រឿង ភ្នំ​ប្រុស​ភ្នំ​ស្រី

បើ​យើង​ធ្វើ​ដំណើរ​ពី​ក្រុង​ភ្នំពេញ​ទៅ​កំពង់ចាម តាម​ផ្លូវ​ជាតិ​លេខ ៧ ដល់​ទៅ​គោល​គីឡូម៉ែត្រ​ទី ១១៦ ហើយ​ចោល​ភ្នែក​ទៅ​ទិស​ឦសាន ដែល​នៅ​ខាង​ឆ្វេង​ដៃ ចម្ងាយ​ពី​ថ្នល់​ជាតិ​ទៅ​ប្រមាណ​ជា​មួយ​គីឡូម៉ែត្រ យើង​នឹង​ឃើញ​ភ្នំ​ ២ នៅ​ទន្ទឹម​គ្នា ១ ខាង​កើត​ខ្ពស់ ១ ខាង​លិច​ទាប ។ ភ្នំ​ខ្ពស់​ឈ្មោះ​ភ្នំ​ស្រី, ភ្នំ​ទាប​ឈ្មោះ​ភ្នំ​ប្រុស(២) ។
រឿង​ព្រេង​ប្រចាំ​ភ្នំ​នោះ មាន​ដូច​តទៅ​នេះ ៖[1][2]

កាល​ពី​ព្រេង​នាយ មាន​ស្ដេច​ស្រី​មួយ​ព្រះ​អង្គ​ព្រះ​នាម ” ស្រី​អយុធ្យា ” សោយរាជ្យ​នៅ​នគរ​ខ្មែរ ។ ដោយ​ព្រះ​នាង​ជា​ស្ដេច​សោយរាជ្យ គ្មាន​បុរស​ណា​មួយ​ហ៊ាន​ដណ្ដឹង​យក​ភរិយា​ឡើយ ម៉្លោះ​ហើយ ព្រះ​នាង​រក​ដណ្ដឹង​បុរស​ដ៏​មាន​រូប​ជាទី​គាប់​ព្រះ​ទ័យ​មក​ធ្វើ​ជា​ព្រះ​ស្វាមី​វិញ ហើយ​ដោយ​ហេតុ​ព្រះ​រាជិនី ស្រី​អយុធ្យា ដណ្ដឹង​ប្រុស​ជា​ព្រះ​ស្វាមី​ដូច្នោះ ស្រី​ៗ ដែល​នៅ​ក្រោម​ព្រះរាជោវាទ​ព្រះ​នាង ក៏​ដណ្ដឹង​ប្រុស​ៗ ធ្វើ​ជា​ស្វាមី​តាម​ដែរ ។
ក្នុង​រជ្ជកាល​នោះ មុខ​គួរ​ឲ្យ​វេទនា​នឹង​ស្រី​ខ្លះ ដែល​មាន​រូប​អន់​ៗ ទៅ​រក​ដណ្ដឹង​ប្រុសៗ គេ​នាំ​គ្នា​ប្រកែក​មិន​យក គេ​រើស​តែ​ស្រី​ៗ​មាន​រូប​ល្អ​ៗ ទើប​យក​ធ្វើ​ជា​ភរិយា ។ ធ្វើ​ដូច្នេះ អស់​មួយ​រាជ្យ​ស្ដេច​ស្រី​នេះ ។ លុះ​មក​ដល់​រាជ្យ​ស្ដេច​ក្រោយ​ៗ ទៀត ពួក​ស្រី​ៗ ជំនុំ​គ្នា​ថា ” ឥឡូវ​នេះ ដូច​ជា​មិន​សម​សោះ ខ្លួន​យើង​ជា​ស្រី ហើយ​ដើរ​ដណ្ដឹង​ប្រុសៗ ធ្វើ​ជា​ប្ដី​ បើ​ដូច្នេះ យើង​នឹង​នាំ​គ្នា​លើក​ដី​ចាក់​ពូន​ជា​ភ្នំ​ភ្នាល់​គ្នា​ជា​មួយ​នឹង​ពួក​ប្រុស​ៗ គឺ​ប្រុស​លើក​ដី​ធ្វើ​ជា​ភ្នំ​មួយ យើង​ស្រី​ធ្វើ​ជា​ភ្នំ​មួយ ភ្នាល់​គ្នា ។

បើ​ប្រុស​ៗ ចាញ់​យើង ត្រូវ​ឲ្យ​ប្រុស​ៗ​ដណ្ដឹង​យើង​ជា​ស្រី​វិញ ” ។ លុះ​គិត​ដូច្នេះ​ហើយ ក៏​នាំ​គ្នា​ទៅ​បបួល​ពួក​ប្រុស​ៗ ធ្វើ​ភ្នំ ចុះ​ខ​សន្យា​ភ្នាល់​គ្នា ដូច​ពោល​មក​ហើយ គេ​ក៏​បាន​ចាត់​មេ​កំណែន កេណ្ឌ​មនុស្ស​ស្រី​ឲ្យ​បាន​ច្រើន​, ខាង​ប្រុស មាន​មេ​កំណែន​ខាង​ប្រុស​ដើរ​កេណ្ឌ ខាង​ស្រី​មាន​មេ​កំណែន​ខាង​ស្រី​ដើរ​កេណ្ឌ លុះ​កេណ្ឌ​បាន​គ្នា​ច្រើន គ្រប់​ចំនួន​ខាង​ប្រុស – ស្រី ​រួច​ហើយ ក៏​និយាយ​នឹង​គ្នា​ថា ” យើង​ទាំង​អស់​គ្នា ត្រូវ​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយ​ព្រឹក​រះ ទើប​ឈប់​ទាំង​អស់​គ្នា, បើ​ផ្កាយ​ព្រឹក​មិន​ទាន់​រះ មិន​ត្រូវ​ឈប់​ទេ ” ។ គិត​ព្រម​គ្នា​ដូច្នេះ​ហើយ ក៏​នាំ​គ្នា​ជញ្ជូន​ដី រែក​ទូល​តាម​ថាមភាព​រៀង​ខ្លួន​ទៅ ។

ពេល​នោះ​ជា​ពេល​រាត្រី ពួក​ស្រី​ៗ មាន​ប្រាជ្ញា​ជញ្ជូន​ដី​អស់​វេលា ៣–៤ ម៉ោង ក៏​នាំ​គ្នា​បង្ហូត​គោម​មួយ​តូច​យ៉ាង​ខ្ពស់ នៅ​ជ្រុង​ឦសាន​ភ្នំ ពួក​ប្រុស​ៗ​ក្រឡេក​មើល​ទៅ​ឃើញ​គោម ដែល​ស្រី​បង្ហូត​នឹង​ឫស្សី​មួយ​ដើម​នោះ ស្មាន​ថា​ផ្កាយ​ព្រឹក​រះ ក៏​បបួល​គ្នា​ឈប់​ធ្វើ​ការ នាំ​គ្នា​និទ្រា​លក់​អស់​ទៅ គ្មាន​សល់​ម្នាក់  ពួក​ស្រី​ៗ​ក៏​នាំ​គ្នា​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយ​ព្រឹក​រះ​មែន​ទែន ទើប​ឈប់ ។
ដល់​មាន់​រងាវ​កឺត​ៗ ប្រុស​ៗ​ភ្ញាក់​ឡើង ឃើញ​ផ្កាយ​ព្រឹក​រះ​ក៏​លាន់​មាត់​ថា ” យើង​ទាំង​អស់​គ្នា​ខុស​ហើយ ផ្កាយ​ព្រឹក​មែន​ទែន​ទើប​តែ​នឹង​រះ​សោះ “, ហើយ​នាំ​គ្នា​ក្រឡេក​មើល​ទៅ​ភ្នំ​ស្រី​មាន​ទំហំ​ធំ​ខ្ពស់​ជាង​របស់​ខ្លួន ក៏​មាន​សេចក្ដី​អៀន​អន់​ក្នុង​ចិត្ត ដោយ​ចាញ់​កល​ស្រី ។
តាំង​ពី​នោះ​មក ប្រុស​ៗ ក៏​ដណ្ដឹង​ស្រីៗ ធ្វើ​ជា​ភរិយា​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៥ ទំព័រ ១២៥ – ១២៧


  1. ស្រង់​ពី​ឯក​សារ​របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ លេខ ២៧.០៨១ រៀប​រៀង​ដោយ​លោក ស៊ាង-លីន នៅ​ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង
  2. ឆ្លង​ពី​ផ្សារ​កំពង់​ចាម ទៅ​ខាង​ផ្សា​ទន្លេ​បិទ ហើយ​ហួស​ទៅ​តាម​ផ្លូវ​ជប់ ថ្នល់​សួង ស្រុក​ត្បូង​ឃ្មុំ ខាង​ស្ដាំ​ដៃ មាន​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ពានជាំង ដែល​មាន​ភាព​ជា​កំពូល ១ ខ្ពស់ ១ ទាប ក៏​អ្នក​ស្រុក​គេ​ហៅ​ថា ភ្នំ​ប្រុស ភ្នំ​ស្រី​ដែរ