អ្នក​តា​ទួល​ស្លឹង

អ្នក​តា​ដែល​ពូកែ​ជាង​គេ នៅ​ក្នុង​សង្កាត់​ត្រងិល ស្រុក​កំពង់​លែង ខែត្រ​កំពង់​ឆ្នាំង គឺ​អ្នក​តា “ទួល​ស្លឹង” និង​ជំទាវ សុខ” ។ អ្នក​តា​នោះ​មាន​រូប ២ រូប​ជា​ភេទ​ប្រុស ១ ជា​ភេទ​ស្រី ១ មាន​មុខ​បែរ​ឈម​រក​គ្នា​បន្តិច ។ អ្នក​តា​ភេទ​ប្រុស​ឈ្មោះ “ទួល​ស្លឹង” ងារ​ស័ក្ដិ​ជា​ឃ្លាំង​មឿង​ស្ដី​ទី​ចៅហ្វាយ​ស្រុក ព្រោះ​មាន​អ្នក​តា​ឯ​ទៀត ដូច​ជា​អ្នក​តា​ទ្វារ​ស្រុក អ្នក​តា​សាលា​ទនី ជា​ដើម​ជា​ចំណុះ​ផង ។ឯ​អ្នក​តា​ភេទ​ស្រី​ឈ្មោះ “ជំទាវ​សុខ” ។ រូប​អ្នក​តា​ទាំង​ពីរ ឥត​មាន​ក្បូរ​ក្បាច់​រចនា​អ្វី​ផ្សេង​ៗ​ទេ ។ [1][2]

ការ​កកើត​រូប​រាង​នៃ​អ្នក​តា​ទាំង​នេះ​ឡើង អាស្រ័យ​អ្នក​ស្រុក​បាន​រៃ​ប្រាក់​កាស​គ្នា​ទិញ​កំបោរ​លៀស​យក​មក ហើយ​យក​ថ្ម​តូច​ធំ​មក​តម្រៀប​ជា​ដុំ​ឡើង ឲ្យ​មាន​រាង ខ្លួន​ៗ​មួយ​ទំហំ​ប៉ុន​ខ្លួន​ក្របី​យ៉ាង​ធំ ។ ទី​កន្លែង​អ្នក​តា​ទាំង​ពីរ​នោះ​ឥត​មាន​ខ្ទម​ទេ គឺ​នៅ​កណ្ដាល​វាល រាប​នឹង​ដី​ត្រង់​ចង្កេះ​ភ្នំ​ត្រងិល ភូមិ​ភាគ​ខាង​កើត បែរ​មុខ​ទៅ​ទិស​ខាង​លិច ។ សព្វ​ថ្ងៃ​នេះ មាន​គុម្ព​ឫស្សី​ព្រៃ​មួយ​យ៉ាង​ធំ ទោរ​ទៅ​គ្រប​ពី​លើ​អ្នក​តា​ទាំង​ពីរ​នោះ ឯ​ខាង​មុខ​មាន​ទី​ដី​វាល​ស្អាត​ចំនួន ៥ម. បួន​ជ្រុង​ស្មើ ។
ម៉្យាង​ទៀត បែប​ផែន​ដែល​នឹង​ធ្វើ​បុណ្យ​ឡើង​អ្នក​តា​នោះ គេ​ច្រើន​តែ​ធ្វើ​ក្នុង​ខែ​ជេស្ឋ​រាល់​ៗ​ឆ្នាំ ដើម្បី​បួង​សួង​សុំ​ទឹក​ភ្លៀង និង​សុំ​ឲ្យ​បាន​សេចក្ដី​សុខ កុំ​ឲ្យ​មាន​ជំងឺ​តម្កាត់​មនុស្ស​និង​សត្វ​ពាហនៈ​ផង ។

ពិធី​រៀប​ពលិការ​ឡើង​អ្នក​តា មុន​ដំបូង​ត្រូវ​រៃ​ប្រាក់​កាស​អ្នក​ស្រុក​យក​ទៅ​ទិញ​គ្រឿង​តង្វាយ​ផ្សេង​ៗ មាន​សំពត់ អាវ គោ មាន់ ស្រា ជា​ដើម និង​គ្រឿង​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ បាន​ហើយ ទើប​និមន្ត​ព្រះ​សង្ឃ ទៅ​ចំរើន​ព្រះ​បរិត្ត ។ លុះ​ព្រឹក​ឡើង គេ​និមន្ត​ព្រះ​សង្ឃ​ទទួល​ភត្ត​រួច​បញ្ជាន់​រូប​សំណឹង​ប្រុស​ឈ្មោះ ឡុញ នៅ​ភូមិ​សំរោង រូប​សំណឹង​ស្រី​ឈ្មោះ​យាយ​ឱ នៅ​ភូមិ​ព្រែក​តា​ដោក ។ ជា​ដំបូង​គេ​ឲ្យ​អ្នក​ភ្លេង​លេង​ភ្លេង (កែ) រហូត​ដល់​ភ្លេង (អុំ​ទូក) ជា​ទី​បំផុត ។

ឯ​គ្រឿង​តង្វាយ​មាន​គោ ២ មាន់​ស្ងោរ ១ ស្រា ១​ដប ស្លា​ធម៌ ១​គូ អង្ករ ១​ចាន ទៀន​ស្នែង​ក្របី ដោត​ពី​លើ​អង្ករ ១ ប្រាក់​ពីរ​កំប៉ាង1 ។
បើ​មាន​ធ្វើ​ការ​បួង​សួង​សុំ​ទឹក​ភ្លៀង​ផង អ្នក​ភ្លេង​ត្រូវ​លេង​ទាល់​តែ​ភ្លៀង​ធ្លាក់​ជោក​ខ្លួន​ឈប់ ។ បើ​មាន​ពិធី​សុំ​ឲ្យ​បាត់​រោគា​ព្យាធិ​សត្វ​ពាហនៈ​វិញ គេ​ត្រូវ​ធ្វើ​សង្ឃឹក ១ មាន​ធ្វើ​រូប​មនុស្ស​ប្រុស-ស្រី​កាន់​ដាវ​លំពែង​ដាក់​ពី​ក្រោយ រូប​គោ ក្របី មាន់ ទា ឆ្កែ ឆ្មា ដាក់​ពី​មុខ ។ នៅ​តាម​របៀង​សង​ខាង​សង្ឃឹក គេ​ដាក់​គ្រឿង​តង្វាយ គឺ​មាន់ បាយ សម្ល ឯ​ស្រូវ អង្ករ គេ​ដាក់​នៅ​កណ្ដាល គេ​ឲ្យ​លេង​នៅ​កណ្ដាល គេ​លេង​ភ្លេង​តាំង​ពី​ម៉ោង ១២ ថ្ងៃ​ត្រង់ រហូត​ដល់​ម៉ោង ៤ រសៀល ទើប​រូប​ទាំង​ពីរ​នាក់​ប្រុស-ស្រី ព្រម​ទាំង​ភ្លេង​នាំ​គ្នា​ដង្ហែ​សង្ឃឹក​នោះ ទៅ​ចោល​នៅ​ទី​វាល​ពោធិ​កណ្ដាល រួច​ហើយ​ត្រឡប់​មក​វិញ​ជា​បង្ហើយ​កិច្ច ។ អ្នក​តា​នោះ​សេព​សោយ​តែ គោ មាន់ ស្រា ជា​អាហារ ។

អំពី​ប្រវត្តិ​អ្នក​តា តាម​ឮ​ចាស់​ដំណាល​ត​ៗ​គ្នា​មក​ថា: ពី​យូរ​ណាស់​មក​ហើយ នៅ​ភូមិ​ត្រងិល​នេះ មាន​សត្វ​ពាហនៈ ក្របី គោ ជា​ដើម​កើត​ជំងឺ ឈឺ​ស្លាប់​រង្គោះរង្គាយ​ពេញ​ទាំង​ភូមិ វេលា​នោះ​មាន​មនុស្ស​ម្នាក់​ឈ្មោះ “ត្រក” គាត់​ត្រូវ​បាន​ស្លាប់​គោ ១​នឹម​ដែរ​ដោយ​ជំងឺ​នោះ ។ គាត់​បែក​គំនិត​ចេញ​ជួញ​ក្រមា​ម្ដង បំណង​ថា​ក្រែង​បាន​ចំណេញ​ប្រាក់​កាស នឹង​យក​ទៅ​ទិញ​គោ​ទឹម​ប្រើ​ត​ទៅ ។ តា​ត្រក​នោះ​យក​ក្រមា​ទៅ​លក់​ឯ​ស្រុក​ខ្សាច់​ស្ពៃ កំពង់​លែង​ដដែល ។ លុះ​លក់​អស់​ស្រេច ក៏​គិត​ថា ស្អែក​ឡើង​នឹង​វិល​ទៅ​កាន់​ទី​លំនៅ​វិញ ។ ក្នុង​វេលា​យប់​នោះ គាត់​យល់​សប្ដិ​ឃើញ​គេ​មក​ប្រាប់​ថា “តា​ឯង​យក​ខ្ញុំ​ទៅ​ដាក់​ឯ​ភ្នំ​ត្រងិល ស្រុក​តា​ឯង​ផង​ទៅ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​តា​ឯង បាន​សេចក្ដី​សុខ​សប្បាយ ឲ្យ​ឈប់​មាន​ជំងឺ​តម្កាត់​ដូច​មុន​ៗ​ទៀត ព្រោះ​ស្រុក​តា​ឯង មិន​មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ទៀត​ទេ ងារ​ខ្ញុំ​ជា​ឃ្លាំង​មឿង​ស្ដី​ទី​អភិបាល​ស្រុក ព្រម​ទាំង​ប្រពន្ធ​ខ្ញុំ​ឈ្មោះ ជំទាវ​សុខ ក៏​មាន​ងារ​ស័ក្ដិ​ធំ​ដែរ យើង​នៅ​នឹង​ដើម​ជ្រៃ​នេះ” ។

តា​ត្រក​ភ្ញាក់​ដឹង​ខ្លួន​ឡើង មាន​សេចក្ដី​ត្រេក​អរ ហើយ​ទៅ​និយាយ​បន់​ស្រន់​ដើម​ជ្រៃ​នោះ​ថា: សូម​លោក​តា​អញ្ជើញ​ទៅ​ភ្នំ​ត្រងិល​ជា​មួយ​ខ្ញុំ លុះ​ជិត​ដល់​ស្រុក​ខ្ញុំ​ៗ នឹង​ទៅ​មុន ដើម្បី​ហៅ​អ្នក​ស្រុក ឲ្យ​មក​ទទួល​លោក​ឲ្យ​បាន​សម​តាម​ស័ក្ដិ​លោក​ជា​ធំ” និយាយ​បវារណា​ស្រេច​កាល​ណា តា​ត្រក​ក៏​ត្រឡប់​ទៅ​ស្រុក​វិញ លុះ​បាន​ដល់​ទួល​ស្លឹង គាត់​បន់​ស្រន់​ម្ដង​ទៀត​ថា: “សូម​លោក​តា​អញ្ជើញ​ឈប់​នៅ​ទី​នេះ​សិន​ចុះ ចាំ​ខ្ញុំ​ទៅ​នាំ​មនុស្ស​ពី​ភូមិ​មក​ទទួល​លោក” គាត់​ចូល​ដល់​ភូមិ​ក៏​បបួល​អ្នក​ស្រុក​ទៅ​ទទួល​លោក​តា អ្នក​ស្រុក​ទាំង​អស់​ព្រម​ទាំង​ពួក​ភ្លេង​ក៏​នាំ​គ្នា​មក​តាម​តា​ត្រក ដល់​ទួល​ស្លឹង​ហើយ ក៏​និយាយ​បន់​ស្រន់​ទៀត​ថា: “សូម​លោក​អញ្ជើញ​ទៅ​កាន់​ភ្នំ​ត្រងិល” ។ ចំណែក​មនុស្ស​ខ្លះ​ត្រូវ​ចាត់​ទៅ​ធ្វើ​កន្លែង​ចាំ​នៅ​ត្រង់​ចង្កេះ​ភ្នំ​ត្រងិល​ជា​ស្រេច ដូច​នេះ​ហើយ​ទើប​គេ​សន្មត​ថា អ្នក​តា​ទួល​ស្លឹង ។ លុះ​ដល់​ទៅ​ចង្កេះ​ភ្នំ ត្រង់​កន្លែង​កន្លែង​ដែល​គេ​រៀប​ចាំ​នោះ គេ​ក៏​រៀប​ឲ្យ​ប្រគំ​ភ្លេង​ឡើង​ម្ដង​ទៀត គ្រា​នោះ​ក៏​ស្រាប់​តែ​អ្នក​តា​ចូល​ជាន់​រូប​តា​ត្រក ជា​ខាង​ក្រោយ​ត​មក ក៏​ចេះ​តែ​ជាន់​រូប​តា​ត្រក​រហូត​ដល់​តា​ត្រក​ចាស់​ជរា ។

តាំង​ពី​ពេល​នោះ​មក អ្នក​តា​នោះ​មាន​ឫទ្ធិ​អំណាច​ណាស់ បើ​អ្នក​ស្រុក​ប្រាថ្នា​យ៉ាង​ណា​ៗ គួរ​ចាប់​អារម្មណ៍​អំពី​ការ​អស្ចារ្យ​មួយ គឺ​គោ​ដែល​គេ​ដាក់​ជា​តង្វាយ​អ្នក​តា​នោះ លុះ​ដល់​ពេល​អ្នក​តា​ចូល​ជាន់​រូប ក៏​ស្រាប់​តែ​វា​ដើរ​មក​កាន់​ទី​កន្លែង​បញ្ជាន់​រូប​នោះ​ឯង​ៗ ឥត​មាន​គេ​ដឹក​នាំ​មក​សោះ មក​ដល់​ហើយ​ក៏​ឈរ​ទ្រឹង​ពី​មុខ​រូប​សំណឹង ឯ​រូប​សំណឹង​កំពុង​ជាន់​នោះ​គ្រាន់​តែ​យក​ទឹក​ទៅ​ប្រោះ​ៗ លើ​គោ​ៗ​ក៏​ដួល​ស្រឹប​ស្លាប់​មួយ​រំពេច ។ ការ​ស័ក្ដិ​សិទ្ធិ​នេះ គេ​ឃើញ​តាំង​ពី​តា​ត្រក​នៅ​រស់ រហូត​ដល់​តា​ត្រក​ស្លាប់ លុះ​តា​ត្រក​ស្លាប់​ទៅ អ្នក​តា​ក៏​ចាប់​ចូល​ជាន់​រូប “តា​ហ៊ីង” ដែល​ត្រូវ​ជា​កូន​តា​ត្រក​ត​មក​ទៀត ។ ផុត​ពី​តា​ហ៊ីង​ក៏​ចូល​ទៅ​ជាន់​រូប តា​អន ត្រូវ​ជា​កូន តា​ហ៊ីង ទៀត ។ លុះ​តា​អន បែក​ទៅ​នៅ​ភូមិ​សំរោង ក៏​ចូល​ទៅ​ជាន់​រូប​តា​ឡុញ ជា​កូន តា​អន រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

ឯ​រូប​ស្រី​ក៏​ជាន់​ត​កូន​ត​ចៅ​ដូច​គ្នា​ដែរ​គឺ : ដំបូង​ចូល​ជាន់​រូប​យាយ​កែ ហើយ​បន្ត​បន្ទាប់​មក យាយ​ម៉ៅ យាយ​សួន យាយ​ឱ ។ អ្នក​តា​នោះ​ពី​ដើម​បាន​ជា​ពូកែ​ដល់​ម្ល៉េះ មក​ពី​អ្នក​ស្រុក​មាន​ជំនឿ​ខ្លាំង​ពេក ។ លុះ​ចំណេរ​មក​ខាង​ក្រោយ អ្នក​ស្រុក​ចេះ​ធម៌​អរិយ​ត្រឹម​ត្រូវ ក៏​លែង​សូវ​ជឿ ការ​ខ្លាំង​ពូកែ​របស់​អ្នក​តា​ក៏​ដោយ​ទៅ​ជា​លំដាប់​ដែរ មក​នៅ​ត្រឹម​តែ​ការ​បួង​សួង​សុំ​ទឹក​ភ្លៀង និង​សុំ​ឲ្យ​បាត់​ជំងឺ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី​៤៥ – ៥០


  1. ឯកសារ​លេខ ៥៦.០១៧ រៀប​រៀង​ដោយ​លោក​គ្រូ និត យ៉ាន់ ចៅ​អធិការ​វត្ត​ក្ដី​ក្រោម ឃុំ​ត្រងិល ស្រុក​កំពង់​លែង (កំពង់​ឆ្នាំង) ។
  2. ពីរ​រៀល ។