រឿង ភ្នំ​ជើង​ព្រៃ

នៅ​ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម ខាង​ជើង​ថ្នល់​ជាតិ​លេខ ៦ ត្រង់​ខាង​កើត​ផ្សារ​ផ្អាវ ប្រមាណ ៣ គ.ម. ដែល​មាន​ផ្លូវ​លំ ១ ចូល​ទៅ​ខាង​ជើង ប្រមាណ ១៥០០ ម. មាន​ភ្នំ​ពីរ ឃ្លាត​គ្នា​ប្រហែល​ជា ១០០ ម. ពី​គ្នា ។ មួយ​នៅ​ខាង​កើត ហៅ ភ្នំ​ស្រី ឬ ភ្នំ​ធំ, មួយ​ទៀត ទាប​នៅ​ខាង​លិច ហៅ ភ្នំ​ប្រុស ឬ ភ្នំ​ព្រះ​បាទ, ភ្នំ​ទាំង​ពីរ​នេះ គេ​ហៅ​រួម​គ្នា​ថា “ភ្នំ​ជើង​ព្រៃ” បាន​ជា​គេ​ហៅ​ដូច្នេះ ព្រោះ​មាន​រឿង​ព្រេង​និទាន​ថា មនុស្ស​ស្រី និង ប្រុស ភ្នាល់​គ្នា​លើក​ភ្នំ​នេះ ដូច “ភ្នំ​ស្រី​ភ្នំ​ប្រុស” នៅ​ជិត​កំពង់ចាម​ដែរ ប្លែក​តែ​ខាង​ភ្នំ​ជើង​ព្រៃ​នេះ រណ្ដៅ​ដី​នៅ​ភ្នំ​ស្រី ដែល​ខាង​ស្រី​ជីក​យក​មក​ធ្វើ​ជា​ភ្នំ​នេះ ក្លាយ​ទៅ​ជា​ស្រះ​ធំ ១ មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា ហៅ​ថា ស្រះ​ទឹក​ព្រះ ឯ​រណ្ដៅ​នៅ​ជិត​ភ្នំ​ប្រុស ដែល​ខាង​ប្រុស​ជីក​ដី​យក​មក​ធ្វើ​ជា​ភ្នំ​នេះ ក្លាយ​ទៅ​ជា​ស្រះ​ធំ ១ គ្មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា ហៅ​ថា កំពែង​ស្ងួត ។[1][2]

ឯ​ផ្លូវ​លំ នៅ​ខាង​កើត​ផ្សារ​ផ្អាវ ប្រមាណ ៣ គ. ម. ដែល​បែក​ពី​ថ្នល់​ជាតិ កាត់​ទៅ​ភ្នំ​ជើង​ព្រៃ​នេះ ជា​ផ្លូវ​រាប​ស្មើ​ធេង រថយន្ត​តូច​ធំ​ចេញ​ចូល​បាន​ស្រួល ។
ស្រះ​ទឹក​ព្រះ​នោះ ឋិត​នៅ​ទិស​ឦសាន​ភ្នំ​ស្រី ឬ ភ្នំ​ធំ ចម្ងាយ​ប្រមាណ​ជា ១០០ ម. ទំហំ​ប្រមាណ​ជា ១០០ ម៉ែត្រ ៤ ជ្រុង,  ជម្រៅ​ប្រមាណ​ជា  ១០ ម.  ទទឹង​ខ្នង​លើ​នៃ​មាត់​ស្រះ​ជុំវិញ ៥ ម. រាប​ស្មើ​ធេង ។ សព្វ​ថ្ងៃ នៅ​ល្អ​នៅ​ឡើយ, មាន​ទឹក​ថ្លា​ឈ្វេង ជា​ទី​អាស្រ័យ​នៅ​នៃ​ពួក​បច្ឆា​ជាតិ ហើយ​មាន​ទាំង​វារីជាតិ​នានា ដុះ​ពាស​ពេញ​ស្រះ​នោះ​ផង  បញ្ចេញ​ផ្លែ​ផ្កា​រីក​ស្គុះស្គាយ ដេរដាស អាច​ប្រៀប​ទៅ​នឹង​បឹង​តូច​មួយ​បាន ដ៏​ជា​ទី​មនោរម្យ​ក្រៃពេក ដល់​អ្នក​ទស្សនា ។
ឥត​មាន​ពួក​អ្នក​នេសាទ​ណា​មួយ ហ៊ាន​ទៅ​ចង​សន្ទូច ទៅ​ប្របក់ ឬ ទៅ​ដាក់​លប​លាយ​អ្វី ក្នុង​ស្រះ​នោះ​ឡើយ ដោយ​គេ​ខ្លាច​រអា​គ្រប់​ៗ គ្នា, សូម្បី​តែ​បន្លែ​បង្ការ និង ផ្លែ​ផ្កា​នៃ​វារិជាត​ផ្សេង​ៗ មាន​ផ្កា​ឈូក​ជាដើម ក៏​គេ​ហាម​កូន​ចៅ​គេ មិន​ឲ្យ​បេះ​បោច​សោះ​ឡើយ ។

ស្រះ​នេះ ពី​ដើម​គេ​ហៅ​ថា “ស្រះ​ទឹក​ព្រះ” ដូច​ជម្រាប​ខាង​ដើម, តែ​សព្វ​ថ្ងៃ គេ​ហៅ​តែ “ទឹក​ព្រះ” ។ បាន​ជា​គេ​ហៅ​ថា “ទឹក​ព្រះ” ព្រោះ​ទឹក​ថ្លា​ណាស់, ហើយ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ​ឡើង​ទៅ​លើ​ភ្នំ​នោះ​ម្ដង​ៗ ដោយ​មាន​ការ​អ្វី​ក្ដី ដោយ​កម្សាន្ត​ក្ដី គេ​តែង​តែ​យក​ដប ថូ កែវ ផ្តិល ចុះ​ទៅ​ដង​ទឹក​ក្នុង​ស្រះ​នោះ យក​ទៅ​ស្រង់​ព្រះ នៅ​លើ​កំពូល​ភ្នំ​ពុំ​ដែល​ខាន ។
ពាក្យ​ថា “ទឹក​ព្រះ” បាន​ដិត​ជាប់​នឹង​មាត់​អ្នក​ស្រុក ដែល​នៅ​ជិត​ទី​នោះ​គ្រប់​ៗ គ្នា, ពេល​ណា គេ​ត្រូវ​ការ​តាម​គោ ក្របី ដែល​បាត់ ឬ ត្រូវ​ការ​ទៅ​រក​ឧស គេ​តែង​តែ​សួរ​គ្នា​ថា រក​ឃើញ​នៅ​ខាង​ណា​ទឹក​ព្រះ ? ឬ ទៅ​រក​ឧស​ខាង​ណា​ទឹក​ព្រះ ? ។
បុរាណ​វត្ថុ​នានា ដែល​មាន​នៅ​បរិវេណ​នៃ​ភ្នំ​នោះ បាក់​បែក​ទៅ​ក៏​ច្រើន នៅ​សល់​ក៏​ច្រើន, ដែល​នៅ​សល់​សព្វ​ថ្ងៃ គឺ​ព្រះ​ពុទ្ធ​រូប​ចូល​និព្វាន ព្រះ​ពុទ្ធ​រូប​ទ្រង់​ព្រះ​ភ្នែន ទ្រង់​គ្រឿង​ឈរ និង ស្នាម​ព្រះ​ពុទ្ធ​បាទ ។

ព្រះ​ពុទ្ធ​រូប​ទ្រង់​ព្រះ​ភ្នែន មាន​កម្ពស់​ជាង ១ ម. បែរ​ព្រះ​ភក្ត្រ​ចំ​ទៅ​ទិស​អាគ្នេយ៍ ប្រតិស្ឋាន​នៅ​ក្នុង​គុក​គុហា ១ ជា​មួយ​ព្រះ​ពុទ្ធ​រូប​ទ្រង់​គ្រឿង​ឈរ និង ស្នាម​ព្រះ​ពុទ្ធ​បាទ ។
ព្រះ​ពុទ្ធ​រូប​និព្វាន ព្រះ​កេស​បែរ​ទៅ​ទិស​បូព៌ ព្រះ​ភក្ត្រ​បែរ​ទៅ​ទិស​ឧត្ដរ ញញឹម​ស្រស់ ប្រតិស្ឋាន​នៅ​ក្នុង​សាលង្គ​មួយ1 ប្រក់​ស័ង្កសី ដែល​ជន​ជាន់​ក្រោយ​សាង​ថ្វាយ នៅ​ទិស​និរតី​នៃ​គុក​គុហា ។
គុក​គុហា​ដែល​តម្កល់​បូជនីយវត្ថុ​ទាំង​នោះ ទ្រុឌ​ទ្រោម​គ្រាំ​គ្រា​ណាស់​ទៅ​ហើយ, អ្នក​ដែល​ចូល​ទៅ​នមស្ការ​បូជា​ព្រះ​ក្នុង​គុក​គុហា​នោះ តែង​តែ​មាន​ចិត្ត​ព្រួយ​បារម្ភ ក្រែង​បាក់​ធ្លាក់​សង្កត់​លើ​ខ្លួន ។
នៅ​លើ​មាត់​ទ្វារ​ខាង​លិច និង ខាង​កើត នៃ​គុក​គុហា​នោះ មាន​សិលា​ចារឹក​យ៉ាង​ច្បាស់​លាស់, អ្នក​មើល​ពី​ចម្ងាយ​ទៅ សំគាល់​ថា អក្សរ​ខ្មែរ តែ​លុះ​ចូល​ទៅ​ដល់ អ្នក​ចេះ​អក្សរ​ខ្មែរ​សម័យ​បច្ចុប្បន្ន​មើល​ពុំ​បាន អាន​ពុំ​ចេញ​ថា​ម៉េច​ឡើយ ព្រោះ​ជា​អក្សរ​ខ្មែរ​បុរាណ ។

ឯ​រណ្ដៅ​ក្ដី ដែល​ប៉ែក​ខាង​ប្រុស​ជីក​យក​មក​ធ្វើ​ជា​ភ្នំ ហើយ​ក្លាយ​ទៅ​ជា​ស្រះ ១ ធំ ឈ្មោះ “កំពែង​ស្ងួត” នោះ មាន​ទំហំ ប្រមាណ​ជា ១០០ ម. ៤ ជ្រុង​ស្មើ ជម្រៅ​ប្រមាណ​ជា ១០ ម. ឋិត​នៅ​ប៉ែក​ខាង​កើត ឆៀង​ខាង​ត្បូង នៃ​ស្រះ​ទឹក​ព្រះ របស់​ពួក​ខាង​ស្រី ដែល​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា ។ ស្រះ​កំពែង​ស្ងួត​នោះ ស្ងួត​មិន​ស្គាល់​ប្រាំង​វស្សា​ទេ ទោះ​បី​ខែ​វស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​យ៉ាង​ណា ក៏​ទឹក​មិន​ដក់​នៅ​ក្នុង​ស្រះ​នោះ​ដែរ, តែ​កាល​ណា​ភ្លៀង​រាំង​ភ្លាម ក៏​រីង​ស្ងួត​ហួត​ទឹក​អស់​មួយ​រំពេច ហាក់​ដូច​ជា​មាន​រន្ធ​យ៉ាង​ធំ​បង្ហូរ​ទឹក​ចេញ ។ គួរ​ឲ្យ​ឆ្ងល់​ណាស់ ស្រះ​ទាំង​ពីរ​គឺ​ខាង​ស្រី និង ស្រះ​ខាង​ប្រុស​នេះ ឋិត​នៅ​ចម្ងាយ​ពី​គ្នា​មិន​ទាំង​ដល់ ១០០ ម. ផង ម៉េច​ក៏​ស្រះ​មួយ​ខាង​ស្រី មាន​ទឹក​ពេញ​ព្រៀប​ខួប​ប្រាំង​វស្សា ហើយ​ស្រះ​មួយ​ទៀត​ខាង​ប្រុស ក៏​បែរ​ជា​ស្ងួត​ហួត​ហែង​ទៅ​វិញ ? តាម​ចាស់​ៗ នៅ​ជិត​ស្រះ​នោះ និទាន​ថា បាន​ជា​ស្រះ​ខាង​ប្រុស​ស្ងួត​ដូច្នេះ ព្រោះ​ត្រូវ​បណ្ដាសា ដែល​ពួក​ខាង​ស្រី​ដាក់​ឲ្យ​ពួក​ខាង​ប្រុស ។

នៅ​ខាង​ទិស​ពាយ័ព្យ ជិត​ស្រះ​ទឹក​ព្រះ មាន​កូន​ស្រះ​មួយ​តូច ទំហំ​ប្រមាណ​ជា ៥ ម. បួន​ជ្រុង​ស្មើ ជម្រៅ​ប្រមាណ​ជា ៤ ឬ ៥ ម., គេ​ហៅ​ថា ស្រះ​លាង​ជើង ។ ចាស់​ៗ តំណាល​ថា ស្រះ​នេះ បាន​ជា​គេ​ហៅ​ដូច្នោះ ព្រោះ​ចាស់​បុរាណ បាន​ជីក​ទុក​ចុះ​ទៅ​លាង​ជើង មុន​នឹង​ឡើង​ទៅ​លើ​ភ្នំ​ទាំង ២ ។
សព្វ​ថ្ងៃ, នៅ​រាល់​ថ្ងៃ ៨ កើត ៨ រោច ១៥ កើត ១៤-១៥ រោច ជា​ថ្ងៃ​សីល ពួក​ពុទ្ធ​បរិស័ទ នៅ​ភូមិ​ផ្អាវ​ខ្លះ ភូមិ​ជើង​ព្រៃ​ខ្លះ ភូមិ​ទំនប់​ច្រក​ភ្នំ​ខ្លះ គេ​តែង​និមន្ត​ព្រះ​សង្ឃ​ឡើង​ទៅ​លើ​ភ្នំ​នោះ ដើម្បី​ធ្វើ​កិច្ច​សមាទាន​សីល, កាល​បើ​គេ​សមាទាន​ឧបោសថ​សីល​ហើយ ខ្លះ​ក៏​ត្រឡប់​មក​លំនៅ​ឋាន​វិញ ខ្លះ​ក៏​នៅ​អស់​រយៈ​ពេល ១ ថ្ងៃ​នោះ​ទល់​ល្ងាច, ខ្លះ​ទៀត នៅ​រហូត​អស់​រយៈ​ពេល ១ ថ្ងៃ ១ យប់ ទើប​វិល​មក​លំនៅ​របស់​អាត្មា​វិញ ។
អ្នក​ដែល​នៅ​អស់​រយៈ​ពេល ១ ថ្ងៃ ១ យប់​នោះ គឺ​គេ​នៅ​ធ្វើ​សមាធិ​កម្មដ្ឋាន, លុះ​ព្រឹក​ឡើង គេ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ កិច្ច​បំពេញ​ទាន​ក្នុង​វេលា​ព្រឹក​នោះ​ទៀត ។ អ្នក​ដែល​បាន​ធ្វើ​ចង្ហាន់ ប្រគេន​ព្រះ​សង្ឃ​នោះ គេ​ធ្វើ​តែ​សម្ល​បួស មិន​ធ្វើ​សម្ល​ត្រី-សាច់​ទេ, ដោយ​ជឿ​ថា បើ​ធ្វើ​សម្ល​ត្រី-សាច់ នឹង​មាន​ហេតុ នាំ​ឲ្យ​រំខាន​ក្នុង​ការ​ធ្វើ​សមណ​ធម៌ រមែង​មាន​ស្រមោច សង្អារ ក្អែប ខ្ទួយ មក​រោម ខាំ ទិច រក​តែ​ដេក​មិន​បាន អង្គុយ​ធ្វើ​សមណ​ធម៌​មិន​កើត ដោយ​ការ​ទទួល​ទាន​ត្រី-សាច់ នាំ​ឲ្យ​ឆ្អេះ​ឆ្អាប​ស្អុយ ។

មាន​លោក​ធុតង្គ​ជាច្រើន​អង្គ និមន្ត​មក​គង់​នៅ​លើ​ភ្នំ​នោះ តែ​ទ្រាំ​នៅ​ឲ្យ​ជាប់​រាប់​ខែ​មិន​បាន នៅ​តែ​បន្តិច​ៗ ក៏​និមន្ត​ទៅ​បាត់ ។
ឧបាសក ឧបាសិកា​ខ្លះ យក​ទឹក​ទៅ​ស្រង់​ព្រះ ខ្លះ​ទៅ​ស្រោច​ស្នាម​ព្រះ​បាទ​នៅ​ផ្ទាំង​សិលា​ធំ, លុះ​ទឹក​ហូរ​ហៀរ​មក​វិញ គេ​យក​ផ្តិល ឬ ចាន​ត្រង​យក​មក​ចាក់​ដាក់​ដប ទុក​យក​ទៅ​ផ្ទះ​ផ្ញើ​កូន​ផ្ញើ​ចៅ គ្រាន់​បាន​លុប​មុខ និង ទទួល​ទាន​ជាដើម, នេះ​ជា​ជំនឿ​ម្យ៉ាង របស់​អ្នក​ដែល​ឡើង​ទៅ​សុំ​សីល​លើ​ភ្នំ ។
ក្រៅ​អំពី​បុរាណ​វត្ថុ ដូច​បាន​រៀប​រាប់​មក​ហើយ​នេះ នៅ​មាន​បុរាណ​វត្ថុ​ខ្លះ​ទៀត ជា​ផែន​ថ្ម​តាង​ផ្ទាំង គេ​ហៅថា កី​នាង​ទាវ, តែ​សព្វ​ថ្ងៃ ឃើញ​នៅ​តែ​គោល​ៗ ប៉ុណ្ណោះ ព្រោះ​បាក់បែក​ខ្លះ សឹក​រលុប​បាត់​ខ្លះ​ទៅ​ហើយ ។ តាម​ព័ត៌មាន​ពី​អ្នក​ស្រុក​នៅ​ទី​នោះ​ថា កាល​បារាំង​ទៅ​នៅ​ទី​នោះ វា​បាន​គាស់​យក​សសរ​កី​នាង​ទាវ​នោះ ទៅ​ធ្វើ​ជា​ជណ្ដើរ​ចុះ​ទៅ​ស្រះ​ខាង​ស្រី ។

នៅ​លើ​ភ្នំ​ស្រី​ពី​ខាង​មុខ មាន​ផែន​ថ្ម​ស្នាម​ជើង​មនុស្ស, អ្នក​ស្រុក​ហៅថា “ដាន​ជើង​តា​ព្រេង” ។
ខាង​លើ​ភ្នំ​នេះ ត្រង់​ជ្រុង​ឦសាន មាន​នាទី​ដី​រាប​ស្មើ​ធេង ស្អាត​បាត គេ​ហៅថា​កន្លែង​ឃុន​ឆាង​ទាត់​សី ។ ខាង​ទិស​បស្ចិម​គុក​គុហា មាន​រន្ធ​ថ្ម ១ ប៉ុន​ប្រាក់​រៀល​ពីដើម គឺ​ល្មម​ដាក់​ប្រាក់​រៀល​ចុះ គេ​ថា​រន្ធ​ថ្ម​នោះ ជា​រន្ធ​ឡូ​តា​ព្រេង ដែល​គាត់​តែង​លេង​នៅ​ពេល​ល្ងាច​ៗ ។
មួយ​ទៀត ជុំ​វិញ​បរិវេណ​ភ្នំ​នោះ មាន​កំពែង​ធ្វើ​ដោយ​ថ្ម​បាយ​ក្រៀម ដែល​មួយ​ដុំ​ៗ មាន​ទំហំ​ប្រហែល​ជា ០​ម​៤០ x ០​ម​៦០ ។ កំពែង​ថ្ម​នោះ តាម​ចាស់​បុរាណ​លោក​ថា មាន​ដល់​ទៅ ៧ ជាន់ សុទ្ធ​សឹង​ជា​ថ្ម​ដែល​ជា​ស្នាដៃ​នៃ​បុព្វ​បុរស​ខ្មែរ​យើង កសាង​បន្ថែម​ជា​ខាង​ក្រោយ ជំនាន់​លោក “យមរាជ​សិង្ហៈ” ដើម្បី​ការពារ​អសន្តិសុខ ឬ ការ​ពារ​អ្វី​ម្យ៉ាង របស់​លោក​ក្នុង​ជំនាន់​នេះ ។ កំពែង​នេះ បាក់​បែក​ជា​ច្រើន​ទៅ​ហើយ តែ​នៅ​សល់​ក៏​ច្រើន​ដែរ, អ្នក​ទស្សនា អាច​សន្និដ្ឋាន​បាន​ថា មាន ៧ ជាន់​មែន ។
ភ្នំ​ជើង​ព្រៃ ជាទី​ប្រតិស្ឋាន​នៃ​បុរាណ​វត្ថុ​នានា មាន​ស្រះ​ទឹក​ព្រះ ជាដើម ដូច​រៀប​រាប់​មក​ខាង​លើ​នោះ, សព្វ​ថ្ងៃ បាន​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន​មួយ​សម្រាប់​អ្នក​ទេសចរ​នានា, ពិសេស សម្រាប់​ជន​ជាតិ​ខ្មែរ​យើង ដែល​នៅ​ក្នុង​ស្រុក​ជើង​ព្រៃ និង ស្រុក​ព្រៃ​ឈរ ទាំង​រាស្ត្រ ទាំង​នាម៉ឺន ទៅ​លេង​កម្សាន្ត​សប្បាយ នៅ​រដូវ​ចូល​ឆ្នាំ​ខ្មែរ ឬ នៅ​ដំណាច់​ខែ​ចេត្រ, ប៉ុន្តែ​ភាគ​ច្រើន ចូល​ចិត្ត​ទៅ​លេង​នៅ​ថ្ងៃ​ដាច់​ខែ​ចេត្រ, ម្នាក់​ៗ គេ​រង់​ចាំ​ឲ្យ​តែ​ដល់​ដាច់​ខែ​ចេត្រ​ថ្ងៃ​ណា គេ​នឹង​បាន​នាំ​គ្នា​ទៅ​លេង នៅ​ភ្នំ​ជើង​ព្រៃ​នេះ​ដោយ​រីករាយ ។

គេ​ទៅ​ដោយ​យាន​ជំនិះ​ផ្ទាល់​ខ្លួន ដូចជា​ទោចក្រយាន, ទោចក្រយាន​យន្ត, រទេះ​គោ, រទេះ​ក្របី ឬ រថយន្ត​ក៏​មាន, ជួល​ទោចក្រយាន​សណ្ដោង, វេស្បា​កង់​បី ឬ ជួល​រថយន្ត​ឈ្នួល​ក៏​បាន ។ នៅ​ពេល​នោះ មាន​យាន​ផ្សេង​ៗ  ចត​តម្រៀប​ត្រៀប​ត្រា នឹង​គណនា​ត្រា​រាប់​ពុំ​បាន ។ មនុស្ស​អ៊ូ​អរ ប្រជ្រៀត​គ្នា​រក​ម្លប់​ជ្រក​រៀង​ៗ ខ្លួន, ខ្លះ​ដែល​បាន​ឡើង​ទៅ​លើ​ភ្នំ​ហើយ ក៏​នាំ​គ្នា​ត្រឡប់​ចុះ​មក​វិញ ខ្លះ​ដែល​ទើប​នឹង​ទៅ​ដល់ ក៏​ខំ​ប្រញាប់​ប្រញាល់​ឡើង​ទៅ​លើ​ភ្នំ ។ បណ្ដា​អ្នក​ទៅ​ទាំង​ប៉ុន្មាន ម្នាក់​ៗ គេ​មាន​ទឹក​ដប និង ផ្កា ទៀន ធូប ដើម្បី​យក​ទៅ​ស្រង់​ព្រះ និង ធ្វើ​សក្ការ​បូជា ចំពោះ​ព្រះ​ពុទ្ធ​រូប​ទាំង​នោះ ។ កាល​បាន​ធ្វើ​សក្ការ​បូជា​ហើយ ខ្លះ​ក៏​ច្រៀង​រាំ​វង់, ខ្លះ​ស្រស់​ស្រូប​ម្ហូប​អាហារ ខ្លះ​លេង​អង្គញ់ ខ្លះ​លេង​ឈូង, ខ្លះ​លេង​ល្បែង​ផ្សេង​ៗ តាម​ពួក​តាម​ក្រុម នៅ​ក្រោម​ម្លប់​ឈើ, ជា​ពិសេស នៅ​ក្រោម​ម្លប់​ដើម​ស្វាយ​ជា​ជួរ​ៗ រហូត​ដល់​ល្ងាច​ត្រជាក់​ទើប​គេ​នាំ​គ្នា​ត្រឡប់​មក​គេហដ្ឋាន​រៀង​ៗ ខ្លួន​វិញ ។

អ្នក​ដែល​ទៅ​លេង​កម្សាន្ត​ក្ដី ទៅ​មាន​ការ​ក្ដី គេ​តែង​ប្រយ័ត្ន ២ យ៉ាង​គឺ ៖
១- នៅ​ភ្នំ​នោះ  មាន​ខ្ទម​តូច ១  ឋិត​នៅ​ក្រោម​ដើម​សំរោង ១ ដើម ជា​ខ្ទម​អ្នក​តា​ក្រហម​ក ។ អ្នក​តា​នោះ ពូកែ​ណាស់ អ្នក​ស្រុក​គេ​ហៅ​ថា អស់​លោក​ភ្នំ ។ ពី​ដើម អ្នក​ចេះ​មន្ត​អាគម, ស្រី​មាន​ផ្ទៃ​ពោះ, អ្នក​រាជការ, អ្នក​មាន​បណ្ដា​សក្ដិ ដើរ​កាត់​មុខ​មិន​បាន, តែ​ហ៊ាន​ដើរ​កាត់​មុខ មុខ​ជា​សាប​មន្ត​អាគម, រលូត​កូន, ធ្លាក់​បុណ្យ​សក្ដិ​ពុំ​ខាន ។ ប៉ុន្តែ​សព្វ​ថ្ងៃ ថយ​ឫទ្ធិ​អំណាច​ខ្លះ​ទៅ​ហើយ, តែ​ទោះ​បី​ថយ​ឫទ្ធិ​ខ្លះ ក៏​គេ​នៅ​ប្រយ័ត្ន​ដែរ ។
២- គេ​មិន​ហ៊ាន​ដេញ​ស្វា​ដែល​នៅ​លើ​ដើម​សំរោង ជា​កូន​ចៅ​របស់​អ្នក​តា​ក្រហម​ក​នោះ​ទេ, បើ​ដេញ​វាយ នឹង​ត្រូវ​ទទួល​គ្រោះ​ថ្នាក់ ដោយ​ហើម​ដៃ ហើម​ជើង ហើម​ខ្លួន​យ៉ាង​ដំណំ ។
សូម​ជម្រាប​ថា បើ​ត្រូវ​ការ​លេង​កម្សាន្ត នៅ​ជើង​ព្រៃ សូម​អញ្ជើញ​ទៅ​នៅ​ដំណាច់​ខែ​ចេត្រ ទើប​បាន​សប្បាយ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៣៣ – ៤១


  1. រឿង​នេះ ស្រង់​ពី​ឯកសារ​របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ លេខ ២៧-១៣៦ រៀប​រៀង​ដោយ​លោក ដោក-ថេង លេខាធិការ សហករណ៍ ឧបភោគ បរិភោគ នៅ​ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម
  2. សាល + អង្គ = តួ​រោង, រោង, តាម​ធ្លាប់​ឮ​ច្រើន​អាន​ថា សាឡុង គឺ​យារ​ពី​សាលង្គ