រឿង ព្រេង​ភ្នំ​វរវង្ស​សូរ​វង្ស

ឮ​សូរ​ឈ្មោះ ភ្នំ​វរវង្ស​សូរវង្ស យើង​សព្វ​ថ្ងៃ​ដូចជា​ងឿង​បន្តិច​ដែរ ព្រោះ​នឹក​ទៅ ពុំ​ធ្លាប់​បាន​ឮ​ឈ្មោះ​នេះ នៅ​ទី​ណា ឲ្យ​ជាក់​ច្បាស់​សោះ លើក​លែង​តែ​អ្នក​ចាស់​ទុំ ហើយ​ធ្លាប់​នៅ​ជិត​ខាង​ទី​កន្លែង​នោះ​ផ្ទាល់​តែ​ម្ដង ។ តាម​ពិត ឈ្មោះ “ភ្នំ​វរវង្ស​សូរវង្ស” មាន​ជាប់​នៅ​ក្នុង​រឿង​ព្រេង​យើង គឺ​គេ​សំគាល់​យក​ភ្នំ​វែង​អន្លាយ​ចាប់​តាំង​ពី​ក្នុង​ខេត្ត​កំពង់ស្ពឺ រហូត​ដល់​ដី​ខេត្ត​កោះកុង​សព្វ​ថ្ងៃ ។ បើ​និយាយ​ឲ្យ​ចំ​ទៅ​ទៀត គឺ​ភ្នំ “គិរីរម្យ” នេះ​ឯង ។ ឈ្មោះ​គិរីរម្យ ជា​នាម​ថ្មី ទើបតែ​ប្រតិស្ឋាន​ឡើង រវាង​ឆ្នាំ ១៩៣០ ប៉ុណ្ណោះ ដូច្នេះ​ហើយ បាន​ជា​អ្នក​ផង តែង​ឆ្ងល់​ថា ឈ្មោះ “គិរីរម្យ” មិន​សម​ជា​ឈ្មោះ​ពី​បរម​បុរាណ​សោះ សម​តែ​ជា​នាម​ថ្មី ដែល​អ្នក​ចេះ​ភាសា​បាលី ទើប​តែ​សន្មត​ឡើង  ។ មតិ​នេះ យល់​ត្រូវ​ណាស់ ព្រោះ​តាម​ឯកសារ​ដែល​មាន​ខ្លះ នៅ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ និង តាម​ការ​សាក​សួរ​ចាស់​ៗ ដែល​នៅ​ចេះ​ចាំ​រឿង​នេះ បាន​បញ្ជាក់​ថា ពី​ដើម ភ្នំ​គិរីរម្យ ទាំង​មូល រួម​បញ្ចូល​ទាំង​ភ្នំ​ជិត​ខាង​ផង អ្នក​ស្រុក​ហៅថា “ភ្នំ​វរវង្ស​សូរវង្ស” ទាំង​អស់ ។ [1][2]

ទើប​តែ​ក្នុង​រវាង គ.ស. ១៩៣០–៣១ ប៉ុណ្ណោះ ទើប​មាន​នាម​ថា “គិរីរម្យ​” នេះ​កើត​ឡើង ។ ដើម​ហេតុ​នាំ​ឲ្យ​កើត​ឈ្មោះ​ថ្មី​នេះ គឺ​កាល​នោះ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​មុនីវង្ស ទ្រង់​បាន​យាង​ទៅ​លំហែ​ព្រះ​កាយ នៅ​លើ​ខ្នង​ភ្នំ​ត្រង់​ទី​នោះ ហើយ​ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​ទេស​ភាព អាកាស​ធាតុ នៅ​ទី​នេះ ទើប​ទ្រង់​ប្រទាន​នាម​ថ្មី​ថា “គិរីរម្យ” ដែល​បាន​ន័យ​ថា “ភ្នំ​ជា​ទី​រីក​រាយ” ជាប់​រហូត​មក1, ប៉ុន្តែ​នាម​នេះ សំគាល់​តែ​ត្រឹម​ខ្នង​ភ្នំ​មួយ​កន្លែង​នេះ​ឯង, ដូច្នេះ បាន​ជា​ខ្នង​ភ្នំ​ផ្សេង​ៗ នៅ​ជិត​ខាង សុទ្ធ​តែ​មាន​នាម​ដោយ​ឡែក​ៗ ទៅ​ទៀត ដូច​ភ្នំ​កូន​សត្វ, ភ្នំ​កម្មជ្ជវាត, … ។

រីឯ​ឈ្មោះ​ដើម ដែល​អ្នក​ស្រុក​ធ្លាប់​ហៅថា ភ្នំ​វរវង្ស​សូរវង្ស​នោះ គឺ​សំដៅ​យក​តួ​ជួរ​ភ្នំ​ទាំង​មូល ហើយ​គេ​មាន​ទាំង​ចាំ​រឿង​ព្រេង​និទាន ពី​ឈ្មោះ​ភ្នំ​នេះ ដូច​តទៅ ៖
សេចក្ដី​ដំណាល​ថា : កាល​ពី​ព្រេង​នាយ មាន​ព្រះ​រាជា ១ ព្រះ​អង្គ ព្រះ​នាម​ព្រះ​បាទ​សូរិយា សោយរាជ្យ​នៅ​ក្រសន់​នគរ ។ ព្រះ​មហាក្សត្រ​នេះ មាន​ព្រះ​អគ្គ​មហេសី​ពីរ​ព្រះ​អង្គ​គឺ : ទី ១ ព្រះ​នាម​វង្សធ្យា មាន​ព្រះ​រាជ​បុត្រ​ពីរ​ព្រះ​អង្គ​គឺ : វរវង្ស និង សូរវង្ស, ទី ២ ព្រះ​នាង​មន្ទា មាន​ព្រះ​រាជ​បុត្រ ១ ព្រះ​អង្គ​គឺ វៃវង្សា ។
ចាប់​តាំង​ពី​ព្រះ​រាជ​បុត្រ ៣ ព្រះ​អង្គ មាន​ព្រះ​ជន្ម​ពេញ​វ័យ​កាល​ណា ព្រះ​នាង​មន្ទា ជា​មហេសី​ចុង កើត​មាន​សេចក្ដី​ច្រណែន​ឈ្នានីស ដោយ​ខ្លាច​រាជ្យ​សម្បត្តិ​ធ្លាក់​ទៅ​លើ​ព្រះ​រាជ​បុត្រ​នៃ​មហេសី​ដើម ។ ដូច្នេះ ព្រះ​នាង​មន្ទា ក៏​រក​រឿង​ញុះញង់​បំបែក​បំបាក់​រៀង​រាល់​ថ្ងៃ ។

ថ្ងៃ​មួយ ព្រះ​រាជ​កុមារ​សូរវង្ស និង វរវង្ស នាំ​បង​ប្អូន​ដើរ​លេង​កម្សាន្ត​តាម​ទី​ធ្លា, ស្រាប់​តែ​នាង​មន្ទា ចាប់​ព្រះ​រាជ​កុមារ​ទាំង​ពីរ យក​មក​គាម​ជាប់​នៅ​ចន្លោះ​ភ្លៅ ហើយ​ស្រែក​ចៅរ៉ៅ​ប្រាប់​ឲ្យ​អ្នក​ផង​ឮ​ថា : ព្រះ​រាជ​កុមារ​ទាំង​ពីរ ប្រមាថ​មើល​ងាយ​ខ្លួន ហ៊ាន​មក​ចាប់​ធ្វើ​ការ​មិន​គប្បី ចំពោះ​មាតា​ចុង​ទាំង​កម្លាំង ។ ព្រះ​បិតា បាន​ឃើញ​ដូច្នោះ ខ្ញាល់​យ៉ាង​ខ្លាំង ហើយ​បញ្ជា​ឲ្យ​ពេជ្ឈឃាដ​នាំ​យក​កុមារ​ទាំង​ពីរ​ទៅ​សម្លាប់ ដោយ​ឥត​បាន​ពិចារណា ។

ប៉ុន្តែ​ដោយ​បុណ្យ​បារមី​នៃ​ព្រះ​រាជ​កុមារ ក្នុង​ពេល​ដែល​ពេជ្ឈឃាដ​រៀប​នឹង​សម្លាប់ ព្រះ​នាង​វង្សធ្យា​ជា​មាតា បាន​ទៅ​ទាន់ អង្វរ​ពេជ្ឈឃាដ​សុំ​កុំ​ឲ្យ​សម្លាប់ ពេជ្ឈឃាដ​មាន​ចិត្ត​មេត្តា ក៏​ជួយ​ពង្វេះ​គេ​ចចេញ​ពី​ព្រះ​នគរ ព្រះ​មាតា​បាន​ទាំង​ប្រគល់​ឲ្យ​ព្រះ​រាជ​កុមារ នូវ​ព្រះ​ទម្រង់​រាជ្យ​មួយ​ៗ ម្នាក់​ផង ហើយ​សន្យា​ថា : ដល់​គម្រប់ ១០ ឆ្នាំ ឲ្យ​វិល​មក​ព្រះ​នគរ​វិញ ។

ព្រះ​រាជ​កុមារ​ទាំង ២ ពង្ស បាន​ទទួល​បណ្ដាំ​ព្រះ​មាតា ហើយ​យាង​កាត់​ព្រៃ​ព្រឹក្សា​ផ្សង​ព្រេង​តាម​វាសនា, ដោយ​ទ្រង់​អស់​ព្រះ​កាយ​ពល​ខ្លាំង ក៏​ទ្រង់​ផ្ទំ​លក់​ក្រោម​ម្លប់​ឈើ នា​ព្រៃ​ដ៏​ស្ងាត់​ជ្រងំ ។
លំដាប់​នោះ ព្រះ​ឥន្ទ្រាធិរាជ បាន​ទត​យល់​ព្រះ​រាជ​កុមារ​ភ្លាម ក៏​និម្មិត​ជា​មាន់​ស ១ ខ្មៅ ១ ចុះ​មក​រក​ស៊ី នៅ​ក្បែរ​ព្រះ​រាជ​កុមារ ហើយ​និយាយ​ថា ៖
“ខ្ញុំ​ជា​មាន់​ខ្មៅ បើ​អ្នក​ណា​បាន​ស៊ី​សាច់​ខ្ញុំ កន្លង​តែ ៧ ឆ្នាំ នឹង​បាន​សោយ​រាជ្យ” ។
“ចំណែក​ខ្ញុំ​ជា​មាន់​ស ក៏​ដូច្នោះ​ដែរ, បើ​អ្នក​ណា​បាន​ស៊ី​សាច់​ខ្ញុំ កន្លង​ទៅ​តែ ៧ ខែ នឹង​បាន​សោយ​រាជ្យ” ។
មាន់​ទាំង​ពីរ ជជែក​គ្នា​ហើយ ជល់​គ្នា​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​រាជ​កុមារ​រហូត​ដល់​ស្លាប់​រៀង​ខ្លួន ។ ព្រះ​រាជ​កុមារ​ទាំង​ពីរ នឹក​ឆ្ងល់​ក្នុង​ព្រះ​ទ័យ​ខ្លាំង​ណាស់ ហើយ​ដោយ​ឃ្លាន​អាហារ​ខ្លាំង​ពេល​ផង, សូរវង្ស ក៏​រើស​យក​មាន់​ស ឯ​វរវង្ស​ជា​ប្អូន ក៏​រើស​យក​មាន់​ខ្មៅ យក​ទៅ​ចម្អិន​សោយ​ដោយ​សុខ​សាន្ត ។ លុះ​សោយ​សាច់​មាន់​នោះ​រួច​ហើយ ព្រះ​រាជ​កុមារ​ទាំង ២ ពង្ស ក៏​ធ្វើ​ដំណើរ​ទៅ​ទៀត អស់​រយៈ​កាល ៧ ខែ​គត់ បាន​ដល់​ទៅ​សាលា​សំណាក់​មួយ នៅ​ក្នុង​ព្រៃ នា​នគរ​គន្ធព​បុរី ហើយ​សម្រាក​នៅ​ទី​នោះ ។

និយាយ​ពី​នគរ​នេះ ក្រោយ​ដែល​ព្រះ​រាជា​សោយ​ទិវង្គត​ទៅ នា​ម៉ឺន សេនាមាត្យ រៀបចំ​ធ្វើ​ការ​ផ្សង​រក​អ្នក​មាន​បុណ្យ ដើម្បី​គ្រង​រាជ្យ​សម្បត្តិ​នៅ​ប្រទេស​ខ្លួន ។ កាល​ដែល​បាន​រៀប​ក្បួន​ស្រេច​ហើយ ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ ដោយ​ឲ្យ​រាជ​គជេន្ទ្រ​ដែល​តាំង​បុស្ស​បុក​នៅ​មុខ​គេ​បង្អស់ ហើយ​អធិដ្ឋាន​ថា : បើ​អ្នក​ណា​ជា​អ្នក​មាន​បុណ្យ សូម​ឲ្យ​រាជ​គជេន្ទ្រ​នេះ ឈប់​ភ្លាម​នៅ​ចំពោះ​មុខ​អ្នក​មាន​បុណ្យ​នោះ ។
កាល​ដែល​រាជ​គជេន្ទ្រ មក​ដល់​សាលា​សំណាក់ ដែល​ព្រះ​រាជ​កុមារ​ទាំង​ពីរ​កំពុង​ផ្ទំ​លក់ ក៏​ឈប់​នៅ​ស្ងៀម, ក្រុម​សេនាមាត្យ នាំ​គ្នា​ឡើង​ទៅ​លើ​សាលា ហើយ​សូម​យាង​ព្រះ​រាជ​កុមារ​នាម​សូរវង្ស ឲ្យ​យាង​ទៅ​គ្រង​រាជ​សម្បត្តិ​នៅ​គន្ធព​បុរី​នោះ ។

ព្រះ​រាជ​កុមារ ពុំ​ព្រម​ទទួល​សោះ ដោយ​ប្រកែក​ថា​គ្មាន​សមត្ថភាព តែ​សេនាមាត្យ​មិន​ព្រម នាំ​គ្នា​បី​ត្រកង​លើក​ដាក់​លើ​បុស្សបុក ហើយ​ហែ​ទៅ​កាន់​រាជ​ធានី ។ ព្រះ​កុមារ នឹក​អាល័យ​ដល់​វរវង្ស​ជា​ប្អូន​ខ្លាំង​ណាស់, សុំ​ឲ្យ​សេនាមាត្យ​យក​វរវង្ស​ជា​ប្អូន​ទៅ​ផង តែ​គេ​ពុំ​ព្រម​យក ។ លុះ​ទៅ​ដល់​ព្រះ​នគរ ក៏​រៀបចំ​ព្រះ​រាជ​អភិសេក​សូរ​វង្ស ជាមួយ​ព្រះ​នាង​សបុប្ផា ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​អតីត​មហា​ក្សត្រ​នគរ​នេះ និង ថ្វាយ​រាជ្យ​ជា​ព្រះ​មហា​ក្សត្រ​ដោយ​សុខ​សាន្ត ។
ចំណែក​ព្រះ​រាជ​កុមារ​វរវង្ស កាល​ក្រោក​ឡើង​បាត់​ព្រះ​រៀម​ពុំ​ឃើញ ក៏​ទ្រង់​ព្រះ​កន្សែង​ព្រួយ​ព្រះ​រាជ​ហឫទ័យ​យ៉ាង​ខ្លាំង ដើរ​ស្រែក​ដង្ហោយ​ហៅ​ពាស​ពេញ​ព្រៃ តែ​មិន​ឃើញ​សោះ ។ វរវង្ស អស់​សង្ឃឹម មិន​ដឹង​ទៅ​រក​ឯ​ណា ក៏​យាង​កាត់​ព្រៃ​តាម​ដាន​ជើង​ដំរី​រាជ​នោះ ទៅ​ដល់​វាំង​នៃ​ព្រះ​រៀម សុំ​អ្នក​យាម​ទ្វារ​ចូល​តាម​ទៅ​រក តែ​គេ​ពុំ​ព្រម​ឲ្យ​ចូល ដោយ​កំហែង​គំរាម​ថែម​ទៀត ។ ព្រះ​រាជ​កុមារ ក៏​គេច​ចេញ​អំពី​ទី​នោះ​ទៅ តាម​យថាកម្ម ។ លុះ​ដើរ​កាត់​ព្រៃ​អស់ ៥ យប់ ៥ ថ្ងៃ ទើប​បាន​ទៅ​ដល់​ផ្ទះ​ដូច​ចាស់​ម្នាក់ នៅ​ក្បែរ​វាំង​នៃ​ព្រះ​រាជា នាម​ព្រះ​បាទ​ធរណិត នា​នគរ​មួយ ហើយ​សុំ​ដូន​ចាស់​នោះ នៅ​ស្នាក់​អាស្រ័យ​មួយ​យប់​ផង ដូន​ចាស់​ក៏​ព្រម​ឲ្យ​ស្នាក់​នៅ​ដោយ​រីក​រាយ ។

តែ​ដូន​ចាស់​អប្រិយ​នេះ បាន​ឃើញ​ព្រះ​ទម្រង់​ព្រះ​រាជ​កុមារ នឹក​ស្មាន​ថា ជា​ចោរ​លួច​របស់​ព្រះ​រាជ​ទ្រព្យ ក៏​ចូល​ទៅ​ទូល​ព្រះ​រាជា ៗ ទ្រង់​ព្រះ​ពិរោធ​ខ្លាំង បាន​បញ្ជា​ឲ្យ​សេនា​ទាហាន ចាប់​ចង​យក​ទៅ​សួរ​ចម្លើយ ទោះបី​ព្រះ​រាជ​កុមារ​ឆ្លើយ​ថា ព្រះ​ទម្រង់​នេះ ជា​កេរ្តិ៍​ដំណែល ពី​ព្រះ​មាតា​របស់​ព្រះ​អង្គ​ក៏​ដោយ, ក៏​ព្រះ​រាជា នៅ​តែ​ចោទ​ថា​ជា​ចោរ ហើយ​បញ្ជា​សេនា​ទាហាន ចាប់​យក​ទៅ​ដាក់​ក្នុង​ទ្រុង​ដែក សែន​ទារុណ ។

ថ្ងៃ​មួយ, មាន​យក្ស​កំណាច បាន​ចូល​ទៅ​រាតត្បាត​នគរ​ជ័យ​បូរី ដែល​មាន​ព្រះ​មហា​ក្សត្រ នាម​ព្រះ​បាទ​សោទត្ត ជា​មិត្ត​សិទ្ធ​ស្នាល​ជា​មួយ​នឹង​ព្រះ​បាទ​ធរណិត បណ្ដាល​ឲ្យ​នគរ​នេះ ជ្រួល​ច្របល់​យ៉ាង​ខ្លាំង, មិន​តែ​ប៉ុណ្ណោះ វា​ចូល​មក​ដល់​ក្នុង​វាំង ដេញ​កម្ចាត់​អារក្ស ដែល​យាម​ទ្វារ​វាំង​ស្ដេច​ឲ្យ​រត់​ខ្ចាត់​ខ្ចាយ​អស់, ហើយ​ប្រាថ្នា​ស៊ី​ស្ដេច​សោទត្ត​ទៀត, តែ​មិន​ទាន់​បាន​ចូល​ទៅ​ចាប់​ស្ដេច​នៅ​ឡើយ វា​ចូល​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​គុហា នា​កន្លែង​អារក្ស​នោះ​នៅ ។

និយាយ​ពី​ស្ដេច​សោទត្ត, កាល​បើ​ដូច្នោះ ភ័យ​ណាស់ ក៏​ត្រាស់​បញ្ជា​ឲ្យ​សេនា​ចេញ​សំពៅ ទៅ​នគរ​ព្រះ​បាទ​ធរណិត ដើម្បី​ថ្វាយ​ដំណឹង​អំពី​ព្រឹត្តិការណ៍​នេះ ហើយ​សូម​ឲ្យ​ព្រះ​អង្គ​ជួយ​ជ្រោមជ្រែង ក្នុង​រឿង​នេះ​ផង ។ ព្រះ​បាទ​ធរណិត បាន​ជ្រាប​ភ្លាម ក៏​បង្គាប់​បញ្ជា​ឲ្យ​សេនា​រុញ​សំពៅ​ទម្លាក់​ទឹក​នឹង​ធ្វើ​ដំណើរ​ទៅ​នគរ​ជ័យ​បូរី ។ ប៉ុន្តែ​សេនា​ទាំង​អស់​រុញ​សំពៅ​នោះ​ពុំ​រួច​សោះ ក៏​ប្រកាស​រក​អ្នក​ខ្លាំង​ពូកែ ដើម្បី​ឲ្យ​រុញ​សំពៅ​នេះ​ចុះ​ទឹក ។ ព្រះ​រាជ​កុមារ​វរវង្ស ដែល​នៅ​ក្នុង​ទ្រុង​ដែក ក៏​ទទួល​ខ្លួន​ធានា​នឹង​រុញ​សំពៅ​នេះ​បាន, ព្រះ​រាជា ក៏​ទ្រង់​សន្យា​ថា បើ​ឯង​រុញ​សំពៅ​នេះ​រួច​មែន នឹង​ដោះ​លែង​ឲ្យ​ជា​អ្នក​ជា ហើយ​នឹង​ព្រះ​រាជ​ទាន​រង្វាន់​យ៉ាង​ច្រើន ។

ដោយ​បុណ្យ​វាសនា​ពី​ព្រេង​នាយ ព្រះ​រាជ​កុមារ ក៏​រុញ​សំពៅ​ទម្លាក់​ទឹក​បាន​ដោយ​ធូរ ។ ព្រះ​រាជា ក៏​ធ្វើ​ដំណើរ​តាម​សំពៅ​ឆ្ពោះ​ទៅ​នគរ​ជ័យ​បូរី ដោយ​យក​ទាំង​ព្រះ​រាជ​កុមារ​វរវង្ស នឹង​ព្រះ​នាង​កេសកេសី​ជា​ព្រះ​រាជ​បុត្រី ព្រម​ទាំង​សេនា​មុខ​មន្ត្រី​ទៅ​ផង ។ ទៅ​ដល់​នគរ​ជ័យ​បូរី បាន​បញ្ជា​ឲ្យ​ពួក​ពលរេហ៍ បោះ​ព្រះ​ពន្លា​នៅ​ក្បែរ​វាំង​ព្រះ​បាទ​សោទត្ត, ហើយ​ព្រះ​អង្គ​ចូល​ទៅ​ប្រាស្រ័យ​ជា​មួយ​នឹង​ព្រះ​បាទ​សោទត្ត, ក្នុង​ព្រះ​រាជ​វាំង ។

ថ្លែង​ពី​ព្រះ​នាង​កេសកេសី, ទ្រង់​ផ្ទំ​លក់​ក្នុង​រាត្រី បាន​យល់​សប្ដិ​ឃើញ​តា​ចាស់​ម្នាក់ មក​ប្រាប់​ថា : ព្រះ​រាជ​កុមារ​វរវង្ស​នេះ​ហើយ ជា​ព្រះ​ស្វាមី​ព្រះ​នាង​ពី​អតីត​កាល ។ កាល​ព្រះ​នាង​ក្រោក​ឡើង ក៏​ចេះ​តែ​នឹក​មមៃ​ព្រះ​រាជ​កុមារ រហូត​ទាល់​តែ​មាន​ព្រះ​ទ័យ​ប្រតិព័ទ្ធ​ស្នេហា ចំពោះ​ព្រះ​រាជ​កុមារ​យ៉ាង​ខ្លាំង ។ ឯ​ព្រះ​រាជ​កុមារ ក៏​មាន​សេចក្ដី​ស្នេហា ចំពោះ​ព្រះ​នាង​ដែរ ។ មួយ​ថ្ងៃ​ៗ ព្រះ​រាជ​កុមារ និង ព្រះ​នាង តែង​និយាយ​ដាក់​ពាក្យ​សំដី​ទៅ​វិញ​ទៅ​មក ។

ចំណែក​ព្រះ​បាទ​ធរណិត​ជា​ព្រះ​បិតា កាល​បាន​ជជែក​ពិគ្រោះ​នឹង​ព្រះ​បាទ​សោទត្ត ដឹង​រឿង​សព្វ​គ្រប់​ហើយ ក៏​និយាយ​ថា : “យើង​មាន​កុមារ​ម្នាក់ វា​ជា​ចោរ​លួច​របស់​ព្រះ​រាជ​ទ្រព្យ ហើយ​យើង​បាន​ចាប់​យក​ទៅ​ធ្វើ​ទោស​ដាក់​ទ្រុង​ដែក, ប៉ុន្តែ​កុមារ​នេះ ខ្លាំង​ពូកែ​ណាស់ អាច​រុញ​សំពៅ​ដែល​មនុស្ស​ជា​ច្រើន​រុញ​មិន​រួច​នោះ ឲ្យ​រួច​បាន, ឥឡូវ​ជូន​ដំណើរ​យើង​មក​នៅ​ក្នុង​ព្រះ​ពន្លា​នា​ខាង​ក្រៅ​វាំង​ឯ​ណោះ គួរ​តែ​ឲ្យ​កុមារ​នេះ​ល្បង​នឹង​យក្ស​មើល តើ​វា​ព្រម​ឮ​មិន​ព្រម បើ​វា​ព្រម​សាក​ល្បង​នឹង​យក្ស ទោះ​បី​មិន​ឈ្នះ​យក្ស ក៏​យើង​មិន​ព្រួយ​បារម្ភ​ដែរ, ព្រោះ​វា​ជា​មនុស្ស​មាន​ទោស​ស្រាប់​មក​ហើយ” ។ គិត​ដូច្នោះ ក៏​ឲ្យ​បម្រើ​ទៅ​ហៅ​ព្រះ​រាជ​កុមារ​វរ​វង្ស​មក ប្រាប់​រឿង​ដែល​យក្ស​ខ្លាំង​ពូកែ ប្រាថ្នា​មក​ស៊ី​ស្ដេច​សោទត្ត, ឥឡូវ សុំ​ឲ្យ​ព្រះ​រាជ​កុមារ​ទៅ​សម្លាប់​យក្ស​នោះ បើ​សម្លាប់​បាន នឹង​ឲ្យ​រង្វាន់​យ៉ាង​លើស​លុប ។

ព្រះ​រាជ​កុមារ ក៏​ទូល​តាម​ព្រះ​រាជ​បញ្ជា, ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​យក្ស​ស្គាល់​ថា​ជា​មនុស្ស​ធម្មតា ព្រះ​រាជ​កុមារ​វរវង្ស បាន​សុំ​គ្រឿង​ព្រះ​រាជ្យ​ព្រះ​ខ័ន​រាជ្យ របស់​ស្ដេច​សោទត្ត, មក​តែង​ព្រះ​អង្គ ឲ្យ​ដូច​ស្ដេច​សោទត្ត​មែន​ៗ ហើយ​ចូល​ប្រយុទ្ធ​ជា​មួយ​នឹង​យក្ស​នៅ​ក្នុង​គុហា លុះ​ត្រា​តែ​យក្ស​ស្លាប់​បាត់​បង់​ជីវិត ក្នុង​គ្រា​នោះ​ទៅ ។
ចំណែក​ព្រះ​បាទ​ធរណិត ឃើញ​ព្រះ​រាជ​កុមារ​ខ្លាំង​ពូកែ មាន​ឫទ្ធិ​អំណាច​ដូច្នោះ ក៏​លើក​ព្រះ​នាង​កេសកេសី​ជា​ព្រះ​រាជ​បុត្រី ឲ្យ​ជា​ព្រះ​អគ្គ​ជាយា ហើយ​ប្រគល់​រាជ​សម្បត្តិ ឲ្យ​ស្នង​រាជ្យ​ជំនួស​ព្រះ​អង្គ ។ ឯ​ព្រះ​បាទ​សោទត្ត បាន​ឃើញ​ព្រះ​រាជ​កុមារ​សម្លាប់​យក្ស​បាន ជា​ការ​ជួយ​ព្រះ​អង្គ​ឲ្យ​រួច​ចាក​ពី​ភយន្តរាយ ក៏​លើក​ព្រះ​នាង​វរវតី ជា​ព្រះ​រាជ​បុត្រី ជា​ព្រះ​រាជ​បុត្រី ផ្សំ​ជា​ព្រះ​អគ្គ​ជាយា ហើយ​ប្រគល់​រាជ​សម្បត្តិ ឲ្យ​ស្នង​រាជ្យ​ក្នុង​នគរ​ជ័យបូរី​ទាំង​មូល​ដែរ ។ ព្រះ​រាជ​កុមារ ត្រូវ​បាន​សោយ​រាជ្យ​នគរ​ទាំង​ពីរ ហើយ​មាន​ព្រះ​អគ្គ​មហេសី​ក៏​ពីរ គឺ​ព្រះ​នាង​កេសកេសី ជា​ព្រះ​អគ្គ​មហេសី​ដើម និង ព្រះ​នាង​វរវតី ជា​ព្រះ​អគ្គ​មហេសី​ចុង បាន​នៅ​រួម​រស់​ជា​សុខ​សាន្ត នា​នគរ​ជ័យបូរី ។ ឯ​អារក្ស ដែល​ធ្លាប់​តែ​នៅ​រក្សា​នគរ​ជ័យ​បូរី បាន​ភៀស​ខ្លួន​គេច​ចេញ ក្នុង​ពេល​យក្ស​រុក​រាន​នោះ បាន​ដឹង​ថា​យក្ស​ស្លាប់​ហើយ ក៏​ត្រឡប់​មក​នៅ​រក្សា​នគរ​ជ័យ​បូរី​វិញ បាន​ទាំង​នាំ​មក​ថ្វាយ​ព្រះ​ចៅ​វរវង្ស​មហា​ក្សត្រ​ថ្មី នូវ​កែវ​មណីរត្ន ដែល​អាច​គ្រវី​ហោះ​ហើរ​បាន​ផង ។

កាល​ដែល​ព្រះ​នាង​កេសកេសី ទ្រង់​មាន​គភ៌​បាន ៣ ខែ, ព្រះ​បាទ​វរវង្ស នឹក​ភ្នក​ចង់​ទៅ​លេង​នគរ​ព្រះ​វរបិតា-មាតា តាម​បណ្ដាំ​ព្រះ​មាតា ដែល​ផ្ដាំ​ថា​គម្រប់ ១០​ឆ្នាំ​ឲ្យ​វិល​ទៅ​វិញ ។ ព្រះ​អង្គ ក៏​លា​ព្រះ​បិតា​ក្មេក ព្រម​ទាំង​ព្រះ​ជាយា ថា​នឹង​ទៅ​លេង​នគរ​ព្រះ​បិតា-មាតា តែ ១ អង្គ​ឯង​ទេ តែ​ព្រះ​នាង​កេសកេសី មិន​ព្រម​នៅ​សោះ សុខ​ចិត្ត​តែ​ទៅ​តាម​ផង, ទោះ​បី​អង្វរករ​យ៉ាង​ណា​ក៏​មិន​ព្រម ព្រះ​បិតា​ក្មេក ក៏​ព្រម​អនុញ្ញាត​ឲ្យ​ទៅ ។ ព្រះ​រាជ​កុមារ​វរវង្ស ក៏​នាំ​នាង​កេសកេសី​គ្រវី​កែវ​ហោះ​ទៅ លុះ​ដល់​អាស្រម​សាលា​តា​ឥសី ក៏​ចុះ​ឈប់​សម្រាក ហើយ​ដើរ​កម្សាន្ត​ជា​មួយ​ព្រះ​ជាយា ។ ពេល​នោះ​ឥសី​ក៏​លួច​យក​កែវ​មណីរត្ន ហោះ​ទៅ​លេង​កម្សាន្ត​លើ​អាកាស ។ ដោយ​ត្រូវ​ខ្យល់​ខ្លាំង​ពេក ឥសី​ក៏​ដាច់​ក្បាល​ធ្លាក់​អន្តរាយ​ជីវិត, ឯ​កែវ​មណីរត្ន បាន​ធ្លាក់​ទៅ​ក្នុង​គន្ធព​បុរី ជា​នគរ​ព្រះ​រៀម ។ ពួក​សេវកាមាត្យ បាន​រើស​យក​កែវ​នោះ ទៅ​ថ្វាយ​ព្រះ​បាទ​សូរ​វង្ស​ទៅ ។

រី​ឯ​ព្រះ​រាជ​កុមារ​វរវង្ស និង ព្រះ​នាង​កេសកេសី កាល​ដឹង​ថា​ឥសី​លួច​កែវ​ហោះ​នោះ​ទៅ​បាត់​ហើយ ទាំង​ពីរ​អង្គ​ក៏​យាង​ដោយ​ព្រះ​បាទា, លុះ​ដល់​ទៅ​ឆ្នេរ​ជលសា​មួយ ក៏​នាំ​ព្រះ​ជាយា​ហែល​ឆ្លង តោង​កំណាត់​ឈើ​មួយ​ដុំ ប៉ាក់ប៉ើក​ៗ កណ្ដាល​មហា​សាគរ ។ ដោយ​អកុសល​កម្ម នៃ​ព្រះ​រាជ​កុមារ និង ព្រះ​នាង ក៏​ត្រូវ​ខ្យល់​ព្យុះ​សង្ឃរា​បោក​បក់ ឲ្យ​របូត​ព្រះ​ហស្ត​អំពី​កំណាត់​ឈើ​បែក​ខ្ញែក​គ្នា​អស់ ។ ចំណែក​ព្រះ​នាង​កេសកេសី កាល​បាន​រសាត់​ដល់​លើ​មាត់​ច្រាំង ក៏​ខំ​យាង​រក​ព្រះ​ស្វាមី តែ​មិន​ឃើញ​សោះ ព្រះ​នាង​ក៏​យក​កន្សែង​ចង​ធ្វើ​ជា​ទង់ជ័យ សម្រាប់​ឲ្យ​ស្វាមី​នាង​ស្គាល់​ថា ព្រះ​នាង​មិន​ស្លាប់​ទេ, ហើយ​ព្រះ​នាង ក៏​យាង​ផ្សង​ព្រេង​កាត់​តាម​ដង​ព្រៃ យ៉ាង​លន្លង់​លន្លោច, លុះ​ទៅ​ដល់​គន្ធព​បូរី បាន​ជួប​នឹង​ព្រាន​ប្រមាញ់​ម្នាក់ ។ ព្រះ​នាង បាន​អង្វរ​ករ​គេ សុំ​នៅ​ស្នាក់​អាស្រ័យ​ជា​មួយ​ផង ។

ព្រាន​ឃើញ​ដូច្នេះ​អាណិត​ណាស់ បាន​សួរ​ពី​ដំណើរ​ដើម​សព្វ​គ្រប់ បាន​ដឹង​អស់​ហើយ ទើប​នាំ​ព្រះ​នាង​ទៅ​លំនៅ​អាត្មា ។ តែ​ជា​កម្ម​អកុសល​របស់​ព្រះ​នាង ត្រូវ​បាន​ប្រពន្ធ​ព្រាន​ជេរ​បញ្ចោរ​ដៀល​ពូជ​អំបូរ ហើយ​ចោទ​ថា ព្រះ​នាង​ជា​ស្រី​មាន​ពុត​ត្បុត លួច​ស្រឡាញ់​ប្ដី​របស់​គាត់​ទៀត ។ ទោះ​បី​គាត់​ព្រម​ឲ្យ​នៅ​ធ្វើ​ជា​ខ្ញុំ​កំដរ​គាត់​ហើយ គាត់​នៅ​តែ​ប្រើ​អាកប្បកិរិយា​មើល​ងាយ​គំហក​កំហែង​រៀង​រាល់​ថ្ងៃ ឯ​ព្រះ​នាង ក៏​ខំ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​បោស​ច្រាស​ផ្ទះ​សម្បែង ពុំ​ដែល​ធ្វេស វិស័យ​ដូច​បាវ​ព្រាវ ។

លុះ​ព្រះ​នាង​នៅ​បាន ៧ ខែ, គភ៌​ព្រះ​នាង ក៏​ត្រូវ​គ្រប់​ទស​មាស, ព្រះ​នាង​ឈឺ​ផ្ទៃ​ជា​ខ្លាំង ស្រែក​យំ ឈឺ​ចុក​ចាប់​ឥត​ឧបមា មិន​ដឹង​បាន​អ្នក​ណា​ជួយ​ឲ្យ​បាន​ធូរ​ស្បើយ ។ ឯ​ប្រពន្ធ​ព្រាន បាន​បណ្ដេញ​ឲ្យ​ព្រះ​នាង​ទៅ​សម្រាល​កូន​ឯ​ក្រៅ​របង​ផ្ទះ ព្រោះ​ខ្លាច​ចង្រៃ​ដល់​ភូមិ​ឋាន​របស់​គាត់ ។ ព្រះ​នាង ខំ​លូន​ផង យក​ដៃ​ឱប​ផ្ទៃ​ផង បាន​ទៅ​ដល់​ផ្លូវ​ធ្លា​ខាង​ក្រៅ​របង ។ ពេល​នោះ ព្រះ​នាង ក៏​ប្រសូតិ​បុត្រ​នៅ​នា​កណ្ដាល​ទី​វាល, កណ្ដាល​ភ្លៀង​ផ្គរ​យ៉ាង​សម្បើម និង​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ហៅ​សែន​វេទនា ។
ខណៈ​នោះ ព្រះ​ឥន្ទ្រាធិរាជ បាន​ទត​យល់​ព្រះ​នាង​ប្រសូតិ​ព្រះ​រាជ​បុត្រ​ដូច្នោះ ក៏​និម្មិត​ជា​យាយ​ចាស់​ម្នាក់ មក​យក​អាសា​ជួយ​បី​បាច់​ថែរក្សា​កូន​នាង ហើយ​សន្យា​ថា ៖ បើ​នាង​ត្រូវ​ការ​យក​កូន​នេះ​វិញ ក៏​យក​ចុះ ផ្ទះ​ខ្ញុំ​នៅ​ខាង​កើត​ឯ​នោះ ដើម្បី​ជា​បន្ទាល់​ឲ្យ​ងាយ​ស្គាល់​ថា កូន​នាង​មែន ឬ​មិន​មែន​ទៅ​ថ្ងៃ​មុខ​នោះ សូម​នាង​ឲ្យ​វត្ថុ​អ្វី​មួយ​មក នឹង​ទុក​ជា​ភស្តុតាង ។ ព្រះ​នាង ក៏​ដោះ​ព្រះ​ទម្រង់ ដែល​ជា​របស់​ព្រះ​ស្វាមី ចង​ក​ឲ្យ​បុត្រ​នាង ហើយ​នាង​វិល​ទៅ​ធ្វើ​ការ បម្រើ​យាយ​ចាស់​ប្រពន្ធ​ព្រាន​ដូច​ដើម​វិញ ។ កាល​នាង​វិល​ត្រឡប់​មក​ភ្លាម ព្រះ​ឥន្ទ ក៏​និម្មិត​ជា​ត្មាត​មួយ​យ៉ាង​ធំ ក្រុង​លើ​ទារក, ហើយ​និម្មិត​ជា​សំពត់​កោសេយ្យពស្ត្រ​ទាំង​ផ្នត់​យ៉ាង​ស្អាត ទ្រាប់​ទារក​ដាក់​លើ​ផ្លូវ​ធ្លា ដែល​ព្រះ​រាជា​នគរ​គន្ធព​បូរី តែង​យាង​ជា​ធម្មតា ។

ថ្ងៃ​មួយ ព្រះ​បាទ​សូរវង្ស ព្រះ​ចៅ​នគរ​គន្ធព​បូរី ស្ដេច​យាង​ចេញ​ប្រពាត​ព្រៃ បាន​ទត​ឃើញ​ត្មាត​កំពុង​ក្រុង​ទារក​នៅ​កណ្ដាល​ផ្លូវ​ធ្លា​ដូច្នោះ ក៏​បញ្ជា​ឲ្យ​រាជ​សេវកាមាត្យ​រើស​យក​មក ទ្រង់​បាន​ទត​ឃើញ​ព្រះ​ទម្រង់​ដែល​ចង​នៅ​ក​ទារក​នោះ ស្គាល់​ច្បាស់​ជា​ព្រះ​ទម្រង់​វរវង្ស ជា​ព្រះ​អនុជ ។ ព្រះ​អង្គ ទ្រង់​ព្រះ​ពិភាល់​ក្នុង​ព្រះ​រាជ​ហឫទ័យ​ណាស់ ទ្រង់​ក៏​ត្រឡប់​មក​ព្រះ​រាជ​វាំង​វិញ បាន​បង្គាប់​ឲ្យ​ធ្វើ​សាលា​ឆ​ទាន​មួយ ។ នៅ​ក្នុង​សាលា ព្រះ​អង្គ​បញ្ជា​ឲ្យ​គូរ​រូប​រឿង​ព្រះ​អង្គ តាំង​ពី​ដើម​មក រហូត​បាន​សោយ​រាជ្យ​នៅ​នគរ​នេះ ហើយ​ព្រះ​អង្គ​ទ្រង់​ប្រកាស​ដាក់​ទាន ដល់​សាធារណ​ជន​ទូទៅ​ថា : បើ​អ្នក​ណា​ចង់​បាន​របស់​អ្វី ព្រះ​អង្គ​នឹង​ព្រះ​រាជ​ទាន​ឲ្យ ក្នុង​សាលា​ឆ ទាន​នោះ ។ ចាប់​ពី​ថ្ងៃ​នោះ​មក មនុស្ស​ម្នា​មហា​ជន តែង​ទៅ​ទទួល​យក​ព្រះ​រាជ​អំណោយ​ទាន យ៉ាង​គគ្រឹក​គគ្រេង ហើយ​មើល​រូប​គំនូរ​ដែល​គូរ​នៅ​ជញ្ជាំង​សាលា យ៉ាង​សប្បាយ​រីករាយ ។

និយាយ​ពី​វរវង្ស, ក្រោយ​ពី​ខ្យល់​ព្យុះ​បោក​របូត​ដៃ បែក​ខ្ញែក​គ្នា​នោះ​មក ព្រះ​អង្គ​បាន​ទៅ​ដល់​ត្រើយ ហើយ​ដើរ​ស្វែង​រក​ព្រះ​ជាយា​បាន​ជួប​នឹង​កន្សែង ដែល​ព្រះ​នាង​ដោត​ជា​សញ្ញា​នោះ ព្រះ​អង្គ​ក៏​សំគាល់​ថា ព្រះ​នាង​មិន​ស្លាប់​ទេ ហើយ​ព្រះ​អង្គ​ខំ​ដើរ​រក អស់​កាល​ជា​ច្រើន​ខែ ។ លុះ​បាន​ដំណឹង​ថា ព្រះ​រាជា​ព្រះ​អង្គ​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន ដល់​សាធារណ​ជន នូវ​ចំណី​អាហារ​គ្រប់​បែប​យ៉ាង ក៏​យាង​ចូល​ទៅ​ក្នុង​សាលា​ឆ​ទាន ប្រាថ្នា​ទទួល​យក​ព្រះ​រាជ​អំណោយ,​កាល​បើ​បាន​ឃើញ​រូប​គំនូរ ដែល​គូរ​ជាប់​នៅ​ជញ្ជាំង​សាលា ដ៏​មាន​ដំណើរ​រឿង ដូច​រឿង​ខ្លួន​កាល​ពី​ដើម, រូប​គំនូរ​ទាំង​នោះ​សោត​ទៀត ក៏​ដូច​រូប​ព្រះ​អង្គ និង ព្រះ​រៀម ។

ពេល​នោះ​ព្រះ​អង្គ ទ្រង់​ព្រះ​កន្សែង​ខ្សឹកខ្សួល ដួល​សន្លប់ បាត់​ស្មារតី​នៅ​ទី​នោះ ព្រះ​រាជ​បម្រើ​ឃើញ​ដូច្នោះ ក៏​ទៅ​ទូល​ព្រះ​រាជា ។ ព្រះ​អង្គ ក៏​ទ្រង់​ឲ្យ​រាជ​បម្រើ​នាំ​បុរស​នោះ​ចូល​ទៅ​ក្នុង​វាំង, ព្រះ​ចៅ​សូរវង្ស បាន​ស្គាល់​ថា​ជា​ប្អូន ក៏​ទ្រង់​ព្រះ​កន្សែង​រៀប​រាប់ ពី​ដំណើរ​បែក​គ្នា​មក, ព្រះ​បាទ​សូរវង្ស បាន​ដឹង​ហើយ ឲ្យ​គេ​នាំ​យក​ព្រះ​រាជ​បុត្រា និង​កែវ​មណីរត្ន ដែល​ព្រះ​អង្គ​រើស​បាន​មក​បង្ហាញ, ព្រះ​បាទ​វរវង្ស ក៏​បាន​ស្គាល់ ព្រះ​ទម្រង់ និង កែវ​នោះ ថា​ពិត​ជា​របស់​ព្រះ​អង្គ, រួច​ព្រះ​បាទ​វរវង្ស ចេញ​ទៅ​ក្រៅ​វាំង ដើម្បី​នឹង​ទៅ​រក​ព្រះ​ជាយា ។

ទទួល​ពេល​នោះ, ដោយ​ការ​ទ្រាំ​នៅ​ជា​មួយ​យាយ​ប្រពន្ធ​ព្រាន​មិន​បាន ព្រោះ​គាត់​ធ្វើ​បាប​ខ្លាំង​ពេក ព្រះ​នាង​កេសកេសី ក៏​លប​រត់​ចេញ​អំពី​ផ្ទះ​យាយ បាន​ទៅ​ជួប​នឹង​ស្វាមី​យ៉ាង​រីករាយ, ទាំង​ពីរ​ព្រះ​អង្គ បាន​ទៅ​ថ្វាយ​បង្គំ​ព្រះ​រៀម រៀបរាប់​តាម​ដំណើរ​ហើយ ក៏​បាន​នៅ​ជា​សុខ​សាន្ត​ក្នុង​វាំង​នោះ ។
ព្រះ​បាទ​វរវង្ស បាន​បបួល​ព្រះ​រៀម​ទៅ​នគរ​ព្រះ​មាតា-បិតា តាម​បណ្ដាំ​មាតា​ដែល​ផ្ដាំ​ថា ដល់​គម្រប់ ១០ ឆ្នាំ ឲ្យ​ត្រឡប់​វិល​ទៅ​វិញ ។ ព្រះ​រៀម ក៏​និយាយ​ថា : បើ​យើង​ទៅ​តែ ៤ នាក់​ស្វាមី និងព្រះ​ជាយា​ប៉ុណ្ណោះ មិន​សម​ដល់​ឋានៈ​យើង​ជា​ស្ដេច​សោយ​រាជ្យ​ទេ, គប្បី​យើង​រៀបចំ​ជា​ក្បួន​ទ័ព​ជើង​គោក-ទឹក​ទៅ ទើប​សមរម្យ, ដើម្បី​ការ​ពារ​គ្រោះ​ថ្នាក់​តាម​ផ្លូវ​ផង ។

ព្រះ​បាទ​វរវង្ស ព្រម​ទទួល​បញ្ជា ក៏​ត្រឡប់​ទៅ​នគរ​ព្រះ​បិតា​ក្មេក​ទាំង​ពីរ​ដោយ​គ្រវី​កែវ​ហោះ​ទៅ ដើម្បី​នាំ​ទ័ព​ជើង​គោក ចំណែក​ព្រះ​រៀម​ឲ្យ​រៀប​បម្រុង​ទ័ព​ជើង​ទឹក ។ កាល​បាន​ទ័ព​យ៉ាង​សម្បើម​ហើយ ព្រះ​បាទ​វរវង្ស​ជា​មេ​ទ័ព​ខាង​ជើង​គោក ឯ​ព្រះ​បាទ​សូរវង្ស​ជា​មេ​ទ័ព​ជើង​ទឹក លើក​ឆ្ពោះ​ទៅ​នគរ​ព្រះ​បិតា-មាតា ។ លុះ​ទៅ​ដល់​នគរ​ក្រសន់ ជា​នគរ​បិតា ក៏​បោះ​ទ័ព​ប្រុង​ប្រៀប​ព័ទ្ធ​នគរ​នោះ ។

ចំណែក​ព្រះ​បាទ​សុរិយា​ជា​បិតា ក្រោយ​ដែល​បាន​បញ្ជា​ឲ្យ​ពេជ្ឈឃាដ​នាំ​យក​ព្រះ​រាជ​កុមារ​ទាំង​ពីរ​ទៅ​សម្លាប់ បាន​យក​ព្រះ​នាង​វង្សធ្យា​ទៅ​ដាក់​ឃុំ​ឃាំង​ក្នុង​ទ្រុង​ដែក​យ៉ាង​សែន​ទារុណ ដោយ​ចោទ​ថា​ជា​ស្រី​ខូច ហើយ​បាន​ប្រគល់​រាជ​សម្បត្តិ​ឲ្យ​ព្រះ​រាជ​កុមារ​វៃវង្សា សោយ​រាជ្យ​ស្នង​ព្រះ​អង្គ ។ កាល​បាន​ដឹង​ថា មាន​ព័ទ្ធ​សត្រូវ​ចូល​មក​ព័ទ្ធ​នគរ​ហើយ ព្រះ​បាទ​វៃវង្សា​ភ័យ​ញាប់​ញ័រ​ខ្លាំង​ណាស់ ។

ឯ​ព្រះ​បាទ​វរវង្ស ក៏​បាន​ឲ្យ​រាជ​បម្រើ ទៅ​ថ្វាយ​ដំណឹង​ដល់​ព្រះ​បាទ​វៃវង្សា​ថា “ត្រូវ​ឲ្យ​នគរ​នេះ​មក​យើង បើ​មិន​ឲ្យ​ទេ នឹង​ត្រូវ​ច្បាំង​គ្នា” ។ ព្រះ​បាទ​វៃ​វង្សា ឆ្លើយ​តប​ថា  យើង​មិន​ខ្លាច​ទេ បើ​ចៅហ្វាយ​អ្នក​ឯង​ចង់​បាន​នគរ​យើង​ៗ ឲ្យ តែ​ឲ្យ​ស្ដេច​អ្នក​ឯង ប្រជល់​ដំរី​ជា​មួយ​នឹង​យើង, បើ​យើង​ចាញ់ យើង​ឲ្យ​នគរ​នេះ បើ​យើង​ឈ្នះ​វិញ យើង​សុំ​នៅ​សោយ​រាជ្យ​នគរ​នេះ​តែ​ប៉ុណ្ណោះ ។ ព្រះ​រាជ​បម្រើ​ត្រឡប់​មក​វិញ ទូល​ព្រះ​បាទ​វរវង្ស​តាម​ដំណើរ, ព្រះ​បាទ​វរ​វង្ស​ក៏​ព្រម​ប្រជល់​ដំរី​តាម​បំណង ។ លុះ​ចូល​ប្រយុទ្ធ​ត្រូវ​ព្រះ​បាទ​វរវង្ស-សូរវង្ស ព្រម​ទាំង​ពួក​ដំរី សម្លាប់​វៃវង្សា និង​ដំរី​ព្រះ​អង្គ ឲ្យ​ស្លាប់​ក្នុង​សមរភូមិ ។ ឯ​ព្រះ​បាទ​សូរិយា​ជា​បិតា ទ្រង់​ភ័យ​ណាស់ ដោយ​ព្រះ​រាជ​បុត្រា​ជា​ទី​ស្រឡាញ់​ត្រូវ​ចាញ់​សង្គ្រាម ក៏​ចូល​ខ្លួន​ទៅ​សូម​ចុះ​ចាញ់, លុះ​ចូល​ទៅ​ដល់ មិន​ស្គាល់​ជា​ព្រះ​រាជ​បុត្រ​ទេ ដោយ​នឹក​ថា​ព្រះ​រាជ​បុត្រ ត្រូវ​ព្រះ​អង្គ​ឲ្យ​ពេជ្ឈឃាដ​សម្លាប់​ទៅ​ហើយ ទោះ​បី​ព្រះ​រាជ​កុមារ​ទាំង​ពីរ​ក្រាប​ថ្វាយ​បង្គំ​ទូល​យ៉ាង​ណា ក៏​មិន​ជឿ, ទាល់​តែ​ព្រះ​រាជ​កុមារ​ទាំង​ពីរ​និយាយ​រឿង កាល​ដែល​ពេជ្ឈឃាដ​យក​ទៅ​សម្លាប់​នោះ រហូត​ដល់​ពេល​នេះ ហើយ​ដោយ​មាន​ព្រះ​ទម្រង់​ទាំង​នោះ ជា​គ្រឿង​សំគាល់​ផង ទើប​ជឿ​ថា ព្រះ​រាជ​បុត្រ​មែន ។

កាល​ជ្រាប​ជា​កូន​ហើយ ទើប​សួរ​រឿង​រ៉ាវ​ដែល​កើត​ឡើង​តាំង​ពី​ដើម​មក, ព្រះ​អង្គ​ក៏​យល់​ថា​ព្រះ​នាង​មន្ទា​ជា​ស្រី​ចង្រៃ ញុះញង់​បំបែក​រាជ​បុត្រ និង ព្រះ​នាង​វង្សធ្យា​ចេញ​ពី​ព្រះ​អង្គ ក៏​ទ្រង់​បញ្ជា​ឲ្យ​ពេជ្ឈឃាដ​យក​ព្រះ​នាង​មន្ទា​ទៅ​សម្លាប់​ចោល​ទៅ, ហើយ​ដោះ​លែង​ព្រះ​នាង​វង្សធ្យា ឲ្យ​ជា​ព្រះ​អគ្គ​មហេសី​ពេញ​លក្ខណៈ បាន​ប្រគល់​ព្រះ​រាជ​សម្បត្តិ​ទៅ​ព្រះ​រាជ​បុត្រ​ទាំង​ពីរ​ស្នង​ព្រះ​អង្គ​តទៅ ។

ទាំង​នេះ​ឯង ជា​រឿង​ព្រេង​ប្រចាំ​ភ្នំ​វរ​វង្ស​សូរ​វង្ស ដោយ​គេ​សំអាង​លើ​រូប​សំណាក​ថ្ម​មួយ ជា​រូប​ស្ត្រី កំបុត​ត្រឹម​ក សន្មត​ថា ជា​រូប​នាង​មន្ទា​ដែល​ជា​អ្នក​ទ្រុស្ត​កាច ហើយ​ពេជ្ឈឃាដ​យក​ទៅ​ប្រហារ​ជីវិត​ចោល​នោះ ។ រូប​នេះ តាំង​នៅ​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំ​ស្រួច ខែត្រ​កំពង់​ស្ពឺ ហើយ​ដែល​សព្វ​ថ្ងៃ រាជការ​រាប់​បញ្ចូល​ជា​សង្កាត់​នៃ​ក្រុង​គិរីរម្យ​ទៅ​ហើយ ។ ត្រង់​កំពូល​ភ្នំ​មួយ​ដែល​គេ​ហៅ​ថា ភ្នំ​កម្មជ្ជវាត​នោះ គេ​សំគាល់​ថា ជា​កន្លែង​ដែល​ខ្យល់​បក់​បោក​កាត់​ផ្ដាច់​ក​ឥសី ដែល​លួច​យក​កែវ​មណីរត្ន​របស់​ព្រះ​បាទ​វរវង្ស ទៅ​ហោះ​លេង​នោះ ។
ក្រៅ​ពី​នេះ នៅ​មាន​កន្លែង​ច្រើន​ទៀត ដែល​អ្នក​ស្រុក​សំគាល់​ថា​ទាក់​ទង​នឹង​រឿង​ព្រេង​នេះ​ដែរ ដូចជា​កន្លែង ថ្ម​បាំង សេក​ប្រណាំង ឃ្លាំង​រំសេវ ជាដើម ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១១៣ – ១២៩


  1. អត្ថបទ​នេះ សហ. ស្ដើង-ធូរ រៀបរៀង​តាម​សាស្ត្រា​ស្លឹក​រឹត
  2. រឿង​នេះ​បាន​ដឹង​ច្បាស់​ពី​លោក ឈឹម-ស៊ុម សាស្ត្រាចារ្យ​ពុទ្ធិ​វិទ្យាល័យ ដែល​បញ្ជាក់​ថា​លោក​ដឹង​ត​ពី​ហ្ម វ៉ាន់ ជា​ហ្ម​ដំរី​ហ្លួង ធ្លាប់​បាន​ដង្ហែ ស្ដេច​កាល​ពី​សម័យ​នោះ