រឿង សត្វ​រមាស

រមាស​ជា​សត្វ​ព្រៃ មាន​ប្រក្រតី​នៅ​តែ​ក្នុង​ព្រៃ​ជានិច្ច ។ សត្វ​នេះ​បរិភោគ​បន្លា​ជា​អាហារ ហើយ​ផឹក​តែ​ទឹក​ល្អក់ បើ​គ្មាន​ទឹក​ល្អក់​ទេ វា​យក​ជើង​ជ្រំ​ឲ្យ​តែ​តែ​ល្អក់​ទើប​វា​ផឹក ។ នៅ​លើ​ខ្នង​សត្វ​នេះ​មាន​ដុះ​សត្វ​មួយ​ស្រទាប់​មើល​ទៅ​ហាក់​ដូច​ជា​អាន​សេះ មាន​ស្បែក​គ្រោតគ្រាត​កំពីកកំពក​ជ្រៅ​ខ្លះ រាក់​ខ្លះ ជា​ជម្រក​នៃ​សត្វ​ល្អិត មាន​ខ្ទួយ​ជា​ដើម ។ សត្វ​នេះ​ជា​ទី​ប្រាថ្នា​នៃ​ព្រាន​ព្រៃ ព្រោះ​ថា​សាច់ ឈាម ស្បែក រោម សរសៃ លាមក ឬ​ទឹក​មូត​របស់​វា សុទ្ធ​សឹង​ជា​ឱសថ​យ៉ាង​វិសេស​ទាំង​អស់ ។ [1]

រមាស​មាន​ជើង​មុខ-ក្រោយ​ប្រហែល​នឹង​ជើង​ដំរី តែ​មិន​ធំ​ដល់​ដំរី​ទេ ប្រហែល​ប៉ុន​ក្របី​ព្រៃ​ណា​ដែល​ធំ ។ បាត​ជើង​មាន​ក្រឡា​បួន​ជ្រុង ដូច​ក្រឡា​ចត្រង្គ​វា​ច្រើន​រស់​នៅ​ក្នុង​ហ្វូង​ដំរី ជា​សត្វ​មាន​អានុភាព​ជាង​ដំរី ព្រោះ​ដំរី​ខ្លាច​រមាស​ណាស់ ។ រមាស បាន​ជា​មាន​រូប​រាង​ដូច​ពណ៌នា​មក​នេះ ដោយសារ​មាន​ដំណើរ​ដើម ក្នុង​រឿង​ព្រេង​មួយ​និទាន​ថា ៖

កាល​នោះ​មាន​ស្ដេច​មួយ​អង្គ មាន​នាម​ពុំ​ប្រាកដ ទ្រង់​មាន​ជាប់​ជំពាក់​ព្រះ​ទ័យ​ប្រតិព័ទ្ធ​លើ​ស្រី​ម្នាក់​ឈ្មោះ​នាង​មុខរាហ៍ ។ យប់​មួយ​ព្រះ​អង្គ​ទ្រង់​គង់​លើ​រមាស​ជា​ទីន័ង​ជា​មួយ​អាមាត្យ​ជា​ទម័ក ធ្វើ​ដំណើរ​ទៅ​កាន់​លំនៅ​នាង​មុខរាហ៍​នោះ ។ ទៅ​បាន​ពាក់​កណ្ដាល​ផ្លូវ ព្រះ​អង្គ​ទ្រង់​យល់​ស្រី​ម្នាក់​មាន​រូប​រាង ភិន​ភាគ​ដូច​នាង​មុខ​រាហ៍ តែ​លុះ​ព្រះ​អង្គ​ពិនិត្យ​បញ្ជាក់​ទៅ​ក៏​យល់​ថា​ច្រឡំ​ទេ ទើប​ព្រះ​អង្គ​ទ្រង់​យាង​ហួស​ទៅ​ប្រញាប់​ឲ្យ​បាន​ទៅ​ដល់​ទី​ដៅ​ឆាប់ ៗ ។

កាល​បើ​បាន​ទៅ​ដល់​ហើយ ព្រះ​អង្គ​ទ្រង់​បញ្ជា​ឲ្យ​នាយ​ទុំ​ជា​ទម័ក ចង​រមាស​នៅ​ក្រោម​ដើម​ក្រសាំង ហើយ​ព្រះ​អង្គ​យាង​ចូល​ទៅ​ផ្ទះ​នាង​មុខ​រាហ៍ ។ នាង​នោះ​កាល​បើ​ឃើញ​ស្ដេច យាង​ដល់​ហើយ ក៏​ស្ទុះ​មក​គួរ​សម សំណេះ​សំណាល​នឹង​ព្រះ​មហាក្សត្រ​តាម​ការ​លោកីយ៍ ហើយ​ក៏​បង្គំ​ទូល​សួរ​ព្រះ​អង្គ​ថា “ ព្រះ​អង្គ​យាង​មក​នេះ ដោយ​យាន​ពាហនៈ​អ្វី ” ។ ពេល​នោះ​ព្រះ​រាជា​ទ្រង់​តប​ថា ៖ “ បង​មក​ដោយ​រមាស​ឥឡូវ​ចង​ទុក​ក្រោម​ដើម​ក្រសាំង ” ។

ពេល​នោះ សត្វ​រមាស​ស្ដាប់​មិន​ច្បាស់ ឮ​ខ្លះ​មិន​ឮ​ខ្លះ ឮ​ត្រង់​កន្ទុយ​ពាក្យ​ថា “ដើម​ក្រសាំង ៗ” ក៏​ចូល​ចិត្ត​យល់​ថា ព្រះ​មហាក្សត្រ​ថា ព្រះ​អង្គ​ទ្រង់​យាង​ដោយ​ដើម​ក្រសាំង​ទៅ​វិញ ពុំ​មែន​មក​ដោយ​ខ្លួន​ទេ ។ ម្ល៉ោះ​ហើយ ក៏​កើត​អាក់​អន់​ស្រពន់​ចិត្ត​ជា​ខ្លាំង​ដោយ​នឹក​ឃើញ​ថា៖ ខ្លួន​មាន​សេចក្ដី​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គ​ណាស់ ខំ​យក​អាសា​ព្រះ​អង្គ ជូន​មក​ទាំង​យប់​អាធ្រាត្រ ងោក​ងុយ​យ៉ាង​ណា​ក៏​ស៊ូ​ទ្រាំ ឥឡូវ​ស្ដេច​ទៅ​ជា​ថា​យាង​មក​ដោយ​ដើម​ក្រសាំង​ទៅ​វិញ ។

លុះ​គិត​តូច​ចិត្ត​ខ្លាំង​ដូច្នោះ​ហើយ ក៏​ស្ទុះ​បោល​បណ្ដាច់​ចំណង​យ៉ាង​លឿន​តម្រង់​ទៅ​ព្រៃ​ធំ ប្ដេជ្ញា​ក្នុង​ចិត្ត​ថា លែង​ត្រឡប់​មក​នៅ​ពឹង​ពាក់​នឹង​មនុស្ស​ត​ទៅ​ទៀត​ហើយ ។ ឯ​នាយ​ទុំ​ជា​ទម័ក​ខំ​រត់​តាម​ហើយ​ស្រែក​អង្វរ​យ៉ាង​ណា ក៏​រមាស​ពុំ​ព្រម​ងាក​សោះ គិត​តែ​ខំ​បោល​សម្រុក​ព្រៃ​តែ​ម្ដង ។ នាយ​ទុំ​ក៏​រត់​តាម​ជាប់​ពី​ក្រោយ​ទៅ​ដែរ ។ ព្រះ​មហាក្សត្រ កាល​បើ​ទ្រង់​ជ្រាប​ថា រមាស​បោល​បណ្ដាច់​ខ្សែ​ដូច្នោះ​ហើយ ស្ដេច​ក៏​ទ្រង់​យាង​តាម​ទៅ​ដែរ លុះ​តាម​ទៅ​ដល់​វាល​មួយ នាយ​ទុំ​បាន​ទាន់ ស្រវា​ចាប់​តោង​កន្ទុយ​រមាស​ជាប់ តែ​រមាស​មិន​ព្រម​ឈប់ នាយ​ទុំ​បាន​យក​ជើង​ធាក់​ដី​ជ្រែង ដី​ក៏​របើក​ទៅ​ទាំង​ផ្ទាំង ។ ព្រះ​មហាក្សត្រ​ទ្រង់​ទត​យល់​ដូច្នោះ ទ្រង់​ក៏​ស្រែក​ប្រាប់​ទៅ​ទុំ​ថា “ ទុំ​លែង ! ទុំ​លែង ! ” ឮ​ហើយ​ទើប​នាយ​ទុំ​ហ៊ាន​លែង​រមាស​នោះ​ទៅ, ឯ​រមាស​ក៏​បោល​ចូល​ក្នុង​ព្រៃ​បាត់​ដោយ​ជាប់​ទាំង​អាន​ដែល​រចនា​ដោយ​ឌិន​ទៅ​ផង ។

ព្រះ​មហាក្សត្រ​ទ្រង់​ខ្ញាល់​ណាស់ ទ្រង់​ដាក់​បណ្ដាសា​តាម​ក្រោយ ដល់​រមាស​នោះ​ថា “ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ ពូជ​អា​ឯង​នេះ ត្រូវ​ស៊ី​តែ​បន្លា​ជា​អាហារ និង​ផឹក​តែ​ទឹក​ល្អក់​ដរាប​កុំ​បី​សល់​ខាន ”។
ព្រោះ​ហេតុ​នោះ​ឯង ទើប​សត្វ​រមាស​ទាំង​ឡាយ មាន​សាច់​មួយ​ស្រទាប់​នៅ​លើ​ខ្នង មើល​ទៅ​ដូច​ជា​កម្រាល ហើយ​មាន​សណ្ឋាន​កំពីកកំពក​ដូច​សម្បក​ឈើ ថែម​ទាំង​បរិភោគ​បន្លា​ជា​អាហារ និង​ផឹក​តែ​ទឹក​ល្អក់ ដល់​សព្វ​ថ្ងៃ​នេះ ។

ចំណែក​ត្រង់​កន្លែង​ដី​ដែល​របើក​ទាំង​ផ្ទាំង ដោយ​នាយ​ទុំ​ឈរ​ជ្រែង​នោះ ក៏​ក្លាយ​ទៅ​ជា​បឹង​មួយ ហៅ​ថា “ បឹង​ទុំ​លែង ” ជាប់​រហូត​មក ឯ​ភូមិ​របស់​នាង​មុខ​រាហ៍​ក៏​ជាប់​ហៅ​ថា ភូមិ​នាង​មុខ​រាហ៍ រហូត​មក​ដែរ ។ ត្រង់​កន្លែង ដែល​ព្រះ​រាជា ទ្រង់​ទត​ឃើញ​ស្រី​ម្នាក់​ប្រហែល​នាង​មុខ​រាហ៍​ក៏​ឲ្យ​ឈ្មោះ​ថា ភូមិ​ប្រហែល ឥឡូវ​នេះ​ក្លាយ​ទៅ​ជា ភូមិ​ប្រហាល​ទៅ​វិញ  ភូមិ​ប្រហាល​នេះ​នៅ​ក្នុង​ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៧ ទំព័រ ៤៩ – ៥២


  1. រឿង​នេះ​រៀប​រៀង​ដោយ​លោក សក់-ខាត់ កាល​នៅ​ធ្វើ​ជា​មេ​តម្រួត​គុក ខេត្ត​កំពត ពី​ឆ្នាំ ១៩៤៦ ឯកសារ​លេខ ២៧.០០២ និង​លោក ចាយ-បូ-ខឿន នៅ​ឃុំ​សួង ស្រុក​ត្បូង​ឃ្មុំ (កំពង់​ចាម) ឯកសារ​លេខ ២៧.១៤១