រឿង ភូមិ​ស្ដី​បិទ​មាស

នៅ​ក្នុង​ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ មាន​ភូមិ​មួយ ឈ្មោះ​ភូមិ​ស្ដី​បិទ​មាស តាំង​នៅ​តាម​មាត់​ស្ទឹង, បាន​ជា​មាន​នាម​ថា ភូមិ​ស្ដី​បិទ​មាស ដោយ​មាន​រឿង​ព្រេង​ដំណាល​ថា ៖
កាល​កន្លង​ជា​យូរ​អង្វែង​ឆ្នាំ​មក​ហើយ មាន​មេ​ធ្នស់​មួយ​គ្រួ គឺ​ប្ដី​ប្រពន្ធ និង កូនក្រមុំ​មួយ មាន​រូប​ស្រស់​ឆើត​ឆាយ, សំចត​នៅ​ព្រែក ធ្វើ​នេសាទ​នៅ​ក្បែរ​ខ្ទម​អ្នក​តា​ដើម​ស្ដី ។ ការ​នេសាទ របស់​មេ​ធ្នោះ​នេះ ចេះ​តែ​ចម្រើន​រៀង​រាល់​ឆ្នាំ រហូត​ទាល់​តែ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ ដោយ​របរ​នេសាទ​របស់​ខ្លួន ។[1]

តំបន់​នោះ ជា​តំបន់​មាន​មូស​ច្រើន​ជា​អនេក, ថ្ងៃ​មួយ នៅ​ពេល​ទៀប​ពេល​យប់​មេ​ធ្នស់ បាន​ជួប​ជុំ​នឹង​គ្រួសារ​ខ្លួន​ផង និង កូន​ឈ្នួល​ខ្លួន​ផង ក៏​និយាយ​ទៅ​កាន់​កូន​ឈ្នួល​ជា​ពាក្យ​លេង​ថា : ក្នុង​បណ្ដា​អ្នក​ទាំង​អស់​គ្នា មាន​អ្នក​ណា​អាច​ហ៊ាន​ដេក​ហាល​មូស ១ យប់​ទេ ។ ពេល​នោះ មាន​កូន​ឈ្នួល​កំលោះ​ម្នាក់ ប្រកប​ដោយ​រូប​ឆោម និង ប្រាជ្ញា​ឈ្លាសវៃ បាន​ឆ្លើយ​ទទួល​ខ្លួន​ថា : “ខ្ញុំ​ហ៊ាន” បើ​ខ្ញុំ​ដេក​ហាល​មូស ១ យប់​បាន តើ​លោក​ដង្ខៅ​ឲ្យ​អ្វី​ខ្ញុំ ។ មេ​ធ្នស់ បែប​អន់​ចិត្ត ក៏​និយាយ​តប​ទៅ​វិញ​ថា : អា​ចោលម្សៀត ឯង​ចេះ​តែ​អួត គេ​និយាយ​សួរ​ឯ​ណា​នោះ​ក៏​ឯង​រ៉ាប់រង​ដែរ ។ កូន​ឈ្នួល​កំលោះ​នោះ​ក៏​និយាយ​តប​វិញ​ថា : “បើ​ខ្ញុំ​អួត​នោះ សុំ​ឲ្យ​ដង្ខៅ​ភ្នាល់​ជា​មួយ​ខ្ញុំ​ទៅ ហ៊ាន​ដាក់​អ្វី​ក៏​ហ៊ាន​ដែរ” ។ ដង្ខៅ រឹត​តែ​ខឹង និយាយ​ថា “អញ​ដាក់​របស់​ទ្រព្យ​ដែល​អញ​មាន​ទាំង​អស់ អញ​ចុះ​ចេញ​តែ​ខ្លួន​ទេ ឲ្យ​តែ​ឯង​ហ៊ាន​ឲ្យ​អញ​ចង​ឯង ទុក​ហាល​មូស​អស់ ១ យប់​ទល់​ភ្លឺ, ចុះ​បើ​ឯង​ពុំ​ហ៊ាន ឬ ទ្រាំ​មិន​បាន​វិញ តើ​ឯង​សុខ​ចិត្ត​នៅ​បម្រើ​អញ​អស់​មួយ​ជីវិត​ឬ ? កូន​ឈ្នួល​ឆ្លើយ​ថា ខ្ញុំ​សុខ​ចិត្ត​ធ្វើ, តែ​បើ​ដង្ខៅ​សុខ​ចិត្ត ត្រូវ​ឲ្យ​កូន​ក្រមុំ​ដង្ខៅ​មក​ខ្ញុំ​ទៀត​ផង កាល​បើ​ខ្ញុំ​ឈ្នះ ។ ដង្ខៅ ថា អញ​សុខ​ចិត្ត, មិន​ខ្លាច​ទេ, បើ​ដូច្នេះ ត្រូវ​ពពួក​កម្មករ​ទាំង​អស់ ចាប់​វា​ចង​ភ្លាម​ឲ្យ​ជាប់​នឹង​ដើម​ស្ដី ក្រោយ​ខ្ទម​អ្នកតា​នេះ​ចុះ អញ​សុខ​ចិត្ត​ហើយ, អញ​ចង់​ឈ្នះ​អា​នេះ​ម្ដង, កម្មករ​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​បន្ទាល់​អញ​ផង ។

កូន​ឈ្នួល​នោះ ក៏​សុខ​ចិត្ត​ឲ្យ​គេ​ចង​នឹង​ដើម​ស្ដី ។ ដល់​គេ​ទាំង​អស់​គ្នា ត្រឡប់​មក​លំនៅ​វិញ កូន​ឈ្នួល​កំលោះ​នោះ ក៏​បន់​ស្រន់​អ្នកតា ដែល​នៅ​ទី​នោះ​ថា “សូម​ឲ្យ​លោក​តា​ជួយ​ខ្ញុំ​ផង ខ្ញុំ​បាន​ជា​ជ្រុល​ភ្នាល់​ជា​មួយ​ដង្ខៅ​ធ្នស់​ទៅ​ហើយ សូម​កុំ​ឲ្យ​មាន​មូស​ខាំ​ខ្ញុំ​ឲ្យ​សោះ សូម​ឲ្យ​ខ្ញុំ​បាន​រស់​ជីវិត ហើយ​ឲ្យ​បាន​កូន​ក្រមុំ​មេ​ធ្នស់ និង មាន​ទ្រព្យ​សម្បត្តិ, បើ​បាន​ដូច​ប្រាថ្នា​មែន ខ្ញុំ​សន្យា​ថា នឹង​ទិញ​មាស​មក​បិទ​ដើម​ស្ដី​នេះ តាំង​ពី​គល់​រហូត​ដល់​ចុង ហើយ​ធ្វើ​ខ្ទម​គ្រឿង​ឈើ​ប្រក់​ក្បឿង​ថ្វាយ​លោក​អ្នក​តា​ទៀត​ផង” ។

ចំណែក​មេ​ធ្នស់ នឹក​ថា ៖ អា​កូន​ឈ្នួល ដែល​វា​ហ៊ាន​ឲ្យ​ចង​វា​ហាល​មូស​នេះ មុខ​ជា​នឹង​ស្លាប់​ដោយ​មូស​ខាំ ដោយ​សោះ​ឈាម​មិន​ខាន ។ តែ​បើ​វា​ទ្រាំ​មិន​បាន វា​ហៅ​ឲ្យ​ស្រាយ​ពាក់​កណ្ដាល​អាធ្រាត្រ​នោះ វា​មុខ​ជា​នៅ​ធ្វើ​ខ្ញុំ​បម្រើ​អញ​អស់​មួយ​ជីវិត​មិន​ខាន ។
នៅ​ពេល​យប់​នោះ អ្នក​តា​ដើម​ស្ដី លេង​បៀ​ចាញ់​អ្នកតា​ឯ​ទៀត យក​មូស​ទៅ​សង​គេ​អស់, មូស​ដែល​ធ្លាប់​តែ​មាន ដូចជា​គេ​បាច​អង្កាម ក្លាយ​ទៅ​ជា​ស្ងាត់​ឈឹង ឥត​សេស​សល់​បន្តិច​បន្តួច​ឡើយ ហើយ​ឈ្នួល​នេះ​ទៀត ក៏​គ្មាន​មូស​ខាំ​បន្តិច​សោះ​ដែរ ដោយ​ហេតុ​តែ​វា​មាន​និស្ស័យ ត្រូវ​ជា​គូ​ព្រេង​ជា​មួយ​កូន​ក្រមុំ​មេ​ធ្នស់ ហើយ​ត្រូវ​វា​ឡើង​ធ្វើ​ជា​អ្នក​មាន​ផង ។

លុះ​ភ្លឺ​ឡើង ដង្ខៅ​ធ្នស់ និង កូន​ឈ្នួល​ឯ​ទៀត​នឹក​ថា “អា​កូន​ឈ្នួល​ដែល​ចង​នៅ​ដើម​ស្ដី​នោះ វា​ស្លាប់​ស្រេច​ទៅ​ហើយ” ក៏​បបួល​គ្នា​ដើរ​ទៅ​មើល ស្រាប់​តែ​ឃើញ​អា​នោះ សើច​ដាក់​ដង្ខៅ និង កូន​ឈ្នួល​ឯ​ទៀត​ទៅ​វិញ ។ ពេល​នោះ អ្នក​ឃើញ​ទាំង​ប៉ុន្មាន​ក៏​កោត​ស្ញប់​ស្ញែង ខ្លាច​អំណាច​កូន​ឈ្នួល​នោះ​គ្រប់​គ្នា ។ ដង្ខៅ នឹក​អស់​សង្ឃឹម និយាយ​នឹង​កូន​ឈ្នួល​ឯ​ទៀត​ថា : កិច្ច​សន្យា​ដែល​អញ​បាន​និយាយ​គ្នា​ពី​ល្ងាច​នោះ ឥឡូវ​នេះ ទុក​ជា​កូន​ឈ្នួល​នេះ​ឈ្នះ​អញ​ហើយ ត្រូវ​អញ​លើក​ទ្រព្យ​សម្បត្តិ និង កូន​ក្រមុំ​អញ​ផ្សំ​ផ្គុំ​ឲ្យ​វា” ។

ក្នុង​ថ្ងៃ​ដដែល​នោះ មេ​ធ្នស់ ឲ្យ​កាប់​ជ្រូក មាន់ ទា ធ្វើ​ម្ហូប​អាហារ​រៀបការ​កូន​ឈ្នួល និង កូន​ក្រមុំ​របស់​ខ្លួន រួច​ប្រគល់​ទ្រព្យ​សម្បត្តិ និង មុខ​របរ​ដង្ខៅ​ធ្នស់ ឲ្យ​កូន​ប្រុស-ស្រី​កាន់​កាប់​តទៅ ។ ដង្ខៅ​នោះ ក៏​នាំ​ប្រពន្ធ​ចុះ​ចេញ​ទៅ​នៅ​លំនៅ​ដើម​វិញ ។
ដង្ខៅ​ធ្នស់​ថ្មី (ប្ដី​ប្រពន្ធ) និយាយ​គ្នា​ថា : “យើង​ត្រូវ​ឲ្យ​គេ​ទិញ​មាស​សន្លឹក​មក​បិទ​ដើម​ស្ដី ហើយ​ធ្វើ​ខ្ទម​ឲ្យ​អ្នកតា តាម​ដែល​បង​បាន​បន់​ស្រន់​បួង​សួង” ។ លុះ​ធ្វើ​ស្រេច​ហើយ អ្នក​តា​ទី​នោះ ក៏​មាន​ឫទ្ធានុភាព​ពូកែ ហើយ​មិន​ត្រឹម​តែ​មេ​ធ្នស់​ប៉ុណ្ណោះ​ទេ ដែល​គោរព ទោះ​បី​អ្នក​ស្រុក ឬ​អ្នក​ដំណើរ​នានា​តាម​ដង​ស្ទឹង ក៏​គោរព​អ្នកតា​នោះ យក​ជា​ទី​ពឹង​ពំនាក់​ដែរ ។ អ្នកតា​នោះ​ក៏​មាន​ឈ្មោះ​ថា “អ្នកតា​ដើម​ស្ដី​បិទ​មាស” តាំង​ពី​ត្រឹម​នោះ​មក ។ តែ​សម័យ​ឥឡូវ​នេះ ដើម​ស្ដី​នោះ ងាប់​បាត់​ទៅ​ហើយ, ឯ​ខ្ទម ដែល​មេ​ធ្នស់​ធ្វើ​នោះ ក៏​ពុក​បាក់​បែក​បាត់​ទៅ​ហើយ​ដែរ, នៅ​សល់​តែ​កន្លែង​ដើម​ស្ដី និង ខ្ទម​អ្នក​តា​ប្រក់​ស្បូវ​ប៉ុណ្ណោះ ។ ព្រោះ​ហេតុ​ដូច​រៀបរាប់​នេះ បាន​ជា​ភូមិ​នៅ​តាម​មាត់​ស្ទឹង ក្បែរ​ខ្ទម​អ្នកតា​ទាំង​អស់ បាន​ជាប់​ឈ្មោះ​ថា : “ភូមិ​ដើម​ស្ដី​បិទ​មាស” ហៅ​ក្លាយ​មក​ត្រឹម​តែ “ភូមិ​ស្ដី​បិទ​មាស, ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ឯង ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៩៣ – ៩៦


  1. សហ. ស្ដើង-ធូរ រៀបរៀង​តាម​លំនាំ​ឯកសារ​លេខ ២៧-០១៤ របស់​លោក មាស-ហាំ កាល​ធ្វើ​បាឡាត់​ស្រុក កំពង់​ស្វាយ (កំពង់ធំ)