រឿង ព្រេង​ភ្នំ​ស្រី​វ‌ិបុលកេរ្តិ៍

ភ្នំ​ស្រី​វិបុលកេរ្តិ៍ ជា​ឈ្មោះ​ភ្នំ​តូច​មួយ រាង​ពង​ក្រពើ មាន​កម្ពស់ ប្រមាណ​ជា​សាមសិប​ប្លាយ​ម៉ែត្រ ។ សព្វ​ថ្ងៃ​ភ្នំ​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​បល្ល័ង្ក ស្រុក​សូទ្រ​និគម (សៀមរាប) ។ នៅ​ជើង​ភ្នំ មាន​វត្ត​មួយ អ្នក​ស្រុក​ហៅថា “វត្ត​ត្រាច” ខ្លះ​ហៅ​រួម​ទាំង​ភ្នំ​ផង​ថា “ភ្នំ​វត្ត​ត្រាច ឬ ភ្នំ​ត្រាច” ក៏​មាន ដោយ​សន្មត​តាម​ទី​កន្លែង​នេះ មាន​ដុះ​ដើម​ត្រាច ជាដើម ។[1][2][3]

ដំណើរ​ទៅ​កាន់​ភ្នំ​នេះ ត្រូវ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ ៦ ពី​ភ្នំពេញ ឆ្ពោះ​ទៅ​សៀមរាប ហើយ​បែក​ចូល​ត្រង់​ភូមិ​រលួស ដែល​មាន​ផ្សារ​មួយ, បត់​ចូល​ទៅ​ខាង​ឆ្វេង​ដៃ សសៀរ​តាម​ផ្លូវ​មុខ​សាលា​សូទ្រ​និគម ។ ចម្ងាយ​ប្រមាណ​ជា ៧ គីឡូម៉ែត្រ នៅ​ទិស​ខាង​ជើង​នៃ​សាលា​ស្រុក ក៏​នឹង​បាន​ដល់​ទី​នេះ ។ ឯ​ផ្លូវ​លំ​នេះ​សោត មាន​សភាព​ស្អាត​ស្អំ រថយន្ត​គ្រប់​ធុន អាច​ចេញ​ចូល​បាន​គ្រប់​រដូវ ។ កាល​បើ​គេ​បាន​ទៅ​ដល់​ភ្នំ​នេះ​ហើយ ជា​បឋម គេ​ប្រទះ​ឃើញ​វត្ត​មួយ មាន​រាង​សមរម្យ នៅ​កណ្ដាល​ធម្មជាតិ​យ៉ាង​ស្រស់ ។ តាម​ព័ត៌មាន​ពី​អ្នក​ស្រុក​និយាយ​ថា វត្ត​នេះ ពី​ដើម​នៅ​លើ​កំពូល​ភ្នំ​ឯ​នោះ​ទេ, ប៉ុន្តែ​ដោយ​ហេតុ មាន​និមិត្ត​អាក្រក់ ព្រះ​សង្ឃ​ចេះ​តែ​មាន​ជំងឺ លោក​គ្រូ​ចៅ​អធិការ​ចេះ​តែ​អារឹស ។ ដូច្នេះ​ហើយ បាន​ជា​គេ​រុះ​រើ​កុដិ សាលា យក​មក​សង់​នៅ​ជើង​ភ្នំ​វិញ កាល​ពី​រវាង​ជាង ៤០ ឆ្នាំ​មុន​នេះ, ទុក​តែ​ព្រះ​វិហារ​មួយ នៅ​លើ​កំពូល​ភ្នំ​រហូត​មក ។ មាន​តែ​ជណ្ដើរ​ពីរ ទេរ​ស្រួល ឡើង​ទៅ​កាន់​កំពូល​ភ្នំ គឺ​ជណ្ដើរ​ខាង​លិច និង ខាង​ជើង ។

នៅ​ក្បាល​ជណ្ដើរ​ខាង​លិច មាន​ខ្លោង​ទ្វារ​ថ្ម​បែប​រចនា​ខ្មែរ​បុរាណ ហើយ​មាន​ចម្លាក់​រូប​ផ្សេង​ៗ នៅ​ជាប់​នឹង​ថ្ម​នោះ​ផង, ជា​ពិសេស គឺ​នៅ​នឹង​ផ្ដែ ។ បណ្ដា​រូប​ចម្លាក់​ទាំង​នោះ មាន​រូប​មួយ ទាក់​ទង​នឹង​រឿង​ព្រេង​ប្រចាំ​ភ្នំ​នេះ គឺ​រូប​មនុស្ស​ប្រុស​ដេក​ទ្រ​មឈូស ដែល​យើង​នឹង​អធិប្បាយ​រឿង​ជា​ហូរ​ហែ​ទៅ​ខាង​មុខ ។ នៅ​ពី​មុខ​ព្រះ​វិហារ មាន​រាង​ប្រាសាទ​បាក់​បែក ក៏​មាន​គង់​នៅ​ជា​ប្រាង្គ​តូច​មួយ ជា​មួយ​គំនរ​ថ្ម ដែល​ធ្លាក់​ប្រគីងប្រគង​គ្នា រុះ​រាយ​នៅ​ជុំ​វិញ​នោះ ។ នៅ​ក្នុង​ប្រាង្គ​សិលា​នេះ គេ​ឃើញ​មាន​តម្កល់​សិវ​លិង្គ និង យោនី​នាង​ឧមា​ភគវតី ដែល​ឥឡូវ​នេះ មាន​ធូលី​រុំ​ព័ទ្ធ​ដោយ​សារ​គ្មាន​នរណា​គោរព​បូជា ដូច​កាល​ពី​ជំនាន់​ដើម​ឡើយ ។ ជិត​ខាង​ប្រាង្គ​សិលា​នេះ​ទៀត មាន​ចេតិយ​ចាស់​ៗ ជា​ច្រើន ទំនង​ជា​សាង​ឡើង​រាប់​រយ​ឆ្នាំ​មក​ហើយ​ដែរ តែ​ពុំ​មែន​ស្រករ​គ្នា​នឹង​ប្រាង្គ​សិលា​ទេ គឺ​ក្រោយ​មក​ជា​ច្រើន​សតវត្ស ព្រោះ​បែប​រចនា ជា​រចនា​របស់​ខ្មែរ​ជំនាន់​ឧត្ដុង្គ ក្រុង​លង្វែក​ប៉ុណ្ណោះ ។

តាម​អ្នក​ស្រុក​ឲ្យ​ព័ត៌មាន​បន្ថែម​ថា ពី​ដើម នៅ​ចំ​ពី​មុខ​ព្រះ​វិហារ មាន​រូប​ថ្ម​មួយ​ធំ ជា​រូប​មនុស្ស​ស្រី ដេក​អាក្រាត​ខ្លួន អ្នក​ស្រុក​សន្មត​ហៅ​ថា រូប “នាង​សន្ធមា”1 ដែល​មាន​ឫទ្ធិ​ខ្លាំង​ក្លា​ណាស់ ។ ចាស់​ៗ ដំណាល​ថា បើ​នរណា​មួយ ដើរ​ទៅ-មក​កាត់​មុខ​នេះ ហើយ​មិន​បាន​គោរព​បូជា​ទេ, រូប​នេះ នឹង​ធ្វើ​ឲ្យ​ចុក​ពោះ ឈឺ​ថ្កាត់​ផ្សេង​ៗ មួយ​រំពេច ។ ហេតុ​នេះ​ហើយ បាន​ជា​មក​ដល់​សម័យ​លោក​គ្រូ​ចៅ​អធិការ ព្រះ​នាម​សៅ (ជាង ៤០ ឆ្នាំ​ហើយ) លោក​ឲ្យ​គេ​គាស់​រំលើង​យក​រូប​នេះ ទៅ​បោះ​ចោល​នៅ​ឯ​ក្នុង​ព្រៃ​ខាង​កើត​ព្រះ​វិហារ ចម្ងាយ​ប្រមាណ​ជា ៥០០ ម៉ែត្រ ។ ចាប់​តាំង​ពី​នោះ​មក រូប​នេះ ក៏​លែង​បាន​រុកកួន​ដល់​អ្នក​ស្រុក​អ្នក​ភូមិ​ទៀត​ទៅ តែ​អ្នក​ស្រុក​មិន​ដែល​ហ៊ាន​ទៅ​ចូល​ព្រៃ ចំ​កន្លែង​ចោល​រូប​ថ្ម​ឡើយ ។ ដូច​នេះ ព្រៃ​មួយ​ដុំ​នេះ​ក៏​ក្លាយ​ទៅ​ជា​ព្រៃ​រហោ​ស្ថាន​រហូត​មក ។

ឥឡូវ យើង​ងាក​បែរ​ទៅ​អធិប្បាយ​អំពី​រឿង​ព្រេង​ម្ដង ។ រឿង​ព្រេង​នេះ យើង​ស្រង់​យក​តាម​សេចក្ដី​ឲ្យ​ការណ៍​របស់​លោក គុយ-ហួត នៅ​ស្រុក​សូទ្រ​និគម (សៀមរាប) ដោយ​ផ្សំ​ជា​មួយ​ការ​ចង​ចាំ  នៃ​អ្នក​ស្រុក​ខ្លះ​ទៀត  ដែល​យើង​បាន​ស៊ើប​សួរ​ផ្ទាល់ ។  មាន​សេចក្ដី​ដំណាល​ថា ៖
ព្រះ​មហា​ក្សត្រ​មួយ​ព្រះ​អង្គ ព្រះ​នាម​ព្រះ​បាទ​យសកេរ្តិ៍2 គ្រង​រាជ្យ​នៅ​ដែន​សិម្ពលី មាន​អគ្គ​មហេសី ព្រះ​នាម​សុវណ្ណមាលា ។ ព្រះ​អង្គ មាន​ព្រះ​ទ័យ​ប្រកប​ដោយ​ធម៌​ល្អ​ណាស់ ។ ថ្ងៃ​មួយ មាន​ក្សត្រ​ប្រទេស​ជិត​ខាង​មួយ​ព្រះ​អង្គ ព្រះ​នាម​ភូមោវិលោ​រាជា មាន​ក្ដី​លោភ​លន់​ចង់​ពង្រីក​អាណា​ចក្រ ក៏​លើក​រេហ៍ពល​មក ប្រាថ្នា​វាយ​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​ក្រុង​សិម្ពលី​នេះ ។ ព្រះ​រាជា​ដែន​សិម្ពលី ទ្រង់​ជ្រាប​ហើយ ក៏​នាំ​ព្រះ​មហេសី​ដែល​កំពុង​មាន​គភ៌​ផង ភៀស​ព្រះ​អង្គ​ចេញ​ពី​ព្រះ​រាជ​វាំង​ទៅ​គង់​នៅ​ព្រៃ​ឆ្ងាយ ទុក​រាជ​សម្បត្តិ​ថ្វាយ​ទៅ​ព្រះ​បាទ​ភូមោវិលោ​រាជា​ចុះ ។ សេចក្ដី​សម្រេច​ដូច្នេះ មក​ពី​ព្រះ​អង្គ​ទ្រង់​ឈ្វេង​យល់​ថា បើ​ទ្រង់​គង់​នៅ​ត​តប​សង្គ្រាម​ទៅ នឹង​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ស្រុក​ច្រើន​ជា​អនេក​មិន​ខាន, ហេតុ​នេះ ទ្រង់​ភៀស​ចេញ​តែ​ព្រះ​អង្គ​ឯង និង ព្រះ​រាជ​ពនិតា​ទៅ​ចុះ ទុក​ឲ្យ​រាស្ត្រ​ប្រជា​បាន​សុខ​សាន្ត​ត្រាណ ។ ដូច្នេះ ព្រះ​បាទ​ភូមោវិលោ​រាជា ក៏​បាន​គ្រប់​គ្រង លើ​រាជ​សម្បត្តិ​ដែន​សិម្ពលី​នេះ​ទៅ ។

ចំណែក​ឯ​ព្រះ​បាទ​យសកេរ្តិ៍ និង ព្រះ​អគ្គ​មហេសី ទ្រង់​យាង​ភៀស​ព្រះ​អង្គ ទៅ​គង់​នៅ​ក្នុង​ព្រៃ ត្រង់​តំបន់​ភ្នំ​តូច​មួយ (គឺ​ភ្នំ​ស្រី​វិបុលកេរ្តិ៍​នេះ​ឯង) ។ ប៉ុន្តែ មិន​បាន​សុខ​សាន្ត​ត្រាណ​ឡើយ ពពួក​រេហ៍ពល​ព្រះ​បាទ​ភូមោវិលោ​រាជា គេ​តាម​មក​ចាប់​ព្រះ​អង្គ​បាន នៅ​ពេល​ដែល​ទ្រង់​យាង​រក​ផ្លែ​ឈើ មើម​ឈើ​ធ្វើ​ព្រះ​ស្ងោយ ។ គេ​នាំ​យក​ព្រះ​អង្គ​ទៅ​បង្ខាំង​ទុក​ឯ​ក្នុង​ប្រទេស ព្រោះ​ខ្លាច​ក្រែង​ព្រះ​អង្គ ទៅ​បង្ក​បាន​បក្ស​ពួក​វាយ​ដណ្ដើម​យក​រាជ្យ​វិញ ។ ពេល​នោះ ព្រះ​អគ្គ​មហេសី ក៏​ទ្រង់​នៅ​ត្រមោច​ត្រមង់​មួយ​ព្រះ​អង្គ​ឯង ណា​មួយ​ទ្រង់​ព​ផ្ទៃ​ជិត​គ្រប់​ខែ​ហើយ​ផង ។ មិន​យូរ​ប៉ុន្មាន ព្រះ​នាង​ក៏​ប្រសូតិ​ព្រះ​រាជ​បុត្រ​នៅ​កណ្ដាល​ព្រៃ បាន​ព្រះ​រាជ​បុត្រា​មួយ មាន​ព្រះ​ភក្ត្រ​ស្រស់បស់​ព្រះ​រូប​ឆោម​សមរម្យ ដូច​ព្រះ​បិតា ដោយ​សារ​ព្រះ​រូប​ឆោម​ល្អ​ឆើត​នេះ ព្រះ​នាង ក៏​ថ្វាយ​ព្រះ​នាម​រាជ​ឱរស​នេះ​ថា “ស្រី​វិបុលកេរ្តិ៍ ” ។

ចំណេរ​ត​មក ប្រមាណ​ជា​ព្រះ​ជន្ម​បាន ១៥-១៦ ឆ្នាំ ព្រះ​រាជ​កុមារ តែង​សាក​សួរ​រឿយ​ៗ រក​ព្រះ​បិតា ។ ព្រះ​វរ​រាជ​មាតា ក៏​និទាន​រឿង​របស់​ខ្លួន ឲ្យ​ព្រះ​រាជ​បុត្រ​បាន​ជ្រាប​សព្វ​គ្រប់​។ កាល​បើ​ទ្រង់​ជ្រាប​ថា ព្រះ​វរ​បិតា​គង់​ព្រះ​ជន្ម​នៅ​ឡើយ ហើយ​កំពុង​តែ​ជាប់​ក្ដី​នៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ​ដូច្នោះ ព្រះ​រាជ​កុមារ ក៏​សុំ​លា​ព្រះ​មាតា​ទៅ​តាម​រក​មួយ​រំពេច, ប៉ុន្តែ​ព្រះ​នាង ទ្រង់​ឃាត់​យ៉ាង​ម៉ឺង​ម៉ាត់ ព្រោះ​ខ្លាច​ព្រះ​រាជ​បុត្រា មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទៀត ។ ទោះ​បី​ព្រះ​មាតា​ឃាត់​យ៉ាង​ណា ក៏​ព្រះ​រាជ​កុមារ​នៅ​តែ​ទទូច លុះ​ត្រា​តែ​ព្រះ​មាតា​ព្រម​បើក​ឲ្យ​ទៅ ដោយ​ប្រគល់​នូវ​ព្រះ​ពស្ត្រ​សម្រាប់​រាជ្យ ដែល​មាន​ជាប់​មក​នឹង​ព្រះ​អង្គ ឲ្យ​ទៅ​ព្រះ​រាជ​បុត្រ ដើម្បី​សម្រាប់​បង្ហាញ​ជា​បន្ទាល់ ឲ្យ​ស្ដេច​បិតា​ទ្រង់​ជឿ​ថា នេះ​ពិត​ជា​ព្រះ​រាជ​បុត្រ​ហើយ ។ ព្រះ​នាង ផ្ដាំ​បន្ថែម​ទៀត​ថា “ចូរ​កូន​ទៅ កុំ​ឲ្យ​យូរ​ហួស​ពី ៧ ថ្ងៃ បើ​កំណត់ ៧ ថ្ងៃ​ហើយ កូន​មិន​ឃើញ​មក​វិញ​ទេ ម្ដាយ​នឹង​បែក​ទ្រូង​ស្លាប់​មិន​ខាន” ។

ព្រះ​រាជ​កុមារ ថ្វាយ​បង្គំ​លា​ព្រះ​មាតា​រួច​ស្រេច ក៏​ម្នីម្នា​តម្រង់​ទៅ ដែន​ពារាណសី ដែល​ជា​ទី​ឃុំ​ឃាំង​ព្រះ​បិតា​ព្រះ​អង្គ ។ ជួន​ជា​ពេល​នោះ ព្រះ​បាទ​ភូមោវិលោ​រាជា ចាត់​ឲ្យ​ពេជ្ឈឃាដ​នាំ​យក​ព្រះ​បាទ​យស​កេរ្តិ៍ ទៅ​សម្លាប់​នៅ​កណ្ដាល​ព្រះ​លាន, ឃើញ​ដូច្នោះ ព្រះ​រាជ​កុមារ ស្ទុះ​ចូល​ទៅ​ជិត​ពួក​ពេជ្ឈឃាដ ហើយ​សុំ​ឃាត់​ថា “សូម​អ្នក​លែង​ព្រះ​វរ​បិតា​ខ្ញុំ​នេះ​ចុះ ហើយ​សម្លាប់​ខ្ញុំ​ជំនួស​វិញ ខ្លួន​ខ្ញុំ​ជា​កូន សុំ​ធានា​ទទួល​ទោស​ទាំង​អស់” ។ ពេជ្ឈឃាដ​ទាំង​អស់ ក៏​ស្រឡាំងកាំង​គ្រប់​គ្នា ផ្អាក​លែង​ប្រហារ​អ្នក​ទោស​នេះ​សិន ហើយ​ជំនុំ​គ្នា នា​សេចក្ដី​ទៅ​ក្រាប​បង្គំ​ព្រះ​រាជា សុំ​សេចក្ដី​អនុញ្ញាត ឲ្យ​ធ្វើ​ឃាត​បុត្រា​ជំនួស​ចុះ ។ ពេជ្ឈឃាដ​ក៏​ដោះ​លែង​ព្រះ​បាទ​យសកេរ្តិ៍​ឲ្យ​រួច​ខ្លួន​ទៅ ហើយ​ដាក់​ក្ដី​កុមារ​ស្រី​វិបុល​កេរ្តិ៍​ជំនួស​វិញ, ប៉ុន្តែ​ពេល​នេះ ជា​ការ​អស្ចារ្យ​ណាស់ ដាវ​របស់​ពេជ្ឈឃាដ​ប្រែ​ត្រឡប់​ជា​ទន់​ដូច​សំឡី ឥត​មាន​គ្រោះ​ថ្នាក់​អ្វី ដល់​ព្រះ​អង្គ​ឡើយ ។ ដោយ​សារ​ហេតុ​ចម្លែក​ដូច្នេះ ព្រះ​បាទ​ភូមោវិលោ​រាជា ទ្រង់​យាង​ចេញ​ទៅ​ទត​ហេតុ​អស្ចារ្យ​នេះ ដោយ​ផ្ទាល់​ព្រះ​នេត្រ, តែ​ជា​អកុសល ដោយ​អំពើ​អាក្រក់ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​មក, ពេល​នោះ ព្រះ​ធរណី ក៏​ស្រូប​យក​ព្រះ​រាជា​អធម៌​នេះ​បាត់​ទៅ ។

ប្រជានុរាស្ត្រ ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ កោត​ស្ញែង​អានុភាព​ឫទ្ធិ​បារមី នៃ​ព្រះ​កុមារ​ស្រី​វិបុល​កេរ្តិ៍​គ្រប់​ៗ គ្នា ។ ម្ល៉ោះ​ហើយ, អ្នក​ស្រុក​ទាំង​អស់ ក៏​មូល​មតិ​គ្នា ថ្វាយ​រាជ​សម្បត្តិ​ទៅ​ព្រះ​រាជ​កុមារ ព្រះ​អង្គ​ក៏​ទ្រង់​យល់​ព្រម​ទទួល ទើប​ផ្ដើម​រៀបចំ​ព្រះ​រាជ​ពិធី​រាជាភិសេក​ឡើង​ក្នុង​ពេល​នោះ ។
ប៉ុន្តែ នៅ​ក្នុង​រាត្រី​ស្ងាត់, ព្រះ​រាជ​កុមារ ក្រាប​ទូល​ព្រះ​វរ​រាជ​បិតា អំពី​បណ្ដាំ​របស់​ព្រះ​មាតា ដែល​ទ្រង់​ផ្ដាំ​ថា កុំ​ឲ្យ​ហួស​រវាង ៧ ថ្ងៃ ឥឡូវ​យប់​នេះ​ជា​គម្រប់​ថ្ងៃ​ទី ៧ ហើយ ។ ព្រះ​បាទ​យសកេរ្តិ៍  និង ស្រី​វិបុលកេរ្តិ៍ ក៏​ទ្រង់​ព្រមព្រៀង​គ្នា លួច​ភៀស​ព្រះ​អង្គ​ចេញ​ពី​ក្នុង​វាំង ឥត​ឲ្យ​ពួក​ពល​មន្ត្រី​យោធា​ដឹង​ដាន​ឡើយ ។ ចេញ​ផុត​ពី​វាំង​ហើយ ទ្រង់​ខំ​យាង​ដោយ​ព្រះ​បាទា​យ៉ាង​លឿន កាត់​ព្រៃ ឆ្លង​វាល ច្រូត​កាត់​សំដៅ​ទៅ​កាន់​ទី​ដែល​ព្រះ​នាង​សុវណ្ណមាលា​គង់​នៅ ។

ដោយ​សារ​ផ្លូវ​លំបាក ហើយ​មាន​ចម្ងាយ​ឆ្ងាយ​ផង ព្រះ​រាជ​ដំណើរ​នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​អស់​រយៈ​មួយ​យប់​មួយ​ថ្ងៃ ។ ហេតុ​នេះ​ហើយ បាន​ជា​ទម្រាំ​តែ​ទៅ​ដល់ ព្រះ​នាង​ដាច់​ខ្យល់​ផុត​ហួស​ទៅ​ហើយ  ។ ព្រះ​រាជ​កុមារ និង ព្រះ​បិតា ទ្រង់​រន្ធត់​ព្រះ​ទ័យ​យ៉ាង​ខ្លាំង ព្រះ​អង្គ​ក៏​រៀបចំ​បូជា​សព​ព្រះ​នាង​តាម​ការ​គួរ, តែ​ដោយ​ព្រះ​កុមារ​ទ្រង់​តម្រិះ​ថា “ព្រះ​មាតា​សុគត​ទៅ ក៏​ដោយ​សារ​តែ​ព្រះ​អង្គ ហេតុ​នេះ គួរ​តែ​ព្រះ​អង្គ​រក​វិធី​ណា​សម្ដែង​ការ​ប្ដូរ​ផ្ដាច់ ឲ្យ​បាន​សម​នឹង​ទឹក​ព្រះ​ទ័យ​នៃ​ព្រះ​មាតា ដែល​ធ្ងន់​ខ្លាំង​បំផុត​មក​លើ​ព្រះ​អង្គ” ។ ទ្រង់​ព្រះ​តម្រិះ​ដូច្នេះ ទ្រង់​ក៏​តម្កល់​ព្រះ​សព​មាតា​ក្នុង​មឈូស ហើយ​លើក​មឈូស​នេះ ដាក់​លើ​ព្រះ​ឱរា ដោយ​ព្រះ​អង្គ​ទ្រង់​ផ្ទំ​ទ្រ​មឈូស​ធ្វើ​ជា​ជើង​ថ្ករ ។ លុះ​បូជា​ព្រះ​សព​នេះ​ទៅ ព្រះ​អង្គ​ក៏​ក្ស័យ​ព្រះ​ជន្ម​ទៅ​ជា​មួយ​ដែរ ។ ឯ​ព្រះ​បិតា ទ្រង់​យល់​ដូច្នេះ ក៏​ទ្រង់​ព្រះ​វិតក្ក​សោយ​សោក​ពន់​ប្រមាណ តែ​ព្រះ​អង្គ​ខំ​ទប់​ព្រះ​ចិន្ដា ត្រឡប់​មក​ទទួល​គ្រប់​គ្រង​រាជ​សម្បត្តិ​វិញ ។ ក្រោយ​ដែល​គ្រង​រាជ្យ​ហើយ ទ្រង់​ក៏​ចាត់​ចែង​ធ្វើ​ប្រាង្គ​សិលា ដើម្បី​តម្កល់​ព្រះ​បរម​អដ្ឋិ នៃ​ព្រះ​អគ្គ​មហេសី និង ព្រះ​រាជ​បុត្រ ។ ទី​ដែល​តម្កល់​ព្រះ​អដ្ឋិ​នេះ​ហើយ ដែល​គេ​សន្មត​ហៅថា “ភ្នំ​ស្រី​វិបុលកេរ្តិ៍ ” រហូត​មក​សព្វ​ថ្ងៃ​នេះ ។

សេចក្ដី​អធិប្បាយ​មក​នេះ ជា​រឿង​ព្រេង ដែល​អ្នក​ស្រុក​និទាន​ត​គ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ, តែ​បើ​តាម​ពិនិត្យ​សង្កេត រក​ហេតុ​ផល​វិញ យើង​ពុំ​អាច​សន្មត​ប្រាកដ​ប្រជា ថា​ជា​រឿង​ត្រូវ​ពិត​បាន​ឡើយ ព្រោះ​ធម្មតា​រឿង​និទាន តែង​ល្អៀង តែង​ឃ្លៀង​ឃ្លាត នៅ​តាម​សំដី​អ្នក​ស្រុក តាម​ជំនឿ​អ្នក​ស្រុក ដែល​ឆ្លង​កាត់​សតវត្ស​ជា​ច្រើន​មក​ហើយ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៨៥ – ៩២


  1. អត្ថបទ​នេះ សហ. លី-ធាមតេង ប្រមូល​-​រៀបរៀង
  2. សន្ធមា ជា​ឈ្មោះ​តួ​ស្រី​យក្ស​មួយ ក្នុង​រឿង​ពុទ្ធិសែន ដែល​ត្រូវ​ជា​ម្ដាយ​នាង​កង្រី ។ យក្ខិនី​នេះ មាន​ចិត្ត​ទ្រុស្ត​កាច​សាហាវ​ណាស់
  3. តាម​រឿង​ជាតក ក្នុង​បញ្ញាសជាតក មាន​នាម​ស្ដេច​មួយ​អង្គ​ថា ព្រះ​បាទ "យសកិត្តិ" សឹង​មាន​លំអាន​រឿង​ប្រហាក់​ប្រហែល​នឹង​រឿង​នេះ​ដែរ