អ្នកតា​បេង

ស្រុក​ត្បូងឃ្មុំ​ដើម​ឡើយ​ជា​ខែត្រ​មួយ អភិបាល​ខែត្រ​នោះ​មាន​ងារ​ជា​អរជូន ពី​មុន​មក​មិន​ដឹង​ជា​មាន​ឈ្មោះ​ថា​ស្រុក​អ្វី​ទេ តែ​បើ​តាម​ការ​ដំណាល ប្រកប​ដោយ​គោល​ចារឹក​ជា​ដំណែល សល់​នៅ​ដល់​សព្វ​ថ្ងៃ​ដែល​គួរ​យក​ជា​ការ​បាន​នោះ មាន​ដូច​ត​ទៅ :[1]

ដើម​ឡើយ មាន​វត្ត​មួយ​នៅ​ក្នុង​ឃុំ​វិហា​ហ្លួង ស្រុក​ត្បូង​ឃ្មុំ ហៅ​ថា “វត្ត​ទួល​ក្ដី” (មិន​ដឹង​ពី​ពុទ្ធ​សករាជ​ប៉ុន្មាន) ។ លោក​គ្រូ​ចៅ​អធិការ​វត្ត​នោះ​មាន​ឈ្មោះ​ពុំ​ប្រាកដ មាន​ប្អូន​ស្រី​ក្រមុំ​ម្នាក់ ។ វត្ត​នេះ​មាន​អ្នក​តា​រូប​សំរឹទ្ធិ​មួយ មាន​ឥទ្ធិពល​ខ្លាំង​ពូកែ​ណាស់ អាច​ក្លែង​ខ្លួន​ជា​មនុស្ស​ធម្មតា​បាន ។ នៅ​ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃ​សីល ដែល​មាន​កិច្ច​រាប់​បាត្រ​ក្នុង​វត្ត​នោះ អ្នក​តា​ក្លែង​ខ្លួន​ជា​បុរស​កំលោះ​ម្នាក់ ស្លៀក​ពាក់​ស្អាត​ស្អំ កាន់​ផ្ដិល​សំរឹទ្ធិ​វែក​សំរឹទ្ធិ យក​បាយ​ទៅ​រាប់​បាត្រ​ជា​មួយ​អ្នក​ស្រុក ។ រាល់​ពេល តែ​ដាក់​បាត្រ​រួច​ចុះ​ពី​សាលា បាត់​ខ្លួន​មួយ​រំពេច ។ អ្នក​ស្រុក​តែង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ឆ្ងល់​នឹង​មនុស្ស​ចម្លែក​នេះ​ពន់​ពេក​ណាស់ មិន​ដឹង​ជា​ទី​លំនៅ​បុរស​នោះ​នៅ​ឯណា ស្រាប់​តែ​ឃើញ​ដល់​វត្ត ហើយ​ចុះ​តែ​ពី​សាលា​បាត់​ខ្លួន​តែ​ម្ដង ។

ក្រោយ​មក​អ្នក​តា​នោះ ទៅ​លប​រួម​រស់​មេត្រី​ជា​មួយ​នឹង​ប្អូន​ក្រមុំ​លោក​គ្រូ​ចៅ​អធិការ ។ លុះ​ដឹង​ថា​ប្អូន​ស្រី​មាន​ប្រុស​សហាយ លោក​គ្រូ​ក៏​ហៅ​ប្អូន​មក​សាក​សួរ​តាម​ដំណើរ ។ នាង​ក៏​ទទួល​សារភាព​ថា បាន​ស្រឡាញ់​បុរស​ម្នាក់​មែន តែ​ឥត​មាន​អ្នក​ណា​ដឹក​នាំ​ទេ ពេល​យប់​ស្រាប់​តែ​ឃើញ​បុរស​នោះ ចូល​ទៅ​ដេក​ជា​មួយ​ខ្លួន​តែ​ម្ដង ឯ​ខ្លួន​នាង​ចាប់​ពាល់​បុរស​នោះ​មិន​ត្រូវ​សោះ ហាក់​ដូច​ជា​ស្រមោល ។ លោក​មេ​វត្ត​បាន​ស្ដាប់​ប្អូន​ស្រី​រាយ​រាប់​គ្រប់​សព្វ​គ្រប់​ហើយ លោក​ជ្រាប​ភ្លាម​ថា គ្មាន​នរណា​ទេ ពិត​ជា​អ្នក​តា​សំរឹទ្ធិ​នោះ​ឯង ព្រោះ​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ណាស់ ។ លោក​គ្រូ​ខ្ញាល់​នឹង​អ្នក​តា​សំរឹទ្ធ​នោះ​ជា​ខ្លាំង ក៏​ប្រើ​ក្មេង​ឲ្យ​ជីក​រណ្ដៅ​នៅ​ទួល​មួយ​នៅ​ជ្រុង​អាគ្នេយ៍​វត្ត ចម្ងាយ​ប្រមាណ​ជា ២០០​ម. ឬ ៣០០​ម. ពី​ទី​វត្ត ជីក​រួច​ហើយ លោក​គ្រូ​ឲ្យ​រូប​សំរឹទ្ធិ​នោះ ទៅ​កប់​ផ្ទីង​ក្បាល​ចុះ​ក្រោម លុប​ដី​រួច យក​ដើម​បេង​មួយ​ដាំ​ទៅ​ដាំ​សង្កត់​លើ​រូប​នោះ ។ ទួល​នោះ​សព្វ​ថ្ងៃ​ថា ទួល​អ្នក​តា​បេង ។

ក្រោយ​មក លោក​គ្រូ​មេ​វត្ត​ក៏​អនិច្ច​ធម្ម​ទៅ នៅ​សល់​តែ​ភិក្ខុ​សាមណេរ​តិច​តួច​ក្នុង​វត្ត​ទួល​ក្ដី​នោះ ។ មាន​យាយ​ចាស់​ឈ្មោះ​កែ គាត់​ឥត​ប្ដី-បង​ប្អូន​ទេ ហើយ​បួស​ជា​យាយ​ជី នៅ​វត្ត​ទួល​ក្ដី​នោះ ។ ត​មក​ខាង​ក្រោយ​ទៀត លោក​សង្ឃ​ក្នុង​ចេះ​តែ​រប៉ាត់រប៉ាយ អស់​រលីង​គ្មាន​សល់ នៅ​សល់​តែ​យាយ​កែ​ម្នាក់ ។ ឯ​ដើម​បេង​ដែល​លោក​មេ​វត្ត ដាំ​សង្កត់​លើ​រូប​អ្នក​តា​នោះ ក៏​ចម្រើន​ធំ​ឡើង​មាន​សត្វ​ឃ្មុំ​នៅ​ទំ​លើ​មែន​ផង ។ តាម​ដំណាល​ថា មាន​ឃ្មុំ​នោះ​ធំ​ហើយ​កាច​ណាស់ ផ្លិត​វា​ធ្លាក់​ស្តោក​ប៉ប្រះ​ដី ។

គ្រាន់​តែ​ខ្យល់​បក់​នាំ​ក្លិន​មនុស្ស​មក​ដល់ មេ​វា​នាំ​គ្នា​ហើរ​ទាំង​ហ្វូង​ទៅ​ទិច​ទាល់​តែ​ស្លាប់​។ ដូច​នោះ ទើប​នៅ​ខែ​កត្តិក-មិគសិរ-បុស្ស ដែល​ជា​រដូវ​ខ្យល់​ខ្លាំង បក់​មក​ពី​ទិស​ខាង​ជើង យាយ​កែ​តែង​តែ​ប្រាប់​អ្នក​ដំណើរ ឲ្យ​ដើរ​ពី​ខាង​ត្បូង​ឃ្មុំ តែ​ដើរ​ពី​ខាង​ជើង ក្លិន​មនុស្ស​រមែង​បក់​ដល់​ឃ្មុំ​ៗ​នឹង​ហើរ​មក​ទិច​ស្លាប់​មិន​ខាន ។ ពាក្យ​ថា “ដើរ​ខាង​ត្បូង​ឃ្មុំ” នេះ​ហើយ ដែល​ជា​ដើម​កំណើត​ឈ្មោះ​នៃ​ខែត្រ​ត្បូង​ឃ្មុំ​នេះ មិន​មែន​គជ​ឃ្មុំ​ម៉្យាង ដែល​គ​ប្រើ​ធ្វើ​ត្បូង​ចិញ្ចៀន​នោះ​ទេ ។

ត​មក​ខាង​ក្រោយ ដើម​បេង​នោះ ត្រូវ​ដើម​ជ្រៃ​ដុះ​រួត​រឹត​ខ្លាំង​ក៏​ងាប់ ដើម​ជ្រៃ​ក៏​លូត​លាស់​បែក​មែក​សាខា​ឡើង នៅ​កន្លែង​ដើម​បេង​នោះ ។ ត​មក​មែក​ជ្រៃ​ក៏​បាក់​រិចរិល​អស់ នៅ​សល់​តែ​គល់​ទំហំ ២ ម. ដុះ​ស្លឹក​ទាប​ៗ​នឹង​ដី ។ អ្នក​មាន​បុណ្យ​ស័ក្ដិ ដើរ​កាត់​មុខ​អ្នក​តា​នេះ មិន​បាន​ទេ សព្វ​ថ្ងៃ មាន​ផ្លូវ​មួយ​ពី​ខាង​ត្បូង មួយ​ពី​ខាង​ជើង​អ្នក​តា​នោះ ។
អ្នក​តា​នេះ សម្រាប់​អភិបាល​ខែត្រ​ត្បូង​ឃ្មុំ​ឡើង កាល​បើ​មាន​លោក​ណា​ទៅ​ធ្វើ​អភិបាល​ខែត្រ ឬ ស្រុក ដែល​មាន​ងារ​ជា​អរជូន ត្រូវ​ឡើង​អ្នក​តា​នេះ​ខាន​មិន​បាន​ទេ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ៩៥ – ៩៨


  1. សេចក្ដី​ឲ្យ​ការណ៍​របស់​លោក​ឧកញ៉ា កែវ ហង្ស ចាងហ្វាង​រ៉ឺត្រែត នៅ​ឃុំ​សួង ស្រុក​ត្បូង​ឃ្មុំ ខែត្រ​កំពង់​ចាម ជា​សមាជិក​របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ ឥឡូវ​នេះ​លោក​ស្លាប់​ទៅ​ហើយ