ទះ​ឪពុក​ម្ដាយ​របស់​ខ្លួន ។ ពេល​នោះ​មាន​ពស់​ថ្លាន់​មួយ​លូន​ចេញ​ពី​ព្រៃ​មក បាន​ឃើញ​ដាន​ជើង​បុរស​ប្ដី​ប្រពន្ធ​នៅ​តាម​ផ្លូវ​ធ្លា ក៏​លិទ្ធ​ដាន​ជើង​នោះ ។ ដោយ​អំណាច​ពិស​ដ៏​ខ្លាំង អស្ចារ្យ​របស់​ពស់​ថ្លាន់ បុរស​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក៏​បាន​ស្លាប់ ក្រោយ​ដែល​បាន​ទៅ​ដល់​ផ្ទះ​ឪពុក​ម្ដាយ​របស់​ខ្លួន ។ [1]

ឪពុក​ម្ដាយ​ព្រម​ទាំង​បង​ប្អូន​ញាតិ​សន្ដាន​ទាំង​អស់ យំ​សោក​អាឡោះ​អាល័យ​សង្រេង​សង្រៃ​គ្រប់ ៗ គ្នា ព្រម​ទាំង​នាំ​គ្នា​ធ្វើ​បុណ្យ​ខ្មោច​នោះ ។ ដើម្បី​អួត​អាង​អំពី​ឥទ្ធិពល​នៃ​ពិស​របស់​ខ្លួន ពស់​ថ្លាន់​ក៏​សួរ​ទៅ​សត្វ​ក្អែក​ថា “បង​ក្អែក ! ខ្ញុំ​ឮ​សូរ​មាត់​មនុស្ស​អ៊ូអរ​ម្ល៉េះ​នៅ​ក្នុង​ភូមិ ? ” ។ ក្អែក​ឆ្លើយ​ថា “ គេ​សើច​សប្បាយ​ទេ​តើ ព្រោះ​គេ​ធ្លាប់​ដឹង​ថា​ពស់​បង​ថ្លាន់​ឯង​នេះ​ពូកែ​ណាស់ គ្រាន់​តែ​លិទ្ធ​តាម​ស្នាម​ជើង​ក៏​ស្លាប់​បាន​ដែរ តែ​ឥឡូវ​នេះ​លិទ្ធ​ស្នាម​ជើង​របស់​គេ​ទៅ​ហើយ បែរ​ជា​មិន​ស្លាប់​ទៅ​វិញ ទើប​គេ​សើច​សប្បាយ​រីករាយ​ទាំង​អស់​គ្នា” ។ ថ្លាន់​ឮ​ដូច្នោះ​នឹក​អន់​ចិត្ត​ថា “ពិស​របស់​អញ​ធ្លាប់​តែ​ពូកែ​ឆុត​ឆាប់​គ្រាន់​តែ​លិទ្ធ​ស្នាម​ជើង​គេ​ក៏​ងាប់​ដែរ បើ​ឥឡូវ​លែង​ពូកែ​វិញ នឹង​ទុក​​វា​ធ្វើ​អី ត្រូវ​តែ​ក្អែ​វា​ចោល​ចេញ​ឲ្យ​អស់​ពី​ខ្លួន ” ។ គិត​ហើយ​ក៏​ក្អែ​ពិស​របស់​ខ្លួន ចោល​ចេញ​អស់​គ្មាន​សល់ ” ។

ពពួក​សត្វ​ទាំង​ឡាយ មាន​ពស់, ត្រី, ក្អែប, ខ្ទួយ, សង្អារ, ស្រាំង, ឪម៉ាល់​ជា​ដើម បាន​ដឹង​ថា “ ថ្លាន់​ក្អែ​ពិស​ចោល ក៏​នាំ​គ្នា​លូន នាំ​គ្នា​ហើរ​មក​ដណ្ដើម​យក​ពិស​របស់​ថ្លាន់​គ្រប់ ៗ គ្នា ខ្លះ​បាន​ច្រើន ខ្លះ​បាន​តិច ខ្លះ​ទៀត​ក៏​មិន​បាន ដោយ​មក​មិន​ទាន់​គេ ។

សត្វ​ពស់​ដែល​យក​ពិស​ថ្លាន់​ច្រើន​ជាង​គេ គឺ​ពស់ ព្រលិត, ច័ន​ទ្រមម, ពស់​ដី, ពស់​ប្រេង, ពស់​ត្រី, ពស់​ព្រៃ, ពស់​ខ្សែ​គោ, ពស់​កុក, ពស់​ផ្កា​បបុះ, នឹង​ពស់​សម្លាប់​កង្កែប​ជា​ដើម ។ ពពួក​ពស់​ទាំង​នេះ យក​ពិស​ថ្លាន់​បាន​ច្រើន​ជាង​គេ​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ឥឡូវ ពស់​ទាំង​នេះ ទៅ​ជា​ចឹក​មនុស្ស​មិន​ស្លាប់ គ្មាន​ឈឺ​ចាប់​អ្វី​សោះ, ព្រោះ​ពិស​ថ្លាន់​គេ​ថា បើ​មាន​ច្រើន​ត្រលប់​ជា​គ្មាន​ឈឺ​​ចាប់​ទៅ​វិញ ដោយ​ពេល​ដែល​ចឹក​មនុស្ស​នោះ ពិស​វា​រត់​ហួស ។

ពពួក​ពស់​ដែល​យក​ពិស​ថ្លាន់​បាន​តិច​ល្មម​នោះ​គឺ ពស់​វែក​ដំបូក, វែក​ស្រងែ, វែក​ក្របី, ស្នា​អន្សោង, ពព្លាក់ ជា​ដើម ហេតុ​នេះ​ហើយ បាន​ជា​ពពួក​ពស់​នេះ មាន​ពិស​ពូកែ​ឆុត​ឆាប់​ណាស់ តែ​ចឹក​ហើយ កម្រ​នឹង​មើល​ជា​បាន ។

ចំណែក​ឯ​សត្វ ត្រី​អណ្ដែង, កញ្ចុះ, ឆ្លាំង, ខ្ទួយ, ក្អែប, ខ្យាដំរី, ស្រមោច, សង្អារ, ស្រាំង, ឪម៉ាល់, ឃ្មុំ, ព្រួត ដែល​ទៅ​ក្រោយ​គេ ក៏ ប្រមូល​យក​តែ​ពិស​ដែល​នៅ​សល់​បន្តិច​បន្តួច យក​មក​ប្រឡាក់ ៗ ចុង​ធ្មុង និង​ទ្រនិច​រៀង ៗ ខ្លួន ហេតុ​នោះ​ហើយ​បាន​ជា​ពពួក​សត្វ​ទាំង​នេះ​មាន​ពិស​តិច​តួច​មក​ដល់​សព្វ​ថ្ងៃ ។
រីឯ​ត្រី​ក្រមម និង​ទីពោ ខឹង​ណាស់ ព្រោះ​ដណ្ដើម​យក​ពិស​ថ្លាន់​មិន​បាន​នឹង​គេ ក៏​ស្រែក​យំ​ហើម​មុខ​ស្ពុល ។ ត្រី​សណ្ដាយ ឃើញ​ត្រី​ក្រមម​យំ​សោក​ដូច្នេះ ក៏​សើច​ក្អាកក្អាយ មិន​ឈប់​ឈរ ទាល់​តែ​រយះ​មាត់​អស់ ។ ព្រោះ​ហេតុ​នោះ​ហើយ បាន​ជា​ត្រី​ក្រមម​មាន​មុខ​ស្ពុល​ធំ, ឯ​ត្រី​សណ្ដាយ​មាន​មាត់​វែង​ច្រវាប ៗ រហូត​មក​ដល់​សព្វ​ថ្ងៃ ។
ពស់​ថ្លាន់ កាល​បើ​ក្អែ​ពិស​ចោល​អស់​ហើយ ក៏​អស់​ឫទ្ធិ​អំណាច​ដោយ​ចាញ់​ឧបាយកល​សត្វ​ក្អែក ។ ចាប់​តាំង​ពី​ពេល​នោះ​មក មនុស្ស​ទាំង​អស់​ក៏​មាន​សេចក្ដី​រីក​រាយ ដោយ​ពស់​ថ្លាន់​អស់​ពិស​ដ៏​ខ្លាំង​ក្លា​នោះ លែង​មាន​សេចក្ដី​ព្រួយ​បារម្ភ​ចំពោះ​គ្រោះ​ថ្នាក់ ដោយ​សារ​សត្វ​ពស់​ថ្លាន់ រៀង​មក​ដល់​សព្វ​ថ្ងៃ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ២៧ – ២៩


  1. ចម្លង​ពី​ឯកសារ​ទំនៀម​ទម្លាប់​លេខ ២៧-០៧៣ របស់​លោក អ៊ុំ-ឈុំ នៅ​សង្កាត់ លេខ ៣ ក្រុង​ភ្នំពេញ ។ សម្រួល​សេចក្ដី​ដោយ ស្ដើង-ធូរ