រឿង វត្ត​បញ្ញាជី​

នៅ​ក្នុង​ឃុំ​ត្បូង​ក្រពើ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ មាន​ភូមិ​មួយ​ឈ្មោះ​ថា ភូមិ​បញ្ញាជី ។ នៅ​ចំ​កណ្ដាល​ភូមិ​នោះ មាន​វត្ត​មួយ​ហៅ​ថា វត្ត​បញ្ញាជី ។ បាន​ជា​ហៅ វត្ត​បញ្ញាជី ព្រោះ​ឈ្មោះ​នេះ កើត​ពី​សាមណេរ ១ អង្គ ជា​ជី​មាន​បញ្ញា នៅ​វត្ត​នោះ ដូច​មាន​សេចក្ដី​រៀបរាប់​តទៅ​នេះ ៖
ក្នុង​សម័យ​ដែល​ប្រាក់​សុទ្ធ​ក្រ​ក្រៃ​លែង គឺ​ក្នុង​សម័យ​ដែល​ខ្មែរ​យើង​ប្រើ​កាស​ស្ពាន់​ឬ​សំណ​នៅ​ឡើយ កាល​នោះ​មាន​ពួក​ចាម (ខ្មែរ​ឥស្លាម) មួយ​ក្រុម ជា​ឈ្មួញ​គោ​នាំ​គ្នា​ចូល​ខេត្ត​កំពង់​ធំ ដើម្បី​ទិញ​គោ​ក្របី នាំ​យក​ទៅ​លក់​ក្នុង​ដី​កូសាំងស៊ីន ។ លុះ​ធ្វើ​ដំណើរ​មក​ដល់​វត្ត​នោះ ដែល​ទើប​នឹង​ផ្ដើម​សាង​ថ្មី ពុំ​ទាន់​ដាក់​នាម​វត្ត​នៅ​ឡើយ ពួក​ចាម​ក៏​នាំ​គ្នា​ចូល​ទៅ​សំណាក់​នៅ​វត្ត​នោះ ។[1]

ពេល​ព្រលប់​ៗ កូន​សិស្ស​របស់​លោក​គ្រូ​ចៅអធិការ ក៏​ដឹក​គោ​ឈ្មោល​កម្រៀវ ១​នឹម ដែល​មាន​សម្បុរ​និង​រាងរៅ​ល្អ​លើស​គោ​ឯ​ទៀត មក​ចង​ក្រោម​កុដិ​ក្បែរ​សាលា ដែល​ពួក​ចាម​សំណាក់ ។ ពេល​នោះ ពួក​ចាម​កំពុង​ដណ្ដាំ​បាយ ក្រឡេក​ឃើញ​គោ​លោក​គ្រូ​មេ​វត្ត ក៏​ស្រឡាញ់​ហើយ​នឹក​ថា “បើ​ទិញ​គោ​នេះ​ពី​លោក​គ្រូ​មេ​វត្ត​នេះ​ទៅ អញ​មុខ​ជា​បាន​ប្រាក់ ១ ណែន​ជា​ស្រេច” ។ គិត​មេ​ឈ្មួញ​ម្នាក់ ក៏​ដើរ​ទៅ​កាន់​កុដិ​លោក​គ្រូ​មេវត្ត ដើម្បី​និយាយ​ទិញ លុះ​ចូល​ទៅ​ដល់​ក៏​អង្គុយ​បត់​ជើង​​ថ្វាយ​បង្គំ​លោក តាម​ទំនៀម​ខ្មែរ ហើយ​និយាយ​សរសើរ​សាសនា​ខ្មែរ​ថា ” ព្រះ​សង្ឃ​គ្រប់​វត្ត មាន​ព្រះ​ទ័យ​ករុណា​ដល់​អ្នក​ដំណើរ​ណាស់​មិន​ប្រកាន់​ថា សាសន៍​ណា​ជា​សាសន៍​ទេ ខ្ញុំ​ព្រះ​ករុណា​បាន​ជា​ជ្រុល​ទៅ​កើត​សាសនា​ឥស្លាម​ទៅ​ហើយ ប្រសិន​កើត​មក​ជា​ខ្មែរ ប្រហែល​បួស​មួយ​ជីវិត​មិន​ខាន ” ។
លោក​គ្រូ​មេ​វត្ត ពុំ​បាន​ជ្រាប​នូវ​ពាក្យ​បញ្ជោរ​លើក​ជើង​របស់​ឈ្មួញ​នោះ​ក៏​ឆ្លើយ​ថា “ល្អ​មែន! សាសនា​ខ្មែរ” ហើយ​មាន​ព្រះ​ភក្ត្រ​ញញឹម ហាក់​ដូច​ជា​សប្បាយ​ក្នុង​ព្រះ​ទ័យ​ណាស់ ដោយ​សារ​បាន​ឮ​សំដី​របស់​ពួក​ឈ្មួញ​នោះ យូរ​ៗ​លោក​គ្រូ​ឆ្លើយ​ថា “ចម្រើន​ពរ ! ពិត​មែន​ខ្មែរ​យើង ” ។

ពួក​ឈ្មួញ​ទាំង​នោះ​យល់​ថា លោក​គ្រូ​ចាប់​ព្រះ​ទ័យ​នឹង​សំដី​ខ្លួន​ហើយ ក៏​និយាយ​ថា ” ពេល​ក្រោយ បើ​ខ្ញុំ​ព្រះ​ករុណា​ចូល​មក​ទិញ​គោ​ក្របី​មួយ​លើក​ទៀត នឹង​ទិញ​ល័ក្ដ​សម្រាប់​ជ្រលក់​ចីវរ​ប្រគេន​មិន​ខាន” ។ លោក​គ្រូ​ថា ” អាត្មា​អរ​ណាស់ ព្រោះ​នៅ​ស្រុក​ស្រែ​ពុំ​សូវ​សម្បូរ​ល័ក្ដ​ទេ ” ។ ពួក​ចាម​ផ្ដើម​និយាយ​ទៀត​ថា “សុំ​ទោស​លោក​គ្រូ ! គោ​លោក​គ្រូ​ដែល​ចង​ក្រោម​កុដិ សូម​ទុក​ដាក់​ឲ្យ​ខ្ញុំ​ព្រះ​ករុណា​មក ! ទុក​ធ្វើ​អ្វី ? លោក​គ្រូ​រក​ពី​កូន​សិស្ស​ទៀត​គង់​តែ​បាន ជាវ​យក​បច្ច័យ​សម្រាប់​កសាង​វត្ត​ទៅ ខ្ញុំ​ព្រះ​ករុណា​ប្រគេន ១០ បាទ ” ។ លោក​គ្រូ​គិត​ថា ” គោ​រក​ទៀត​បាន ហើយ​គោ​នេះ​កូន​សិស្ស​គេ​ប្រគេន​ទទេ​ផង ឥឡូវ​ពួក​ឈ្មួញ​គេ​ឲ្យ​ថ្លៃ​ដល់ ១០ បាទ គួរ​លក់​ណាស់​ហើយ ព្រោះ​គ្មាន​នរណា​ឲ្យ​ថ្លៃ​លើស​នេះ​ទៀត​ទេ” ។ គិត​ស្រេច លោក​គ្រូ​មាន​ពុទ្ធដីកា​ថា ” ចម្រើន​ពរ ! មិន​អី​ទេ អាត្មា​ទុក​ដាក់​ឲ្យ​ដង្ខៅ​បាន” ។ ចាម​ត្រេក​អរ​ណាស់ ដក​ប្រាក់ ២​រៀល កក់ ។ ឯ​លោក​គ្រូ​ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់​ដែរ ដោយ​គិត​ថា ” មុខ​ជា​បាន​ប្រាក់​នេះ​មក​កសាង​វត្ត​ហើយ ” ។ ចាម​និយាយ​នឹង​លោក​គ្រូ​មេ​វត្ត​ថា “សុំ​សន្យា ៧ ថ្ងៃ​ទៀត ខ្ញុំ​ព្រះ​ករុណា​នឹង​វិល​មក​យក​គោ ហើយ​នឹង​ប្រគេន​បច្ច័យ​គ្រប់​ចំនួន ព្រោះ​ត្រូវ​ការ​ធ្វើ​ដំណើរ​ត​ទៅ​ទៀត ” ។

ក្រោយ​ថ្ងៃ​ដែល​ពួក​ចាម​ចេញ​ផុត​ពី​វត្ត​មួយ​ថ្ងៃ ជួន​ជា​ថ្ងៃ​សីល ពួក​ឧបាសក​ឧបាសិកា​ជើង​វត្ត មក​ជួប​ជុំ​គ្នា​ក្នុង​ទី​វត្ត​នោះ លោក​គ្រូ​មាន​ពុទ្ធដីកា​ថា “អាត្មា​ជាវ​គោ​ឲ្យ​ពួក​ចាម​ទៅ​ហើយ តម្លៃ ១០ បាទ វា​បញ្ចាំ ២ បាទ នៅ​ខ្វះ ៨ បាទ ៧ ថ្ងៃ​ទៀត​នឹង​មក​យក​គោ ព្រម​ទាំង​ប្រគល់​ប្រាក់​ឲ្យ​គ្រប់​ចំនួន អាត្មា​ជាវ​នេះ​បាន​ថ្លៃ​ណាស់ ព្រោះ​ត្រូវ​ការ​យក​ប្រាក់​កសាង​វត្ត​ផង ” ។ ពួក​ឧបាសក​ឧបាសិកា បន្ទោស​លោក​គ្រូ​ថា ” លោក​គ្រូ​ម្ចាស់ គិត​ខុស​ហើយ គោ​នេះ​ល្អ​ណាស់​មិន​គួរ​លក់​តម្លៃ​ប៉ុណ្ណឹង​សោះ បើ​លក់​បែប​នេះ តើ​លោក​គ្រូ​រក​ពីណា​បាន​ទៀត ? ” ។

ពេល​នោះ លោក​គ្រូ​ចៅ​អធិការ​មិន​វាចា​មួយ​ម៉ាត់​សោះ​នឹក​ថា “អញ​គិត​ខុស​មែន ក៏​មួម៉ៅ​ក្នុង​ចិត្ត​ថា អញ​ធ្លាប់​តែ​ស្ដី​ឲ្យ​គេ ពេល​នេះ គេ​ដៀល​គំនិត​អញ​វិញ​បាន ” ។
លុះ​ដល់​ពួក​ឧបាសក​ឧបាសិកា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​គ្រូ​មេ​វត្ត ចូល​ទៅ​ក្នុង​បន្ទប់​ចាក់​សោ​ជិត​មិន​ចេញ​ក្រៅ​សោះ ។ ព្រះ​សង្ឃ​ក្នុង​វត្ត​មាន​សេចក្ដី​ព្រួយ​បារម្ភ​គ្រប់​ព្រះ​អង្គ ។ ពេល​នោះ សាមណេរ​មួយ​អង្គ​មាន​បញ្ញា​វៃ ជា​សិស្ស​សំណប់​របស់​លោក​គ្រូ​ធំ បាន​ទូល​ព្រះ​សង្ឃ​ថា​ “ខ្ញុំ​ព្រះ​ករុណា​​មាន​ឧបាយ​មួយ អាច​នឹង​ពុទ្ធដីកា​លោក​គ្រូ​កុំ​ឲ្យ​ខ្ញាល់​បាន ” ។ ព្រះ​សង្ឃ​ឯ​ទៀត​ ក៏​ព្រម​ឲ្យ​សាមណេរ​នោះ​ធ្វើ​ឧបាយ​កុំ​ឲ្យ​លោក​គ្រូ​ខ្ញាល់ ។ ត​មក សាមណេរ​នោះ ចូល​ទៅ​គោះ​ទ្វារ​ទូល​លោក​គ្រូ​ថា ” សូម​ព្រះ​តេជះ​ព្រះ​គុណ​និមន្ត​មក​ឆាន់​ចុះ បើ​ខ្លាច​ពួក​ចាម​មក​យក​គោ ខ្ញុំ​ព្រះ​ករុណា​មាន​ឧបាយ​កុំ​ឲ្យ​វា​យក​បាន តែ​សូម​ព្រះ​ព្រះតេជព្រះគុណ​និមន្ត​ទៅ​កាន់​ទី​ឆ្ងាយ យក​ទាំង​គោ​ទៅ​ជាមួយ​ផង ទុក​ឲ្យ​ពួក​ចាម​មក​ត​ទល់​នឹង​ខ្ញុំ​ព្រះ​ករុណា​ចុះ ” ។

លោក​គ្រូ​ជ្រាប​ថា “គំនិត​នេះ​ត្រូវ ” ក៏​បើក​ទ្វារ​និមន្ត​ចេញ​ទៅ​កាន់​វត្ត​ឯ​ទៀត យក​គោ​ទៅ​ទុក​កន្លែង​ផ្សេង ។
គ្រប់ ៧ ថ្ងៃ ពួក​ចាម​វិល​មក​ដល់ ចូល​ទៅ​រក​លោក​គ្រូ ។ សាមណេរ​នោះ និយាយ​ប្រាប់​ចាម​ថា ” លោក​គ្រូ​មាន​ការ​និមន្តន៍​ទៅ​វត្ត​ដទៃ​ទៅ​ហើយ ថៅកែ​មាន​ការ​អ្វី ? ” ។ ចាម​ថា ” ខ្ញុំ​ព្រះ​ករុណា​មក​យក​គោ ដែល​លោក​គ្រូ​លក់​ឲ្យ​ពី​ថ្ងៃ​មុន ” ។ សាមណេរ​នោះ​ប្រាប់​ថា ” យក​ចុះ ! តែ​សូម​ប្រគល់​ប្រាក់​ឲ្យ​តែ​គ្រប់​ចំនួន​មក ” ។ ចាម​រាប់​ប្រាក់ ៨ រៀល ប្រគេន​សាមណេរ​ៗ ថា ” ទេ ! កាល​លោក​គ្រូ​និយាយ​ថា ១០ បាទ​នោះ គឺ​វាល់​សាច់​ប្រាក់​ឲ្យ​ពេញ ១០ បាត្រ​ដែល​លោក​សង្ឃ​ដាក់​ចង្ហាន់ មិន​មែន ១០ បាទ ជា​ប្រាក់ ១០​រៀល នោះ​ទេ លុះ​តែ​ថៅកែ​វាល់​ប្រាក់​ពេញ ១០ បាត្រ​លោក​សង្ឃ ប្រគេន​លោក​ទើប​លោក​ទទួល​យក ” ។ ចាម​ប្រកែក​ថា ” មិន​មែន​ទេ ! ខ្ញុំ​ព្រះ​ករុណា​និយាយ​នឹង​លោក​គ្រូ​ថា ១០ បាទ គឺ ១០ រៀល បាន​ទាំង​កក់ ២​រៀល​ហើយ នៅ​ខ្វះ ៨​រៀល​ទៀត ” ។ សាមណេរ​ថា យក​សាច់​ប្រាក់​មក​វាល់​នឹង​បាទ​លោក​បិណ្ឌ​ទើប​បាន ពុំ​មែន ១ បាទ គិត ១ រៀល​ទេ ប្រាក់​ត្រឹម ១០ រៀល​ធ្វើ​ម្ដេច​នឹង​យក​ទៅ​កសាង​វត្ត​បាន ? បើ​ថៅកែ​ពុំ​ព្រម​វាល់​ប្រាក់​នឹង​បាទ​ឲ្យ​លោក​ទេ អាត្មា​ក៏​ពុំ​ព្រម​ឲ្យ​គោ​ដែរ ឯ​ប្រាក់ ២ រៀល​ដែល​កក់​នេះ អាត្មា​សុខ​ចិត្ត​ចេញ​ជំនួស​លោក​គ្រូ​, ហ្នែ ! យក​ទៅ​ចុះ ប្រាក់ ២ រៀល ” ។

ពួក​ចាម​ទាល់​គំនិត​ឥត​មាន​អ្វី​ជជែក​តទៅ​ទៀត ក៏​នាំ​គ្នា​ចុះ​ពី​លើ​កុដិ​ធ្វើ​ដំណើរ​ទៅ ។
កាល​បើ​ចាម​ចេញ​ផុត​ពី​វត្ត​ហើយ សាមណេរ​នោះ ក៏​ទៅ​និមន្ត​លោក​គ្រូ​មក​វិញ ទូល​តាម​ដំណើរ ។
ឯ​លោក​គ្រូ​ក៏​និមន្ត​មក​កាន់​វត្ត​វិញ មាន​សេចក្ដី​កោត​សរសើរ​ដល់​ប្រាជ្ញា​សាមណេរ​នោះ​ជា​ច្រើន ឈប់​ហៅ​សាមណេរ​នោះ​ថា ” លោក​នេន ” ទៅ​ជា​ហៅ​ថា ” ជី​មាន​បញ្ញា ” វិញ ។ ឯ​អ្នក​ស្រុក​ជិត​ឆ្ងាយ ហៅ​យារ​ៗ ក្លាយ​មក​ថា ” វត្ត​បញ្ញាជី ” ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​ទំនៀម​ខ្មែរ​ថា បុរស​ណា​បាន​បួស​ជា​បព្វជិត អ្នក​ស្រុក​ពុំ​ហ៊ាន​​ហៅ អា-មឹង​ឡើយ បើ​បួស​ជា​សាមណេរ គេ​ហៅ​ថា ” លោក​នេន ” ជា​ភិក្ខុ​ថា ” លោក​ភិក្ខុ ” បើ​សឹក​ពី​នេន ឬ ភិក្ខុ ហៅ​ថា ” បណ្ឌិត ” ដែល​ក្លាយ​មក​ជា ” អន្ទិត ” នោះ​ឯង ហើយ​ជា​ពិសេស​ទៀត គឺ​សឹក​ពី​នេន​គេ​ហៅ​ថា “ជី ” ពី​ភិក្ខុ គេ​ហៅ​ថា ” អ្នក ” ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​៥ ទំព័រ ១៦៥ – ១៧១


  1. ស្រង់​ពី​ឯកសារ​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់ លេខ ២៧.០១៤ រៀបរៀង​ដោយ​លោក មាស-ហាំ កាល​នៅ​ជា​បាឡាត់​ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ